ថ្ងៃទី ៨–១៤ ខែ មិថុនា ។ អាលម៉ា ៨–១២ ៖ ‹ ព្រះយេស៊ូវគ្រីស្ទនឹងយាងមកប្រោសលោះរាស្ត្ររបស់ទ្រង់ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៨–១៤ ខែ មិថុនា ។ អាលម៉ា ៨–១២ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
ថ្ងៃទី ៨–១៤ ខែ មិថុនា
អាលម៉ា ៨:១២
ព្រះយេស៊ូវគ្រីស្ទនឹងយាងមកប្រោសលោះរាស្ត្ររបស់ទ្រង់
ការសិក្សាបទគម្ពីរទាំងឡាយអញ្ជើញឲ្យមានវិវរណៈ ។ ដូច្នេះនៅពេលបងប្អូនអាន អាលម៉ា ៨–១២ សូមកត់ត្រាចំណាប់អារម្មណ៍នៃព្រះវិញ្ញាណ នៅពេលទ្រង់បង្រៀនដល់បងប្អូនមកពីសារលិខិតរបស់អាលម៉ា និងអាម៉ូលេក ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
កិច្ចការរបស់ព្រះនឹងពុំបរាជ័យឡើយ ។ ប៉ុន្តែការខិតខំ ប្រឹងប្រែងរបស់យើងដើម្បីជួយនៅក្នុងកិច្ចការរបស់ទ្រង់ ជួនកាលហាក់ដូចជាបរាជ័យ— យ៉ាងហោចណាស់ យើងពុំអាចមើលឃើញលទ្ធផលដែលយើងសង្ឃឹមចង់បានភ្លាមៗ ។ ជួនកាល យើងអាចនឹងមានអារម្មណ៍ដូចជាអាលម៉ាបន្ដិច នៅពេលគាត់ផ្សាយដំណឹងល្អនៅអាំម៉ូណៃហា — ដែលត្រូវបានបដិសេធ ស្ដោះដាក់ ហើយបណ្ដេញចេញ ។ ប៉ុន្តែនៅពេលទេវតាណែនាំគាត់ឲ្យត្រឡប់ទៅវិញ ហើយព្យាយាមម្ដងទៀត អាលម៉ាបាន « ត្រឡប់ទៅវិញយ៉ាងរួសរាន់ » ដោយក្លាហាន ( អាលម៉ា ៨:១៨ ) ហើយព្រះបានរៀបចំផ្លូវនៅពីមុខគាត់ ។ ទ្រង់ពុំគ្រាន់តែប្រទានអាហារដល់អាលម៉ាបរិភោគ និងកន្លែងស្នាក់នៅប៉ុណ្ណោះទេ គឺទ្រង់ថែមទាំងបានរៀបចំអាម៉ូលេក ដែលក្លាយជាអ្នកធ្វើការរួមបងប្អូន ជាអ្នកការពារដំណឹងល្អដ៏អង់អាច និងជាមិត្តស្មោះត្រង់មួយរូប ។ នៅពេលយើងជួបរឿងបរាជ័យ ឬការខកចិត្ត កាលដែលយើងបម្រើនៅក្នុងនគររបស់ព្រះអម្ចាស់ យើងអាចចងចាំអំពីរបៀបដែលព្រះបានគាំទ្រ ហើយដឹកនាំអាលម៉ា ហើយយើងអាចទុកចិត្តថា ព្រះនឹងគាំទ្រ ហើយដឹកនាំយើងផងដែរ ទោះជានៅក្នុងស្ថានភាពលំបាកៗយ៉ាងណាក្ដី ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
កិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំដើម្បីចែកចាយដំណឹងល្អអាចនឹងតម្រូវឲ្យមានការស៊ូទ្រាំ និងភាពអត់ធ្មត់ ។
ទោះជាមាននរណាម្នាក់បដិសេធទីបន្ទាល់អំពីដំណឹងល្អរបស់បងប្អូនក្ដី នោះពុំមានន័យថា បងប្អូនគួរបាត់បង់ក្ដីសង្ឃឹមនោះទេ—បន្ទាប់ពីអ្វីៗគ្រប់យ៉ាង ព្រះអម្ចាស់នឹងពុំបោះបង់បុគ្គលម្នាក់នោះទេ ហើយទ្រង់នឹងដឹកនាំបងប្អូនថាត្រូវធ្វើសកម្មភាពតាមរបៀបណា ។ នៅក្នុងករណីរបស់អាលម៉ា ទេវតាមួយអង្គបានបង្គាប់គាត់ឲ្យត្រឡប់ទៅអាំម៉ូណៃហាវិញ ដើម្បីផ្សាយដំណឹងល្អទោះជាប្រជាជននៅទីនោះបានបដិសេធគាត់យ៉ាងហឹង្សាក្ដី ( សូមមើល អាលម៉ា ៨:១៤–១៦ ) ។ តើបងប្អូនរៀនអ្វីខ្លះមកពីគំរូរបស់អាលម៉ានៅក្នុងការចែកចាយដំណឹងល្អ ទោះជាមានឧបសគ្គ និងការជំទាស់ក្ដីនោះ ? តើមានខគម្ពីរណាខ្លះនៅក្នុង អាលម៉ា ៨ ដែលបង្កើនបំណងប្រាថ្នារបស់បងប្អូនក្នុងការចែកចាយដំណឹងល្អ ?
សូមមើលផងដែរ នីហ្វៃទី ៣ ១៨:៣០–៣២, ជែហ្វ្រី អ័រ ហូឡិន « The Cost—and Blessings—of Discipleship » Ensign ឬ Liahonaខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៦–៩ ។
ព្រះវិនិច្ឆ័យដល់កូនចៅរបស់ទ្រង់ស្របតាមពន្លឺ និងចំណេះដឹងដែលពួកគេមាន ។
នៅពេលអានអំពីរបៀបដែលពួកសាសន៍នីហ្វៃនៅក្នុងអាំម៉ូណៃហា បានប្រព្រឹត្តចំពោះពួកអ្នកបម្រើរបស់ព្រះអម្ចាស់ វាងាយស្រួលដើម្បីភ្លេចថា ពួកគេធ្លាប់រស់នៅក្នុងដំណឹងល្អ ដែល « បានប្រោសប្រណីជាខ្លាំងពីព្រះអម្ចាស់ » ( អាលម៉ា ៩:២០ ) ។ តាមពិត ចំណែកនៃសារលិខិតរបស់អាលម៉ាទៅកាន់ប្រជាជននៅអាំម៉ូណៃហា គឺដោយសារតែពួកគេពង្រឹងចិត្តរបស់ពួកគេ ទោះជាពួកគេត្រូវបានប្រទានពរយ៉ាងខ្លាំងក្ដី ស្ថានភាពរបស់ពួកគេមានសភាពអាក្រក់ជាងពួកសាសន៍លេមិន ដែលមានអំពើបាបភាគច្រើនដោយសារតែពួកគេមិនដឹង ។ តើភាពផ្ទុយគ្នានេះបង្រៀនយើងអ្វីខ្លះអំពីរបៀបដែលព្រះវិនិច្ឆ័យដល់កូនចៅរបស់ទ្រង់ ?
នៅពេលបងប្អូនអានអំពីពរជ័យដ៏មហិមា ដែលព្រះបានប្រទានដល់ប្រជាជននីហ្វៃ ( សូមមើលជាពិសេស អាលម៉ា ៩:១៩–២៣ ) សូមពិចារណាអំពីពរជ័យដ៏មហិមា ដែលទ្រង់បានប្រទានដល់បងប្អូន ។ តើបងប្អូននឹងធ្វើអ្វីខ្លះដើម្បីបន្ដស្មោះត្រង់ចំពោះពរជ័យទាំងនោះ ? តើមានការផ្លាស់ប្ដូរអ្វីខ្លះដែលបងប្អូនទទួលអារម្មណ៍ថាបងប្អូនត្រូវធ្វើនោះ ?
សូមមើលផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៨២:៣ ។
ផែនការរបស់ព្រះ គឺជាផែនការនៃសុភមង្គល
ព្យាការីព្រះគម្ពីរមរមនបានប្រើឈ្មោះផ្សេងៗដើម្បីពិពណ៌នាអំពីផែនការរបស់ព្រះចំពោះកូនចៅរបស់ទ្រង់ ដូចជាផែនការនៃសេចក្ដីសង្គ្រោះ ឬផែនការនៃសុភមង្គល ។ នៅក្នុង អាលម៉ា ១១–១២ អាលម៉ា និងអាម៉ូលេក សំដៅទៅលើវាថាជាផែនការនៃសេចក្ដីប្រោសលោះ ។ នៅពេលបងប្អូនអានជំពូកទាំងនេះ សូមពិចារណាអំពីមូលហេតុដែលពាក្យ « ការប្រោសលោះ » ត្រូវបានប្រើដើម្បីពិពណ៌នាអំពីផែនការ ។ បងប្អូនក៏អាចសរសេរសេចក្ដីសង្ខេបខ្លីមួយអំពីអ្វីដែលអាលម៉ា និងអាម៉ូលេក បានបង្រៀនអំពីទិដ្ឋភាពនៃផែនការដូចខាងក្រោមនេះផងដែរ ៖
ការធ្លាក់ ៖
ព្រះប្រោសលោះ ៖
ការប្រែចិត្ត ៖
សេចក្ដីស្លាប់ ៖
ការរស់ឡើងវិញ ៖
ការជំនុំជម្រះ ៖
សូមកត់ចំណាំអំពីឥទ្ធិពលនៃពាក្យសម្ដីរបស់អាម៉ូលេកមានទៅលើប្រជាជន ( សូមមើល អាលម៉ា ១១:៤៦ ) ។ ហេតុអ្វីក៏បងប្អូនគិតថាគោលការណ៍ទាំងនេះមានឥទ្ធិពលដ៏ខ្លាំងមួយដូច្នេះ ? តើវាមានឥទ្ធិពលទៅលើជីវិតរបស់បងប្អូនយ៉ាងដូចម្ដេច ?
សូមមើលផងដែរ ឌី ថត គ្រីស្តូហ្វឺសិន « The Resurrection of Jesus Christ», Ensignឬ Liahonaខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១១១–១៤ ។
ប្រសិនបើខ្ញុំមិនពង្រឹងចិត្តខ្ញុំទេ ខ្ញុំអាចទទួលបានព្រះបន្ទូលនៃព្រះ ។
មនុស្សមួយចំនួនអាចនឹងងឿងឆ្ងល់ថា ហេតុអ្វីព្រះវរបិតាសួគ៌ពុំប្រាប់អ្វីៗគ្រប់យ៉ាងឲ្យយើងដឹងដូច្នេះ ។ នៅក្នុង អាលម៉ា ១២:៩–១៤ អាលម៉ាបានពន្យល់ពីមូលហេតុមួយ ដែលអាថ៌កំបាំងរបស់ព្រះ ពេលខ្លះត្រូវបិទបាំងពីពួកយើង ។ សំណួរទាំងនេះអាចជួយបងប្អូនពិចារណាអំពីអ្វីដែលគាត់បានបង្រៀន ៖
-
តើការធ្វើចិត្តរបស់យើងរឹងរូសមានន័យយ៉ាងណា ? តើបងប្អូនធ្លាប់កត់សម្គាល់អំពីទំនោរនេះនៅក្នុងខ្លួនបងប្អូនឬទេ ?
-
ហេតុអ្វីព្រះអម្ចាស់បិទបាំងព្រះបន្ទូលរបស់ទ្រង់ពីអ្នកទាំងឡាយដែលធ្វើចិត្តរបស់ពួកគេរឹងរូសដូច្នេះ ?
-
តើបងប្អូនធ្លាប់មានបទពិសោធន៍ទទួលការសន្យានៃការទទួលបាន « ព្រះបន្ទូលរបស់ព្រះអង្គមួយភាគច្រើន » ដោយរបៀបណា ? ( អាលម៉ា ១២:១០ ) ។ តើបទពិសោធន៍នោះមានលក្ខណៈយ៉ាងណា ?
-
តើបងប្អូនអាចធ្វើអ្វីខ្លះដើម្បីប្រាកដថា ព្រះបន្ទូលរបស់ព្រះ « មាននៅក្នុង [ ខ្លួនបងប្អូន ] ? ( អាលម៉ា ១២:១៣ ) ។ ប្រសិនបើបងប្អូនមានព្រះបន្ទូលរបស់ព្រះនៅក្នុងខ្លួនបងប្អូន តើព្រះបន្ទូលមានឥទ្ធិពលអ្វីខ្លះ ទៅលើ « ពាក្យសម្ដី » « កិច្ចការ » និង « គំនិត » របស់បងប្អូន? (អាលម៉ា ១២:១៤) ។
ឧទាហរណ៍មួយអំពីគោលការណ៍ទាំងនេះ សូមប្រៀបធៀបអាមូលេក ទៅនឹងប្រជាជនដទៃទៀតនៅអាំម៉ូណៃហា ។ តើបទពិសោធន៍របស់អាម៉ូលេក ( សូមមើលជាពិសេស អាលម៉ា ១០:១–១១ ) បង្ហាញអំពីអ្វីដែលអាលម៉ាបង្រៀននៅក្នុងខគម្ពីរទាំងនេះ ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
អាលម៉ា ៨:១០–១៨
តើយើងអាចរៀនអ្វីខ្លះមកពីអាលម៉ាអំពីការគោរពតាមព្រះអម្ចាស់ « យ៉ាងរួសរាន់ » ( ខទី ១៨ ) ទោះជានៅពេលវាអាចនឹងមានការលំបាកក្ដី ? ដើម្បីជួយពង្រឹងគោលការណ៍នេះជាមួយនឹងកុមារតូចៗ បងប្អូនអាចលេងល្បែងកម្សាន្តមួយដែលបងប្អូននឹងផ្ដល់ការណែនាំអំពីកិច្ចការមួយ ហើយមើលថាតើសមាជិកគ្រួសារអាចសម្រេចវាបានលឿនប៉ុណ្ណា ។ ឧទាហរណ៍ បងប្អូនអាចមើលថានរណាដែលអាចបត់ខោអាវបានលឿនជាងគេ ។
អាលម៉ា ១០:១–១២
តើយើងអាចរៀនមកពីបទពិសោធន៍របស់អាម៉ូលេកអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ? តើទីបន្ទាល់របស់គាត់មានឥទ្ធិពលទៅលើអ្នកស្ដាប់យ៉ាងណាខ្លះ ? សូមអញ្ជើញសមាជិកគ្រួសាររបស់បងប្អូនធ្វើផែនការមួយដើម្បីធ្វើអ្វីមួយនៅសប្ដាហ៍នេះផ្អែកទៅលើអ្វីដែលពួកគេបានរៀនមកពីគំរូរបស់អាមូលេក ។
អាលម៉ា ១០:២២–២៣
តើយើងអាចរៀនអ្វីខ្លះមកពីខគម្ពីរទាំងនេះអំពីមនុស្សសុចរិតមួយក្រុមអាចមានឥទ្ធិពលទៅលើទីក្រុងទុច្ចរិតមួយនោះ ?
អាលម៉ា ១១:៣៤–៣៧
តើកាលដែលព្រះយេស៊ូវគ្រីស្ទសង្គ្រោះយើង ក្នុង អំពើបាបរបស់យើង និង ពី អំពើបាបរបស់យើងមានលក្ខណៈខុសគ្នាអ្វីខ្លះ ? ( សូមមើល ហេលេមិន ៥:១០ សូមមើលផងដែរ យ៉ូហានទី ១ ១:៩-១០ ) ។ ដើម្បីបង្ហាញអំពីអ្វីដែលអាមូលេកបានបង្រៀន បងប្អូនអាចចែកចាយដំណើររឿងនៅដើមសារលិខិតរបស់អែលឌើរ អាលិន ឌី ហេនី « Remembering in Whom We Have Trusted » (Ensign ឬ Liahona ខែវិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១២១–២៣ ) ។ តើព្រះយេស៊ូវគ្រីស្ទសង្គ្រោះយើងពីអំពើបាបរបស់យើងយ៉ាងដូចម្ដេច ?
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនកុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ។