« ថ្ងៃទី ៦–១២ ខែ កក្កដា អាលម៉ា ៣០–៣១ ៖ ‹ គុណធម៌នៃព្រះបន្ទូលនៃព្រះ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៦–១២ ខែ កក្កដា អាលម៉ា ៣០–៣១ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២០
ថ្ងៃទី ៦–១២ ខែ កក្កដា
អាលម៉ា ៣០–៣១
« គុណធម៌នៃព្រះបន្ទូលនៃព្រះ »
សូមសិក្សា អាលម៉ា ៣០–៣១ ជាមួយកុមារដែលអ្នកបង្រៀនក្នុងចិត្ត ។ នៅពេលអ្នកពិចារណាពីភាពខ្លាំង និងតម្រូវការរបស់ពួកគេ នោះព្រះវិញ្ញាណបរិសុទ្ធនឹងជួយអ្នកឲ្យដឹងពីរបៀបបង្រៀនពួកគេ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញកុមារឲ្យចែកចាយចម្លើយទៅនឹងសំណួរដូចតទៅនេះ ៖ តើយើងគួរតែអធិស្ឋានពេលណា ? តើយើងនិយាយអ្វីខ្លះ ពេលយើងអធិស្ឋាន ? តើមាននរណាម្នាក់អាចចែកចាយអំពីរបៀបដែលពួកសាសន៍សូរាំបានអធិស្ឋាន ឬរបៀបអាលម៉ាបានអធិស្ឋានដែរឬទេ ?
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គ្រប់ការណ៍ទាំងអស់ថ្លែងទីបន្ទាល់អំពីព្រះ ។
អាលម៉ាបានចង្អុលបង្ហាញទៅកាន់អ្វីដែលនៅលើមេឃ និងនៅលើផែនដី ដើម្បីថ្លែងទីបន្ទាល់ថា ព្រះមានព្រះជន្មរស់ និងដឹកនាំសាកលលោកនេះ ។ តើមានវត្ថុអ្វីខ្លះដែលអ្នកអាចជួយកុមារឲ្យមើលឃើញជុំវិញពួកគេ ដែលថ្លែងទីបន្ទាល់អំពីព្រះ ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន អាលម៉ា ៣០:៤៤ ឲ្យកុមារស្តាប់ ហើយសូមឲ្យពួកគេស្តាប់រកមើលអ្វី ដែលអាលម៉ាបាននិយាយដែលជួយយើងឲ្យដឹងថា ព្រះមានពិតមែន ។ សូមបង្ហាញរូបភាពមួយចំនួននៃវត្ថុទាំងនេះ ហើយសូមកុមារឲ្យចង្អុលទៅរូបភាព ពេលអ្នកអានវានៅក្នុងខគម្ពីរ ។ សូមអញ្ជើញកុមារឲ្យគូររូបភាពនៃវត្ថុនានា ដែលជួយពួកគេឲ្យជឿលើព្រះ ។
-
ប្រសិនបើអាច សូមដើរចេញទៅក្រៅថ្នាក់រៀនជាមួយកុមារ ឬសូមឲ្យពួកគេឈរនៅក្បែរបង្អួចពេលអ្នកអាន អាលម៉ា ៣០:៤៤ ។ សូមឲ្យពួកគេចង្អុលទៅវត្ថុនានា ដែលពួកគេឃើញថា ជួយពួកគេឲ្យដឹងថា ព្រះមានពិតមែន ។ ទំព័រសកម្មភាពសប្ដាហ៍នេះក៏អាចជួយផងដែរ ។
-
សូមឲ្យកុមារអង្គុយជារង្វង់ ហើយច្រៀងចម្រៀងមួយបទរួមគ្នាអំពីការបង្កបង្កើតរបស់ព្រះ ដូចជាបទ « ព្រះវរបិតាស្រឡាញ់ខ្ញុំ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១៦–១៧ ) ។ ខណៈកុមារកំពុងច្រៀង សូមឲ្យពួកគេហុចវត្ថុមួយតៗគ្នាជារង្វង់ដូចជាបាល់ជាដើម ។ ពេលតន្ត្រីឈប់ សូមឲ្យកុមារដែលកាន់វត្ថុនោះចែកចាយ អ្វីមួយដែលព្រះវរបិតាសួគ៌បានបង្កើត ដែលគាត់មានអំណរគុណចំពោះវត្ថុនោះ ។
ព្រះបន្ទូលនៃព្រះពោរពេញដោយព្រះចេស្តា ។
ពេលកុមារគិតអំពីព្រះចេស្តា ពួកគេអាចគិតអំពីអ្វីៗដូចជា វីរៈបុរស ម្ចាស់ក្សត្រី ឬស្តេច ។ អ្នកអាចជួយពួកគេយល់ថា ព្រះបន្ទូលនៃព្រះមានព្រះចេស្តាច្រើនជាង « អ្វីផ្សេងៗទៀត » ( អាលម៉ា ៣១:៥ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមគូសរូបដាវមួយនៅលើក្ដារខៀន ។ សូមអាន អាលម៉ា ៣១:៥ ឲ្យកុមារស្តាប់ ហើយសូមឲ្យពួកគេស្តាប់រកមើលអ្វី ដែលអាលម៉ានិយាយថា វាមានអំណាចជាងដាវ ។ សូមចែកចាយបទពិសោធន៍មួយ ពេលដែលព្រះបន្ទូលនៃព្រះមានប្រសិទ្ធភាពខ្លាំងក្លាលើអ្នក ។
-
សូមច្រៀងចម្រៀងមួយបទជាមួយគ្នាអំពីព្រះគម្ពីរ ដូចជាបទ « Scripture Power » ( music.ChurchofJesusChrist.org ) ហើយសូមឲ្យកុមារស្តាប់រក របៀបដែលព្រះគម្ពីរជួយយើង ។ សូមនិយាយឡើងវិញនូវឃ្លា « ព្រះបន្ទូលនៃព្រះមានប្រសិទ្ធភាពជាង… » បីបួនដង ហើយសូមឲ្យកុមារជួយបំពេញឃ្លានោះ ។
ព្រះវរបិតាសួគ៌ព្រះសណ្ដាប់ការអធិស្ឋានរបស់ខ្ញុំ ។
អាលម៉ាបានកើតទុក្ខ ពេលលោកបានឃើញរបៀបពួកសាសន៍សូរាំបានអធិស្ឋាន ( សូមមើល អាលម៉ា ៣១:២៤ )—ពួកគេពុំជឿលើព្រះយេស៊ូវគ្រីស្ទទេ ហើយពួកគេតែងតែនិយាយពាក្យអធិស្ឋានដដែលៗ នៅក្នុងកន្លែងមួយដែលមនុស្សគ្រប់គ្នាអាចឃើញពួកគេ ( អាលម៉ា ៣១:១៣–១៤ ) ។ ប៉ុន្តែការអធិស្ឋានរបស់អាលម៉ាមានភាពរាបទាប ហើយបានបង្ហាញសេចក្ដីជំនឿលើព្រះគ្រីស្ទ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមសង្ខេបយ៉ាងខ្លីអំពីរឿងរបស់អាលម៉ា និងពួកសាសន៍សូរាំឲ្យកុមារស្តាប់ ដោយប្រើខគម្ពីរមកពី អាលម៉ា ៣១:៨–៣៥ ។ អ្នកក៏អាចប្រើ « ជំពូកទី ២៨ ៖ ពួកសាសន៍សូរាំ និង រ៉ាមីអុមតុម » ( ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ៧៨–៨០ ឬមើលវីដេអូដូចគ្នានេះនៅគេហទំព័រ ChurchofJesusChrist.org ) ។ សូមចង្អុលបង្ហាញពីភាពខុសគ្នារវាងការអធិស្ឋានរបស់ពួកសាសន៍សូរាំ និងការអធិស្ឋានរបស់អាលម៉ា ។ សូមឲ្យកុមារស្រមៃថា ពួកគេបានជួបកុមារម្នាក់នៃពួកសាសន៍សូរាំ ។ តើពួកគេនឹងនិយាយអ្វីខ្លះដើម្បីបង្រៀនគាត់អំពីរបៀបអធិស្ឋាន ?
-
សូមជួយកុមារឲ្យរកឃើញអ្វីដែលពួកសាសន៍សូរាំបាននិយាយនៅក្នុងការអធិស្ឋានរបស់ពួកគេ ( សូមមើល អាលម៉ា ៣១:១៥–១៨ ) ពេលពួកគេជួយអ្នកសាងសង់ប៉មរ៉ាមីអុមតុមជាមួយនឹងដុំឥដ្ឋ និងដុំថ្ម ។ សូមពន្យល់ថា នេះពុំមែនជារបៀបដែលយើងអធិស្ឋានទេ ។ សូមសួរកុមារអំពីរបៀបដែលយើងគួរអធិស្ឋាន ហើយទុកឲ្យពួកគេដកយកដុំឥដ្ឋ ឬដុំថ្មមួយ រាល់ពេលពួកគេនិយាយពីវត្ថុនោះ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ព្រះគម្ពីរមរមនព្រមានខ្ញុំទាស់នឹងការបង្រៀនក្លែងក្លាយ ។
ការបង្រៀនក្លែងក្លាយរបស់កូរីហូរត្រូវបានពិពណ៌នានៅក្នុងព្រះគម្ពីរមរមន ដើម្បីជួយយើងឲ្យស្គាល់ និងបដិសេធការបង្រៀនស្រដៀងនោះនៅក្នុងជំនាន់របស់យើង ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញវត្ថុមួយចំនួន ( ដូចជាប្រាក់ ឬម្ហូប ) និងប្រដាប់ប្រដាក្មេងលេងនៃវត្ថុទាំងនេះ ។ តើវត្ថុមួយណាដែលកុមារចង់បាន ? សូមជួយកុមារឲ្យស្រាវជ្រាវ អាលម៉ា ៣០:១២–១៨ រកការបង្រៀនកុហក ឬក្លែងក្លាយ ដែលកូរីហូរបានបង្រៀនអំពីព្រះ ។
-
សូមជួយកុមារឲ្យរកឃើញការកុហកដែលកូរីហូរបានបង្រៀន ហើយសរសេរវានៅលើចម្រៀកក្រដាស ដើម្បីបិទវានៅលើក្តារខៀន ( សូមមើល អាលម៉ា ៣០:១២–១៨, ២៤ ) ។ សូមឲ្យកុមារស្រាវជ្រាវ អាលម៉ា ៣០:៣២–៣៥ ដោយរកមើលរបៀបនានាដែលអាលម៉ាបានឆ្លើយតបចំពោះការកុហករបស់កូរីហូរ ។ សូមសួរកុមារអំពីរបៀបដែលពួកគេអាចដឹងថា អ្វីដែលអាលម៉ាបានបង្រៀនគឺពិត ។
ព្រះបន្ទូលនៃព្រះមានព្រះចេស្តាច្រើនជាងអ្វីៗទាំងអស់ផ្សេងទៀត ។
តើពេលណាដែលអ្នកទទួលអារម្មណ៍ពីព្រះចេស្តានៃព្រះបន្ទូលនៃព្រះ ? សូមគិតពីរបៀបដែលបទពិសោធន៍របស់អ្នក អាចបំផុសគំនិតដល់កុមារដែលអ្នកបង្រៀន ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារគិតអំពីអ្វីមួយ ឬនរណាម្នាក់ដែលមានអំណាច ឬបង្ហាញរូបភាពពីវត្ថុពីរបីដែលមានអំណាច ។ តើអ្វីដែលធ្វើឲ្យវត្ថុទាំងនេះមានអំណាច ? សូមអាន អាលម៉ា ៣១:៥ ជាមួយគ្នា ហើយសួរកុមារថា តើពួកគេគិតថា ខគម្ពីរនេះមានន័យដូចម្តេច ? តើព្រះបន្ទូលនៃព្រះមានប្រសិទ្ធភាពជាងផ្លែដាវតាមរបៀបណា ? តើវាមានព្រះចេស្តាដើម្បីធ្វើអ្វីខ្លះ ?
-
សូមទាក់ទងកុមារមួយចំនួនជាមុន ហើយសូមឲ្យពួកគេគិតអំពីបទពិសោធន៍មួយ ដើម្បីចែកចាយនៅក្នុងថ្នាក់ ពេលខគម្ពីរ ឬសុន្ទរកថាមួយមកពីថ្នាក់ដឹកនាំបានជួយពួកគេឲ្យធ្វើល្អ ។ ហេតុអ្វីព្រះបន្ទូលនៃព្រះធ្វើឲ្យពួកគេចង់ធ្វើល្អ ?
-
សូមច្រៀងចម្រៀងមួយបទជាមួយកុមារអំពីព្រះបន្ទូលនៃព្រះ ដូចជាបទ « ស្វែងរក គិត អធិស្ឋាន » ឬបទ « ធ្វើតាមព្យាការី » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦៦, ៥៨–៥៩ ) ។ ពួកគេក៏អាចច្រៀងបទ « Scripture Power » ( music.ChurchofJesusChrist.org ) ។
ខ្ញុំអាចធ្វើជាមនុស្សរាបសា ។
កំហុសទាំងអស់ដែលពួកសាសន៍សូរាំបានធ្វើ វាគឺជាភាពឆ្មើងឆ្មៃរបស់ពួកគេ ដែលហាក់ដូចជាធ្វើឲ្យអាលម៉ាកើតទុក្ខ ។ នេះអាចជាឱកាសមួយដើម្បីបង្រៀនកុមារអំពីសារៈសំខាន់នៃការបន្ទាបខ្លួន ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារឲ្យយល់ពីភាពខុសគ្នារវាង ភាពឆ្មើងឆ្មៃ និង ការបន្ទាបខ្លួន ( សូមមើល « ភាពឆ្មើងឆ្មៃ » និង « បន្ទាបខ្លួន, ចិត្តសុភាពរាបសា » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ) ។ សូមឲ្យកុមារឆ្លាស់វេនគ្នាអាន អាលម៉ា ៣១:២៤–២៨ ។ ឬអាន « ជំពូកទី ២៨ ៖ ពួកសាសន៍សូរាំ និង រ៉ាមីអុមតុម » ( ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ៧៨–៨០ ) ជាមួយគ្នា ។ ពេលពួកគេអាន សូមឲ្យពួកគេកត់សម្គាល់ពីរបៀបដែលពួកសាសន៍សូរាំបានបង្ហាញថា ពួកគេពោរពេញដោយភាពឆ្មើងឆ្មៃ ។ តើអាលម៉ាបានបង្ហាញថា លោកបន្ទាបខ្លួនតាមរបៀបណា ? ( សូមមើល អាលម៉ា ៣១:៣០–៣៣ ) ។
-
សូមចែកកុមារជាក្រុម ហើយសូមឲ្យក្រុមនីមួយៗសម្រេចចិត្តឆ្លើយចម្លើយមួយចំពោះសំណួរដូចជា ៖ តើពួកសាសន៍សូរាំបានភ្ជាប់ដួងចិត្តរបស់ពួកគេទៅលើអ្វី ( សូមមើល អាលម៉ា ៣១:២៤, ២៨ ) ។ តើមានអ្វីខ្លះដែលមនុស្សភ្ជាប់ដួងចិត្តរបស់ពួកគេទៅលើវានៅសព្វថ្ងៃនេះ ? ហេតុអ្វីបានជាមនុស្សគិតថា ពួកគេប្រសើរជាងអ្នកដទៃ ? ពេលក្រុមនីមួយៗចែកចាយចម្លើយ សូមឲ្យពួកគេគូររូបមួយផ្នែកនៃប៉មរ៉ាមីអុមតុមនៅលើក្តារខៀន ។ បន្ទាប់មក សូមឲ្យពួកគេលុបចោលផ្នែកនានានៃប៉ម គ្រប់ពេលដែលពួកគេគិតអំពីរបៀបមួយដែលពួកគេអាចបង្ហាញពីការបន្ទាបខ្លួន ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យបង្រៀនអ្វីមួយដែលពួកគេបានរៀនអំពីប្រសិទ្ធភាពនៃព្រះបន្ទូលនៃព្រះថ្ងៃនេះដល់គ្រួសាររបស់ពួកគេ ។