ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៦–២២ ខែ មីនា យ៉ាកុប ៥–៧ ៖ « ព្រះអម្ចាស់​ធ្វើការ​ជាមួយ​យើង »


« ថ្ងៃទី ១៦–២២ ខែ មីនា យ៉ាកុប ៥–៧ ៖ ‹ ព្រះអម្ចាស់​ធ្វើការ​ជាមួយ​យើង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៦–២២ ខែ មីនា យ៉ាកុប ៥–៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២០

មនុស្ស​ធ្វើការ​នៅក្នុង​ចម្ការ​ដើម​អូលីវ

រូបាធិដ្ឋាន​នៃ​ដើម​អូលីវ ដោយ ប្រាដ ធៀរេ

ថ្ងៃទី ១៦–២២ ខែ មីនា

យ៉ាកុប ៥–៧

ព្រះអម្ចាស់​ធ្វើការ​ជាមួយ​យើង

សូម​សិក្សា ពិចារណា និង​អធិស្ឋាន​ដើម្បី​ដឹង​អំពី​របៀប​ដែល​អ្នក​អាច​បង្រៀន​សេចក្តីពិត​ដែល​មាន​នៅក្នុង យ៉ាកុប ៥–៧ ដល់​កុមារ​ឲ្យ​បាន​ល្អ​បំផុត ។ សូម​កត់ត្រា​ការបំផុស​គំនិត​នានា​ដែល​អ្នក​ទទួល​បាន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ដើម្បី​ចាប់ផ្តើម​ការពិភាក្សា​អំពី​សារលិខិត​ដែល​មាន​នៅក្នុង​ យ៉ាកុប ៥–៧ សូម​អញ្ជើញ​កុមារ​ឲ្យ​និយាយ​អំពី​រឿងរ៉ាវ​នៅក្នុង​ជីវិត​របស់​ពួកគេ ដែល​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ តើ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​មនុស្ស​ដទៃ​ដោយ​របៀប​ណា ?

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

យ៉ាកុប ៥

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បម្រើ​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌ ។

សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ចែកចាយ​អំពី​រូបាធិដ្ឋាន​នៃ​ដើម​អូលីវ នៅក្នុង​របៀប​មួយ​ដែល​កុមារ​អាច​យល់ ។​

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​មួយ​នៃ​ដើមឈើ ឬ​ដើរ​ទៅ​ក្រៅ​ថ្នាក់​ដើម្បី​ទៅមើល​ដើម​ឈើ​មួយ ហើយរំឭក​ដោយ​សង្ខេប​អំពី​ចំណុច​សំខាន់ៗ​នៃ​រូបាធិដ្ឋាន​នៃ​ដើម​អូលីវ​នៅក្នុង យ៉ាកុប ៥ ។ ឧទាហរណ៍ ៖ ម្ចាស់​នៃ​ចម្ការ​ទំពាំង​បាយជូរ ( ដែល​អាច​តំណាង​ឲ្យ​ព្រះយេស៊ូវ ) បាន​ខំធ្វើការ​យ៉ាង​ខ្លាំង ដើម្បី​មើល​ថែ​ដល់​ដើម​អូលីវ ( ដែល​អាច​តំណាង​ឲ្យ​មនុស្ស​នៅលើ​ផែនដី ) ដោយសារ​ទ្រង់​ខ្វល់​ព្រះទ័យ​យ៉ាង​ខ្លាំង​អំពី​ពួកគេ ។ ទ្រង់​បាន​ហៅ​អ្នក​ធ្វើការ ( ដែល​អាច​តំណាង​ឲ្យ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ) ដើម្បី​ឲ្យ​ជួយ​មើល​ថែ​ដើម​ឈើ​ទាំង​នោះ ។ សូម​ជ្រើស​យក​ខគម្ពីរ​មួយ ឬ​ពីរ​មក​ពី យ៉ាកុប ៥ ដើម្បី​អាន​ឲ្យ​កុមារ​ស្តាប់ ( ដូចជា ខ​ទី ៧១–៧២ ) ។

  • សូម​សួរ​កុមារ ប្រសិនបើ​ពួកគេ​ស្គាល់​នរណា​ម្នាក់​ដែល​បាន​បម្រើ​បេសកកម្ម ឬ​និយាយ​អំពីនរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ។ សូម​ជួយ​កុមារ​ឲ្យ​រកទីតាំង​នៅលើ​ផែនទី​នូវ​កន្លែង​នានា​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំង​នោះ​កំពុង​បម្រើ ។ សូម​ពន្យល់​ថា យ៉ាកុប​បាន​ប្រៀបធៀប​ពិភពលោក​នេះ​ទៅ​នឹង​ក្រុម​នៃ​ដើម​អូលីវ ។ ដើម​នេះ​គឺ​ដូចជា​មនុស្ស​នៅលើ​ផែនដី​ដែរ ហើយ​ការមើលថែ​ដល់​ដើម​ឈើ​ទាំង​នេះ​គឺ​ដូចជា​អ្វី​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ធ្វើ​សម្រាប់​បុត្រាបុត្រី​របស់​ព្រះ ។ តើ​ពួកអ្នកផ្សព្វផ្សាយ​សាសនា​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ផ្តល់​ពរ​ដល់បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌ ? សូម​រកមើល​ចម្លើយ​មួយ​ចំនួន​ចំពោះ​សំណួរ​នេះ​ជាមួយ​គ្នា នៅក្នុង​ចម្រៀង​ដូចជា​បទ « ហៅ​ឲ្យ​បម្រើ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩៤–៩៥ ) ។ តើ​យើង​អាច​ក្លាយ​ដូចជា​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​យ៉ាង​ដូចម្តេច ?

គូស្វាមី​រៀមច្បង​នៅ​មុខ​កុំព្យូទ័រ​ជាមួយ​មនុស្ស​ដទៃ

កិច្ចការ​ផ្សព្វផ្សាយ​សាសនា​គឺជា​របៀប​តែ​មួយ​ ដែល​យើង​អាច​ជួយ​បុត្រាបុត្រី​របស់​ព្រះ​ឲ្យ​ត្រឡប់​ទៅកាន់​ទ្រង់​វិញ ។

យ៉ាកុប ៦:៥

ព្រះវរបិតាសួគ៌​ស្រឡាញ់​ខ្ញុំ ។

តើ​អ្នក​អាច​បង្រៀន​កុមារ​នៅក្នុង​ថ្នាក់​របស់​អ្នក​ថា ព្រះស្រឡាញ់​បុត្រាបុត្រី​ទាំងអស់របស់​ទ្រង់ ហើយ​លាត « ព្រះពាហុ​នៃ​សេចក្តីមេត្តា​ករុណា » របស់​ទ្រង់​ចំពោះ​ពួកគេ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ឱប​ខ្លួន​ឯង ។ តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា នៅពេល​នរណា​ម្នាក់​ដែល​យើង​ស្រឡាញ់​ឱប​យើង ? សូម​អាន យ៉ាកុប ៦:៥ ឲ្យកុមារ​ស្តាប់ ហើយ​ពន្យល់​ថា ឃ្លា « [ ព្រះ ] តោង​ជាប់​ទៅ​នឹងអ្នក » និង « ព្រះ​ពាហុ​នៃ​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់​លា​ចេញ​មក​រក​អ្នក » បង្រៀន​ថា ព្រះ​វរ​បិតា​សួគ៌​ស្រឡាញ់​យើង ហើយ​សព្វព្រះទ័យ​ឲ្យ​យើង​ត្រឡប់​ទៅ​រក​ទ្រង់​វិញ​នៅ​ថ្ងៃ​ណា​មួយ ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​សេចក្តីស្រឡាញ់​ជាមួយ​គ្នា ដូចជា​បទ « ខ្ញុំ​ស្គាល់​ក្តីស្នេហ៍​ព្រះសង្គ្រោះ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤២–៤៣ ) ។ សូម​ឲ្យ​កុមារ​ប្រាប់​រឿង​អ្វី​ៗ​ដែល​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​នៃសេចក្ដីស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ។

យ៉ាកុប ៧:១–២៣

ខ្ញុំ​អាច​ឈរ​ការពារ​អ្វី​ដែល​ខ្ញុំ​ដឹង​ថា​ពិត ។

យ៉ាកុប​គឺជា​គំរូ​ដ៏អស្ចារ្យ​មួយ​នៃ​បុគ្គល​ម្នាក់​ដែល​មាន​ទីបន្ទាល់​ដ៏​រឹងមាំ ដែល​បាន​ជួយ​លោក​ឲ្យ​ការពារ​សេចក្តីពិត​នៅក្នុង​ការប្រឈម​មុខ​នឹង​ការជំទាស់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ប្រាប់​អំពី​រឿង​របស់​យ៉ាកុប និង សេរេម ( យ៉ាកុប ៧:១–២៣ ) នៅក្នុង​របៀប​មួយ​ដែល​កុមារ​អាច​យល់ ។​ អ្នក​អាច​ប្រើ « ជំពូក​ទី ១០ ៖ យ៉ាកុប និង សេរេម » ( ដំណើរ​រឿង​ព្រះគម្ពីរ​មរមន ទំព័រ ៤៦–៥០ ឬ​មើល​វីដេអូ​ដូច​គ្នា​នេះ​នៅ​គេហទំព័រ ChurchofJesusChrist.org ) ។ បន្ទាប់​មក សូម​ប្រាប់​រឿង​នោះ​ម្តង​ទៀត ប៉ុន្តែ​ម្តង​នេះ​សូម​ទុក​ឲ្យ​កុមារ​ជួយ​បំពេញ​ចំណុច​លម្អិត ។ សូម​សួរ​ពួកគេ​ថា តើ​ពួកគេ​បាន​រៀន​អ្វី​ខ្លះ​ពីយ៉ាកុប ។ តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់លោក​យ៉ាង​ដូចម្ដេច ?

  • សូម​ឲ្យ​កុមារ​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ការជ្រើសរើស​ផ្លូវ​ត្រូវ​ដូចជា​បទ « ហ៊ាន​នឹង​ធ្វើ​ត្រូវ » ឬ « ឈរ​ដោយ​សុចរិត » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨០, ៨១ ) ។ សូម​ឲ្យ​ពួកគេ​ក្រោក​ឈរ នៅពេល​ណា​ដែល​ពួកគេ​ច្រៀង​ពាក្យ​ដូចជា ត្រូវពិត ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

យ៉ាកុប ៥

ព្រះអម្ចាស់​ខ្វល់​ព្រះទ័យ​នឹង​រាស្ត្រ​របស់​ទ្រង់ ។

យ៉ាកុប​បាន​ចែកចាយ​អំពី​រូបាធិដ្ឋាន​នៃ​ដើម​អូលីវ ​ដើម្បី​ជួយ​អញ្ជើញ​រាស្ត្រ​របស់​ទ្រង់​ឲ្យ​មក​កាន់​ព្រះគ្រីស្ទ ។ គោលបំណង​ដូច​គ្នា​នេះ​ក៏​អាច​សម្រេច​បាន​សម្រាប់​កុមារ​ដែល​អ្នក​បង្រៀន​ដែរ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន និង​ពន្យល់​ដល់​កុមារនូវ​ខគម្ពីរ​គន្លឹះ ដោយ​សង្ខេប​រូបាធិដ្ឋាន​នៃ​ដើម​អូលីវ ដូចជា យ៉ាកុប ៥:៣–៤, ២៨–២៩, ៤៧ និង ៧០–៧២ ហើយ​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូបភាព​នៃ​អ្វី​ដែល​ខគម្ពីរ​ទាំង​នេះ​ពិពណ៌នា ។ តើ​យើង​រៀន​អ្វី​ខ្លះ មកពី​ខគម្ពីរ​ទាំង​នេះ​អំពី​របៀប​ដែល​ព្រះអម្ចាស់​ព្រះតម្រិះ​អំពី​រាស្ត្រ​របស់​ទ្រង់ ? សូម​ឲ្យ​កុមារ​ធ្វើ​ដូចជា​មើល​ថែ​ដើម​អូលីវ​មួយ នៅពេល​សង្ខេប​យ៉ាង​ខ្លី​នូវ ខ​ទី ៦១–៧១ ( ពួកគេ​អាច​សម្តែង​ធ្វើ​ជា​ជីក​ដី ស្រោច​ទឹក ជាដើម ) ។ សូម​អញ្ជើញ​កុមារ​ពីរបីនាក់​ឲ្យអាន យ៉ាកុប ៥:១១, ៤១, ៤៧ និង ៧២ ដោយ​រក​មើល​អ្វីៗ​ដែល​បង្ហាញ​ថា ម្ចាស់​ចម្ការ ( ព្រះយេស៊ូវគ្រីស្ទ ) បាន​ខ្វល់ខ្វាយ​អំពី​ដើម​ឈើ​នោះ ។ តើព្រះអង្គសង្គ្រោះ​បានធ្វើអ្វី​ខ្លះ ​ដើម្បី​បង្ហាញ​ថា ទ្រង់​ខ្វ​ល់​ព្រះទ័យ​អំពី​យើង ? វីដេអូ « Old Testament Olive Vineyard » ( ChurchofJesusChrist.org ) អាច​ជួយ​ជាមួយ​សកម្មភាព​នេះ​បាន ។

  • សូម​សរសេរ​និមិត្ត​សញ្ញា​មួយ​ចំនួន​នៅក្នុង យ៉ាកុប ៥ នៅលើ​ក្តារ​ខៀន ដូចជា​ចម្ការ ម្ចាស់​ចម្ការ អ្នក​បម្រើ និង​ដើម​អូលីវ ។ បន្ទាប់​មក​សូម​ធ្វើ​បញ្ជី​មួយ​ទៀត ដោយ​មិន​បាច់​តាម​លំដាប់លំដោយ អំពី​អ្វីៗ​ដែល​និមិត្ត​សញ្ញា​ទាំង​នេះ​អាច​តំណាង​ឲ្យ​នោះ​ទេ ​វា​មាន​ដូចជា​ពិភពលោក ព្រះអង្គសង្គ្រោះ ថ្នាក់​ដឹកនាំ​សាសនាចក្រ ឬ​អ្នក​ផ្សព្វផ្សាយ​សាសនា និង​រាស្ត្រ​របស់​ព្រះ ។ សូម​អាន​ខគម្ពីរ​ជាមួយ​គ្នា​មកពី យ៉ាកុប ៥ ដែល​ចែង​អំពី​និមិត្ត​សញ្ញា​ទាំង​នេះ ហើយ​ជួយ​កុមារ​ឲ្យ​គូរ​បន្ទាត់​នៅលើ​ក្តារខៀន ដោយ​ភ្ជាប់​និមិត្ត​សញ្ញា​ទាំង​នោះ​ជាមួយ​នឹង​អត្ថន័យ​ដែល​អាច​ត្រូវ​នឹង​វា ( ឧទាហរណ៍​សូមមើល ខទី ៣–៤, ២៨–២៩, ៤៧, ៧០–៧២ ) ។

យ៉ាកុប ៦:៤–៥

ព្រះវរបិតាសួគ៌​ស្រឡាញ់​ខ្ញុំ ហើយ​នឹង​អភ័យទោស​ឲ្យ​ខ្ញុំ​ពេល​ខ្ញុំ​ប្រែចិត្ត ។

វា​សំខាន់​ដើម្បី​ជួយ​កុមារ​ដែល​អ្នក​បង្រៀន​ឲ្យ​យល់​ថា ព្រះ​ស្រឡាញ់​ពួកគេ ហើយ​នឹង​អភ័យទោស​ឲ្យ​ពួកគេ​ជានិច្ច នៅពេល​ពួកគេ​ប្រែចិត្ត​ដោយ​ស្មោះសរ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ធ្វើ​តារាង​មួយ​នៅលើ​ក្ដារខៀន​ដោយ​មាន​ជួរ​ឈរ​ពីរ​ដែល​ដាក់​ចំណង​ជើង​ថា ព្រះ​វរ​បិតា​សួគ៌ និង ពួកយើង ។ សូម​អាន យ៉ាកុប ៦:៤–៥ ហើយ​សូម​ឲ្យសិស្ស​ពាក់​កណ្តាល​ថ្នាក់ រកមើល​ឃ្លា​នានា​ដែល​អនុវត្ត​ចំពោះ​ព្រះ ហើយ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់ទៀត​រកមើល​ឃ្លា​ដែល​អនុវត្ត​ចំពោះ​យើង ។ សូម​កត់ត្រា​អ្វី​ដែល​ពួកគេ​រកឃើញ​នៅក្នុង​ជួរឈរ​ដែល​ត្រឹមត្រូវ ។ សូម​ជួយ​ពួកគេ​ឲ្យ​ផ្តល់​និយមន័យ​ចំពោះពាក្យ​ដែល​ពួកគេ​មិន​យល់ ។

  • សូម​ចែកចាយ​រឿង​របស់​អែលឌើរ អាឡែន ឌី ហែនី អំពី​ការប្រឡាក់​ភក់​នៅក្នុង​រណ្តៅ​នៅក្នុង​សារលិខិត​របស់​គាត់ « ចងចាំ​ដល់​អង្គ​ដែល​យើង​ទុក​ចិត្ត » ( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១២១–១២២ ) ។ តើ​រឿង​នេះ​បង្រៀន​យើង​អ្វីខ្លះ អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​បាន​សង្គ្រោះ​នៅក្នុង​នគរ​នៃ​ព្រះ ? តើ​យើង​រៀន​អ្វី​ខ្លះ​ទៀត​មកពី យ៉ាកុប ៦:៤–៥ នេះ ?​

យ៉ាកុប ៧:១–២៣

ខ្ញុំ​អាច​ឈរ​ការពារ​អ្វី​ដែល​ខ្ញុំ​ដឹង​ថា​ពិត ។

តើ​អ្នក​អាច​បំផុស​គំនិត​កុមារ​ឲ្យ​ឈរ​ការពារ​សេចក្តីពិត​ដូចយ៉ាកុប​បាន​ធ្វើ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​សម្ដែង​តួ​អំពី​ការប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​យ៉ាកុប និង សេរេម ដោយ​ប្រើ យ៉ាកុប ៧:១–២៣ ជា​មគ្គទេសក៍ ។ ឬ​បង្ហាញ​វីដេអូ « Jacob and Sherem » ( ChurchofJesusChrist.org ) ។ សូម​ឲ្យ​កុមារ​ប្រាប់​ពី​ផ្នែក​នៃ​រឿង​នោះ​ដែល​ពួកគេ​ចូលចិត្ត ។ តើ​យ៉ាកុប​បាន​ឈរ​ការពារ​អ្វី​ដែល​លោក​បាន​ដឹង​ថា​ត្រឹមត្រូវ​ដោយ​របៀប​ណា ? សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​បទពិសោធន៍ នៅ​ពេល​ពួកគេ​ឈរ​ការពារ​អ្វី​ដែល​ត្រឹមត្រូវ ឬ​ចែកចាយ​បទពិសោធន៍​របស់​អ្នក ។

  • សូម​ឲ្យ​កុមារ​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ការជ្រើសរើស​ផ្លូវ​ត្រូវ​ដូចជា​បទ « ហ៊ាន​នឹង​ធ្វើ​ត្រូវ » ឬ « ឈរ​ដោយ​សុចរិត » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨០, ៨១ ) ។ សូម​ចែក​ពួកគេ​ជា​ក្រុម ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​បដា ឬ​ប័ណ្ណប្រកាស​ដ៏​បំផុសគំនិត​មួយ ដែល​តំណាង​ឲ្យ​អ្វី​មួយ​ដែល​ពួកគេ​ឈរ​ការពារ​អ្វី​ដែល​ពួកគេ​ជឿ ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​គិត​អំពី​របៀប​មួយ ដែល​ពួកគេ​អាច​ជួយ​គ្រួសារ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ—ឧទាហរណ៍ តាមរយៈ​ការពន្យល់​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី របៀប​ដែល​ម្ចាស់​ចម្ការ​បានមើល​ថែ​ដើម​អូលីវ​របស់​គាត់ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

កុមារ​ចូលចិត្ត​ចែកចាយ​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។ ទោះបីជា​ពួកគេ​នៅ​ក្មេង​ក្ដី ក៏​កុមារ​អាច​ពង្រឹង​ដល់​សមាជិក​គ្រួសារ​របស់​ពួកគេ​បាន​ដែរ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ថ្នាក់​កុមារ​ដល់​គ្រួសារ​របស់​ពួកគេ ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ ៣០ ) ។