« ថ្ងៃទី ២៥–៣១ ខែ ឧសភា ។ ម៉ូសាយ ២៩–អាលម៉ា ៤ ៖ ‹ ពួកគេនៅតែមានចិត្តខ្ជាប់ខ្ជួន ហើយមុតមាំ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៥–៣១ ខែ ឧសភា ។ ម៉ូសាយ ២៩– អាលម៉ា ៤ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
អាលម៉ាជាកូនកំពុងផ្សព្វផ្សាយ ដោយ ហ្គែរី អិល ខាប
ថ្ងៃទី ២៥–៣១ ខែ ឧសភា
ម៉ូសាយ ២៩–អាលម៉ា ៤
« ពួកគេនៅតែមានចិត្តខ្ជាប់ខ្ជួន ហើយមុតមាំ »
ការអានព្រះគម្ពីរអញ្ជើញឲ្យមានវិវរណៈ ។ ចូរបើកចិត្តចំពោះសារលិខិតទាំងឡាយដែលព្រះអម្ចាស់សព្វព្រះទ័យប្រទានដល់បងប្អូន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
បងប្អូនមួយចំនួនអាចមើលឃើញសំណើរសុំរបស់ស្ដេចម៉ូសាយដើម្បីឲ្យដាក់មេចៅក្រមដែលបានរើសតាំងមកជំនួសស្ដេចវិញ ជាការផ្លាស់ប្ដូរទម្រង់ខាងនយោបាយដ៏ឆ្លាតវៃ ។ ប៉ុន្តែពួកសាសន៍នីហ្វៃ ជាពិសេសអស់អ្នកដែលរស់នៅក្រោមស្ដេចណូអេទុច្ចរិត ការផ្លាស់ប្ដូរនេះ មានសារៈសំខាន់ខាងវិញ្ញាណផងដែរ ។ ពួកគេបានឃើញពីរបៀបដែលស្ដេចទុច្ចរិតបានប្រព្រឹត្តបណ្ដាលឲ្យមាន « អំពើទុច្ចរិត » និង « ការបំផ្លិចបំផ្លាញធំ » នៅក្នុងចំណោមរាស្ត្ររបស់ទ្រង់ ( ម៉ូសាយ ២៩:១៧ ) ហើយពួកគេមាន « ចិត្តរសាប់រសល់ជាខ្លាំង » ដើម្បីមានសេរីភាពពីឥទ្ធិពលដូច្នេះ ។ ការផ្លាស់ប្ដូរនេះនឹងអនុញ្ញាតឲ្យពួកគេទទួលខុសត្រូវចំពោះសេចក្ដីសុចរិតផ្ទាល់ខ្លួន ហើយ « ទទួលខុសត្រូវចំពោះអំពើបាប [ របស់ខ្លួនពួកគេ ] ផ្ទាល់ » ( ម៉ូសាយ ២៩:៣៨ សូមមើលផងដែរ គ. និង ស. ១០១:៧៨ ) ។
ប្រាកដណាស់ នៅចុងបញ្ចប់នៃរជ្ជកាលរបស់ស្ដេចទាំងឡាយ ពុំមែនមានន័យថាជាចុងបញ្ចប់នៃបញ្ហាទាំងឡាយដែលមាននៅក្នុងសង្គមពួកសាសន៍នីហ្វៃនោះទេ ។ មនុស្សដែលមានឧបាយកលដូចជានីហូរ និងអាំលីសៃ បានណែនាំឲ្យមានគំនិតខុសឆ្គង អ្នកដែលពុំជឿបានធ្វើទុក្ខបៀតបៀនដល់ពួកបរិសុទ្ធ ហើយសមាជិកសាសនាចក្រជាច្រើនបានក្លាយជាមានភាពឆ្មើងឆ្មៃ ហើយបានធ្លាក់ចុះ ។ ប៉ុន្តែ « អ្នកដើរតាមព្រះដោយរាបសារ » បន្ដនៅ « ខ្ជាប់ខ្ជួនហើយមុតមាំ » ទោះជាមានរឿងអ្វីបានកើតឡើងនៅជុំវិញពួកគេក្ដី ( អាលម៉ា ១:២៥ ) ។ ហើយដោយសារតែការផ្លាស់ប្ដូរត្រូវបានស្ដេចម៉ូសាយបានតាំងឡើង នោះពួកគេអាច « បោះសំឡេងគេ » ដើម្បីជះឥទ្ធិពលទៅលើសង្គមរបស់ពួកគេសម្រាប់សេចក្ដីល្អ ( អាលម៉ា ២:៦ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ខ្ញុំអាចធ្វើជាឥទ្ធិពលវិជ្ជមានមួយនៅក្នុងសហគមន៍របស់ខ្ញុំ ។
ក្នុងរយៈពេលតែប្រាំឆ្នាំនៃរជ្ជកាលនៃពួកចៅក្រមប៉ុណ្ណោះ នោះបានកើតមានវិបត្តិមួយឡើង ដែលនឹងសាកល្បងដល់សេចក្ដីប្រកាសរបស់ម៉ូសាយថា ជាធម្មតា សំឡេងប្រជាជននឹងជ្រើសរើសអ្វីដែលត្រឹមត្រូវ ( សូមមើល ម៉ូសាយ ២៩:២៦ ) ។ បញ្ហានោះគឺជាប់ទាក់ទងនឹងសេរីភាពខាងសាសនា ៖ មានបុរសម្នាក់ឈ្មោះ អាំលីសៃ បានព្យាយាម « ធ្វើឲ្យបាត់បង់សិទ្ធិទាំងឡាយរបស់គេ [ ប្រជាជន ] និងឯកសិទ្ធិទាំងឡាយរបស់សាសនាចក្រ » ( អាលម៉ា ២:៤ ) ។ តើបងប្អូនបានកត់សម្គាល់ឃើញអំពីសិទ្ធិសាសនា ត្រូវបានគេគម្រាមគំហែងនៅក្នុងជាតិសាសន៍ ឬសហគមន៍របស់បងប្អូនឬទេ ? តើបងប្អូនរៀនអ្វីខ្លះមកពីរបៀបដែលពួកសាសន៍នីហ្វៃបានឆ្លើយតបចំពោះការគម្រាមគំហែងនេះ ? ( សូមមើល អាលម៉ា ២:១–៧ ) ។
វាទំនងជាមានបញ្ហាសំខាន់ៗជាច្រើនកំពុងប្រឈមមុខនៅក្នុងសហគមន៍របស់បងប្អូន ។ តើបងប្អូន ដូចជាពួកសាសន៍នីហ្វៃ អាចប្រាកដថាសំឡេងរបស់បងប្អូនត្រូវបានរាប់បញ្ចូលនៅក្នុង « សំឡេងប្រជាជន » យ៉ាងដូចម្ដេច ? ប្រហែលជាបងប្អូនរស់នៅក្នុងកន្លែងមួយដែលសំឡេងប្រជាជនមានឥទ្ធិពលដែលមានដែនកំណត់ទៅលើរដ្ឋាភិបាល បើសិនជាដូច្នោះមែន តើមានមធ្យោបាយណាផ្សេងទៀតដែលបងប្អូនអាចធ្វើជាឥទ្ធិពលវិជ្ជមានមួយនៅក្នុងសហគមន៍របស់បងប្អូនឬទេ ?
ខ្ញុំអាចទទួលស្គាល់ ហើយបដិសេធគោលលទ្ធិខុសឆ្គង ។
ទោះជានៅទីបំផុត នីហូរ បានសារភាពថា អ្វីដែលគាត់បានបង្រៀនខុសឆ្គងក្ដី ក៏ការបង្រៀនរបស់គាត់ បន្ដមានឥទ្ធិពលទៅលើពួកសាសន៍នីហ្វៃអស់ជាច្រើនឆ្នាំ ( សូមមើល អាលម៉ា ១:១៥–១៦; ២:១–២; ១៤:១៤–១៨; ១៥:១៥; ២១:៤; ២៤:២៨ ) ។ ហេតុអ្វីប្រជាជនមើលឃើញថា ការបង្រៀនរបស់នីហូរ មានការទាក់ទាញ ? នៅពេលបងប្អូនអាន អាលម៉ា ១:២–៤ សូមមើលបើសិនជាបងប្អូនអាចស្គាល់ភាពខុសឆ្គងនៅក្នុងការបង្រៀនរបស់នីហូរ បងប្អូននឹងប្រហែលជាកត់សម្គាល់ថា ពួកគេត្រូវបានបង្រៀនស្របទៅតាមសេចក្ដីពិតខ្លះៗ ។
គេឌាន បានទប់ទល់នឹងនីហូរ « ដោយព្រះបន្ទូលនៃព្រះ » ( អាលម៉ា ១:៧, ៩ ) ។ តើបងប្អូនអាចគិតអំពីបទគម្ពីរដែលបានឆ្លើយបដិសេធចំពោះភាពខុសឆ្គងរបស់នីហូរឬទេ ? នេះគឺជាឧទាហរណ៍មួយចំនួន ប៉ុន្តែមានបទគម្ពីរដទៃទៀតជាច្រើនផងដែរ ៖ ម៉ាថាយ ៧:២១–២៣; នីហ្វៃទី ២ ២៦:២៩–៣១; ម៉ូសាយ ១៨:២៤–២៦ និង ហេលេមិន ១២:២៥–២៦ ។ តើបទគម្ពីរទាំងនេះអាចជួយបងប្អូនបដិសេធចំពោះភាពខុសឆ្គងដែលបានបង្រៀននៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច ?
របៀបមួយ ទៀតសម្រាប់ការសិក្សារបស់បងប្អូនអំពី អាលម៉ា ១ គឺប្រៀបធៀបនីហូរ និងអ្នកដើរតាមគាត់ ( ខ ៣–៩, ១៦–២០ ) ជាមួយនឹង « រាស្ត្រនៃព្រះ » ( ខ ២៥–៣០ សូមមើលផងដែរ នីហ្វៃទី ២ ២៦:២៩–៣១ ) ។ តើបងប្អូនអាចប្រែក្លាយកាន់តែដូចជារាស្ត្រនៃព្រះយ៉ាងដូចម្ដេច ? តើបងប្អូនកត់សម្គាល់ឃើញ « ឧបាយកលផ្នែកសង្ឃ » ណាមួយនៅក្នុងការបម្រើផ្ទាល់ខ្លួនរបស់បងប្អូនឬទេ ?
ពួកសិស្សស្មោះត្រង់របស់ព្រះយេស៊ូវគ្រីស្ទ ពុំដាក់ចិត្តរបស់ពួកគេទៅលើទ្រព្យសម្បត្តិទេ ។
ជំពូក ១ និង ៤ នៃគម្ពីរអាលម៉ា បានពិពណ៌នាអំពីគ្រាទាំងឡាយដែលសាសនាចក្របានរីកចម្រើន ប៉ុន្តែសមាជិកសាសនាចក្របានឆ្លើយតបចំពោះភាពរីកចម្រើននោះខុសៗគ្នានៅក្នុងករណីនីមួយៗ ។ តើបងប្អូនកត់សម្គាល់ឃើញមានភាពខុសគ្នាអ្វីខ្លះ ? ផ្អែកទៅលើអ្វីដែលបងប្អូនរកឃើញ តើបងប្អូននឹងពិពណ៌នាអំពីអាកប្បកិរិយារបស់ « ពួកជនបន្ទាបខ្លួនដើរតាមព្រះ » ( អាលម៉ា ៤:១៥ ) បានមានចំពោះទ្រព្យសម្បត្តិ និងភាពចម្រុងចម្រើនយ៉ាងដូចម្ដេច ? តើបងប្អូនទទួលអារម្មណ៍បំផុសគំនិតឲ្យផ្លាស់ប្ដូរអ្វីខ្លះនៅក្នុងអាកប្បកិរិយារបស់បងប្អូនផ្ទាល់ ?
« បន្ទូលព្រះ » និង « ទីបន្ទាល់ពិត » អាចផ្លាស់ប្ដូរដួងចិត្ត ។
តើមានអ្វីខ្លះដែលធ្វើឲ្យអាលម៉ា « ព្រួយបារម្ភជាខ្លាំង » ( អាលម៉ា ៤:១៥ ) នៅក្នុង អាលម៉ា ៤ ? អ្នកខ្លះអាចនិយាយថា តំណែងជាមេចៅក្រមនឹងដាក់ អាលម៉ានៅក្នុងតំណែងមួយល្អបំផុតដើម្បីដោះស្រាយបញ្ហា ដែលគាត់បានមើលឃើញមាននៅក្នុងចំណោមប្រជាជនគាត់ ។ ប៉ុន្តែអាលម៉ា មានអារម្មណ៍ថាមានរបៀបមួយដែលល្អប្រសើរជាងនេះ ។ តើមានអ្វីខ្លះដែលបានធ្វើឲ្យបងប្អូនចាប់អារម្មណ៍អំពីរបៀបរបស់គាត់ក្នុងការជួយដល់ប្រជាជនរបស់គាត់នោះ ? ការសិក្សារបស់បងប្អូនអាចនឹងបំផុសគំនិតជាច្រើនអំពីរបៀបដែលបងប្អូនអាចធ្វើជាឥទ្ធិពលសុចរិតដល់អ្នកនៅជុំវិញបងប្អូន បើដូច្នោះ សូមធ្វើតាមគំនិតទាំងនោះ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
អាលម៉ា ១:១៩–២៥
គ្រួសាររបស់បងប្អូនអាចនឹងទទួលបានអត្ថប្រយោជន៍មកពីការស្គាល់របៀបផ្សេងៗដែលសមាជិកសាសនាចក្របានឆ្លើយតបចំពោះការបៀតបៀននៅក្នុងខគម្ពីរទាំងនេះ ។ ប្រហែលជាបងប្អូនអាចហាត់របៀបជាច្រើនដើម្បីឆ្លើយតបដោយត្រឹមត្រូវ នៅពេលអ្នកដទៃវាយប្រហារមកលើជំនឿរបស់យើង ។ វីដេអូមាននៅលើ ChurchofJesusChrist.org/religious–freedom/examples អាចជាជំនួយ ។
អាលម៉ា ៣:៤
តើមានសារលិខិតអ្វីខ្លះដែលពួកសាសន៍អាំលីសៃចង់ប្រាប់ នៅពេលពួកគេ « គូសគំនូសលើខ្លួនគេ » ? ( សូមមើល អាលម៉ា ៣:៤, ១៣ ) ។ តើមានសារលិខិតអ្វីខ្លះដែលយើងអាចបញ្ជូនទៅគេ— ទោះដោយចេតនា ឬអចេតនាក្ដី—តាមរយៈអាការៈខាងក្រៅរបស់យើង ? នេះអាចជាពេលដ៏ល្អមួយដើម្បីមើលត្រង់ចំណុច « សម្លៀកបំពាក់ និងការតុបតែងខ្លួន » នៅក្នុងសៀវភៅ ដើម្បីកម្លាំងនៃយុវជន ទំព័រ ៦–៨ ( ឆ្នាំ ២០១១ ) ។
អាលម៉ា ៤:២–៣
តើមានរឿង ឬបទពិសោធន៍អ្វីខ្លះដែលបាន « ដាស់ [ យើង ] ឲ្យភ្ញាក់ឡើង ដោយនឹកឃើញដល់ភារកិច្ចរបស់ [ យើង ] » ចំពោះព្រះ ? ( អាលម៉ា ៤:៣ ) ។ ប្រហែលជាវានឹងមានប្រសិទ្ធភាពដើម្បីចែកចាយខគម្ពីរទាំងនេះបន្ទាប់ពីការដាស់គ្រួសាររបស់បងប្អូនឲ្យក្រោកពីដំណេកនៅពេលព្រឹក ។ បន្ទាប់មកបងប្អូនអាចពិភាក្សាអំពីការលំបាកនៃការភ្ញាក់ឡើងខាងរាងកាយ ដើម្បីជួយយើងយល់អំពីការលំបាកនៃការភ្ញាក់ឡើងខាងវិញ្ញាណ ។
អាលម៉ា ៤:១០–១១
តើយើងអាចចៀសវាងពីការធ្វើជា « ការជំពប់មួយដ៏ធំដល់ពួកអ្នកដែល [ ពុំ ] នៅក្នុងសាសនាចក្រ » យ៉ាងដូចម្ដេច ? ( អាលម៉ា ៤:១០ ) ។ វាក៏អាចមានប្រយោជន៍ផងដែរដើម្បីពិភាក្សាអំពីរបៀបដែលយើងអាចមើលឲ្យប្រាកដថាសកម្មភាពរបស់អ្នកដទៃ ជាពិសេសបងប្អូនសមាជិកសាសនាចក្រ ពុំក្លាយជាការជំពប់ចំពោះការរីកចម្រើនខាងវិញ្ញាណរបស់យើង ។
អាលម៉ា ៤:១៩
ដើម្បីជួយគ្រួសាររបស់បងប្អូនយល់អំពីអំណាចនៃទីបន្ទាល់ បងប្អូនអាចសុំឲ្យពួកគេគិតអំពីគ្រាមួយ ពេលគេស្ដាប់ឮទីបន្ទាល់របស់នរណាម្នាក់មានឥទ្ធិពលមកលើពួកគេយ៉ាងខ្លាំងនោះ ។ ហេតុអ្វីក៏អាលម៉ាបានជ្រើសរើសយកការប្រើទីបន្ទាល់ និងព្រះបន្ទូលនៃព្រះទៅមានឥទ្ធិពលលើដួងចិត្តរបស់ប្រជាជនដូច្នេះ ? ( សូមមើលផងដែរ គ. និង ស. ៣១:៥ ) ។ ហេតុអ្វីក៏រឿងនេះមានប្រសិទ្ធភាពជាងវិធីសាស្ត្រដទៃទៀត ដែលមនុស្សអាចប្រើដើម្បីបញ្ចុះបញ្ចូលអ្នកដទៃឲ្យផ្លាស់ប្ដូរ ? តើមានមនុស្សដែលយើងអាចពង្រឹងជំនឿរបស់ពួកគេ តាមរយៈការចែកចាយទីបន្ទាល់របស់យើងដែរឬទេ ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ការកែលម្អដល់ការសិក្សាផ្ទាល់ខ្លួន
ការប្រៀបប្រដូចបទគម្ពីរទៅនឹងខ្លួនបងប្អូន ចូរពិចារណាអំពីរបៀបដែលរឿង និងការបង្រៀនក្នុងបទគម្ពីរទាំងឡាយអនុវត្តក្នុងជីវិតបងប្អូន ។ ឧទាហរណ៍ បងប្អូនអាចរកឃើញភាពស្របគ្នារវាងពិភពលោកសព្វថ្ងៃ និងបញ្ហាក្នុងសង្គម ដែលពួកសាសន៍នីហ្វៃបានប្រឈមមុខនៅក្នុង អាលម៉ា ១–៤ ។
អាលម៉ា និងអាំលីសៃ, ដោយ ស្កត អិម. ស្នូ