« ថ្ងៃទី ៦–១២ ខែ កក្កដា ។ អាលម៉ា ៣០–៣១ ៖ ‹ គុណធម៌នៃព្រះបន្ទូលនៃព្រះ ›» ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៦–១២ ខែ កក្កដា ។ អាលម៉ា ៣០–៣១ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
ថ្ងៃទី ៦–១២ ខែ កក្កដា
អាលម៉ា ៣០–៣១
« ព្រះចេស្ដានៃព្រះបន្ទូលរបស់ព្រះ »
អាលម៉ា បានធ្វើទីបន្ទាល់អំពី « ឥទ្ធិពលដ៏មានអានុភាព » នៃព្រះបន្ទូលនៃព្រះ ( អាលម៉ា ៣១:៥ ) ។ នៅពេលបងប្អូនអាន អាលម៉ា ៣០–៣១ កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន នៅពេលបងប្អូនមានអារម្មណ៍អំពីឥទ្ធិពលដ៏មានអានុភាពនៃព្រះបន្ទូលរបស់ព្រះមានមកលើបងប្អូន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ដំណើររឿងនៅក្នុង អាលម៉ា ៣០–៣១ បង្ហាញយ៉ាងច្បាស់អំពីព្រះចេស្ដានៃព្រះបន្ទូល—ចំពោះមនុស្សអាក្រក់ និងមនុស្សល្អ ។ « ពាក្យបញ្ចើចបញ្ចើ » និង « ពាក្យក្រអោងដាក់ » របស់គ្រូបង្រៀនក្លែងក្លាយឈ្មោះ កូរីហូរ បានគម្រាមគំហែងដើម្បីនាំ « ព្រលឹងជាច្រើនទៅក្នុងការបំផ្លិចបំផ្លាញ » ( អាលម៉ា ៣០:៣១, ៤៧ ) ។ ស្រដៀងគ្នានេះដែរ ការបង្រៀនរបស់សាសន៍នីហ្វៃបំបែកខ្លួនម្នាក់ ឈ្មោះសូរាំបាននាំមនុស្សមួយក្រុមធ្លាក់ទៅក្នុង « កំហុសយ៉ាងធំ » ហើយ « បានបង្ខូចផ្លូវទាំងឡាយនៃព្រះអម្ចាស់ » ( អាលម៉ា ៣១:៩, ១១ ) ។
ផ្ទុយទៅវិញ អាលម៉ាមានជំនឿដ៏មុតមាំថា ព្រះបន្ទូលរបស់ព្រះ នឹងមាន « ប្រសិទ្ធភាពទៅលើគំនិតមនុស្សច្រើនជាងផ្លែដាវ ឬអ្វីៗផ្សេងៗទៀត » ( អាលម៉ា ៣១:៥ )— រួមទាំងពាក្យសម្ដីរបស់កូរីហូរ និងសូរាំ ។ ពាក្យសម្ដីរបស់អាលម៉ា បានបង្ហាញអំពីសេចក្ដីពិតដ៏អស់កល្បជានិច្ច ហើយទាញយកព្រះចេស្ដានៃស្ថានសួគ៌មកធ្វើឲ្យកូរីហូរស្ងាត់មាត់ ( សូមមើល អាលម៉ា ៣០:៣៩–៥០ ) ហើយពួកលោកបានអញ្ជើញឲ្យពរជ័យនៃស្ថានសួគ៌កើតមានមកលើអ្នកទាំងឡាយដែលបានចេញទៅជាមួយលោក ដើម្បីនាំពួកសាសន៍សូរាំត្រឡប់មករកសេចក្ដីពិតវិញ ( សូមមើល អាលម៉ា ៣១:៣១–៣៨) ។ ទាំងនេះគឺជាគំរូដ៏មានតម្លៃសម្រាប់អ្នកដើរតាមព្រះគ្រីស្ទសព្វថ្ងៃនេះ នៅពេល « ពាក្យក្រអោងដាក់ » និង « កំហុសយ៉ាងធំ » មានឥទ្ធិពលដ៏មានអានុភាពមកលើចិត្តមនុស្សជាថ្មីម្ដងទៀត ( អាលម៉ា ៣០:៣១; ៣១:៩ ) ។ ប៉ុន្តែយើងអាចស្វែងរកសេចក្ដីពិតដោយការទុកចិត្ត ដូចជាអាលម៉ាបានធ្វើ គឺ « ព្រះចេស្ដានៃព្រះបន្ទូលរបស់ព្រះ » ( អាលម៉ា ៣១:៥ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
តើអ្នកទទឹងនឹងព្រះគ្រីស្ទគឺជាអ្វី ?
នៅក្នុង អាលម៉ា ៣០:៦ កូរីហូរ ត្រូវបានហៅថាជា « អ្នកទទឹងនឹងព្រះគ្រីស្ទ » ។ អ្នកទទឹងនឹងព្រះគ្រីស្ទគឺជា « មនុស្សម្នាក់ដែលធ្វើដូចជាត្រូវនឹងព្រះគ្រីស្ទ ប៉ុន្តែតាមពិតទទឹងទាស់ទៅនឹងព្រះគ្រីស្ទ ( យ៉ូហានទី ១ ២:១៨–២២; ៤:៣–៦; យ៉ូហានទី ២ ១:៧ ) ។ និយាយឲ្យទូលំទូលាយទៅ គឺជានរណាម្នាក់ ឬអ្វីមួយដែលបន្លំដំណឹងល្អពិត ឬ ផែនការសង្គ្រោះ ហើយប្រឆាំងជំទាស់ព្រះគ្រីស្ទដោយបើកចំហរ ឬដោយសម្ងាត់ » [ Bible Dictionary « Antichrist » ] ) ។
តើ « ការបន្លំដំណឹងល្អពិត » អ្វីខ្លះ ដែលបងប្អូនកត់សម្គាល់ឃើញមាននៅក្នុងពិភពលោកសព្វថ្ងៃនេះ ? ឧទាហរណ៍ ស៊ិស្ទើរជូលី ប៊ី ប៊េក អតីតប្រធានសមាគមសង្គ្រោះទូទៅបានបង្រៀន ៖ « គោលលទ្ធិ ឬ គោលការណ៍ណាមួយ ដែល [ យើង ] ស្ដាប់ឮមកពីពិភពលោក ដែលប្រឆាំងនឹងក្រុមគ្រួសារ គឺជាអ្នកទទឹងព្រះគ្រីស្ទផងដែរ » ( «Teaching the Doctrine of the Family» Ensign ខែ មិនា ឆ្នាំ ២០១១ ទំព័រ ១៥ ) ។
ព្រះគម្ពីរមរមនអាចជួយខ្ញុំទប់ទល់នឹងឥទ្ធិពលនៃអស់អ្នកដែលព្យាយាមបញ្ឆោតខ្ញុំ ។
នៅពេលបងប្អូនអាន អាលម៉ា ៣០:៦–៣១ ការបង្រៀនរបស់កូរីហូរអាចនឹងស្ដាប់ទៅស្រដៀងគ្នា ។ ដូចប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀន នោះគឺដោយសារព្រះគម្ពីរមរមនបើកសម្ដែង ហើយអាចការពារយើងទាស់នឹង « គម្រោងការ យុទ្ធសាស្ត្រ និងគោលលទ្ធិអាក្រក់របស់អារក្សនៅក្នុងជំនាន់របស់យើង ។ បែបផែននៃការក្បត់សាសនានៅក្នុងព្រះគម្ពីរមរមន គឺស្រដៀងគ្នានឹងបែបផែនដែលយើងមាននៅពេលបច្ចុប្បន្ននេះដែរ ។ ដោយនូវព្រះតម្រិះដ៏ឥតព្រំដែនរបស់ទ្រង់ ព្រះបានធ្វើឲ្យព្រះគម្ពីរមរមន លេចចេញជារូបរាងឡើង ដើម្បីឲ្យយើងអាចឃើញកំហុស ហើយចេះដឹងពីរបៀបតយុទ្ធនឹងគំនិតនៃការអប់រំ នយោបាយ សាសនា និងទស្សនៈវិជ្ជាដែលខុសឆ្គងនាសម័យយើងនេះ » ( Teachings of Presidents of the Church: Ezra Taft Benson[ ឆ្នាំ ២០១៤ ] ទំព័រ ១៣២ ) ។
សូមពិចារណាធ្វើបញ្ជីមួយអំពីគោលលទ្ធិខុសឆ្គងដែលកូរីហូរបានបង្រៀននៅក្នុង អាលម៉ា ៣០:៦–៣១ ។ តើលទ្ធផលមួយចំនួននៃការជឿទៅលើការបង្រៀនទាំងនេះមានអ្វីខ្លះ ? ឧទាហរណ៍ តើលទ្ធផលនៃការជឿថា « កាលណាមនុស្សស្លាប់ទៅ នោះគឺជាចុងបំផុតហើយ » មានអ្វីខ្លះ? (អាលម៉ា ៣០:១៨) ។ តើគោលលទ្ធិខុសឆ្គងដែលបានបង្រៀនដោយកូរីហូរអ្វីខ្លះដែល ស្រដៀងគ្នាទៅនឹងគោលលទ្ធិខុសឆ្គងដែលបងប្អូនបានកត់សម្គាល់ឃើញមាននៅក្នុងពិភពលោកសព្វថ្ងៃនេះ ?
ការអានអំពីការប្រាស្រ័យទាក់ទងរវាងកូរីហូរ និងអាលម៉ា អាចជួយបងប្អូនឲ្យរៀបចំខ្លួនសម្រាប់ស្ថានភាពទាំងឡាយនៅពេលអ្នកដទៃអាចនឹងព្យាយាមបញ្ឆោតបងប្អូន ។ វាអាចជាជំនួយក្នុងការសិក្សា អាលម៉ា ៣០:២៩–៦០ ដើម្បីយល់អំពីរបៀបដែលកូរីហូរត្រូវបានបញ្ឆោត ( សូមមើលជាពិសេស ខទី ៥២–៥៣ ) ។ តើបងប្អូនអាចរៀនអ្វីខ្លះមកពីចម្លើយរបស់អាលម៉ាទៅកាន់ការបង្រៀនរបស់កូរីហូរ ? ( សូមមើល អាលម៉ា ៣០:៣១–៣៥ ) ។
ព្រះបន្ទូលរបស់ព្រះមានព្រះចេស្ដាដើម្បីដឹកនាំមនុស្សទៅរកសេចក្ដីសុចរិត ។
បញ្ហារបស់ប្រជាជនសូរាំបំបែកខ្លួនចេញពីសាសន៍នីហ្វៃ ចំពោះមនុស្សមួយចំនួន អាចនឹងមើលទៅហាក់ដូចជាដំណោះស្រាយចាំបាច់ខាងនយោបាយ ឬខាងកងទ័ព ( សូមមើល អាលម៉ា ៣១:១–៤ ) ។ ប៉ុន្តែអាលម៉ាបានរៀនទុកចិត្តទៅលើ « គុណធម៌នៃព្រះបន្ទូលនៃព្រះ » ( អាលម៉ា ៣១:៥ ) ។ តើបងប្អូនរៀនអ្វីខ្លះមកពី អាលម៉ា ៣១:៥ អំពីព្រះចេស្ដានៃព្រះបន្ទូលរបស់ព្រះ ? តើបងប្អូនធ្លាប់ឃើញព្រះបន្ទូលនៃព្រះដឹកនាំ « មនុស្សឲ្យធ្វើអ្វីដែលត្រឹមត្រូវ » យ៉ាងដូចម្ដេចខ្លះ? (អាលម៉ា ៣១:៥ ) ។ សូមពិចារណាអំពីរបៀបដែលបងប្អូនអាច « សាកល្បង » ( ប្រើប្រាស់ ឬសាកល្បង ) យកព្រះបន្ទូលនៃព្រះដើម្បីជួយដល់នរណាម្នាក់ដែលបងប្អូនស្រឡាញ់ ។
ដើម្បីយល់ដឹងបន្ថែមអំពីយុទ្ធសាស្ត្ររបស់អាលម៉ាក្នុងការទៅជួយសង្គ្រោះដល់អ្នកដទៃ បងប្អូនអាចប្រៀបធៀបឥរិយាបទ អារម្មណ៍ និងសកម្មភាពរបស់លោកជាមួយនឹងអ្នកទាំងឡាយនៃសាសន៍សូរាំ ដូចបានពិពណ៌នានៅក្នុង អាលម៉ា ៣១ ។ តុមួយរាងដូចខាងក្រោមនេះ អាចនឹងជួយ ។ តើបងប្អូនកត់សម្គាល់ឃើញមានភាពខុសគ្នាអ្វីខ្លះ ? តើបងប្អូនមានអារម្មណ៍ថាបងប្អូនដូចជាអាលម៉ាយ៉ាងដូចម្ដេច ?
ពួកសាសន៍សូរាំ |
អាលម៉ា |
---|---|
ពួកសាសន៍សូរាំ បានជឿថាអស់អ្នកដែលនៅក្រៅក្រុមរបស់ពួកគេ ត្រូវបណ្ដាសារទៅស្ថាននរក ( អាលម៉ា ៣១:១៧ ) ។ | អាលម៉ា បានជឿថាសាសន៍សូរាំ គឺជា « បងប្អូន » របស់លោក ហើយព្រលឹងរបស់ពួកគេ « មានតម្លៃ » ( អាលម៉ា ៣១:៣៥ ) ។ |
ពួកសាសន៍សូរាំ ដាក់ដួងចិត្តរបស់ពួកគេទៅលើទ្រព្យសម្បត្តិ ( អាលម៉ា ៣១:២៤, ២៨ ) ។ | អាលម៉ា មានបំណងប្រាថ្នានាំព្រលឹងទាំងឡាយមកកាន់ព្រះយេស៊ូវគ្រីស្ទ ( អាលម៉ា ៣១:៣៤ ) ។ |
ពួកសាសន៍សូរាំ | អាលម៉ា |
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
អាលម៉ា ៣០:៤៤
សូមពិចារណាធ្វើការអាន និងពិភាក្សា អាលម៉ា ៣០:៤៤ ជាមួយគ្នា នៅពេលបងប្អូនទៅដើរលេងនៅខាងក្រៅ ឬមើលរូបភាពនៃការបង្កបង្កើតរបស់ព្រះ ។ សមាជិកគ្រួសារអាចចែកចាយអំពីអ្វីដែលពួកគេបានឃើញ ដែលថ្លែងទីបន្ទាល់អំពីព្រះ ។ តើវត្ថុទាំងនេះ—ឬបទពិសោធន៍ដទៃទៀត ដែលយើងមាន—បានជួយយើងឲ្យស្គាល់ព្រះពិតយ៉ាងដូចម្ដេច ?
អាលម៉ា ៣០:៥៦–៦០
តើយើងរៀនអ្វីខ្លះមកពី អាលម៉ា ៣០:៥៦–៦០ អំពីរបៀបដែលអារក្សប្រព្រឹត្តនឹងអ្នកដើរតាមវា ? តើយើងអាចធ្វើអ្វីខ្លះដើម្បីការពារគ្រួសាររបស់យើងទប់ទល់នឹងឥទ្ធិពលរបស់វា ?
អាលម៉ា ៣១:២០–៣៨
បន្ទាប់ពីការអាន អាលម៉ា ៣១:២០–៣៨ ជាមួយគ្រួសារ បងប្អូនអាចពិភាក្សាសំណួរដូចតទៅនេះ ៖ តើការអធិស្ឋានរបស់អាលម៉ាខុសពីការអធិស្ឋានរបស់សាសន៍សូរាំយ៉ាងដូចម្ដេច ? តើយើងអាចធ្វើតាមគំរូរបស់អាលម៉ានៅក្នុងការអធិស្ឋានផ្ទាល់ខ្លួន និងការអធិស្ឋានជាគ្រួសារយ៉ាងដូចម្ដេច ?
កុមារតូចៗអាចដាក់ថ្មមួយដុំនៅក្រោមខ្នើយរបស់ពួកគេដើម្បីជួយពួកគេចងចាំអធិស្ឋានជារៀងរាល់ព្រឹក និងរាល់យប់ ។ ពួកគេក៏អាចនឹងចូលចិត្តតុបតែងលើថ្មនោះផងដែរ ។
អាលម៉ា ៣១:២៣
តើយើងកំពុងធ្វើអ្វីខ្លះជារៀងរាល់ថ្ងៃនៅក្នុងគេហដ្ឋានរបស់យើងដើម្បីរៀន និងនិយាយអំពីព្រះ ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។