ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២០–២៦ ខែ មេសា ម៉ូសាយ ៤–៦ ៖ « ការផ្លាស់ប្តូរ​យ៉ាងធំ »


« ថ្ងៃទី ២០–២៦ ខែ មេសា ម៉ូសាយ ៤–៦ ៖ ‹ ការផ្លាស់ប្តូរ​យ៉ាងធំ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២០–២៦ ខែ មេសា ម៉ូសាយ ៤–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់អង្គ​ការ​បឋមសិក្សា ៖ ឆ្នាំ ២០២០

ស្តេច​បេនយ៉ាមីន​បង្រៀន​ប្រជាជន​របស់​ទ្រង់

នៅក្នុង​ការបម្រើ​នៃ​ព្រះ​របស់​អ្នក ដោយ វលធើរ រេន

ថ្ងៃទី ២០–២៦ ខែ មេសា

ម៉ូសាយ ៤–៦

« ការផ្លាស់ប្តូរ​យ៉ាងធំ »

តើ​ការបង្រៀន​ណាមួយ​របស់​ស្តេច​បេនយ៉ាមីន​នៅក្នុង ម៉ូសាយ ៤–៦ ដែល​នឹង​ជួយ​កុមារ​ដែល​អ្នក​បង្រៀន​បាន​ល្អ​បំផុត ឲ្យ​ចាប់​ផ្តើម​ដក​បទពិសោធន៍​នៃ « ការផ្លាស់ប្តូរ​យ៉ាងធំ » ( ម៉ូសាយ ៥:២ ) នៅក្នុង​ចិត្ត​របស់​ពួកគេ​នោះ ? សូម​កត់ត្រា​ការបំផុសគំនិត​របស់​អ្នក នៅពេល​អ្នក​ស្វែងរក​ការណែនាំ​ប្រកប​ដោយ​ការអធិស្ឋាន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​សរសេរ​ឈ្មោះ​កុមារ​ម្នាក់ៗ​នៅក្នុង​ថ្នាក់​របស់​អ្នក​នៅលើ​ចម្រៀក​ក្រដាស ហើយ​ដាក់​ចម្រៀង​ក្រដាស​ទាំង​នោះ​នៅក្នុង​កំប៉ុង​មួយ ។ នៅពេល​អ្នក​ដក​យក​ឈ្មោះ​នីមួយៗ​មក​ពី​កំប៉ុង​នោះ សូម​អញ្ជើញ​កុមារ​នោះ​ឲ្យ​ចែកចាយ​អ្វីៗ ដែល​ពួកគេ​ចាំ​ពី​មេរៀន​សប្តាហ៍​មុន ឬ​អ្វីមួយ​ដែល​ពួកគេ​បាន​រៀន​ពី ម៉ូសាយ ៤–៦ នៅ​ផ្ទះ​នាសប្តាហ៍​នេះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ម៉ូសាយ ៤:១–៣, ១០

ការប្រែចិត្ត​នំា​មក​នូវ​អំណរ ។

សូម​ជួយ​កុមារ​ឲ្យ​រៀន​អំពី​អំណោយទាន​ដ៏អស្ចារ្យ​នៃការប្រែចិត្ត ដែល​មាន​ដោយសារ​តែ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូមប្រើ ម៉ូសាយ ៤:១–៣ និង ១០ ដើម្បី​បង្រៀន​កុមារ​អំពី​អត្ថន័យ​នៃ​ការប្រែចិត្ត ។ ឧទាហរណ៍ សូម​ជួយ​ពួកគេ​ឲ្យ​រកឃើញ​ថា ប្រជាជន​របស់​ស្តេច​បេនយ៉ាមីន​បាន​មាន​អារម្មណ៍​សោកស្តាយ​អំពី​អំពើ​បាប​របស់​ពួកគេ ហើយ​បាន​ទូលសូម​ការអភ័យទោស ( ខទី ១–២ ) ហើយ​ស្តេច​បេនយ៉ាមីន​បាន​ប្រាប់​ពួកគេ​ឲ្យ​បោះបង់ ( ឬ​ឈប់​ធ្វើ ) អំពើ​បាបរបស់​ពួកគេ ( ខទី ១០ ) ។ សូម​អាន ខ​ទី ៣ ឲ្យពួកគេ​ស្តាប់ ហើយ​សួរ​ពួកគេ​ថា តើ​ប្រជាជន​បាន​មាន​អារម្មណ៍​យ៉ាង​ណា នៅពេល​ពួកគេ​បាន​ប្រែចិត្ត ។

  • សូម​សួរ​កុមារ​ថា តើ​យើង​មាន​អារម្មណ៍​បែប​ណា នៅពេល​សម្លៀកបំពាក់​របស់យើង​ប្រឡាក់​នោះ ។ តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា នៅពេល​សម្លៀក​បំពាក់​យើង​បាន​ជ្រះស្អាត​ម្តង​ទៀត​នោះ ? សូម​ពន្យល់​ថា ដូចជា​ការលាងជម្រះ​សម្លៀក​បំពាក់​ប្រឡាក់​ដែរ នោះ​យើង​អាច​ប្រែចិត្ត​ពេល​យើង​ធ្វើខុស ។ សូម​បង្ហាញរូបភាព​ព្រះយេស៊ូវគ្រីស្ទ ហើយ​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​មាន​ព្រះចេស្តា​ដើម្បីដក​យក​អំពើ​បាប​របស់យើង ហើយ​ធ្វើ​ឲ្យ​យើង​ជ្រះស្អាត​ម្តង​ទៀត ប្រសិនបើ​យើង​ប្រែចិត្ត ។ សូម​ច្រៀង​ជាមួយ​គ្នា​នូវ​វគ្គទីពីរ​នៃ​បទ « បិតា​សូម​ជួយ​កូន » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥២ ) ។ សូម​សួរ​កុមារ​ថា តើ​ចម្រៀង​នេះ​បង្រៀន​អ្វី​ខ្លះ​អំពី​ការប្រែចិត្ត ។

ម៉ូសាយ ៤:១៣–២៦

ខ្ញុំ​គប្បី​ប្រព្រឹត្ត​ដាក់​មនុស្ស​ដទៃ​ដោយ​សេចក្តីស្រឡាញ់ និង​សន្តាន​ចិត្ត​ល្អ ។

តើ​អ្នក​អាច​ប្រើ ម៉ូសាយ ៤:១៣–២៦ ដើម្បី​បង្រៀន​កុមារ​ឲ្យ « ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ឲ្យ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក » ដោយ​របៀប​ណា ? ( ខទី ១៥ ) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​គូស​រូប​បេះដូងតូច​មួយ​នៅ​លើ​ក្ដារខៀន ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​របៀប​នានា​ដែល​ពួកគេ​អាច​មានសន្តានចិត្ត​ល្អ​ចំពោះ​មនុស្ស​ដទៃ ។ គ្រប់ពេល​ដែលពួកគេ​ចែកចាយ សូម​លុប​រូប​បេះដូង​នោះ​ចោល ហើយ​គូស​រូប​បេះដូង​ថ្មី​ឲ្យ​កាន់តែ​ធំ ។ សូម​ថ្លែង​ទីបន្ទាល់​ថា សេចក្តីស្រឡាញ់​របស់​យើង​ចំពោះ​មនុស្ស​ដទៃ​នឹង​កើន​ឡើង នៅពេល​យើង​មានសន្តាន​ចិត្ត​ល្អ​ចំពោះ​ពួកគេ ។ សូម​ចែក​ក្រដាស​រាង​បេះដូង​ឲ្យ​ទៅ​កុមារ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​គូរ​លើ​រូប​បេះដូង​ទាំង​នោះនូវ​របៀប​នានា ដែល​ពួកគេ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់ ឬ​មាន​សន្ដានចិត្ត​ល្អ​ ។

  • សូម​ជួយ​កុមារ​ឲ្យ​ធ្វើ​សកម្មភាព នៅពេល​ពួកគេ​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ការស្រឡាញ់​មនុស្ស​ដទៃ ដូចជា​បទ « ព្រះយេស៊ូវ​មាន​បន្ទូល​ស្រឡាញ់​មនុស្ស​គ្រប់​រូប » ឬ « ចូរ​អ្នក​ស្រឡាញ់​គ្នា » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៣៩, ៧៤ ) ។

ម៉ូសាយ ៥:៥–១៥

ពេល​ខ្ញុំ​ចុះ​សេចក្តីសញ្ញា​ជាមួយ​ព្រះ នោះ​ខ្ញុំ​លើក​ដាក់​មក​លើ​ខ្លួន​ខ្ញុំ​នូវ​ព្រះនាម​នៃ​ព្រះ​គ្រីស្ទ ។

សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ជួយ​កុមារ​ដែល​អ្នក​បង្រៀន ឲ្យ​រៀបចំ​ខ្លួន​ចុះ​សេចក្តីសញ្ញា​នៃ​បុណ្យ​ជ្រមុជទឹក​ជាមួយ​ព្រះ​ ហើយ​ត្រូវបាន « ហៅ​ថា ជា​កូន​ចៅ​នៃ​ព្រះ​គ្រីស្ទ » ( ម៉ូសាយ ៥:៧ ) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ជួយ​កុមារ​ឲ្យ​ធ្វើ​ស្លាក​ឈ្មោះ « ព្រះយេស៊ូវគ្រីស្ទ » ហើយ​ខ្ទាស់​ស្លាក​ឈ្មោះ​នោះ​ទៅនឹង​អាវ​គេលើ​ត្រង់​បេះដូង​របស់​ពួកគេ ( សូមមើល​ទំព័រ​សកម្មភាព​សប្តាហ៍​នេះ ) ។ សូម​ពន្យល់​ថា ស្តេច​បេនយ៉ាមីន​បាន​បង្រៀន​ប្រជាជន​ទ្រង់​ថា នៅពេល​យើង​ចុះ​សេចក្តីសញ្ញា ឬ​ធ្វើ​ការសន្យា​ជាមួយ​ព្រះ វា​ដូចជា​ការមាន​ព្រះនាម​របស់​ព្រះគ្រីស្ទ « ចារិក​នៅ​ក្នុង​ដួង​ចិត្ត [ របស់​យើង ] ជា​និច្ច » ដែរ ( ម៉ូសាយ ៥:១២ ) ។ តើ​យើង​សន្យា​ធ្វើ​អ្វី​ខ្លះ ពេល​យើង​ទទួល​បុណ្យ​ជ្រមុជទឹក និង​ពេល​ទទួលទាន​សាក្រាម៉ង់​នោះ ? ( សូមមើល ម៉ូសាយ ៥:៨; គ. និង ស. ២០:៣៧, ៧៧, ៧៩ ) ។

  • សូម​សួរ​កុមារ​នូវ​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ក្លាយ​ជា​មិត្ត​ជាមួយនរណា​ម្នាក់ ( ឧទាហរណ៍ និយាយ​ជាមួយ​ពួកគេ, ធ្វើ​កិច្ចការ​នានា​ជាមួយ​ពួកគេ និង​ចំណាយ​ពេលនៅជាមួយ​ពួកគេ ) ។ សូម​អាន ម៉ូសាយ ៥:១៣ ឲ្យ​កុមារ​ស្ដាប់ ។ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ​កាន់​តែ​ច្បាស់ ដូច្នេះ​ទ្រង់​នឹង​ពុំមែន​ជា « មនុស្ស​ចម្លែក » ចំពោះ​យើង ?

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

ម៉ូសាយ ៤:១–១១

ខ្ញុំ​អាច​ប្រែចិត្ត​បាន ។

តើ​អ្នក​អាច​ជួយ​កុមារ​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ការប្រែចិត្ត​យ៉ាង​ដូចម្ដេច ? តើ​ខគម្ពីរ​ណាមួយ​នៅក្នុង ម៉ូសាយ ៤:១–១១ ដែល​អ្នក​ទទួល​អារម្មណ៍​ថា​នឹង​ជួយ​ពួកគេ ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សរសេរ​ពាក្យ ការអភ័យទោស នៅលើ​ក្ដារខៀន ។ សូម​អាន ម៉ូសាយ ៤:១–៣ ជាមួយ​គ្នា ហើយ​សូម​ឲ្យ​កុមារ​ស្រាវជ្រាវ​រក​ពាក្យ​នៅក្នុង ខ​ទី ៣ ដែល​ពិពណ៌នា​អំពី​ពរជ័យ​ដែល​កើត​មាន នៅពេល​យើង​ប្រែចិត្ត និង​ទទួល​បាន​ការអភ័យទោស ។

  • សូម​ឲ្យ​កុមារ​ប្រាប់​ពី​កិច្ចការ​ដែល​យើង​ត្រូវ​ធ្វើ​ ដើម្បី​ប្រែចិត្ត​ពេញលេញ និង​ស្មោះសរ ។ សូម​ជួយ​ពួកគេ​ឲ្យ​ស្វែងរក​កិច្ចការ​មួយ​ចំនួនទាំង​នេះ​នៅក្នុង ម៉ូសាយ ៤:១០ ហើយ​ពិភាក្សា​អំពីអត្ថន័យ​នៃ​ពាក្យ និង​ឃ្លា​ដែល​មាន​នៅក្នុង​ខគម្ពីរ​នោះ ។ សូម​ចែកចាយ​រឿង​មួយ​ដែល​បង្ហាញ​អំពី​ការប្រែចិត្ត ប្រហែល​ជា​រឿង​មក​ពី​ជីវិត​របស់​អ្នក​ផ្ទាល់ ឬ​មក​ពី​ទស្សនាវដ្តី​សាសនាចក្រ​ថ្មីៗ ។

  • សូម​ជួយ​កុមារ​ឲ្យ​ស្វែងរក​ពាក្យ​នៅក្នុង ម៉ូសាយ ៤:៦, ៩ និង ១១ ដែល​ពិពណ៌នា​អំពី​ព្រះវរបិតាសួគ៌ ។ ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​យល់​អំពី​លក្ខណៈ​របស់​ព្រះវរបិតាសួគ៌ នៅពេល​យើង​ត្រូវ​ប្រែចិត្ត​នោះ ? សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​របៀប​ដែល​អ្នក​បាន​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ នៅពេល​អ្នក​បាន​ប្រែចិត្ត ។

ម៉ូសាយ ៤:១២–២៦

ដំណឹងល្អ​បំផុសគំនិត​ខ្ញុំ​ឲ្យ​ប្រព្រឹត្ត​ដាក់​មនុស្ស​ដទៃ​ដោយ​សេចក្តីស្រឡាញ់ និង​សន្តាន​ចិត្ត​ល្អ ។

ស្តេច​បេនយ៉ាមីន​បាន​បង្រៀន​ថា នៅពេល​យើង​មក​កាន់​ព្រះគ្រីស្ទ ហើយ​ទទួល​ការផ្តាច់​បាប​របស់​យើង នោះ​យើង « បាន​ពោរពេញ​ទៅដោយ​សេចក្តីស្រឡាញ់​នៃ​ព្រះ » ( ម៉ូសាយ ៤:១២ ) ដែល​ដឹកនាំ​យើង​ឲ្យ​មាន​សេចក្តីស្រឡាញ់ និង​មាន​សន្តាន​ចិត្ត​ល្អ​ចំពោះ​មនុស្ស​ដទៃ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ជួយ​កុមារ​ឲ្យ​ស្រាវជ្រាវ ម៉ូសាយ ៤:១៣–១៦, ២៦ ហើយ​ស្វែងរក​ឃ្លា​នានា ដែល​ពិពណ៌នា​អំពី​របៀប​ដែលយើង​អាច​បម្រើ​មនុស្ស​ដទៃ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ដើរ​តួ​សម្តែង​អំពី​រឿង​ទាំង​នេះ ឬគូររូប​ភាព​អំពីរឿង​ទាំង​នោះ ហើយ​ឲ្យ​កុមារ​ផ្សេង​ទៀត​ទាយ​ពី​ឃ្លា​នោះ ។ តើ​យើង​អាច​បង្ហាញ​សេចក្តីស្រឡាញ់ និង​សន្តានចិត្ត​ល្អ​នៅ​ផ្ទះ សាលា​រៀន ឬ​ព្រះវិហារ​ដោយ​របៀប​ណា ?

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​បទពិសោធន៍ ​ដែល​ពួកគេ​បានស្រឡាញ់ ឬ​បម្រើ​នរណាម្នាក់ និង​អារម្មណ៍​ដែល​ពួកគេ​បាន​ទទួល​មកពី​បទពិសោធន៍​នោះ​ ។ តើ​មាន​ហេតុផល​អ្វី​ខ្លះ​ដែល​មនុស្ស​ពុំ​ចង់​បម្រើ​មនុស្ស​ដទៃ ? សូម​សួរ​កុមារ​ថា តើ​ពួកគេ​នឹង​និយាយ​អ្វីខ្លះ ទៅ​កាន់​នរណា​ម្នាក់​ដែល​បញ្ចុះបញ្ចូល​ពួកគេ​ឲ្យ​ជួយ​មនុស្ស​ដែល​ត្រូវការ​ជំនួយ​នោះ ។ ពួកគេ​អាច​រកឃើញ​គំនិត​នៅក្នុង ម៉ូសាយ ៤:១៦–២៦ ។

កុមារី​លេង​ជាមួយ​ទារក

ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​យើង​ឲ្យ​មាន​សន្តាន​ចិត្ត​ល្អ​ចំពោះ​មនុស្ស​ដទៃ ។

ម៉ូសាយ ៥:៥–១៥

ពេល​ខ្ញុំ​ធ្វើ​បុណ្យ​ជ្រមុជទឹក និង​ទទួល​ទាន​សាក្រាម៉ង់ នោះ​ខ្ញុំ​លើក​ដាក់​មក​លើ​ខ្លួន​ខ្ញុំ​នូវ​ព្រះនាម​នៃ​ព្រះ​គ្រីស្ទ ។

កុមារ​ជាច្រើន​ដែល​អ្នក​បង្រៀន​ប្រហែល​ជា​បាន​ធ្វើ​បុណ្យ​ជ្រមុជទឹក​រួចហើយ ហើយ​កំពុង​រំឭក​សេចក្តីសញ្ញា​របស់​ពួកគេ​តាមរយៈ​ពិធី​សាក្រាម៉ង់ ។ សូមរំឭក​ពួកគេ​ថា ផ្នែក​មួយ​សំខាន់​នៃ​សេចក្តីសញ្ញា​បុណ្យ​ជ្រមុជទឹករបស់​ពួកគេ​គឺ ការលើកដាក់​មក​លើ​ខ្លួន​ពួកគេ​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​គូស​រង្វង់​មួយ​នៅ​លើ​ក្ដារខៀន ហើយ​ដាក់​រូបភាព​ព្រះយេស៊ូវគ្រីស្ទ​នៅ​ចំ​កណ្តាល​រង្វង់​នោះ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​ខ្លួន​ពួកគេ​ នៅពេល​អ្នកអាន ម៉ូសាយ ៥:៨ ជាមួយ​គ្នា ។ តើ​ខគម្ពីរ​នេះ​ចែង​អំពី​អ្វីទៅ ​ដែល​យើង​គួរតែ​លើក​ដាក់​មក​លើ​ខ្លួនយើង ? តើ​យើង « បាន​ចូល​ក្នុង​អ្វី ? » សូម​អញ្ជើញ​កុមារ​ឲ្យ​សរសេរ​ព្រះនាម​នៃ​ព្រះគ្រីស្ទ​នៅលើ​រូបភាព​របស់​ពួកគេ ហើយ​ដាក់​រូបភាព​នោះ​នៅក្នុង​រង្វង់​ជាមួយ​រូបភាព​ព្រះអង្គសង្គ្រោះ ។ តើ​យើង​ចុះ​សេចក្ដី​សញ្ញា​អ្វី​ខ្លះ នៅ​ពេល​យើង​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ទទួលទាន​សាក្រាម៉ង់​នោះ ? ( សូមមើល ម៉ូសាយ ១៨:៨–៩; គ. និង ស. ២០:៧៧, ៧៩ ) ។

  • សូម​និយាយ​ទៅកាន់​កុមារ​អំពី​មូលហេតុ​ដែល​មនុស្ស​ដាក់​ឈ្មោះ​របស់​ពួកគេ​នៅលើ​កិច្ចការ​នានា ដូចជា ការចាត់តាំង​ពី​សាលា​រៀន អាវយឺត​កីឡា ជាដើម ( សូមមើល ម៉ូសាយ ៥:១៤–១៥ ) ។ តើ​យើង​អាច​បង្ហាញ​ថា យើង​មាន​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ « ចារិក​នៅ​ក្នុង​ដួង​ចិត្ត [ របស់​យើង ] ជា​និច្ច » ​ដោយ​របៀប​ណា ? ( ម៉ូសាយ ៥:១២ ) ។

  • សូម​អញ្ជើញ​យុវជន ឬ​យុវនារី​ម្នាក់​មកពី​វួដ​ឲ្យ​មក​ថ្នាក់​របស់​អ្នក ហើយ​ពន្យល់​អំពី​សេចក្តីសញ្ញា​ដែល​យើង​រំឭក តាមរយៈ​ការទទួលទានសាក្រាម៉ង់ ។ សូម​អាន​ការអធិស្ឋានសាក្រាម៉ង់​នៅក្នុង គោលលទ្ធិ និង ​សេចក្តីសញ្ញា ២០:៧៧ និង ៧៩ ជាមួយ​កុមារ ដោយ​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​ឃ្លា​ដែល​ពិពណ៌នា​អំពី​សេចក្តីសញ្ញា​អ្វី​ខ្លះ​ដែល​យើង​ចុះ និង​ការសន្យា​អ្វី​ខ្លះ​ដែល​ព្រះ​សន្យា​ត្រឡប់មក​ឲ្យ​យើង​វិញ​នោះ ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​អ្វី​ដែល​ពួកគេ​បាន​រៀន​នា​ថ្ងៃ​នេះ ហើយ​ប្រើ​គំនូរ​របស់​ពួកគេ​បង្រៀន​គ្រួសារ​របស់​ពួកគេ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​បង្រៀន​កុមារ​ឲ្យ​កត់ត្រា​ចំណាប់​អារម្មណ៍​នានា ។ សូម្បី​តែ​កុមារ​ក៏​អាច​រៀន​អំពី​ទម្លាប់​នៃ​ការកត់ត្រា​ការបំផុសគំនិត​ខាង​វិញ្ញាណ​បាន​ដែរ​—ឧទាហរណ៍ តាមរយៈ​ការគូស​ចំណាំព្រះគម្ពីរ គូរ​រូបភាព ឬ​សរសេរ​កំណត់​ហេតុ​សាមញ្ញៗ ។