« ថ្ងៃទី ១–៧ ខែ មិថុនា ។ អាលម៉ា ៥–៧ ៖ ‹ តើអ្នករាល់គ្នាបានស្គាល់ការផ្លាស់ប្ដូរដ៏ធំនេះ នៅក្នុងដួងចិត្តអ្នកហើយឬនៅ ? ›» ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១–៧ ខែ មិថុនា ។ អាលម៉ា ៥–៧ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
ថ្ងៃទី ១–៧ ខែ មិថុនា
អាលម៉ា ៥–៧
« តើអ្នករាល់គ្នាបានស្គាល់ការផ្លាស់ប្ដូរដ៏ធំនេះនៅក្នុងដួងចិត្តអ្នកហើយឬនៅ ? »
អាលម៉ា ៥–៧ អាចជួយបងប្អូននឹកគិតអំពីការប្រែចិត្តជឿជាបន្ដបន្ទាប់របស់បងប្អូនទៅលើព្រះយេស៊ូវគ្រីស្ទ ។ នៅពេលបងប្អូនអាន សូមកត់ត្រានូវអ្វីដែលព្រះវិញ្ញាណបង្រៀនដល់បងប្អូន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អាលម៉ាពុំបានដឹងអំពីការវះកាត់ផ្លាស់ប្ដូរបេះដូងជួយសង្គ្រោះជីវិត ដែលដាក់បេះដូងល្អមកជំនួសឲ្យបេះដូងដែលខូច ឬមានជំងឺនាពេលសព្វថ្ងៃនេះទេ ។ ប៉ុន្តែគាត់ដឹងអំពី « ការផ្លាស់ប្ដូរដួងចិត្ត » ប្រកបដោយអព្ភូតហេតុមួយ ( អាលម៉ា ៥:២៦ ) —ជាអព្ភូតហេតុមួយដែលព្រះអង្គសង្គ្រោះបានប្រទានដល់យើងនូវជីវិតខាងវិញ្ញាណថ្មីមួយ ដូចជាត្រូវបាន « កើតជាថ្មីម្ដងទៀត » ( សូមមើល អាលម៉ា ៥:១៤, ៤៩ ) ។ អាលម៉ាអាចមើលឃើញថា ការផ្លាស់ប្ដូរដួងចិត្តនេះគឺជាអ្វីដែលពួកសាសន៍នីហ្វៃជាច្រើនត្រូវការយ៉ាងពិតប្រាកដ ។ មនុស្សមួយចំនួនជាអ្នកមាន ហើយមួយចំនួនទៀតជាជនក្រីក្រ ខ្លះមានអំនួត ហើយខ្លះទៀតរាបសារ ខ្លះជាអ្នកបៀតបៀនអ្នកដទៃ ហើយអ្នកខ្លះទៀតជួបទុក្ខលំបាកដោយសារការបៀតបៀន ( សូមមើល អាលម៉ា ៤:៦–១៥ ) ។ ប៉ុន្តែពួកគេទាំងអស់គ្នាចាំបាច់ត្រូវមករកព្រះយេស៊ូវគ្រីស្ទដើម្បីទទួលបានការព្យាបាល— ដែលយើងទាំងអស់គ្នាត្រូវការ ។ មិនថាយើងកំពុងព្យាយាមយកឈ្នះលើអំនួត ឬស៊ូទ្រាំរងទុក្ខនោះទេ សារលិខិតរបស់អាលម៉ា គឺដូចគ្នា « ចូរមកចុះ ហើយចូរកុំខ្លាចអី » ( អាលម៉ា ៧:១៥ ) ។ ទុកឲ្យព្រះអង្គសង្គ្រោះផ្លាស់ប្ដូរដួងចិត្តរឹងរូស មានអំពើបាប ឬដំបៅដួងចិត្តឲ្យទៅជាដួងចិត្តរាបសារ បរិសុទ្ធ ហើយថ្មី ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ខ្ញុំត្រូវតែមានបទពិសោធន៍— ហើយបន្ដទទួលអារម្មណ៍—នៃការផ្លាស់ប្ដូរដ៏ធំក្នុងដួងចិត្ត ។
សំណួរនឹកគិតដែលអាលម៉ាបានសួរដល់ប្រជាជននៃសារ៉ាហិមឡា មាននៅក្នុង អាលម៉ា ៥:១៤–៣៣ អាចជួយបងប្អូនស្រាវជ្រាវនៅក្នុងព្រលឹងបងប្អូនផ្ទាល់ ហើយយល់អំពីអត្ថន័យដើម្បីមានបទពិសោធន៍នៃ « ការផ្លាស់ប្ដូរដ៏ធំក្នុងដួងចិត្ត » នៅក្នុងជីវិតរបស់បងប្អូនផ្ទាល់ ។ ប្រធាន អិម រ័សុល បាឡឺដ បានពន្យល់អំពីតម្លៃនៃសំណួរទាំងនេះ ៖ « ខ្ញុំចាំបាច់ត្រូវចំណាយពេលជាទៀងទាត់ដើម្បីសួរខ្លួនឯងថា ‹ តើខ្ញុំធ្វើបានយ៉ាងម៉េចដែរ ? » វាដូចជាការសម្ភាសផ្ទាល់ខ្លួន ជាឯកជនមួយជាមួយខ្លួនឯង ។… ជាការណែនាំដល់ខ្ញុំអំឡុងពេលពិនិត្យមើលខ្លួនឯងឡើងវិញនោះ ខ្ញុំចូលចិត្តអាន ហើយពិចារណាអំពីពាក្យពេចន៍ដែលពិចារណាអំពីខ្លួនឯងដែលមាននៅក្នុងអាលម៉ាជំពូកទីប្រាំ ( Return and Receive » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៦៤ ) ។
សូមគិតថាការអានសំណួររបស់អាលម៉ា ដូចជាបងប្អូនកំពុងសម្ភាសខ្លួនឯង ហើយពិនិត្យមើលក្នុងដួងចិត្តរបស់បងប្អូន ។ បងប្អូនគួរតែកត់ត្រាចម្លើយរបស់បងប្អូនចំពោះសំណួរទាំងឡាយ ។ តើបងប្អូនមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ជាលទ្ធផលនៃការសម្ភាសរបស់បងប្អូន ?
សូមមើលផងដែរ ឌែល ជី រិនឡាន់ « Preserving the Heart’s Mighty ChangeEnsignឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៩៧–៩៩ ។
ខ្ញុំអាចទទួលបានសាក្សីអំពីព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ដោយផ្ទាល់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
អាលម៉ា ថ្លែងទីបន្ទាល់ដ៏មានអានុភាពអំពីព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ ហើយគាត់ក៏បានពន្យល់អំពីរបៀបដែលគាត់បានទទួលទីបន្ទាល់នោះ ។ នៅពេលគាត់ថ្លែងទីបន្ទាល់ គាត់ពុំបានប្រាប់អំពីបទពិសោធន៍របស់គាត់ដោយការមើលឃើញ និងស្ដាប់ឮទេវតានោះទេ ( សូមមើល ម៉ូសាយ ២៧:១០–១៧ ) ប៉ុន្តែបានពិពណ៌នាអំពីតម្លៃដែលគាត់ត្រូវបង់ដើម្បីស្គាល់សេចក្ដីពិតដោយខ្លួនគាត់ជំនួសវិញ ។ តើបងប្អូនរៀនអ្វីខ្លះមកពី អាលម៉ា ៥:៤៤–៥១ អំពីរបៀបដែលអាលម៉ាបានមកស្គាល់សេចក្ដីពិត ? តើបងប្អូនអាចធ្វើតាមគំរូរបស់គាត់នៅក្នុងកិច្ចខិតខំរបស់បងប្អូនដើម្បីទទួលបាន ឬពង្រឹងទីបន្ទាល់របស់បងប្អូនយ៉ាងដូចម្ដេច ? តើបងប្អូនរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះមកពីការបង្រៀនរបស់អាលម៉ានៅក្នុង អាលម៉ា ៥:៣៣–៣៥, ៤៨–៥០ និង ៥៧–៦០ ?
ការគោរពប្រតិបត្តិដោយឧស្សាហ៍ព្យាយាម នឹងជួយខ្ញុំស្ថិតនៅលើ « ផ្លូវដែលនាំទៅរកនគរនៃព្រះ » ។
ប្រជាជនរបស់គេឌាន ពុំរងទុក្ខនឹងសេចក្ដីអាក្រក់ដដែលដូចជាប្រជាជននៅសារ៉ាហិមឡាទេ ដូច្នេះព្រះវិញ្ញាណបានជួយអាលម៉ាឲ្យដឹងពីសេចក្ដីត្រូវការរបស់ពួកគេ ហើយបង្រៀនពួកគេផ្សេងពីគ្នា ( សូមមើល អាលម៉ា ៧:១៧, ២៦ ) ។ បងប្អូនអាចនឹងកត់សម្គាល់ឃើញភាពខុសគ្នាខ្លះៗរវាងសារលិខិតរបស់អាលម៉ានៅក្នុងសារ៉ាហិមឡា ( សូមមើល អាលម៉ា ៥ ) និងនៅក្នុងគេឌាន ។ ឧទាហរណ៍ អាលម៉ា បានមើលឃើញថា ប្រជាជនគេឌាន គឺ « ស្ថិតនៅលើផ្លូវដែលនាំទៅរកនគរនៃព្រះ » ( អាលម៉ា ៧:១៩ ) ។ នៅក្នុងទេសនកថារបស់គាត់ទៅកាន់ពួកគេ អាលម៉ាបានបង្រៀនពួកគេនូវរឿងជាច្រើនអំពីរបៀបដើម្បីស្ថិតនៅលើផ្លូវនោះ ( សូមមើល អាលម៉ា ៧ ) ។ តើគាត់បានផ្ដល់ការប្រឹក្សាអ្វីខ្លះដល់ពួកគេ ? តើបងប្អូនអាចអនុវត្តអ្វីខ្លះនៅក្នុងជីវិតបងប្អូនពេលឥឡូវនេះ ?
ព្រះអង្គសង្គ្រោះបានលើកដាក់មកលើព្រះអង្គទ្រង់នូវអំពើបាប ការឈឺចាប់ និងជំងឺរបស់ខ្ញុំ ។
តើបងប្អូនធ្លាប់មានអារម្មណ៍ថា គ្មាននរណាម្នាក់យល់អំពីបញ្ហា ឬការលំបាករបស់បងប្អូនឬទេ ? បើដូច្នោះ សេចក្ដីពិតទាំងឡាយដែលបានបង្រៀននៅក្នុង អាលម៉ា ៧:៧–១៦ អាចជួយបាន ។ អែលឌើរ ដេវីឌ អេ បែតណាបានថ្លែងទីបន្ទាល់ថា ៖ « ប៉ុន្តែព្រះរាជបុត្រានៃព្រះ ដឹង និងយល់ដ៏ឥតខ្ចោះ ដ្បិតទ្រង់បានដឹង និងរែកបន្ទុករបស់យើងម្នាក់ៗ ។ ហើយព្រោះតែពលិកម្មដ៏គ្មានទីបញ្ចប់ និងអស់កល្បជានិច្ចរបស់ទ្រង់ ( សូមមើល អាលម៉ា ៣៤:១៤ ) ទ្រង់មានការយល់ដឹងដ៏ឥតខ្ចោះ ហើយអាចលាតព្រះហស្តនៃសេចក្ដីមេត្តាករុណាមករកយើង » ( « Bear Up Their Burdens with Ease » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៩០ ) ។
នៅពេលបងប្អូនអាន អាលម៉ា ៧:៧–១៦ ឆ្លុះបញ្ចាំងអំពីអ្វីដែលខគម្ពីរទាំងនេះជួយយើងយល់ដឹងអំពី គោលបំណងទាំងឡាយនៃការពលិកម្មរបស់ព្រះអង្គសង្គ្រោះ ។ តើយើងអាចមានព្រះចេស្ដារបស់ទ្រង់នៅក្នុងជីវិតរបស់យើងយ៉ាងដូចម្តេច ? ចូរពិចារណាធ្វើការកត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន ។
សូមមើលផងដែរ អេសាយ ៥៣:៣–៥ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
អាលម៉ា ៥:៦–១៣
ហេតុអ្វីអាលម៉ាចង់ឲ្យប្រជាជនរបស់គាត់ចងចាំអំពីសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់មានចំពោះជីដូនជីតាពួកគេដូច្នេះ ? តើមានរឿងអ្វីខ្លះមកពីពង្សប្រវត្តិរបស់បងប្អូនបង្រៀនបងប្អូនអំពីសេចក្ដីមេត្តាករុណារបស់ទ្រង់ ? ប្រហែលជាបងប្អូនអាចទៅមើលក្នុង familysearch.org/myfamily ដើម្បីកត់ត្រារឿងទាំងនេះ ។
អាលម៉ា ៥:១៤–៣៣
សមាជិកនៃគ្រួសាររបស់បងប្អូនអាចដឹងថាវាមានអារម្មណ៍យ៉ាងណាដើម្បីរៀបចំខ្លួន—ឬពុំបានរៀបចំខ្លួន—សម្រាប់ការធ្វើដំណើរបោះជំរុំ ការប្រឡងនៅសាលារៀន ឬសម្ភាសធ្វើការងារ ។ តើបទពិសោធន៍ថ្មីៗនេះអ្វីខ្លះ ដែលពួកគាត់អាចចែកចាយដើម្បីបង្ហាញអំពីសារៈសំខាន់នៃការរៀបចំខ្លួនជាស្រេច ? បងប្អូនអាចអញ្ជើញសមាជិកគ្រួសារឲ្យមើល អាលម៉ា ៥:១៤–៣៣ ហើយរកមើលសំណួរដែលអាលម៉ាបានសួរដើម្បីរៀបចំប្រជាជនរបស់គាត់ជួបនឹងព្រះ ។ ប្រហែលជាសមាជិកគ្រួសារម្នាក់ៗអាចជ្រើសរើសសំណួរមួយ ហើយចែកចាយអំពីរបៀបដែលវាអាចជួយយើងរៀបចំខ្លួនដើម្បីជួបនឹងព្រះ ។ គ្រួសាររបស់បងប្អូនក៏អាចដាក់បង្ហាញសំណួររបស់អាលម៉ាជាច្រើននៅក្នុងផ្ទះដើម្បីសមាជិកគ្រួសារអាចពិចារណាផងដែរ ។
អាលម៉ា ៦:៤–៦
តើមានមូលហេតុអ្វីខ្លះ ដែលយើងប្រមូលផ្ដុំគ្នាជាពួកបរិសុទ្ធ ? តើយើងអាចធ្វើឲ្យពេលវេលារបស់យើងនៅព្រះវិហារកាន់តែមានប្រយោជន៍សម្រាប់យើង និងសម្រាប់អ្នកដទៃយ៉ាងដូចម្ដេច ?
អាលម៉ា ៧:៩–១៦
តើយើងរៀនអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដែលជួយយើង « កុំឲ្យភ័យ » ( អាលម៉ា ៧:១៥ ) នៅពេលយើងចាំបាច់ត្រូវប្រែចិត្ត ហើយផ្លាស់ប្ដូរ ? តើខគម្ពីរទាំងនេះបង្រៀនយើងអ្វីខ្លះអំពីការងាកទៅរកព្រះអង្គសង្គ្រោះនៅពេលយើងត្រូវការជំនួយ ? តើមានរឿងអ្វីខ្លះទៀតដែលយើងបានធ្វើដើម្បីទទួលបានជំនួយរបស់ទ្រង់ ? តើទ្រង់បានជួយយើងយ៉ាងដូចម្ដេច ?
អាលម៉ា ៧:២៣
តើយើងដឹងថានរណាជាគំរូល្អដែលមានគុណសម្បត្តិមួយ ឬច្រើនដូចក្នុងខគម្ពីរនេះបានរៀបរាប់ ? ហេតុអ្វីបានជាវាសំខាន់ដើម្បីអភិវឌ្ឍគុណសម្បត្តិទាំងនេះ ?
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនកុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ។