ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៤ ខែ កុម្ភៈ–ថ្ងៃ​ទី ១ ខែ មីនា ។ នីហ្វៃទី ២ ២៦–៣០ ៖ « កិច្ចការ​ដ៏​ធំ និង​អស្ចារ្យ »


« ថ្ងៃទី ២៤ ខែ កុម្ភៈ–ថ្ងៃ​ទី ១ ខែ មីនា ។ នីហ្វៃទី ២ ២៦–៣០ ៖ ‹ កិច្ចការ​ដ៏​ធំ និង​អស្ចារ្យ › » ចូរ​មក​តាម​ខ្ញុំ​សម្រាប់​បុគ្គលម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២៤ ខែ ​កុម្ភៈ–ថ្ងៃ​ទី ១ ខែ មីនា ។ នីហ្វៃទី ២ ២៦–៣០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២០

រូបភាព
ព្រះយេស៊ូវ​ឈោង​ទៅ​ជួយ​ស្ត្រី​ម្នាក់

ទ្រង់​នឹង​ដឹកនាំ​គេ​ដោយ​ព្រះហស្ត​ទ្រង់ ដោយ សាន់ត្រា រ៉ាស

ថ្ងៃទី​២៤ ខែ កុម្ភៈ–ថ្ងៃ​ទី ១ ខែ មីនា

នីហ្វៃទី ២ ២៦–៣០

« កិច្ចការ​ដ៏​ធំ និង ​អស្ចារ្យ »

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ៖ « យើង​បញ្ជា​ដល់​មនុស្ស​ទាំងអស់ …ថា​ពួកគេ​ត្រូវ​សរសេរ​នូវ​ពាក្យ​ទាំងឡាយ​ដែល​យើង​និយាយ​ទៅរក​ពួកគេ » ( នីហ្វៃទី ២ ២៩:១១ ) ។ តាមរយៈ​ព្រះវិញ្ញាណ នោះ​ព្រះអម្ចាស់​នឹង​មាន​បន្ទូល​មក​កាន់​បងប្អូន នៅពេល​បងប្អូន​សិក្សា​ព្រះបន្ទូល​របស់​ទ្រង់ ។ កត់ត្រា​នូវ​អ្វី​ដែល​បងប្អូន​បាន​ទទួល ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

នីហ្វៃ​សរសេរ​ថា « ខ្ញុំ​ព្យាករ​ប្រាប់​អ្នករាល់គ្នា​អំពី​គ្រា​ចុង​ក្រោយ​បង្អស់ » ( នីហ្វៃទី ២ ២៦:១៤ ) ។ ជា​ពាក្យ​ម្យ៉ាង​ទៀត​ថា គាត់​កំពុង​សរសេរ​អំពី​ជំនាន់​របស់​យើង ។ ហើយ​មាន​មូលហេតុ​ដែល​ត្រូវ​ខ្វល់ខ្វាយ​អំពី​អ្វី​ដែល​គាត់​បាន​ឃើញ ៖ មនុស្ស​កំពុង​បដិសេធ​អំណាច និង​អព្ភូតហេតុ​របស់​ព្រះ ភាពច្រណែន និងជម្លោះ​យ៉ាង​ឃោរឃៅ អារក្ស​បាន​ចង​មនុស្ស​ដោយ​ចំណង​ដ៏​មាំ ។ ប៉ុន្តែ​បន្ថែម​ពី​លើ​« កិច្ចការ​នៃ​សេចក្ដី​ខ្មៅ​ងងឹត » នៅ​ថ្ងៃ​ចុង​ក្រោយ ( នីហ្វៃទី ២ ២៦:១០ , ២២ ) ដែល​បាន​ដឹកនាំ​ដោយ​មារសត្រូវ​នេះ នីហ្វៃ​ក៏​បាន​និយាយ​ផងដែរ​អំពី « កិច្ចការ​ដ៏​ធំ និង ​អស្ចារ្យ » ដែល​ដឹកនាំ​ដោយ​ព្រះអម្ចាស់​ផ្ទាល់ ( នីហ្វៃទី ២ ២៧:២៦ ) ។ នៅ​កណ្ដាល​នៃ​កិច្ចការ​នោះ នឹង​ជា​គម្ពីរ​មួយ—គម្ពីរ​មួយ​ដែល​និយាយ​ចេញ​ពី​ធូលីដី​មក ដែលលាត​ត្រដាង​ពី​ការ​កុហក​របស់​សាតាំង ហើយ​ដែល​ប្រមូល​ពួកសុចរិត​ដូច​ជា​ទង់ជ័យ​មួយ ។ គម្ពីរ​នោះ គឺ​ព្រះគម្ពីរមរមន កិច្ចការ​ដ៏​ធំ គឺ​ជា​កិច្ចការ​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់​នៅ​ថ្ងៃ​ចុង​ក្រោយ ហើយ​កិច្ចការ​ដ៏​អស្ចារ្យ គឺ​ថា​ទ្រង់​អញ្ជើញ​ពួក​យើង​ទាំងអស់​គ្នា​ឲ្យ​មក​ចូលរួម មិន​ថា​យើង​មានភាព​ទន់ខ្សោយ​យ៉ាង​ណា​ទេ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

នីហ្វៃទី ២ ២៦:២០–៣៣

ព្រះ​យេស៊ូវ​គ្រីស្ទ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​រក​ទ្រង់ ។

ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀន​ថា ព្រះ​វរបិតាសួគ៌​គឺ « មាន​សេចក្ដី​មេត្តាករុណា និង​ពរជ័យ​ដែល​គ្មាន​ដែន​កំណត់ ច្រើន​ជាង​យើង​ត្រៀម​ខ្លួន​ដើម្បី​ជឿ ឬ​ទទួល​យក​ទៅ​ទៀត » ( The Joseph Smith Papers « History, 1838–1856, volume D–1 » ទំព័រ ៤ [ addenda ] josephsmithpapers.org ) ។ សូម​អាន​នូវ​អ្វី​ដែល​នីហ្វៃ​បាន​មើល​ឃើញ​នៅ​ក្នុង នីហ្វៃទី ២ ២៦:២០–២២ និង​អ្វី​ដែល​គាត់​បាន​បង្រៀន​អំពី​ព្រះអង្គសង្គ្រោះ​នៅក្នុង ខ ២៣–៣៣ ហើយ​ប្រៀបធៀប​រឿង​នេះ​ទៅ​នឹង​សេចក្ដីថ្លែង​របស់​យ៉ូសែប ស្ម៊ីធ ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​សេចក្ដី​មេត្តាករុណា​របស់​ព្រះអម្ចាស់​ដ៏​គ្មាន​ដែន​កំណត់ ? តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ​ក្នុង​នាម ជា​សមាជិក​មួយរូប​នៃ​សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​កាន់តែ​មាន​លក្ខណៈ​ដូចជា​ទ្រង់​នៅ​ក្នុង​របៀប​ដែល​បងប្អូន​ប្រព្រឹត្ត​នឹង​បុត្រាបុត្រី​របស់​ព្រះ ?

សូម​មើល​ផងដែរ នីហ្វៃទី ៣ ១៨:៣០–៣២ ។

នីហ្វៃទី ២ ២៦–២៧

តើ​គម្ពីរ​នេះ​ត្រូវ​បាន​ថ្លែង​នៅ​ក្នុង​ជំពូក​ទាំងនេះ​យ៉ាង​ណា​ខ្លះ ?

ការ​ព្យាករណ៍​របស់​នីហ្វៃ​នៅ​ក្នុង នីហ្វៃទី ២ ២៦–២៧ ដែល​បាន​លើក​ឡើង​ជា​ច្រើន​លើក​ច្រើន​គ្រា​មកពី​ការ​ព្យាករ​របស់​លោក​អេសាយ​កាល​ពី​ជំនាន់​មុន ( សូមមើល អេសាយ ២៩ ) ដែល​បាន​ទាយទុក​ជា​មុន​អំពី​ការ​ចេញ​មក​នៃ​ព្រះគម្ពីរមរមន ។ ការព្យាករណ៍​នេះ​ពិពណ៌នា​ដូច​ខាង​ក្រោម ៖

បន្ថែម​ទៅ​លើ​អេសាយ ពួកព្យាការី​នៅ​ក្នុង​គម្ពីរ​បរិសុទ្ធ​ដទៃទៀត ថ្លែង​អំពី​ព្រះគម្ពីរមរមន ទោះ​ជា​ពុំ​បាន​ថ្លែង​អំពី​ឈ្មោះ​វា​ក្ដី ។ ឧទាហរណ៍ អេសាគាល ៣៧:១៥–២០ និយាយ​អំពី « បន្ទះ​ឈើ​នៃ​យ៉ូសែប » អាច​យោង​ទៅ​កំណត់ត្រា​នៃ​ពួក​សាសន៍​នីហ្វៃ ដែល​ជា​កូនចៅ​របស់​យ៉ូសែប ។ កំណត់ត្រា​នេះ​នឹង​ក្លាយ​ជា​កំណត់ត្រា​មួយ​ជាមួយ​នឹង « បន្ទះឈើ​នៃ​យូដា » នៅ​ក្នុង​គម្ពីរ​បរិសុទ្ធ ។

ឧទាហរណ៍​ផ្សេង ទៀត អាច​រក​បាន​នៅ​ក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « Book of Mormon » ( scriptures.ChurchofJesusChrist.org ) ។

នីហ្វៃ ទី ២ ២៨

សាតាំង​ព្យាយាម​បោក​បញ្ឆោត ។

ការ​កុហក និង​យុទ្ធវិធី​របស់​សាតាំង​ត្រូវ​បាន​លាតត្រដាង​នៅ​ក្នុង​កំណត់ត្រា​របស់​នីហ្វៃ​អំពី​ថ្ងៃ​ចុង​ក្រោយ​នៅ​ក្នុង នីហ្វៃទី ២ ២៨ ។ សូម​មើល​បើ​សិនជា​បងប្អូន​អាច​ស្វែងរក​វា​បាន ( ឧទាហរណ៍ សូមមើល ខ ៦, ៨, ២១–២៣, ២៩ ) ។ ហេតុអ្វី​បាន​ជា​បងប្អូន​ចាំបាច់​ត្រូវ​ដឹង​អំពី​ការ​កុហក​របស់​សាតាំង ? តើ​បងប្អូន​នឹង​ធ្វើ​អ្វីខ្លះ នៅពេល​មារសត្រូវ​ព្យាយាម​បោកបញ្ឆោត​បងប្អូន ?

នីហ្វៃទី ២ ២៨:២៧–៣១២៩

ព្រះ​បន្ដ​ផ្ដល់​វិវរណៈ​ដើម្បី​ដឹកនាំ​កូនចៅ​របស់​ទ្រង់ ។

នៅ​ក្នុង​នាម​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ពួក​យើង​ត្រូវ​បាន​ប្រទានពរ​ជា​អនេក​នូវ​ព្រះបន្ទូល​នៃ​ព្រះ ដូច្នេះ​ការ​ព្រមាន​របស់​នីហ្វៃ​អាច​អនុវត្ត​ចំពោះ​យើង ៖ យើង​មិន​ត្រូវ​មាន​អារម្មណ៍​ថា « យើង​មាន​គ្រប់គ្រាន់​នោះទេ ! » នៅពេល​បងប្អូន​អាន​ការ​ព្រមាន​នៅ​ក្នុង នីហ្វៃទី ២ ២៨ និង ២៩ សូម​ពិចារណា​អំពី​សំណួរ​ដូច​តទៅ​នេះ ៖

  • តើ​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​ទទួល​អារម្មណ៍ ហើយ​ឆ្លើយ​តប​ចំពោះ​ព្រះបន្ទូល​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​មនុស្ស​ពេល​ខ្លះ « ខឹង » អំពី​ការ​ទទួល​សេចក្ដីពិត​បន្ថែម​ទៀត​មក​ពី​ព្រះ ? ( នីហ្វៃទី ២ ២៨:២៨ ) ។ តើ​ខ្ញុំ​ធ្លាប់​មានអារម្មណ៍​របៀប​នេះ​ឬទេ ? បើ​ដូច្នោះ តើ​ខ្ញុំ​អាច​ទទួល​យក​សេចក្ដីពិត​កាន់តែ​ច្រើន​ដោយ​របៀប​ណា ?

  • តើ​ការ​ទទួល​យក​ព្រះបន្ទូល​របស់​ព្រះ មាន​ន័យ​យ៉ាងណា ? តើ​ខ្ញុំ​អាច​បង្ហាញ​ទ្រង់​ថា ខ្ញុំ​ចង់​ទទួល​ព្រះបន្ទូល​ទ្រង់​កាន់​តែ​ច្រើន​យ៉ាង​ដូចម្ដេច ?

សូម​មើល​ផងដែរ អាលម៉ា ១២:១០–១១, នីហ្វៃទី ៣ ២៦:៦–១០ ។

នីហ្វៃ​ទី ២ ៣៩–៣០

ព្រះ​បាន​រៀបចំ​ព្រះគម្ពីរ​មរមន​សម្រាប់​ជំនាន់​របស់​យើង ។

នីហ្វៃ​បាន​ដឹង​តាម​វិវរណៈ ពី​មុន​ព្រះគម្ពីរមរមន​ត្រូវ​បាន​សរសេរ​ចប់​សព្វ​គ្រប់​ទៅ​ទៀត ថា​នៅ​ថ្ងៃ​ណា​មួយ វា « នឹងមាន​ប្រយោជន៍​យ៉ាង​ធំ​ចំពោះកូន​ចៅ​មនុស្ស » ( នីហ្វៃទី ២ ២៨:២ ) ។ ហេតុអ្វី​ព្រះគម្ពីរមរមន​មាន​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​បងប្អូន ? ចូរ​គិត​អំពី សំណួរ​នេះ នៅពេល​បងប្អូន​អាន នីហ្វៃទី ២ ២៩–៣០ ។ តើ​កិច្ចការ « ដ៏ធំ » មួយ​ចំនួន ដែល​ព្រះ​កំពុង​សម្រេច​នៅ​ក្នុង​លោកិយ​នេះ និង​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​តាមរយៈ​ព្រះគម្ពី​រមរមន​មាន​អ្វីខ្លះ ?

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយបងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ ទាំងនេះ​គឺជា​គំនិតយោបល់​មួយ​ចំនួន ។

នីហ្វៃ​ទី ២ ២៦:១២–១៣

នីហ្វៃ​បាន​បង្រៀន​ថា ព្រះយេស៊ូវ​គ្រីស្ទ​បើក​សម្ដែង​ព្រះអង្គទ្រង់​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ។ តើ​មាន​បទពិសោធន៍​អ្វីខ្លះ​ដែល​សមាជិក​គ្រួសារ​អាច​ចែកចាយ​ជាមួយ​​គ្នា​ទៅវិញ​ទៅមក នៅពេល​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះអង្គសង្គ្រោះ​ត្រូវ​បាន​ពង្រឹង​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ ?

នីហ្វៃទី ២ ២៦:២២, ២៨:១៩–២២

ប្រហែល​ជា​គ្រួសារ​បងប្អូន​នឹង​រីករាយ​ជាមួយ​នឹង​ការ​បង្ហាញ​វត្ថុ​​​មួយ​​ដែល​ទាក់ទង​នឹង​មេរៀន​​អំពី​អ្វី​ដែល នីហ្វៃទី ២ ២៦:២២ បង្រៀន​អំពី​អារក្ស ។ នៅពេល​បងប្អូន​អាន​អំពី​យុទ្ធវិធី​របស់​សាតាំង​នៅក្នុង នីហ្វៃទី ២ ២៨:១៩–២២ បងប្អូន​អាច​រុំ​អំបោះ​ខ្លះៗ​ជុំវិញ​កដៃ​របស់​នរណា​ម្នាក់​ដើម្បី​តំណាង​ឲ្យ « ខ្សែពួរ » ។ តើ​ខ្សែពួរ​ប្រៀបដូចជា​ការល្បួង​របស់​សាតាំង​យ៉ាង​ដូចម្ដេច ? តើ​វា​អាច​ក្លាយជា​ចំណង​ដ៏​មាំ​មួយ​យ៉ាង​ដូចម្ដេច ? តើ​យើងអាច​ដឹង​អំពី​ការ​កុហក​របស់​សាតាំង​យ៉ាង​ដូចម្ដេច ?

រូបភាព
ខ្សែពួរ​មួយ​ដុំ

នីហ្វៃ​បាន​ប្រៀបធៀប​ការ​ល្បួង​របស់​អារក្ស​ទៅនឹង « ខ្សែពួរ​មួយ » ។

នីហ្វៃទី ២ ២៧:២០–២១

តើ​ព្រះអម្ចាស់​អាច​មានន័យ​យ៉ាង​ណា​នៅពេល​ទ្រង់​មាន​បន្ទូល​ថា « យើង​អាច​ធ្វើ​កិច្ចការ​របស់​យើង​បាន » ? តើ​សេចក្ដីពិត​នេះ​មាន​ឥទ្ធិពល​ទៅ​លើ​របៀប​ដែល​យើង​បម្រើ​នៅ​ក្នុង​សាសនាចក្រ​យ៉ាង​ដូចម្ដេច ?

នីហ្វៃ ទី ២ ២៨:៣០–៣១

តើ​គ្រួសារ​របស់​បងប្អូន​អាច​គិត​ថា​អ្វី​មួយ​ដូចជា វិវរណៈ​មក​ពី​ព្រះ គឺ​ត្រូវ​បាន​ទទួល​បន្ដិច​ម្ដង​ដ៏​ល្អ​បំផុត​ដែរ​ឬទេ ? ហេតុអ្វី​ព្រះ​បើក​បង្ហាញ​សេចក្ដីពិត​មក​កាន់​យើង « មួយ​សិក្ខាបទ​ម្ដងៗ ឯណេះ​បន្តិច ឯណោះ​បន្តិច » ជំនួស​ឲ្យ​ទាំង​អស់​ក្នុង​ពេល​តែ​មួយ​ដូច្នេះ ?

នីហ្វៃទី ២ ២៩:៧–៩

តើ​ព្រះអម្ចាស់​មាន​ព្រះ​រាជបំណង​បង្ហាញ ឬប្រាប់​អ្វីខ្លះ​អំពី​ព្រះគម្ពីរមរមន ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

ចែកចាយ​ពី​ការយល់ដឹង ការ​ពិភាក្សា​ជាមួយ​អ្នកដទៃ​អំពី​អ្វី​ដែល​បងប្អូន​រៀន អាច​ពង្រឹង​ដល់​ការ​យល់ដឹង​ផ្ទាល់​ខ្លួន​របស់​បងប្អូន ។ បន្ទាប់ពី​ការ​អាន នីហ្វៃទី ២ ២៩:៦–១៤ បងប្អូន​អាច​ទទួល​អារម្មណ៍​បំផុសគំនិត​ដើម្បី​ពន្យល់​ទៅ​កាន់​មិត្ត​ម្នាក់​ថា ហេតុអ្វី​ក៏​យើង​ត្រូវការ​ព្រះគម្ពីរមរមន ។

រូបភាព
នីហ្វៃ​កំពុង​សរសេរ​នៅ​លើ​ផ្ទាំង​ចំណារ​មាស

ការ​សរសេរ​របស់​នីហ្វៃ​បាន​ប្រាប់​ទុក​ជា​មុន​អំពី « កិច្ចការ​ដ៏​ធំ និង អស្ចារ្យ » ដែល​នឹង​កើត​មាន​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ ( នីហ្វៃទី ២ ២៧:២៦ ) ។

បោះពុម្ព