« ថ្ងៃទី ២៧ ខែ មេសា–ថ្ងៃទី ៣ ខែ ឧសភា ។ ម៉ូសាយ ៧–១០ ៖ ‹ នៅក្នុងកម្លាំងនៃព្រះអម្ចាស់ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៧ ខែ មេសា–ថ្ងៃទី ៣ ខែ ឧសភា ។ ម៉ូសាយ ៧–១០ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២០
ថ្ងៃទី ២៧ ខែ មេសា–ថ្ងៃទី ៣ ខែ ឧសភា
ម៉ូសាយ ៧–១០
« ដោយកម្លាំងនៃព្រះអម្ចាស់ »
សូមអាន ម៉ូសាយ ៧–១០ ប្រកបដោយការអធិស្ឋាន ដោយគិតពិចារណារអំពីការបំផុសគំនិតដែលអ្នកទទួល ។ តើសេចក្តីពិតនៅក្នុងជំពូកទាំងនេះអាចជួយបំពេញតម្រូវការរបស់កុមារដែលអ្នកបង្រៀនដោយរបៀបណា ?
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមលើកទឹកចិត្តកុមារឲ្យចែកចាយរឿងអ្វីដែលពួកគេអាចដឹងអំពីព្រឹត្តិការណ៍នានានៅក្នុងជំពូកទាំងនេះ ។ អ្នកអាចស្វែងរកជំនួយនៅក្នុង « ជំពូកទី ១៣ ៖ ស៊ីនិព្វ » ( ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ៦០–៦៣ ឬមើលវីដេអូដូចគ្នានេះនៅគេហទំព័រ ChurchofJesusChrist.org ) ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ព្រះបានជួយមនុស្សនៅក្នុងព្រះគម្ពីរ ហើយទ្រង់អាចជួយខ្ញុំ ។
ប្រជាជនលិមហៃ ដែលបាននៅក្នុងទាសភាពរបស់ពួកសាសន៍លេមិន បានត្រូវការសេចក្តីជំនឿថាព្រះនឹងជួយពួកគេ ដូច្នេះលិមហៃបានរំឭកពួកគេអំពីគ្រានានា នៅពេលដែលព្រះបានជួយប្រជាជនរបស់ទ្រង់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារចែកចាយពីគ្រាមួយដែលពួកគេបានត្រូវការជំនួយ ។ សូមពន្យល់ថា ប្រជាជនស្តេចលិមហៃស្ថិតនៅក្នុងក្តីអំពល់ ដូច្នេះលោកបានចែកចាយរឿងមួយដើម្បីជួយពួកគេឲ្យមានសេចក្តីជំនឿ ។ សូមអាន ម៉ូសាយ ៧:១៩ ឲ្យកុមារស្តាប់ ហើយបង្ហាញរូបភាពកូនចៅសាសន៍អ៊ីស្រាអែលឆ្លងកាត់សមុទ្រក្រហម ( សូមមើល ម៉ូសេញែកសមុទ្រក្រហម គេហទំព័រ ChurchofJesusChrist.org ) ។ សូមរំឭករឿងនេះ និងរឿងពីនំម៉ាន៉ា ហើយជួយកុមារឲ្យដើរតួសម្តែងរឿងទាំងនោះ ( សូមមើល ជំពូកទី ១៧ និង ១៨ នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ឬវីដេអូដូចគ្នានេះនៅលើគេហទំព័រ ChurchofJesusChrist.org ) ។ តើព្រះអម្ចាស់បានជួយប្រជាជននេះយ៉ាងដូចម្តេច ? សូមថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់ក៏អាចជួយយើងផងដែរ ។
-
សូមអាន ម៉ូសាយ ៧:៣៣ ឲ្យកុមារស្ដាប់ ហើយជួយពួកគេឲ្យយល់ពីអ្វីដែលខគម្ពីរនេះបង្រៀនយើងឲ្យធ្វើ ដើម្បីទទួលបានជំនួយពីព្រះអម្ចាស់ ។ សូមជួយកុមារឲ្យគិតអំពីសកម្មភាពដើម្បីបង្ហាញរឿងទាំងនេះ ហើយអានខគម្ពីរនោះអំឡុងពេលពួកគេធ្វើសកម្មភាព ។ តើយើងត្រូវការជំនួយអ្វីខ្លះ ? តើយើងអាចបង្ហាញថា យើងទុកចិត្តលើព្រះអម្ចាស់ដោយរបៀបណា ? សូមចែកចាយបទពិសោធន៍មួយ នៅពេលអ្នកបានទុកចិត្តលើព្រះអម្ចាស់ ហើយទ្រង់បានជួយអ្នក ។
-
សូមជ្រើសរើសវគ្គនៃចម្រៀងបទ « រឿងនិទានក្នុងគម្ពីរមរមន » ឬ « ភាពក្លាហានរបស់នីហ្វៃ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦២–៦៣, ៦៤–៦៥ ) ដើម្បីច្រៀងជាមួយកុមារ ។ សូមជួយពួកគេឲ្យស្វែងរករបៀបដែលព្រះអម្ចាស់បានជួយមនុស្សនៅក្នុងព្រះគម្ពីរមរមន ។ សូមចែកចាយដំណើររឿងព្រះគម្ពីរផ្សេងទៀត ដែលអ្នកទទួលអារម្មណ៍ថា នឹងជួយកុមារឲ្យរៀនទុកចិត្តលើព្រះអម្ចាស់ ។
ព្រះបានប្រទានដល់ពួកយើងនូវពួកព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ។
តើអ្នកអាចប្រើ ម៉ូសាយ ៨:១៦–១៧ ដើម្បីបង្រៀនកុមារអំពីតួនាទីរបស់ព្យាការីក្នុងនាមជាអ្នកមើលឆុតដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញកុមារអំពីរបៀបលើកដៃរបស់ពួកគេឡើងត្រឹមភ្នែករបស់ពួកគេ ដូចពួកគេពាក់វ៉ែនតាមើល ឬប្រើកែវពង្រីក ។ សូមអាន ម៉ូសាយ ៨:១៧ ហើយសូមឲ្យកុមារពាក់ « វ៉ែនតា » របស់ពួកគេគ្រប់ពេលដែលពួកគេឮពាក្យ « អ្នកមើលឆុត » ។ សូមពន្យល់ថា ព្រះបានប្រទានដល់ពួកយើងនូវព្យាការី ហើយថា តួនាទីមួយរបស់ព្យាការីគឺធ្វើជា « អ្នកមើលឆុត » ដោយសារលោកអាច « មើលឃើញ » រឿងដែលនឹងកើតឡើង ។ សូមចែកចាយគំរូមួយចំនួនអំពីរឿងដែលព្យាការីបានឃើញ និងបើកសម្តែងដល់ពួកយើង ( ដោយរួមបញ្ចូលទាំងព្រះគម្ពីរ ) ឬចែកចាយគំរូមួយស្តីពី ពេលដែលព្យាការដើរតួជាអ្នកមើលឆុត ( ដូចជា នីហ្វៃទី ១ ១១:២០–២១ ) ។
-
សូមកាត់ក្រដាសជារាងស្នាមជើង ហើយគូររូបលើក្រដាសទាំងនោះនូវរឿងនានាដែលពួកព្យាការីបានទូន្មានឲ្យយើងធ្វើ ។ សូមដាក់ស្នាមបាតជើងទាំងនោះនៅលើផ្លូវជុំវិញបន្ទប់រៀន ហើយពិពណ៌នាអំពីរូបភាពទាំងនោះ ។ សូមឲ្យកុមារដាក់វេនគ្នាសម្ដែងធ្វើជាព្យាការី ហើយនាំកុមារផ្សេងទៀតដើរតាមស្នាមបាតជើងទាំងនេះ ។
-
សូមបង្ហាញរូបភាពនៅក្នុង គម្រោងមេរៀនសម្រាប់សប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ហើយសូមឲ្យកុមារពិពណ៌នាអ្វីដែលពួកគេឃើញ ។ សូមពន្យល់ថា ព្យាការី យ៉ូសែប ស្ម៊ីធ គឺជាអ្នកមើលឆុត ។ ព្រះអម្ចាស់បានប្រទានឧបករណ៍ដល់លោកដែលបានហៅថា យូរីម និងធូមីម និងត្បូងអ្នកមើលឆុតមួយ ដើម្បីប្រើនៅក្នុងការបកប្រែព្រះគម្ពីរមរមន ។
-
សូមបង្ហាញវីដេអូខ្លីមួយនៃសន្និសីទទូទៅនាពេលថ្មីៗនេះអំពីប្រធានសាសនាចក្រ ( ឬបង្ហាញរូបភាពរបស់លោក និងអានអ្វីដែលលោកបានបង្រៀន ) ។ សូមថ្លែងទីបន្ទាល់របស់អ្នកថា លោកគឺជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ម៉ូសាយ ៧:១៨–២០, ៣៣; ៩:១៤–១៩; ១០:៦–១០, ១៩–២១
ព្រះបានជួយមនុស្សនៅក្នុងព្រះគម្ពីរ ហើយទ្រង់អាចជួយខ្ញុំ ។
ស៊ីនិព្វ និងប្រជាជនរបស់ទ្រង់ដែលបានតាំងទីលំនៅនៅក្នុងដែនដីរបស់ពួកសាសន៍លេមិន ត្រូវបានវាយប្រហារដោយពួកសាសន៍លេមិន ហើយត្រូវការជំនួយរបស់ព្រះ ។ តើកុមារអាចរៀនអ្វីខ្លះតាមរយៈរឿងនេះ អំពីកាលដែលព្រះជួយដល់បុត្រាបុត្រីរបស់ទ្រង់ ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមចែកកុមារជាបីក្រុម ហើយអញ្ជើញក្រុមនីមួយៗឲ្យសិក្សាដំណើររឿងព្រះគម្ពីរដូចតទៅនេះ ៖ ពួកសាសន៍អ៊ីស្រាអែលឆ្លងសមុទ្រក្រហម ( សូមមើល និក្ខមនំ ១៤:១០–១៤, ២១–៣១ ), គ្រួសាររបស់លីហៃធ្វើដំណើរនៅក្នុងទីរហោស្ថាន ( សូមមើល នីហ្វៃទី ១ ១៦:៩–១៦; ១៧:១–៦ ) និងប្រជាជនរបស់ស៊ីនិព្វត្រូវបានដោះលែងឲ្យរួចពីពួកសាសន៍លេមិន ( សូមមើល ម៉ូសាយ ៩:១៤–១៩; ១០:៦–១០, ១៩–២១ ) ។ តើប្រជាជននៅក្នុងរឿងទាំងនេះបង្ហាញថា ពួកគេបានទុកចិត្តលើព្រះតាមរបៀបណា ? តើព្រះបានជួយពួកគេយ៉ាងដូចម្ដេច ? តើទ្រង់ជួយយើងយ៉ាងដូចម្តេច នៅពេលយើងទុកចិត្តលើទ្រង់នោះ ?
-
សូមអញ្ជើញកុមារបីនាក់ឲ្យសរសេរការសាកល្បង ឬឧបសគ្គម្នាក់មួយដែលពួកគេប្រឈមមុខនៅលើក្ដារខៀន ។ សូមឲ្យកុមារម្នាក់អាន ម៉ូសាយ ៧:៣៣ ហើយលើកទឹកចិត្តកុមារផ្សេងទៀត ឲ្យលុបការសាកល្បង ឬឧបសគ្គមួយនៃការសាកល្បង ឬឧបសគ្គទាំងនោះ គ្រប់ពេលដែលពួកគេឮអ្វីមួយ ដែលពួកគេអាចធ្វើដើម្បីទទួលបានជំនួយពីព្រះ ។ តើការទុកចិត្តលើព្រះអម្ចាស់អាចជួយយើងឲ្យយកឈ្នះលើឧបសគ្គរបស់យើងដោយរបៀបណា ?
ព្រះប្រទានពួកព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈដើម្បីជាប្រយោជន៍ដល់មនុស្សលោក ។
យើងគាំទ្រដល់គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ជាព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈ ។ តើអ្នកអាចបង្រៀនកុមារអំពីតម្លៃរបស់ពួកព្យាការីយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមជ្រើសរើសពាក្យសំខាន់ៗបីបួនចេញពី ម៉ូសាយ ៨:១២–១៩ ហើយសរសេរវានៅលើក្ដារខៀន ។ សូមអញ្ជើញកុមារម្នាក់ឲ្យអានខគម្ពីរទាំងនោះ ហើយសូមឲ្យកុមារផ្សេងទៀតលើកដៃរបស់ពួកគេ នៅពេលពួកគេឮពាក្យនីមួយនៅលើក្តារខៀន ។ សូមឈប់អាន ហើយពិភាក្សាពាក្យនីមួយៗជាមួយសិស្ស ។
-
សូមកុមារឲ្យរំឭក ម៉ូសាយ ៨:១៦–១៨ ដើម្បីរៀនអំពីអ្នកមើលឆុត ។ សូមសរសេរប្រយោគនេះនៅលើក្ដារខៀន ៖ អ្នកមើលឆុតគឺដូចជា ។ សូមជួយកុមារឲ្យគិតអំពីរបៀបដើម្បីបំពេញប្រយោគនោះ ដើម្បីពន្យល់អំពីមូលហេតុដែលអ្នកមើលឆុតគឺជាពរជ័យសម្រាប់ពួកយើង—ឧទាហរណ៍ អ្នកមើលឆុតគឺដូចជាអ្នកសង្គ្រោះមនុស្សលង់ទឹក ដែលព្រមានយើងអំពីគ្រោះថ្នាក់ ។
-
សូមជ្រើសយកឃ្លាមួយចេញពី ម៉ូសាយ ៨:១៦–១៧ ហើយសរសេរវានៅលើក្តារខៀន ដោយជំនួសពាក្យនីមួយៗជាមួយនិមិត្តសញ្ញាដែលបង្កើតឡើង ។ សូមឲ្យកុមារនូវបញ្ជីនិមិត្តសញ្ញាមួយ និងបញ្ជីពាក្យដែលតំណាងឲ្យនិមិត្តសញ្ញាទាំងនោះ ហើយទុកឲ្យពួកគេបកស្រាយ ឬ « បកប្រែ » ឃ្លានោះដូចជាអ្វីដែលអ្នកមើលឆុតធ្វើ ។ តើមានរបៀបផ្សេងទៀតណាខ្លះដែលពួកព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈគឺជា « ប្រយោជន៍ដ៏ធំ » ចំពោះពួកយើង? (ម៉ូសាយ ៨:១៨) ។
នៅពេលខ្ញុំទន់ខ្សោយ នោះព្រះអម្ចាស់អាចពង្រឹងខ្ញុំបាន ។
នៅពេលកុមារជួបនឹងឧបសគ្គនានា ជួនកាលពួកគេមានអារម្មណ៍ទន់ខ្សោយ និងមិនអាចជួយបាន ។ សូមប្រើដំណើររឿងរបស់ប្រជាជនស៊ីនិព្វដើម្បីបង្រៀនកុមារថា ពួកគេអាចទទួលកម្លាំងមកពីព្រះអម្ចាស់បាន ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារចែកចាយរបៀបដែលពួកគេអាចមានរូបរាងកាយមាំមួន ។ តើការមាន « កម្លាំងរបស់មនុស្ស » មានន័យដូចម្ដេច ? ( សូមមើល ម៉ូសាយ ៣:១៩) ។ តើការមាន « កម្លាំងរបស់មនុស្ស » មានន័យដូចម្ដេច ? ( សូមមើល ម៉ូសាយ ៩:១៧-១៩; ១០:១០) ។ តើយើងទទួលកម្លាំងនៃព្រះអម្ចាស់ដោយរបៀបណា ?
-
សូមអញ្ជើញកុមារឲ្យគូររូបភាពនរណាម្នាក់ ដែលពួកគេមានអារម្មណ៍ថា មានកម្លាំងនៃព្រះអម្ចាស់ ហើយចែកចាយមូលហេតុដែលពួកគេបានគូររូបបុគ្គលនោះ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យចែកចាយជាមួយក្រុមគ្រួសាររបស់ពួកគេនូវរឿងមួយមកពីខគម្ពីរ ដែលបំផុសគំនិតពួកគេឲ្យ « ដាក់ទីទុកចិត្ត [ របស់ពួកគេ ] លើព្រះ » ( ម៉ូសាយ ៧:១៩ ) ។