ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៩–១៥ ខែ មីនា ។ យ៉ាកុប ១–៤ ៖ « ចូរ​ស្រុះស្រួល​នឹង​ទ្រង់ ទៅតាម​រយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ »


« ថ្ងៃទី ៩–១៥ ខែ មីនា ។ យ៉ាកុប ១–៤ ៖ ‹ ចូរ​ស្រុះស្រួល​នឹង​ទ្រង់ ទៅតាម​រយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ › » ចូរ​មក​តាម​ខ្ញុំ​—សម្រាប់​បុគ្គលម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ៩–១៥ ខែ មីនា ។ យ៉ាកុប ១–៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២០

រូបភាព
ស្ត្រី​កំពុង​លុត​ជង្គង់​នៅ​ជិត​ព្រះបាទា​របស់​ព្រះយេស៊ូវ

បាន​អភ័យទោស​ឲ្យ​ហើយ ដោយ ហ្គ្រេក ខេ.អុលសិន

ថ្ងៃទី ៩–១៥ ខែ មីនា

យ៉ាកុប ១–៤

ចូរ​ស្រុះស្រួល​នឹង​ទ្រង់ ទៅតាម​រយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ

នៅ​ពេល​បងប្អូន​កត់ត្រា​ចំណាប់អារម្មណ៍​ខាង​វិញ្ញាណ សូម​បងប្អូន​បង្ហាញ​ថា បងប្អូន​ចង់​ឲ្យ​ព្រះវិញ្ញាណបរិសុទ្ធ​បង្រៀន​ដល់​បងប្អូន ។ នៅពេល​បងប្អូន​អាន យ៉ាកុប ១–៤ សូម​ពិចារណា​អំពី​ការ​កត់ត្រា​ទុក​នូវ​គំនិត​យោបល់​របស់​បងប្អូន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ពួកសាសន៍​នីហ្វៃ​បាន​ចាត់​ទុក​នីហ្វៃ​ជា « អ្នក​ការពារ​ដ៏​ឆ្នើម » ( យ៉ាកុប ១:១០ ) ។ គាត់​បាន​ការពារ​ពួកគេ​ពី​ការ​វាយ​ប្រហារ​មក​ពី​មារសត្រូវ​របស់​ពួកគេ ហើយ​គាត់​បាន​ព្រមាន​ពួកគេ​អំពី​គ្រោះថ្នាក់​ខាង​វិញ្ញាណ ។ ឥឡូវ​គាត់​បាន​លា​ចាក​លោក​ហើយ ហើយ​កិច្ចការ​នៃ​ការ​ដឹកនាំ​ពួក​សាសន៍​នីហ្វៃ​ខាង​វិញ្ញាណ​គឺ​ស្ថិត​នៅ​លើ​យ៉ាកុប ដែល​នីហ្វៃ​បាន​ញែកចេញ​ឲ្យ​ធ្វើ​ជា​សង្ឃ និង​ជា​គ្រូបង្រៀន​ដល់​ប្រជាជន ( សូមមើល យ៉ាកុប ១:៨ ) ។ តាម​ការ​បំផុសគំនិត យ៉ាកុប​បាន​យល់​ដឹង​ថា ប្រជាជន​នេះ​ចាំបាច់​ត្រូវ​ទទួល​ការ​បង្រៀន​ដោយ​ការ​ប្រើ « ពាក្យ​ដ៏​ធ្ងន់ធ្ងរ » ដ្បិត​ពួកគេ​កំពុង « តែ​ចាប់​ផ្ដើម​ប្រព្រឹត្ត​អំពើបាប » ( យ៉ាកុប ២:៧, ៥ ) ។ អំពើបាប​ទាំងនេះ​គឺ​ភាគច្រើន​ដូចជា​អ្វី​ដែល​ប្រជាជន​កំពុង​ជួប​បញ្ហា​នៅ​សព្វថ្ងៃនេះ ៖ ស្រឡាញ់​ទ្រព្យសម្បត្តិ និង​អសីលធម៌​ខាង​ផ្លូវ​ភេទ ។ ប៉ុន្តែ​ខណៈ​ដែល​យ៉ាកុប​មាន​អារម្មណ៍​ថា គាត់​ត្រូវ​តែ​ដាក់​ទោស​ដល់​សេចក្ដី​ទុច្ចរិត​នេះ ដួងចិត្ត​របស់​គាត់​ក៏​ឈឺចាប់​ចំពោះ​ជន​រងទុក្ខ​ផងដែរ ដែល​ដួងចិត្ត​ត្រូវ​បាន « ចាក់​ទម្លុះឲ្យ​មាន​របួស​យ៉ាង​ជ្រៅ » ( យ៉ាកុប ២:៣៥ ) ។ យ៉ាកុប​បាន​ថ្លែង​ទីបន្ទាល់​ថា ការ​ព្យាបាល​សម្រាប់​ក្រុម​ទាំង​ពីរ— ទាំង​អ្នក​មាន​អំពើ​បាប និង​អ្នក​ដែល​មាន​របួស​ខាង​វិញ្ញាណ— មក​ពី​ព្រះ​អង្គសង្គ្រោះព្រះ​យេស៊ូវគ្រីស្ទ ។ សារលិខិត​របស់​យ៉ាកុប ដូចជា​សារលិខិត​របស់​នីហ្វៃ​នៅ​ចំពោះ​មុខ​គាត់ គឺ​ជា​ការ​ហៅ​ឲ្យ « ស្រុះស្រួល​នឹង [ ព្រះ ] ទៅ​តាម​រយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ » ( យ៉ាកុប ៤:១១ ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

យ៉ាកុប ១:៦–៨, ១៥–១៩; ២:១–១១

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​តម្កើង​ការ​ហៅ​បម្រើ​របស់​ខ្ញុំ ។

ចំពោះ​យ៉ាកុប ការបង្រៀន​ព្រះបន្ទូល​របស់​ព្រះ​គឺ​មាន​ច្រើន​ជាង​ការ​ចាត់តាំង​មួយ​មកពី​បងប្រុស​របស់​គាត់— វា​គឺជា​ភារកិច្ច​មក​ពី​ព្រះអម្ចាស់ » ដូច្នេះ​គាត់​បាន​ធ្វើ​ការ​ដោយ​ឧស្សាហ៍​ព្យាយាម​ដើម្បី « តម្កើង​តំណែង [ របស់​គាត់ ] » ( យ៉ាកុប ១:១៧, ១៩ ) ។ ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បាន​បង្រៀន​ថា យើង​តម្កើង​ការ​ហៅ​បម្រើ​របស់​យើង « នៅពេល​យើង​បម្រើ​ដោយ​ឧស្សាហ៍​ព្យាយាម នៅពេល​យើង​បង្រៀន​ដោយ​សេចក្ដីជំនឿ និង​ទីបន្ទាល់ នៅពេល​យើង​លើក​តម្កើង និង​ពង្រឹង ហើយ​ស្ថាបនា​ការ​ជឿស៊ប់​ទៅលើ​សេចក្ដីសុចរិត នៅ​ក្នុង​ជីវិត​នៃ​អស់​អ្នក​ដែល​យើង​មាន​ឥទ្ធិពល​លើ​គេ » ( « Magnify Your Calling » Ensign ខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ៤៧ ) ។ ចូរ​គិត​អំពី [ ភារកិច្ច ] ផ្ទាល់​ខ្លួន​របស់​បងប្អូន​មក​ពី​ព្រះអម្ចាស់ » នៅពេល​បងប្អូន​អាន យ៉ាកុប ១:៦–៨, ១៥–១៩ និង ២:១–១១ ។ ហេតុអ្វី​យ៉ាកុប​បាន​បម្រើ​ដោយ​ស្មោះត្រង់​យ៉ាង​ខ្លាំង​ដូច្នេះ ? តើ​គំរូ​របស់​គាត់​បំផុសគំនិត​បងប្អូន​ឲ្យ​ធ្វើ​អ្វីខ្លះ​ដើម្បី​តម្កើង​ការហៅ​បម្រើ​ក្នុង​សាសនាចក្រ​របស់​បងប្អូន និង ការ​ទទួល​ខុសត្រូវ​របស់​បងប្អូន​នៅ​ក្នុង​គេហដ្ឋាន ?

សូមមើល​ផងដែរ « Rise to Your Call » ( វីដេអូ ChurchofJesusChrist.org ) ។

យ៉ាកុប ២:២៣–៣:១២

ព្រះអម្ចាស់​សព្វព្រះហឬទ័យ​នឹង​ព្រហ្មចារីភាព ។

អំពើបាប​មាន​លទ្ធផល​ជា​ច្រើន​ចំពោះ​បុគ្គល​ម្នាក់ៗ និង​ចំពោះ​សង្គម​ទាំងឡាយ ។ នៅ​ក្នុង​ការ​និយាយ​អំពី​អំពើបាប​ខាង​ផ្លូវភេទ យ៉ាកុប បានព្រមាន​ទៅលើ​លទ្ធផល​ទាំង​ពីរ​ប្រភេទ ។ នៅពេល​បងប្អូន​អាន យ៉ាកុប ២:៣១–៣៥ និង ៣:១០ សូម​ស្វែងរក​មើល​របៀប​ដែល​អំពើ​អសីលធម៌​កំពុង​ជះឥទ្ធិពល​ទៅលើ​ពួក​សាសន៍​នីហ្វៃ​ទាំង​ជា​បុគ្គល​ម្នាក់ៗ និង​ជា​ប្រជាជន​ទាំងមូល ។ តើ​របៀប​ទាំងនេះ​ស្រដៀងគ្នា​ទៅនឹង​លទ្ធផល​នៃ​អំពើអសីលធម៌ ដែល​បងប្អូន​មើល​ឃើញ​នៅក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ​យ៉ាង​ដូចម្ដេច ? តើ​បងប្អូន​ស្វែងរក​ឃើញ​អ្វីខ្លះ​នៅ​ក្នុង​សម្ដី​របស់​យ៉ាកុប ដែល​អាច​ជួយ​បងប្អូន​បង្រៀន​ដល់​មនុស្ស​ជា​ទីស្រឡាញ់​ម្នាក់​អំពី​សារៈសំខាន់​នៃ​បរិសុទ្ធភាព ? តើ​បងប្អូន​ត្រូវ​បាន​ប្រទានពរ​ដោយសារ​ការខិតខំ​ប្រឹងប្រែង​របស់​បងប្អូន​ដើម្បី​មាន​បរិសុទ្ធភាព​យ៉ាង​ដូចម្ដេច ?

សូម​កត់ចំណាំ​ថា យ៉ាកុប​ក៏​បាន​លើក​ឡើង​អំពី​ការ​អនុវត្ត​នៃ​ការ​មាន​ប្រពន្ធ​ច្រើន​ជាង​មួយ​ផងដែរ ។ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅក្នុង យ៉ាកុប ២:២៣–៣០ ដែល​ជួយ​បងប្អូន​ឲ្យ​យល់​ថា ហេតុអ្វី​ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​រាស្ត្រ​របស់​ទ្រង់​ឲ្យ​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នៅ​ក្នុង​ស្ថានភាព​មាន​ដែនកំណត់ ? តើ​ទ្រង់​មាន​ទ្រះទ័យ​យ៉ាង​ណា​អំពី​អស់​អ្នក​ដែល​អនុវត្ត​វា​ដោយ​ពុំ​មាន​ការ​អនុញ្ញាត​មក​ពី​ទ្រង់ ?

យ៉ាកុប ៤

ខ្ញុំ​អាច​ត្រូវបាន​ស្រុះស្រួល​នឹង​ព្រះ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

យ៉ាកុប​បាន​អង្វរ​ដល់​រាស្ត្រ​របស់​គាត់​ឲ្យ « ស្រុះស្រួល​នឹង [ ព្រះ ] ទៅតាម​រយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ » ( យ៉ាកុប ៤:១១ ) ។ តើ​បងប្អូន​គិត​ថា វា​មាន​ន័យ​យ៉ាងណា ? តើ​ការ​រកមើល​ពាក្យ ស្រុះស្រួល នៅ​ក្នុង​វចនានុក្រម​នឹង​ជួយ​ឬទេ ? ប្រហែលជា​បងប្អូន​អាច​ស្វែងរក​ពាក្យ ឬ​ឃ្លា​នៅ​ក្នុង​ជំពូក​នេះ ដែល​ផ្ដល់​យោបល់​ដល់​បងប្អូន​អំពី​របៀប​ដែល​បងប្អូន​អាច​មក​រក​ព្រះគ្រីស្ទ ដើម្បី​បងប្អូន​អាច​ត្រូវ​បាន​ស្រុះស្រួល​នឹង​ព្រះ ។ ឧទាហរណ៍ យ៉ាកុប​បានបង្រៀន​ថា ក្រឹត្យវិន័យ​របស់​ម៉ូសេ ត្រូវ​បាន​ផ្ដល់​ឲ្យ​ដើម្បី​នាំ​ប្រជាជន​ឲ្យ​មក​រក​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល យ៉ាកុប ៤:៥ ) ។ តើ​ព្រះ​បាន​ប្រទាន​អ្វីខ្លះ​ដើម្បី​នាំ​បងប្អូន​ឲ្យ​មក​រក​ព្រះគ្រីស្ទ ? តើ​បងប្អូន​កំពុង​ប្រើ​រឿង​ទាំងនេះ​ដើម្បី​ខិត​មក​កាន់តែ​ជិត​នឹង​ព្រះ​យ៉ាង​ដូចម្ដេច ?

សូមមើល ផងដែរ នីហ្វៃទី ២ ១០:២៤ ។

យ៉ាកុប ៤:៨–១៨

ខ្ញុំ​អាច​ចៀស​វាង​ពី​ការ​ខ្វាក់​ខាង​វិញ្ញាណ​ដោយ​ការ​ផ្ដោត​ទៅលើ​ព្រះអង្គសង្គ្រោះ ។

នៅពេល​យ៉ាកុប​ព្យាយាម​បង្វែរ​ប្រជាជន​របស់​គាត់​ឲ្យ​កាន់តែ​ងាក​មក​រក​ព្រះអម្ចាស់​ទាំង​ស្រុង គាត់​បាន​ព្រមាន​ពួកគេ​កុំ​ឲ្យ​ខ្វាក់​ខាង​វិញ្ញាណ ហើយ​កុំ​ឲ្យ​បដិសេធ « ភាព​ដ៏​ច្បាស់លាស់ » នៃ​ដំណឹងល្អ ( សូមមើល យ៉ាកុប ៤:១៣–១៤ ) ។ អែលឌើរ ឃ្វីនថិន អិល ឃុក បាន​ព្រមាន​អំពី​បញ្ហា​ស្រដៀង​គ្នានេះនៅ​ជំនាន់​របស់​យើង​ថា ៖ « នៅ​ក្នុង​ចំណោម​ពួក​យើង​មួយចំនួន​គឺ​មាន​ទំនោរ​មួយ​ដែល ‹ មើល​ហួស​ទីដៅ › ជាជាង​ការ​ថែរក្សា​ទីបន្ទាល់​នៃ​មូលដ្ឋាន​គ្រឹះ​ដំណឹងល្អ ។ យើង​ធ្វើ​ដូច​នេះ នៅពេល​យើង​ជំនួស​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដោយ​ទស្សវិជ្ជា​របស់​មនុស្ស ចូលរួម​នៅក្នុង​ដំណឹងល្អ​ជ្រុល​និយម ឬ​លើក​តម្កើង​ច្បាប់​ជំនួស​ឲ្យ​គោលលទ្ធិ ។ ការ​ចៀសវាង​ពី​ឥរិយាបទ​ទាំង​នេះ នឹង​ជួយ​យើង​ចៀសវាង​ពី​ការ​ខ្វាក់​ខាង​ទេវវិទ្យា និង​ការ​ជំពប់​ដួល​ដែល​យ៉ាកុប​បាន​ពិពណ៌នា » ( « Looking beyond the Mark » Ensign ខែ មីនា ឆ្នាំ ២០០៣ ទំព័រ ៤២ ) ។

យោងទៅ​លើ យ៉ាកុប ៤:៨–១៨ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ផ្ដោត​ទៅលើ​ព្រះអង្គសង្គ្រោះ ហើយ​ចៀសវាង​ពី​ការ​ខ្វាក់​ខាង​វិញ្ញាណ ?

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយបងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ ទាំងនេះ​គឺជា​គំនិតយោបល់​មួយ​ចំនួន ។

យ៉ាកុប ១:៦–៨, ១៥–១៩; ២:១–១១, ៤:១៨

តើ​ពាក្យ និង​ឃ្លា​អ្វីខ្លះ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ បង្ហាញ​ឲ្យ​ឃើញ​អំពី​សេចក្ដី​ស្រឡាញ់​ដែល​យ៉ាកុប​មាន​ចំពោះ​មនុស្ស​ដែល​គាត់​បាន​ដឹកនាំ ? តើ​ថ្នាក់ដឹកនាំ​សាសនាចក្រ​របស់​យើង​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​យើង​បាន​ដឹង​ពី « បំណង និង​ការ​បារម្ភ​ដ៏​លើស​លែង​ទៅ​ទៀត​ចំពោះ​សុខុមាលភាព​ដល់​ព្រលឹង [ របស់​យើង ] » ? ( យ៉ាកុប ២:៣ ) ។ ប្រហែល​ជា​សមាជិក​គ្រួសារ​អាច​ចែកចាយ​អំពី​របៀប​ដែល​យើង​អាច​គាំទ្រ​ដល់​ថ្នាក់ដឹកនាំ​សាសនាចក្រ​របស់​យើង ។ បងប្អូន​អាច​រៀបផែនការ​ដើម្បី​ធ្វើ​អ្វីមួយ​ជា​គ្រួសារ​សម្រាប់​ថ្នាក់ដឹកនាំ​សាសនាចក្រ​ក្នុង​មូលដ្ឋាន ដូចជា​ការ​សរសេរ​ថ្លែង​អំណរគុណ​ដល់​ពួកគាត់​ចំពោះ​ការ​បម្រើ​របស់ពួកគាត់ ឬ​ចងចាំ​អំពី​ពួកគាត់ និង​គ្រួសារ​ពួកគាត់​នៅក្នុង​ការ​អធិស្ឋាន​របស់​បងប្អូន ។

យ៉ាកុប ២:៨

តើ​ព្រះបន្ទូល​របស់​ព្រះ​ព្យាបាល « ព្រលឹង​ដែល​មាន​របួស​ឈឺចាប់ » យ៉ាង​ដូចម្ដេច ?

យ៉ាកុប ២:១២–២១

តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​របៀប​ដែល​យើង​គួរ​តែ​គិត​អំពី​ទ្រព្យ​សម្បត្តិ​ខាង​សាច់ឈាម ? តើ​យើង​កំពុង​ធ្វើអ្វីខ្លះ​ដើម្បី​ឈោង​ទៅ​ជួយ​អ្នកដទៃ​ដែល​ត្រូវ​ការ​ជំនួយ​របស់​យើង ?

យ៉ាកុប ៣:១–២

តើ​« ការ​មានចិត្ត​បរិសុទ្ធ » និង « មើល​ទៅ​ព្រះ​ដោយ​មាន​គំនិត​រឹង​ប៉ឹង » មានន័យ​យ៉ាង​ណា ?

យ៉ាកុប ៤:៤–១១

វិធី​មួយ​ដើម្បី​ជួយ​គ្រួសារ​របស់​បងប្អូន​ឲ្យ​យល់​អំពី​អត្ថន័យ​នៃ « ភាព​មិន​រង្គោះ​រង្គើ » នៅ​ក្នុង​សេចក្ដីជំនឿ គឺ​ទៅ​រក​ដើម​ឈើ​ធំមួយ​នៅជិត​ផ្ទះ ហើយ​សុំ​ឲ្យ​សមាជិក​គ្រួសារ​អន្រួន​មែក​របស់​វា​នីមួយៗ ។ បន្ទាប់មក​ឲ្យ​ពួកគេ​ព្យាយាម​អន្រួន​ដើម​វា ។ ហេតុអ្វី​វា​កាន់តែ​ពិបាក​ដើម្បី​អន្រួន​ដើម​របស់​វា ? តើ​យើង​អាច​រៀនអ្វីខ្លះមក​ពី​ការ​បង្រៀន​របស់​យ៉ាកុប​អំពី​របៀប​អភិវឌ្ឍ​សេចក្ដីជំនឿ​ដែល « ពុំ​រង្គោះរង្គើ » ?

រូបភាព
ដើមឈើ​ដ៏ធំ​នៅក្នុង​សួន​មួយ

ក៏​ដូចជា​ដើម​ឈើ​មួយដើម​នោះ​ដែរ សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ​របស់​យើង « ពុំ​អាច​រង្គោះរង្គើ » បាន​ទេ ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

សូម​ស្ដាប់​ព្រះវិញ្ញាណ ។ នៅ​ពេល​អ្នក​សិក្សា សូម​យកចិត្ត​ទុកដាក់​ទៅលើ​គំនិត និង​អារម្មណ៍​របស់​អ្នក ( សូមមើល គ. និង ស. ៨:២–៣ ) ប្រសិន​បើ​វា​មិន​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​កំពុង​អាន ។ ចំណាប់​អារម្មណ៍​ទាំងនោះ អាច​ជា​អ្វី​ដែល​ព្រះ​សព្វ​ព្រះទ័យ​ចង់​ឲ្យ​អ្នកដឹង និង​ធ្វើ ។

រូបភាព
យ៉ាកុប​កំពុង​កត់ត្រា​នៅលើ​ផ្ទាំង​ចំណារ​មាស

ខ្ញុំ​នឹង​បញ្ជូន​សម្ដី​របស់​ពួកគេ​ចេញ​ទៅ ( យ៉ាកុប ជា​គ្រូបង្រៀន ) ដោយ អែលភេស ខេតលីន យ៉ាំង

បោះពុម្ព