ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៧ ខែ មេសា–ថ្ងៃទី ៣ ខែ ឧសភា ។ ម៉ូសាយ ៧–១០ ៖ « នៅ​ក្នុង​កម្លាំង​នៃ​ព្រះអម្ចាស់ »


« ថ្ងៃទី ២៧ ខែ មេសា–ថ្ងៃទី ៣ ខែ ឧសភា ។ ម៉ូសាយ ៧–១០ ៖ ‹ នៅ​ក្នុង​កម្លាំង​នៃ​ព្រះអម្ចាស់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២៧ ខែ មេសា–ថ្ងៃទី ៣ ខែ ឧសភា ។ ម៉ូសាយ ៧–១០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២០

អាំម៉ូន​កំពុង​បង្រៀន​ស្ដេច​លិមហៃ

មីនេវ៉ា  ខេ ថៃឆើត ( ឆ្នាំ ១៨៨៨-១៩៧៦ ) Ammon before King Limhi, ឆ្នាំ ១៩៤៩-១៩៥១ ប្រេង​លើ​បន្ទះ​ឈើ​ទំហំ ៣៥១៥/១៦ x ៤៨ អ៊ិញ ។ សារមន្ទីរ​សិល្បៈ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ឆ្នាំ​១៩៦៩ ។

ថ្ងៃទី ២៧ ខែ មេសា–ថ្ងៃទី ៣ ខែ ឧសភា

ម៉ូសាយ ៧–១០

« នៅ​ក្នុង​កម្លាំង​របស់​ព្រះអម្ចាស់ »

នៅពេល​បងប្អូន​អាន ព្រះវិញ្ញាណ​អាច​នាំ​ចំណាប់​អារម្មណ៍​របស់​បងប្អូន​ផ្ដោត​ទៅលើ​ឃ្លា ឬ​វគ្គ​បទគម្ពីរ​ជាក់លាក់​មួយ​ចំនួន ។ សូម​សរសេរ​អំពី​អារម្មណ៍​របស់​បងប្អូន​អំពី​វគ្គ​បទគម្ពីរ​ទាំងនោះ​អនុវត្ត​ចំពោះ​បងប្អូន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ខណៈ​ដែល​រាស្ត្រ​របស់​ស្ដេច​ម៉ូសាយ​កំពុង​រីករាយ​នឹង « សេចក្ដី​សុខសាន្ដ​ត​រៀងមក » នៅ​សារ៉ាហិមឡា ( ម៉ូសាយ ៧:១ ) គំនិត​របស់​ពួកគេ​បាន​ងាក​ទៅ​រក​ក្រុម​សាសន៍​នីហ្វៃ​ផ្សេង​ទៀត ដែល​ជា​ច្រើន​ឆ្នាំ​ពី​មុន​មក​នោះ​បាន​ចាក​ចេញ​ទៅ​រស់នៅ​ក្នុង​ទឹកដី​លីហៃ–នីហ្វៃ ។ មនុស្ស​ជាច្រើន​ជំនាន់​បាន​កន្លង​ផុត​ទៅ ហើយ​រាស្ត្រ​របស់​ម៉ូសាយ ពុំ​បាន​ឮ​ដំណឹង​អ្វី​សោះ​អំពី​ពួកគេ ។ ដូច្នេះ​ម៉ូសាយ​បាន​សុំ​ឲ្យ​អាំម៉ូន​ដឹកនាំ​ក្រុម​មួយ​ទៅ​ស្រាវជ្រាវ​រក​សាសន៍​នីហ្វៃ​ដែល​បាន​ចាក​ចេញ​ទៅ​នោះ ។ ក្រុម​ស្រាវជ្រាវ​បាន​រកឃើញ​ថា​ពួកសាសន៍​នីហ្វៃ « ក៏​ព្រោះ​តែ​សេចក្ដីទុចរិត » ( ម៉ូសាយ ៧:២៤ ) ត្រូវ​បាន​ចាប់ជា​ឈ្លើយ​របស់​ពួកសាសន៍​លេមិន ។ ប៉ុន្តែ​ពេល​អាំម៉ូន និង​បងប្អូន​ប្រុស​របស់​គាត់​បាន​ទៅ​ដល់ រំពេច​នោះ​ពួកគេ​បាន​មាន​សង្ឃឹម​ថា​នឹង​ត្រូវ​បាន​រំដោះ ។

ពេល​ខ្លះ ពួក​យើង​ក៏​ដូចជា​ពួកសាសន៍​នីហ្វៃ​ដែល​ជាប់​ជា​ឈ្លើយ​ទាំង​នោះ​ផងដែរ ដែល​កំពុង​រងទុក្ខ​ដោយសារ​តែ​អំពើបាប​របស់​ខ្លួន​យើង ងឿងឆ្ងល់​ថា​ពួក​យើង​នឹង​រក​បាន​ភាព​សុខសាន្ដ​ម្ដងទៀត​បាន​ឬទេ ។ ពេលខ្លះ​យើង​គឺ​ដូច​ជា​អាំម៉ូន ត្រូវ​បាន​បំផុសគំនិត​ឲ្យ​ឈោង​ទៅ​ជួយ​អ្នកដទៃ ហើយ​ទីបំផុត​បាន​ឃើញ​ថា កិច្ចខិតខំ​របស់​យើង​បាន​បំផុសគំនិត​ដល់​ពួកគេ « ឲ្យ​ងើប​មុខ [ ពួកគេ ] ឡើង ហើយ​អររីករាយ​ចុះ ហើយ​ដាក់​ទីទុកចិត្ត [ ពួកគេ ] ទៅ​លើ​ព្រះ » ( ម៉ូសាយ ៧:១៩ ) ។ មិន​ថា​ស្ថានភាព​របស់​យើង​យ៉ាង​ណា​ទេ យើង​ទាំងអស់​គ្នា​ចាំបាច់​ត្រូវ​ប្រែចិត្ត ហើយ « បែរ​ត្រឡប់​មក​រក​ព្រះអម្ចាស់​ដោយ​ស្មោះ​ពី​ចិត្ត » ដោយ​សេចក្ដីជំនឿ​ថា « ទ្រង់​នឹង​ដោះលែង [ យើង ] ឲ្យ​រួច » ( ម៉ូសាយ ៧:៣៣ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ម៉ូសាយ ៧:១៤–៣៣

បើ​ខ្ញុំ​ងាក​ទៅ​រក​ព្រះអម្ចាស់ ទុកចិត្ត​លើ​ទ្រង់ ហើយ​បម្រើ​ទ្រង់ នោះ​ទ្រង់​នឹង​ដោះ​លែង​ខ្ញុំ ។

ពេលជួប​អាំម៉ូន ជាសាសន៍​នីហ្វៃ​មក​ពី​សារ៉ាហិមឡា​បាន​ផ្ដល់​ពន្លឺ​នៃ​សេចក្ដីសង្ឃឹម​ដល់​ស្ដេច​លិមហៃ ហើយ​ទ្រង់​ចង់​ចែកចាយ​សេចក្ដីសង្ឃឹម​នោះ​ទៅ​ដល់​រាស្ត្រទ្រង់ ។ នៅពេល​បងប្អូន​អាន ម៉ូសាយ ៧:១៤–៣៣ កត់សម្គាល់​អំពី​អ្វី​ដែល​លិមហៃ​បាន​ថ្លែង​ទៅ កាន់រាស្ត្រ​របស់​ទ្រង់​ដើម្បី​លើក​ទឹកចិត្ត​ពួកគេ ពង្រឹង​ជំនឿ​ពួកគេ ហើយ​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​ពួកគេ​ថា ព្រះ​នឹង​ជួយ​ពួកគេ ។ ទោះ​ជា​បងប្អូនពុំ​មាន​កំហុស​នឹង​អំពើបាប​ដូចគ្នា​នឹង​រាស្ត្រ​របស់​ស្ដេច​លិមហៃក្ដី តើពាក្យ​របស់​ទ្រង់​អាច​ជួយ​បងប្អូន​ឲ្យ​ងាក​ទៅ​រក​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ? បងប្អូន​នឹង​កត់សម្គាល់​ឃើញ​ថា លិមហៃ​បាន​រំឭក​ដល់​រាស្ត្រ​របស់​ទ្រង់​អំពី​ដំណើររឿង​នៃ​ការ​ដោះ​លែង​របស់​ព្រះ​កាលពី​អតីតកាល ( សូមមើល ខ ១៨–២០ ) ។ តើ​ដំណើរ​រឿង​ទាំងនេះ ក៏​ដូចជា​ដំណើរ​រឿង​ខាង​វិញ្ញាណ​ដទៃទៀត ឬ​បទពិសោធន៍​ផ្ទាល់​ខ្លួន ជួយ​ដល់​បងប្អូន​ទុកចិត្ត​លើ​ព្រះ​យ៉ាង​ដូចម្ដេច ?

ម៉ូសាយ ៨:៥–១២

តើ​ផ្ទាំង​ចំណារ ២៤ ផ្ទាំង​ដែល​ប្រជាជន​លិមហៃ​បាន​រកឃើញ​មាន​អ្វីខ្លះ ?

ខណៈ​ដែល​ក្រុម​តូច​មួយ​របស់​រាស្ត្រ​ស្ដេច​លិមហៃ កំពុង​ស្រាវជ្រាវ​រក​ដែនដី​សារ៉ាហិមឡា​មិន​ឃើញ នោះ​ពួកគេ​បាន​រកឃើញ​ផ្ទាំង​ចំណារ​មាន ២៤ ផ្ទាំង​ដែល​មាន​ឆ្លាក់​នៅ​ក្នុង​ភាសា​មួយ​ដែល​ពុំ​ស្គាល់ ។ ផ្ទាំង​ចំណារ​ទាំងនេះ ដែល​ត្រូវ​បាន​បកប្រែ​ដោយ​ស្ដេច​ម៉ូសាយ បាន​ប្រាប់​អំពី​ប្រជាជន​មួយ​ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​សាសន៍​យ៉ារ៉េឌ ដែល​បាន​មក​ដល់​ដែនដី​សន្យា​មកពី​ប៉ម​បាបិល ហើយ​ទីបំផុត​ត្រូវ​បាន​បំផ្លាញ​ចោល​នោះ ( សូមមើល ម៉ូសាយ ២៨:១១–១៩ ) ។ ក្រោយមក​មរ៉ូណៃ​បាន​សង្ខេប​ផ្ទាំង​ទាំងនេះ ( សូមមើល អេធើរ ១:១–២ ) ដែល​បាន​ក្លាយជា​គម្ពីរ​អេធើរ ។ សូម​កត់ចំណាំ​នៅក្នុង ម៉ូសាយ ២៨:១៨ អំពី​ឥទ្ធិពល​នៃ​កំណត់ត្រា​នេះ​អំពី​ប្រជាជន​របស់​ម៉ូសាយ ។

ម៉ូសាយ ៨:១២–១៩

ព្រះអម្ចាស់​ប្រទាន​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ​ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​ជាតិ ។

នៅពេល​លិមហៃ​បាន​ស្ដាប់​ឮ​ទីបន្ទាល់​អាំម៉ូន​ថា ព្រះអម្ចាស់​បាន​ហៅ​អ្នក​មើល​ឆុត​ម្នាក់​មក លិមហៃ « មាន​សេចក្ដី​រីករាយ​ជា​ខ្លាំង ហើយ​បាន​ថ្លែង​អំណរ​គុណ​ដល់​ព្រះ » ( ម៉ូសាយ ៨:១៩ ) ។ ហេតុអ្វី​បងប្អូន​គិតថា ទ្រង់​មាន​អារម្មណ៍​បែប​នេះ ? តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​អ្នក​មើល​ឆុត​មកពី​ពាក្យ​របស់​អាំម៉ូន​នៅក្នុង ម៉ូសាយ ៨:១៣–១៩ ? នៅ​ក្នុង​ជំនាន់​របស់​យើង « គណៈប្រធាន​ទីមួយ និង​ក្រុមប្រឹក្សា​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​គាំទ្រ​ឲ្យ​ធ្វើ​ជា ពួក​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ » ( សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អ្នក​មើល​ឆុត » ) ។ តើ​ពេល​ណា​ជា​ពេល​ចុង​ក្រោយ​ដែល​បងប្អូន​ពិចារណា​អំពី​ពរជ័យ​នៃ​ការ​មាន​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ​នៅ​លើ​ផែនដី ? ប្រហែលជា​បងប្អូន​អាច​កត់ត្រា​អំពី​របៀប​ដែល​ពួកព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ ជា « ប្រយោជន៍​ដ៏​ធំ » ចំពោះ​បងប្អូន ( ម៉ូសាយ ៨:១៨ ) ។

ព្យាការី យ៉ូសែប ស៊្មីធ គឺជា​អ្នក​មើល​ឆុត​ដ៏​អស្ចារ្យ ដែល​ឈរ​នៅ​ជា​មេ​នៃ​គ្រា​កាន់​កាប់​ត្រួតត្រា​របស់​យើង ( សូមមើល គ. &និង ស. ២១:១, ១២៤:១២៥, យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៦២ ) ។ តើ​លោក​បង្ហាញ​អំពី​ការ​ពិពណ៌នា​របស់​អាំម៉ូន​អំពី​អ្នក​មើល​ឆុត​ម្នាក់​អំឡុង​ការ​បម្រើ​របស់​លោក​យ៉ាង​ដូចម្ដេច ?

ម៉ូសាយ ៩–១០

ខ្ញុំ​អាច​ប្រឈម​មុខ​នឹង​ឧបសគ្គ « នៅ​ក្នុង​កម្លាំង​របស់​ព្រះអម្ចាស់ » ។

ស៊ីនិព្វ​បាន​សារភាព​ថា​គាត់​មាន​កំហុស ។ ទ្រង់​ពេល​ខ្លះ​មាន​ការលំអៀង​យ៉ាង​ខ្លាំង ហើយ​ទ្រង់​បាន​ដាក់​រាស្ត្រ​របស់​ទ្រង់—ជីដូនជីតា​នៃ​រាស្ត្រ​របស់​លិមហៃ—​នៅ​ក្នុង​ស្ថានភាព​លំបាក​មួយ ដោយ​ការ​ធ្វើ​ការ​ព្រមព្រៀង​ពុំ​ឆ្លាតវៃ​ជាមួយ​នឹង​ស្ដេច​លេមិន ។ ប៉ុន្តែ​ក្រោយមក នៅពេល​ទ្រង់​បាន​ចេញ​ទៅ​ធ្វើ​សង្គ្រាម​ទាស់​នឹង​ពួក​សាសន៍​លេមិន ទ្រង់​បាន​ជួយ​រាស្ត្រ​ទ្រង់​ឲ្យ​ប្រឈមមុខ​នឹង​ឧបសគ្គ​ទាំងឡាយ​របស់​ពួកគេ​ដោយ​សេចក្ដីជំនឿ ។ នៅពេល​បងប្អូន​អាន ម៉ូសាយ ៩–១០ សូម​ស្វែងរក​មើល​នូវ​អ្វី​ដែល​ប្រជាជន​ស៊ីនិព្វ​បាន​ធ្វើ​ដើម្បី​បង្ហាញ​ពី​សេចក្ដីជំនឿ​របស់​ពួកគេ ។ តើ​ព្រះ​ពង្រឹង​ដល់​ពួកគេ​យ៉ាង​ដូចម្ដេច ? តើ​វា​ន័យ​ដូចម្ដេច​ចំពោះ​បងប្អូន​ក្នុង​ការ​ឆ្ពោះ​ទៅ​មុខ « នៅ​ក្នុង​កម្លាំង​របស់​ព្រះអម្ចាស់ »? (ម៉ូសាយ ៩:១៧, ១០:១០–១១) ។

ម៉ូសាយ ១០:១១–១៧

ជម្រើស​របស់​ខ្ញុំ​អាច​ជះឥទ្ធិពល​ទៅ​ច្រើន​ជំនាន់ ។

ស្របតាម ម៉ូសាយ ១០:១១–១៧ តើ​សកម្មភាព និង​អាកប្បកិរិយា​របស់​ជីដូនជីតា​ពួក​សាសន៍​លេមិន រារាំង​ពួក​សាសន៍​លេមិន មិន​ឲ្យ​ស្គាល់​សេចក្ដីពិត​តាមរបៀប​ណា ? តើ​ជម្រើស​របស់​ជីដូនជីតា​ពួក​សាសន៍លេមិន​ជះឥទ្ធិពល​មក​លើ​ជំនាន់​នាពេល​អនាគត​យ៉ាង​ដូចម្ដេច ? ចូរ​គិត​អំពី មនុស្ស​ដែលអាច​នឹង​ត្រូវ​រងឥទ្ធិពល​ដោយ​សារ​ជំនឿ និង​ជម្រើស​របស់​បងប្អូន តើ​បងប្អូន​នឹង​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​កាន់តែ​មាន​ជំនឿ​ទៅលើ​ព្រះគ្រីស្ទ​ពេញលេញ ?

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយបងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ ទាំងនេះ​គឺជា​គំនិតយោបល់​មួយ​ចំនួន ។

ម៉ូសាយ ៧:១៩–២០

សូម​កត់ចំណាំ​អំពី​គំរូ​ដែល​លិមហៃ​បាន​បង្ហាញ ដើម្បី​លើក​ទឹកចិត្ត​ដល់​រាស្ត្រ​របស់​ទ្រង់​ឲ្យ​មាន​សេចក្ដីជំនឿ ។ តើ​មាន​គំរូ​អ្វីខ្លះ​មក​ពី​បទគម្ពីរ​ដែល​បំផុសគំនិត​យើង « ឲ្យ​ដាក់​ទី​ទុកចិត្ត​ទៅ​លើ​ព្រះ » ? តើ​ការដាក់ទីទុកចិត្តរបស់​យើង​ទៅលើ​ព្រះ​មានន័យ​យ៉ាងណា ? ( សូមមើល​ផងដែរ ម៉ូសាយ ៩:១៧, ១០:១៩ ) ។ តើ​មាន​រឿង​អ្វីខ្លះមកពី​ជីវិត​យើង ឬ​ជីវិត​ជីដូនជីតា​យើង ដែល​យើង​អាច​ចែកចាយ​ដើម្បី​បំផុសគំនិត​ឲ្យ​ដាក់​ទីទុកចិត្ត​ទៅលើ​ព្រះ​កាន់តែ​ខ្លាំង ?

ម៉ូសាយ ៧:២៦–២៧

តើ​យើង​អាច​រៀន​អំពី​ព្រះអង្គសង្គ្រោះ​មកពី​ខគម្ពីរ​ទាំងនេះ​អ្វីខ្លះ? ( សូមមើល​ផងដែរ គ.& និង​ស. ១៣០:២២ ) ។ ហេតុអ្វី​ក៏​យើង​មានអំណរគុណ​ដើម្បី​ដឹង​អំពី​រឿង​ទាំងនេះ ?

ម៉ូសាយ ៨:១៣–១៨

ដើម្បី​ជួយ​ដល់​សមាជិក​គ្រួសារ​យើង​យល់អ្វីទៅ​ជា​អ្នក​មើល​ឆុតនោះ បងប្អូន​ប្រហែលជា​អាច​បង្ហាញ​រូបភាព​នៃ​ឧបករណ៍​ដែល​ជួយ​ពួកគេ​មើលឃើញ​រឿង​ទាំងឡាយ​ដែល​យើង​ពុំ​អាច​មើល​ឃើញ បើ​គ្មាន​ឧបករណ៍​នោះ ដូចជា កែវយឺត ឬមីក្រូទស្សន៍ ។ តើ​ឧបករណ៍ទាំងនេះ ​ដូចជា​អ្នក​មើល​ឆុតយ៉ាង​ដូចម្ដេច ? ( សូមមើល ម៉ូសាយ ៦:៣៥–៣៦ ) ។ តើ​អ្នក​មើល​ឆុត​អាច​មើល​ឃើញ​អ្វីខ្លះ​ដែល​យើង​មើល​មិន​ឃើញ ? តើ​យើង​មាន​ភស្ដុតាង​អ្វីខ្លះ ថា​យ៉ូសែប ស្ម៊ីធ គឺ​ជា​អ្នក​មើល​ឆុត ។

បងប្អូន​អាច​បង្ហាញ​រូបភាព​អំពី​ពួក​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ ហើយសួរ​ដល់​ក្រុមគ្រួសារ​បងប្អូន​អំពី​អ្វី​ដែល​ពួកគេ​ស្គាល់​អំពី​ពួកគាត់ ។ តើ​យើង​ធ្វើ​តាម​ពួកគាត់​តាម​របៀប​ណា ?

ម៉ូសាយ ៩:១៤–១៨, ១០:១–១០

នៅពេល​ពួក​សាសន៍​លេមិន​វាយ​ប្រហារ ប្រជាជន​ស៊ីនិព្វ បាន​ត្រៀម​ខ្លួន​ជាស្រេច​ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ។ តើ​យើង​អាច​រៀន​អ្វីខ្លះ​មក​ពី​ស៊ីនិព្វ និង​រាស្ត្រ​របស់​ទ្រង់​អំពី​ការ​រៀបចំ​ខ្លួន​សម្រាប់​ឧបសគ្គ​ទាំងឡាយ ?

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍នេះនៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​ ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

ស្វែងរក​គំនិត​យោបល់​ខាង​វិញ្ញាណ​ផ្ទាល់ខ្លួន​អ្នក ។ គម្រោង​មេរៀន​នេះ ផ្ដល់​យោបល់​អំពី​វគ្គ​បទគម្ពីរ និង​គោលការណ៍​ទាំងឡាយ​ដើម្បី​ផ្ដោត​យក​ចិត្ត​ទុក​ដាក់ ប៉ុន្តែ​សូម​កុំ​យក​ការ​ផ្ដល់​យោបល់​ទាំងនេះ​មក​ដាក់​ដែនកំណត់​នៅក្នុង​ការ​សិក្សា​របស់​បងប្អូន ។ បងប្អូន​អាច​ទទួល​ចំណាប់អារម្មណ៍​ដោយ​ខគម្ពីរ​ទាំងឡាយ ឬរកឃើញ​គោលការណ៍​ទាំងឡាយ​ដែល​ពុំ​បាន​រៀបរាប់​នៅ​ទីនេះ ។ ចូរ​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ​បងប្អូន​ចុះ ។

យ៉ូសែបស៊្មីធ ជា​មួយ​នឹង​មរ៉ូណៃ

ការនិមិត្ត​របស់​យ៉ូសែប ស្ម៊ីធ ដោយ​ក្លាក​ខាលី ប្រាយ