« ថ្ងៃទី ២៩ ខែ មិថុនា–ថ្ងៃទី ៥ ខែ កក្កដា អាលម៉ា ២៣–២៩ ៖ ពួកគេ ‹ ពុំបោះបង់ចោល សាសនាឡើយ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៩ ខែ មិថុនា–ថ្ងៃទី ៥ ខែ កក្កដា អាលម៉ា ២៣–២៩ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២០
ថ្ងៃទី ២៩ ខែ មិថុនា–ថ្ងៃទី ៥ ខែ កក្កដា
អាលម៉ា ២៣–២៩
ពួកគេ « ពុំបោះបង់ចោលសាសនាឡើយ »
សូមសិក្សា អាលម៉ា ២៣–២៩ ប្រកបដោយការអធិស្ឋាន ដោយរកមើលការបំផុសគំនិតអំពីអ្វីដែលកុមារត្រូវការ និងរបៀបជួយពួកគេ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមគូររូបមុខមនុស្សរីករាយនៅលើក្រដាសមួយសន្លឹក ហើយឲ្យកុមារម្នាក់ៗកាន់ក្រដាសនោះ ។ នៅពេលពួកគេកាន់ក្រដាសនោះ សូមឲ្យពួកគេប្រាប់អ្វីមួយដែលពួកគេបានរៀនពីព្រះគម្ពីរមរមន ដែលនាំឲ្យពួកគេមានអំណរ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ខ្ញុំមានពរ ពេលខ្ញុំរក្សាការសន្យាទាំងឡាយរបស់ខ្ញុំ ។
តើអ្នកបានរៀនអ្វីខ្លះនៅក្នុងការសិក្សារបស់អ្នកពី អាលម៉ា ២៤:៦–២៤ ដែលអាចជួយកុមារឲ្យយល់អំពីសារៈសំខាន់នៃការរក្សាការសន្យាសុចរិត ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអានខគម្ពីរ ឬឃ្លាមួយចំនួនមកពី អាលម៉ា ២៤:៦–២៤ ដើម្បីបង្រៀនកុមារអំពីពួកសាសន៍ អាន់តៃ នីហ្វៃ លីហៃ ការសន្យាដែលពួកគេបានធ្វើ និងរបៀបដែលពួកគេបានរក្សាការសន្យានោះ ។ អ្នកក៏អាចប្រើរូបភាពនៅក្នុង គម្រោងមេរៀនសប្តាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ឬ « ជំពូកទី ២៦ ៖ ប្រជាជនអាំម៉ូន » ( ដំណើររឿងព្រះគម្ពីរមរមន ៧៣–៧៤ ឬវីដេអូដែលដូចគ្នានេះនៅលើគេហទំព័រ ChurchofJesusChrist.org ) ។
-
សូមពិពណ៌នាអំពីរបៀបដែលពួកសាសន៍អាន់តៃ‑នីហ្វៃ‑លីហៃ បានរក្សាការសន្យារបស់ពួកគេ ដោយការកប់អាវុធពិជ័យសង្គ្រាមរបស់ពួកគេ ។ សូមឲ្យកុមារគូររូបដាវមួយ បន្ទាប់មកធ្វើជាជីករណ្តៅមួយ ហើយកប់ដាវរបស់ពួកគេ ។ សូមជួយកុមារឲ្យគិតអំពីការសន្យាដែលពួកគេបានធ្វើ ។ ហេតុអ្វីវាសំខាន់ដើម្បីរក្សាការសន្យា ? សូមពន្យល់ថា នៅពេលយើងទទួលពិធីបុណ្យជ្រមុជទឹក យើងបានចុះកិច្ចសន្យាជាមួយព្រះ ហើយទ្រង់បានចុះកិច្ចសន្យាជាមួយយើង ។ ទាំងនេះហៅថាសេចក្តីសញ្ញា ។ សូមថ្លែងទីបន្ទាល់ថា យើងមានពរ ពេលយើងរក្សាការសន្យារបស់យើងជាមួយព្រះ ។
ដំណឹងល្អនាំអំណរមកដល់ខ្ញុំ ហើយខ្ញុំអាចចែកចាយអំណរនេះជាមួយមនុស្សដទៃបាន ។
អាំម៉ូនដែលបានជួយបង្រៀនដំណឹងល្អដល់ពួកសាសន៍អាន់តៃ‑នីហ្វៃ‑លីហៃ បានទទួលអំណរដ៏មហិមាពីការប្រកាសដំណឹងល្អ ។ អាលម៉ាដែលបានបង្រៀនដំណឹងល្អដល់មនុស្សជាច្រើន បានទទួលអំណរដូចគ្នាផងដែរ ។ យើងអាចទទួលបទពិសោធន៍នៃអំណរដូចគ្នានេះ ពេលយើងចែកចាយទីបន្ទាល់របស់យើងជាមួយមនុស្សដទៃ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជ្រើសរើសឃ្លាមួយចំនួនពី អាលម៉ា ២៦ ឬ ២៩ ដែលនិយាយអំពីអំណរ ហើយអានវាឲ្យកុមារស្តាប់ ( ឧទាហរណ៍ សូមមើល អាលម៉ា ២៦:១១, ១៣ ឬ អាលម៉ា ២៩:១៣–១៤ ) ។ សូមឲ្យកុមារក្រោកឈរឡើង គ្រប់ពេលដែលពួកគេឮពាក្យ « អំណរ » ឬពាក្យ « អររីករាយ » ។ សូមជួយកុមារឲ្យយល់ថា ការចែកចាយដំណឹងល្អបានធ្វើឲ្យអាលម៉ា និងអាំម៉ូនរីករាយ ។ សូមចែកចាយបទពិសោធន៍មួយ ពេលការចែកចាយដំណឹងល្អបានធ្វើឲ្យអ្នកមានអំណរ ។
-
សូមឲ្យកុមារគូររូបភាពនានាដែលនាំពួកគេឲ្យមានអំណរ ។ សូមអញ្ជើញកុមារម្នាក់ឲ្យគំនូររបស់គាត់ទៅកាន់មិត្តរួមថ្នាក់ម្នាក់ទៀត ហើយពន្យល់អំពីរូបភាពនោះ ។ សូមចង្អុលបង្ហាញថា ពេលមានអ្វីមួយនាំឲ្យយើងមានអំណរ—ដូចជាដំណឹងល្អ—នោះអំណរយើងកើនឡើង ពេលយើងចែកចាយអំណរនោះ ។
-
សូមឲ្យព្រះគម្ពីរមរមនមួយក្បាលទៅកុមារ ហើយឲ្យគាត់អនុវត្តការចែកចាយគម្ពីរនោះជាមួយសិស្សម្នាក់ទៀតនៅក្នុងថ្នាក់ ។ សូមលើកទឹកចិត្តកុមារឲ្យពន្យល់ពីអារម្មណ៍របស់ពួកគេអំពីព្រះគម្ពីរមរមន ។ ហេតុអ្វីយើងចែកចាយព្រះគម្ពីរមរមនជាមួយមនុស្សដទៃ ?
ខ្ញុំអាចជួយមិត្តភក្តិរបស់ខ្ញុំឲ្យរស់នៅតាមដំណឹងល្អ ។
ពួកសាសន៍នីហ្វៃបានការពារពួកសាសន៍អាន់តៃ‑នីហ្វៃ‑លីហៃពីមារសត្រូវរបស់ពួកគេ ហើយបានជួយពួកគេឲ្យរក្សាសេចក្ដីសញ្ញាដែលពួកគេបានធ្វើជាមួយនឹងព្រះអម្ចាស់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រាប់កុមារនូវរឿងរបស់ពួកសាសន៍អាន់តៃ‑នីហ្វៃ‑លីហៃ បានចុះកិច្ចសន្យាពុំប្រយុទ្ធទៀតឡើយ ( សូមមើល អាលម៉ា ២៧:២០–៣០ ) ។ សូមពន្យល់ថា ដោយសារការសន្យារបស់ពួកសាសន៍អាន់តៃ‑នីហ្វៃ‑លីហៃ នោះពួកគេពុំអាចការពារខ្លួនពីមារសត្រូវពួកគេបានឡើយ ។ សូមអាន អាលម៉ា ២៧:២៣ ហើយពន្យល់ថា មិត្តភក្ដិរបស់ពួកគេក្នុងចំណោមពួកសាសន៍នីហ្វៃ បានជ្រើសរើសការពារពួកសាសន៍អាន់តៃ‑នីហ្វៃ‑លីហៃ ដើម្បីឲ្យពួកគេអាចរក្សាការសន្យារបស់ខ្លួន ។ តើយើងអាចជួយមិត្តភក្តិរបស់យើងឲ្យរក្សាការសន្យារបស់ពួកគេដោយរបៀបណា ? សូមប្រាប់ពីគ្រាមួយ ពេលមិត្តម្នាក់បានជួយអ្នកឲ្យរក្សាការសន្យារបស់អ្នកជាមួយព្រះ ។
-
សូមដើរតួសម្ដែងជាមួយកុមារតាមស្ថានភាពដែលពួកគេអាចជួយមនុស្សដទៃឲ្យជ្រើសរើសត្រូវ តាមរបៀបដ៏សប្បុរសមួយ ។ ឧទាហរណ៍ តើយើងអាចនិយាយដូចម្តេចទៅកាន់មិត្តម្នាក់ដែលចង់និយាយកុហក ឬមានចិត្តកំណាញ់ ?
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
សេចក្តីសញ្ញាគឺជាការសន្យាដែលខ្ញុំបានធ្វើជាមួយព្រះ ហើយទ្រង់បានធ្វើវាជាមួយខ្ញុំ ។
ពួកសាសន៍អាន់តៃ‑នីហ្វៃ‑លីហៃ បានកប់អាវុធរបស់ពួកគេ ហើយបានសន្យាថា នឹងមិនសម្លាប់មនុស្សទៀតទេ ។ ស្រដៀងគ្នានេះផងដែរ កុមារដែលអ្នកបង្រៀនអាចរក្សាសេចក្តីសញ្ញារបស់ពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យថ្មតូចៗទៅកុមារទាំងអស់ ហើយអញ្ជើញពួកគេឲ្យសរសេរពាក្យ សេចក្តីសញ្ញា នៅលើថ្មរបស់ពួកគេ ។ សូមពន្យល់ថា សេចក្តីសញ្ញាគឺជាការសន្យាមួយរវាងព្រះវរបិតាសួគ៌ និងបុត្រាបុត្រីរបស់ទ្រង់ ។ តើសេចក្តីសញ្ញារបស់យើងធ្វើឲ្យយើងរឹងមាំ ឬ « រឹងប៉ឹង » ដូចថ្មយ៉ាងដូចម្តេច ? ( អាលម៉ា ២៤:១៩ ) ។ សូមអាន អាលម៉ា ២៤:១៦–២៥ ជាមួយគ្នា ដើម្បីរៀនពីសេចក្តីសញ្ញាអ្វីដែលប្រជាជនអាំម៉ូនបានធ្វើ និងរបៀបដែលពួកគេគោរពសេចក្តីសញ្ញារបស់ពួកគេ ។ សូមអញ្ជើញកុមារឲ្យយកថ្មទាំងនោះទៅផ្ទះ ទុកជាការរំឭកមួយដើម្បីរក្សាសេចក្តីសញ្ញារបស់ពួកគេ ។
-
សូមអាន អាលម៉ា ២៤:១៦–១៩ ជាមួយកុមារ ហើយពិភាក្សាអំពីអ្វីដែលពួកសាសន៍អាន់តៃ‑នីហ្វៃ‑លីហៃបានធ្វើ ដើម្បីបង្ហាញព្រះថា ពួកគេបានប្រែចិត្ត ។ តើពួកគេបានចុះសេចក្តីសញ្ញាថាមិនធ្វើអ្វី ? សូមពន្យល់ថា សេចក្តីសញ្ញាដែលយើងធ្វើគឺជា « ទីបន្ទាល់ចំពោះព្រះ » ថា យើងចង់ធ្វើតាមបទបញ្ញត្តិរបស់ព្រះ ( ខទី ១៨ ) ។ តើសេចក្តីសញ្ញាអ្វីខ្លះដែលកុមារបានធ្វើ ?
-
សូមអញ្ជើញកុមារឲ្យគូររូបភាពអំពីអាវុធរបស់ពួកសាសន៍អាន់តៃ‑នីហ្វៃ‑លីហៃ ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យសរសេរនៅលើខ្នងនៃអាវុធនោះនូវអ្វីដែលពួកគេមានអារម្មណ៍ថា គួរតែផ្លាស់ប្តូរ ដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទឲ្យបានកាន់តែពេញលេញ ។ សូមឲ្យពួកគេធ្វើជាកប់អាវុធរបស់ពួកគេ ហើយដាក់ផែនការអនុវត្តតាមអ្វីដែលពួកគេបានសរសេរ ។
អាលម៉ា ២៤:៧–១០; ២៦:២៣–៣៤; ២៧:២៧–៣០
ដោយសារព្រះវរបិតាសួគ៌មានសេចក្តីមេត្តាករុណា នោះយើងអាចប្រែចិត្ត ហើយផ្លាស់ប្តូរបាន ។
ថ្មីៗនេះ កុមារបានរៀនអំពី អាលម៉ា, អាំម៉ូន និង ពួកសាសន៍អាន់តៃ‑នីហ្វៃ‑លីហៃ ។ តើអ្នកអាចប្រើប្រាស់ដំណើររឿងទាំងនេះ ដើម្បីបង្ហាញថា ព្រះវរបិតាសួគ៌មានសេចក្តីមេត្តាករុណាដល់អ្នកណាដែលប្រែចិត្តដោយស្មោះដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមសរសេរពាក្យ ពីមុន និង ក្រោយមក នៅលើក្តារខៀន ។ សូមឲ្យកុមារមួយចំនួនអានខគម្ពីរខាងក្រោមនេះ ដើម្បីស្វែងយល់ពីលក្ខណៈរបស់ពួកសាសន៍លេមិន ពីមុនអាំម៉ូន និងបងប្អូនរបស់លោកដែលបានបង្រៀនពួកគេ ៖ អាលម៉ា ១៧:១៤–១៥; ២៦:២៣–២៤ ។ សូមឲ្យកុមារផ្សេងទៀតអានខគម្ពីរខាងក្រោមនេះ ដើម្បីស្វែងយល់ពីរបៀបដែលពួកសាសន៍លេមិនបានផ្លាស់ប្តូរ ៖ អាលម៉ា ២៦:៣១–៣៤; ២៧:២៧–៣០ ។ សូមអញ្ជើញកុមារឲ្យសរសេរក្រោមពាក្យទាំងនោះនូវអ្វីដែលពួកគេបានរកឃើញ ? បន្ទាប់មក សូមអញ្ជើញពួកគេឲ្យមើលនៅក្នុង អាលម៉ា ២៤:៧–១០ អំពីរបៀបដែលពួកសាសន៍លេមិនទាំងនេះអាចផ្លាស់ប្តូរទាំងស្រុង ។ សូមថ្លែងទីបន្ទាល់អំពីព្រះចេស្តានៃព្រះ ដើម្បីអត់ទោសឲ្យយើង និងជួយយើងឲ្យប្រែចិត្ត និងផ្លាស់ប្តូរ ។
-
សូមឲ្យកុមារអាន អាលម៉ា ២៦:២១–២២ ជាមួយគ្នា ដោយរកមើលពរជ័យដែលកើតមានដល់អស់អ្នកដែលប្រែចិត្ត ។ សូមឲ្យកុមារពិពណ៌នាពីពរជ័យទាំងនេះដោយពាក្យសម្តីរបស់ពួកគេផ្ទាល់ ។
ដំណឹងល្អនាំអំណរមកឲ្យខ្ញុំ ហើយខ្ញុំអាចចែកចាយអំណរនេះជាមួយមនុស្សដទៃ ។
ជំពូកទាំងនេះមានពេញដោយឧទាហរណ៍អំពីអំណរដែលកើតឡើងពីការរស់នៅតាម និងការចែកចាយដំណឹងល្អ ។ តើអ្នកអាចប្រើ អាលម៉ា ២៦ និង ២៩ ដើម្បីបំផុសគំនិតឲ្យកុមារស្វែងរកអំណរដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារឲ្យស្វែងរកពាក្យ « អំណរ » និងពាក្យ « អររីករាយ » នៅក្នុង អាលម៉ា ២៦ និង ២៩ ។ សូមអានខគម្ពីរមួយចំនួនដែលពួកគេរកឃើញជាមួយគ្នា ហើយពិភាក្សាពីអ្វីដែលខគម្ពីរទាំងនេះបង្រៀនអំពីអំណរ ។ តើអ្វីទៅដែលនាំឲ្យអាំម៉ូន និងអាលម៉ាមានអំណរ ? សូមចែកចាយបទពិសោធន៍មួយ ពេលអ្នកមានអំណរតាមរយៈការរស់នៅតាម ឬចែកចាយដំណឹងល្អ ឬអញ្ជើញកុមារឲ្យចែកចាយបទពិសោធន៍ផ្ទាល់របស់ពួកគេ ។
-
សូមឲ្យកុមារពីរនាក់ឈរទល់មុខគ្នា ហើយចាំមើលថា តើកុមារមួយណាដែលអាចធ្វើឲ្យកុមារផ្សេងទៀតញញឹមបានមុនគេ ។ តើមានរបៀបណាខ្លះដែលយើងអាចចែកអំណរទៅកាន់មនុស្សដទៃ ? តើការចែកចាយដំណឹងល្អអាចផ្តល់អំណរតាមរបៀបណា ? សូមជួយឲ្យកុមារគិតអំពីរបៀបនានា ដែលពួកគេអាចចែកចាយអំណរនៃដំណឹងល្អជាមួយមិត្តភក្តិ និងគ្រួសាររបស់ពួកគេ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យរក្សាការសន្យារបស់ពួកគេ ដូចពួកសាសន៍អាន់តៃ‑នីហ្វៃ‑លីហៃបានធ្វើ ។