« ថ្ងៃទី ៣០ ខែ មីនា– ថ្ងៃទី ១២ ខែ មេសា ។ អេសធើរ ៖ ‹ ទ្រង់បានមានព្រះជន្មរស់ឡើងវិញ ដោយអំណាចប្រោសឲ្យជានៅក្នុងចំអេងស្លាបទ្រង់… › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៣០ ខែ មីនា– ថ្ងៃទី ១២ ខែ មេសា ។ អេសធើរ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
ថ្ងៃទី ៣០ ខែ មីនា– ថ្ងៃទី ១២ ខែ មេសា
បុណ្យអ៊ីស្ទើរ
បុណ្យអ៊ីស្ទើរ ៖ « ទ្រង់បានមានព្រះជន្មរស់ឡើងវិញ ដោយអំណាចប្រោសឲ្យជានៅក្នុងចំអេងស្លាបទ្រង់… »
នៅប៉ុន្មានថ្ងៃដល់ថ្ងៃអាទិត្យនៃបុណ្យអ៊ីស្ទើរ សូមពិចារណាអំពីការផ្ដោតការសិក្សាបទគម្ពីររបស់បងប្អូនផ្ទាល់ខ្លួន និងជាគ្រួសារអំពីទីបន្ទាល់ដ៏មានអានុភាពរបស់ព្រះគម្ពីរមរមនអំពីជីវិត សេចក្ដីស្លាប់ ការរស់ឡើងវិញ និងព្រះចេស្ដារដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ពួកសាវកពីបុរាណមុតមាំនៅក្នុងការថ្លែងទីបន្ទាល់របស់ពួកគាត់អំពីព្រះយេស៊ូវគ្រីស្ទ និងការរស់ឡើងវិញរបស់ទ្រង់ ។ មនុស្សរាប់លាននាក់ជឿទៅលើព្រះយេស៊ូវគ្រីស្ទ ហើយព្យាយាមដើម្បីធ្វើតាមទ្រង់ តាមរយៈពាក្យសម្ដីរបស់ពួកគាត់ដែលបានកត់ត្រានៅក្នុងព្រះគម្ពីរបរិសុទ្ធ ។ ប៉ុន្តែនៅមានមនុស្សមួយចំនួនអាចនឹងងឿងឆ្ងល់ បើព្រះយេស៊ូវគ្រីស្ទ គឺជាព្រះអង្គសង្គ្រោះនៃពិភពលោកទាំងមូលពិតមែន ហេតុអ្វីសាក្សីរបស់ទ្រង់មានកំណត់ដែលមានមនុស្សតែពីរបីនាក់នៅក្នុងតំបន់តូចមួយដូច្នេះ ?
ព្រះគម្ពីរមរមន ឈរជាសាក្សីបន្ថែមទៀត និងកំពុងផ្លាស់មនុស្សឲ្យជឿថា ព្រះយេស៊ូវគ្រីស្ទ គឺជា ព្រះអង្គសង្គ្រោះនៃពិភពលោក « ដែលបានសម្ដែងរូបអង្គទ្រង់ដល់គ្រប់ទាំងសាសន៍ » ( ទំព័រចំណងជើងនៃព្រះគម្ពីរមរមន ) និងការផ្ដល់សេចក្ដីសង្គ្រោះទៅដល់មនុស្សទាំងអស់ដែលមករកទ្រង់ ។ បន្ថែមពីលើនោះ សាក្សីទីពីរនេះ ក៏បញ្ជាក់អំពីអត្ថន័យនៃសេចក្ដីសង្គ្រោះផងដែរ ។ នេះគឺជាមូលហេតុដែល នីហ្វៃ យ៉ាកុប មរមន និងពួកព្យាការីទាំងអស់ ធ្វើការយ៉ាង « ខំព្យាយាមដើម្បីឆ្លាក់ពាក្យទាំងនេះនៅលើផ្ទាំង »— ដើម្បីប្រកាសដល់ជំនាន់ទាំងឡាយនាពេលអនាគតថា ពួកគេ ក៏បាន « ដឹងអំពីព្រះគ្រីស្ទ ហើយ… បានសង្ឃឹមដល់សិរីល្អរបស់ទ្រង់ » ( យ៉ាកុប ៤:៣–៤ ) ។ រដូវបុណ្យអ៊ីស្ទើរនេះ សូមនឹកគិតអំពីទីបន្ទាល់ទាំងឡាយនៅក្នុងព្រះគម្ពីរមរមនថា ព្រះចេស្ដារនៃដង្វាយធួនរបស់ព្រះគ្រីស្ទ គឺមានជាសាកល និងជាបុគ្គល—ដែលប្រោសលោះពិភពលោកទាំងមូល ព្រមទាំងប្រោសលោះដល់បងប្អូន ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
នីហ្វៃទី ២ ៩:៦–១៥, ២២; អាលម៉ា ១១:៤១–៤៥; ៤០:២១–២៣; នីហ្វៃទី ៣ ២៦:៤–៥
ដោយសារការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ មនុស្សទាំងអស់នឹងត្រូវបានរស់ឡើងវិញ ។
វាគឺជាទំនៀមទម្លាប់នៅបុណ្យអ៊ីស្ទើរដើម្បីពិចារណាអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែតើដែលត្រូវបានរស់ឡើងវិញមានន័យឲ្យប្រាកដយ៉ាងណាទៅ ? តើព្រះគម្ពីរមរមនផ្ដល់គំនិតអ្វីខ្លះអំពីការរស់ឡើងវិញ ? ប្រហែលជាដោយការសង្កេតឃើញរបស់បងប្អូននូវចំណែកមួយនៃបុណ្យអ៊ីស្ទើរ នោះបងប្អូនអាចរៀបរាប់អំពីសេចក្ដីពិតអំពីការរស់ឡើងវិញដែលបងប្អូនឃើញមាននៅក្នុង នីហ្វៃទី ២ ៩:៦–១៥, ២២, អាលម៉ា ១១:៤១–៤៥, ៤០:២១–២៣ និង នីហ្វៃទី ៣ ២៦:៤–៥ ។ បងប្អូនក៏អាចកត់ត្រាអំពីមូលហេតុដែលបងប្អូនគិតថាវាសំខាន់ដើម្បីដឹងអំពី សេចក្ដីពិតនីមួយៗទាំងនេះផងដែរ ។
បងប្អូនអាចកត់សម្គាល់ថា សេចក្ដីពិតអំពីការរស់ឡើងវិញគឺត្រូវបានបង្រៀនជាញឹកញាប់ជាមួយនឹងសេចក្ដីពិតអំពីការជំនុំជម្រះចុងក្រោយ ។ សូមពិចារណាអំពីអ្វីដែលបង្រៀនដល់បងប្អូនអំពីសារៈសំខាន់នៃការរស់ឡើងវិញនៅក្នុងផែនការនៃសេចក្ដីសង្គ្រោះ ។
សូមមើលផងដែរ លូកា ២៤:៣៦–៤៣, កិច្ចការ ២៤:១៥, កូរិនថូសទី ១ ១៥:១២–២៣ ។
ម៉ូសាយ ៣:៧; ១៥:៥–៩; អាលម៉ា ៧:១១–១៣
ព្រះយេស៊ូវគ្រីស្ទបានលើកដាក់មកលើព្រះអង្គទ្រង់នូវអំពើបាប ការឈឺចាប់ និងជំងឺឈឺចាប់របស់ខ្ញុំ ។
ព្រះគម្ពីរបរិសុទ្ធបង្រៀនយ៉ាងច្បាស់ថា ព្រះយេស៊ូវគ្រីស្ទបានធ្វើដង្វាយធួនសម្រាប់អំពើបាបរបស់យើង ។ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរមរមនបានពង្រីកការយល់ដឹងរបស់យើងអំពីដង្វាយធួន និងការរងទុក្ខរបស់ព្រះគ្រីស្ទក្នុងរបៀបដ៏សំខាន់ជាច្រើន ។ បងប្អូនអាចរកឃើញការបង្រៀនទាំងនេះមួយចំនួននៅក្នុង ម៉ូសាយ ៣:៧; ១៥:៥–៩ និង អាលម៉ា ៧:១១–១៣ ។ បន្ទាប់ពីបងប្អូនអានវគ្គគម្ពីរទាំងនេះ សូមពិចារណាធ្វើការកត់ត្រានូវអ្វីដែលបងប្អូនបានរកឃើញទៅក្នុងតារាងមួយដូចជាតារាងមួយនេះ ៖
តើព្រះអង្គសង្គ្រោះបានរងទុក្ខអ្វីខ្លះ ? |
តើហេតុអ្វីបានជាទ្រង់រងទុក្ខ ? |
តើនេះមានន័យដូចម្តេចចំពោះខ្ញុំ ? |
---|---|---|
តើព្រះអង្គសង្គ្រោះបានរងទុក្ខអ្វីខ្លះ ? | តើហេតុអ្វីបានជាទ្រង់រងទុក្ខ ? | តើនេះមានន័យដូចម្តេចចំពោះខ្ញុំ ? |
សូមមើលផងដែរ អេសាយ ៥៣; ហេព្រើរ ៤:១៤–១៦ ។
ម៉ូសាយ ៥:១–២; ២៧:៨–២៨; អាលម៉ា ១៥:៣–១២; ២៤:៧–១៩
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទបានសម្អាតខ្ញុំ ហើយជួយឲ្យខ្ញុំបានល្អឥតខ្ចោះ ។
វាអាចត្រូវបាននិយាយថា ព្រះគម្ពីរមរមន មានដំណើររឿងដ៏ច្រើនអំពីមនុស្សដែលបានផ្លាស់ប្ដូរដោយសារតែដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ តាមពិត មនុស្សមួយចំនួនទាំងនេះបានប្រព្រឹត្តអំពើបាបដ៏សាហាវ ហើយក៏ធ្វើជាសត្រូវនឹងរាស្ត្ររបស់ព្រះ ពីមុននឹងព្រះចេស្ដារនៃព្រះអង្គសង្គ្រោះបានធ្វើការផ្លាស់ប្ដូរដ៏ធំមួយនៅក្នុងខ្លួនពួកគេស្របតាមសេចក្ដីជំនឿរបស់ពួកគេទៅលើទ្រង់ ។ បងប្អូនអាចអានបទពិសោធន៍ទាំងនេះមួយចំនួននៅក្នុង ម៉ូសាយ ៥:១–២; ២៧:៨–២៨ និង អាលម៉ា ១៥:៣–១២; ២៤:៧–១៩ បងប្អូនអាចនឹងគិតអំពីឧទារហណ៍ដទៃទៀតដើម្បីសិក្សាផងដែរ ។ តើបងប្អូនកត់សម្គាល់ថាបទពិសោធន៍នីមួយៗទាំងនេះមានភាពដូចគ្នាជាទូទៅអ្វីខ្លះ ? តើបងប្អូនកត់សម្គាល់ឃើញមានភាពខុសគ្នាអ្វីខ្លះ ? តើដំណើររឿងទាំងនេះបង្រៀនបងប្អូនអំពីរបៀបដែលដង្វាយធួនរបស់ព្រះអង្គសង្គ្រោះអាចផ្លាស់ប្ដូរបងប្អូនអ្វីខ្លះ ?
សូមមើលផងដែរ អាលម៉ា ៥:៦–១៤; ១៣:១១–១២; ១៨; ១៩:១–១៦; ២២:១–២៦; ៣៦:១៦–២១; អេធើរ ១២:២៧; មរ៉ូណៃ ១០:៣២–៣៣ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនប្រារព្ធបុណ្យអ៊ីស្ទើរជាមួយនឹងគ្រួសារបងប្អូន សូមរកមើលមធ្យោបាយដើម្បីរៀនជាមួយគ្នាអំពីព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់ រួមទាំងការរស់ឡើងវិញ ។ ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
នីហ្វៃទី ៣ ១១; ១៧
គ្រួសារមួយចំនួនបានរកឃើញថា ការសិក្សាដំណើររឿងនៃការយាងមកជួបរបស់ព្រះអង្គសង្គ្រោះដែលមានព្រះជន្មរស់ឡើងវិញនៅទ្វីបអាមេរិក គឺមានអត្ថន័យជាពិសេសអំឡុងរដូវបុណ្យអ៊ីស្ទើរ ។ សូមលើកទឹកចិត្តដល់សមាជិកគ្រួសារឲ្យនឹកស្រមៃអំពីការពាល់ស្នាមរបួសរបស់ទ្រង់នឹងមានអារម្មណ៍យ៉ាងណា ( សូមមើល នីហ្វៃទី ៣ ១១:១៤–១៥ ) ឬធ្វើជាកុមារម្នាក់ដែលត្រូវបានទ្រង់ប្រទានពរឲ្យ ( សូមមើល នីហ្វៃទី ៣ ១៧:២១ ) ។ តើដំណើររឿងនេះធ្វើឲ្យយើងកាន់តែមានការដឹងគុណដ៏ជ្រាលជ្រៅចំពោះការរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ? គំរូដែលរៀបរាប់អំពីដំណើររឿងនេះ មានមកជាមួយនឹងគម្រោងមេរៀននេះ គំរូដទៃទៀតក៏អាចរកបាននៅក្នុង ChurchofJesusChrist.org ។ សមាជិកគ្រួសាររបស់បងប្អូនក៏អាចរីករាយនឹងការគូរូបដោយផ្ទាល់ខ្លួនពួកគេអំពីអ្វីដែលពួកគេបានអានផងដែរ ។
សារលិខិតមកពីសន្និសីទទូទៅ
នៅកន្លែងជាច្រើនក្នុងពិភពលោកនេះ សន្និសីទទូទៅខែ មេសាឆ្នាំនេះ ចាប់ផ្ដើមនៅចុងសប្ដាហ៍ពីមុនបុណ្យអ៊ីស្ទើរ ។ ប្រហែលជាការស្ដាប់សារលិខិតសន្និសីទ អាចជួយដល់គ្រួសារបងប្អូនផ្ដោតទៅលើព្រះអង្គសង្គ្រោះនៅបុណ្យអ៊ីស្ទើរនេះ ។ ឧទាហរណ៍ បងប្អូនអាចអញ្ជើញសមាជិកគ្រួសារឲ្យស្ដាប់សារលិខិតសន្និសីទដែលថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និងការរស់ឡើងវិញរបស់ទ្រង់—ជាពិសេសមកពីពួកសាវក ដែលជាសាក្សីពិសេសរបស់ព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់មកបងប្អូនអាចមើលសារលិខិតទាំងនេះជាមួយគ្នា ហើយស្គាល់ការបង្រៀនទាំងឡាយដែលជួយពង្រឹងដល់ទីបន្ទាល់របស់បងប្អូនអំពីព្រះអង្គសង្គ្រោះ ។
« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក »
សូមអាន ជាគ្រួសារ ព្រះគ្រីស្ទមានព្រះជន្មរស់ ៖ ទីបន្ទាល់របស់ពួកសាវក » ( Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៧ ខាងក្នុងគម្របខាងមុខ សូមមើលផងដែរ ChurchofJesusChrist.org ) ហើយអញ្ជើញសមាជិកគ្រួសារនីមួយៗឲ្យរើសយកសារលិខិតបុណ្យអ៊ីស្ទើរមួយមកពីទីបន្ទាល់នេះដើម្បីចែកចាយជាមួយនឹងអ្នកដទៃ ។ ឧទាហរណ៍ បងប្អូនអាចបង្កើតជាផ្ទាំងរូបភាពបង្ហាញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅលើច្រកទ្វារ ឬនៅលើបង្អួចរបស់បងប្អូន ។
វីដេអូ ៖ សាក្សីពិសេសរបស់ព្រះគ្រីស្ទ
ChurchofJesusChrist.org និងកម្មវិធីបណ្ណាល័យដំណឹងល្អ ដែលមានវីដេអូមានចំណងជើងថា Special Witnesses of Christ។ វាដាក់បញ្ចូលវីដេអូអំពីសមាជិកម្នាក់ៗនៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ គ្រួសាររបស់បងប្អូនអាចមើលវីដេអូមួយ ឬច្រើន ហើយពិភាក្សាអំពីអ្វីដែលវាបង្រៀនដល់យើងអំពីអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់យើង ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។