« ថ្ងៃទី ១៨–២៤ ខែ ឧសភា ។ ម៉ូសាយ ២៥–២៨ ៖ ‹ ពួកគេត្រូវបានហៅថារាស្ត្រនៃព្រះ ›» ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៨–២៤ ខែ ឧសភា ។ ម៉ូសាយ ២៥–២៨ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
ថ្ងៃទី ១៨–២៤ ខែ ឧសភា
ម៉ូសាយ ២៥–២៨
« ពួកគេត្រូវបានហៅថារាស្ត្រនៃព្រះ »
បន្ទាប់ពី « សំឡេងរបស់ព្រះអម្ចាស់បានបន្លឺមកកាន់ [ អាលម៉ា ] » គាត់បានកត់ត្រាទុកនូវរឿងដែលព្រះអម្ចាស់បានមានបន្ទូលប្រាប់ដល់គាត់ « សម្រាប់ខ្លួនគាត់ » ( ម៉ូសាយ ២៦:១៣, ៣៣ ) ។ តើបងប្អូននឹងធ្វើតាមគំរូរបស់អាលម៉ាយ៉ាងដូចម្ដេច ?
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
បន្ទាប់ពីរយៈពេលជិតបីជំនាន់នៃការរស់នៅលើទឹកដីផ្សេងៗគ្នា ពួកសាសន៍នីហ្វៃបានក្លាយជាប្រជាជនតែមួយជាថ្មីម្ដងទៀត ។ ប្រជាជនរបស់លិមហៃ ប្រជាជនរបស់អាលម៉ា និងប្រជាជនរបស់ម៉ូសាយ —សូម្បីតែប្រជាជនសារ៉ាហិមឡា ដែលពុំមែនជាកូនចៅមកពីនីហ្វៃក្ដី— ឥឡូវទាំងអស់គ្នា « ត្រូវបានរាប់ជាមួយនឹងពួកសាសន៍នីហ្វៃ » ( ម៉ូសាយ ២៥:១៣ ) ។ ពួកគេជាច្រើននាក់ក៏ចង់ក្លាយជាសមាជិកនៃសាសនាចក្រដែលអាលម៉ាបានស្ថាបនាឡើងផងដែរ ។ ដូច្នេះអ្នកទាំងឡាយណា « ដែលមានបំណងចង់លើកយកព្រះនាមព្រះគ្រីស្ទមកដាក់លើខ្លួន » ត្រូវបានទទួលពិធីបុណ្យជ្រមុជទឹក « ហើយពួកគេត្រូវបានហៅថា រាស្ត្រនៃព្រះ » ( ម៉ូសាយ ២៥:២៣–២៤ ) ។ បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំនៃជម្លោះ និងសេវកភាព វាហាក់ដូចជា ពួកសាសន៍នីហ្វៃនឹងមានគ្រានៃភាពសុខសាន្ដដ៏រីករាយមួយនៅទីបំផុត ។
ប៉ុន្តែមិនយូរប៉ុន្មាន ពួកអ្នកមិនជឿបានចាប់ផ្ដើមធ្វើទុក្ខបៀតបៀនដល់ពួកបរិសុទ្ធ ។ អ្វីដែលធ្វើឲ្យកាន់តែឈឺចាប់ជាពិសេសនោះគឺថា ពួកអ្នកពុំជឿទាំងនេះជាច្រើនរូបគឺជាកូនចៅបង្កើតរបស់ពួកអ្នកជឿ —ជា « ជំនាន់ដែលកំពុងពេញវ័យ » ( ម៉ូសាយ ២៦:១ ) រួមទាំងបុត្រារបស់ស្ដេចម៉ូសាយ និងកូនប្រុសម្នាក់របស់អាលម៉ា ។ បន្ទាប់មកក៏មានអព្ភូតហេតុមួយបានកើតឡើង ហើយដំណើររឿងអំពីអព្ភូតហេតុនោះ បានផ្ដល់សេចក្ដីសង្ឃឹមដល់ឪពុកម្ដាយដែលមានការរងទុក្ខចំពោះមនុស្សជំនាន់ក្រោយរបស់ពួកគេ ។ ប៉ុន្ដែរឿងនៃការប្រែចិត្តជឿរបស់អាលម៉ា គឺពុំគ្រាន់តែសម្រាប់ឪពុកម្ដាយដែលមានកូនដើរវង្វេងផ្លូវប៉ុណ្ណោះទេ ។ ការប្រែចិត្តជឿពិតគឺជាអព្ភូហេតុមួយដែលចាំបាច់ត្រូវកើតមានឡើងចំពោះយើងគ្រប់គ្នា ទោះតាមរបៀបណាក៏ដោយ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ខ្ញុំមានទំនួលខុសត្រូវចំពោះសេចក្ដីជំនឿ និងទីបន្ទាល់ផ្ទាល់ខ្លួនរបស់ខ្ញុំ ។
អ្នកដែលស្ដាប់ឮទេសនកថារបស់ស្ដេចបេនយ៉ាមីន ជួបបទពិសោធន៍នៃការប្រែចិត្តជឿដ៏អស្ចារ្យមួយ ( សូមមើល ម៉ូសាយ ៥:១–៧ ) ប៉ុន្តែការប្រែចិត្តជឿគឺជាបទពិសោធន៍ផ្ទាល់ខ្លួនមួយដែលពុំអាចចែកបន្ដដូចជាមរតកទៅកាន់កូនចៅបាននោះទេ ។ យើងទាំងអស់គ្នាត្រូវតែទទួលបទពិសោធន៍ការប្រែចិត្តជឿដោយខ្លួនយើងផ្ទាល់ចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ នៅពេលបងប្អូនអាននៅក្នុង ម៉ូសាយ ២៦:១–៦ អំពី « ជំនាន់ដែលកំពុងពេញវ័យ » នៃពួកសាសន៍នីហ្វៃដែលពុំជឿ សូមកត់ចំណាំលទ្ធផលនៃការមិនជឿរបស់ពួកគេ ។ បងប្អូនអាចនឹងគិតផងដែរអំពីប្រជាជនដែលបងប្អូនប្រាថ្នាថាចង់នាំពួកគេមករកព្រះគ្រីស្ទ ។ ខណៈដែលបងប្អូនមិនអាចផ្ដល់នូវការប្រែចិត្តជឿរបស់បងប្អូនទៅឲ្យពួកគេបាន នោះព្រះវិញ្ញាណអាចខ្សឹបប្រាប់រឿងទាំងឡាយដែលបងប្អូន អាច ធ្វើដើម្បីជួយពួកគេរកបានសេចក្ដីជំនឿ ។ នៅពេលបងប្អូនអាននៅក្នុង ម៉ូសាយ ២៥–២៨ អំពីរបៀបដែលអាលម៉ា និងសមាជិកសាសនាចក្រដទៃទៀតបានជួយដល់ជំនាន់ដែលកំពុងពេញវ័យ នោះគំនិតបន្ថែមអាចនឹងកើតមានមកដល់បងប្អូន ។
សូមមើលផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:២៥–២៩ ។
ពួកអ្នកបម្រើស្មោះត្រង់របស់ព្រះព្យាយាមធ្វើតាមព្រះទ័យរបស់ទ្រង់ ។
ពេលខ្លះយើងអាចគិតថា អ្នកដឹកនាំសាសនាចក្រម្នាក់ដូចជាអាលម៉ា តែងតែដឹងនូវរឿងត្រឹមត្រូវដែលត្រូវធ្វើ ។ នៅក្នុង ម៉ូសាយ ២៦ យើងអានអំពីបញ្ហាមួយនៅក្នុងសាសនាចក្រដែលអាលម៉ាពុំធ្លាប់ជួប ហើយ « គាត់ខ្លាចក្លែងធ្វើខុសនៅចំពោះព្រះនេត្រព្រះ » ( ម៉ូសាយ ២៦:១៣ ) ។ តើអាលម៉ាបានធ្វើអ្វីខ្លះនៅក្នុងស្ថានភាពនេះ ? ( សូមមើល ម៉ូសាយ ២៦:១៣–១៤, ៣៣–៣៤, ៣៨–៣៩) ។ តើបទពិសោធន៍របស់អាលម៉ាផ្ដល់ជាយោបល់អ្វីខ្លះអំពី របៀបដែលបងប្អូនអាចដោះស្រាយបញ្ហាលំបាកក្នុងគ្រួសារបងប្អូន ឬក្នុងការបម្រើក្នុងសាសនាចក្ររបស់បងប្អូន ?
វាក៏អាចជារឿងគួរឲ្យចាប់អារម្មណ៍ផងដែរ ដើម្បីធ្វើបញ្ជីនៃសេចក្ដីពិតដែលព្រះបានបើកសម្ដែងចំពោះអាលម៉ា ដែលមាននៅក្នុង ម៉ូសាយ ២៦:១៥–៣២ ។ សូមកត់សម្គាល់ថា សេចក្ដីពិតមួយចំនួនទាំងនេះ ពុំមែនជាចម្លើយចំៗទៅនឹងសំណួររបស់អាលម៉ានោះទេ ។ តើរឿងនេះផ្ដល់ជាយោបល់អ្វីខ្លះដល់បងប្អូនអំពីការអធិស្ឋាន និងការទទួលវិវរណៈផ្ទាល់ខ្លួន ?
បុរសស្ត្រីគ្រប់រូបត្រូវតែបានកើតជាថ្មីម្ដងទៀត ។
វាបង្ហាញយ៉ាងច្បាស់ថា អាលម៉ាជាកូន ចាំបាច់ត្រូវកើតសារជាថ្មីខាងវិញ្ញាណ ដ្បិតគាត់ និងបុត្រារបស់ស្ដេចម៉ូសាយ គឺជា « មនុស្សអាក្រក់បំផុតក្នុងចំណោមមនុស្សដែលមានបាបទាំងឡាយ » ដែលបានចេញទៅស្វែងរក « កម្ទេចសាសនាចក្រនៃព្រះ » ( ម៉ូសាយ ២៨:៤, ២៧:១០ ) ។ ប៉ុន្តែមិនយូរប៉ុន្មានបន្ទាប់ពីការប្រែចិត្តជឿរបស់គាត់ អាលម៉ាបានថ្លែងទីបន្ទាល់ថា ការប្រែចិត្តជឿ គឺមាន —ហើយចាំបាច់— សម្រាប់មនុស្សគ្រប់រូប ៖ គាត់និយាយថា « ចូរកុំស្ញប់ស្ញែង ថា មនុស្សលោកទាំងអស់ …ត្រូវតែកើតម្ដងទៀតឡើយ » ( ម៉ូសាយ ២៧:២៥ បន្ថែមអក្សរទ្រេត ) ។ ប្រាកដណាស់ គឺរួមមានទាំងបងប្អូនផងដែរ ។
នៅពេលបងប្អូនអានអំពីបទពិសោធន៍របស់អាលម៉ា ដែលមាននៅក្នុង ម៉ូសាយ ២៧:៨–៣៧ បងប្អូនអាចព្យាយាមដាក់ខ្លួនឯងថាជាគាត់ ។ បងប្អូនពុំមែនកំពុងតែព្យាយាមបំផ្លាញសាសនាចក្រនោះទេ ប៉ុន្តែបងប្អូនអាចគិតអំពីរឿងដែលបងប្អូនផ្ទាល់ចាំបាច់ត្រូវផ្លាស់ប្ដូរ ។ តើនរណា ដូចជាឪពុករបស់អាលម៉ា ដែលកំពុងតែគាំទ្រដល់បងប្អូន ហើយកំពុងតែអធិស្ឋានសម្រាប់បងប្អូន « ដោយសេចក្ដីជំនឿដ៏ច្រើននោះ » ? តើមានបទពិសោធន៍អ្វីខ្លះបានជួយ « បរិវត្ត [ បងប្អូន ] អំពីព្រះចេស្ដា និងសិទ្ធិអំណាចនៃព្រះ »? (ម៉ូសាយ ២៧:១៤) ។ តើ « ការណ៍ដ៏ធំក្រៃលែង » ដែលព្រះអម្ចាស់បានធ្វើសម្រាប់បងប្អូន ឬគ្រួសារបងប្អូន ដែលបងប្អូនគួរតែ « ចងចាំ » មានអ្វីខ្លះ? (ម៉ូសាយ ២៧:១៦) ។ តើបងប្អូនរៀនអ្វីខ្លះមកពីពាក្យសម្ដី និងសកម្មភាពរបស់អាលម៉ាជាកូន អំពីអត្ថន័យដើម្បីត្រូវបានកើតជាថ្មី ? សំណួរទាំងនេះ អាចជួយបងប្អូនវាយតម្លៃអំពីការរីកចម្រើនរបស់បងប្អូននៅក្នុងដំណើរការនៃការកើតជាថ្មីម្ដងទៀត ។
សូមមើលផងដែរ ម៉ូសាយ ៥:៦–៩, អាលម៉ា ៣៦; « ការប្រែចិត្តជឿ » ( ប្រធានបទដំណឹងល្អ topics.ChurchofJesusChrist.org ) ។
ព្រះស្ដាប់ឮការអធិស្ឋានរបស់ខ្ញុំ ហើយនឹងឆ្លើយការអធិស្ឋានស្របតាមព្រះទ័យរបស់ទ្រង់ ។
ប្រហែលជាបងប្អូនស្គាល់អំពីឪពុក ឬម្ដាយ ដែលស្ថិតនៅក្នុងស្ថានភាពរបស់អាលម៉ាជាឪពុក ដែលមានកូនប្រុស ឬកូនស្រី កំពុងធ្វើការជ្រើសរើសប្រកបដោយភាពបំផ្លិចបំផ្លាញ ។ ឬប្រហែលជាបងប្អូនស្ថិតក្នុងស្ថានភាពនោះ ។ តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុង ម៉ូសាយ ២៧:១៤, ១៩–២៤ ដែលផ្ដល់សេចក្ដីសង្ឃឹមដល់បងប្អូន ? តើខគម្ពីរទាំងនេះអាចមានឥទ្ធិពលមកលើការអធិស្ឋានរបស់បងប្អូនជំនួសឲ្យអ្នកដទៃយ៉ាងដូចម្ដេច ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
ម៉ូសាយ ២៥:៥–១១
តើប្រជាជនរបស់ម៉ូសាយមានអារម្មណ៍យ៉ាងដូចម្ដេច បន្ទាប់ពីទ្រង់អានដល់ពួកគេអំពីកំណត់ត្រារបស់ប្រជាជនស៊ីនីព្វ និងប្រជាជនរបស់អាលម៉ា ? តើគ្រួសាររបស់បងប្អូនបានរក្សាកំណត់ត្រានានា ដែលបងប្អូនអាចអានដែរឬទេ ? ប្រហែលជាបងប្អូនអាចបន្ថែមទៅក្នុងកំណត់ត្រារបស់បងប្អូន ឬចាប់ផ្ដើមរក្សាកំណត់ត្រាផ្ទាល់ខ្លួន ។ តើបងប្អូននឹងដាក់បញ្ចូលអ្វីខ្លះ ដែលអាចជួយដល់គ្រួសាររបស់បងប្អូន ( រួមទាំង ជំនាន់ក្រោយៗ » ) ដើម្បីពួកគេ « មានសេចក្ដីសោមនស្សជាអតិបរមា » ហើយរៀនអំពី « សេចក្ដីល្អសប្បុរសដ៏ទាន់ចិត្តនៃព្រះ »? (ម៉ូសាយ ២៥:៨ ១០) ។
ម៉ូសាយ ២៥:១៦
ហេតុអ្វីបានជាវាសំខាន់សម្រាប់ប្រជាជនរបស់លិមហៃដើម្បីចងចាំថា ព្រះអម្ចាស់បានរំដោះពួកគេចេញពីសេវកភាព ? តើព្រះអម្ចាស់បានធ្វើអ្វីខ្លះសម្រាប់យើង ដែលយើងគួរតែចងចាំ ?
ម៉ូសាយ ២៦:២៩–៣១, ២៧:៣៥
ស្របតាមខគម្ពីរទាំងនេះ តើមនុស្សម្នាក់ត្រូវធ្វើអ្វីខ្លះដើម្បីទទួលបានការអភ័យទោស ?
ម៉ូសាយ ២៧:២១–២៤
នៅពេលបងប្អូនអានខគម្ពីរទាំងនេះ សូមពិចារណាអំពីនរណាម្នាក់នៅក្នុងគ្រួសាររបស់បងប្អូន ដែលបងប្អូនអាចអធិស្ឋាន និងតមអាហារសម្រាប់គេ ។
ម៉ូសាយ ២៧–២៨
ដើម្បីជួយគ្រួសាររបស់បងប្អូនមើលឃើញនឹងភ្នែកពីដំណើររឿងទាំងឡាយនៅក្នុងជំពូកនេះ បងប្អូនអាចអញ្ជើញឲ្យពួកគេគូររូបប្រជាជនដែលបានចូលរួម ហើយប្រើរូបភាពទាំងឡាយប្រាប់ដំណើររឿងនោះឡើងវិញ ។ ឬពួកគេអាចនឹងរីករាយក្នុងការសម្ដែងជារឿង តើពួកគេអាចបង្ហាញពីការផ្លាស់ប្ដូរដែលអាលម៉ា និងពួកបុត្រារបស់ម៉ូសាយបានជួបបទពិសោធន៍យ៉ាងដូចម្ដេច ?
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនកុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ។