ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១១–១៧ ខែ ឧសភា ។ ម៉ូសាយ ១៨–២៤ ៖ « យើង​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់ »


« ថ្ងៃទី ១១–១៧ ខែ ឧសភា ។ ម៉ូសាយ ១៨–២៤ ៖ ‹ យើង​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១១–១៧ ខែ ឧសភា ។ ម៉ូសាយ ១៨–២៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២០

ការគេចខ្លួន​របស់​ប្រជាជន​របស់​លិមហៃ

មីនេវ៉ា  ខេ ថៃឆើត ( ឆ្នាំ ១៨៨៨-១៩៧៦ ) Escape of King Limhi and His People, ឆ្នាំ ១៩៤៩-១៩៥១ ប្រេង​នៅលើ​បន្ទះ​ឈើ ទំហំ ៣៥ ៧/៨ x ៤៨​ អ៊ិញ ។ សារមន្ទីរ​សិល្បៈ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ឆ្នាំ​១៩៦៩ ។

ថ្ងៃទី ១១–១៧ ខែ ឧសភា

ម៉ូសាយ ១៨–២៤

យើង​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន​ថា « ពេល​យើងអាន ហើយ​ពិចារណា​ពី​ព្រះគម្ពីរ យើងនឹង​មាន​នូវការ​ខ្សឹបប្រាប់​ដ៏​ផ្អែមល្ហែម​ពី​ព្រះវិញ្ញាណ​ទៅ​កាន់​ព្រលឹង​យើង » ( « We Never Walk AloneEnsignលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១២២ ) ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ដំណើរ​រឿង​របស់​អាលម៉ា និង​ប្រជាជន​របស់​គាត់​នៅក្នុង ម៉ូសាយ ១៨; ២៣–២៤ បង្ហាញ​ពី​អត្ថន័យ « ចូល​រួម​ក្នុង​ក្រោល​នៃ​ព្រះ » ( ម៉ូសាយ ១៨:៨ ) ។ នៅពេល​ពួកគេ​បាន​ទទួល​បុណ្យជ្រមុជទឹក ពួកគេ​បាន​ធ្វើ​សេចក្ដីសញ្ញា​មួយ​ជាមួយ​ព្រះ​ថា « នឹង​បម្រើ​ព្រះអង្គ ហើយ​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ » ( ម៉ូសាយ ១៨:១០ ) ។ ខណៈ​ដែល​រឿង​នេះ​គឺ​ជា​ការ​តាំង​ចិត្ត​ផ្ទាល់​ខ្លួន​ដ៏​មុតមាំ​ក្ដី នោះ​វា​ក៏​ជាប់ទាក់ទង​នឹង​របៀប​ដែល​ពួកគេ​ប្រព្រឹត្ត​នឹង​គ្នា​ទៅវិញទៅមក​ផងដែរ ។ ប្រាកដ​ណាស់​ថា ការ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​ព្រះវរបិតាសួគ៌​វិញ​គឺ​ជា​រឿង​ផ្ទាល់​ខ្លួន និង​ជា​បុគ្គល ហើយ​ពុំ​អាច​មាន​នរណា​ម្នាក់​អាច​រក្សា​សេចក្ដីសញ្ញា​ជំនួស​យើង​បាន​ទេ ប៉ុន្តែ​នោះ​ពុំ​មែន​មាន​ន័យ​ថា​យើង​នៅ​ឯកោ​នោះ​ដែរ ។ យើង​ត្រូវការ​គ្នា​ទៅវិញទៅមក ។ នៅ​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ យើង​ចុះ​សេចក្ដីសញ្ញា​ថា​បម្រើ​ព្រះ​ដោយ​ការ​ជួយ និង​ការ​បម្រើ​ដល់​គ្នា​ទៅវិញ​ទៅមក​នៅ​លើ​ផ្លូវ « [ ដោយ ] រែកបន្ទុក​គ្នា​ទៅវិញទៅមក » ( ម៉ូសាយ ១៨:៨–១០ ) ។ ប្រជាជន​របស់​អាលម៉ា ពិត​ជា​មាន​បន្ទុក​ជាច្រើន​ដែល​ត្រូវ​រែក ក៏​ដូចជា​ពួក​យើង​ទាំងអស់​គ្នា​ផងដែរ ។ ហើយ​របៀប​មួយ​ដែល​ព្រះអម្ចាស់​ជួយ​យើង « ទ្រ​បន្ទុក [ របស់​យើង ] ទាំង​ឡាយ​បាន​ដោយ​ងាយ » ( ម៉ូសាយ ២៤:១៥ ) គឺ​ដោយ​ការ​ប្រទាន​ដល់​យើង​នូវ​សហគមន៍​នៃ​ពួកបរិសុទ្ធ​មួយ ដែល​បាន​សន្យា​ថា​នឹង​ទួញ​សោក​ជាមួយ​នឹង​យើង ហើយ​លួងលោម​យើង ហើយ​យើង​ក៏​បាន​សន្យា​ធ្វើ​ដូច្នោះ​ផងដែរ​ចំពោះ​ពួកគេ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ម៉ូសាយ ១៨:១–១៧

ពិធីបុណ្យ​ជ្រមុជទឹក រួមមានទាំង​សេចក្ដីសញ្ញា​មួយ​ដើម្បី​បម្រើ​ព្រះ ហើយ​ឈរ​ជា​សាក្សី​ដល់​ទ្រង់ ។

ម៉ូសាយ ១៨:៨–១០ មាន​នូវ​ការ​បង្រៀន​របស់​អាលម៉ា​អំពី​សេចក្ដីសញ្ញា​បុណ្យជ្រមុជទឹក ឬ​ការសន្យា​ដែល​យើង​មាន​ចំពោះ​ព្រះ​នៅ​ឯ​ពិធីបុណ្យ​ជ្រមុជទឹក ។ នៅពេល​បងប្អូន​អាន​ខគម្ពីរ​ទាំងនេះ សូមពិចារណា​អំពី​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​បងប្អូន​បាន​រៀន​អ្វីខ្លះ​មកពី​ខគម្ពីរ​ទាំងនេះ អំពី​ការ​សន្យា​ដែល​បងប្អូន​បាន​ធ្វើ​នៅ​ឯ​ពិធី​បុណ្យជ្រមុជទឹក ? តើ​ព្រះ​សន្យា​អ្វីខ្លះ​ចំពោះ​បងប្អូន ?

  • តើ​សេចក្ដីសញ្ញា​ដើម្បី​បម្រើ​ព្រះ​( សូមមើល ខ ១០ ) ទាក់ទង​នឹង​កិច្ចខិតខំ​របស់​យើង​ដើម្បី​បម្រើ​ដល់​គ្នា​ទៅវិញទៅមក​យ៉ាង​ដូចម្ដេច ? ( សូមមើល ខ ៨–៩) ។

  • តើ​បងប្អូន​កំពុង​ធ្វើ​អ្វីខ្លះ ដើម្បី​រក្សា​ការសន្យា​របស់​បងប្អូន​នោះ ?

  • តើ​ការ​រក្សា​សេចក្ដីសញ្ញា​ពិធី​បុណ្យជ្រមុជទឹក​របស់​បងប្អូន​ជួយ​ដល់​បងប្អូន « ពោរពេញ​ទៅ​ដោយ​ព្រះវិញ្ញាណ » យ៉ាង​ដូចម្ដេច ? (  ម៉ូសាយ ១៨:១៤ ) ។ តើ​ព្រះវិញ្ញាណ​ជួយ​បងប្អូន​រក្សា​សេចក្ដីសញ្ញា​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ?

ពិធីបុណ្យ​ជ្រមុជទឹក​នៅ​ក្នុង​សមុទ្រ

នៅពេល​ខ្ញុំ​ចុះ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ ខ្ញុំ​ទទួល​បាន​ពរជ័យ​របស់​ទ្រង់ ។

ដំណើរ​រឿង​នេះ​ក៏​បើក​បង្ហាញ​ផងដែរ​អំពី​របៀប​ត្រឹមត្រូវ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​នៅក្នុង ខ ១៤–១៧ អំពី​របៀប​ដែល​គួរ​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក ? តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​ពិធី​បុណ្យ​ជ្រមុជទឹក​ចេញ​មកពី ម៉ាថាយ ៣:១៦, រ៉ូម ៦:៣–៥, នីហ្វៃទី ៣ ១១: ២១–២៨ និង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២០:៧២–៧៤ ?

សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៣៧, ៧៧, ៧៩ ។

ម៉ូសាយ ១៨:១៧–៣០

រាស្ត្រ​របស់​ព្រះ​គួរ​តែ​រួបរួម​គ្នា ។

ដូច​ជា​អាលម៉ា និង​ប្រជាជន​របស់​គាត់​បាន​រកឃើញ​ដែរ ការ​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ពេល​ខ្លះ​មានន័យ​ថា ចាក​ចេញ​ពី​ផ្លូវ​ជីវិត​ដែល​យើង​ធ្លាប់​ដើរ​ទៅ​រក​អ្វី​ដែល​ថ្មី ហើយ​ខុសប្លែក​ពី​នោះ ។ ប៉ុន្តែ​ប្រជាជន​របស់​អាលម៉ា​ទទួល​បាន​កម្លាំង​មក​ពី​គ្នា​ទៅវិញ​ទៅមក​ជា​ចំណែក​របស់ « សាសនាចក្រ​នៃ​ព្រះគ្រីស្ទ » ( ម៉ូសាយ ១៨:១៧ ) ។ តើ​ការ​បង្រៀន​នៅ​ក្នុង ម៉ូសាយ ១៨:១៧–៣០ បំផុសគំនិត​បងប្អូន​ឲ្យ​ក្លាយ​ជា​សមាជិក​សាសនាចក្រ​កាន់តែ​ល្អ​ប្រសើរ​យ៉ាង​ដូចម្ដេច ? តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​ដល់​សមាជិក​វួដ ឬ​សាខា​របស់​បងប្អូន​ឲ្យ « រួម​គ្នា​ដោយ​សាមគ្គី ហើយ​ស្រឡាញ់​គ្នា​ទៅវិញទៅមក »? (ម៉ូសាយ ១៨:២១) ។

សូមមើល​ផងដែរ ហែនរី  ប៊ី អាវរិង « Our Hearts Knit as OneEnsignLiahonaខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៦៨–៧១ ។

ម៉ូសាយ ១៩–២០

ពាក្យ​សម្ដី​របស់​ពួក​ព្យាការី​នឹង​ត្រូវ​បាន​បំពេញ ។

អ័ប៊ីណាដៃ បាន​ធ្វើ​ការ​ព្យាករ​ជាក់​លាក់​មួយចំនួន​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ស្ដេច​ណូអេ និង​រាស្ត្រ​របស់​ទ្រង់ បើ​ពួកគេ​ពុំ​ប្រែចិត្ត ។ ទោះ​ជាយ៉ាងណា​ក៏ដោយ ចំពោះ​ពាក្យព្យាករ​ទាំងនេះ​មួយចំនួន វា​ហាក់ដូចជា​មិនគួរ​ឲ្យជឿ ( សូមមើល ម៉ូសាយ ១២:១–៨, ១៤–១៥ ) ជាពិសេស ចាប់តាំង​ពី​ពួកសាសន៍​នីហ្វៃ​បាន​ការពារ​ខ្លួន​ពួកគេ​ដោយ​ជោគជ័យ​ពី​ពួក​សាសន៍​លេមិន​អស់​រយៈពេល​ជិត ៥០ ឆ្នាំ​នោះ ( សូមមើល ម៉ូសាយ ៩:១៦–១៨, ១១:១៩ ) ។ ប៉ុន្តែ​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី​នឹង​ត្រូវ​បាន​បំពេញ​ទាំងអស់​—នៅ​ក្នុង​ជំនាន់​របស់​យើង​ក៏​ដូចជា​ក្នុង​ជំនាន់​របស់​អ័ប៊ីណាដៃ​ដែរ ។

តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅក្នុង ម៉ូសាយ ១៩–២០ដែល​ដឹកនាំ​ឲ្យ គេឌាន​ប្រកាស​ថា ការព្យាករ​របស់​អ័ប៊ីណាដៃ​ត្រូវ​បាន​បំពេញ ? ( សូមមើល ម៉ូសាយ ២០:២១) ។ តើ​ដំណើរ​រឿង​នេះ​ពង្រឹង​ដល់​សេចក្ដីជំនឿ​របស់​បងប្អូន​ទៅ​លើ​ការ​ព្រមាន និង​ពាក្យ​ទូន្មាន​របស់​ពួកព្យាការី​របស់​ព្រះ និង​ការ​តាំង​ចិត្ត​របស់​បងប្អូន​ដើម្បី​ធ្វើតាម​ពាក្យសម្ដី​របស់​ពួកគាត់​យ៉ាង​ដូចម្ដេច ? តើ​បងប្អូន​ធ្លាប់​ឃើញ​ពាក្យសម្ដី​របស់​ព្យាករី​ត្រូវ​បាន​បំពេញ​នៅ​ជំនាន់​របស់​យើង​នៅពេលណា ?

ម៉ូសាយ ២១–២៤

ព្រះ​អាច​ធ្វើ​ឲ្យ​បន្ទុក​របស់​ខ្ញុំ​បាន​ស្រាល ។

ទាំង​ប្រជាជន​របស់​លិមហៃ និង​ប្រជាជន​របស់​អាលម៉ា បាន​ធ្លាក់​ទៅក្នុង​សេវកភាព ទោះ​ជា​ដោយ​មូលហេតុ​ផ្សេងគ្នា និង​ស្ថានភាព​ខុសគ្នា​ក្ដី ។ តើ​បងប្អូន​អាច​រៀន​អ្វីខ្លះ​តាមរយៈ​ការ​ប្រៀបធៀប​ដំណើររឿង​របស់​ប្រជាជន​លិមហៃ នៅក្នុង ម៉ូសាយ ១៩–២២ និង​ប្រជាជន​របស់​អាលម៉ា​នៅក្នុង ម៉ូសាយ ១៨, ២៣–២៤ ? បងប្អូន​អាច​កត់ចំណាំ​អំពី​របៀប​ដែល​ក្រុម​​ទាំងនេះ​បាន​ឆ្លើយតប​ចំពោះ​សេវកភាព ឬ​របៀប​ដែល​ក្រុម​នីមួយៗ​ត្រូវ​បាន​រំដោះ​ឲ្យ​រួច​នៅ​ទីបំផុត ។ នៅ​ពេល​បងប្អូន​ធ្វើ​ដូច្នោះ សូម​រកមើល​សារលិខិត​ដែល​អនុវត្ត​នៅ​ក្នុង​ជីវិត​របស់​បងប្អូន ។ ឧទាហរណ៍ តើ​បងប្អូន​រៀន​អ្វីខ្លះ​មក​ពី ដំណើរ​រឿង​ទាំងនេះ ដែល​នឹង​ជួយ​បងប្អូន​រែក​បន្ទុក​របស់​បងប្អូន​បាន ?

ម៉ូសាយ ២៣:២១–២៤, ២៤:៨–១៧

ខ្ញុំ​អាច​ទុកចិត្ត​ព្រះអម្ចាស់ ។

ទោះ​ជា​ពួកគេ​បាន​ប្រែចិត្ត​ពី​អំពើបាប​របស់​ពួកគេ​ក្ដី អាលម៉ា និង​ប្រជាជន​របស់​គាត់​នៅ​តែ​ឃើញ​ថា​ពួកគេ​នៅ​ជាប់​ក្នុង​សេវកភាព ។ បទពិសោធន៍​របស់​ពួកគេ​បង្ហាញ​ថា​ការ​ទុកចិត្ត​ព្រះអម្ចាស់ និង​ការរស់នៅ​តាម​សេចក្ដីសញ្ញា​របស់​យើង ពុំ​តែងតែ​ការពារ​យើង​ពី​ការ​លំបាក​ជានិច្ចកាល​នោះទេ ប៉ុន្តែ​វា​ជួយ​យើង​យកឈ្នះ​លើ​ការលំបាក​ទាំងនោះ ។ នៅពេល​បងប្អូន​អាន ម៉ូសាយ ២៣:២១–២៤ និង ២៤:៨–១៧ សូម​កត់ចំណាំ​ពាក្យ និង​ឃ្លា​ទាំងឡាយ​ដែល​អាច​ជួយ​បងប្អូន​រៀន​ទុកចិត្ត​លើ​ព្រះ ទោះ​ជា​ស្ថានភាព​របស់​បងប្អូន​យ៉ាង​ណា​ក្ដី ។

សូមមើល​ផងដែរ ថូម៉ាស អេស ម៉នសុន « I Will Not Fail Thee, nor Forsake Thee» EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៨៥-៨៧ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយបងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ ទាំងនេះ​គឺជា​គំនិតយោបល់​មួយ​ចំនួន ។

ម៉ូសាយ ១៨:១–៤

មាន​ពាក្យ​ស្លោក​មួយ​ថា បងប្អូន​អាច​រាប់​គ្រាប់​ផ្លែ​ប៉ោម​មួយ​ផ្លែ​បាន ប៉ុន្តែ​បងប្អូន​ពុំ​អាច​រាប់​ផ្លែប៉ោម​ដែល​នឹង​កើត​ផល​ចេញ​ពី​គ្រាប់​ផ្លែប៉ោម​មួយ​គ្រាប់​បាន​ទេ ។ មាន​តែ​មនុស្ស​ម្នាក់​ដែល​បាន​ទទួល​យក​ទីបន្ទាល់​របស់​អ័ប៊ីណាដៃ ប៉ុន្តែ​មនុស្ស​ម្នាក់​នោះ —អាលម៉ា— មាន​ឥទ្ធិពល​ដល់​ពួក​សាសន៍​នីហ្វៃ​រាប់​ជំនាន់ ។ ប្រហែល​ជា​បងប្អូន​អាច​ប្រើ​ផ្លែឈើ​មួយ​ដែល​មាន​គ្រាប់​ច្រើន ដើម្បី​បង្ហាញ​អំពី​គោលការណ៍​នេះ ។ តើ​សារលិខិត​នេះ​អនុវត្ត​ចំពោះ​គ្រួសារ​របស់​យើង​យ៉ាង​ដូចម្ដេច ? តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ចែកចាយ​ទីបន្ទាល់​របស់​យើង​ជាមួយ​អ្នក​ដទៃ ?

ម៉ូសាយ ១៨:៨–១០

តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​សេចក្ដី​សញ្ញា​ពិធី​បុណ្យជ្រមុជទឹក​របស់​យើង​មកពី​ខគម្ពីរ​ទាំងនេះ? ( សូមមើល​ផងដែរ គ.& និង​ស. ២០:៧៣, ៧៧-៧៩ ) ។ តើ​យើង​កំពុង​ធ្វើ​អ្វីខ្លះ​ដើម្បី​រៀបចំ​ខ្លួន ឬ​រក្សា​សេចក្ដីសញ្ញា​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​យើង ?

ម៉ូសាយ ១៨:៣០

តើ​ទីកន្លែង​ណា​ខ្លះ​ដែល​មាន​អត្ថន័យ​ជា​ពិសេស​ចំពោះ​យើង ដោយសារ​តែ​បទពិសោធន៍​ខាង​វិញ្ញាណ​ដែល​យើង​មាន​នៅ​ទីនោះ ?

ម៉ូសាយ ២១:១១–១៦, ២៤:១០–១៥

តើ​យើង​រៀន​បាន​អ្វីខ្លះ​តាមរយៈ​ការ​ប្រៀបធៀប​អំពី​សេវកភាព​របស់​ប្រជាជន​របស់​អាលម៉ា និង​ប្រជាជន​របស់​លិមហៃ ?

ម៉ូសាយ ២១:១៥, ២៤:១១–១៥

តើ​ខគម្ពីរ​ទាំង​នេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​របៀប​មួយចំនួន​ដែល​ព្រះអម្ចាស់​ឆ្លើយតប​ចំពោះ​ការ​អធិស្ឋាន ?

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍នេះនៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​ ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

រក​ពេល​មួយ​ដែល​ល្អ​សម្រាប់​អ្នក ។ ជាញឹកញាប់​វា​ងាយ​ស្រួល​ដើម្បី​រៀន នៅពេល​អ្នកអាច​សិក្សា​បទគម្ពីរ​ដោយ​គ្មាន​ការ​រំខាន ។ សូម​រក​ពេល​មួយ​ដែល​ល្អ​សម្រាប់​អ្នក ហើយ​ខំ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​សិក្សា​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ម៉ោង​នោះ​រាល់​ថ្ងៃ ។

មនុស្ស​ទទួល​​ពិធី​បុណ្យ​ជ្រមុជ​ទឹក

ទឹក​មរមន ដោយ ចច កូកូ