ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៥–២១ ខែ មិថុនា ។ អាលម៉ា ១៣–១៦ ៖ « ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នៃ​ព្រះអម្ចាស់ »


« ថ្ងៃទី ១៥–២១ ខែ មិថុនា ។ អាលម៉ា ១៣–១៦ ៖ ‹ ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នៃ​ព្រះអម្ចាស់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៥–២១ ខែ មិថុនា ។ អាលម៉ា ១៣–១៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២០

អាលម៉ា និង អាមូលេក​បាន​ដើរ​ចេញ​ពី​គុក

រូបភាព​របស់​អាលម៉ា និង អាមូលេក ត្រូវ​បាន​រំដោះ​ចេញ​ពី​គុក ដោយ អាន់ដ្រូ បូស្លី

ថ្ងៃទី ១៥–២១ ខែ មិថុនា

អាលម៉ា ១៣–១៦

« ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នៃ​ព្រះអម្ចាស់ »

ការ​បំផុសគំនិត​ដែល​បងប្អូន​ទទួល​បាន​នៅពេល​បងប្អូន​ពិចារណា​បទព្រះគម្ពីរ គឺ​មាន​តម្លៃ​ណាស់ ។ បងប្អូន​អាច​បង្ហាញ​ថា​បងប្អូន​ឲ្យ​តម្លៃ​វា​ដោយ​ការ​កត់ត្រា និង​ការ​ធ្វើ​តាម​ការ​បំផុសគំនិត​នោះ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ជីវិត​នៅ​ក្នុង​អាំម៉ូណៃហា គឺ​ល្អ​សម្រាប់​ទាំង​អាមូលេក និង ស៊ីអេរ៉ុម តាម​របៀប​ជា​ច្រើន ។ អាមូលេក​គឺជា « មនុស្ស​ម្នាក់​ដ៏​ពុំ​ខ្វះ​មនុស្ស​រាប់​អាន » ដែល​មាន « សាច់ញាតិ និង​មិត្តជាច្រើន » ហើយ « មាន​ទ្រព្យសម្បត្តិ​ច្រើន » ( អាលម៉ា ១០:៤ ) ។ ស៊ីអែសរ៉ុម « គឺជា​មនុស្ស​ម្នាក់​ដែល​ជំនាញ​ការ​បំផុត » នៅ​ក្នុង​ចំណោម​ពួក​មេធាវី ហើយ​ស្វែងរក « កម្រៃ​ដល់​ខ្លួន » ( អាលម៉ា ១០:៣១ ) ។ បន្ទាប់មក អាលម៉ា​បាន​មក​ដល់​អាំម៉ូណៃហា​ដោយ​មាន​ការ​អញ្ជើញ​មក​ពី​ព្រះ​ឲ្យ​ប្រែចិត្ត ហើយ « ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នៃ​ព្រះអម្ចាស់ » ( អាលម៉ា ១៣:១៦ ) ។ សម្រាប់​អាមូលេក ស៊ីអែសរ៉ុម និង​អ្នកដទៃទៀត ការ​ទទួល​យក​ការអញ្ជើញ​នេះ​បាន​តម្រូវ​ឲ្យ​មាន​ការ​លះបង់ ហើយ​ព្រមទាំង​នាំ​ឲ្យ​មាន​សេចក្ដីទុក្ខវេទនា​ដែល​ស្ទើរតែ​ពុំ​អាច​រែកបានទៀត ។

ប៉ុន្តែ​រឿង​នេះ​ពុំ​បាន​បញ្ចប់​ត្រឹមនោះ​ទេ ។ នៅក្នុង អាលម៉ា ១៣–១៦ យើង​បាន​ដឹង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​អ្នក​ដែល​ជឿ « ដល់​ព្រះចេស្ដា​នៃ​ព្រះគ្រីស្ទ​ក្នុង​ការ​សង្គ្រោះ » ( អាលម៉ា ១៥:៦ ) ។ ពេល​ខ្លះ​មាន​ការ​រំដោះឲ្យរួច ពេល​ខ្លះ​មាន​ការ​ព្យាបាល —ពេល​ខ្លះ​រឿង​ពុំ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​សោះ​នៅ​ក្នុង​ជីវិត​នេះ ។ ប៉ុន្តែ « ព្រះអម្ចាស់​តែងតែ​ទទួល​យក [ រាស្ត្ររបស់​ទ្រង់ ] ឡើង​ទៅ​ឯ​ទ្រង់​ក្នុង​សិរីល្អ » ( អាលម៉ា ១៤:១១ ) ។ ព្រះអម្ចាស់​តែងតែ​ប្រទាន « អំណាច​ឲ្យ​គេ ស្របតាម​សេចក្ដីជំនឿ [ របស់​យើង ] ដែល [ គឺ ]​ ជា​សេចក្ដីជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ » ( អាលម៉ា ១៤:២៨ ) ។ ហើយ « សេចក្ដីជំនឿ​ជឿ​ដល់​ព្រះអម្ចាស់ » នោះ​ហើយ​ដែល​ប្រទាន « ឲ្យ​មាន​សេចក្ដី​សង្ឃឹម​មួយ​ថា [ យើង ] នឹង​ទទួល​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច » ( អាលម៉ា ១៣:២៩ ) ។ នៅពេល​បងប្អូន​អាន​ជំពូក​ទាំងនេះ បងប្អូន​អាច​ទទួល​ការ​លួងលោម​ចិត្ត​មក​ពី​ការ​សន្យា​ទាំងនេះ ហើយ​បងប្អូន​អាច​យល់​បាន​កាន់តែ​ល្អ​ប្រសើរ​អំពី​អ្វី​ដែល​អាលម៉ា​ចង់​មានន័យ នៅពេល​គាត់​និយាយ​អំពី « សេចក្ដី​សម្រាក​នៃ​ព្រះអម្ចាស់ » ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

អាលម៉ា ១៣:១–១៩

ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ជួយ​ខ្ញុំ​ទទួល​បាន​ការ​ប្រោសលោះ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។

បងប្អូន​អាច​នឹកគិត​ថា នៅ​ក្នុង អាលម៉ា ១២ អាលម៉ា​បាន​បង្រៀន​អំពី​ផែនការ​របស់​ព្រះ​អំពី​ការ​ប្រោសលោះ ( សូមមើល អាលម៉ា ១២:២៤–២៧ ) ។ នៅ​ក្នុង​ជំពូក ១៣ គាត់​បាន​និយាយ​អំពី​ពួក​សង្ឃ​ដែល​ព្រះ​បាន​តែងតាំង « ដើម្បី​បង្រៀន​ការណ៍​ទាំងនេះ​ទៅ​កាន់​ប្រជាជន » ( អាលម៉ា ១៣:១ ) ។ ពាក្យ​សម្ដី​របស់​អាលម៉ា​បើក​បង្ហាញ​ពី​សេចក្ដីពិត​ដ៏​មាន​អានុភាព​អំពី​បព្វជិតភាព ។ ប្រហែល​ជា​បងប្អូន​អាច​ព្យាយម​ប្រាប់​អំពី​សេចក្ដីពិត​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​មួយ នៅ​ក្នុង​មួយ​ខគម្ពីរ​នៅក្នុង អាលម៉ា ១៣:១–៩ ។ នេះ​គឺ​ជា​គំនិត​មួយ​ចំនួន​ដើម្បី​ជួយ​បងប្អូន​ចាប់​ផ្ដើម ៖

ខ​ទី ១ ៖បព្វជិតភាព​ក៏​ត្រូវ​បាន​ហៅ « តាម​របៀប​នៃ​ព្រះរាជបុត្រា [ ព្រះ ] » ( សូមមើល​ផងដែរ គ. និង ស. ១០៧:១–៤ ) ។

ខទី ២ ៖ព្រះ​បាន​តែងតាំង​ពួក​សង្ឃ​ឲ្យ​ជួយ​ប្រជាជន​មើល​ទៅ​ព្រះរាជបុត្រា​របស់​ទ្រង់​សម្រាប់​ការប្រោសលោះ ។

ខ​ទី ៣ ៖អ្នក​កាន់​បព្វជិតភាព ត្រូវ​បាន​រៀបចំ​សម្រាប់​ការ​ទទួល​ខុសត្រូវ​របស់​ពួកគេ « ចាប់តាំង​ពី​កំណើត​លោកិយ​មក » ។

តើ​បងប្អូន​រក​ឃើញ​អ្វី​ផ្សេងទៀត ? តើ​បងប្អូន​មានអារម្មណ៍​យ៉ាង​ណា​អំពី​បព្វជិតភាព នៅពេល​បងប្អូន​ពិចារណា​អំពី​សេចក្ដីពិត​ទាំងនេះ ? តើ​ពិធីបរិសុទ្ធ​បព្វជិតភាព​បានជួយ​បងប្អូន​មើល​ទៅ​ព្រះគ្រីស្ទ​សម្រាប់​ការ​ប្រោសលោះ​យ៉ាង​ដូចម្ដេច ?

វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​កត់ចំណាំ​ថា មនុស្ស​ជាច្រើន​នៅ​អាំម៉ូណៃហា គឺ​ជា​អ្នក​ដើរ​តាម​នីហូរ ( សូមមើល អាលម៉ា ១៤:១៨, ១៥:៥ ) ។ តើ​ពួក​សង្ឃ​ក្រោម​បង្គាប់​របស់​នីហូរ ( សូមមើល អាលម៉ា ១:៣–៦ ) ខុស​ពី​ពួក​សង្ឃ​ដែល​បាន​តែងតាំង​តាម « របៀប​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ » ( គ. និង ស ១០៧:៣ ), ដែល​អាលម៉ា​បាន​ពិពណ៌នា​យ៉ាង​ដូចម្ដេច ? ( សូមមើល អាលម៉ា ១៣:១–១៩ ) ។

សូមមើល ឌែល ជី រេនឡាន់ « The Priesthood and the Savior’s Atoning Power » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦៤–៦៧ ។

យុវជន​នៅ​ឯ​តុ​សាក្រាម៉ង់

ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព ជួយ​យើង​មើល​ទៅ​ព្រះយេស៊ូវ​គ្រីស្ទ​សម្រាប់​ការ​ប្រោសលោះ ។

អាលម៉ា ១៣:៣

តើ​ពួក​អ្នក​កាន់បព្វជិតភាព​គឺ​ជា​មនុស្ស​តែ​មួយ​ក្រុម​គត់ « ដែលត្រូវ​បាន​ហៅ ហើយ​រៀបចំ​ទុក​ចាប់​តាំង​ពី​កំណើត​លោកិយ​មក » ឬ ?

ការ​បង្រៀន​របស់​អាលម៉ា​នៅ​ក្នុង អាលម៉ា ១៣:៣ សំដៅ​ទៅលើ​អ្នក​កាន់បព្វជិតភាព​ជាពិសេស ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គោលការណ៍​ដែល​គាត់​បាន​បង្រៀន—​ថា បុគ្គល​ម្នាក់ៗ​បាន​ទទួល​ការ​ចាត់តាំង និង​ការរៀបចំ​ដើម្បី​បំពេញវា « ចាប់តាំង​ពី​កំណើត​លោកិយ » — អនុវត្ត​ចំពោះ​យើង​ទាំងអស់​គ្នា ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានបង្រៀន ថា ៖ « មុនពេល​យើង​មក​ទីនេះ​ស្ត្រី​ដែល​ប្រកប​ដោយ​ជំនឿ​ត្រូវបាន​ផ្តល់​នូវ​កិច្ចការ​ដ៏​ជាក់លាក់​ទាំងឡាយ ខណៈដែល​មនុស្ស​ប្រុស​ដែល​មាន​ជំនឿ​ត្រូវបាន​តែងតាំង​ជាមុន​ចំពោះ​ការងារ​បព្វជិតភាព​ដ៏​ជាក់លាក់​ទាំងឡាយ ។ ខណៈ​ដែល​យើង​ឥឡូវ​ពុំ​ចងចាំ​ជាក់លាក់ រឿង​នេះ​ក៏​ពុំ​បាន​ផ្លាស់ប្ដូរ​ភាព​ពិត​ដ៏​រុងរឿង​អំពី​អ្វី​ដែល​យើង​ធ្លាប់​យល់​ស្រប​នោះ​ដែរ » ( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ ២០០៦ ], ២១៥–១៦ សូមមើល​ផងដែរ គ. និង ស. ១៣៨:៥៥–៥៦ ) ។

អាលម៉ា ១៤

ពេល​ខ្លះ​ព្រះ​ទុក​ឲ្យ​មនុស្ស​សុចរិត​ជួប​ទុក្ខ​លំបាក ។

អាលម៉ា ១៤ ប្រាប់​អំពី​ប្រជាជន​សុចរិត​ដែល​បាន​ជួប​ទុក្ខ​លំបាក ហើយ​ស្លាប់ ដោយសារ​តែ​ជំនឿ​របស់​ពួកគេ ។ បងប្អូន​អាច​ងឿង​ឆ្ងល់ ដូចជា​មនុស្ស​ជាច្រើន​ងឿង​ឆ្ងល់ថា ហេតុអ្វី​ក៏​រឿង​អាក្រក់ៗ​កើត​ឡើង​ចំពោះ​មនុស្ស​ដែល​កំពុង​ព្យាយាម​រស់នៅ​ដោយ​សុចរិត​ដូច្នេះ ។ បងប្អូន​អាច​នឹង​រក​មិន​ឃើញ​ចម្លើយ​ទាំងអស់​ចំពោះ​សំណួរ​ពិបាក​នៅ​ក្នុង អាលម៉ា ១៤ នោះ​ទេ ប៉ុន្តែ​មាន​អ្វីៗ​ជា​ច្រើន​ដើម្បី​រៀន​មកពី​របៀប​ដែល​អាលម៉ា និង​អាមូលេក បាន​ឆ្លើយតប​ចំពោះ​ស្ថានភាព​ដែល​ពួក​គេ​ជួប​ប្រទះ ។ តើ​ពាក្យ​សម្ដី និង​សកម្មភាព​របស់​ពួកគេ​បង្រៀន​បងប្អូន​អំពី​មូលហេតុ​អ្វីខ្លះ​ដែល​ព្រះអម្ចាស់ ពេល​ខ្លះ ទុក​ឲ្យ​មនុស្ស​សុចរិត​ត្រូវ​ជួប​ទុក្ខ​លំបាក​ដូច្នេះ ? តើ​បងប្អូន​បាន​រៀន​អ្វីខ្លះ​មកពី​ពួកគេ​អំពី​ការ​ជួប​នឹង​ការ​បៀតបៀន ?

សូមមើល​ផងដែរ ម៉ាថាយ ៥:៤៣–៤៤; ម៉ាកុស ១៤:៥៥–៦៥; រ៉ូម ៨:៣៥–៣៩; ពេត្រុស ១ ៤:១២–១៤; គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២២:៥–៩ ។

អាលម៉ា ១៥:១៦, ១៨

ភាព​ជាសិស្ស​តម្រូវ​ឲ្យ​មាន​ការ​លះបង់ ។

វា​អាច​នឹង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​ធ្វើ​បញ្ជី​មួយ​អំពី​រឿង​ទាំងឡាយ​ដែល​អាមូលេក​បាន​បោះបង់​ចោល​ដើម្បី​ឱបក្រសោប​យក​ដំណឹងល្អ ( សូមមើល អាលម៉ា ១០:៤–៥; ១៥:១៦ ) ហើយ​ប្រៀបធៀប​វា​ទៅ​នឹង​បញ្ជី​នៃ​អ្វី​ដែល​គាត់​បាន​ទទួល ( សូមមើល អាលម៉ា ១៥:១៨; ១៦:១៣–១៥; ៣៤:៨ ) ។ តើ​បងប្អូន​មាន​ឆន្ទៈ​ដើម្បី​លះបង់​អ្វីខ្លះ​ដើម្បី​ក្លាយ​ជា​សិស្ស​កាន់តែ​ស្មោះត្រង់​នោះ ?

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយបងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ ទាំងនេះ​គឺជា​គំនិតយោបល់​មួយ​ចំនួន ។

អាលម៉ា ១៣

គ្រួសារ​របស់​បងប្អូន​អាច​នឹង​ទទួល​ប្រយោជន៍​មក​ពី​ការ​កត់ចំណាំ​គ្រប់ពេល​ដែល​ពាក្យ « សម្រាក » មាន​នៅ​ក្នុង អាលម៉ា ១៣ ។ តើ​ពាក្យ និង​គំនិត​ដទៃទៀត​អ្វីខ្លះ​កើត​មាន​ជាមួយ​នឹង​ពាក្យ​នោះ ? តើ​រឿង​នេះ​ជួយ​យើង​ឲ្យ​យល់​អំពី « សេចក្ដី​សម្រាក​នៃ​ព្រះអម្ចាស់ » អាច​មានន័យ​ជា​យ៉ាង​ណា ? តើ​វា​ខុសគ្នា​ពី​ការ​សម្រាក​ខាង​រូបកាយ​យ៉ាង​ដូចម្ដេច ?

អាលម៉ា ១៣:១០–១២

ដើម្បី​ជួយ​គ្រួសារ​របស់​បងប្អូន​មើល​ឃើញ​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ​បង្រៀន ប្រហែល​ជា​បងប្អូន​អាច​លាង​សម្អាត​អ្វី​មួយ​ជាមួយ​គ្នា— ដូចជា​បោកគក់​សម្លៀក​បំពាក់​ពណ៌ស ។ តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា នៅពេល​យើង​កខ្វក់ ? តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា នៅពេល​យើង​ត្រូវ​បាន​ស្អាត​ម្ដងទៀត ? តើ​អារម្មណ៍​ទាំង​នេះ​ស្រដៀងគ្នា​ទៅ​នឹង​អ្វី​ដែល​យើង​ទទួល​អារម្មណ៍ នៅពេល​យើង​មាន​អំពើបាប បន្ទាប់មក​ប្រែចិត្ត ហើយ​ក្លាយ​ជា​បាន​ស្អាតស្អំ​តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​យ៉ាង​ដូចម្ដេច ?

អាលម៉ា ១៥:១–១២

តើ​យើង​រៀន​អ្វី​ខ្លះ​មក​ពី​បទពិសោធន៍​របស់​ស៊ីអែសរ៉ុម អំពី​អំណាច​របស់​ព្រះអម្ចាស់​ដើម្បី​ពង្រឹង ហើយ​ព្យាបាល​យើង សូម្បី​តែ​នៅពេល​យើង​ធ្វើ​កំហុស​ឆ្គង ? តើ​បព្វជិតភាព​អាច​ដើរតួ​អ្វីខ្លះ​នៅក្នុង​ការណ៍​ដែល​យើង​ទទួល​បាន​កម្លាំង និង​ការ​ព្យាបាល​របស់​ទ្រង់ ?

អាលម៉ា ១៦:១–១០

បន្ទាប់​ពី​ការ​អាន​ខគម្ពីរ​ទាំងនេះ បងប្អូន​អាច​អាន អាលម៉ា ៩:៤ ។ តើ​យើង​រៀន​អ្វីខ្លះ​តាមរយៈ​ការ​ប្រៀបធៀប​អារម្មណ៍​របស់​សូរាំ​អំពី​ពាក្យសម្ដី​របស់​ព្យាការី​ជាមួយ​នឹង​អារម្មណ៍​របស់​ប្រជាជន​នៅ អាំម៉ូណៃហា ? តើ​យើង​កំពុង​ធ្វើ​អ្វីខ្លះ​ដើម្បី​នៅ​ស្មោះត្រង់​ចំពោះ​ពាក្យសម្ដី​របស់​ព្យាការី​នៅ​រស់​របស់​យើង ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ប្រុងប្រៀប​ជានិច្ច ឱកាស​នៃ​ការ​បង្រៀន​​កន្លង​ផុតទៅ​លឿន​ណាស់ ដូច្នេះ​ត្រូវ​ចេះ​ឆ្លៀត​ឱកាស​ចាប់​យក​វា​នៅពេល​ដែល​​មានឱកាស ។ សោនដកម្ម​មួយ​នៅ​ក្នុង​ពិភពលោក ឧទាហរណ៍ អាច​ជា​ឱកាស​មួយ​ដើម្បី​ចែកចាយ​ដំណឹងល្អ​មក​ពី អាលម៉ា ១៤ អំពី​មូលហេតុ​ដែល​ព្រះអម្ចាស់ ពេល​ខ្លះ​អនុញ្ញាត​ឲ្យ​មនុស្ស​ស្លូតត្រង់​ត្រូវ​រងទុក្ខ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១៦ ) ។

អាលម៉ា និង អាមូលេក នៅក្នុង​គុក

អាលម៉ា និង អាមូលេក នៅក្នុង​គុក ដោយ ហ្គែរី អិល ខាប