« ថ្ងៃទី ៨–១៤ ខែ មិថុនា ។ អាលម៉ា ៨–១២ ៖ ព្រះយេស៊ូវគ្រីស្ទនឹងយាងមកប្រោសលោះរាស្ត្ររបស់ទ្រង់ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៨–១៤ ខែ មិថុនា ។ អាលម៉ា ៨–១២ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២០
ថ្ងៃទី ៨–១៤ ខែ មិថុនា
អាលម៉ា ៨:១២
ព្រះយេស៊ូវគ្រីស្ទនឹងយាងមកប្រោសលោះរាស្ត្ររបស់ទ្រង់
នៅពេលអ្នកអានអ្វីដែលអាលម៉ា និងអាមូលេកបានបង្រៀនប្រជាជននៅអាំម៉ូណៃហា តើអ្នកមានអារម្មណ៍អ្វីដែលទាក់ទងយ៉ាងពិសេសចំពោះកុមារដែលអ្នកបង្រៀន ?
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញកុមារឲ្យពិពណ៌នាអំពីអ្វីដែលពួកអ្នកផ្សព្វផ្សាយសាសនាធ្វើ ហើយឲ្យពួកគេប្រាប់អ្នកអំពីនរណាម្នាក់ដែលពួកគេស្គាល់ ដែលកំពុងបម្រើបេសកកម្ម ។ តើពួកអ្នកផ្សព្វផ្សាយសាសនាបង្រៀនអ្វីដល់មនុស្ស ? សូមជួយឲ្យកុមារយល់ថា អាលម៉ា និងអាមូលេកគឺជាអ្នកផ្សព្វផ្សាយសាសនា ដែលបានចែកចាយដំណឹងល្អជាមួយប្រជាជនអាំម៉ូណៃហា ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ខ្ញុំអាចចែកចាយដំណឹងល្អ ។
អាលម៉ាបានធ្វើដំណើរទៅទូទាំងដែនដីដើម្បីប្រកាសដំណឹងល្អ ហើយអាមូលេកបានប្រកាសនៅក្នុងទីក្រុងរបស់លោកដល់មិត្តភក្តិ និងអ្នកជិតខាងរបស់លោក ។ តើអ្នកអាចបំផុសគំនិតកុមារឲ្យធ្វើតាមគំរូរបស់ពួកលោក ហើយចែកចាយដំណឹងល្អជាមួយមនុស្សដទៃបានដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអានជាមួយគ្នាពាក់កណ្តាលជំពូកដំបូងនៃ « ជំពូកទី ២២ ៖ បេសកកម្មរបស់អាលម៉ាទៅទីក្រុងអាំម៉ូណៃហា » ( ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ៩៤–១០២, សូមមើលផងដែរនូវវីដេអូដូចគ្នានេះនៅគេហទំព័រ ChurchofJesusChrist.org ) ។ សូមអញ្ជើញកុមារឲ្យថ្ពក់ដៃគ្នាជាគូ ហើយធ្វើដូចជាអាមូលេក និងអាលម៉ា ដែលបានបង្រៀនដំណឹងល្អជាមួយគ្នា នៅពេលពួកគេច្រៀងចម្រៀងមួយអំពីកិច្ចការផ្សព្វផ្សាយសាសនា ដូចជាបទ « ខ្ញុំចង់ក្លាយជាអ្នកផ្សាយសាសនាពេលនេះ » ( សៀវភៅចម្រៀងកុមារ លេខ ៩០ ) ។
-
សូមជួយកុមារឲ្យសូត្រសេចក្តីពិតនៃដំណឹងល្អនេះបីបួនដងទៀតឡើងវិញដូចជា « ព្រះគម្ពីរមរមនថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ » ឬ « ខ្ញុំដឹងថា ព្រះយេស៊ូវស្រឡាញ់ខ្ញុំ » ។ បន្ទាប់មក សូមអញ្ជើញកុមារម្នាក់ៗឲ្យហាត់សមចែកចាយសេចក្តីពិតនេះជាមួយនរណាម្នាក់នៅក្នុងថ្នាក់ ។ ជាផ្នែកនៃសកម្មភាពនេះ អ្នកអាចជួយកុមារឲ្យបំពេញទំព័រសកម្មភាពនាសប្ដាហ៍នេះ ។
-
សូមឲ្យកុមារប្រាប់អ្នកអំពីអ្វីដែលពួកគេបានចែកចាយជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិ—ដូចជាប្រដាប់ក្មេងលេង ឬស្ករគ្រាប់ជាដើម ។ សូមជួយពួកគេឲ្យសរសេរកិច្ចការសំខាន់ៗមួយចំនួន ដែលយើងអាចចែកចាយជាមួយមនុស្សដទៃអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមពន្យល់ថា ដោយសារដំណឹងល្អសំខាន់ ទើបអាលម៉ាបានទៅចែកចាយវាជាមួយប្រជាជននៅក្នុងទីក្រុងដទៃទៀតជាច្រើន ដើម្បីពួកគេអាចរៀនអំពីរបៀបដើម្បីមានភាពរីករាយ ។
ខ្ញុំអាចក្លាយជាកល្យាណមិត្តម្នាក់ ។
ការបម្រើរបស់អាមូលេកដល់អាលម៉ាគឺជាគំរូល្អដល់កុមារ អំពីរបៀបដែលពួកគេអាចស្រឡាញ់ និងបម្រើដល់មនុស្សដទៃ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារម្នាក់ឲ្យធ្វើជាអាមូលេក និងកុមារម្នាក់ផ្សេងទៀតឲ្យធ្វើជាអាលម៉ា ពេលអ្នកប្រាប់រឿងនៅក្នុង អាលម៉ា ៨:១៨–២២ ។ សូមឲ្យកុមារជួយប្រាប់រឿងនោះ ហើយអញ្ជើញកុមារផ្សេងទៀតឲ្យធ្វើជាអាលម៉ា និងអាមូលេក ។ តើអាមូលេកជាកល្យាណមិត្តម្នាក់ចំពោះអាលម៉ាយ៉ាងដូចម្តេច ? សូមឲ្យកុមារនិយាយអំពីរបៀបដែលនរណាម្នាក់បានក្លាយជាមិត្តជាមួយពួកគេ ។ តើបទពិសោធន៍នេះបានធ្វើឲ្យពួកគេមានអារម្មណ៍ដូចម្តេចដែរ ? ហេតុអ្វីព្រះសព្វព្រះទ័យឲ្យយើងធ្វើជាកល្យាណមិត្តជាមួយមនុស្សដទៃ ?
-
សូមស្វែងរក ឬគូររូបភាពដែលបង្ហាញអំពីមិត្តភាព ( ដូចជារូបមនុស្សពីរនាក់ឱបគ្នា ឬរូបបេះដូង ) ហើយកាត់វាដាក់ទៅក្នុងក្រដាសផ្គុំ ។ នៅផ្នែកខាងក្រោយនៃក្រដាសផ្គុំនីមួយៗ សូមសរសេរអ្វីដែលអាលម៉ា និងអាមូលេកបានធ្វើ ក្នុងនាមជាកល្យាណមិត្ត ឬអ្វីដែលយើងអាចធ្វើដើម្បីក្លាយជាកល្យាណមិត្តម្នាក់ ។ សូមឲ្យកុមារប្ដូរវេនគ្នាជ្រើសរើសបំណែកមួយ ហើយបន្ថែមវាទៅក្នុងក្រដាសផ្គុំនោះ ពេលអ្នកអានអ្វីដែលបានសរសេរនៅផ្នែកខាងក្រោយរបស់វា ។ សូមជួយពួកគេឲ្យគិតអំពីមនុស្សដែលពួកគេអាចធ្វើជាមិត្តជាមួយ ។ សូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាមិត្តភក្តិដ៏អស្ចារ្យបំផុតដែលយើងអាចមាន ។
បន្ទាប់ពីការស្លាប់ ខ្ញុំនឹងរស់ឡើងវិញ ។
អាមូលេកបានបង្រៀនប្រជាជននៅទីក្រុងអាំម៉ូណៃហាអំពីការរស់ឡើងវិញ ។ តើអ្នកអាចជួយកុមារដែលអ្នកបង្រៀនឲ្យយល់ពីអត្ថន័យនៃការរស់ឡើងវិញយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រើដៃរបស់អ្នកដើម្បីតំណាងធ្វើជាវិញ្ញាណមួយ ហើយប្រើស្រោមដៃតំណាងធ្វើជារូបកាយមួយ ។ សូមដកស្រោមដៃចេញពីដៃអ្នក ដើម្បីបង្ហាញកុមារថា វិញ្ញាណ និងរូបកាយរបស់យើងនឹងបែកចេញពីគ្នានៅពេលយើងស្លាប់ ។ បន្ទាប់មកសូមពាក់ស្រោមដៃចូលដៃអ្នកវិញ ដើម្បីបង្ហាញថា វិញ្ញាណ និងរូបកាយរបស់យើងនឹងចូលគ្នាវិញម្តងទៀត នៅពេលយើងរស់ឡើងវិញ ។ សូមអនុញ្ញាតឲ្យកុមារប្ដូរវេនគ្នាពាក់ស្រោមដៃ ហើយដោះវាចេញវិញ នៅពេលអ្នកអាន អាលម៉ា ១១:៤៣ ដល់ពួកគេ ។ សូមបង្ហាញរូបភាពរបស់ ម៉ារា និងព្រះយេស៊ូវគ្រីស្ទ ដែលមានព្រះជន្មរស់ ( សៀវភៅរូបភាពដំណឹងល្អ, លេខ ៥៩ ) ហើយថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទអាចធ្វើឲ្យមនុស្សគ្រប់រូបរស់ឡើងវិញបាន ។
-
សូមអញ្ជើញកុមារឲ្យគូររូបមិត្តភក្តិ ឬសមាជិកគ្រួសារពួកគេ រួមទាំងសាច់ញាតិសន្តានរបស់ពួកគេផងដែរ ។ នៅពេលកុមារចែកចាយរូបភាពរបស់ពួកគេ សូមចង្អុលទៅមិត្តភក្តិ ឬសមាជិកគ្រួសារម្នាក់ៗដែលពួកគេបានគូរ ហើយពន្យល់ថា ពួកគាត់នឹងរស់ឡើងវិញ ។ សូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវបានធ្វើឲ្យយើងអាចនៅជាមួយគ្រួសារយើងជារៀងរហូត ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ខ្ញុំអាចចែកចាយដំណឹងល្អ ។
អាលម៉ា និងអាមូលេកបានចែកចាយដំណឹងល្អ ទោះបីនៅពេលវាមិនងាយស្រួលក្តី ។ តើភាពក្លាហាន និងសេចក្តីជំនឿរបស់ពួកលោកអាចបំផុសគំនិតកុមារដែលអ្នកបង្រៀនដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមសង្ខេបព្រឹត្តិការណ៍នៅក្នុង អាលម៉ា ៨–១០ ជាសម្ដីរបស់អ្នកផ្ទាល់ ។ សូមជ្រើសរើសគោលការណ៍មួយចំនួនមកពីព្រឹត្តិការណ៍ទាំងនេះ ដែលអាចជួយកុមារឲ្យចែកចាយដំណឹងល្អ ដូចជាស្មារតីលះបង់ ( សូមមើល អាលម៉ា ៨:៨–១៣ ) ការថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ ( សូមមើល អាលម៉ា ៩:២៦–២៧ ) ហើយការមានដៃគូ ( សូមមើល អាលម៉ា ១០:៧–១១ ) ។ សូមអញ្ជើញកុមារឲ្យអានខគម្ពីរដែលបានជ្រើសរើស ហើយប្រាប់នូវអ្វីដែលពួកគេរៀនអំពីការចែកចាយដំណឹងល្អ ។ ហេតុអ្វីវាសំខាន់ដើម្បីប្រាប់មនុស្សដទៃអំពីដំណឹងល្អ ?
-
សូមអញ្ជើញកុមារឲ្យចែកចាយបទពិសោធន៍ នៅពេលពួកគេបានចែកចាយដំណឹងល្អជាមួយនរណាម្នាក់ ឬក៏ចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក ។ សូមអញ្ជើញកុមារឲ្យស្តាប់រកវិធីនានា ដែលពួកគេអាចរៀបចំខ្លួនចែកចាយដំណឹងល្អ នៅពេលពួកគេច្រៀងចម្រៀងមួយអំពីកិច្ចការផ្សព្វផ្សាយសាសនា ដូចជាបទ « យើងនឹងនាំការពិតទ្រង់ដល់លោកិយ » ( សៀវភៅចម្រៀងកុមារ លេខ ៩២ ) ។ ហេតុអ្វីព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងចែកចាយដំណឹងល្អ ? សូមជួយកុមារឲ្យដាក់ផែនការអំពីវិធីនានាដើម្បីចែកចាយដំណឹងល្អជាមួយមិត្តភក្តិរបស់ពួកគេ ដូចជាការឲ្យព្រះគម្ពីរមរមនមួយក្បាល ឬអញ្ជើញពួកគេឲ្យមកសកម្មភាពព្រះវិហារ ។ សូមទុកពេលឲ្យពួកគេដើរតួសម្តែងនូវអ្វីដែលពួកគេអាចនិយាយ ឬធ្វើនៅក្នុងស្ថានភាពទាំងនេះ ។
ផែនការរបស់ព្រះ គឺជាផែនការនៃសុភមង្គល
តើអ្នកនឹងប្រើប្រាស់ អាលម៉ា ១១–១២ដើម្បី « [ ធ្វើឲ្យ ] [ កុមារ ] ដឹងអំពីផែនការនៃសេចក្តីប្រោសលោះ » យ៉ាងដូចម្តេច ? ( អាលម៉ា ១២:៣០ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមសរសេរនៅលើក្តារខៀននូវគោលការណ៍មួយចំនួន ដែលទាក់ទងនឹងផែនការនៃសេចក្តីប្រោសលោះដែលមាននៅក្នុង អាលម៉ា ១១–១២ ដូចជា ការធ្លាក់របស់អ័ដាម និងអេវ៉ា, ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ, ការប្រែចិត្ត, សេចក្តីស្លាប់, ការរស់ឡើងវិញ និងការជំនុំជម្រះ ។ សូមអានខគម្ពីរពីរបីមកពី អាលម៉ា ១១ ឬ ១២ ដែលបង្រៀនអំពីគោលការណ៍នានា ហើយទុកពេលឲ្យកុមារគូររូបភាពដែលតំណាងឲ្យគោលការណ៍នីមួយ ។ តើព្រះអង្គសង្គ្រោះមានតួនាទីអ្វីនៅក្នុងផែនការនេះ ? បន្ទាប់មក សូមអញ្ជើញកុមារឲ្យប្រើរូបភាពរបស់ពួកគេ ដើម្បីដើរតួសម្តែងការបង្រៀនមិត្តម្នាក់អំពីផែនការរបស់ព្រះ ។
ប្រសិនបើខ្ញុំពុំធ្វើចិត្តរឹងរូសទេ នោះខ្ញុំអាចទទួលព្រះបន្ទូលរបស់ព្រះបានកាន់តែច្រើន ។
កាលដល់ពេលរៀនសូត្រអំពីសេចក្តីពិតខាងវិញ្ញាណ នោះលក្ខខណ្ឌនៃដួងចិត្តរបស់យើងគឺសំខាន់ដូចជាសមត្ថភាពនៃគំនិតរបស់យើងដែរ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន អាលម៉ា ១២:១០ ជាមួយគ្នា រួចពិភាក្សាអំពីអត្ថន័យនៃពាក្យធ្វើចិត្តរបស់យើងឲ្យ « រឹងរូស » ។ ហេតុអ្វីការធ្វើចិត្តរឹងរូសធ្វើឲ្យវាកាន់តែពិបាកដើម្បីរៀនពីព្រះ ?
-
ដើម្បីបង្ហាញអំពីគោលការណ៍នេះ សូមបង្ហាញកុមារនូវអេប៉ុងទន់ៗ និងថ្មមួយដុំ ហើយសួរពួកគេថា តើវត្ថុណាមួយដែលនឹងស្រូបទឹកបានល្អប្រសើរជាង ។ តើយើងអាចបង្ហាញព្រះអម្ចាស់ថា យើងចង់ឲ្យដួងចិត្តរបស់យើងទន់ដូចជាអេប៉ុងយ៉ាងដូចម្ដេច ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យរកមើលឱកាសនានាដើម្បីចែកចាយដំណឹងល្អ ឬជួយនរណាម្នាក់នៅក្នុងសប្តាហ៍នេះ ។