« ថ្ងៃទី ៣០ ខែ មីនា–ថ្ងៃទី ១២ ខែ មេសា បុណ្យអ៊ីស្ទើរ ៖ ‹ ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ…ទាំងអំណាចប្រោសឲ្យជានៅក្នុងចំអេងស្លាបទ្រង់ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៣០ ខែ មីនា–ថ្ងៃទី ១២ ខែ មេសា បុណ្យអ៊ីស្ទើរ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២០
ថ្ងៃទី ៣០ ខែ មីនា– ថ្ងៃទី ១២ ខែ មេសា
បុណ្យអ៊ីស្ទើរ
« ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ…ទាំងអំណាចប្រោសឲ្យជានៅក្នុងចំអេងស្លាបទ្រង់ »
នៅពេលអ្នកអានព្រះគម្ពីរដែលបានផ្តល់ឲ្យនៅទីនេះ និងនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ នោះព្រះវិញ្ញាណនឹងជួយអ្នកឲ្យដឹងអំពីអ្វីដែលត្រូវផ្តោតចិត្តទៅលើ ដើម្បីជួយកុមារឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះនៅថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមនិយាយទៅកាន់កុមារអំពីអ្វីដែលអ្នកធ្វើ ដើម្បីចងចាំដល់ព្រះអង្គសង្គ្រោះនៅថ្ងៃបុណ្យអ៊ីស្ទើរ ។ សូមអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេធ្វើ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
នីហ្វៃទី ១ ១១:២៧; ម៉ូសាយ ៣:៥; ១៥:៧; ហេលេមិន ១៤:១៦–១៧
ពួកព្យាការីនៃព្រះគម្ពីរមរមនបានដឹងថា ព្រះយេស៊ូវគ្រីស្ទនឹងយាងមក ។
ការរៀនអំពីអ្វីដែលពួកព្យាការីនៅក្នុងព្រះគម្ពីរមរមនបានបង្រៀនអំពីបេសកកម្ម និងការងារបម្រើនៅលើផែនដីរបស់ព្រះយេស៊ូវគ្រីស្ទ អាចជួយពង្រឹងសេចក្តីជំនឿរបស់កុមារទៅលើទ្រង់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពរបស់ព្រះអង្គសង្គ្រោះទទួលបុណ្យជ្រមុជទឹក ព្យាបាលមនុស្សដទៃ ត្រូវគេឆ្កាង និងជាអង្គដែលមានព្រះជន្មរស់ឡើងវិញ ( សូមមើលទំព័រសកម្មភាពសប្តាហ៍នេះ ឬ សៀវភៅរូបភាពដំណឹងល្អ លេខ ៣៥, ៤១, ៥៧, ៥៩ ) ។ សូមឲ្យកុមារប្រាប់អ្នកអំពីអ្វីដែលកើតឡើងនៅក្នុងរូបភាពនីមួយៗ ។ សូមពន្យល់ថា អស់ពេលជាច្រើនឆ្នាំពីមុនព្រះយេស៊ូវបានយាងមកកាន់ផែនដី នោះព្រះបានបើកសម្តែងទៅកាន់ពួកព្យាការីនៅក្នុងព្រះគម្ពីរមរមនថា ទ្រង់នឹងធ្វើកិច្ចការទាំងនេះ ។ សូមអាន នីហ្វៃទី ១ ១១:២៧; ម៉ូសាយ ៣:៥; ១៥:៧ និង ហេលេមិន ១៤:១៦–១៧ ហើយជួយកុមារឲ្យផ្គូផ្គងខគម្ពីរទាំងនេះជាមួយរូបភាពដែលត្រូវគ្នា ។
-
នៅពេលកុមារធ្វើកិច្ចការនៅលើទំព័រសកម្មភាពនាសប្ដាហ៍នេះ សូមនិយាយអំពីពួកព្យាការីបានព្យាករ និងអ្វីដែលពួកលោកបានបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមចែកចាយជាមួយកុមារនូវរឿងដ៏អស្ចារ្យមួយចំនួនដែលព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់ពួកយើង ។
ព្រះយេស៊ូវគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញ ។
សូមបង្រៀនកុមារថា ក្រៅពីមនុស្សដែលបានឃើញព្រះអង្គសង្គ្រោះដែលមានព្រះជន្មរស់ឡើងវិញនៅក្រុងយេរូសាឡិម មានមនុស្សរាប់ពាន់នាក់បានឃើញទ្រង់ នៅពេលទ្រង់បានបង្ហាញព្រះកាយនៅក្នុងទ្វីបអាមេរិក ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពនៃការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ ។ សូមសួរកុមារថា តើពួកគេដឹងអ្វីខ្លះអំពីព្រឹត្តិការណ៍ទាំងនេះ ។ ប្រសិនបើចាំបាច់ សូមប្រើ « ជំពូកទី ៤១ ៖ ព្រះយេស៊ូវត្រូវគេឆ្កាង » និង « ជំពូក ៤២ ៖ ព្រះយេស៊ូវបានរស់ឡើងវិញ » ( ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ទំព័រ ១១៥–១២០, ១២១–១២៦ ឬវីដេអូដូចគ្នានេះនៅលើគេហទំព័រ ChurchofJesusChrist.org ) ដើម្បីប្រាប់រឿងទាំងនេះដល់កុមារ ។
-
ដោយប្រើរូបភាពមកពី សៀវភៅរូបភាពដំណឹងល្អ ឬ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ សូមប្រាប់កុមារអំពីការយាងទៅទ្វីបអាមេរិករបស់ព្រះអង្គសង្គ្រោះដែលមានព្រះជន្មរស់ឡើងវិញដូចបានពិពណ៌នានៅក្នុង នីហ្វៃទី ៣ ១១:១–១៧ ។ សូមតំណាលរឿងនេះបីបួនដង ដោយអញ្ជើញកុមារឲ្យជួយអ្នក ។ សូមគូសបញ្ជាក់ព័ត៌មានលម្អិតដែលអ្នកទទួលអារម្មណ៍ថា មានអត្ថន័យចំពោះកុមារ ។ ជាពិសេស សូមគូសបញ្ជាក់ថា ទោះបីព្រះយេស៊ូវបានសុគតលើឈើឆ្កាងក្តី ក៏មនុស្សអាចឃើញថា ឥឡូវនេះទ្រង់បានមានព្រះជន្មរស់ឡើងវិញដែរ ។ សូមទុកឲ្យកុមារប្តូរវេនគ្នាប្រាប់រឿងនោះឡើងវិញតាមពាក្យសម្តីរបស់ពួកគេផ្ទាល់ ។
-
សូមច្រៀងបទ « Easter Hosanna » ឬវគ្គចុងក្រោយនៃបទ « រឿងនិទានក្នុងគម្ពីរមរមន » ( Children’s Songbook ទំព័រ ៦២–៦៣ និង សៀវភៅចម្រៀងកុមារ ទំព័រ ១១៨–១១៩ ) ។ សូមអញ្ជើញកុមារឲ្យគូររូបអ្វីមួយដែលចម្រៀងនោះពិពណ៌នា ។ បន្ទាប់មក សូមឲ្យកុមារចែកចាយគំនូររបស់ពួកគេ និងអារម្មណ៍របស់ពួកគេ ប្រសិនបើពួកគេបាននៅទីនោះកាលព្រះយេស៊ូវបានយាងទៅជួបពួកសាសន៍នីហ្វៃ ។
ព្រះយេស៊ូវគ្រីស្ទ ជ្រាបដឹងអំពីរបៀបលួងលោមចិត្តខ្ញុំ ។
ដោយសារព្រះយេស៊ូវគ្រីស្ទបានរង « ការឈឺចាប់ និងជំងឺទាំងឡាយរបស់រាស្ត្រទ្រង់ » ( អាលម៉ា ៧:១១ ) នោះទ្រង់ជ្រាបដឹងពីអារម្មណ៍របស់យើង ទោះបីគ្មាននរណាម្នាក់ទៀតដឹងក្តី ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអានឲ្យកុមារស្តាប់នូវជួរពីរបីដំបូងនៃ ម៉ូសាយ ៣:៧ ហើយអញ្ជើញពួកគេឲ្យធ្វើដូចជាពួកគេមានអារម្មណ៍ថា « ឈឺចាប់ … , ស្រេកឃ្លាន, ស្រេកទឹក និងហត់នឿយ [ អស់កម្លាំង ] » ។ សូមឲ្យពួកគេចែកចាយពីគ្រានានា ដែលពួកគេបានមានអារម្មណ៍ដូចនេះ ។ បន្ទាប់មក សូមប្រាប់កុមារថា ខគម្ពីរនេះពិពណ៌នាអំពីអ្វីមួយចំនួនដែលព្រះយេស៊ូវគ្រីស្ទបានមានអារម្មណ៍ ពេលទ្រង់បានរងទុក្ខនៅក្នុងសួនច្បារគែតសេម៉ានី ។ ដោយសារការណ៍នេះ ទ្រង់ជ្រាបដឹងពីរបៀបជួយយើង ពេលយើងមានអារម្មណ៍ទាំងនេះ ។
-
សូមអាន អាលម៉ា ៧:១១ ឲ្យឮៗ រួចសួរកុមារថា ប្រសិនបើពួកគេដឹងថា មាននរណាម្នាក់មានជំងឺ ឬឈឺចាប់ ។ សូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទបានទទួលអារម្មណ៍នៃ « ការឈឺចាប់ និងជំងឺ » ទាំងអស់របស់យើង ដូច្នេះទ្រង់អាចយល់អំពីរបៀបលួងលោមចិត្តយើង ( អាលម៉ា ៧:១២ ) ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
នីហ្វៃទី ២ ៩:១០–១៥; អាលម៉ា ១១:៤១–៤៥; ៤០:២១–២៣
ដោយសារព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ នោះខ្ញុំនឹងរស់ឡើងវិញផងដែរ ។
ព្រះគម្ពីរមរមនពិពណ៌នាយ៉ាងច្បាស់លាស់អំពីអត្ថន័យនៃពាក្យរស់ឡើងវិញ និងបុគ្គលដែលនឹងរស់ឡើងវិញ ។ តើអ្នកអាចជួយកុមារឲ្យយល់ពីសេចក្ដីពិតទាំងនេះដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារប្រាប់នូវអ្វីដែលពួកគេដឹងអំពីការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមសរសេរលើក្តារខៀននូវសំណួរដូចជា តើការរស់ឡើងវិញមានន័យដូចម្តេច ? និង តើនរណាខ្លះនឹងរស់ឡើងវិញ ? សូមជួយកុមារឲ្យស្វែងរកចម្លើយនៅក្នុង នីហ្វៃទី ២ ៩:១០–១៥; អាលម៉ា ១១:៤១–៤៥ និង អាលម៉ា ៤០:២១–២៣ ហើយចែកចាយជាមួយសិស្សក្នុងថ្នាក់នូវអ្វីដែលពួកគេរកឃើញ ។
-
សូមប្រាប់កុមារអំពីនរណាម្នាក់ដែលអ្នកស្គាល់ ដែលបានស្លាប់ទៅហើយ ។ សូមឲ្យពួកគេធ្វើពុតថា អ្នកពុំដឹងអំពីការរស់ឡើងវិញទេ ។ តើពួកគេអាចជួយអ្នកឲ្យយល់អំពីការរស់ឡើងវិញដោយរបៀបណា ? សូមលើកទឹកចិត្តពួកគេឲ្យប្រើ នីហ្វៃទី ២ ៩:១០–១៥; អាលម៉ា ១១:៤១–៤៥ ឬ អាលម៉ា ៤០:២១–២៣ ដើម្បីបង្រៀនអ្នកអំពីការរស់ឡើងវិញ ។ ក៏សូមអញ្ជើញពួកគេឲ្យថ្លែងទីបន្ទាល់អំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះជាផ្នែកមួយនៃចម្លើយរបស់ពួកគេផងដែរ ។
អេណុស ១:២–៨; ម៉ូសាយ ២៧:៨–២៤; អាលម៉ា ១៣:១១–១២; ២៤:៧–១៩
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទលាងជម្រះខ្ញុំ ហើយផ្លាស់ប្តូរខ្ញុំ ។
ព្រះគម្ពីរមរមនផ្តល់គំរូជាច្រើនអំពីមនុស្សដែលត្រូវបានផ្លាស់ប្តូរ ដោយសារតែដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ សូមពិចារណាអំពីរបៀបដែលបទពិសោធន៍ទាំងនេះអាចបំផុសគំនិតដល់កុមារឲ្យប្រែចិត្ត និងងាកទៅរកព្រះអង្គសង្គ្រោះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញកុមារនូវអាវពណ៌សស្អាតមួយ និងអាវពណ៌សប្រឡាក់មួយ ។ សូមអាន អាលម៉ា ១៣:១១–១២ ជាមួយគ្នា ។ តើមនុស្សអាចត្រូវបានលាងជម្រះពីអំពើបាបរបស់ពួកគេដោយរបៀបណា ? តើរឿងនេះធ្វើឲ្យពួកគេមានអារម្មណ៍យ៉ាងណាអំពីអំពើបាប ? សូមប្រាប់អំពីអារម្មណ៍ដែលអ្នកមាន នៅពេលអ្នកប្រែចិត្ត ហើយទទួលបានការអភ័យទោស រួចសូមថ្លែងទីបន្ទាល់របស់អ្នកអំពីព្រះចេស្តារបស់ព្រះអង្គសង្គ្រោះ ដើម្បីលាងជម្រះយើងពីអំពើបាប ។
-
សូមអញ្ជើញកុមារឲ្យជ្រើសយកមនុស្សម្នាក់ដូចតទៅនេះដើម្បីរៀនអំពីគាត់ ៖ អេណុស ( សូមមើល អេណុស ១:២–៨ ), អាលម៉ាជាកូន ( សូមមើល ម៉ូសាយ ២៧:៨–២៤ ) ឬពួកសាសន៍អាន់តៃ នីហ្វៃ លីហៃ ( សូមមើល អាលម៉ា ២៤:៧–១៩ ) ។ នៅពេលអ្នកអានរឿងនោះជាមួយគ្នា សូមឲ្យកុមារសម្គាល់មើលអំពីរបៀបដែលបុគ្គល ឬក្រុមនេះបានផ្លាស់ប្តូរ ដោយសារតែដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ តើយើងអាចធ្វើតាមគំរូរបស់មនុស្សទាំងនេះដោយរបៀបណា ?
ព្រះយេស៊ូវគ្រីស្ទបានលើកដាក់មកលើអង្គទ្រង់នូវអំពើបាប ការឈឺចាប់ និងជំងឺទាំងឡាយរបស់ខ្ញុំ ។
ក្រៅពីការរងទុក្ខ ដ្បិតអំពើបាបរបស់យើង ព្រះអង្គសង្គ្រោះក៏បានរងទុក្ខចំពោះការឈឺចាប់ ជំងឺទាំងឡាយ និងទុក្ខវេទនាផ្សេងៗទៀត ដើម្បីទ្រង់ជ្រាបពីរបៀបលួងលោមចិត្តយើង ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមចាត់កុមារម្នាក់ៗឲ្យស្រាវជ្រាវខគម្ពីរមួយដូចតទៅនេះ ដើម្បីស្វែងរកអ្វីដែលព្រះយេស៊ូវបានរងទុក្ខ ៖ ម៉ូសាយ ៣:៧; ម៉ូសាយ ១៥:៥ ឬ អាលម៉ា ៧:១១ ។ សូមអញ្ជើញពួកគេឲ្យសរសេរនៅលើក្តារខៀននូវអ្វីដែលពួកគេបានរកឃើញ ហើយគិតអំពីគ្រានានា ពេលពួកគេបានមានអារម្មណ៍ទាំងនេះ ។ យោងតាម អាលម៉ា ៧:១២ ហេតុអ្វីព្រះយេស៊ូវបានរងទុក្ខនូវអ្វីៗទាំងនេះ ? ហេតុអ្វីវាសំខាន់ដើម្បីដឹងថា ទ្រង់បានរងទុក្ខនឹងរឿងទាំងនេះសម្រាប់ពួកយើង ?
-
សូមច្រៀងទំនុកតម្កើងមួយបទជាមួយគ្នាអំពីព្រះអង្គសង្គ្រោះ ដូចជាបទ « ខ្ញុំដឹងថាព្រះប្រោសលោះខ្ញុំនៅរស់ » ( ទំនុកតម្កើង លេខ ៧៦ ) ។ សូមអញ្ជើញកុមារឲ្យស្វែងរកឃ្លានានាក្នុងទំនុកតម្កើងនេះដែលពិពណ៌នាអំពីរបៀបដែលព្រះអង្គសង្គ្រោះលួងលោមចិត្តយើង ហើយនិយាយអំពីមូលហេតុដែលឃ្លាទាំងនេះមានន័យចំពោះពួកគេ ។ សូមចែកចាយអារម្មណ៍របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ហើយអញ្ជើញកុមារឲ្យចែកចាយអារម្មណ៍របស់ពួកគេដែរ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យរកមើលនរណាម្នាក់នៅក្នុងសប្តាហ៍នេះដែលត្រូវការការលួងលោមចិត្ត ។ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយជាមួយបុគ្គលនេះ នូវអ្វីដែលពួកគេបានរៀនអំពីព្រះអង្គសង្គ្រោះដែលបានលើកដាក់មកលើអង្គទ្រង់នូវការឈឺចាប់របស់យើង ដើម្បីទ្រង់អាចលួងលោមចិត្តយើងបាន ។