« ថ្ងៃទី ១១–១៧ ខែ ឧសភា ។ ម៉ូសាយ ១៨–២៤ ៖ ‹ យើងបានចូលក្នុងសេចក្ដីសញ្ញាជាមួយនឹងទ្រង់ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១១–១៧ ខែ ឧសភា ។ ម៉ូសាយ ១៨–២៤ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២០
ថ្ងៃទី ១១–១៧ ខែ ឧសភា
ម៉ូសាយ ១៨–២៤
យើងបានចូលក្នុងសេចក្ដីសញ្ញាជាមួយនឹងទ្រង់
ពេលអ្នកអាន ម៉ូសាយ ១៨–២៤ សូមគិតអំពីកុមារដែលអ្នកបង្រៀន ។ ព្រះវិញ្ញាណបរិសុទ្ធអាចជួយអ្នកឲ្យរកឃើញសេចក្តីពិតដែលនឹងទាក់ទងជាមួយពួកគេ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមបង្ហាញរូបភាពមួយរបស់បុគ្គលណាម្នាក់ដែលជ្រមុជទឹក ហើយឲ្យកុមារចែកចាយអ្វីដែលពួកគេដឹងអំពីបុណ្យជ្រមុជទឹក ។ ពួកគេអាចចែកចាយអ្វីដែលពួកគេបានរៀន អំឡុងពេលអាន ម៉ូសាយ ១៨–២៤ ជាមួយគ្រួសាររបស់ពួកគេ អំឡុងពេលចូលរួមបុណ្យជ្រមុជទឹក ឬក្នុងការប្រជុំផ្សេងទៀត ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ពេលខ្ញុំធ្វើពិធីបុណ្យជ្រមុជទឹក ខ្ញុំបានចុះសេចក្តីសញ្ញាមួយជាមួយព្រះ ។
របៀបដ៏សំខាន់បំផុតមួយដើម្បីជួយកុមារឲ្យរៀបចំខ្លួនទទួលពិធីបុណ្យជ្រមុជទឹកនោះគឺបង្រៀនពួកគេអំពីសេចក្តីសញ្ញាដែលពួកគេនឹងចុះ ពេលពួកគេទទួលបុណ្យជ្រមុជទឹក ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមរំឭករឿងរបស់អាលម៉ា និងប្រជាជនរបស់លោកនៅឯទឹកមរមនដោយប្រើ ម៉ូសាយ ១៨:៧–១៦ ឬ « ជំពូកទី ១៥ ៖ អាលម៉ាបង្រៀន ហើយជ្រមុជទឹក » ( ដំណើររឿងព្រះគម្ពីរមរមន ៧១–៧៣ ឬមើលវីដេអូដូចគ្នានេះនៅគេហទំព័រ ChurchofJesusChrist.org ) ។ សូមបង្ហាញរូបភាពនៅក្នុង គម្រោងមេរៀនសម្រាប់សប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ហើយឲ្យកុមារប្រាប់អ្នកនូវអ្វីមួយដែលពួកគេដឹងអំពីរឿងនោះ ។
-
ដោយប្រើ ម៉ូសាយ ១៨:៨–១០ ទុកជាមគ្គុទ្ទេសក៍ សូមបង្រៀនកុមារដោយពាក្យសម្តីរបស់អ្នកផ្ទាល់នូវអ្វីមួយចំនួនដែលពួកគេនឹងសន្យាដើម្បីធ្វើ ពេលពួកគេជ្រមុជទឹក ។ ឧទាហរណ៍ ពួកគេនឹងសន្យាដើម្បីធ្វើតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវ ដោយការលួងលោមមនុស្សដែលមានទុក្ខព្រួយ ។ សូមចែកចាយរឿងមួយអំពីរបៀបដែលអ្នក ឬមនុស្សម្នាក់ដែលអ្នកស្គាល់បានរក្សាការសន្យាទាំងនេះ ។ ( សូមមើលផងដែរ គ&ស ២០:៧៧, ៧៩; ខារ៉ូល អិម. ស្ទីវិនស៍ «We Have Great Reason to Rejoice», Ensign ឬ Liahona, ខែវិច្ឆិកា ឆ្នាំ ២០១៣, ១១៥–១៦ ។
-
សូមពន្យល់ថា នៅពេលយើងទទួលពិធីបុណ្យជ្រមុជទឹក ព្រះវរបិតាសួគ៌ក៏ធ្វើការសន្យាជាមួយយើងដែរ ។ សូមចែកចាយការសន្យាទាំងនេះ ដូចដែលបានពិពណ៌នានៅក្នុង ម៉ូសាយ ១៨:៩–១០ ។
ពេលខ្ញុំទទួលបុណជ្រមុជទឹក ខ្ញុំក្លាយជាសមាជិកនៃសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ ។
សូមជួយកុមារឲ្យយល់អំពីអត្ថន័យនៃការក្លាយជាសមាជិកសាសនាចក្រ តាមរយៈពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញនរណាម្នាក់ដែលទើបតែទទួលបុណ្យជ្រមុជទឹកឲ្យចែកចាយទីបន្ទាល់របស់គាត់ ។ សូមអាន ម៉ូសាយ ១៨:១៧ ហើយពន្យល់ថា នៅពេលយើងជ្រមុជទឹក នោះយើងក្លាយជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងសន្យាថាធ្វើតាមព្រះយេស៊ូវ ។
-
សូមបង្ហាញរូបភាពកុមារដែលតំណាងឲ្យអ្វីៗដែលពិពណ៌នានៅក្នុង ម៉ូសាយ ១៨:១៧–២៨ ។ ឧទាហរណ៍ រូបភាព ការតែងតាំងបព្វជិតភាព ( សៀវភៅរូបភាពដំណឹងល្អ លេខ ១០៦ ) អាចតំណាងឲ្យ ខទី ១៨ និងរូបភាព ការថ្វាយដង្វាយមួយភាគក្នុងដប់ ( សៀវភៅរូបភាពដំណឹងល្អ លេខ ១១៣ ) អាចតំណាងឲ្យ ខទី ២៧–២៨ ។ សូមទុកឲ្យកុមារពិពណ៌នានូវអ្វីដែលពួកគេមើលឃើញនៅក្នុងរូបភាព ហើយប្រើរូបភាព និងខគម្ពីរទាំងនោះ ដើម្បីជួយពួកគេឲ្យឃើញអំពីអត្ថន័យនៃការក្លាយជាសមាជិកសាសនាចក្រ ។
ព្រះអាចសម្រាលបន្ទុករបស់ខ្ញុំឲ្យបានស្រាល ។
តើព្រះបានសម្រាលបន្ទុករបស់អ្នកឲ្យបានស្រាលនៅពេលណា ? សូមគិតអំពីរបៀបដែលអ្នកអាចចែកចាយបទពិសោធន៍ និងទីបន្ទាល់របស់អ្នកជាមួយកុមារ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារឲ្យគិតអំពីសកម្មភាពសាមញ្ញនានា ដែលពួកគេអាចធ្វើអំឡុងពេលអ្នកប្រាប់នូវអ្វីដែលបានកើតឡើងចំពោះប្រជាជនអាលម៉ានៅក្នុង ម៉ូសាយ ២៤:៨–១៧ ។ សូមចង្អុលបង្ហាញថា ដោយសារអាលម៉ាបានជ្រើសរើសធ្វើតាមការបង្រៀនរបស់អ័ប៊ីណាដៃអំពីព្រះយេស៊ូវ នោះលោក និងប្រជាជនលោកត្រូវបានគេប្រព្រឹត្តដាក់យ៉ាងព្រៃផ្សៃ ប៉ុន្តែពួកគេពុំឈប់ជឿលើព្រះយេស៊ូវឡើយ ។
-
សូមអាន ម៉ូសាយ ២៤:១៤–១៥ ឲ្យកុមារស្ដាប់ ។ សូមដាក់វត្ថុធ្ងន់ៗនៅក្នុងកាបូបមួយ ( ដើម្បីតំណាងឲ្យបន្ទុក ) ហើយសូមអញ្ជើញឲ្យកុមារម្នាក់យួរកាបូបនោះ ។ សូមពន្យល់ថា ពេលយើងកើតទុក្ខ ឈឺ ឬមានក្តីអំពល់ វាអាចមានអារម្មណ៍ដូចជាយួរអ្វីមួយធ្ងន់ផងដែរ ។ សូមឲ្យកុមារដាក់វេនគ្នា ជួយកុមារនោះយួរកាបូប ដើម្បីឲ្យវាស្រាលជាងមុន ។ សូមពន្យល់ថា ព្រះវរបិតាសួគ៌អាចសម្រាលបន្ទុកយើងឲ្យស្រាលបាន ពេលយើងស្វែងរកជំនួយពីទ្រង់តាមរយៈការអធិស្ឋាន ការបម្រើអ្នកដទៃ ជាដើម ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ពេលខ្ញុំធ្វើពិធីបុណ្យជ្រមុជទឹក ខ្ញុំបានចុះសេចក្តីសញ្ញាមួយជាមួយព្រះ ។
តើអ្នកអាចជួយកុមារដែលអ្នកបង្រៀនឲ្យយល់ពីសេចក្តីសញ្ញាដែលយើងធ្វើនៅឯពិធីបុណ្យជ្រមុជទឹកយ៉ាងដូចម្តេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យក្រដាសមួយសន្លឹកទៅកុមារម្នាក់ៗ ។ សូមអាន ម៉ូសាយ ១៨:៨–១០ ជាមួយគ្នា ហើយសូមអញ្ជើញកុមារឲ្យសរសេរ ឬគូរនៅមួយចំហៀងនៃក្រដាសរបស់ពួកគេ អំពីការសន្យានានាដែលយើងធ្វើនៅឯពិធីបុណ្យជ្រមុជទឹក ហើយនៅមួយចំហៀងទៀតសរសេរ ឬគូរពរជ័យដែលព្រះវរបិតាសួគ៌សន្យាដល់ពួកយើង ។ សូមឲ្យពួកគេចែកចាយជាមួយសិស្សក្នុងថ្នាក់នូវអ្វីដែលពួកគេរកឃើញ ។ នៅពេលពួកគេចែកចាយ សូមសួរសំណួរទាំងនេះ ៖ តើយើងអាច « ទួញយំជាមួយនឹងអ្នកណាដែលទួញយំ » ដោយរបៀបណា ? តើការធ្វើជាសាក្សីនៃព្រះ « គ្រប់ទីកន្លែង » មានន័យដូចម្តេច ? តើយើងអាចធ្វើអ្វីខ្លះដើម្បីរក្សាសេចក្តីសញ្ញារបស់យើង ?
-
សូមអញ្ជើញកុមារបីបួននាក់ដែលបានជ្រមុជទឹករួចឲ្យចែកចាយអ្វីដែលពួកគេចងចាំអំពីបទពិសោធន៍របស់ពួកគេ ។ តើមានអ្វីដែលធ្វើឲ្យថ្ងៃនោះជាថ្ងៃពិសេស ? តើពួកគេមានអារម្មណ៍យ៉ាងណា ? សូមពន្យល់ថា រៀងរាល់ថ្ងៃអាទិត្យ ពួកគេរំឭកសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់ពួកគេ នៅពេលពួកគេទទួលទានសាក្រាម៉ង់ ។ សូមជួយកុមារឲ្យប្រៀបធៀបសេចក្តីសញ្ញានៃបុណ្យជ្រមុជទឹក ដែលបានពិពណ៌នានៅក្នុង ម៉ូសាយ ១៨:៨–១០ជាមួយការអធិស្ឋានសាក្រាម៉ង់ ( សូមមើល គ. និង ស. ២០:៧៧, ៧៩) ។ តើយើងអាចធ្វើឲ្យពិធីសាក្រាម៉ង់ជាពេលវេលាដ៏ពិសេស និងមានគារវភាពមួយ ដូចជាពិធីបុណ្យជ្រមុជទឹករបស់យើងយ៉ាងដូចម្តេច ?
-
សូមឲ្យអ្នកប្រែចិត្តជឿថ្មីម្នាក់ ចែកចាយរបៀបដែលគាត់បានរៀនអំពីសាសនាចក្រ និងអារម្មណ៍ដែលគាត់មានដែលបានជ្រមុជទឹក ។ សូមឲ្យកុមារសួរសំណួរដូចជា តើអ្វីដែលបានជួយបុគ្គលនោះចង់ធ្វើការសន្យានៅក្នុង ម៉ូសាយ ១៨:៧–១៦ ។
ខ្ញុំជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
តើអ្នកអាចបំផុសគំនិតកុមារឲ្យមានអំណរគុណ ចំពោះពរជ័យនៃការធ្វើជាសមាជិកសាសនាចក្រដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យអាន ម៉ូសាយ ១៨:១៧–២៨ ដោយរកមើលការបង្រៀនអំពីសាសនាចក្ររបស់ព្រះគ្រីស្ទ នៅក្នុងជំនាន់របស់អាលម៉ា ដែលដូចគ្នាទៅនឹងជំនាន់របស់យើង ។ សូមសរសេរចម្លើយរបស់ពួកគេនៅលើដុំថ្ម/ឈើ ឬពែង ហើយទុកឲ្យកុមារប្រើវាដើម្បីសាងសង់សំណង់មួយ ដែលតំណាងឲ្យសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។
-
សូមច្រៀងជាមួយកុមារ ឬអានទំនុកបទ « សាសនាចក្រព្រះយេស៊ូវគ្រីស្ទ » ( សៀវភៅចម្រៀងកុមារ លេខ ៤៨ ) ហើយអញ្ជើញពួកគេឲ្យស្តាប់រកអ្វីដែលយើងសន្យានឹងធ្វើក្នុងនាមជាសមាជិកសាសនាចក្រ ។ សូមជួយពួកគេឲ្យគិតអំពីរបៀបដែលពួកគេអាចរក្សាការសន្យាទាំងនោះ ។
ម៉ូសាយ ២១:១–៥, ១៣–១៦; ២២:១–១១; ២៤:៨–២២
ព្រះអាចសម្រាលបន្ទុករបស់ខ្ញុំឲ្យបានស្រាល ។
រឿងរបស់ប្រជាជនអាលម៉ាអាចបង្ហាញកុមារថា ជួនកាលព្រះជួយយើងតាមរយៈការពង្រឹងយើង ឲ្យស៊ូទ្រាំនឹងការសាកល្បងរបស់យើង ជំនួសឲ្យការដកយកការសាកល្បងនោះចេញពីយើង ។ តើអ្នកអាចជួយពួកគេឲ្យរៀនពីរឿងនេះដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារឲ្យស្វែងរកព្រឹត្តិការណ៍សំខាន់ៗមកពី ដំណើររឿងរបស់ប្រជាជនលិមហៃនៅក្នុង ម៉ូសាយ ២១:១–៥, ១៣–១៦ និង ២២:១–១១ និងប្រជាជនរបស់អាលម៉ានៅក្នុង ម៉ូសាយ ២៤:៨–២២ ។ បន្ទាប់មក សូមឲ្យកុមារម្នាក់ៗគូររូបមួយនៃព្រឹត្តិការណ៍ទាំងនេះ ។ សូមអញ្ជើញកុមារឲ្យតម្រៀបគំនូររបស់ពួកគេតាមលំដាប់លំដោយត្រឹមត្រូវ ដើម្បីតំណាលពីរឿងនេះ ។ នៅពេលពួកគេធ្វើដូច្នេះ សូមគូសបញ្ជាក់ថា ព្រះបានជួយប្រជាជនឲ្យរែកបន្ទុករបស់ពួកគេ ។
-
សូមអញ្ជើញកុមារឲ្យអាន ម៉ូសាយ ២១:១៤–១៥ និង ២៤:១៣–១៤ ។ តើព្រះអម្ចាស់ឆ្លើយតបនឹងការអធិស្ឋានរបស់ប្រជាជនលិមហៃ និងប្រជាជនរបស់អាលម៉ាដោយរបៀបណា ? សូមអញ្ជើញកុមារឲ្យចែកចាយពីគ្រាដែលពួកគេបានអធិស្ឋានទូលសូមជំនួយឲ្យឈ្នះលើការសាកល្បងមួយ ហើយព្រះវរបិតាសួគ៌បានជួយពួកគេ ឬចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យពន្យល់នរណាម្នាក់ទៀត នូវអ្វីដែលពួកគេនឹងសន្យា ឬបានសន្យានឹងធ្វើ ដែលជាផ្នែកនៃសេចក្តីសញ្ញាបុណ្យជ្រមុជទឹករបស់ពួកគេ ។