ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៣–២៩ ខែ មីនា ។ អេណុស–ពាក្យ​សម្ដី​នៃ​មរមន ៖ ទ្រង់​បាន​ធ្វើ​ការ​ក្នុង​ខ្ញុំ ដើម្បី​ធ្វើ​អ្វីៗ​ស្របតាម​ព្រះហឬទ័យ​ទ្រង់


« ថ្ងៃទី ២៣–២៩ ខែ មីនា ។ អេណុស–ពាក្យ​សម្ដី​នៃ​មរមន ៖ ទ្រង់​បាន​ធ្វើ​ការ​ក្នុង​ខ្ញុំ ដើម្បី​ធ្វើ​អ្វីៗ​ស្របតាម​ព្រះហឬទ័យ​ទ្រង់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២៣–២៩ ខែ មីនា ។ អេណុស–ពាក្យ​សម្ដី​នៃ​មរមន » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២០

រូបភាព
កុមារ​អេណុស​នៅ​ជាមួយ​ឪពុក​របស់​គាត់ យ៉ាកុប និង​ម្ដាយ

យ៉ាកុប និង​អេណុស ដោយ ស្កត ស្នូ

ថ្ងៃទី ២៣–២៩ ខែ មីនា

អេណុសពាក្យ​សម្ដី​នៃ​មរមន

ទ្រង់​បាន​ធ្វើ​ការ​ក្នុង​ខ្ញុំ ដើម្បី​ធ្វើ​អ្វីៗ​ស្របតាម​ព្រះហឬទ័យ​ទ្រង់

នៅ​ពេល​បងប្អូន​អាន អេណុស ទៅ​ដល់ ពាក្យ​សម្ដី​នៃ​មរមន សូម​រក​មើល​សារលិខិត​ដែល​នឹង​មាន​តម្លៃ​ចំពោះ​បងប្អូន ឬ​គ្រួសារ​បងប្អូន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

អេណុស​បាន​ចេញ​ទៅ​ក្នុង​ព្រៃ​ដើម្បី​បរបាញ់​សត្វ ប៉ុន្តែ​បាន​ឈប់​នៅ​ទីនោះ​ដើម្បី​អធិស្ឋាន « អស់​ពេញ​មួយ​ថ្ងៃ…ហើយ​ដល់​ពេល​យប់ » ( អេណុស ១:៣–៤ ) ។ ដោយសារ​តែ​ព្រលឹង​របស់​គាត់​ស្រេក​ឃ្លាន​ដើម្បី​ទទួល​បាន​ការ​ផ្ដាច់​បាប​ពី​អំពើបាប​របស់​គាត់ នោះ​អេណុស មាន​ឆន្ទៈ​ដើម្បី​អធិស្ឋាន​យ៉ាង​យូរ​តាម​ដែល​ចាំបាច់ ហើយ « ពុះពារ » នៅ​ចំពោះ​ព្រះ ( អេណុស ១:២ ) ។ នោះ​ហើយ​ជា​ការ​អធិស្ឋាន​ដោយ​ស្មោះ ៖ គឺ​ពុំ​សុំ​ច្រើន​នូវ​អ្វី​ដែល​យើង​ចង់បាន ប៉ុន្តែ​ខិតខំ​ដោយ​ស្មោះ​ដើម្បី​ទាក់ទង​ជាមួយ​នឹង​ព្រះ ហើយ​ដាក់​ឆន្ទៈ​របស់​យើង​ឲ្យ​ទៅ​តាម​ព្រះឆន្ទៈ​របស់​ទ្រង់ ។ នៅ​ពេល​បងប្អូន​អធិស្ឋាន​តាម​របៀប​នេះ នៅពេល​សំឡេង​របស់​បងប្អូន​បាន « ឮ​ដល់​ស្ថានសួគ៌ » នោះ​បងប្អូន​រកឃើញ​ដូចជា​អេណុស​បាន​រក​ឃើញ​ថា ព្រះ​ស្ដាប់​ឮ​បងប្អូន ហើយ​ទ្រង់​ពិត​ជា​យកចិត្ត​ទុកដាក់​នឹង​បងប្អូន មនុស្ស​ជា​ទីស្រឡាញ់​របស់​បងប្អូន និង​សូម្បី​តែ​សត្រូវ​របស់ បង​ប្អូន​ផង ( សូមមើល អេណុស ១:៤–១៧ ) ។ នៅ​ក្នុង​គ្រា​ទាំង​នោះ ព្រះ​អាច​ធ្វើ​ឲ្យ​បងប្អូន​ដឹង​ពី​ព្រះឆន្ទៈ​របស់​ទ្រង់ ហើយ​បងប្អូន​នឹង​កាន់តែ​មាន​ឆន្ទៈ ហើយ​អាច​ធ្វើ​តាម​ព្រះទ័យ​របស់​ទ្រង់ ដោយសារ​បងប្អូន​នៅ​ជាមួយ​នឹង​ទ្រង់ ។ ដូចជា​មរមន បងប្អូន​អាច « ពុំ​ដឹង​នូវ​គ្រប់​ការណ៍​ទាំងអស់​ទេ …[ ហើយ ] ទ្រង់​បាន​ធ្វើ​ការ​ក្នុង [ បងប្អូន ] ដើម្បី ធ្វើ​អ្វីៗ​ស្របតាម​ព្រះហឬទ័យ​ទ្រង់ » ( ពាក្យ​សម្ដី​នៃ​មរមន ១:៧ ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

អេណុស ១:១–៣

ពាក្យ​សម្ដី​របស់​ឪពុក​ម្ដាយ​អាច​មាន​ឥទ្ធិពល​យូរ​អង្វែង ។

តើ​មាន​សារលិខិត​អ្វីខ្លះ​ដែល​ខគម្ពីរ ទាំងនេះ​មាន​សម្រាប់​ឪពុក​ម្ដាយ និង​សម្រាប់​កូនៗ ?

អេណុស ១:៤–២៧

ការ​អធិស្ឋាន​ដោយ​អស់ពី​ដួងចិត្ត​របស់​ខ្ញុំ​នឹង​ត្រូវ​បាន​ឆ្លើយ​តប ។

បទពិសោធន៍​របស់​អេណុស​ក្នុង​ការ​អធិស្ឋាន គឺ​ជា​បទពិសោធន៍​ដ៏​គួរ​ឲ្យ​ចងចាំ​បំផុត​មួយ​នៅ​ក្នុង​បទគម្ពីរ ។ បទពិសោធន៍​របស់​បងប្អូន​អាច​នឹង​មិន​សូវ​មាន​ឥទ្ធិពល​ប៉ុន្តែ​វា​ពុំ​មែន​មិន​សូវ​មាន​អត្ថន័យ​នោះទេ ។ បទពិសោធន៍​របស់​អេណុស អាច​នឹង​បើក​សម្ដែង​អំពី​របៀប​ជា​ច្រើន​ដើម្បី​កែលម្អ​ការ​អធិស្ឋាន​របស់​បងប្អូន ។ នេះ​គឺ​ជា​សំណួរ​មួយចំនួន​សម្រាប់​ពិចារណា ៖

  • តើ​មាន​ពាក្យសម្ដី​អ្វីខ្លះ​ដែល​ពិពណ៌នា​អំពី​កិច្ចខិតខំ​របស់​អេណុស​នៅពេល​គាត់​អធិស្ឋាន ?

  • តើ​អេណុស​បាន​អធិស្ឋាន​ដំបូង​សម្រាប់​អ្វី ? ( សូមមើល អេណុស ១:៤ ) ។ តើ​បងប្អូន​អាច​រៀន​អ្វីខ្លះ​មកពី ចម្លើយ​របស់​អេណុស បន្ទាប់​ពី​គាត់​បាន​ទទួល​ចម្លើយ​មួយ ? ( សូម​មើល អេណុស ១:៥–៧ ) ។

  • តើ​អេណុស​ធ្វើ​តាម​ចម្លើយ​ដែល​គាត់​បាន​ទទួល​យ៉ាង​ដូចម្ដេច ?

  • តើ​បងប្អូន​អាច​រៀន​អ្វីខ្លះមក​ពី​អេណុស​អំពី​របៀប​ដើម្បី​មាន​សេចក្ដីជំនឿ « ពុំ​អាច​រង្គោះរង្គើ » ទៅលើ​ព្រះអម្ចាស់ ? ( អេណុស ១:១១ ) ។

យ៉ារ៉ុមអោមណៃ

ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​ខ្ញុំ​នៅពេល​ខ្ញុំ​រក្សា​បទបញ្ញត្តិ​ទាំងឡាយ ។

ការ​សន្យា​ដដែលៗ​បំផុត​មួយ​របស់​ព្រះ​នៅ​ក្នុង​ព្រះគម្ពីរមរមន គឺ​ថា​បើ​ពួក​សាសន៍​នីហ្វៃ​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ នោះ​ពួកគេ​នឹង​រីកចម្រើន ( សូមមើល នីហ្វៃទី ២ ១:២០, យ៉ារ៉ុម ១:៩–១២, អោមណៃ ១:៦ ) ។ ព្រះគម្ពីរ​នៃ យ៉ារ៉ុម និង អោមណៃ បង្ហាញ​អំពី​របៀប​មួយ​ចំនួនខ្លះៗ​​ដែល​ការ​សន្យា​នេះ​ត្រូវ​បាន​បំពេញ ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​មកពី​ដំណើរ​រឿង​ទាំងនេះ ដែល​អាច​ជួយ​បងប្អូន « ចម្រើន​ឡើង​នៅ​លើ​ដែនដី ? »

អោមណៃ ១:១៤, ២១

តើ​ប្រជាជន​សារ៉ាហិមឡា​ជា​នរណា ?

បន្ទាប់​ពី​ពួក​សាសន៍​នីហ្វៃ​បាន​ភៀសខ្លួន​ពី​ដែនដី​សាសន៍​នីហ្វៃ នោះ​ពួកគេ​បាន​រកឃើញ​មនុស្ស​ជាច្រើន​កំពុង​រស់នៅ​កន្លែង​មួយ​ហៅ​ថា សារ៉ាហិមឡា ។ ប្រជាជន​សារ៉ាហិមឡា គឺជា​កូនចៅ​នៃ​ក្រុមមួយ​នៃ​ពួក​អ៊ីស្រាអែល ដែល​ដូចជា​គ្រួសារ​របស់​លីហៃ​បាន​ចាកចេញ​ពី​យេរូសាឡិម ហើយ​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះ​ឲ្យ​ទៅ​កាន់​ដែន​ដី​សន្យា ។ នៅក្នុង​ក្រុមនោះ​មាន​បុរស​ឈ្មោះ​មូលេក ជា​បុត្រា​ម្នាក់​របស់​សេដេគា ជា​ស្ដេច​សាសន៍​យូដា ដែល​ត្រូវ​បាន​ចាប់​ជា​ឈ្លើយ​ដោយ​ពួក​បាប៊ីឡូន ប្រហែលជា​ឆ្នាំ ៥៨៧ ម.គ.ស ( សូមមើល យេរេមា ៥២:១–១១, ម៉ូសេ ២៥:២, ហេលេមិន ៨:២១ ) ។

បន្ទាប់​ពី​ប្រជាជន​សារ៉ាហិមឡា​បាន​ទៅ​ដល់​ដែនដី​សន្យា ពួកគេ​បាន​ជួប​នឹង​កូរីអានទុមើរ ( សូមមើល អោមណៃ ១:២១ ) ជា​អ្នក​នៅ​រស់រាន​មាន​ជីវិត​ដ៏​ល្បីឈ្មោះ​របស់​សាសន៍​យ៉ារេឌ ដែលបាន​ប្រាប់​នៅ​ក្នុង​រឿង​ក្នុងគម្ពីរ​អេធើរ ។

ពាក្យសម្ដី​នៃ​មរមន

តើ​ ពាក្យ​សម្ដី​នៃ​មរមន គឺ​ជា​អ្វី ?

ពាក្យ​សម្ដី​នៃ​មរមន ធ្វើ​ជា​ស្ពាន​មួយភ្ជាប់​គ្នា​រវាង​ផ្ទាំង​ចំណារ​ទាំង​ពីរ ដែល​បានផ្គុំ​គ្នា​ជា​ព្រះគម្ពីរមរមន​នោះ ។ នៅ​ត្រង់​នេះ មរមន​បាន​ពន្យល់​អំពី​កំណត់ត្រា​ទាំង​ពីរ​នេះ ហើយ​ពាក្យ​សម្ដី​របស់​គាត់​បង្រៀន​អំពី​សារលិខិត​សំខាន់​មួយ​អំពី​ការ​ទុកចិត្ត​ព្រះអម្ចាស់ ទោះ​ជា​ពេល​ដែល​យើង​មិន​យល់​ដឹង​បាន​ពេញលេញ​អំពី​ការ​ដឹកនាំ​របស់​ទ្រង់​ក្ដី ។

នៅពេល​នីហ្វៃ​កំពុង​សរសេរ​អំពី​កំណត់ត្រា​នៃ​ប្រជាជន​របស់​គាត់ ព្រះ​បាន​ដឹកនាំ​គាត់​ឲ្យ​ធ្វើ​ផ្ទាំង​ចំណារ​ពីរ​ផ្ទាំង ដែល​ហៅ​ថា ផ្ទាំង​តូច និង​ផ្ទាំង​ធំ​របស់​នីហ្វៃ ។ នីហ្វៃ​ពុំ​បាន​ដឹង​ថា ហេតុអ្វី​គាត់​ត្រូវ​បាន​បញ្ជា​ឲ្យ​បង្កើត​ផ្ទាំង​ចំណារ​ពីរ​ផ្ទាំង​នោះទេ ប៉ុន្តែ​គាត់​ទុកចិត្ត​ថា​ព្រះអម្ចាស់​មាន « គោលបំណង​ដ៏​សំខាន់​មួយ​ … ឯ​គោលបំណងនោះ​​ខ្ញុំ​មិន​ដឹងទេ » ( នីហ្វៃទី ១ ៩:៥ សូមមើល « ការ​អធិប្បាយ​ដ៏​ខ្លី​អំពី​ព្រះគម្ពីរមរមន » ) ។​

អស់​ជា​ច្រើន​សតវត្សរ៍​ក្រោយមក នៅពេល​មរមន​កំពុង​សង្ខេប​ផ្ទាំង​ចំណារ​របស់​នីហ្វៃ គាត់​បាន​រក​ឃើញ​ផ្ទាំង​តូច ។ ផ្ទាំង​តូច​មាន​រៀបរាប់​អំពី​ព្រឹត្តការណ៍​ដូចគ្នា​ជាច្រើន ដែល​ពិពណ៌នា​នៅ​ក្នុង​ផ្ទាំង​ធំ​ដែល​មរមន​បាន​សង្ខេប​រួច​ហើយនោះ ប៉ុន្តែ​ផ្ទាំង​តូច​ផ្ដោត​ទៅលើ​រឿង​ខាង​វិញ្ញាណ និង​ការ​បម្រើ និងការ​បង្រៀន​របស់​ពួក​ព្យាការី ។ ព្រះ​បាន​បំផុសគំនិត​មរមន​ឲ្យ​ដាក់​បញ្ចូល​ផ្ទាំង​តូច​នីហ្វៃ​នៅ​ក្នុង​កំណត់ត្រា​របស់​គាត់ បន្ថែម​ទៅលើ​ផ្ទាំង​ធំ ។ ដូចជា​នីហ្វៃ​ផងដែរ មរមន​ពុំ​យល់​អំពី​គោលបំណង​របស់​ព្រះ​ក្នុងការ​មាន​ផ្ទាំង​ពីរ​ផ្ទាំង​នេះ​ទេ ប៉ុន្តែ​គាត់​ទុកចិត្ត​ថា វា « ជា​គោលបំណង​ដ៏​សំខាន់មួយ » ( ពាក្យ​សម្ដី​នៃ​មរមន ១:៧ ) ។

សព្វថ្ងៃនេះ យើង​ដឹង​អំពី​គោលបំណង​របស់​ព្រះ ។ នៅ​ឆ្នាំ ១៨២៨ បន្ទាប់​ពី​យ៉ូសែប ស្ម៊ីធ បាន​បកប្រែ​ផ្នែក​ខ្លះ​នៃ​ការ​សង្ខេប​ផ្ទាំង​ធំ​នីហ្វៃ​របស់​មរមន ( ឯកសារ​សរសេរ​ដោយដៃ​ចំនួន ១១៦ ទំព័រ ) ម៉ាទិន ហារីស បាន​ធ្វើ​ឲ្យ​បាត់​ទំព័រ​ទាំងនោះ ។ ព្រះ​បាន​បញ្ជា​ដល់​យ៉ូសែប ពុំ​ឲ្យ​បកប្រែ​ឡើង​វិញ​នូវ​ផ្នែក​នេះ​ឡើយ ដោយសារ​មនុស្ស​អាក្រក់​នឹង​ផ្លាស់ប្ដូរ​ពាក្យពេចន៍ ហើយ​ព្យាយាម​ចាប់​កំហុស​ដល់​​យ៉ូសែប ( សូមមើល គ. និង ស. ១០ ដើម​កណ្ឌ គ. និង ស. ១០:១៤–១៩, ៣០–៤៥ ) ។ អរព្រះគុណ ដែល​ព្រះ​បាន​ទតឃើញ​ការណ៍​នេះ​ទុក​ជា​មុន ហើយ​បាន​ប្រទាន​ផ្ទាំង​តូច ដែល​មាន​នូវ​ប្រវត្តិ​ដូចគ្នា​ដែល​មាន​នៅ​ក្នុង​ឯកសារទាំង ១១៦ ទំព័រ​នោះ ។ ផ្ទាំង​តូច​មាន​ដាក់​បញ្ចូល​គម្ពីរ​ទាំងឡាយ​ដែល​មាន​ពី​មុន​គម្ពីរ ពាក្យ​សម្ដី​នៃ​មរមន និង ការ​សង្ខេប​ផ្ទាំង​ធំ​របស់​មរមន​ដែល​ចាប់​ផ្ដើម​បន្ទាប់​ពី​គម្ពីរ​ពាក្យ​សម្ដី​នៃ​មរមន ។

រូបភាព
មរមន​កំពុង​ប្រមូលផ្ដុំ​ផ្ទាំង​ចំណារ​មាស

មរមន​កំពុង​ប្រមូលផ្ដុំ​ផ្ទាំង​ចំណារ​ទាំងឡាយ ដោយ ចច កូកូ

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយបងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ ទាំងនេះ​គឺជា​គំនិតយោបល់​មួយ​ចំនួន ។

អេណុស ១:១–១៧

គ្រួសារ​របស់​បងប្អូន​អាច​រកមើល​រូបភាព​របស់​អេណុស កំពុង​អធិស្ឋាន ហើយ​ស្រាវជ្រាវ​នៅក្នុង អេណុស ១:១–១៧ សម្រាប់​ឃ្លា ទាំងឡាយ​ដែល​អាច​ប្រើ​ជា​ចំណងជើង​សម្រាប់​រូបភាពនោះ ។ បងប្អូន​ក៏​អាច​សុំ​ឲ្យ​សមាជិក​គ្រួសារ​គូររូប​អំពី​បទពិសោធន៍​របស់​អេណុស ។ តើ​យើង​រៀន​អ្វីខ្លះ​មកពី​អេណុស​អំពី​ការ​ស្វែងរក​ការ​អភ័យទោស ?

យ៉ារុម ១:២

តើ​ការ​សិក្សា​ព្រះគម្ពីរ​មរមន « បាន​បើក​សម្ដែង​ប្រាប់នូវ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ » ដល់​យើង​យ៉ាង​ដូចម្ដេច ?

អោមណៃ ១:១២–២២

តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការ​មាន​ព្រះបន្ទូល​នៃ​ព្រះក្នុង​ជីវិត​របស់​ពួកយើង​យ៉ាង​ណា​ខ្លះ ?

ពាក្យ​សម្ដី​នៃ​មរមន ១:៣–៩

តើ​យើង​នឹង​ត្រូវ​បាន​ប្រទានពរ​ដោយ​ការ​រក្សា​កំណត់ត្រា​ផ្ទាល់ខ្លួន និង​ជាគ្រួសារ​យ៉ាង​ដូចម្ដេច ? តើ​យើង​អាច​ធ្វើ​ឲ្យ​កំណត់ត្រា​របស់​យើង​កាន់តែ​ផ្ដោត​ទៅលើ​ព្រះគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ជួបជុំ​គ្នា​ជា​ញឹកញាប់ ។ ប្រធាន ហិនរី ប៊ី អាវរិង បាន​បង្រៀន​ថា ៖ « សូម​កុំ​ខក​ខាន​ឱកាស​ណា​មួយឲ្យ​សោះ​ក្នុង​ការ​ប្រមូល​ផ្ដុំ​កូនចៅ​មក​ជុំ​គ្នា​រៀន​ពី​គោលលទ្ធិ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ គ្រា​ដូច្នោះ​គឺ​មាន​យ៉ាង​កម្រ​បើ​ប្រៀបធៀប​នឹង​ការខិតខំ​របស់​មារសត្រូវ » ( The Power of Teaching Doctrine » Ensign ខែ ឧសភា ឆ្នាំ ១៩៩៩ ទំព័រ ៧៤ ) ។

រូបភាព
អេណុស​កំពុង​អធិស្ឋាន

អេណុស​កំពុង​អធិស្ឋាន ដោយ រ៉ូប៊ើត ធី បារ៉ែត

បោះពុម្ព