« ថ្ងៃទី ២៥–៣១ ខែ ឧសភា ។ ម៉ូសាយ ២៩–អាលម៉ា ៤ ៖ ‹ ពួកគេនៅតែមានចិត្តខ្ជាប់ខ្ជួន ហើយមុតមាំ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៥–៣១ ខែ ឧសភា ។ ម៉ូសាយ ២៩–អាលម៉ា៤ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ឆ្នាំ ២០២០
ថ្ងៃទី ២៥–៣១ ខែ ឧសភា
ម៉ូសាយ ២៩–អាលម៉ា ៤
« ពួកគេនៅតែមានចិត្តខ្ជាប់ខ្ជួន ហើយមុតមាំ »
កុមារដែលអ្នកបង្រៀនអាចរៀនច្រើននៅក្នុងថ្នាក់របស់អ្នក ប៉ុន្តែពួកគេនឹងរៀនកាន់តែច្រើនទៀត ប្រសិនបើពួកគេអភិវឌ្ឍទម្លាប់នៃការសិក្សាព្រះគម្ពីរនៅគេហដ្ឋាន ។ សូមពិចារណាអំពីរបៀបដែលអ្នកអាចលើកទឹកចិត្ត និងគាំទ្រឲ្យមានការរៀនសូត្រដំណឹងល្អនៅក្នុងគេហដ្ឋាន ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមឲ្យកុមារអង្គុយលើកម្រាលឥដ្ឋជារង្វង់ ហើយរមៀលបាល់ឲ្យទៅកុមារម្នាក់ក្នុងចំណោមពួកគេ ។ សូមឲ្យកុមារចែកចាយអ្វីដែលគាត់បានរៀននាពេលថ្មីៗនេះ អំពីដំណឹងល្អនៅឯគេហដ្ឋាន ឬនៅក្នុងថ្នាក់អង្គការបឋមសិក្សា ។ បន្ទាប់មក សូមឲ្យកុមាររមៀលបាល់ឲ្យទៅកុមារម្នាក់ទៀត ។ សូមធ្វើដូចនេះរហូតដល់កុមារគ្រប់គ្នាមានឱកាសចែកចាយអ្វីមួយ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ក្នុងនាមជាសមាជិកសាសនាចក្រ ខ្ញុំគួរតែស្រឡាញ់ ហើយបម្រើមនុស្សដទៃ ។
អ្នកអាចជ្រើសរើសពុំប្រាប់កុមារច្រើនអំពីការបង្រៀនរបស់នីហូរ ប៉ុន្តែពួកគេអាចទទួលបានប្រយោជន៍ពីការដឹងថា នៅក្នុងសាសនាចក្រយើងបម្រើ ដោយសារយើងស្រឡាញ់មនុស្សដទៃ ពុំមែនដោយសារយើងចង់ក្លាយជាអ្នកមាន ឬមានប្រជាប្រិយភាពនោះទេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមចែកចាយជាមួយកុមារដោយប្រើពាក្យសាមញ្ញ អំពីរឿងរបស់អាលម៉ា និងនីហូរ ( សូមមើល អាលម៉ា ១; « ជំពូកទី ២០ ៖ អាលម៉ា និង នីហូរ » ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ៨០–៩០ ឬមើលវីដេអូដូចគ្នានេះនៅគេហទំព័រ ChurchofJesusChrist.org ) ។ សូមគូសបញ្ជាក់ថា ទោះបីជាអ្នកដើរតាមនីហូរមានចិត្តអាក្រក់ចំពោះសមាជិកសាសនាចក្រក្តី ក៏សមាជិកសាសនាចក្រជាច្រើននៅតែបន្តមានចិត្តល្អ និងស្រឡាញ់ដែរ ។
-
សូមអាន អាលម៉ា ១:៣០ ឲ្យកុមារស្ដាប់ ហើយជួយពួកគេឲ្យយល់ថា សមាជិកនៃសាសនាចក្របានចែកចាយនូវអ្វីដែលពួកគេមានជាមួយជនណាដែលត្រូវការជំនួយ ។ សូមជួយកុមារឲ្យគិតអំពីអ្វីៗដែលពួកគេអាចចែកចាយ និងមនុស្សដែលពួកគេអាចចែកចាយអ្វីទាំងនោះឲ្យ ។ សូមលើកទឹកចិត្តកុមារឲ្យគូររូបភាពអំពីផែនការរបស់ពួកគេ ។
-
សូមច្រៀងរួមគ្នានូវចម្រៀងមួយអំពីសេចក្តីស្រឡាញ់ និងការបម្រើ ដូចជាបទ « ចិត្តល្អចាប់ផ្តើមនឹងខ្ញុំ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨៣ ) ហើយជួយកុមារឲ្យគិតអំពីសកម្មភាពកាយវិការដែលអាចស្របតាមបទចម្រៀង ។
ព្រះនឹងឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ ។
នៅពេលអាលម៉ា និងពួកសាសន៍នីហ្វៃមានអារម្មណ៍ « ភ័យខ្លាចជាខ្លាំង » ( អាលម៉ា ១:២៣ពួកគេបានអធិស្ឋានទូលសូមជំនួយ ហើយត្រូវបានពង្រឹង ។ សូមជួយកុមារឲ្យរៀនពីគំរូរបស់ពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
ដោយប្រើរូបភាពនៅក្នុង គម្រោងមេរៀនសម្រាប់សប្តាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ឬនៅក្នុង « ជំពូកទី ២១ ៖ ពួកសាសន៍អាំលីសៃ » ( ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ៩១–៩៣ ឬមើលវីដេអូដូចគ្នានេះនៅគេហទំព័រ ChurchofJesusChrist.org ) សូមប្រាប់កុមារអំពីរបៀបដែលពួកសាសន៍នីហ្វៃបានទទួលកម្លាំងដើម្បីវាយប្រហារពួកសាសន៍អាំលីសៃ ។ សូមសួរកុមារអំពីអ្វីដែលពួកគេខ្លាច ឬពិបាកសម្រាប់ពួកគេ ហើយថ្លែងទីបន្ទាល់ថា ពួកគេអាចអធិស្ឋានទូលសូមជំនួយពីព្រះវរបិតាសួគ៌ជាមួយរឿងទាំងនេះ ។
-
សូមចែកចាយបទពិសោធន៍មួយ នៅពេលព្រះបានជួយអ្នក បន្ទាប់ពីអ្នកបានអធិស្ឋានទៅកាន់ទ្រង់ ។ សូមអញ្ជើញកុមារឲ្យចែកចាយបទពិសោធន៍ដែលពួកគេមានជាមួយនឹងការអធិស្ឋាន ។
ទីបន្ទាល់របស់ខ្ញុំអាចពង្រឹងមនុស្សដទៃ ។
ជារឿយៗ « ទីបន្ទាល់ដ៏បរិសុទ្ធ » ( អាលម៉ា ៤:១៩ ) របស់កុមារម្នាក់អាចមានឥទ្ធិពលខ្លាំងលើមនុស្សដទៃ ។ តើអ្នកអាចជួយកុមារឲ្យស្វែងរករបៀបដើម្បីចែកចាយទីបន្ទាល់របស់ពួកគេដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមបើកព្រះគម្ពីរទៅ អាលម៉ា ៤:១៩ ហើយពន្យល់ថា នៅពេលអាលម៉ាបានឃើញអំពីអំពើទុច្ចរិតដ៏ខ្លាំងរបស់ប្រជាជន នោះលោកបានសម្រេចចិត្តតាមរបៀបដ៏ល្អបំផុត ដើម្បីជួយពួកគេឲ្យថ្លែង « ទីបន្ទាល់ដ៏បរិសុទ្ធ » ដល់ពួកគេ ។ សូមប្រើទំព័រសកម្មភាពសម្រាប់សប្ដាហ៍នេះដើម្បីបង្រៀនកុមារអំពីអត្ថន័យនៃទីបន្ទាល់ និងអ្វីដែលរួមបញ្ចូលនៅក្នុងទីបន្ទាល់ ។ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយទីបន្ទាល់របស់ពួកគេ ។
-
សូមចាក់ទឹកស្អាតខ្លះទៅក្នុងកែវកញ្ចក់ថ្លាមួយ ហើយពន្យល់ថា ទឹកគឺដូចជាទីបន្ទាល់របស់យើង ដោយសារយើងអាចចែកចាយវាជាមួយមនុស្សដទៃទៀត ។ សូមចាក់ទឹកក្នុងពែងតូចៗឲ្យកុមារម្នាក់ៗ ហើយប្រាប់កុមារថា ពេលយើងចែកចាយទីបន្ទាល់របស់យើង នោះយើងជួយមនុស្សដទៃឲ្យមានទីបន្ទាល់រឹងមាំផងដែរ ។
-
ប្រសិនបើកុមារចង់ សូមឲ្យពួកគេអនុវត្តការថ្លែងទីបន្ទាល់របស់ពួកគេ ។ សូមផ្តល់យោបល់អំពីវិធីមួយចំនួន ដែលពួកគេអាចបង្ហាញថា ពួកគេដឹងថាដំណឹងល្អពិត រួមបញ្ចូលទាំងតាមរយៈសកម្មភាពរបស់ពួកគេផងដែរ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ខ្ញុំអាចរៀនដើម្បីស្គាល់ការបង្រៀនខុសឆ្គង ។
នៅចំណុចណាមួយក្នុងជីវិតរបស់យើង យើងទាំងអស់គ្នាត្រូវប្រឈមមុខនឹងមនុស្សដូចជានីហូរ—អស់អ្នកដែលព្យាយាមបោកបញ្ឆោតយើងជាមួយសារលិខិត ដែលហាក់ដូចជាការអង្វរករ ប៉ុន្តែវាខុសឆ្គង និងមានគ្រោះថ្នាក់ ។ ការចែកចាយដំណើររឿងនៅក្នុង អាលម៉ា ១:២–៩ អាចជួយកុមារឲ្យរៀបចំខ្លួន សម្រាប់ការប្រឈមមុខបែបនោះនៅក្នុងជីវិតរបស់ពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារឲ្យអាន អាលម៉ា ១:២–៤ ដើម្បីរំឭកអំពីអ្វីមួយចំនួនដែលនីហូរ ដែលជាគ្រូបង្រៀនក្លែងក្លាយនោះបានបង្រៀន ។ សូមជួយពួកគេឲ្យបង្កើតសំណួរត្រូវ ឬខុស ដោយប្រើសេចក្តីថ្លែងការណ៍ដកស្រង់មកពីខគម្ពីរទាំងនេះ ។ ជួនកាល ហេតុអ្វីសាតាំងបញ្ចូលសេចក្តីពិតជាមួយនឹងភាពខុសឆ្គង ? សូមជួយកុមារឲ្យគិតអំពីគំរូមួយចំនួន ។
-
បន្ទាប់ពីរំឭក អាលម៉ា ១:២–៩ ជាមួយគ្នា សូមឲ្យ កុមារម្នាក់ៗអានខគម្ពីរដូចតទៅនេះ ៖ ម៉ាថាយ ៧:២១–២៣; នីហ្វៃទី ២ ២៦:២៩–៣១; ម៉ូសាយ ១៨:២៤–២៦ និង ហេលេមិន ១២:២៣–២៦ ។ តើខគម្ពីរទាំងនេះបដិសេធការបង្រៀនរបស់នីហូរដូចម្តេចខ្លះ ? តើយើងអាចប្រើខគម្ពីរនេះ ដើម្បីពង្រឹងទីបន្ទាល់ផ្ទាល់ខ្លួនរបស់យើងអំពីដំណឹងល្អដោយរបៀបណា ?
ក្នុងនាមជាសមាជិកសាសនាចក្រ ខ្ញុំគួរតែស្រឡាញ់ ហើយបម្រើមនុស្សដទៃ ។
ជួនកាល សមាជិកសាសនាចក្រនៅជំនាន់របស់អាលម៉ាមានចិត្តសប្បុរស និងចេះផ្តល់ឲ្យគ្នា ហើយគ្រាផ្សេងទៀតពួកគេគ្មានចិត្តសប្បុរស ហើយឆ្មើងឆ្មៃ ។ សូមជួយកុមារដែលអ្នកបង្រៀនឲ្យរៀនពីបទពិសោធន៍របស់ពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារឲ្យអាន អាលម៉ា ៤:៦–១៣ ហើយឲ្យនិយមន័យនៃពាក្យដូចជា « មើលងាយ », « បៀតបៀន » និង « មើលងាយ » ( ដោយប្រើវចនានុក្រម ប្រសិនបើចាំបាច់ ) ។ តើយើងមានអារម្មណ៍យ៉ាងណា នៅពេលមនុស្សបានប្រព្រឹត្តដាក់យើងរបៀបទាំងនេះ ? សូមអញ្ជើញកុមារឲ្យរកមើលពាក្យនៅក្នុង អាលម៉ា ១:២៦–៣០ ដែលពិពណ៌នាអំពីរបៀបដែលព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យពួកយើងប្រព្រឹត្តចំពោះគ្នា ។
-
សូមឲ្យកុមារអាន អាលម៉ា ១:២៧, ៣០ រួចធ្វើបញ្ជីមួយអំពីប្រភេទមនុស្សដែលសមាជិកសាសនាចក្របានជួយ ។ សូមអញ្ជើញកុមារឲ្យគិតអំពីមនុស្សនៅក្នុងសហគមន៍ ឬសាលារៀនរបស់គាត់ ដែលអាច « [ មាន ] ការខ្វះខាត » ( អាលម៉ា ១:៣០ ) នូវសេចក្តីស្រឡាញ់ និងជំនួយរបស់ពួកគេ ។ ដើម្បីពង្រឹងដល់គោលការណ៍នេះ សូមច្រៀងជាមួយគ្នានូវចម្រៀងមួយអំពីសេចក្តីសប្បុរស ដូចជាបទ « ខ្ញុំនឹងដើរជាមួយអ្នក » ( សៀវភៅចម្រៀងកុមារ ទំព័រ ៧៨–៧៩ ) ។
ទីបន្ទាល់របស់ខ្ញុំអាចពង្រឹងមនុស្សដទៃ ។
អាលម៉ាបានបោះបង់មុខងាររបស់លោកជាមេចៅក្រម ដើម្បីលោកអាចចំណាយពេលឲ្យច្រើនថែមទៀត ចែកចាយទីបន្ទាល់របស់លោក ហើយជួយមនុស្សឲ្យប្រែចិត្ត ។ គំរូរបស់លោកអាចបំផុសគំនិតកុមារឲ្យចែកចាយទីបន្ទាល់របស់ពួកគេឲ្យកាន់តែញឹកញាប់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន អាលម៉ា ៤:៨–១២, ១៥ ជាមួយកុមារ ហើយសូមពួកគេឲ្យស្វែងរកបញ្ហានានា ដែលបានកើតឡើងនៅក្នុងសាសនាចក្រ ដូចបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ ។ សូមអញ្ជើញកុមារឲ្យផ្តល់យោបល់មួយចំនួនអំពីអ្វី ដែលអាលម៉ាអាចធ្វើដើម្បីដោះស្រាយបញ្ហាទាំងនេះ ។ សូមជួយពួកគេឲ្យរកឃើញនៅក្នុង អាលម៉ា ៤:១៦–២០ នូវអ្វីដែលអាលម៉ាបានសម្រេចចិត្តធ្វើ ។ ហេតុអ្វីទីបន្ទាល់មានឥទ្ធិពលខ្លាំងម៉្លេះ ?
-
ដើម្បីជួយកុមារឲ្យយល់អំពីអត្ថន័យនៃទីបន្ទាល់ និងអ្វីដែលរួមបញ្ចូលក្នុងទីបន្ទាល់ សូមបង្ហាញវីដេអូ « Apostle Testimony Montage » ( គេហទំព័រ ChurchofJesusChrist.org ), ច្រៀងជាមួយគ្នានូវបទអំពីប្រធានបទនេះ ដូចជាបទ « ទីបន្ទាល់ » ( ទំនុកតម្កើង លេខ ៧៤ ) ឬប្រើប្រាស់ទំព័រសកម្មភាពសម្រាប់សប្តាហ៍នេះ ។ សូមឲ្យកុមារចែកចាយអ្វីដែលពួកគេបានរៀនអំពីទីបន្ទាល់មកពីធនធានទាំងនេះ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមជួយកុមារឲ្យគិតអំពីនរណាម្នាក់ ដែលពួកគេអាចចែកចាយទីបន្ទាល់របស់ពួកគេជាមួយនៅសប្តាហ៍ក្រោយ ។ សូមលើកទឹកចិត្តពួកគេឲ្យសរសេរផែនការមួយ ដើម្បីជួយពួកគេឲ្យសម្រេចគោលដៅទាំងនោះ ។