« ថ្ងៃទី ២៩ ខែ មិថុនា–ថ្ងៃទី ៥ ខែ កក្កដា អាលម៉ា ២៣–២៩ ៖ ពួកគេ ‹ ពុំបោះបង់ចោលសាសនាឡើយ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៩ ខែ មិថុនា–ថ្ងៃទី ៥ ខែ កក្កដា អាលម៉ា ២៣–២៩ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
ថ្ងៃទី ២៩ ខែ មិថុនា–ថ្ងៃទី ៥ ខែ កក្កដា
អាលម៉ា ២៣–២៩
ពួកគេ « ពុំបោះបង់សាសនាចោលឡើយ »
នៅពេលបងប្អូនសិក្សា អាលម៉ា ២៣–២៩ តើមានសារលិខិតអ្វីខ្លះដែលបងប្អូនរកឃើញថាវាគឺសម្រាប់រូបបងប្អូន និងគ្រួសាររបស់បងប្អូនផ្ទាល់ ? តើបងប្អូនអាចចែកចាយអ្វីខ្លះនៅក្នុងថ្នាក់រៀននៅឯព្រះវិហារ ?
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
មានពេលខ្លះ តើបងប្អូនងឿងឆ្ងល់ថាតើមនុស្សពិតជាអាចផ្លាស់ប្ដូរឬទេ ? ប្រហែលជាបងប្អូនបារម្ភថាតើបងប្អូន អាចយកឈ្នះលើការជ្រើសរើសមិនល្អដែលបងប្អូនបានធ្វើ ឬទម្លាប់អាក្រក់ដែលបងប្អូនមានបានដែរឬទេ ឬបងប្អូនអាចនឹងមានការបារម្ភស្រដៀងគ្នានេះអំពីមនុស្សជាទីស្រឡាញ់ ។ បើដូច្នោះមែន ដំណើររឿងរបស់អាន់តៃ–នីហ្វៃ–លីហៃ អាចជួយបងប្អូនបាន ។ មនុស្សទាំងនេះគឺបានស្បថថាធ្វើជាសត្រូវរបស់ពួកសាសន៍នីហ្វៃ ។ នៅពេលអាំម៉ូន និងបងប្អូនប្រុសរបស់គាត់បានសម្រេចចិត្តទៅផ្សាយដំណឹងល្អដល់ពួកគេ ពួកសាសន៍នីហ្វៃ « បានសើចចំអកដាក់ [ ពួកគេ ] » ។ ការសម្លាប់ពួកសាសន៍លេមិន គឺទំនងជាដំណោះស្រាយដែលងាយស្រួលជាងទៅផ្លាស់ប្រែពួកគេឲ្យជឿ ។ ( សូមមើល អាលម៉ា ២៦:២៣–២៥ ) ។
ប៉ុន្តែពួកសាសន៍លេមិន បានផ្លាស់ប្ដូរ—តាមរយៈព្រះចេស្ដានៃការផ្លាស់ប្រែចិត្តជឿរបស់ព្រះអម្ចាស់ ។ ដែលកាលពីមុនពួកគេត្រូវបានមនុស្សដទៃស្គាល់ថាជាប្រជាជន « រឹងរូស និងសាហាវ » ( អាលម៉ា ១៧:១៤ ) ពួកគេបានក្លាយជា « ត្រូវបានញែកចេញដោយព្រោះគេមានចិត្តឧស្សាហ៍ដល់ព្រះ » ( អាលម៉ា ២៧:២៧ ) ។ តាមពិត ពួកគេ « ពុំបោះបង់ចោលសាសនាឡើយ » ( អាលម៉ា ២៣:៦ ) ។
ប្រហែលជាបងប្អូនមានទំនៀមទម្លាប់ខុសឆ្គងដើម្បីបោះបង់ចោល ឬ « ដាក់គ្រឿងអាវុទ្ធនៃការបះបោរ » ចុះ ( អាលម៉ា ២៣:៧ ) ។ ឬប្រហែលជាបងប្អូនគ្រាន់តែត្រូវមានភាពឧស្សាហ៍ច្រើនជាងនេះបន្ដិចនៅក្នុងទីបន្ទាល់របស់បងប្អូន ហើយមិនសូវឆាប់បោះបង់ចោលសាសនា ។ មិនថាបងប្អូនចាំបាច់ត្រូវផ្លាស់ប្ដូរអ្វីនោះទេ អាលម៉ា ២៣–២៩ អាចផ្ដល់សេចក្ដីសង្ឃឹមដល់បងប្អូនថា តាមរយៈព្រះចេស្ដាដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះការផ្លាស់ប្ដូរយូរអង្វែងនឹងកើតមានឡើងបាន ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
នៅពេលបុត្រាបុត្រីរបស់ព្រះទទួលយកដំណឹងល្អ នោះមានពរជ័យដ៏មហិមាជាច្រើននឹងកើតមានឡើងមកតាមក្រោយ ។
នៅពេលស្ដេចសាសន៍លេមិន បានប្រកាសថា ព្រះបន្ទូលនៃព្រះ គួរតែ « កុំឲ្យជួបប្រទះនឹងឧបសគ្គ » នៅក្នុងចំណោមប្រជាជនឡើយ ( សូមមើល អាលម៉ា ២៣:១–៥ ) ទ្រង់បានបើកទ្វារនៃពរជ័យដ៏មហិមាជាច្រើនដល់ពួកគេ ។ នៅពេលបងប្អូនអាន អាលម៉ា ២៣–២៩ សូមរកមើលពរជ័យទាំងនេះ ។ តើបងប្អូនអាចប្រាកដថា ព្រះបន្ទូលនៃព្រះពុំ « ជួបប្រទះនឹងឧបសគ្គ » នៅក្នុងជីវិតរបស់បងប្អូន ឬនៅក្នុងគ្រួសារបងប្អូនដោយរបៀបណា ?
ការប្រែចិត្តជឿរបស់ខ្ញុំចំពោះព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ ។
ពួកសាសន៍លេមិន ដែលអាំម៉ូន និងបងប្អូនប្រុសរបស់គាត់បានទៅជួប ហាក់ដូចជាមិនទំនងជាអ្នកដែលនឹងផ្លាស់ប្រែចិត្តជឿទេ— ពួកគេត្រូវបានជាប់នៅក្នុងអន្ទាក់នៃទំនៀមទម្លាប់ពីជីដូនជីតារបស់ពួកគេ និងសេចក្ដីទុច្ចរិតផ្ទាល់ខ្លួនរបស់ពួកគេ ។ ប៉ុន្តែពួកគេជាច្រើននាក់ បានទទួលយកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយបានធ្វើការផ្លាស់ប្ដូរយ៉ាងសំខាន់នៅក្នុងជីវិតរស់នៅរបស់ពួកគេ ។ ជានិមិត្តរូបនៃការផ្លាស់ប្រែចិត្តជឿផ្ទាល់ខ្លួនរបស់ពួកគេ ពួកសាសន៍លេមិនទាំងនេះ បានហៅខ្លួនពួកគេថា អាន់តៃ–នីហ្វៃ–លីហៃ ។ ( អត្ថន័យនៃពាក្យ « អាន់តៃ » នៅក្នុងករណីនេះ គឺពុំមានន័យដូចជានឹង « អាន់តៃ » នៅក្នុងពាក្យ « ទទឹងនឹងព្រះគ្រីស្ទ » ទេ ) ។
ពេលនឹកគិតអំពីការផ្លាស់ប្រែចិត្តជឿរបស់ពួកសាសន៍លេមិនទាំងនេះ វាអាចបំផុសគំនិតបងប្អូនឲ្យពិចារណាអំពីការផ្លាស់ប្រែចិត្តជឿផ្ទាល់ខ្លួនរបស់បងប្អូន « ដល់ព្រះអម្ចាស់ » ( អាលម៉ា ២៣:៦ ) ។ វិធីមួយដើម្បីសិក្សាជំពូកទាំងនេះអាចជាការស្គាល់របៀបដែលការផ្លាស់ប្រែចិត្តជឿរបស់ពួកអាន់តៃ-នីហ្វៃ-លីហៃ បានផ្លាស់ប្ដូរជីវិតរស់នៅរបស់ពួកគេ ។ ខគម្ពីរដូចខាងក្រោម អាចនាំឲ្យបងប្អូនចាប់ផ្ដើមបាន ។
នៅពេលបងប្អូនពិចារណាអំពីការផ្លាស់ប្ដូរនៅក្នុងពួកអាន់តៃ-នីហ្វៃ-លីហៃ សូមពិចារណាអំពីថាតើការផ្លាស់ប្រែចិត្តជឿរបស់បងប្អូនផ្ទាល់ទៅលើព្រះគ្រីស្ទកំពុងផ្លាស់ប្ដូរបងប្អូនយ៉ាងដូចម្ដេច ។ តើបងប្អូនមានអារម្មណ៍ថាបងប្អូននៅតែត្រូវការការផ្លាស់ប្ដូរ ដើម្បីដំណឹងល្អអាចមានអំណាចកាន់តែខ្លាំងនៅក្នុងជីវិតបងប្អូនយ៉ាងណាខ្លះ ?
ព្រះប្រកបដោយសេចក្ដីមេត្តាករុណា ។
ខណៈដែលអំពើបាប ដែលអាំម៉ូន និងអាន់តៃ-នីហ្វៃ-លីហៃ ត្រូវយកឈ្នះ គឺទំនងជាខុសគ្នាខ្លាំងពីអ្វីដែលមាននៅក្នុងជីវិតរបស់បងប្អូន យើងទាំងអស់គ្នាពឹងផ្អែកទៅលើសេចក្ដីមេត្តាករុណារបស់ព្រះ ។ តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុង អាលម៉ា ២៤:៧–១៩ និង ២៦:១៧–២២ ដើម្បីជួយបងប្អូនយល់អំពីសេចក្ដីមេត្តាករុណារបស់ទ្រង់ ? នៅពេលបងប្អូនអាន បងប្អូនអាចនឹងគិតអំពីរឿងទាំងនេះ ៖ របៀបដែលបងប្អូនត្រូវបានអញ្ជើញឲ្យប្រែចិត្ត បទពិសោធន៍នៃការប្រែចិត្ត របៀបដែលបងប្អូនបានព្យាយាមដើម្បីចៀសវាងពីការមានអំពើបាបម្ដងទៀត និងពរជ័យទាំងឡាយដែលកើតមានមកលើបងប្អូនតាមរយៈការប្រែចិត្ត ។ នៅពេលបងប្អូនអានខគម្ពីរទាំងនេះតាមរបៀបនេះ តើបងប្អូនរៀនអំពីសេចក្ដីមេត្តាករុណារបស់ព្រះមាននៅក្នុងជីវិតរបស់បងប្អូនយ៉ាងណាខ្លះ ?
ការបម្រើព្រះអម្ចាស់នាំមកនូវអំណរ ។
ក្រៅពីបទពិសោធន៍ផ្សេងៗទៀតរបស់ពួកគាត់ អាំម៉ូន និងអាលម៉ា បានបង្ហាញអារម្មណ៍ស្រដៀងគ្នាអំពីកិច្ចការផ្សព្វផ្សាយសាសនារបស់ពួកគាត់ ។ សូមពិចារណាធ្វើការអាន អាលម៉ា ២៦ និង ២៩ ហើយប្រៀបធៀបវា ។ តើបងប្អូនកត់សម្គាល់ឃើញមានភាពស្រដៀងគ្នាអ្វីខ្លះ ? តើពាក្យ ឬឃ្លាណាមួយដែលត្រូវបានថ្លែងដដែលៗ ? តើបងប្អូនអាចរៀនអ្វីខ្លះមកពីអាំម៉ូន និងអាលម៉ាអំពីរបៀបស្វែងរកអំណរពិត ដោយមិនគិតអំពីឧបសគ្គរបស់បងប្អូន ? ( ដើម្បីរំឭកអំពីឧបសគ្គដែលអាលម៉ាបានជួប សូមមើលដើមជំពូក អាលម៉ា ៥–១៦ ។ ដើម្បីរំឭកអំពីឧបសគ្គដែលអាំម៉ូន និងបងប្អូនប្រុសរបស់គាត់ សូមមើលជំពូកដើមជំពូក អាលម៉ា ១៧–២៨ ) ។
តើកណ្ដាប់ស្រូវ និងជង្រុកគឺជាអ្វី ?
នៅរដូវចម្រូត ជាញឹកញាប់ស្រូវត្រូវបានប្រមូលជាកណ្ដាប់ ដែលហៅថា កណ្ដាប់ស្រូវ ហើយដាក់នៅក្នុងឃ្លាំង ពេលខ្លះត្រូវបានហៅថា ជង្រុក ។ អែលឌើរ ដេវីឌ អេ បែដណា បានចែកចាយអំពីការបកស្រាយនិមិត្តរូបនៅក្នុង អាលម៉ា ២៦:៥ ៖ « នៅក្នុងសទិសភាពនេះ កណ្ដាប់គឺជាតំណាងឲ្យសមាជិកដែលបានទទួលបុណ្យជ្រមុជទឹកថ្មីៗក្នុងសាសនាចក្រ ។ ជង្រុកគឺជាព្រះវិហារដ៏បរិសុទ្ធ » ( « Honorably Hold a Name and Standing» Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩៧ ) ។ សូមពិចារណាពីអ្វីដែលសទិសភាពនៅក្នុង អាលម៉ា ២៦:៥–៧ បង្រៀនបងប្អូនអំពីសារៈសំខាន់នៃសេចក្ដីសញ្ញាក្នុងព្រះវិហារបរិសុទ្ធ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
អាលម៉ា ២៤:៦–១៩
ហេតុអ្វីបានជាអាន់តៃ–នីហ្វៃ–លីហៃ បានកប់អាវុទ្ធរបស់ពួកគេ « ឲ្យជ្រៅទៅក្នុងដី ? » ( អាលម៉ា ២៤:១៦ ) ។ ប្រហែលជាសមាជិកគ្រួសារនឹងចូលចិត្តសរសេរនៅលើក្រដាសអំពីអ្វីដែលពួកគេនឹងយកឈ្នះ ឬបោះបង់ចោល ។ ពួកគេក៏អាចជីករណ្ដៅមួយ ហើយកប់ក្រដាសនោះ ។
អាលម៉ា ២៤:៧–១២
ការសិក្សាអំពីខគម្ពីរទាំងនេះអាចជួយគ្រួសាររបស់បងប្អូនយល់អំពីអំណោយទាននៃការប្រែចិត្តដ៏អស្ចារ្យ ។ តើអាន់តៃ-នីហ្វៃ-លីហៃ បានធ្វើអ្វីខ្លះដើម្បីប្រែចិត្តពីអំពើបាបរបស់ពួកគេ ? តើព្រះអម្ចាស់បានជួយពួកគេប្រែចិត្តយ៉ាងដូចម្តេច ? តើយើងអាចរៀនអ្វីខ្លះចេញមកពីគំរូនេះ ?
អាលម៉ា ២៤:២០–២៧
តើយើងបានឃើញអ្វីខ្លះដែលថ្លែងទីបន្ទាល់អំពីសេចក្ដីពិតនៃការប្រកាសរបស់មរមន ៖ « ម្ល៉ោះហើយយើងឃើញថា ព្រះអម្ចាស់ទ្រង់បានប្រើមធ្យោបាយច្រើនយ៉ាងដើម្បីធ្វើការសង្គ្រោះដល់រាស្ត្រទ្រង់ » ? ( អាលម៉ា ២៤:២៧ ) ។
អាលម៉ា ២៦:២
តើគ្រួសាររបស់បងប្អូនឆ្លើយសំណួររបស់អាំម៉ូននៅក្នុង អាលម៉ា ២៦:២ យ៉ាងដូចម្ដេច ? ប្រហែលជាបងប្អូនអាចធ្វើជាបញ្ជីចម្លើយមួយនៅលើក្រដាសធំមួយ ហើយព្យួរវានៅកន្លែងមួយដែលមនុស្សគ្រប់គ្នាអាចមើលឃើញ ។ សូមលើកទឹកចិត្តសមាជិកគ្រួសារបន្ថែមនៅក្នុងបញ្ជីនោះ នៅពេលពួកគេគិតអំពីពរជ័យដទៃទៀតដែលព្រះបាន « ប្រទានដល់យើង » ។
អាលម៉ា ២៩:៩
តើអាំម៉ូន និងអាលម៉ា ជាឧបករណ៍នៅក្នុងព្រះហស្តរបស់ព្រះយ៉ាងដូចម្ដេច ? សូមពិចារណាធ្វើការសម្លឹងមើលប្រដាប់ប្រដា ឬឧបករណ៍ នៅក្នុងគេហដ្ឋានរបស់បងប្អូន ហើយពិភាក្សាអំពីរបៀបដែលវាជាជំនួយដល់គ្រួសាររបស់បងប្អូន ។ តើការធ្វើដូចនេះជួយដល់យើងយល់អំពីរបៀបដែលយើងម្នាក់ៗ « អាចជាឧបករណ៍នៅក្នុងព្រះហស្តរបស់ព្រះ » ដោយរបៀបណា ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។