ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ការ​ប្រើ​សៀវភៅ​ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ បុគ្គល​ម្នាក់ៗ និង ​ក្រុមគ្រួសារ


« ការ​ប្រើ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—​សម្រាប់​ បុគ្គល​ម្នាក់ៗ និង​ ក្រុមគ្រួសារ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ បុគ្គល​ម្នាក់ៗ និង​ ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ការ​ប្រើ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ បុគ្គល​ម្នាក់ៗ និង ​ក្រុមគ្រួសារ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ បុគ្គល​ម្នាក់ៗ និង​ ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

ការ​ប្រើ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ បុគ្គល​ម្នាក់ៗ និង ​ក្រុមគ្រួសារ

តើ​ធនធាន​នេះ​សម្រាប់​នរណា ?

ធនធាន​នេះ​គឺ​សម្រាប់​បុគ្គល​ម្នាក់ៗ និង ​គ្រួសារ​ទាំងអស់​នៅ​ក្នុង​សាសនាចក្រ ។ វា​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជួយ​បងប្អូន​ឲ្យ​រៀន​ដំណឹងល្អ—ទោះ​ជា​ដោយ​ខ្លួនឯង ឬ​ ជា​មួយ​ក្រុមគ្រួសារ​ក្ដី ។ ប្រសិន​បើ​បងប្អូន​ពុំ​បាន​សិក្សា​ដំណឹងល្អ​ជា​ទៀងទាត់​កាល​ពី​មុនៗ​មក​ទេ ធនធាន​នេះ​អាច​ជួយ​បងប្អូន​ឲ្យ​ចាប់​ផ្ដើម​បាន ។ ប្រសិន​បើ​បងប្អូន​មាន​ទម្លាប់​ល្អ​ក្នុង​ការ​សិក្សា​ដំណឹងល្អ​រួច​ហើយ នោះ​ធនធាន​នេះ​អាច​ជួយ​បងប្អូន​ឲ្យ​មាន​បទពិសោធន៍​កាន់​តែ​មាន​អត្ថន័យ ។

តើ​ខ្ញុំ​គួរតែប្រើបា្រស់​ធនធាន​នេះ​យ៉ាង​ដូច​ម្តេច ?

សូម​ប្រើ​ធនធាន​នេះ​តាម​របៀប​ណា​ដែល​ជា​ជំនួយ​ដល់​បងប្អូន ។ បងប្អូន​អាច​រក​ឃើញ​ថា វា​ជា​ជំនួយ​ក្នុង​ការ​ណែនាំ ឬ ​ជា​ជំនួយ​បន្ថែម​ទៅ​លើ​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន និង ​ជា​គ្រួសារ ។ បងប្អូន​ក៏​អាច​ប្រើ​ប្រាស់​វា​សម្រាប់​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ផងដែរ ។ គម្រោង​មេរៀន​នេះ​បញ្ជាក់បង្ហាញ​គោលការណ៍​សំខាន់ៗ ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ផ្ដល់​ជា​យោបល់​ក្នុង​ការ​សិក្សា និង​សកម្មភាព​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ ក្រុមគ្រួសារ ហើយ​ផ្ដល់​កន្លែង​កត់ត្រា​អំពី​ចំណាប់​អារម្មណ៍​របស់​បងប្អូន ។

ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ បុគ្គលម្នាក់ៗ និង​ ក្រុមគ្រួសារ ពុំ​មែន​ជំនួស ឬ ​ប្រជែង​នឹង​រឿងល្អៗ​ដែល​បងប្អូន​កំពុង​ធ្វើទេ ។ សូម​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះវិញ្ញាណ ដើម្បី​កំណត់​អំពី​របៀប​ដើម្បី​សិក្សា​ព្រះបន្ទូល​របស់​ព្រះ​ដោយ​ផ្ទាល់ខ្លួន​បងប្អូន ។

ស្វាមីភរិយា​កំពុង​សិក្សា​ព្រះគម្ពីរ​នៅ​ផ្ទះ

តើ​ធនធាន​នេះ​ទាក់ទង​នឹង​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សាសនាចក្រ​យ៉ាង​ដូចម្ដេច ?

គម្រោង​មេរៀន​នៅ​ក្នុង​ធនធាន​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ស្រប​តាម​កាលវិភាគ​អាន​ប្រចាំ​សប្ដាហ៍ ។ ធនធាន ចូរ​មក​តាម​ខ្ញុំ សម្រាប់ អង្គការបឋម​សិក្សា និង​ សម្រាប់ សាលា​ថ្ងៃ​អាទិត្យ​ និង​ សម្រាប់ កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ក្រុម​យុវនារី មាន​កាលវិភាគ​ដូច​គ្នា ។ ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​របស់​បងប្អូន​ដើម្បី​រៀនសូត្រ ហើយ​រស់នៅ​តាម​ដំណឹងល្អ​នៅ​ក្នុង​គេហដ្ឋាន គ្រូបង្រៀន​របស់​បងប្អូន​នៅក្នុង​សាសនាចក្រ នឹង​ផ្ដល់​ឱកាស​ដល់​បងប្អូន​ដើម្បី​ចែកចាយ​បទពិសោធន៍ គំនិត និង​សំណួរ​អំពី​វគ្គ​បទគម្ពីរ ដែល​បងប្អូន​កំពុង​សិក្សានៅ​គេហដ្ឋាន ។

ដោយសារ​តែ​សាលាថ្ងៃអាទិត្យ ត្រូវ​បាន​បង្រៀន​តែ​ពីរ​ដង​ក្នុង​មួយ​ខែ នោះ​គ្រូបង្រៀន​សាលា​ថ្ងៃអាទិត្យ អាច​ជ្រើសរើស​រំលង ឬ ​ដាក់​បញ្ចូល​គម្រោង​មេរៀន​ជាមួយ​គ្នា​ដើម្បី​ឲ្យ​ទាន់​តាម​កាលវិភាគ​ប្រចាំ​សប្ដាហ៍ ។ ការណ៍​នេះ​ក៏​អាច​ជារឿង​ចាំបាច់​ផង​ដែរ ( សម្រាប់​ទាំង​សាលា​ថ្ងៃ​អាទិត្យ និង​ អង្គការបឋម​សិក្សា ) នៅ​សប្ដាហ៍​ដែល​ការប្រជុំ​ធម្មតា​នៅ​ក្នុង​សាសនាចក្រ​ពុំ​ត្រូវ​បាន​ធ្វើ​ឡើង ដោយសារ​តែ​សន្និសីទស្ដេក ឬ​ហេតុផល​ផ្សេង​ទៀត ។ អំឡុង​សប្ដាហ៍​ទាំងនេះ បងប្អូន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​បន្ដ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​នៅ​ផ្ទះ ។

តើ​ខ្ញុំ​ចាំបាច់​ត្រូវ​ធ្វើ​តាម​កាលវិភាគ​ឬ ?

កាលវិភាគ​នេះ​នឹង​ជួយ​បងប្អូនឲ្យ​អាន​ជម្រើស​ចេញពី​ព្រះគម្ពីរ​សញ្ញា​ចាស់ និង​មុក្ដា​ដ៏​មានតម្លៃ​មហិមា​នៅត្រឹម​ចុង​ឆ្នាំ ។ បន្ថែម​ពី​លើ​នោះ ការ​ធ្វើ​តាម​កាលវិភាគ​ដូច​គ្នា​នឹង​អ្នកដទៃទៀត​អាច​ដឹកនាំ​ឲ្យ​មាន​បទពិសោធន៍​កាន់តែ​មាន​អត្ថន័យ​នៅឯ​គេហដ្ឋាន សាសនាចក្រ និងនៅកន្លែង​ផ្សេងទៀត ។ ប៉ុន្តែ​សូម​កុំ​ឲ្យ​មានអារម្មណ៍​ថា​ត្រូវ​តែ​ធ្វើតាម​កាលវិភាគ​ជា​ដាច់​ខាត ឬ​ បង្ខំ​ឲ្យ​អាន​គ្រប់​ខគម្ពីរ​នោះឡើយ កាល​វិភាគ​គឺ​គ្រាន់តែ​ជា​ការ​ណែនាំ​មួយ​ដ៏​សាមញ្ញដើម្បី​ជួយ​បងប្អូន​ឲ្យ​កំណត់​ល្បឿន​ខ្លួន​ឯង​ប៉ុណ្ណោះ ។ រឿង​សំខាន់​គឺ​ថា បងប្អូន​កំពុង​រៀន​ដំណឹងល្អ​ជា​បុគ្គល និង​ ជាគ្រួសារ ។

កំណត់ចំណាំ​ស្ដីពី​កាលវិភាគ​ការអាន​ព្រះគម្ពីរ​សញ្ញាចាស់

កាលវិភាគ​ការអាន​នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ ដែល​បាន​ណែនាំ​សម្រាប់​ឆ្នាំ ២០២២ ពុំ​ដាក់​បញ្ចូល​រាល់​ជំពូក​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ទេ ។ ដោយសារ​ព្រះគម្ពីរ​សញ្ញាចាស់​វែង​ជាង​ព្រះគម្ពីរ​ផ្សេងទៀត នោះ​ជំពូក និង​គម្ពីរ​មួយ​ចំនួន​ត្រូវ​បាន​ដក​ចេញ ដើម្បី​ធ្វើ​ឲ្យ​កាលវិភាគ​ការអាន​នោះ​មាន​លក្ខណៈ​សមស្រប​សម្រាប់​បងប្អូន និង​គ្រួសារ​របស់​បងប្អូន ។

ជំពូក និង ​គម្ពីរ​ទាំងឡាយ​ត្រូវ​បាន​ជ្រើស​រើស​ដើម្បី​ចៀសវាង​ពី​ភាព​ជ្រាំដែល និង​រំលេច​វគ្គ​បទគម្ពីរ​ដែល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ មាន​ភាព​ស៊ីជម្រៅ​នៅ​ក្នុង​គោលលទ្ធិ និង​មាន​ទំនាក់ទំនង​ជា​ពិសេស​ចំពោះ​ជំនាន់​របស់​យើង ។ ឧទាហរណ៍ កាលវិភាគ​ការអាន​ដែល​បាន​ណែនាំ​ពុំ​បាន​ដាក់​បញ្ចូល ទី១និងរបាក្សត្រ ទី២ ទេ ដោយសារ​មាតិកា​ជាច្រើន​នៃ​គម្ពីរ​ទាំងនោះ​មាន​ធាតុ​ដូច​គ្នា​ដែល​មាន​នៅ​ក្នុង ទី១​និង ពង្សាវតារក្សត្រទី២ដែរ ។ កាលវិភាគ​នេះ​ក៏​ពុំ​ដាក់​បញ្ចូល​នូវ​បទចម្រៀង​សាឡូម៉ូន​ផង​ដែរ ដោយសារ​ព្យាការី​យ៉ូសែប ស្ម៊ីធ​បាន​បង្រៀន​ថា វា​ពុំ​មែន​ជា​បទគម្ពីរ​ដែល​បំផុស​គំនិត​នោះទេ ( សូមមើល​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « បទចម្រៀងសាឡូម៉ូន » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។ ទោះជា​យ៉ាងណា​ក្ដី សូម​ចងចាំ​ថា នេះ​គ្រាន់តែ​ជា​កាលវិភាគ​សិក្សា​មួយ ដែល​បាន​ណែនាំ ប៉ុណ្ណោះ ។ ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ​របស់​បងប្អូន​គួរតែ​មាន​ការ​ដឹកនាំ​ដោយ​វិវរណៈ​ផ្ទាល់​ខ្លួន ។