« ថ្ងៃទី ២៤–២៨ ខែ មិថុនា ។ អាលម៉ា ១៧–២២ ៖ ‹ យើងនឹងយកអ្នកធ្វើជាគ្រឿងឧបករណ៍មួយក្នុងដៃយើង › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២២–២៨ ខែ មិថុនា ។ អាលម៉ា ១៧–២២ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
ថ្ងៃទី ២២–២៨ ខែ មិថុនា
អាលម៉ា ១៧–២២
« យើងនឹងយកអ្នកធ្វើជាគ្រឿងឧបករណ៍មួយក្នុងដៃយើង »
នៅពេលបងប្អូនអាន អាលម៉ា ១៧–២២ សូមកត់ត្រាចំណាប់អារម្មណ៍ដែលកើតមានដល់បងប្អូន ហើយធ្វើតាមចំណាប់អារម្មណ៍នោះ ។ ការធ្វើដូច្នោះ នឹងបង្ហាញចំពោះព្រះអម្ចាស់អំពីឆន្ទៈរបស់បងប្អូនដើម្បីទទួលបានវិវរណៈផ្ទាល់ខ្លួនបន្ថែម ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ចូរគិតអំពីមូលហេតុទាំងអស់ដែលមនុស្សអាចមានក្នុងការមិនចែកចាយដំណឹងល្អ ៖ « ខ្ញុំពុំដឹងច្រើនទេ » ឬ « ខ្ញុំមិនប្រាកដថាពួកគេនឹងចាប់អារម្មណ៍ទេ » ឬប្រហែលជា « ចុះបើខ្ញុំធ្វើឲ្យគេអន់ចិត្តទៅវិញនោះ ? » ប្រហែលជាបងប្អូននឹងរកឃើញថាបងប្អូនកំពុងគិតរឿងស្រដៀងគ្នានេះពេលខ្លះ ។ ពួកសាសន៍នីហ្វៃមានមូលហេតុបន្ថែមមួយក្នុងការមិនចែកចាយដំណឹងល្អជាមួយនឹងសាសន៍លេមិនថា ៖ ពួកគេ « ជាប្រជាជនមួយដែលព្រៃផ្សៃ រឹងរូស និងសាហាវ ជាប្រជាជនមួយដែលចូលចិត្តក្នុងការធ្វើឃាតកម្មដល់ពួកនីហ្វៃ » ( អាលម៉ា ១៧:១៤ សូមមើលផងដែរ អាលម៉ា ២៦:២៣–២៥ ) ។ ប៉ុន្តែបុត្រារបស់ស្ដេចម៉ូសាយ មានមូលហេតុមួយកាន់តែខ្លាំងថា ហេតុអ្វីពួកគេមានអារម្មណ៍ថាពួកគេ ត្រូវតែ ចែកចាយដំណឹងល្អជាមួយនឹងសាសន៍លេមិន ៖ « ពួកគេមានបំណងចង់ប្រកាសប្រាប់ពីសេចក្ដីសង្គ្រោះដល់សត្វលោកគ្រប់រូប ព្រោះពួកគេពុំអាចទ្រាំឲ្យព្រលឹងមនុស្សណាម្នាក់ត្រូវវិនាសឡើយ » ( ម៉ូសាយ ២៨:៣ ) ។ សេចក្ដីស្រឡាញ់ដែលបំផុសគំនិតដល់អាំម៉ូន និងបងប្អូនប្រុសរបស់គាត់នេះ ក៏អាចបំផុសគំនិតដល់បងប្អូនឲ្យចែកចាយដំណឹងល្អជាមួយនឹងគ្រួសារ មិត្តភក្ដិ និងអ្នកស្គាល់គ្នាផងដែរ —ទាំងអ្នកដែលមើលទៅហាក់ដូចជាពុំទទួលយកនោះ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
នៅពេលខ្ញុំពង្រឹងសេចក្ដីជំនឿរបស់ខ្ញុំផ្ទាល់ នោះខ្ញុំអាចចែកចាយដំណឹងល្អកាន់តែមានប្រសិទ្ធភាព ។
តើបងប្អូនធ្លាប់ជួបជុំនឹងមិត្តចាស់ ហើយមានអារម្មណ៍ដូចជាអាលម៉ា— មានអំណរលើសលុបដែលពួកគេបន្ដនៅរឹងមាំនៅក្នុងសេចក្ដីជំនឿឬទេ ? ( សូមមើល អាលម៉ា ១៧:១–២) ។ តើបងប្អូនរៀនអ្វីខ្លះមកពីបុត្រារបស់ម៉ូសាយអំពីរបៀបរក្សាសេចក្ដីជំនឿរបស់បងប្អូនទៅលើដំណឹងល្អ ហើយនឹងតាំងចិត្តរឹងមាំ ? នៅពេលបងប្អូនពិចារណាអំពីកម្លាំងខាងវិញ្ញាណរបស់បុត្រារបស់ម៉ូសាយ តើបងប្អូនមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ?
តើការរៀបចំខ្លួនខាងវិញ្ញាណរបស់បុត្រារបស់ម៉ូសាយ ជះឥទ្ធិពលលើកិច្ចការរបស់ពួកគេជាមួយនឹងពួកសាសន៍លេមិនយ៉ាងដូចម្ដេចខ្លះ ? ប្រហែលជាបងប្អូនអាចប្រើឱកាសនេះដើម្បីវាយតម្លៃកិច្ចខិតខំរបស់បងប្អូនក្នុងការបង្រៀនដំណឹងល្អ « ព្រះចេស្ដា និងសិទ្ធិអំណាចពីព្រះ » ( អាលម៉ា ១៧:៣ ) ។
ខ្ញុំអាចធ្វើជាគ្រឿងឧបករណ៍នៅក្នុងព្រះហស្តរបស់ព្រះដើម្បីនាំមកនូវសេចក្ដីសង្គ្រោះដល់កូនចៅទ្រង់ ។
ប្រធាន ថូម៉ាស អេស ម៉នសុន បានមានប្រសាសន៍ថា ៖ « ខ្ញុំតែងតែចង់ឲ្យព្រះអម្ចាស់ដឹងថា បើសិនជាទ្រង់ត្រូវការអ្នកធ្វើកិច្ចការទ្រង់ ថូម៉ាស ម៉នសុន នឹងចេញទៅធ្វើកិច្ចការនោះសម្រាប់ទ្រង់ » វីដេអូ ( « On the Lord’s Errand: The Life of Thomas S Monson, » video, ChurchofJesusChrist.org) ។ នៅពេលបងប្អូនអាន អាលម៉ា ១៧:៦–១២ សូមរកមើលនូវអ្វីដែលបុត្រារបស់ម៉ូសាយបានធ្វើ ដើម្បីពួកគេអាចធ្វើជាគ្រឿងឧបករណ៍នៅក្នុងព្រះហស្ដរបស់ព្រះ ។ តើបងប្អូនអាចធ្វើជាគ្រឿងឧបករណ៍នៅក្នុងព្រះហស្ដរបស់ព្រះដើម្បីប្រទានពរដល់អ្នកដទៃយ៉ាងដូចម្ដេច ? តើបងប្អូនរៀនមកពីគំរូរបស់ពួកគេអ្វីខ្លះ ដែលផ្ដល់ភាពក្លាហានដល់បងប្អូនឲ្យធ្វើអ្វីដែលព្រះអម្ចាស់ចាំបាច់ត្រូវឲ្យបងប្អូនធ្វើ ?
សូមមើលផងដែរ ដាល្លិន អេក អូក « ការចែកចាយដំណឹងល្អដែលបានស្ដារឡើងវិញ » Ensign ឬ Liahonaខែ វិច្ឆិកា ឆ្នាំ២០១៦ ទំព័រ ៥៧–៦០ ។
ខ្ញុំអាចជួយអ្នកដទៃឲ្យរៀបចំខ្លួនដើម្បីទទួលបានដំណឹងល្អ ។
ឡាម៉ូណៃ គឺជាអ្នកដឹកនាំ « ព្រៃផ្សៃ រឹងរូស និងសាហាវ ជាប្រជាជនមួយដែលចូលចិត្តក្នុងការធ្វើឃាតកម្ម » ( អាលម៉ា ១៧:១៤ ) ប៉ុន្តែទ្រង់បានយកឈ្នះលើទំនៀមទម្លាប់ជាច្រើនឆ្នាំមកនោះ ហើយបានទទួលយកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ នៅពេលបងប្អូនអានអំពីការប្រាស្រ័យទាក់ទងរបស់អាំម៉ូនជាមួយនឹងឡាម៉ូណៃ សូមកត់សម្គាល់ថា អាំម៉ូនបានធ្វើអ្វីខ្លះ ដែលបានជួយដល់ឡាម៉ូណៃកាន់តែទទួលយកសារលិខិតរបស់គាត់ ។ បើមានគំនិតជាច្រើនចូលមកក្នុងគំនិតបងប្អូនអំពីអ្វីដែលបងប្អូនអាចធ្វើដើម្បីចែកចាយដំណឹងល្អជាមួយអ្នកដទៃ សូមកត់ត្រាការបំផុសគំនិតទាំងនោះទុក ។
វាក៏អាចជាជំនួយផងដែរដើម្បីគូសចំណាំ ឬសរសេរអំពីសេចក្ដីពិត ដែលអាំម៉ូនបានបង្រៀនដល់ឡាម៉ូណៃ ( សូមមើល អាលម៉ា ១៨:២៤–៣៩) និងសេចក្ដីពិតដែលអើរ៉ុនបានបង្រៀនដល់ឪពុករបស់ឡាម៉ូណៃ ( សូមមើល អាលម៉ា ២២:១–១៦ ) ។ តើខគម្ពីរទាំងនេះផ្ដល់យោបល់ដល់បងប្អូនអំពីសេចក្ដីពិតអ្វីខ្លះ ដែលបងប្អូនអាចចែកចាយជាមួយនឹងអ្នកដទៃដើម្បីជួយពួកគេស្វែងរកទីបន្ទាល់មួយអំពីដំណឹងល្អ ?
ទីបន្ទាល់របស់ខ្ញុំអាចមានឥទ្ធិពលយ៉ាងខ្លាំង ។
ទោះជាដំណើររឿងទាំងឡាយអំពីការផ្លាស់ប្រែចិត្តជឿ ដែលយើងបានអាននៅក្នុងបទគម្ពីរជាញឹកញាប់ជាប់ទាក់ទងនឹងព្រឹត្តការណ៍ខ្លាំងៗក្ដី តែចំណុចសំខាន់នៃដំណើររឿងនោះ ជាធម្មតាយើងរកឃើញថាបុគ្គលម្នាក់ៗមានភាពក្លាហានក្នុងការនិយាយ ហើយចែកចាយដំណឹងល្អជាមួយអ្នកដទៃ ។ របៀបមួយដើម្បីសិក្សាអំពីព្រឹត្តការណ៍ទាំងឡាយនៅក្នុង អាលម៉ា ១៨–២២ គឺរកមើលឥទ្ធិពលដ៏ខ្លាំងរបស់មនុស្សម្នាក់ដែលថ្លែងទីបន្ទាល់របស់គាត់ ឬនាង ។ ប្រហែលជាបងប្អូនអាចកត់ត្រានូវអ្វីដែលបងប្អូនរកឃើញនៅក្នុងឌីយ៉ាក្រាមមួយដូចខាងក្រោមនេះ ៖
អាំម៉ូនបានចែកចាយដំណឹងល្អជាមួយ អ្នកដែលបានចែកចាយដំណឹងល្អជាមួយ ហើយលទ្ធផលគឺ ។ |
ព្រះហស្ដរបស់ព្រះអម្ចាស់ត្រូវបានសន្ធឹងមកកាន់ខ្ញុំ នៅពេលខ្ញុំបានប្រែចិត្ត ។
នៅចុងបញ្ចប់នៃដំណើររឿងនៃការប្រែចិត្តជឿរបស់ឡាម៉ូណៃ មរមនបានបង្រៀនអ្វីមួយដែលសំខាន់អំពីលក្ខណៈរបស់ព្រះអម្ចាស់ ។ តើ អាលម៉ា ១៩:៣៦ ផ្ដល់យោបល់អ្វីខ្លះដល់បងប្អូនអំពីលក្ខណៈរបស់ព្រះអម្ចាស់ ? តើបងប្អូនដឹងថាព្រះហស្ដរបស់ព្រះអម្ចាស់លាតសន្ធឹងមកកាន់បងប្អូននៅពេលណា ? តើបងប្អូនអាចជួយដល់អ្នកទាំងឡាយដែលបងប្អូនស្រឡាញ់ទទួលអារម្មណ៍ដឹងពីសេចក្ដីមេត្តារបស់ទ្រង់យ៉ាងដូចម្ដេច ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
អាលម៉ា ១៧–១៩
តើបងប្អូនអាចធ្វើដំណើររឿងនៅក្នុងជំពូកទាំងនេះកើតមាននៅក្នុងគ្រួសាររបស់បងប្អូនយ៉ាងដូចម្ដេច ? បងប្អូនអាចធ្វើសកម្មភាពសម្ដែងរឿងអំពីអាំម៉ូនការពារដល់ហ្វូងចៀម ឬរឿងរបស់អ័ប៊ីស ប្រមូលផ្ដុំហ្វូងមនុស្សធ្វើជាសាក្សីអំពី ព្រះចេស្ដារបស់ព្រះ ។ ប្រហែលជាសមាជិកគ្រួសារអាចគូររូបនៃផ្នែកផ្សេងៗក្នុងរឿងនោះ ហើយប្រើរូបភាពទាំងឡាយដើម្បីប្រាប់អំពីរឿងនោះ ។ តើគ្រួសាររបស់បងប្អូននឹងធ្វើអ្វីខ្លះដើម្បីធ្វើតាមគំរូរបស់អាំម៉ូន និង អ័ប៊ីស ?
អាលម៉ា ១៨:២៤–៣៩
ប្រហែលជាសមាជិកគ្រួសាររបស់បងប្អូនអាចអាន អាលម៉ា ១៨:២៤–៣៩ ជាមួយគ្នា ហើយប្រាប់អំពីសេចក្ដីពិត ដែលអាំម៉ូនបានបង្រៀនឡាម៉ូណៃ ។ ហេតុអ្វីយើងគិតថាអាំម៉ូនបានបង្រៀនឡាម៉ូណៃអំពីសេចក្ដីពិតទាំងនេះជាមុនដូច្នេះ ? ហេតុអ្វីបានជាវាសំខាន់សម្រាប់យើង ដើម្បីថ្លែងទីបន្ទាល់អំពីសេចក្ដីពិតទាំងនេះ ?
អាលម៉ា ២០:៨–១៥
តើយើងអាចរៀនអ្វីខ្លះមកពីរបៀបដែលឡាម៉ូណៃបានឆ្លើយតបចំពោះឪពុករបស់ទ្រង់ ? តើយើងអាចធ្វើតាមគំរូរបស់ឡាម៉ូណៃក្នុងការក្រោកឈរឡើងការពារអ្វីដែលត្រឹមត្រូវ ? ( ឧទាហរណ៍មួយចំនួន សូមមើល វីដេអូ « Dare to Stand Alone » នៅលើ ChurchofJesusChrist.org ) ។
អាលម៉ា ២២:១៥–១៨
សូមរំឭក អាលម៉ា ២០:២៣ ដើម្បីមើលឃើញថាតើបិតារបស់ឡាម៉ូណៃសុខចិត្តលះបង់អ្វីខ្លះដើម្បីសង្គ្រោះជីវិតរបស់ទ្រង់ ។ បន្ទាប់មករំឭក អាលម៉ា ២២:១៥ដើម្បីមើលឃើញអ្វីដែលទ្រង់ស្ម័គ្រព្រះទ័យដើម្បីលះបង់ដើម្បីទ្រង់ អាចទទួលបានអំណរនៃដំណឹងល្អ ។ តើទ្រង់ស្ម័គ្រព្រះទ័យលះបង់អ្វីខ្លះដើម្បីបានស្គាល់ព្រះ ? ( សូមមើល ខ ១៨) ។ ប្រហែលជាសមាជិកគ្រួសារម្នាក់អាចសរសេរផែនការមួយដើម្បីលះបង់អ្វីមួយដើម្បីពួកគេអាចបានស្គាល់ព្រះបានកាន់តែពេញលេញ ។
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនកុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ។