« ថ្ងៃទី ៤–១០ ខែ ឧសភា ម៉ូសាយ ១១–១៧ ៖ ‹ ពន្លឺមួយ … ដែលពុំអាចធ្វើឲ្យងងឹតបានឡើយ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៤–១០ ខែ ឧសភា ម៉ូសាយ ១១–១៧ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២០
ថ្ងៃទី ៤–១០ ខែ ឧសភា
ម៉ូសាយ ១១–១៧
« ពន្លឺមួយ … ដែលពុំអាចធ្វើឲ្យងងឹតបានឡើយ »
សូមពិចារណា និងអធិស្ឋានដើម្បីដឹងអំពីរបៀបដែលអ្នកអាចប្រើរឿងរបស់អ័ប៊ីណាដៃ និងការបង្រៀនរបស់លោកនៅក្នុង ម៉ូសាយ ១១–១៧ ដើម្បីជួយកុមារដែលអ្នកបង្រៀន ។ សូមកត់ត្រាចំណាប់អារម្មណ៍ដែលអ្នកទទួល ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមអនុញ្ញាតឲ្យកុមារចែកចាយនូវអ្វីដែលពួកគេដឹងអំពីរឿងរបស់អ័ប៊ីណាដៃ និងស្តេចណូអេ ។ រូបភាពនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ អាចជួយបាន ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ខ្ញុំអាចក្រោកឈរការពារសេចក្តីពិត ទោះបីពេលខ្ញុំឈរនៅតែឯងក្តី ។
ទាំងអ័ប៊ីណាដៃ និងអាលម៉ាមានចិត្តក្លាហានក្នុងការការពារសេចក្តីពិត ។ តើអ្នកអាចប្រើរឿងនេះដើម្បីធ្វើឲ្យកុមារមានចិត្តក្លាហានសម្រាប់គ្រានានា នៅពេលដែលពួកគេអាចត្រូវការពារជំនឿរបស់ពួកគេដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមសង្ខេបដំណើររឿងរបស់អ័ប៊ីណាដៃ, ស្តេចណូអេ និងអាលម៉ា ដែលមាននៅក្នុង ម៉ូសាយ ១១–១៣ និង ១៧ ។ អ្នកអាចប្រើ « ជំពូកទី ១៤ ៖ អ័ប៊ីណាដៃ និងស្តេចណូអេ » ( ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ៦៣–៧០ ឬមើលវីដេអូដូចគ្នានេះនៅគេហទំព័រ ChurchofJesusChrist.org ) ។ សូមឲ្យកុមារសម្ដែងរឿងនោះ ដោយទុកវេនឲ្យពួកគេដើរតួផ្សេងៗគ្នា ។
-
សូមដើរជ្រំជើងនៅមួយកន្លែងជាមួយកុមារ នៅពេលពួកគេច្រៀងចម្រៀងដែលបំផុសឲ្យមានចិត្តក្លាហាន ដូចជាបទ« ខ្ញុំនឹងធ្វើជាអ្នកក្លាហាន » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨៥ ) ។ សូមអានទំនុកបទនោះជាមួយគ្នា ហើយជួយកុមារឲ្យស្វែងរកអ្វីដែលមនុស្សអង់អាច ឬមនុស្សក្លាហានធ្វើ ។ សូមជ្រើសរើសខគម្ពីរពីរបីមកពី ម៉ូសាយ ១១–១៣ និង ១៧ អានឲ្យកុមារស្តាប់ ដើម្បីបង្ហាញរបៀបដែលអ័ប៊ីណាដៃ និងអាលម៉ាគឺជាមនុស្សក្លាហាន ( ឧទាហរណ៍ សូមមើល ម៉ូសាយ ១៣:១–៤, ៩ ) ។
ខ្ញុំគួរតែគោរពតាមក្រឹត្យវិន័យដប់ប្រការ ។
ពួកសង្ឃរបស់ស្តេចណូអេបានស្គាល់បទបញ្ញត្តិនោះ ប៉ុន្តែពួកគេពុំធ្វើតាមច្បាប់នោះឡើយ ។ ពាក្យរបស់អ័ប៊ីណាដៃអាចជួយកុមារឲ្យយល់អំពីសារៈសំខាន់នៃការគោរពតាមបទបញ្ញត្តិ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យរាប់ពីមួយដល់ ១០ ។ ឬឲ្យបំណែកក្រដាសដែលមានលេខទាំង ១០ ឲ្យទៅពួកគេ ហើយទុកឲ្យពួកគេរៀបក្រដាសនោះតាមលំដាប់ ។ សូមពន្យល់ថា ព្រះវរបិតាសួគ៌បានប្រទានក្រឹត្យវិន័យដប់ប្រការដល់យើង ដើម្បីជួយយើងឲ្យត្រឡប់ទៅរស់នៅជាមួយទ្រង់វិញ ។ សូមជួយកុមារឲ្យសូត្រជាមួយអ្នកនូវក្រឹត្យវិន័យមួយចំនួននៃក្រឹត្យវិន័យដប់ប្រការមកពី ម៉ូសាយ ១២:៣៣–៣៦ និង ១៣:១១–២៤ ។
-
សូមបង្ហាញរូបភាពម៉ូសេជាមួយក្រឹត្យវិន័យដប់ប្រការ ( ដូចជា សៀវភៅរូបភាពដំណឹងល្អ លេខ ១៤ ) ហើយសូមពន្យល់ដោយសង្ខេបអំពីរបៀបដែលម៉ូសេបានទទួលក្រឹត្យវិន័យនេះពីព្រះ ( សូមមើល និក្ខមនំ ១៩–២០ ) ។ បន្ទាប់មក សូមបង្ហាញរូបភាពអ័ប៊ីណាដៃ ( សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ហើយប្រាប់កុមារថា អ័ប៊ីណាដៃបានរំឭកស្តេចណូអេ និងពួកសង្ឃរបស់ទ្រង់អំពីក្រឹត្យវិន័យដប់ប្រការ ។ សូមជ្រើសរើសក្រឹត្យវិន័យពីរ ឬបីមកពី ម៉ូសាយ ១២:៣៣–៣៦ និង ១៣:១១–២៤ ដែលអ្នកទទួលអារម្មណ៍ថា សំខាន់ជាពិសេសសម្រាប់កុមារដែលអ្នកបង្រៀន ហើយពិភាក្សាជាមួយពួកគេនូវពរជ័យដែលកើតមានមកពីការគោរពតាមក្រឹត្យវិន័យទាំងនោះ ។
-
សូមច្រៀងចម្រៀងមួយបទអំពីបទបញ្ញត្តិ ដូចជាបទ « រក្សាបទបញ្ញត្តិ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦៨ ) ។ ហេតុអ្វីយើងគោរពបទបញ្ញត្តិ ?
ពួកព្យាការីថ្លែងទីបន្ទាល់យ៉ាងអង់អាចអំពីព្រះយេស៊ូវគ្រីស្ទ ។
អ័ប៊ីណាដៃបានបង្រៀនស្តេចណូអេ និងមនុស្សដទៃទៀតអំពីព្រះយេស៊ូវគ្រីស្ទ ទោះបីជានៅពេលស្ថិតក្នុងគ្រោះថ្នាក់ក្តី ។ តើដំណើររឿងរបស់អ័ប៊ីណាដៃអាចពង្រឹងទីបន្ទាល់របស់កុមារអំពីពួកព្យាការីដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមចែកចាយជាមួយកុមារនូវរឿងមួយចំនួនដែលអ័ប៊ីណាដៃបានបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទនៅក្នុង ម៉ូសាយ ១៤:៥ និង ១៥:៧–៩ ។ សូមជួយកុមារឲ្យយល់ថា អ័ប៊ីណាដៃចង់ឲ្យស្តេចណូអេ និងប្រជាជនរបស់ទ្រង់ធ្វើតាមព្រះយេស៊ូវ ដើម្បីឲ្យពួកគេអាចមានភាពរីករាយ ។ នៅក្នុងជំនាន់របស់យើង ពួកព្យាការីនៅរស់បង្រៀនយើងអំពីព្រះអង្គសង្គ្រោះ ។ សូមអានពាក្យដកស្រង់មកពីសន្និសីទទូទៅ ឬចែកចាយចាយវីដេអូខ្លីមួយអំពីពួកព្យាការីនៅរស់ ដែលចែកចាយទីបន្ទាល់របស់លោកអំពីព្រះយេស៊ូវគ្រីស្ទ ( ឧទាហរណ៍ សូមមើលវីដេអូ « Special Witnesses of Christ » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
-
សូមបង្ហាញ ឬគូររូបភាពនៃច្រវាក់ គុក និងភ្លើង ។ សូមបង្រៀនកុមារថា អ័ប៊ីណាដៃមានឆន្ទៈចែកចាយទីបន្ទាល់របស់លោកអំពីព្រះយេស៊ូវគ្រីស្ទ ទោះជាគេចងលោក ដាក់លោកក្នុងគុក និងសូម្បីតែដុតលោកដោយភ្លើងក្ដី ។ ទោះបីជាយើងប្រហែលជានឹងពុំប្រឈមមុខនឹងគ្រោះថ្នាក់ទាំងអស់នោះក្ដី តើយើងអាចមានចិត្តក្លាហានដូចជាអ័ប៊ីណាដៃក្នុងការចែកចាយទីបន្ទាល់របស់យើងទាំងពាក្យសម្តី និងជម្រើសរបស់យើងយ៉ាងដូចម្ដេច ?
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ខ្ញុំអាចឈរការពារអ្វីដែលត្រឹមត្រូវ ទោះបីពេលខ្ញុំឈរនៅតែឯងក្តី ។
តើអ្នកអាចរៀបចំកុមារដែលអ្នកបង្រៀនឲ្យមានចិត្តក្លាហានឈរការពារអ្វីដែលត្រឹមត្រូវ ទោះបីពួកគេត្រូវធ្វើវាតែម្នាក់ឯងដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យគូររូបភាពនៃផ្នែកផ្សេងៗគ្នានៃដំណើររឿងរបស់អ័ប៊ីណាដៃ, ស្តេចណូអេ និងអាលម៉ា ដែលមាននៅក្នុង ម៉ូសាយ ១១–១៣ និង ១៧ ។ សូមជួយពួកគេឲ្យប្រើរូបភាពរបស់ពួកគេ ដើម្បីប្រាប់រឿងនោះឡើងវិញ ឬប្រើ « ជំពូកទី ១៤ ៖ អ័ប៊ីណាដៃ និងស្តេចណូអេ » ( ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ៦៣–៧០ ឬមើលវីដេអូដូចគ្នានេះនៅគេហទំព័រ ChurchofJesusChrist.org ) ។ តើអ័ប៊ីណាដៃ និងអាលម៉ាបានឈរការពារអ្វីដែលត្រឹមត្រូវដោយរបៀបណា ? ហេតុអ្វីស្តេចណូអេពុំការពារអ្វីដែលត្រឹមត្រូវ ? ( សូមមើល ម៉ូសាយ ១៧:១១–១២ ) ។ សូមជួយកុមារឲ្យគិតអំពីគ្រានានា ពេលពួកគេបានឈរការពារអ្វីដែលត្រឹមត្រូវ ។
-
សូមជួយកុមារឲ្យគិតអំពីស្ថានភាពនានា ដែលពួកគេអាចការពារអ្វីដែលត្រឹមត្រូវ ហើយអញ្ជើញពួកគេឲ្យដើរតួសម្តែងនៅក្នុងស្ថានភាពមួយចំនួនទាំងនោះ ។ ឧទាហរណ៍ តើពួកគេអាចធ្វើអ្វីខ្លះ នៅពេលនរណាម្នាក់ព្យាយាមឲ្យពួកគេមើលខ្សែភាពយន្តមិនសមរម្យ ឬពេលមិត្តភក្តិរបស់ពួកគេពុំចង់ដាក់បញ្ចូលនរណាម្នាក់នៅក្នុងល្បែងកម្សាន្តដែលពួកគេនឹងលេងនោះ ?
-
សូមបង្ហាញវីដេអូ « Dare to Stand Alone » ( ChurchofJesusChrist.org ) ។ តើប្រធាន ថូម៉ាស អេស ម៉នសុន ដូចជាអ័ប៊ីណាដៃដោយរបៀបណា ?
ខ្ញុំគួរតែគោរពតាមក្រឹត្យវិន័យដប់ប្រការ ។
អ័ប៊ីណាដៃបានបង្រៀនស្តេចណូអេ និងពួកសង្ឃទុច្ចរិតរបស់ទ្រង់អំពីក្រឹត្យវិន័យដប់ប្រការ ។ តើកុមារដែលអ្នកបង្រៀនយល់អំពីមូលហេតុដែលយើងគួរតែស្រឡាញ់ និងគោរពតាមបទបញ្ញត្តិរបស់ព្រះដែរឬទេ ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមចាត់កុមារម្នាក់ៗឲ្យអានក្រឹត្យវិន័យមួយនៅក្នុង ម៉ូសាយ ១២:៣៥ និង ១៣:១១–២៤ ។ សូមជួយកុមារឲ្យគិតអំពីវិធីច្នៃប្រឌិតដើម្បីជួយគ្នាចងចាំក្រឹត្យវិន័យនីមួយៗ ( ដូចជា ឃ្លាដែលមានពាក្យជួន, សកម្មភាព ឬពាក្យកាត់ ) ។ បទ « The Commandments » ( Children’s Songbook ទំព័រ ១១២ ) ក៏អាចជួយបានផងដែរ ។ សូមឲ្យកុមារនូវក្រដាសដែលមានរូបបេះដូង ហើយអញ្ជើញពួកគេឲ្យសរសេរក្រឹត្យវិន័យមួយ ឬច្រើនអំពីក្រឹត្យវិន័យដប់ប្រការនៅលើរូបបេះដូងរបស់ពួកគេ ( សូមមើល ម៉ូសាយ ១៣:១១ )—ប្រហែលជាក្រឹត្យវិន័យណាមួយដែលពួកគេទទួលអារម្មណ៍ថា ពួកគេគួរតែព្យាយាមគោរពឲ្យបានកាន់តែហ្មត់ចត់ ។
-
សូមច្រៀងជាមួយគ្នានូវបទចម្រៀងអំពីបទបញ្ញត្តិ ដូចជាបទ « រក្សាបទបញ្ញត្តិ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦៨ ) ។ តើពរជ័យអ្វីខ្លះដែលកើតមកពីការគោរពបទបញ្ញត្តិ ?
ពេលខ្ញុំមានបាប នោះខ្ញុំបានវង្វេង ដោយសារតែព្រះយេស៊ូវគ្រីស្ទ នោះខ្ញុំអាចរកឃើញផ្លូវវិញ ។
ដើម្បីបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ នោះអ័ប៊ីណាដៃបានដកស្រង់ពាក្យរបស់ព្យាការីអេសាយ ដែលបានប្រៀបធៀបយើងទៅនឹងចៀមដែលបាត់ ។ តើអ្នកអាចប្រើការប្រៀបធៀបនេះដើម្បីបង្រៀនកុមារអំពីព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យចែកចាយបទពិសោធន៍នានា កាលពួកគេបានបាត់អ្វីមួយ ឬកាលពួកគេបានវង្វេងផ្លូវ ។ តើពួកគេមានអារម្មណ៍យ៉ាងណា ? តើពួកគេបានធ្វើអ្វីខ្លះ ? សូមអានជាមួយគ្នានូវ ម៉ូសាយ ១៤:៦ និង ១៦:៤–៩ ។ តើជួនកាលយើង « បែរចេញ » ពីព្រះតាមរបៀបណាខ្លះ ? តើព្រះយេស៊ូវគ្រីស្ទជួយយើងឲ្យត្រឡប់មកវិញតាមរបៀបណា ?
-
សូមអញ្ជើញកុមារឲ្យស្រមៃអំពីហ្វូងចៀមមួយ ។ តើមានហេតុផលអ្វីខ្លះដែលចៀមមួយក្បាលអាចវង្វេង ? សូមសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។ តើយើងអាចដូចជាចៀមដែលរសាត់ព្រាត់ដោយរបៀបណា ? តើព្រះវរបិតាសួគ៌អាចមានព្រះទ័យបែបណា នៅពេលយើងត្រូវបាន « រកឃើញ » វិញ តាមរយៈការប្រែចិត្ត និងដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ? ( សូមមើល គ. និង ស. ១៨:១០–១៣ ) ។ សូមចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះអង្គសង្គ្រោះ និងការប្រែចិត្ត ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យសូមសមាជិកគ្រួសាររបស់ពួកគេ ចែកចាយបទពិសោធន៍ដែលពួកគេបានឈរការពារសេចក្តីពិត ឬលើកទឹកចិត្តកុមារឲ្យចែកចាយបទពិសោធន៍ផ្ទាល់របស់ពួកគេ ។