« ថ្ងៃទី ៤–១០ ខែ ឧសភា ។ ម៉ូសាយ ១១–១៧ ៖ ‹ ពន្លឺមួយ…ដែលពុំអាចធ្វើឲ្យងងឹតបាន › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៤–១០ ខែ ឧសភា ។ ម៉ូសាយ ១១–១៧ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
ថ្ងៃទី ៤–១០ ខែ ឧសភា ។
ម៉ូសាយ ១១–១៧
« ពន្លឺមួយ…ដែលពុំអាចធ្វើឲ្យងងឹតបាន »
សម្ដីរបស់អ័ប៊ីណាដៃបានបណ្ដាលឲ្យមានការផ្លាស់ប្ដូរដ៏ធំនៅក្នុងចិត្ត យ៉ាងហោចណាស់ ចំពោះសមាជិកម្នាក់នៅក្នុងតុលាការរបស់ស្ដេចណូអេ ( សូមមើល ម៉ូសាយ ១៧:២–៤ ) ។ សូមអាន ម៉ូសាយ ១១–១៧ ដោយមានការអធិស្ឋាននៅក្នុងដួងចិត្តរបស់បងប្អូនថា បងប្អូននឹងទទួលបានការចំណាប់អារម្មណ៍អំពីរបៀបដើម្បីបងប្អូនអាចផ្លាស់ប្ដូរ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ភ្លើងដ៏សន្ធោរសន្ធៅអាចចាប់ផ្ដើមមកពីផ្កាភ្លើងដ៏តូចមួយ ។ អ័ប៊ីណាដៃគឺជាមនុស្សតែម្នាក់គត់ដែលថ្លែងទីបន្ទាល់ទាស់នឹងស្ដេចដ៏មានអំណាច និងតុលាការរបស់ទ្រង់ ។ សម្ដីរបស់គាត់ត្រូវបានបដិសេធស្ទើរតែទាំងអស់ ហើយគាត់ត្រូវបានកាត់ទោសដល់ស្លាប់ ។ ប៉ុន្តែទីបន្ទាល់របស់គាត់អំពីព្រះយេស៊ូវគ្រីស្ទ ដែលជា « ពន្លឺមួយ…ដែលពុំអាចធ្វើឲ្យងងឹតបាន » ( ម៉ូសាយ ១៦:៩ ) បានបង្កើតជាផ្កាភ្លើងនៅក្នុងខ្លួនរបស់សង្ឃអាលម៉ាវ័យក្មេង ។ ហើយផ្កាភ្លើងនៃការផ្លាស់ប្រែចិត្តជឿនោះបានរីកចម្រើនឡើងបន្ដិចម្ដងៗ នៅពេលអាលម៉ាបាននាំមនុស្សជាច្រើនឲ្យប្រែចិត្ត និងមានជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ អណ្ដាតភ្លើងដ៏សន្ធោរសន្ធៅដែលបានសំឡាប់អ័ប៊ីណាដៃ ត្រូវបានរលត់ទៅនៅទីបំផុត ប៉ុន្តែភ្លើងនៃសេចក្ដីជំនឿ ដែលពាក្យសម្ដីរបស់គាត់បានបង្កើតឡើង នឹងមានឥទ្ធិពលជារៀងរហូតទៅលើពួកសាសន៍នីហ្វៃ— និងអ្នកទាំងឡាយដែលអានសម្ដីរបស់គាត់សព្វថ្ងៃនេះ ។ ពួកយើងភាគច្រើននឹងពុំជួបនឹងអ្វីដែលអ័ប៊ីណាដៃបានជួប ដោយសារតែទីបន្ទាល់របស់យើងនោះទេ ប៉ុន្តែយើងទាំងអស់គ្នាមានគ្រាទាំងឡាយដែលការដើរតាមព្រះយេស៊ូវគ្រីស្ទ គឺជាការសាកល្បងមួយអំពីសេចក្ដីក្លាហាន និងជំនឿរបស់យើង ។ ប្រហែលជាការសិក្សាអំពីទីបន្ទាល់របស់អ័ប៊ីណាដៃនឹងផ្លុំអណ្ដាតភ្លើងនៃទីបន្ទាល់ និងភាពក្លាហានឲ្យឆេះឡើងនៅក្នុងដួងចិត្តរបស់បងប្អូនផងដែរ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ខ្ញុំអាចឈរសម្រាប់សេចក្ដីពិត ទោះជាខ្ញុំឈរនៅតែឯងក្ដី ។
សូមនឹកស្រមៃថាតើវាបាក់ទឹកចិត្តយ៉ាងណាសម្រាប់អ័ប៊ីណាដៃ ដែលត្រូវអំពាវនាវអំពីការប្រែចិត្តទៅកាន់ប្រជាជនដែលហាក់ដូចជាពុំចាប់អារម្មណ៍ទាល់តែសោះទៅលើការផ្លាស់ប្ដូររបៀបទុច្ចរិតរបស់ពួកគេនោះ ។ សារលិខិតរបស់គាត់ត្រូវបានគេបដិសេធម្ដងហើយម្ដងទៀត ។ ប៉ុន្តែអ័ប៊ីណាដៃពុំបានចុះចាញ់ឡើយ ។
តើនៅពេលណាដែលបងប្អូនមានអារម្មណ៍ដូចជាបងប្អូនឈរនៅតែឯងនៅក្នុងការការពារសេចក្ដីពិត ? នៅពេលបងប្អូនអាន ម៉ូសាយ ១១–១៣ និង ១៧ តើបងប្អូនរៀនអ្វីខ្លះដែលអាចជួយបងប្អូនត្រៀមខ្លួន នៅពេលព្រះអម្ចាស់ត្រូវការបងប្អូនឲ្យក្រោកឈរឡើងដើម្បីដំណឹងល្អរបស់ទ្រង់ ? តើមានគោលការណ៍ដទៃទៀតអ្វីខ្លះដែលបងប្អូនរៀនមកពីគំរូរបស់អ័ប៊ីណាដៃ ?
ខ្ញុំចាំបាច់ត្រូវតាំងចិត្តរៀនឲ្យយល់ព្រះបន្ទូលរបស់ព្រះ ។
ពួកសង្ឃរបស់ស្ដេចណូអេ បានស្គាល់ព្រះបន្ទូលនៃព្រះ—ពួកគេអាចដកស្រង់សារលិខិតមកពីព្រះគម្ពីរ ហើយបានអះអាងថាបង្រៀនបទបញ្ញត្តិទាំងឡាយ ។ ប៉ុន្តែបទបញ្ញត្តិទាំងនោះ « ពុំទាន់បានសរសេរទុកនៅក្នុងបេះដូង [ របស់ពួកគេ ] នៅឡើយទេ » ហើយពួកគេពុំបាន « តាំងចិត្ត [ ពួកគេ ] រៀនឲ្យយល់ » នោះដែរ ( ម៉ូសាយ ១៣:១១, ១២:២៧ ) ។ ជាលទ្ធផល គឺជីវិតរបស់ពួកគេបន្ដរស់នៅដោយពុំមានការផ្លាស់ប្ដូរឡើយ ។
នៅពេលបងប្អូនអាន ម៉ូសាយ ១២:១៩–៣០ សូមពិចារណាអំពីអត្ថន័យដើម្បីតាំងចិត្តរបស់បងប្អូនរៀនឲ្យបានយល់ព្រះបន្ទូលរបស់ព្រះ ។ តើរឿងនេះបំផុសគំនិតបងប្អូនឲ្យធ្វើការផ្លាស់ប្ដូររបៀបដែលបងប្អូនរៀនដំណឹងល្អដែរឬទេ ?
ព្រះអម្ចាស់នឹងគាំទ្រដល់ពួកអ្នកបម្រើរបស់ទ្រង់នៅក្នុងកិច្ចការរបស់ទ្រង់ ។
នៅដៃម្ខាងម្យ៉ាងវិញទៀត បទពិសោធន៍របស់អ័ប៊ីណាដៃផ្ដល់ ជាឧទាហរណ៍ជាច្រើនអំពីរបៀបដែលព្រះអម្ចាស់គាំទ្រដល់ពួកអ្នកបម្រើទ្រង់—បងប្អូនអាចរកបានឧទាហរណ៍ជាច្រើននោះនៅក្នុង ម៉ូសាយ ១៣:១–៩ ។ នៅដៃម្ខាងទៀត ព្រះអម្ចាស់ក៏អនុញ្ញាតឲ្យអ័ប៊ីណាដៃត្រូវបានគេធ្វើទុក្ខបៀតបៀន ចាប់ដាក់គុគ ហើយត្រូវបានគេសំឡាប់ដោយសារតែទីបន្ទាល់របស់គាត់ ។ តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះដែលបង្ហាញថា អ័ប៊ីណាដៃបានទុកចិត្តទៅលើព្រះអម្ចាស់ ? តើគំរូរបស់អ័ប៊ីណាដៃជះឥទ្ធិពលទៅលើរបៀបដែលបងប្អូនមើលទៅលើការហៅបម្រើ និងការទទួលខុសត្រូវទាំងឡាយយ៉ាងដូចម្ដេច ?
ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខដើម្បីខ្ញុំ ។
ស្ដេចណូអេ និងពួកសង្ឃរបស់ទ្រង់បានជឿថា សេចក្ដីសង្គ្រោះកើតមានឡើងតាមរយៈក្រឹត្យវិន័យរបស់លោកម៉ូសេ ។ អ័ប៊ីណាដៃចង់ឲ្យពួកគេដឹងថា សេចក្ដីសង្គ្រោះកើតមានឡើងតាមរយៈព្រះម៊ែស៊ី គឺព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុង ម៉ូសាយ ១៤–១៥ សូមកត់ចំណាំពាក្យ និងឃ្លាទាំងឡាយដែលពិពណ៌នាអំពីព្រះអង្គសង្គ្រោះ និងអ្វីដែលទ្រង់បានរងទុក្ខសម្រាប់បងប្អូន ។ តើមានខគម្ពីរអ្វីខ្លះដែលជួយធ្វើឲ្យបងប្អូនមានសេចក្ដីស្រឡាញ់ និងការដឹងគុណកាន់តែខ្លាំងចំពោះទ្រង់ ?
តើព្រះយេស៊ូវគ្រីស្ទ ជាព្រះវរបិតាផង និងជាព្រះរាជបុត្រាផងតាមរបៀបណា ?
វគ្គបទគម្ពីរទាំងនេះ ពេលខ្លះមានភាពច្របូកច្របល់ ដោយសារតែវាអាចមើលទៅហាក់ដូចជា អ័ប៊ីណាដៃ កំពុងបង្រៀនថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ គឺជាតួអង្គតែមួយ ប៉ុន្តែយើងដឹងថា ពួកទ្រង់មានតួអង្គដាច់ដោយឡែកពីគ្នា ។ តើអ័ប៊ីណាដៃចង់មានន័យយ៉ាងណា ? គាត់បានបង្រៀនថា ព្រះ ជាព្រះរាជបុត្រា—ព្រះយេហូវ៉ា— នឹងជាព្រះប្រោសលោះ ( សូមមើល ម៉ូសាយ ១៥:១ ) គង់នៅក្នុងសាច់ឈាម ក្លាយជាមនុស្សសាច់ឈាម និងជាព្រះ ( ខ ២–៣ ) ។ ទ្រង់ដាក់ព្រះអង្គទ្រង់ទាំងស្រុងនៅក្រោមព្រះហឬទ័យរបស់ព្រះ ជាព្រះវរបិតា ( ខ ៥–៩ ) ។ ដោយសារតែរឿងនេះ ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះផង និងជាតំណាងដ៏ឥតខ្ចោះរបស់ព្រះជាព្រះវរបិតាផង ( សូមមើល យ៉ូហាន ១៤:៦–១០ ) ។
អ័ប៊ីណាដៃបានបន្ដដោយពន្យល់ថា ព្រះយេស៊ូវគ្រីស្ទក៏ជាព្រះវរបិតា ក្នុងន័យថា នៅពេលយើងទទួលយកការប្រោសលោះរបស់ទ្រង់ នោះយើងក្លាយទៅជា « ពូជរបស់ទ្រង់ » ( ម៉ូសាយ ១៥:១១–១២ ) ។ ជាពាក្យម្យ៉ាងទៀតថា យើងប្រែជាបានកើតជាថ្មីខាងវិញ្ញាណតាមរយៈទ្រង់ ( សូមមើល ម៉ូសាយ ៥:៧ ) ។
សូមមើលផងដែរ យ៉ូហាន ៥:២៥–២៧; ៨:២៨–២៩; ១៧:២០–២៣; « The Father and the Son » Ensign ខែ មេសា ឆ្នាំ ២០០២ ទំព័រ ១២–១៨ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
ម៉ូសាយ ១១–១៣; ១៧
អ័ប៊ីណាដៃ និងអាលម៉ា គឺជាគំរូដ៏បំផុសគំនិតនៃការបន្ដនៅភក្ដីភាពចំពោះសេចក្ដីពិត ទោះជានៅពេលធ្វើដូច្នោះពុំមានប្រជាប្រិយភាពក្ដី ។ សមាជិកគ្រួសាររបស់បងប្អូនអាចនឹងជួបសម្ពាធក្នុងសង្គមឲ្យបន្ទាបបទដ្ឋានរបស់ពួកគេ ។ តើពួកគេអាចរៀនអ្វីខ្លះមកពីអ័ប៊ីណាដៃ និងអាលម៉ា អំពីការឈរដើម្បីសេចក្ដីពិត ? រូបភាពដែលអមមកជាមួយនឹងមេរៀននេះ អាចជួយគ្រួសារបងប្អូនមើលឃើញពីដំណើររឿង ។ បន្ទាប់ពីការសិក្សាជំពូកទាំងនេះ សូមពិចារណាធ្វើការសម្ដែងពីស្ថានភាពជីវិតពិត ដើម្បីសមាជិកគ្រួសាររបស់បងប្អូនអាចហាត់ឆ្លើយតបទៅនឹងសម្ពាធឲ្យបន្ទាបបទដ្ឋានរបស់ពួកគេ ។ ឬបងប្អូនអាចចែកចាយបទពិសោធន៍ដែលបងប្អូនបានឈរដើម្បីសេចក្ដីពិតជាមួយគ្នាទៅវិញទៅមក ។
ម៉ូសាយ ១២:៣៣–៣៧; ១៣:១១–២៤
តើការដែលមានបទបញ្ញត្តិ « សរសេរទុកនៅក្នុងបេះដូង [ របស់យើង ] » មានន័យដូចម្តេចដែរ ? ( ម៉ូសាយ ១៣:១១ ) ។ ប្រហែលជាបងប្អូនអាចសរសេរគំនិតមួយចំនួន ( ឬគូររូបក្នុងគំនិតរបស់បងប្អូន ) នៅលើក្រដាសរាងរូបបេះដូងដ៏ធំមួយ ។ ហេតុអ្វីបទបញ្ញត្តិទាំងឡាយមានតម្លៃចំពោះយើង ? តើយើងអាចសរសេរវាទុកក្នុងចិត្តរបស់យើងដោយរបៀបណា ?
ម៉ូសាយ ១៤
នៅក្នុងជំពូកនេះ បងប្អូននឹងរកឃើញពាក្យ និងឃ្លាជាច្រើនដែលពិពណ៌នាអំពីព្រះយេស៊ូវគ្រីស្ទ ។ ប្រហែលជាគ្រួសារបងប្អូនអាចកត់ត្រាវានៅពេលបងប្អូនរកឃើញវា ។ តើសមាជិកគ្រួសារមានអារម្មណ៍យ៉ាងដូចម្ដេចអំពីព្រះអង្គសង្គ្រោះ នៅពេលយើងសិក្សាពាក្យ និងឃ្លាទាំងនេះ ?
ម៉ូសាយ ១៥:២៦–២៧; ១៦:១–១៣
ខគម្ពីរទាំងនេះពិពណ៌នាអំពីអ្វីដែលនឹងកើតឡើងចំពោះកូនចៅរបស់ព្រះ បើព្រះយេស៊ូវ « ពុំបានយាងមកឯលោកិយទេ » នោះ ( ម៉ូសាយ ១៦:៦ ) ឬបើពួកគេពុំធ្វើតាមទ្រង់ទេនោះ ។ តើមានរឿងល្អៗអ្វីខ្លះបានកើតមានឡើង ដោយសារតែទ្រង់បានយាងមក ហើយបានធ្វើដង្វាយធួនសម្រាប់យើង ? សូមមើលផងដែរ វីដេអូ « Why We Need a Savior » ( ChurchofJesusChrist.org ) ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។