« ថ្ងៃទី ២៤ ខែ កុម្ភៈ–ថ្ងៃទី ១ ខែ មីនា នីហ្វៃទី ២ ២៦–៣០ ៖ « ការណ៍មួយយ៉ាងអស្ចារ្យ ហើយចម្លែក › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៤ ខែ កុម្ភៈ–ថ្ងៃទី ១ ខែ មីនា នីហ្វៃទី ២ ២៦–៣០ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២០
ថ្ងៃទី ២៤ ខែ កុម្ភៈ–ថ្ងៃទី ១ ខែ មីនា
នីហ្វៃទី ២ ២៦–៣០
« ការណ៍មួយយ៉ាងអស្ចារ្យ ហើយចម្លែក »
ពីមុនអ្នកចាប់ផ្តើមផែនការនៃសកម្មភាពរៀនសូត្រសម្រាប់កុមារនៅក្នុងថ្នាក់របស់អ្នក សូមសិក្សា នីហ្វៃទី ២ ២៦–៣០ ។ ការធ្វើបែបនេះនឹងយាងអញ្ជើញព្រះវិញ្ញាណឲ្យដឹកនាំផែនការរបស់អ្នក ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមលើកព្រះគម្ពីរមរមនមួយក្បាលឡើង ហើយពន្យល់ថា នីហ្វៃបានព្យាករថា ព្រះគម្ពីរមរមននឹងមានសារៈសំខាន់នៅក្នុងជំនាន់របស់យើង ។ សូមឲ្យកុមារចែកចាយអ្វីមួយដែលពួកគេបានរៀនអំពីព្រះគម្ពីរមរមននៅឆ្នាំនេះ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យមនុស្សគ្រប់រូបមកកាន់ទ្រង់ ។
នីហ្វៃបានថ្លែងទីបន្ទាល់ថា ព្រះអង្គសង្គ្រោះស្រឡាញ់មនុស្សគ្រប់គ្នា មិនថាពួកគេជានរណាឡើយ ហើយទ្រង់អញ្ជើញពួកគេទាំងអស់គ្នាឲ្យ « ទទួលទាននូវសេចក្ដីល្អសប្បុរសរបស់ទ្រង់ » ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពមនុស្សមកពីជាតិសាសន៍ និងវប្បធម៌ផ្សេងៗ ( អ្នកអាចរកឃើញរូបភាពមួយចំនួននៅក្នុងទស្សនាវដ្ដីសាសនាចក្រ ) ។ សូមកុមារឲ្យពិពណ៌នាអំពីសេចក្តីលម្អិតដែលពួកគេឃើញនៅក្នុងរូបភាព ។ សូមបើកព្រះគម្ពីរទៅ នីហ្វៃទី ២ ២៦:៣៣ ហើយអាន « [ ព្រះយេស៊ូវគ្រីស្ទ ] បានអញ្ជើញពួកគេទាំងអស់គ្នាឲ្យមករកទ្រង់ » ។ សូមនិយាយឃ្លានេះម្តងទៀតជាមួយកុមារនៅពេលអ្នកចង្អុលទៅកាន់រូបភាពនីមួយៗ ។ បន្ទាប់មក សូមចង្អុលទៅកុមារម្នាក់ៗ ហើយនិយាយថា « ព្រះយេស៊ូវគ្រីស្ទបានអញ្ជើញប្អូនឲ្យមករកទ្រង់ » ។ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីមកកាន់ព្រះអង្គសង្គ្រោះ ?
-
សូមច្រៀងចម្រៀងជាមួយកុមារអំពីសេចក្ដីស្រឡាញ់ដល់មនុស្សទាំងអស់ ដូចជាបទ « ខ្ញុំនឹងដើរជាមួយអ្នក » ឬ « We Are Different » ( សៀវភៅចម្រៀងកុមារ ទំព័រ ៧៨–៧៩, Children’s Songbook ទំព័រ ២៦៣ ) ។ សូមចង្អុលបង្ហាញពាក្យ ឬឃ្លានានានៅក្នុងចម្រៀង ដែលអ្នកទទួលអារម្មណ៍ថាពង្រឹងដល់សារលិខិតនៃ នីហ្វៃទី ២ ២៦:៣៣ ។
ព្រះគម្ពីរមរមនគឺជាពរជ័យមួយ ។
សូមពិចារណាអំពីរបៀបដែលអ្នកនឹងជួយកុមារនៅក្នុងថ្នាក់របស់អ្នកឲ្យទទួលអារម្មណ៍ថា ព្រះគម្ពីរមរមនគឺជា « ព្រះពរដល់ពួកគេ មកពីព្រះហស្តនៃព្រះ » ( នីហ្វៃទី ២ ៣០:៦ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញព្រះគម្ពីរមរមនដែលខ្ចប់ជាអំណោយដល់កុមារ ហើយប្រាប់ពួកគេថា មានវត្ថុដ៏មានតម្លៃមួយនៅក្នុងកញ្ចប់នេះ ។ សូមឲ្យពួកគេកាន់អំណោយនោះ ហើយផ្តល់តម្រុយនានាដើម្បីជួយពួកគេឲ្យទាយថា វាជាអ្វី ឧទាហរណ៍ វាជាអ្វីមួយដែលព្រះអម្ចាស់បានប្រទានដល់យើង វាជួយយើងឲ្យជឿលើព្រះយេស៊ូវគ្រីស្ទជាដើម ។ សូមអានពី នីហ្វៃទី ២ ៣០:៦ ៖ « នោះជាព្រះពរដល់ពួកគេ មកពីព្រះហស្តនៃព្រះ » ។ សូមឲ្យកុមារបើកអំណោយនោះ បន្ទាប់មក ពន្យល់ថា យើងត្រូវបើកព្រះគម្ពីរមរមន ហើយអានវាដើម្បីទទួលពរជ័យទាំងឡាយដែលមាននៅក្នុងនោះ ។
-
សូមអាន នីហ្វៃទី ២ ២៨:២ ឲ្យកុមារស្ដាប់ ។ សូមពន្យល់ថា នីហ្វៃបានឃើញថា ព្រះគម្ពីរមរមននឹង « មានប្រយោជន៍យ៉ាងធំ » ចំពោះពួកយើង នោះមានន័យថា វានឹងជួយ ហើយផ្តល់ពរដល់យើង ។ សូមប្រាប់កុមារពីមូលហេតុដែលព្រះគម្ពីរមរមនមានប្រយោជន៍យ៉ាងធំដល់អ្នក ។ សូមចែកចាយខគម្ពីរ ឬរឿងដែលអ្នកចូលចិត្តមកពីព្រះគម្ពីរមរមន ហើយអញ្ជើញកុមារឲ្យចែកចាយខគម្ពីរ ឬរឿងរបស់ពួកគេ ។ សូមបង្ហាញរូបភាពមកពី សៀវភៅរូបភាពដំណឹងល្អ ដើម្បីផ្ដល់ជាយោបល់ដល់ពួកគេ ។
ព្រះវរបិតាសួគ៌បង្រៀនយើងបន្តិចម្តងៗ ។
ប្រហែលអ្នកអាចគិតអំពីមេរៀនមួយដែលប្រើវត្ថុ ឬសកម្មភាពមួយដែលនឹងជួយកុមារឲ្យឃើញអំពីអត្ថន័យនៃការរៀន « មួយបន្ទាត់ម្តងៗ » ។ ការផ្តល់យោបល់ខាងក្រោមអាចបំភ្លឺឲ្យមានយោបល់មួយចំនួន ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារឲ្យលេងល្បែងតម្រៀបសាមញ្ញមួយ ឬសាងសង់អ្វីមួយជាមួយដុំឥដ្ឋជាមួយគ្នា ។ សូមឲ្យបំណែកនៃល្បែងតម្រៀប ឬដុំឥដ្ឋមួយម្តងៗ ហើយអំឡុងពេលពួកគេកំពុងសាងសង់នោះ សូមពន្យល់ថា នេះគឺជារបៀបដែលព្រះវរបិតាសួគ៌បង្រៀនយើង—សេចក្តីពិតមួយម្តងៗ ។ តើនឹងមានអ្វីកើតឡើង ប្រសិនបើយើងព្យាយាមដាក់បំណែកទាំងអស់នោះចូលគ្នាក្នុងពេលតែមួយ ?
-
សូមបង្រៀនកុមារនូវជំនាញមួយតាមជំហានវា ដូចជាការចងបូ ឬគូររូបភាពមួយ ។ សូមអានមកពី នីហ្វៃទី ២ ២៨:៣០ ៖ « យើងនឹងប្រទានដល់កូនចៅមនុស្សមួយបន្ទាត់ម្ដងៗ…ឯណេះបន្តិច ឯណោះបន្តិច » ។ ហេតុអ្វីព្រះបង្រៀនយើងបន្តិចម្តងៗ ?
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យមនុស្សគ្រប់រូបមកកាន់ទ្រង់ ។
សូមជួយកុមារឲ្យទទួលអារម្មណ៍ថា ការអញ្ជើញឲ្យមកកាន់ព្រះគ្រីស្ទត្រូវបានផ្ដល់ឲ្យពួកគេ និងមនុស្សទាំងអស់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមនិយាយជាមួយកុមារអំពីគ្រានានា នៅពេលពួកគេបានអញ្ជើញមិត្ភភក្តិ ឬគ្រួសារឲ្យចូលរួមព្រឹត្តិការណ៍ពិសេសមួយ ដូចជាការធ្វើបុណ្យខួបកំណើត ។ តើពួកគេបានធ្វើអ្វីខ្លះដើម្បីលើកទឹកចិត្តមនុស្សឲ្យមកចូលរួម ? សូមអាន នីហ្វៃទី ២ ២៦:២៣–២៨, ៣៣ ជាមួយកុមារ ហើយជួយពួកគេឲ្យរកឃើញអ្វីដែលព្រះអម្ចាស់កំពុងអញ្ជើញពួកយើងឲ្យធ្វើ ។ សូមឲ្យកុមារធ្វើប័ណ្ណ ឬសំបុត្រមួយអញ្ជើញនរណាម្នាក់ឲ្យមកកាន់ព្រះយេស៊ូវគ្រីស្ទ ។ សូមលើកទឹកចិត្តពួកគេឲ្យប្រើឃ្លាមកពីខគម្ពីរទាំងនេះនៅក្នុងការអញ្ជើញរបស់ពួកគេ ( ប្រសិនបើចាំបាច់ សូមសរសេរឃ្លាមួយចំនួននៅលើក្តារខៀនដើម្បីជួយ ) ។
-
សូមអាន នីហ្វៃទី ២ ២៦:៣៣ ជាមួយកុមារ ហើយជួយពួកគេឲ្យធ្វើបញ្ជីមួយអំពីបុគ្គលដែលត្រូវបានអញ្ជើញឲ្យ « ទទួលទាននូវសេចក្ដីល្អសប្បុរស [ របស់ព្រះអម្ចាស់ ] » ស្របតាមខគម្ពីរនេះ ។ ( អ្នកចាំបាច់ត្រូវពន្យល់ថា « ពួកអ្នកឥតសាសនា » គឺជាអស់អ្នកដែលពុំជឿលើព្រះ ) ។ សូមអញ្ជើញពួកគេឲ្យបន្ថែមឈ្មោះរបស់ពួកគេទៅក្នុងបញ្ជី ។ តើយើងទទួលទាននូវសេចក្ដីល្អសប្បុរសរបស់ព្រះអម្ចាស់ដោយរបៀបណា ?
-
សូមប្រាប់កុមារដោយសង្ខេបអំពីរបៀបដែលកុមារនៅជុំវិញពិភពលោកខុសៗពីគ្នា ហើយសូមថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់ស្រឡាញ់ពួកគេទាំងអស់គ្នា ( សូមមើល នីហ្វៃទី ២ ២៦:២៤, ៣៣ ) ។ សូមអញ្ជើញកុមារឲ្យគូររូបភាពរបស់ព្រះយេស៊ូវជាមួយនឹងកុមារផ្សេងៗជាច្រើន ។
ព្រះវរបិតាសួគ៌បើកសម្តែងសេចក្តីពិត « មួយបន្ទាត់ម្ដងៗ » ។
នីហ្វៃបានព្រមានជំទាស់នឹងឥរិយាបថដែលយើងពុំត្រូវការសេចក្តីពិតពីព្រះទៀតឡើយ ។ សូមជួយកុមារឲ្យឃើញថា ការរៀនសូត្រដំណឹងល្អគឺជាដំណើរការសន្សឹមៗ និងជាការស្វែងរកក្នុងរយៈពេលយូរអង្វែង ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជ្រើសរើសឃ្លាមួយមកពី នីហ្វៃទី ២ ២៨:៣០ ហើយសូមឲ្យកុមារម្នាក់សរសេរពាក្យដំបូងនៅលើក្តារខៀន ។ បន្ទាប់មក សូមឲ្យកុមារម្នាក់ទៀតសរសេរពាក្យបន្ទាប់ ហើយបន្តរហូតដល់ឃ្លាទាំងមូលបានសរសេរអស់ ។ តើសកម្មភាពនេះស្រដៀងគ្នាទៅនឹងរបៀបដែលព្រះប្រទានសេចក្តីពិតដល់យើងយ៉ាងដូចម្ដេច ?
-
សូមជួយកុមារអាន ហើយយល់ នីហ្វៃទី ២ ២៨:២៧–៣០ ដោយរកមើលចម្លើយចំពោះសំណួរដូចជា ៖ តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះអំពីមនុស្សដែលជឿថា ពួកគេមានសេចក្តីពិតគ្រប់គ្រាន់ ហើយពុំត្រូវការវាបន្ថែមទៀតនោះ ? សូមឲ្យពួកគេផ្តល់យោបល់អំពីរបៀបនានាដែលយើងអាចបង្ហាញព្រះអម្ចាស់ថា យើងចង់ទទួលសេចក្តីពិតបន្ថែមទៀតពីទ្រង់ ។
ព្រះគម្ពីរមរមន និងព្រះគម្ពីរប៊ីបធ្វើការរួមគ្នា ។
ដោយសារយើងមានព្រះគម្ពីរប៊ីប នោះមនុស្សមួយចំនួនជឿថា ព្រះគម្ពីរមរមនគឺពុំចាំបាច់ឡើយ ។ ខគម្ពីរទាំងនេះអាចជួយកុមារឲ្យយល់ និងអាចពន្យល់វាដល់មនុស្សដទៃអំពីមូលហេតុដែលយើងមានអំណរគុណសម្រាប់ព្រះគម្ពីរទាំងពីរ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យព្រះគម្ពីរមរមនមួយក្បាល និងព្រះគម្ពីរប៊ីបមួយក្បាលទៀតទៅកុមារ ។ សូមសួរពួកគេអំពីរបៀបដែលគម្ពីរទាំងពីរនេះស្រដៀងគ្នា និងខុសគ្នា ។ សូមបង្ហាញផែនទីពិភពលោកដល់កុមារ ហើយជួយពួកគេឲ្យផ្គូផ្គងគម្ពីរនីមួយជាមួយនឹងផ្នែកនៃពិភពលោកដែលគម្ពីរនោះចេញមក ។ សូមអាន និងពិភាក្សា នីហ្វៃទី ២ ២៩:៨ ។ ហេតុអ្វីព្រះប្រទានដល់យើងនូវ « សាក្សី » ឬព្រះគម្ពីរចំនួនពីរដែលបង្រៀនពួកយើងអំពីទ្រង់នោះ ?
-
សូមឲ្យកុមារស្រមៃថា មិត្តភក្តិម្នាក់បានប្រាប់ពួកគេថា « ខ្ញុំពុំចាំបាច់អានព្រះគម្ពីរមរមនទេ ។ ខ្ញុំបានអានព្រះគម្ពីរប៊ីបហើយ » ។ សូមអាន នីហ្វៃទី ២ ២៩:៧–១១ ដោយពន្យល់ពីឃ្លា និងគោលគំនិតនានាតាមការចាំបាច់ ។ សូមឲ្យពួកគេចែកចាយយោបល់អំពីអ្វីដែលពួកគេអាចនិយាយទៅកាន់មិត្តភក្តិរបស់ពួកគេ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យពន្យល់ដល់គ្រួសាររបស់ពួកគេ អំពីរបៀបដែលព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនធ្វើការរួមគ្នា ដើម្បីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។