« ថ្ងៃទី ៩–១៥ ខែ មីនា យ៉ាកុប ១–៤ ៖ ‹ ចូរស្រុះស្រួលនឹងព្រះទៅតាមរយៈដង្វាយធួននៃព្រះគ្រីស្ទ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៩–១៥ ខែ មីនា យ៉ាកុប ១–៤ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២០
ថ្ងៃទី ៩–១៥ ខែ មីនា
យ៉ាកុប ១–៤
ចូរស្រុះស្រួលនឹងព្រះទៅតាមរយៈដង្វាយធួននៃព្រះគ្រីស្ទ
នៅពេលអ្នកអាន យ៉ាកុប ១–៤ សូមពិចារណាអំពីគោលការណ៍នានាមកពីជំពូកទាំងនេះ ដែលសំខាន់បំផុតដើម្បីឲ្យកុមាររៀន ។ សូមស្វែងរកការណែនាំខាងវិញ្ញាណ ដើម្បីដឹងអំពីរបៀបបង្រៀនគោលការណ៍ទាំងនេះ ហើយកត់ត្រាការបំផុសគំនិតរបស់អ្នក ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញកុមារឲ្យចែកចាយអ្វីមួយដែលពួកគេ ឬគ្រួសាររបស់ពួកគេបានធ្វើនាសប្តាហ៍នេះ ដើម្បីរៀនមកពី យ៉ាកុប ១–៤ ។ អ្នកក៏អាចសូមឲ្យពួកគេចែកចាយអ្វីដែលពួកគេចងចាំពីមេរៀននាសប្តាហ៍មុនផងដែរ ។ តើមានសំណួរអ្វីខ្លះដែលអ្នកអាចសួរ ដើម្បីជួយពួកគេឲ្យចងចាំ ?
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ព្រះហៅថ្នាក់ដឹកនាំសាសនាចក្រឲ្យជួយខ្ញុំធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
សូមជួយកុមារឲ្យយល់ថា ពួកគេនឹងទទួលពរ តាមរយៈការធ្វើតាមការទូន្មានរបស់ថ្នាក់ដឹកនាំសាសនាចក្រ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមធ្វើតុក្កតាអាយ៉ងសាមញ្ញមួយដែលតំណាងឲ្យយ៉ាកុប និង យ៉ូសែប ជាប្អូនប្រុសរបស់នីហ្វៃ ដែលជាថ្នាក់ដឹកនាំសាសនាចក្រ ។ សូមចែកចាយខគម្ពីរមួយចំនួនមកពី យ៉ាកុប ១ និង ២ ដើម្បីពន្យល់អំពីអ្វីដែលថ្នាក់ដឹកនាំសាសនាចក្រត្រូវបានហៅឲ្យធ្វើ ។ ឧទាហរណ៍ ថ្នាក់ដឹកនាំបញ្ចុះបញ្ចូលយើងឲ្យ « ជឿលើព្រះគ្រីស្ទ » ( យ៉ាកុប ១:៨ ) អញ្ជើញយើងឲ្យប្រែចិត្ត ( សូមមើល យ៉ាកុប ២:៥–៦, ៩–១០ ) និង « ប្រកាសព្រះបន្ទូល [ របស់ព្រះ ] » ( យ៉ាកុប ២:២, ១១ ) ។ សូមឲ្យកុមារប្រើតុក្កតាអាយ៉ងនោះធ្វើកិច្ចការមួយចំនួនទាំងនេះ ។
-
សូមអញ្ជើញកុមារឲ្យប្រាប់ឈ្មោះថ្នាក់ដឹកនាំមួយចំនួនដែលពួកគេស្គាល់ ដូចជាថ្នាក់ដឹកនាំថ្នាក់អង្គការបឋមសិក្សា, សមាជិកគណៈប៊ីស្សព និងពួកព្យាការី និងពួកសាវក ។ សូមជួយកុមារឲ្យគិតអំពីរបៀបនានាដែលថ្នាក់ដឹកនាំទាំងនេះផ្តល់ពរដល់ពួកយើង ។
ខ្ញុំអាចជួយមនុស្សដទៃដែលខ្វះខាត នៅពេលខ្ញុំចែករំលែកជាមួយពួកគេ ។
តើកុមារដែលអ្នកបង្រៀនយល់អំពីពរជ័យដែលកើតមាន នៅពេលពួកគេចែករំលែកជាមួយអស់អ្នកដែលខ្វះខាតដែរឬទេ ? តើអ្នកអាចជួយពួកគេឲ្យដឹងថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវសព្វព្រះទ័យឲ្យពួកគេជួយមនុស្សដទៃដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមពន្យល់ថា មនុស្សមួយចំនួននៅជំនាន់របស់យ៉ាកុបមានទ្រព្យសម្បត្តិច្រើនណាស់ ប៉ុន្តែពួកគេពុំចង់ចែករំលែកនូវអ្វីដែលពួកគេមានជាមួយមនុស្សដែលក្រីក្រឡើយ ។ សូមអាន យ៉ាកុប ២:១៧–១៩ ដើម្បីជួយកុមារឲ្យយល់អំពីការបង្រៀនរបស់យ៉ាកុបទៅកាន់មនុស្សទាំងនេះ ។ នៅពេលអ្នកធ្វើដូច្នោះ សូមផ្តល់រូបភាព ឬវត្ថុនានាឲ្យកុមារកាន់ ដែលមានពាក្យ ឬឃ្លាក្នុងខគម្ពីរទាំងនេះ ។
-
សូមអញ្ជើញកុមារឲ្យសម្តែងតាមរបៀបនានាដែលពួកគេអាចចែករំលែកអ្វីដែលពួកគេមានជាមួយនរណាម្នាក់ដែលខ្វះខាត ។ សូមថ្លែងទីបន្ទាល់ថា យើងបានពរ នៅពេលយើងចែករំលែកជាមួយមនុស្សដទៃ ។
-
សូមនាំយកអ្វីមួយមកថ្នាក់រៀន ដែលអ្នកអាចចែកជាមួយកុមារ ។ សូមឲ្យវាទៅកុមារម្នាក់ៗ ហើយពន្យល់ថា អ្នកកំពុងចែករំលែកវា ។ សូមសួរអំពីអារម្មណ៍ពួកគេ ពេលពួកគេបានចែកចាយជាមួយគ្នា ។ តើពួកគេមានអារម្មណ៍យ៉ាងណា នៅពេលពួកគេចែករំលែកជាមួយមនុស្សដទៃនោះ ? សូមជួយពួកគេឲ្យគិតអំពីអ្វីដែលពួកគេអាចចែករំលែក ដើម្បីជួយនរណាម្នាក់ឲ្យមានអារម្មណ៍រីករាយ ។
ខ្ញុំអាចពង្រឹងសេចក្ដីជំនឿរបស់ខ្ញុំលើព្រះយេស៊ូវគ្រីស្ទបាន ។
នៅពេលយ៉ាកុបបានរស់នៅដោយសុចរិត ទោះបីជាមានអំពើទុច្ចរិតនៅជុំវិញលោកក៏ដោយ នោះសេចក្តីជំនឿរបស់លោកបានប្រែកាន់តែរឹងប៉ឹងដែលពុំអាចញាប់ញ័របានឡើយ ។ សូមពិចារណាពីរបៀបដែលអ្នកអាចជួយកុមារឲ្យយល់ពីអត្ថន័យនៃការមានសេចក្តីជំនឿដែលពុំអាចញាប់ញ័របាន ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារឲ្យគិតអំពីអ្វីដែលពួកគេអាចធ្វើ ដើម្បីឲ្យរូបកាយរបស់គេបានរឹងមាំឡើង ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីធ្វើឲ្យសេចក្តីជំនឿរបស់យើងកាន់តែរឹងមាំ ? សូមបើកព្រះគម្ពីរទៅ យ៉ាកុប ៤:៦ ហើយជួយកុមារឲ្យរកឃើញអ្វីដែលយ៉ាកុប និងប្រជាជនរបស់លោកបានធ្វើ ដើម្បីឲ្យសេចក្ដីជំនឿរបស់ពួកគេ « ឥតញាប់ញ័រ » ។
-
សូមច្រៀងបទ « មនុស្សប្រាជ្ញា និង មនុស្សល្ងង់ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១៣២ ) ជាមួយកុមារ ។ សូមគូសរូបផ្ទះសង់នៅលើដីខ្សាច់នៅលើក្ដារខៀនម្ខាង ។ នៅលើក្តារខៀនម្ខាងទៀត សូមគូសរូបផ្ទះដែលសង់នៅលើថ្ម ។ ប្រសិនបើអាច សូមយកខ្សាច់ និងថ្មមកកាន់ថ្នាក់រៀន ។ តើវត្ថុណាមួយដែលងាយនឹងញ័រ ឬគ្មានលំនឹង ? តើយើងចង់ឲ្យសេចក្តីជំនឿរបស់យើងដូចជាខ្សាច់ ឬថ្ម ?
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ព្រះហៅថ្នាក់ដឹកនាំសាសនាចក្រឲ្យជួយខ្ញុំធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
កុមារដែលអ្នកបង្រៀននឹងមានពរ នៅពេលពួកគេទុកចិត្ត និងធ្វើតាមការទូន្មានរបស់ថ្នាក់ដឹកនាំសាសាចក្រ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន យ៉ាកុប ១:៦–៨ និង ២:១–៦, ១១ ជាមួយកុមារ ដោយជួយពួកគេឲ្យរកមើលឃ្លាដែលពិពណ៌នាអំពីរបៀបដែលអ្នកបម្រើរបស់ព្រះដឹកនាំសាសនាចក្រនេះ ។ សូមឲ្យពួកគេសរសេរឃ្លាទាំងនេះនៅលើក្រដាសសៀវភៅ បន្ទាប់មកដាក់តាំងក្រដាសនោះនៅលើក្តារខៀន ។ ហេតុអ្វីព្រះហៅថ្នាក់ដឹកនាំសាសនាចក្រឲ្យដឹកនាំពួកយើង ? សូមឲ្យកុមារចែកចាយបទពិសោធន៍ជាមួយនឹងការរៀនសូត្រ ឬការទទួលការណែនាំមកពីថ្នាក់ដឹកនាំសាសនាចក្រ ឬគ្រូបង្រៀន និងពរជ័យដែលពួកគេបានទទួល ។
-
សូមឲ្យកុមារគូររូបភាពថ្នាក់ដឹកនាំសាសនាចក្រដែលពួកគេស្គាល់ ហើយទុកឲ្យសិស្សទាំងអស់នៅក្នុងថ្នាក់ទាយថា ជានរណាដែលពួកគេបានគូរ ។ តើថ្នាក់ដឹកនាំទាំងនេះធ្វើអ្វីខ្លះដើម្បីជួយពួកយើងឲ្យធ្វើតាមព្រះយេស៊ូវគ្រីស្ទ ? សូមអញ្ជើញកុមារឲ្យសរសេរសំបុត្រទៅកាន់ថ្នាក់ដឹកនាំសាសនាចក្រ ដោយថ្លែងអំណរគុណដល់ពួកលោកសម្រាប់ការបម្រើរបស់ពួកលោក ។
-
សូមអញ្ជើញថ្នាក់ដឹកនាំសាសនាចក្រក្នុងមូលដ្ឋានឲ្យប្រាប់កុមារ នូវអ្វីដែលគាត់ធ្វើដើម្បីបំពេញតាមការហៅបម្រើរបស់គាត់ ។ សូមឲ្យកុមារសរសេរអ្វីមួយចំនួនដែលពួកគេអាចធ្វើ ដើម្បីគាំទ្រដល់ថ្នាក់ដឹកនាំរបស់ពួកគេ ។
ខ្ញុំអាចជួយមនុស្សដទៃឲ្យមានអារម្មណ៍រីករាយ ដោយចែករំលែកជាមួយពួកគេ ។
អ្នកដើរតាមព្រះយេស៊ូវគ្រីស្ទដ៏ពិតមានឆន្ទៈចែកចាយអ្វីដែលពួកគេមានជាមួយមនុស្សដទៃ ។ សូមលើកទឹកចិត្តកុមារឲ្យនាំអំណរទៅកាន់អស់អ្នកដែលខ្វះខាត តាមរយៈការចែករំលែកជាមួយពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រាប់កុមារថា មនុស្សជាច្រើននៅជំនាន់របស់យ៉ាកុបបានប្រែជាឆ្មើងឆ្មៃ និងគ្មានសន្តានចិត្តល្អឡើយ ដោយសារពួកគេស្រឡាញ់ទ្រព្យសម្បត្តិ ( សូមមើល យ៉ាកុប ២:១២–១៤, ១៧–២១ ) ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យអាន យ៉ាកុប ២:១៧–១៩ ឲ្យឮៗ ហើយជួយពួកគេឲ្យយល់ពាក្យពិបាកនានា ។ តើយើងគួរតែស្វែងរកអ្វី ពីមុនយើងស្វែងរកទ្រព្យសម្បត្តិនោះ ? តើយើងគួរតែស្វែងរកធ្វើអ្វី ជាមួយទ្រព្យសម្បត្តិដែលយើងទទួលបាន ?
-
សូមអាន យ៉ាកុប ២:១៧ ឲ្យកុមារស្ដាប់ ។ តើពរជ័យអ្វីខ្លះដែលព្រះវរបិតាសួគ៌បានចែករំលែកជាមួយយើង ? ហេតុអ្វីទ្រង់សព្វព្រះទ័យឲ្យយើងចែករំលែកដល់គ្នាទៅវិញទៅមក ? សូមអញ្ជើញកុមារឲ្យចែកចាយពីគ្រានានា ដែលពួកគេបានចែករំលែកជាមួយនរណាម្នាក់ទៀត រួមទាំងអារម្មណ៍ដែលពួកគេមាន និងអារម្មណ៍របស់បុគ្គលដែលពួកគេបានចែករំលែកជាមួយនោះ ។
ខ្ញុំអាចពង្រឹងសេចក្ដីជំនឿរបស់ខ្ញុំលើព្រះយេស៊ូវគ្រីស្ទបាន ។
សេចក្តីជំនឿរបស់យ៉ាកុបឥតញាប់ញ័រឡើយ នៅពេលលោកបានពិនិត្យមើលប្រសាសន៍របស់ពួកព្យាការី ហើយបានទទួលទីបន្ទាល់ផ្ទាល់ខ្លួនលោក ( សូមមើល យ៉ាកុប ៤:៦ ) ។ តើអ្នកអាចជួយកុមារឲ្យមានបំណងប្រាថ្នាបង្កើតសេចក្តីជំនឿដែលពុំអាចញាប់ញ័របានដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យគិតអំពីវត្ថុនានាដែលរឹងមាំ និងមានសុវត្ថិភាពយូរអង្វែង ដូចជាដើមឈើធំមួយ ។ តើសេចក្តីជំនឿដូចជាអ្វីដែលពួកគេគិតយ៉ាងដូចម្តេច ? តើមានឃ្លាអ្វីខ្លះនៅក្នុង យ៉ាកុប ៤:៦, ១០–១១ ដែលពិពណ៌នាអំពីអ្វីដែលយើងអាចធ្វើ ដើម្បីធ្វើឲ្យសេចក្តីជំនឿរបស់យើងឥតញាប់ញ័រ ? សូមឲ្យកុមារសរសេរនៅលើក្ដារខៀនអំពីរបៀបនានា ដែលពួកគេអាចពង្រឹងសេចក្តីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ។
-
សូមចែកចាយ រឿងប្រៀបប្រដូចរបស់អែលឌើរ នែល អិល អាន់ឌើរសិន អំពីដើមឈើដែលដុះលូតលាស់នៅក្នុងបរិយាកាសដែលមានខ្យល់បក់ ដែលមាននៅក្នុងសារលិខិតរបស់លោក ដែលមានចំណងជើងថា « ខ្យល់គួចខាងវិញ្ញាណ » ( Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១៨–២១ ) ឬបង្ហាញវីដេអូ « Spiritual Whirlwinds » ( ChurchofJesusChrist.org ) ។ ហេតុអ្វីវាសំខាន់ដើម្បីកុំឲ្យសេចក្តីជំនឿរបស់យើងញាប់ញ័រ ហើយមានភាពរឹងប៉ឹងដូចជាដើមឈើនោះ ? តើខ្យល់គួចតំណាងឲ្យអ្វីខ្លះ ? តើយើងអាចធ្វើអ្វីខ្លះដើម្បីបង្កើតឲ្យមានសេចក្តីជំនឿឥតញាប់ញ័រ ? សូមជួយកុមារឲ្យគិតអំពីរឿងប្រៀបប្រដូចផ្សេងទៀត ដែលបង្រៀនអំពីការមានសេចក្តីជំនឿដែលពុំអាចញាប់ញ័រ ។
2:24
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យគិតអំពីអ្វីមួយដែលពួកគេអាចចែកចាយជាមួយគ្រួសារពួកគេ—រួមទាំងការចែកចាយអ្វីមួយដែលពួកគេបានរៀននៅក្នុងថ្នាក់ថ្ងៃនេះផងដែរ ។ នៅម៉ោងបង្រៀនលើកក្រោយ សូមផ្តល់ឱកាសឲ្យពួកគេនិយាយអំពីអ្វីដែលពួកគេបានចែកចាយ ។