« ថ្ងៃទី ២២–២៨ ខែ មិថុនា ។ អាលម៉ា ១៧–២២ ៖ ‹ យើងនឹងយកអ្នកធ្វើជាគ្រឿងឧបករណ៍មួយក្នុងដៃយើង › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២២–២៨ ខែ មិថុនា ។ អាលម៉ា ១៧–២២ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២០
អាំម៉ូន និងស្តេចឡាម៉ូណៃដោយ ស្កត់ អិម ស្នូ
ថ្ងៃទី ២២–២៨ ខែ មិថុនា
អាលម៉ា ១៧–២២
« យើងនឹងយកអ្នកធ្វើជាគ្រឿងឧបករណ៍មួយក្នុងដៃយើង »
ដូចជាឡាម៉ូណៃ និងមនុស្សដទៃទៀតនៅក្នុងដំណើររឿងនេះដែលបានផ្លាស់ប្តូរជីវិតដោយបទពិសោធន៍ខាងវិញ្ញាណដែរ នោះកុមារដែលអ្នកបង្រៀនអាចមានបទពិសោធន៍ខាងវិញ្ញាណជាមួយខគម្ពីរដែលនឹងជះឥទ្ធិពលដល់ជីវិតរបស់ពួកគេអស់រយៈពេលជាច្រើនឆ្នាំទៅមុខទៀត ។ សូមចាំចំណុចនេះនៅក្នុងចិត្ត នៅពេលអ្នកពិចារណាអំពីរបៀបដែលអ្នកនឹងបង្រៀនពួកគេ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមបង្ហាញរូបភាពមួយដែលពិពណ៌នាអំពីព្រឹត្តិការណ៍មួយនៅក្នុង អាលម៉ា ១៧–២២ ( សូមមើល គម្រោងមេរៀនសម្រាប់សប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ។ សូមឲ្យកុមារប្រាប់អ្នកអំពីអ្វីដែលពួកគេមើលឃើញនៅក្នុងរូបភាពនេះ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ខ្ញុំអាចចែកចាយដំណឹងល្អជាមួយមនុស្សដទៃ ។
តើគំរូរបស់បុត្រានៃស្តេចម៉ូសាយអាចបំផុសគំនិតសិស្សនៅក្នុងថ្នាក់របស់អ្នក ឲ្យចែកចាយទីបន្ទាល់របស់ពួកគេជាមួយមនុស្សដទៃដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារឲ្យសម្ដែងតាមសាច់រឿងរបស់អាំម៉ូននៅក្នុង អាលម៉ា ១៧–១៩ ។ អ្នកអាចមើល « ជំពូកទី ២៣ ៖ អាំម៉ូន ៖ អ្នកបម្រើដ៏អស្ចារ្យ » ( ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ១០៣–១១០ ឬមើលវីដេអូដូចគ្នានេះនៅគេហទំព័រ ChurchofJesusChrist.org ) ។ ប្រសិនបើអ្នកគិតថា កុមារចូលចិត្តវា សូមយកសម្លៀកបំពាក់ និងគ្រឿងតុបតែងសាមញ្ញមកជាមួយ ។ សូមប្រាប់កុមារអំពីអ្វីដែលអ្នករៀនមកពីរឿងនោះ ហើយអញ្ជើញពួកគេឲ្យធ្វើដូច្នោះផងដែរ ។
-
សូមដាក់បង្ហាញឧបករណ៍មួយ ហើយប្រាប់កុមារថា តើឧបករណ៍នោះប្រើដើម្បីធ្វើអ្វី ។ តើមានឧបករណ៍អ្វីផ្សេងទៀតដែលកុមារស្គាល់ ? សូមអញ្ជើញពួកគេឲ្យធ្វើជាប្រើប្រាស់ឧបករណ៍អ្វីមួយ ។ សូមពន្យល់ថា ព្រះវរបិតាសួគ៌អាចប្រើយើងដើម្បីធ្វើកិច្ចការរបស់ទ្រង់ ដូចយើងប្រើប្រាស់ឧបករណ៍មួយដើម្បីសម្រេចកិច្ចការនានាផងដែរ ។ សូមអាន អាលម៉ា ១៧:១១ ហើយពន្យល់ថា អាំម៉ូន និងបងប្អូនរបស់លោកគឺជាឧបករណ៍របស់ព្រះវរបិតាសួគ៌ ដើម្បីជួយពួកសាសន៍លេមិនឲ្យរៀនដំណឹងល្អ ។
-
សូមឲ្យកុមាររត់នៅមួយកន្លែង ហើយធ្វើជាគោះទ្វារ នៅពេលអ្នកប្រាប់រឿងរបស់អ័ប៊ីស ដែលចេញពីផ្ទះមួយទៅផ្ទះមួយទៀតដើម្បីប្រាប់មនុស្សអំពីព្រះចេស្តារបស់ព្រះ ( សូមមើល អាលម៉ា ១៩:១៦–៣៤ ) ។ សូមជួយកុមារឲ្យគិតអំពីរបៀបនានា ដែលពួកគេអាចក្លាយដូចជាអ័ប៊ីស ហើយចែកចាយដំណឹងល្អជាមួយមនុស្សដទៃ ។
-
សូមអញ្ជើញកុមារឲ្យគូររូបខ្លួនពួកគេកំពុងចែកចាយដំណឹងល្អជាមួយនរណាម្នាក់ ។ សូមជួយពួកគេឲ្យគិតអំពីរឿងជាក់លាក់ដែលពួកគេអាចចែកចាយ ។ សូមច្រៀងចម្រៀងមួយបទជាមួយគ្នាអំពីការចែកចាយដំណឹល្អ ដូចជាបទ « ខ្ញុំចង់ក្លាយជាអ្នកផ្សព្វផ្សាយសាសនាពេលនេះ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៩០ ) ។ សូមទុកឱកាសឲ្យពួកគេចែកចាយអារម្មណ៍របស់ខ្លួនអំពីអ្វីៗដែលអាំម៉ូនបានបង្រៀន ។
ខ្ញុំអាចជួយមនុស្សដទៃឲ្យមករកព្រះគ្រីស្ទ តាមរយៈការបង្ហាញសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះពួកគេ ។
សេចក្តីស្រឡាញ់ និងការបម្រើរបស់អាំម៉ូនបានបន្ទន់ព្រះទ័យរបស់ស្តេចឡាម៉ូណៃ និងព្រះបិតារបស់ទ្រង់ ។ តើកុមារអាចរៀនអ្វីទៀតមកពីដំណើររឿងទាំងនេះ ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមសង្ខេប អាលម៉ា ១៧:២១–២៥ ឲ្យកុមារស្ដាប់ ដោយគូសបញ្ជាក់ថា អាំម៉ូនចង់បម្រើឡាម៉ូណៃ ។ សូមអញ្ជើញកុមារឲ្យចែកចាយបទពិសោធន៍ នៅពេលពួកគេបានបម្រើនរណាម្នាក់ ។ សូមរំឭកកុមារថា ការបម្រើដ៏អស្ចារ្យរបស់អាំម៉ូនបានជួយស្តេចឡាម៉ូណៃឲ្យសព្វព្រះទ័យរៀនអំពីដំណឹងល្អ ( សូមមើល អាលម៉ា ១៨:១៥–២៣ ) ។ សូមអញ្ជើញកុមារឲ្យគិតអំពីនរណាម្នាក់ ដែលពួកគេអាចបម្រើនាថ្ងៃនេះ រួចពិភាក្សាអំពីរបៀបដែលពួកគេអាចបម្រើដល់បុគ្គលនោះ ។
-
សូមប្រាប់កុមារអំពីដំណើររឿងនៅក្នុង អាលម៉ា ២០:៨–២៧ ។ អ្នកអាចប្រើ « ជំពូកទី ២៤ ៖ អាំម៉ូនជួបព្រះបិតារបស់ស្តេចឡាម៉ូណៃ » ( ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ១១១–១១៣ ឬមើលវីដេអូដូចគ្នានេះនៅគេហទំព័រ ChurchofJesusChrist.org ) ។ សូមឲ្យកុមារគិតអំពីសកម្មភាពផ្សេង ដែលពួកគេអាចធ្វើគ្រប់ពេលដែលពួកគេនិយាយអំពីអាំម៉ូន, ឡាម៉ូណៃ ឬបិតារបស់ឡាម៉ូណៃ ។ សូមចង្អុលបង្ហាញថា ហេតុផលមួយដែលព្រះទ័យបិតារបស់ស្តេចឡាម៉ូណៃបានផ្លាស់ប្តូរ គឺដោយសារអាំម៉ូនបានស្រឡាញ់ឡាម៉ូណៃជាខ្លាំង ។ សូមឲ្យកុមារគូររូបភាពអំពីអ្វីដែលពួកគេអាចធ្វើដើម្បីបង្ហាញសេចក្តីស្រឡាញ់ចំពោះនរណាម្នាក់ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ទីបន្ទាល់របស់ខ្ញុំបានកើនឡើង ពេលខ្ញុំអានព្រះគម្ពីរ អធិស្ឋាន និងតមអាហារ ។
ពួកបុត្រានៃម៉ូសាយបានរឹងមាំនៅក្នុងដំណឹងល្អ ហើយបានក្លាយជាអ្នកផ្សព្វផ្សាយសាសនាដ៏អស្ចារ្យ ដោយសារពួកគេបានព្យាយាមសិក្សាព្រះគម្ពីរ អធិស្ឋាន និងតមអាហារ ។ រឿងដូចគ្នាទាំងនេះក៏អាចជួយកុមារដែលអ្នកបង្រៀនផងដែរ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមមកថ្នាក់រៀនដោយយកវត្ថុមួយចំនួនដែលតំណាងឲ្យព្រះគម្ពីរ ការអធិស្ឋាន និងការតមអាហារ ដូចជាព្រះគម្ពីរមួយឈុត រូបភាពនរណាម្នាក់កំពុងអធិស្ឋាន និងរូបភាពម្ហូបអាហារ ហើយពន្យល់អំពីអត្ថន័យតំណាងឲ្យវត្ថុនីមួយៗ ។ សូមអាន អាលម៉ា ១៧:១–៤ ហើយសូមសួរកុមារថា តើវត្ថុទាំងនេះបានជួយពួកបុត្រានៃម៉ូសាយយ៉ាងដូចម្តេច ។ តើការអានព្រះគម្ពីរ ការអធិស្ឋាន និងការតមអាហារជួយយើងឲ្យខិតកាន់តែជិតព្រះវរបិតាសួគ៌យ៉ាងដូចម្តេច ?
-
សូមប្រើ មាតិកាប្រធានបទ នៃ សៀវភៅចម្រៀងកុមារ ដើម្បីជួយកុមារឲ្យរកឃើញចម្រៀងនានាអំពីការសិក្សាព្រះគម្ពីរ និងការអធិស្ឋាន ។ សូមច្រៀងចម្រៀងមួយចំនួននេះជាមួយគ្នា ហើយជួយកុមារឲ្យស្វែងរកអ្វីដែលចម្រៀងនោះបង្រៀន អំពីរបៀបដែលការធ្វើកិច្ចការទាំងនោះផ្តល់ពរដល់ពួកយើង ។
ខ្ញុំអាចជួយមនុស្សដទៃឲ្យមករកព្រះគ្រីស្ទ តាមរយៈការបង្ហាញសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះពួកគេ ។
អាំម៉ូនមានបំណងប្រាថ្នាធ្វើជាអ្នកបម្រើរបស់ឡាម៉ូណៃ ទីបំផុតបាននាំទៅរកឱកាសដើម្បីបង្រៀនឡាម៉ូណៃ នៅពេលព្រះទ័យរបស់ទ្រង់បានបើក ហើយត្រៀមទទួលយកដំណឹងល្អ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារឲ្យអានខគម្ពីរមកពី អាលម៉ា ១៧:២១–៣៩ ដែលប្រាប់អំពីដំណើររឿងនៃការបម្រើរបស់អាំម៉ូនចំពោះស្តេចឡាម៉ូណៃ ។ សូមអញ្ជើញពួកគេឲ្យគូររូបមនុស្ស ឬព្រឹត្តិការណ៍នានានៅក្នុងរឿង បន្ទាប់មកប្រាប់រឿងនោះជាពាក្យសម្តីពួកគេផ្ទាល់ ។ សូមជួយកុមារឲ្យឃើញអំពីរបៀបដែលការបម្រើរបស់អាំម៉ូនបានជះឥទ្ធិពលដល់ស្តេចអង្គនេះ ( សូមមើល អាលម៉ា ១៨:៩–២៣ ) ។ តើយើងអាចរៀនអ្វីខ្លះមកពីដំណើររឿងនេះ អំពីរបៀបជួយមនុស្សដទៃឲ្យរៀនបន្ថែមទៀតអំពីដំណឹងល្អ ?
ម៊ីនេវ៉ា ថៃឆើត ( ឆ្នាំ ១៨៨៨-១៩៧៦ ) អាំម៉ូនបម្រើហ្វូងចៀមរបស់ស្ដេច ឆ្នាំ ១៩៣៥-១៩៤៥ ប្រេងលើបន្ទះឈើ ទំហំ ៣៥ x ៤៨អ៊ិញ ។ សារមន្ទីរសិល្បៈរបស់សាកលវិទ្យាល័យព្រិកហាំ យ៉ង់
-
សូមអាន អាលម៉ា ២២:១–៣ ហើយសូមអញ្ជើញកុមារឲ្យស្តាប់រករបៀបដែលគំរូល្អរបស់អាំម៉ូនជះឥទ្ធិពលដល់បិតារបស់ស្តេចឡាម៉ូណៃ ។ សូមឲ្យពួកគេគិតអំពីនរណាម្នាក់ដែលពួកគេស្គាល់ ដែលត្រូវការស្គាល់ដំណឹងល្អ ។ សូមផ្តល់យោបល់ដល់កុមារថា សេចក្តីស្រឡាញ់ និងគំរូរបស់ពួកគេអាចជួយបុគ្គលនេះឲ្យឃើញអំពីភាពដ៏អស្ចារ្យនៃដំណឹងល្អ ។ សូមជួយកុមារឲ្យគិតអំពីរបៀបនានា ដែលពួកគេអាចធ្វើជាគំរូល្អ និងបង្ហាញសេចក្តីស្រឡាញ់ដល់មនុស្សដែលពួកគេគិតដល់នោះ ។
-
សូមអញ្ជើញអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ឬអ្នកផ្សព្វផ្សាយសាសនាដែលបានត្រឡប់ពីបេសកកម្មម្នាក់ឲ្យចែកចាយរឿងរបស់អាំម៉ូននៅក្នុង អាលម៉ា ១៧–១៨ ។ សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេបានរៀនអំពីកិច្ចការផ្សព្វផ្សាយសាសនាមកពីអាំម៉ូន និងតួនាទីនៃការបម្រើនៅក្នុងកិច្ចខិតខំរបស់ពួកគេ ។ សូមពិភាក្សាជាមួយកុមារអំពីរបៀបនានាដែលពួកគេអាចធ្វើតាមគំរូរបស់អាំម៉ូន ។
-
សូមសរសេរបញ្ជីមួយនៅលើក្តារខៀនអំពីកិច្ចការនានាដែលកុមារអាចធ្វើ ដើម្បីបម្រើសមាជិកគ្រួសាររបស់ពួកគេជាមួយសិស្សទាំងអស់ក្នុងថ្នាក់ ។ តើការបម្រើទាំងនេះនឹងផ្តល់ពរដល់គ្រួសារទាំងមូលយ៉ាងដូចម្តេច ?
ខ្ញុំអាចចែកចាយដំណឹងល្អជាមួយមនុស្សដទៃ ។
តើអ្នកអាចប្រើដំណើររឿងនៅក្នុងខគម្ពីរទាំងនេះ ដើម្បីបំផុសគំនិតកុមារឲ្យក្លាយជាអ្នកផ្សព្វផ្សាយសាសនាដូចជាអាំម៉ូន និង អ័ប៊ីសដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពតំណាងឲ្យសេចក្តីពិតមួយចំនួនដែលអាំម៉ូនបានចែកចាយជាមួយស្តេចឡាម៉ូណៃដែលមាននៅក្នុង អាលម៉ា ១៨:២៤–៤០ ( សូមមើលទំព័រសកម្មភាពសម្រាប់សប្តាហ៍នេះ ) ។ សូមឲ្យកុមារធ្វើជាអ្នកផ្សព្វផ្សាយសាសនា ហើយចែកចាយអ្វីដែលពួកគេដឹងអំពីសេចក្តីពិតទាំងនេះជាមួយគ្នាទៅវិញទៅមក ។
-
សូមអានដំណើររឿងរបស់អ័ប៊ីសជាមួយកុមារ ( សូមមើល អាលម៉ា ១៩:១៦–២០, ២៨–២៩ ) ។ សូមអញ្ជើញកុមារឲ្យឆ្លាស់វេនគ្នាធ្វើដូចជាអ័ប៊ីស ដោយគោះទ្វារថ្នាក់រៀន និងថ្លែងទីបន្ទាល់អំពីអ្វីដែលបានកើតឡើងនៅក្នុង អាលម៉ា ១៩:១–១៧ ។ តើយើងអាចធ្វើដូចជាអ័ប៊ីស ហើយថ្លែងទីបន្ទាល់អំពីសេចក្តីពិតដែលយើងដឹងដោយរបៀបណា ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យដាក់គោលដៅប្រកបដោយការអធិស្ឋានជាមួយគ្រួសាររបស់ពួកគេដើម្បី ចែកចាយដំណឹងល្អជាមួយនរណាម្នាក់ ។
ការកែលម្អការបង្រៀនរបស់យើង
សូមតាមដានការអញ្ជើញឲ្យធ្វើសកម្មភាព ។ នៅពេលអ្នកអញ្ជើញឲ្យកុមារធ្វើសកម្មភាពលើអ្វីដែលពួកគេកំពុងរៀន សូមតាមដានការអញ្ជើញនោះពេលបង្រៀនលើកក្រោយ ។ ការណ៍នេះបង្ហាញដល់កុមារថា អ្នកយកចិត្តទុកដាក់អំពីរបៀបដែលដំណឹងល្អផ្តល់ពរដល់ជីវិតរបស់ពួកគេ ។ កាលពួកគេចែកចាយបទពិសោធន៍របស់ពួកគេ នោះពួកគេនឹងត្រូវបានពង្រឹងឡើង ហើយនឹងជួយដល់គ្នាទៅវិញទៅមកឲ្យរស់នៅតាមដំណឹងល្អ ( សូមមើល ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ៣៥ ) ។