« ការបង្រៀនដល់កុមារតូចៗ » ចូរមកតាមខ្ញុំ—សម្រាប់ បុគ្គលម្នាក់ៗ និង ក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ការបង្រៀនដល់កុមារតូចៗ » ចូរមកតាមខ្ញុំ—សម្រាប់ បុគ្គលម្នាក់ៗ និង ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២
ការបង្រៀនដល់កុមារតូចៗ
ប្រសិនបើបងប្អូនមានកូនតូចៗនៅក្នុងគ្រួសាររបស់បងប្អូន ទាំងនេះគឺជាសកម្មភាពមួយចំនួនដែលអាចជួយពួកគេឲ្យរៀន ៖
-
ច្រៀង ។ ទំនុកតម្កើង និងចម្រៀងមកពី សៀវភៅចម្រៀងកុមារ បង្រៀនអំពីគោលលទ្ធិយ៉ាងមានអានុភាព ។ សូមប្រើ ប្រធានបទនៅក្នុងលិបិក្រម នៅផ្នែកខាងក្រោយនៃ សៀវភៅចម្រៀងកុមារ ដើម្បីរកមើលចម្រៀងដែលទាក់ទងនឹងគោលការណ៍ដំណឹងល្អ ដែលបងប្អូនកំពុងបង្រៀន ។ សូមជួយកូនៗរបស់បងប្អូនឲ្យភ្ជាប់សារលិខិតនៃចម្រៀងនោះទៅនឹងជីវិតរបស់ពួកគេ ។ ( សូមមើលផងដែរ « ការបញ្ចូលតន្រ្តីពិសិដ្ឋនៅក្នុងការរៀនសូត្រដំណឹងល្អរបស់បងប្អូន » នៅក្នុងធនធាននេះ ) ។
-
ស្ដាប់ ឬសម្ដែងរឿង ។ កុមារតូចៗចូលចិត្តរឿងនិទាន—ចេញមកពីព្រះគម្ពីរ ចេញមកពីជីវិតរបស់បងប្អូន ចេញមកពីពង្សប្រវត្តិរបស់បងប្អូន ឬមកពីទស្សនាវដ្តីសាសនាចក្រ ។ សូមស្វែងរកមើលនូវវិធីនានាដើម្បីឲ្យពួកគេចូលរួមនៅក្នុងការនិយាយប្រាប់រឿងនិទានទាំងឡាយ ។ ពួកគេអាចកាន់រូបភាព ឬវត្ថុអ្វីមួយ គូររូបភាពអ្វីដែលពួកគេស្ដាប់ឮ សម្ដែងរឿង ឬជួយនិទានរឿង ។ សូមជួយកូនៗរបស់បងប្អូនឲ្យស្គាល់សេចក្ដីពិតនៃដំណឹងល្អនៅក្នុងរឿងដែលបងប្អូនចែកចាយ ។
-
អានបទគម្ពីរ ។ កុមារតូចៗពុំអាចអានបានច្រើនទេ ប៉ុន្តែបងប្អូននៅតែអាចឲ្យពួកគេចូលរួមនៅក្នុងការរៀនសូត្រចេញមកពីបទគម្ពីរបាន ។ បងប្អូនអាចចាំបាច់ត្រូវផ្ដោតទៅលើខគម្ពីរមួយ ឃ្លាគន្លឹះ ឬពាក្យគន្លឹះមួយ ។ កុមារថែមទាំងអាចទន្ទេញឃ្លាខ្លីៗចេញពីបទគម្ពីរទៀតផង ប្រសិនបើពួកគេនិយាយវាឡើងវិញពីរបីដង ។ នៅពេលពួកគេស្ដាប់ឮព្រះបន្ទូលរបស់ព្រះ នោះពួកគេនឹងទទួលអារម្មណ៍ពីព្រះវិញ្ញាណ ។
-
មើលទៅរូបភាព ឬមើលវីដេអូមួយ ។ នៅពេលបងប្អូនបង្ហាញដល់កូនៗរបស់បងប្អូននូវរូបភាពមួយ ឬវីដេអូមួយដែលទាក់ទងនឹងគោលការណ៍ដំណឹងល្អ ឬរឿងបទគម្ពីរ សូមសួរពួកគេនូវសំណួរទាំងឡាយដែលជួយពួកគេឲ្យរៀនមកពីអ្វីដែលពួកគេកំពុងមើលនោះ ។ ឧទាហរណ៍ បងប្អូនអាចសួរថា « តើមានរឿងអ្វីកើតឡើងនៅក្នុងរូបភាព ឬវីដេអូនេះ ? តើរឿងនោះធ្វើឲ្យកូនមានអារម្មណ៍យ៉ាងណា ? កម្មវិធី Gospel Media នៅលើគេហទំព័រ MediaLibrary.ChurchofJesusChrist.org និង children.ChurchofJesusChrist.org គឺជាកន្លែងដ៏ល្អ ដើម្បីរកមើលរូបភាព និងវីដេអូផ្សេងៗ ។
-
ច្នៃប្រឌិត ។ កុមារតូចៗអាចសង់ គូរ ឬ ផាត់ពណ៌អ្វីមួយដែលទាក់ទងនឹងរឿង ឬ គោលការណ៍ដែលពួកគេកំពុងរៀននោះ ។
-
ចូលរួមក្នុងមេរៀនដែលមានវត្ថុបង្ហាញ ។ មេរៀនដែលមានវត្ថុបង្ហាញដ៏សាមញ្ញមួយ អាចជួយកូនៗរបស់បងប្អូនឲ្យយល់គោលការណ៍ដំណឹងល្អមួយ ដែលពិបាកយល់ ។ នៅពេលប្រើមេរៀនដែលមានវត្ថុបង្ហាញ សូមរកវិធីដើម្បីឲ្យកូនតូចៗរបស់បងប្អូនចូលរួម ។ ពួកគេនឹងរៀនបានកាន់តែច្រើនចេញមកពីបទពិសោធន៍ប្រាស្រ័យទាក់ទងគ្នា ជាជាងគ្រាន់តែមើលការបង្ហាញ ។
-
ដើរតួសម្ដែង ។ នៅពេលកុមារតូចៗដើរតួសម្តែងអំពីស្ថានភាពមួយ ដែលពួកគេប្រហែលជាជួបក្នុងជីវិតពិត នោះពួកគេនឹងអាចយល់បានកាន់តែច្បាស់អំពីរបៀបដែលគោលការណ៍នៃដំណឹងល្អមួយអាចអនុវត្តបាននៅក្នុងជីវិតរបស់ពួកគេ ។
-
ធ្វើសកម្មភាពសារឡើងវិញ ។ កុមារតូចៗអាចនឹងត្រូវការស្ដាប់អំពីគំនិតនានាឲ្យបានច្រើនដងដើម្បីយល់ពីគំនិតនោះ ។ សូមកុំខ្លាចនឹងនិយាយរឿង ឬ ធ្វើសកម្មភាពឡើងវិញឲ្យបានញឹកញាប់ឡើយ ។ ឧទាហរណ៍ បងប្អូនអាចចែកចាយរឿងបទគម្ពីរមួយច្រើនដងតាមរបៀបផ្សេងៗគ្នា—ដោយអានចេញមកពីបទគម្ពីរ សង្ខេបតាមសម្ដីរបស់បងប្អូនផ្ទាល់ បង្ហាញវីដេអូ អនុញ្ញាតឲ្យកូនរបស់បងប្អូនជួយនិទានរឿង និងអញ្ជើញពួកគេឲ្យសម្ដែងរឿងជាដើម ។