ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៣–១៩ ខែ កក្កដា អាលម៉ា ៣២–៣៥ ៖ « បណ្ដុះ​ពាក្យ​នេះ​នៅ​ក្នុង​ចិត្ត​អ្នក »


« ថ្ងៃទី ១៣–១៩ ខែ កក្កដា អាលម៉ា ៣២–៣៥ ៖ ‹ បណ្ដុះ​ពាក្យ​នេះ​នៅ​ក្នុង​ចិត្ត​អ្នក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៣–១៩ ខែ កក្កដា អាលម៉ា ៣២–៣៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២០

គ្រាប់​ពូជ​ក្នុង​ដៃ​កុមារ

ថ្ងៃទី ១៣–១៩ ខែ កក្កដា

អាលម៉ា ៣២–៣៥

« បណ្ដុះ​ពាក្យ​នេះ​នៅ​ក្នុង​ចិត្ត​អ្នក »

សូមចងចាំ​ពី​កុមារដែល​អ្នក​បង្រៀន​នៅក្នុង​ចិត្ត ពេល​អ្នក​សិក្សា អាលម៉ា ៣២–៣៥ ប្រកប​ដោយ​ការអធិស្ឋាន ។ ពេល​អ្នក​ធ្វើ​ដូច្នេះ នោះ​គំនិត និង​ចំណាប់​អារម្មណ៍​ផ្សេងៗ​នឹង​កើត​ឡើង​អំពី​របៀប​បង្រៀនពួកគេ ។ សូម​កត់ត្រា និង​អនុវត្ត​តាម​ចំណាប់​អារម្មណ៍​ទាំង​នេះ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ដាក់ឈ្មោះ​កុមារ​ម្នាក់ៗ​ទៅក្នុង​ប្រអប់មួយ ។ សូម​ឲ្យ​នរណា​ម្នាក់​ចាប់​យក​ឈ្មោះ​មួយ ហើយ​អញ្ជើញ​កុមារ​នោះ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​គាត់បាន​រៀន​ពី​ព្រះគម្ពីរ​មរមន​ក្នុងពេល​ថ្មីៗ​នេះ ។ សូម​ធ្វើ​វា​បន្ត​រហូត​ដល់​សិស្ស​គ្រប់​គ្នា​មាន​ឱកាស​ចែកចាយ ប៉ុន្តែ​កុំ​បង្ខំ​នរណា​ម្នាក់​ឲ្យ​ចែកចាយ​ឡើយ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

អាលម៉ា ៣២:២៨–៤៣

ខ្ញុំ​អាច​ជួយ​ឲ្យ​សេចក្ដីជំនឿ​របស់​ខ្ញុំ​ទៅ​លើ​ព្រះ​គ្រីស្ទ​រីកចម្រើន ។

គ្រាប់​ពូជ ដើម​ឈើ និង​ផ្លែឈើ​គឺ​ជា​វត្ថុ​ងាយ​ស្គាល់​ដែល​អាច​ជួយ​កុមារ​ឲ្យ​យល់​ពី​គោលការណ៍​អរូបីយ ដូចជា​សេចក្តីជំនឿ និង​ទីបន្ទាល់​ជាដើម ។ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​ប្រើ​រឿង​ប្រដូច​​របស់​អាលម៉ា ដើម្បី​បង្រៀន​​កុមារ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សង្ខេប អាលម៉ា ៣២:២៨–៤៣ អ្នក​អាច​ប្រើ « ជំពូក​ទី ២៩ ៖ អាលម៉ា​បង្រៀន​អំពី​សេចក្តីជំនឿ និង​ព្រះបន្ទូល​របស់​ព្រះ » ( ដំណើរ​រឿង​ព្រះគម្ពីរ​មរមន ទំព័រ ៨១ ឬ​មើល​វីដេអូ​ដូច​គ្នា​នេះ​នៅ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​បង្ហាញ​រូបភាព​​រុក្ខជាតិ​មួយ​ស្ថិត​ក្នុង​ដំណាក់កាល​លូតលាស់​ផ្សេងៗ ហើយ​សូម​ឲ្យ​កុមារ​ជួយ​អ្នក​ដាក់​រូបភាព​ទាំង​នោះ​តាម​លំដាប់លំដោយ ( សូម​មើល​រូបភាព​នៅក្នុង​ទំព័រ​សកម្មភាព​សប្តាហ៍​នេះ ) ។ សូម​ពន្យល់​ថា ពេល​យើង​រស់នៅ​តាម​ដំណឹងល្អ ទីបន្ទាល់​របស់​យើង​រីកចម្រើន—វា​ចាប់ផ្តើម​ដូចជា​គ្រាប់​ពូជ​តូច​មួយ ប៉ុន្តែ​វា​អាច​ធំ​ឡើង​ដូច​ជា​ដើមឈើ​​មួយ​ដែរ ។

  • សូម​បង្ហាញ​គ្រាប់​ពូជ​មួយ​ទៅ​កុមារ ហើយ​អាន​ពីរបី​បន្ទាត់​ដំបូង​នៃ​​ អាលម៉ា ៣២:២៨ ឲ្យ​ពួកគេ​ស្តាប់ ។ សូម​ប្រាប់​កុមារ​​ថា ព្រះបន្ទូល​នៃ​ព្រះ​គឺ​ដូចជា​គ្រាប់​ពូជ​មួយ ។ សូម​សួរ​ពី​របៀប​ដែល​យើង​ជួយ​ឲ្យ​គ្រាប់ពូជ​មួយ​ដុះ​ឡើង ។ សូម​ឲ្យ​កុមារ​ធ្វើ​ជា​ដាំ​គ្រាប់​ពូជ​មួយ ​ស្រោច​ទឹក ហើយ​ជួយ​ឲ្យ​វា​ដុះ​លូតលាស់ ។ សូម​ចង្អុល​បង្ហាញ​ថា យើង​ពុំ​អាច​ឃើញ​គ្រាប់ពូជ​​ឡើយ បន្ទាប់​ពី​យើង​ដាំវា ប៉ុន្តែ​យើង​ដឹង​ថា គ្រាប់ពូជ​នោះ​វា​នៅទីនោះ ហើយ​កំពុង​លូតលាស់ យើង​ក៏​ពុំ​អាច​មើល​ឃើញ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដែរ ប៉ុន្តែ​យើង​ដឹង​ថា ពួកទ្រង់​មាន​ពិត​ប្រាកដ ហើយ​ពួកទ្រង់​ស្រឡាញ់​យើង ។ សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​កិច្ចការ​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​​ជួយ​ឲ្យ​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ​រីកចម្រើន​ឡើង ។

  • សូម​គូររូបភាព​ដើម​ឈើ​មួយ​នៅលើ​ក្តារ​ខៀន ហើយ​ឲ្យ​កុមារ​បន្ថែម​ស្លឹក ឬ​ផ្លើ​ឈើ​មួយ រាល់​ពេល​ដែល​ពួកគេ​​គិត​អំពី​កិច្ចការ​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​​ជួយ​ឲ្យ​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ​រីកចម្រើន​ឡើង ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​​កាយវិការ​ងាយៗ ដើម្បី​តំណាង​ឲ្យ​អ្វី​ដែល​ពួកគេ​គិត ។

អាលម៉ា ៣៣:២–១១; ៣៤:១៧–២៧

ព្រះវរបិតាសួគ៌​ព្រះ​សណ្ដាប់​ខ្ញុំ ពេល​ខ្ញុំ​អធិស្ឋាន ។

ពួក​សាសន៍​សូរាំ​​បាន​អធិស្ឋាន​តែ​ម្តង​ក្នុង​មួយ​សប្តាហ៍​ប៉ុណ្ណោះ ដោយ​ប្រើ​ពាក្យ​អធិស្ឋាន​ដដែលៗ​រៀងរាល់ពេល​អធិស្ឋាន ( សូមមើល អាលម៉ា ៣១:២២–២៣ ) ។ អាលម៉ា និង​អាមូលេក​បាន​បង្រៀន​ថា យើង​អាច​អធិស្ឋាន​គ្រប់​ពេល​វេលា អំពី​​គ្រប់​តម្រូវការ​ខាង​វិញ្ញាណ ឬ​ខាង​សាច់​ឈាម​របស់យើង ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន​ឃ្លា​ដែល​អ្នក​បាន​ជ្រើសរើស​មក​ពី អាលម៉ា ៣៣:៤–១១ ដែល​ពិពណ៌នា​អំពី​ទីកន្លែង​ដែលយើង​អាច​អធិស្ឋាន ហើយ​ជួយ​កុមារ​ឲ្យ​គិត​អំពី​កន្លែង​នានា​ដែល​ពួកគេ​អាច​អធិស្ឋាន ។ បន្ទាប់​មក​ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គូរ​រូបភាព​របស់​ពួកគេ​កំពុង​អធិស្ឋាន​នៅក្នុង​កន្លែង​ទាំង​នោះ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ពួកគេ​អាច​អធិស្ឋាន​គ្រប់​ទីកន្លែង ពួកគេ​ថែម​ទាំង​អធិស្ឋាន​ដោយ​ស្ងាត់ៗ​ផងដែរ ។

  • សូម​ជ្រើសរើស​ឃ្លា​មក​ពី អាលម៉ា ៣៤:១៧–២៧ ដែល​ពិពណ៌នា​អំពី​អ្វីៗ​ដែល​យើង​អាច​អធិស្ឋាន​អំពី​វា ហើយ​អាន​វា​ឲ្យ​កុមារ​ស្តាប់ ។ សូម​ជួយ​កុមារ​ឲ្យ​គិត​អំពីពាក្យ​ដែល​ពួកគេ​អាច​ទូល​ទៅកាន់​ព្រះវរបិតាសួគ៌ ពេល​ពួកគេ​អធិស្ឋាន ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​​គូរ​រូបភាព​អំពី​អ្វីៗ​ទាំង​នោះ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ពួកគេ​អាច​ទូល​ទៅកាន់​ព្រះវរបិតាសួគ៌​អំពី​រឿង​គ្រប់​យ៉ាង​ដែល​ពួកគេ​គិត ឬ​ទទួល​អារម្មណ៍ ។ សូម​ចែកចាយ​បទពិសោធន៍​មួយ ដែល​ព្រះវរបិតាសួគ៌​បាន​ព្រះសណ្តាប់​ការអធិស្ឋាន​របស់​អ្នក ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​ដែល​បង្រៀន​កុមារអំពី​ការអធិស្ឋាន ដូចជា​បទ « ការអធិស្ឋាន​របស់​កុមារ » ឬ « យើង​បន្ទន់​កេសា » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦–៧, ១៨ ) ។ សូមជួយកុមារ​កត់សម្គាល់​​ពី​អ្វី​ដែល​ចម្រៀងនេះ​បង្រៀន​ពី​ការអធិស្ឋាន ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

អាលម៉ា ៣២:១–១៦, ២៧–២៨

ប្រសិនបើ​ខ្ញុំ​បន្ទាប​ខ្លួន នោះ​ព្រះអម្ចាស់​អាច​បង្រៀន​ខ្ញុំ​បាន ។

អាលម៉ា និង​អាមូលេក​មាន​ជោគជ័យ​ក្នុងការ​បង្រៀន​ពួកសាសន៍​សូរាំ ដែល​បន្ទាប​ខ្លួន ហើយ​ត្រៀម​ខ្លួ​ន​រួច​ជា​ស្រេច​ដើម្បី​ស្តាប់​បន្ទូល​នៃ​ព្រះ ។ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​លើក​ទឹកចិត្ត​កុមារ​ឲ្យ​ជ្រើសរើស​យក​ការបន្ទាបខ្លួន ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សួរ​​កុមារពី​អ្វី​ដែល​ពួកគេ​ចងចាំ​ពី​ការរៀន​នៅ​សប្តាហ៍​មុន​អំពី​ពួកសាសន៍​សូរាំ ( សូមមើល អាលម៉ា ៣១:៨–២៤ ) ។ សូម​រំឭក​ពួកគេ​ថា ហេតុផល​មួយ​ដែល​អាលម៉ា​បារម្ភ​អំពី​ពួកគេ​នោះ​គឺ​ភាព​ឆ្មើងឆ្មៃ​របស់​ពួកគេ ( សូមមើល អាលម៉ា ៣១:២៤–២៨ ) ។ សូម​អាន អាលម៉ា ៣២:១–៥ ជាមួយ​គ្នា ហើយ​សូម​ឲ្យ​កុមារសង្ខេប​ពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ពួកសាសន៍​សូរាំ​ដែល​ជា​មនុស្ស​ក្រីក្រ ។ បន្ទាប់​មក​ សូម​អញ្ជើញ​កុមារ​ឲ្យ​អាន ខ​ទី ១២–១៣ ដើម្បី​ស្វែង​យល់​ពី​មូលហេតុ​ដែល​អាលម៉ា​មាន​អារម្មណ៍​ថា ការ​ត្រូវបាន​បណ្តេញ​ចេញ​ពី​សាលា​ប្រជុំ​​ ( ឬ​ព្រះវិហារ ) គឺ​ជា​រឿង​ល្អ​មួយ​សម្រាប់​ពួក​សាសន៍​សូរាំ​ទាំង​នេះ ។ តើ​ពរជ័យ​អ្វី​ខ្លះ​​ដែល​កើត​មក​ពី​ការបន្ទាប​ខ្លួន​នោះ ?

  • សូម​ជួយ​កុមារ​ឲ្យ​ស្វែងរក​និយមន័យ​នៃ​ពាក្យ បន្ទាប​ខ្លួនចិត្ត​សុភាព​រាបសា នៅក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ ឬ​វចនានុក្រម ។ តើ​មានតម្រុយ​អ្វី​ផ្សេង​ទៀត​អំពី​អត្ថន័យ​នៃ​ពាក្យ​ទាំង​នេះ​ ដែល​ពួកគេ​អាច​រក​ឃើញ​នៅក្នុង​ អាលម៉ា ៣២:១៣–១៦ ? សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​របៀប​នានា​ដើម្បី​បំពេញ​ប្រយោគ​មួយ​ដូច​តទៅ​នេះ ៖ « ខ្ញុំ​បន្ទាប​ខ្លួន​ ពេល​ខ្ញុំ  » ។

អាលម៉ា ៣២:២៦–៤៣

ទីបន្ទាល់​របស់​ខ្ញុំអំពី​​ព្រះយេស៊ូវ​គ្រីស្ទ​​រីកចម្រើន​ឡើង ពេល​ខ្ញុំ​ចិញ្ចឹម​បីបាច់​​ទីបន្ទាល់​នោះ ។

សូម​ជួយ​កុមារ​ដែល​អ្នក​បង្រៀន​ឲ្យ​ឃើញ​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី « បណ្តុះ » ព្រះបន្ទូល​នៃ​ព្រះ​នៅក្នុង​ដួងចិត្ត​របស់​ពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ដាក់​តាំង​វត្ថុ​រឹង​មួយ ( ដូច​ជា​ថ្ម​​មួយដុំ ) ដែលតំណាង​ឲ្យ​ចិត្ត​រឹង ឬ​ចិត្ត​ឆ្មើងឆ្មៃ និង​​អ្វី​មួយ​ទន់ៗ​ដូចជា ( ដូច​ជា​ដី ) ដែល​តំណាង​ឲ្យ​ចិត្ត​ទន់ ឬ​ចិត្ត​រាបសា ។ សូម​ឲ្យ​កុមារ​​ប៉ះ​វត្ថុ​ទាំង​ពីរ​នោះ ។ បន្ទាប់​មក​ សូម​បង្ហាញ​កុមារ​នូវ​គ្រាប់​ពូជ​មួយ​ដែល​តំណាង​ឲ្យ​ព្រះបន្ទូល​នៃ​ព្រះ ។ សូម​អញ្ជើញ​ពួកគេ​​ឲ្យ​សាកល្បង​រុញ​គ្រាប់​ពូជ​នោះ​ចូលទៅក្នុង​វត្ថុ​រឹង និង​វត្ថុ​ទន់​នោះ ។ សូម​អាន អាលម៉ា ៣២:២៧–២៨ ជាមួយ​គ្នា ហើយ​ពិភាក្សា​គ្នា​ថា « ទុក​កន្លែង » ( ខ​ទី ២៧ ) សម្រាប់​ព្រះបន្ទូល​នៃ​ព្រះ​នៅក្នុង​ចិត្ត​របស់​អ្នក​មានន័យ​ដូចម្តេច ។

  • ពេល​អ្នក​អាន អាលម៉ា ៣២:២៦–៤៣ ជាមួយ​គ្នា សូម​ឈប់​យូរៗ​ម្តង ហើយ​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូបភាព​គ្រាប់​ពូជ ឬ​រុក្ខជាតិ​ដែល​ត្រូវបាន​ពិពណ៌នា​នោះ—ឧទាហរណ៍ គ្រាប់ពូជ ការដាំ​គ្រាប់​ពូជ ( ខ​ទី ២៨ ) រុក្ខជាតិ​ដុះលូតលាស់ ( ខ​ទី ៣០ ) ហើយ​ដើម​ឈើ​ធំ​មាន​ផ្លែ ( ខ​ទី ៣៧ ) ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ដាក់​ឈ្មោះ​រូបភាព​របស់​ពួកគេ​ជាមួយ​សេចក្តី​យោង​មក​ពី អាលម៉ា ៣២ ។ តើ​ការចិញ្ចឹម​បីបាច់​គ្រាប់​ពូជ​​ដូចជា​ការចិញ្ចឹម​បីបាច់​ទីបន្ទាល់​របស់យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដូចម្តេច ? តើ​យើង​ចិញ្ចឹម​បីបាច់​ទីបន្ទាល់​របស់​យើង​យ៉ាង​ដូចម្ដេច ? សូម​ឲ្យ​កុមារ​គិត​ដោយ​ស្ងាត់ស្ងៀម​​អំពី​របៀប​ដែល​ទីបន្ទាល់​របស់​ពួកគេ​រីក​លូតលាស់​ឡើង និង​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ចិញ្ចឹម​បីបាច់​ទីបន្ទាល់​ទាំង​នោះ ។

អាលម៉ា ៣៣:២–១១; ៣៤:១៧–២៧

ព្រះវរបិតាសួគ៌​ព្រះ​សណ្ដាប់​ខ្ញុំ ពេល​ខ្ញុំ​អធិស្ឋាន ។

ពួកសាសន៍​សូរាំ​បាន​យល់​ខុស​អំពី​ការអធិស្ឋាន ហើយ​យើង​ឃើញ​​មនុស្ស​មួយ​ចំនួន​​នៅតែ​យល់​ខុស​បែប​នេះ​នា​សព្វ​ថ្ងៃ​នេះ ។ អាលម៉ា និង​អាមូលេក​បាន​បង្រៀន​ពី​សេចក្តីពិត​ដ៏​មាន​ឥទ្ធិពល ដើម្បី​យក​ឈ្នះ​លើ​ការយល់​ខុស​នេះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ជួយ​កុមារ​ឲ្យ​ស្រាវជ្រាវ អាលម៉ា ៣៣:២–១១ រក​​ពាក្យ និង​ឃ្លា​សំខាន់ៗ​នានា ដែល​ទាក់ទង​នឹង​ការអធិស្ឋាន​ដែល​ត្រូវបាន​លើក​សារឡើង​វិញ ។ តើ​​ពាក្យ និង​ឃ្លា​ទាំងនេះ​បង្រៀន​អ្វី​ខ្លះ​ដល់​យើង​អំពី​ការអធិស្ឋាន ?

  • សូម​ជួយ​កុមារ​ឲ្យ​ធ្វើ​បញ្ជី​មួយ​នៃ​ស្ថានភាព​នានា ដែល​ពួកគេ​អាច​អធិស្ឋាន​សម្រាប់​ស្ថានភាព​ទាំង​នោះ រួមទាំង​ស្ថានភាព​ដែល​បាន​លើក​ឡើង​នៅក្នុង អាលម៉ា ៣៣:៤–១០ និង ៣៤:១៧–២៧ ព្រមទាំង​ស្ថានភាព​នានា​នៅក្នុង​ជីវិត​របស់​ពួកគេ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​គិត ឬ​ចែកចាយ​បទពិសោធន៍ នៅ​ពេល​ពួកគេ​​បាន​អធិស្ឋាន ហើយ​បាន​ទទួល​អារម្មណ៍​ថា ព្រះ​បាន​ឆ្លើយ​តប​ការអធិស្ឋាន​របស់​ពួកគេ ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ប្រសិនបើ​អាច សូម​ឲ្យ​គ្រាប់ពូជ​​​ទៅ​កុមារ​យក​ទៅ​ផ្ទះ ហើយ​ដាំ​វា ដើម្បី​រំឭក​ពួកគេ​​ជួយ​ឲ្យ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ​រីកចម្រើន​ឡើង ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ប្រាប់​គ្រួសារ​របស់​ពួកគេ អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​​ការអនុវត្ត​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ទាំងឡាយ​ដែល​បាន​សន្យា ។ នៅ​ពេល​អ្នក​អញ្ជើញ​កុមារ​ឲ្យ​រស់នៅ​តាម​គោលការណ៍​​នៃ​ដំណឹងល្អ​មួយ សូម​​ប្រាប់​ពួកគេ​អំពី​ការសន្យា​របស់​ព្រះ ដល់​អស់​អ្នក​ទាំងឡាយ​ណា​ដែល​រស់នៅ​តាម​គោលការណ៍​​នោះ ( សូមមើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣៥ ) ។