ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៧–២៣ ខែ កុម្ភៈ ។ នីហ្វៃទី ២ ១១–២៥ ៖ « យើង​អររីករាយ​ក្នុង​ព្រះគ្រីស្ទ »


« ថ្ងៃទី ១៧–២៣ ខែ កុម្ភៈ ។ នីហ្វៃទី ២ ១១–២៥ ៖ ‹ យើង​អររីករាយ​ក្នុង​ព្រះគ្រីស្ទ › » ចូរ​មក​តាម​ខ្ញុំ​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៧–២៣ ខែ កុម្ភៈ ។ នីហ្វៃទី ២ ១១–២៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២០

លោក​អេសាយ​កំពុង​សរសេរ​នៅលើ​ផ្ទាំង​រមូរ

ថ្ងៃទី ១៧–២៣ ខែ កុម្ភៈ

នីហ្វៃ ទី ២ ១១–២៥

« យើង​អររីករាយ​ក្នុង​ព្រះគ្រីស្ទ »

នីហ្វៃ​បាន​បង្រៀន​ថា ពាក្យ​សម្ដី​របស់​លោក​អេសាយ « ច្បាស់​ដល់​អ្នកណា​ដែល​ពោរពេញ​ទៅ​ដោយ​វិញ្ញាណ​នៃ​ការ​ព្យាករណ៍​ដែរ » ( នីហ្វៃទី ២ ២៥:៤ ) ។ នៅពេល​បងប្អូន​អាន សូមស្វែងរក​វិញ្ញាណ​នៃ​ការ​ព្យាករណ៍​ដោយ​ការ​រៀបចំ​ខ្លួន​របស់​បងប្អូន​ខាង​វិញ្ញាណ ការ​ស្ដាប់​តាម​ព្រះវិញ្ញាណ និង​ការ​កត់ត្រា​ចំណាប់អារម្មណ៍​របស់​បងប្អូន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ការ​ឆ្លាក់​នៅ​លើ​ផ្ទាំង​លោហៈ​ពុំ​ងាយ​ស្រួល​នោះទេ ហើយ​កន្លែង​នៅលើ​ផ្ទាំង​តូច​របស់​នីហ្វៃ​ក៏​មាន​កំណត់​ផងដែរ ។ ដូច្នេះ​ហេតុអ្វី​ក៏​នីហ្វៃ​ខិតខំ​យ៉ាង​នឿយហត់​ចម្លង​ការ​កត់ត្រា​ដ៏​ច្រើន​របស់​លោក​អេសាយ​មក​ដាក់​ក្នុង​កំណត់ត្រា​របស់​គាត់​យ៉ាង​ដូច្នេះ ? គាត់​បាន​ធ្វើ​វា « ថា​បើ​សិនជា​ប្រជាជន​ខ្ញុំ​ណា​ម្នាក់​បាន​ឃើញ​ពាក្យ​ទាំងនេះ​ហើយ នោះ​គេ​អាច​លើក​ចិត្ត​គេ​ឡើង ហើយ​អរសប្បាយ » ( នីហ្វៃទី ២ ១១:៨ ) ។ ក្នុងន័យ​នោះ ការ​អញ្ជើញ​ឲ្យ​អាន​ការ​សរសេរ​របស់​លោក​អេសាយ គឺជា​ការ​អញ្ជើញ​ឲ្យ​អរសប្បាយ ។ បងប្អូន​អាច​រីករាយ​ដូចជា​នីហ្វៃ នៅក្នុង​ការ​ព្យាករណ៍​របស់​លោក​អេសាយ​អំពី​ការ​ប្រមូលផ្ដុំ​នៃ​វង្សអ៊ីស្រាអែល ការ​យាងមក​របស់​ព្រះមេស៊ី និង​ភាព​សុខសាន្ដ​នៅ​ក្នុង​សហសវត្សរ៍​ដែល​បាន​សន្យា​ចំពោះ​ពួក​សុចរិត ។ បងប្អូន​អាច​អរសប្បាយថា ទោះជា​នៅ​ក្នុង​ថ្ងៃ​នៃ « សេចក្ដី​លំបាក និង​សេចក្ដីងងឹត » បងប្អូន « បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ » ( នីហ្វៃទី ២ ១៨:២២, ១៩:២ ) ។ បងប្អូន​អាច​អរសប្បាយ​ថា បងប្អូន​អាច « ដងទឹក​ពី​អណ្ដូង​នៃ​សេចក្ដីសង្គ្រោះ​ដោយ​អំណរ » ( នីហ្វៃទី ២ ២២:៣ ) ។ ជា​ពាក្យ​ម៉្យាង​ទៀត បងប្អូន​អាច « អររីករាយ​នៅ​ក្នុង​ព្រះគ្រីស្ទ » ( នីហ្វៃទី ២ ២៥:២៦ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

នីហ្វៃ ទី ២ ១១–២៥

តើ​ខ្ញុំ​អាច​យល់​អំពី​ការ​បង្រៀន​របស់​លោក​អេសាយ​កាន់តែ​ល្អ​ប្រសើរ​យ៉ាង​ដូចម្ដេច ?

នីហ្វៃ​ទទួល​ស្គាល់​ថា « ពាក្យ​ពេជន៍មួយ​ចំនួន​របស់​លោក​អេសាយ​មិន​ច្បាស់ »​( នីហ្វៃទី ២ ២៥:៤ ) ។ រឿង​នេះ​អាច​ជា​ការ​ពិត​ចំពោះ​អ្នក​ទាំងឡាយ​ដែល​ពុំ​ស្គាល់​វប្បធម៌​ពី​បុរាណ​របស់​ពួក​សាសន៍​យូដា និង​ភូមិសាស្ត្រ​ដូចជា​នីហ្វៃ ( សូមមើល នីហ្វៃទី ២ ២៥:៦ ) ។ ប៉ុន្តែ​នីហ្វៃ​ក៏​បាន​ផ្ដល់​ដំបូន្មាន​ដើម្បី​ជួយ​យើង​រក​ឃើញ​អត្ថន័យ​នៅ​ក្នុង​ការ​សរសេរ​របស់​លោក​អេសាយ​ផងដែរ ៖

« ប្រៀប​ពាក្យ​ទាំងឡាយ​របស់​លោក » ទៅ​នឹង​ខ្លួន​បងប្អូន ( នីហ្វៃទី ២ ១១:២ ) ។មាន​ការ​បង្រៀន​របស់​លោក​អេសាយ​ជាច្រើន​អាច​មាន​អត្ថន័យ និង​ការ​អនុវត្ត​ជាច្រើន ។ ឧទាហរណ៍ ការសរសេរ​របស់​លោក​អំពី​ការ​ខ្ចាត់ខ្ចាយ និង​ការ​ប្រមូល​ផ្ដុំ​នៃ​វង្សអ៊ីស្រាអែល អាច​នឹង​បំផុសគំនិត​បងប្អូន​ឲ្យ​គិត​អំពី​តម្រូវ​ការ​របស់​បងប្អូន​ក្នុង​ការ « ប្រមូល​ផ្ដុំ » ​ឲ្យ​ត្រឡប់​ទៅ​ព្រះអង្គសង្គ្រោះ​វិញ ។

សូម​ព្យាយាម​ដើម្បី​បាន « ពោរពេញ​ទៅ​ដោយ​វិញ្ញាណ​នៃ​ការ​ព្យាករណ៍ » ( នីហ្វៃទី ២ ២៥:៤ ) ។របៀប​ដ៏​ល្អបំផុត​ដើម្បី​យល់​អំពី​ការព្យាករណ៍​របស់​លោក​អេសាយ គឺ​ស្វែងរក​ការ​បំផុសគំនិត​មកពី​ព្រះវិញ្ញាណ ។ អធិស្ឋាន​សូម​ការ​ណែនាំ​ខាង​វិញ្ញាណ ។ បងប្អូន​ពុំ​អាច​យល់​រឿង​គ្រប់​យ៉ាង​ក្នុង​ពេល​តែ​ម្ដង​នោះទេ ប៉ុន្តែ​ព្រះវិញ្ញាណ​អាច​ជួយ​បងប្អូន​រៀន​អំពី​អ្វី​ដែល​បងប្អូន​ចាំបាច់​ត្រូវ​ដឹង​សម្រាប់​ជីវិត​របស់​បងប្អូន​បច្ចុប្បន្ន​នេះ ។

បងប្អូន​អាច​រកឃើញ​ថា​វា​មាន​ប្រយោជន៍​ដើម្បី​យោង​ទៅ​ជំនួយ​ការ​សិក្សា​នៅ​ក្នុង​បទគម្ពីរ រួមទាំង​លេខយោង ក្បាល​ជំពូក​ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ជាដើម ។

នីហ្វៃទី ២ ១១:២–៨; ២៥:១៩–២៩

« របៀប​ត្រឹមត្រូវ​គឺ​ជឿ​ទៅ​លើ​ព្រះគ្រីស្ទ » ។

នីហ្វៃ​បាន​​ណែនាំ ព្រមទាំង​បាន​បញ្ចប់​ការ​ដកស្រង់​ពាក្យ​របស់​លោក​អេសាយ​ដោយ​ការ​បង្ហាញ​ពី​ទីបន្ទាល់​របស់​គាត់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល នីហ្វៃទី ២ ១១:២–៨, ២៥:១៩–២៩ ) ។ តើ​មានអ្វីខ្លះ​បាន​បំផុសគំនិត​ដល់​បងប្អូន​អំពី​ទីបន្ទាល់​របស់​គាត់ ? នៅពេល​បងប្អូន​សិក្សា​ក្នុង​សប្ដាហ៍នេះ សូម​គិត​អំពី​បំណង​ប្រាថ្នា​របស់​នីហ្វៃ​ដើម្បី « បញ្ចុះបញ្ចូល​កូនចៅ [ របស់​គាត់ ]… ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ ហើយ​ឲ្យ​ស្រុះស្រួល​នឹង​ព្រះ » ( នីហ្វៃទី ២ ២៥:២៣ ) និង​កត់ចំណាំ​វគ្គ​បទគម្ពីរ​ដែល​បញ្ចុះបញ្ចូល​ដល់ បងប្អូន ឲ្យ​ជឿ​ទៅលើ និង​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។

វា​អាច​នឹង​ជួយ​ដើម្បី​ចងចាំ​ថា មាន​ការ​បង្រៀន​ជាច្រើន​អំពី​ព្រះអង្គសង្គ្រោះ​របស់​លោក​អេសាយ ត្រូវ​បាន​បញ្ជូន​សារ​តាមរយៈ​និមិត្តរូប ។ ឧទាហរណ៍ បងប្អូន​អាច​មើល​ឃើញ​ព្រះអង្គសង្គ្រោះ​នៅ​ក្នុង​និមិត្តរូប ដូចជា ម្ចាស់​ចម្ការទំពាំង​បាយជូរ ( សូមមើល នីហ្វៃទី ២ ១៥:១–៧ ) ថ្ម ( សូមមើល នីហ្វៃទី ២ ១៨:១៤ ) និង​ពន្លឺ ( សូមមើល នីហ្វៃទី ២ ១៩:២ ) ។ តើ​មាន​និមិត្តរូប​អ្វីខ្លះ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បងប្អូន​រកឃើញ​មាន​នៅ​ក្នុង​ជំពូក​ទាំងនេះ ? តើ​និមិត្តរូប​ទាំងនេះ​បង្រៀន​បងប្អូន​អ្វី​ខ្លះ អំពី​ទ្រង់ ?

នីហ្វៃ​ទី ២ ១២:១២–១៣

ពួក​ឆ្មើងឆ្មៃ និង​ពួក​លោកិយ នឹង​ត្រូវ​បន្ទាប​ចុះ ។

នីហ្វៃ​បាន​មើលឃើញ​ជា​មុន​ថា ភាព​ឆ្មើងឆ្មៃ​នឹង​បណ្ដាល​ឲ្យ​ប្រជាជន​របស់​គាត់​ធ្លាក់ចុះ ( សូមមើល នីហ្វៃទី ២ ១២:១៩) ។ ដូច្នេះ​វា​ពុំ​គួរ​ភ្ញាក់​ផ្អើល​ទេ ដែល​នីហ្វៃ​នឹង​ចែកចាយ​ជាមួយ​នឹង​ប្រជាជន​របស់​គាត់​នូវ​ការ​ព្រមាន​ដដែលៗ​របស់​លោកអេសាយ​ទាស់​នឹង​ភាព​ឆ្មើងឆ្មៃ​នោះ ។ នៅក្នុង ជំពូកទី ១២ និង ១៣ សូម​ស្វែងរក​ពាក្យ​សម្ដី​ដែល​អេសាយ​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​ភាព​ឆ្មើងឆ្មៃ ដូចជា តណ្ណា និង ឬកខ្ពស់ ។ បន្ទាប់​មក​បងប្អូន​អាច​នឹង​ព្យាយាម​សរសេរ​ការ​ព្រមាន​ទាំងនេះ​ជា​ពាក្យ​បងប្អូន​ផ្ទាល់ ហាក់ដូចជា​បងប្អូន​កំពុង​សរសេរ​សារលិខិត​មួយ​ទៅ​ខ្លួន​ឯង​ដើម្បី​ព្រមាន​អំពី​ភាព​ឆ្មើងឆ្មៃ ។

សូមមើល​ផងដែរ « Chapter 18: Beware of Pride » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ], ២២៩–២៤០ ) ។

នីហ្វៃទី ២ ១២:២–៥; ២១:៩–១២; ២២; ២៤:១–៣

នៅក្នុង​សហសវត្សរ៍ រាស្ត្រ​របស់​ព្រះ​នឹង​រីករាយ​នូវ​ភាព​សុខសាន្ដ ។

បងប្អូន​អាច​រក​ឃើញ​ថា​វា​មាន​ប្រយោជន៍​ដើម្បី​ស្រមៃ​ថា​ខ្លួន​បងប្អូន​ជា​នីហ្វៃ និង​ប្រជាជន​របស់​គាត់ ។ ស្រមៃ​ថា​បងប្អូន​បាន​ភៀសខ្លួន​ពី​ទីក្រុង​យេរូសាឡិម ពី​មុន​ទីក្រុង​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ចោល ( សូមមើល នីហ្វៃទី ២ ២៥:១០ ) ហើយ​ឥឡូវ​បងប្អូនគឺ​ជា​ផ្នែក​មួយ​នៃ​វង្សអ៊ីស្រាអែល​ដែល​ខ្ចាត់ខ្ចាយ ។ តើ​ការ​អាន​ការ​បង្រៀន​របស់​លោក​អេសាយ​អំពី​ការ​ប្រមូល​ផ្ដុំ​វង្សអ៊ីស្រាអែល​នាពេល​អនាគត និង​សហសវត្សរ៍​ដ៏​សុខសាន្ដ​នោះ អាច​នឹង​មាន​អារម្មណ៍​បែប​ណា ? ក្នុង​នាមជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យើង​ត្រូវ​បាន​ហៅ​ឲ្យ​ជួយ​ប្រមូល​ផ្ដុំ​រាស្ត្រ​របស់ព្រះ​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ ជា​ការ​រៀបចំ​ខ្លួន​សម្រាប់​ការ​គ្រងរាជ្យ​សហសវត្សរ៍​របស់​ព្រះគ្រីស្ទ ។ នៅពេល​បងប្អូន​អាន​ខគម្ពីរ​ទាំងនេះ សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​កំពុង​ជួយ​បំពេញ​តាម​ការ​ព្យាករណ៍​ទាំងឡាយ​ដែល​ពួកគាត់​បាន​ពិពណ៌នា ។ តើ​បងប្អូន​ទទួល​អារម្មណ៍​បំផុសគំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​ប្រមូល​រាស្ត្រ​របស់ព្រះ ?

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយបងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ ទាំងនេះ​គឺជា​គំនិតយោបល់​មួយ​ចំនួន ។

នីហ្វៃទី ​៣ ១២:១–៣

បើ​បងប្អូន​បាន​ទៅ​ព្រះវិហារបរិសុទ្ធ—« ភ្នំ​ជា​ទី​សាង​នៃ​ព្រះវិហារ​នៃ​ព្រះអម្ចាស់ »—បងប្អូន​អាច​ចែកចាយ​ជាមួយ​នឹង​គ្រួសារ​បងប្អូន​អំពី​របៀប​ដែល​សេចក្ដីសញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ​កំពុង​ជួយ​បងប្អូន​ឲ្យ « ដើរ​តាម​ផ្លូវ​ទាំងឡាយ [ របស់​ព្រះអម្ចាស់ ] » ។ បើ​បងប្អូន​ពុំ​ធ្លាប់​ទៅ​ព្រះវិហារ​បរិសុទ្ធ​ទេ ការ​អាន​ខគម្ពីរ​ទាំងនេះ​ជាមួយ​គ្នា​អាច​បំផុស​ឲ្យ​មាន​ការ​ពិភាក្សា​អំពី​របៀប​ដែល​បងប្អូន​អាច​រៀបចំ​ខ្លួន​សម្រាប់​ពរជ័យ​នៃ​ព្រះវិហារបរិសុទ្ធ ។

នីហ្វៃ​ទី ២ ១៥:១៨–២៣

តើ​គ្រួសារ​របស់​បងប្អូន​អាច​គិត​អំពី​ឧទាហរណ៍​នៅ​សម័យ​ទំនើប​អំពី​គំនិត​មិន​សុចរិត​ដែល​ខគម្ពីរ​ទាំង​នេះ​បាន​ពិពណ៌នា​ដែរឬទេ ? តើ​យើង​អាច​ចៀសវាង​ពី​ការ​បោកបញ្ឆោត​ដោយ​គំនិត​ខុសឆ្គង​អំពី​សេចក្ដីល្អ និង​សេចក្ដីអាក្រក់​បាន​យ៉ាង​ដូចម្ដេច ?

នីហ្វៃទី ២ ២១

បើ​គ្រួសារ​របស់​បងប្អូន​ត្រូវការ​ជំនួយ​ដើម្បី​យល់​អំពី​ជំពូក​នេះ ( ដែល​ឆ្លើយឆ្លង​ទៅនឹង អេសាយ ១១ ), បងប្អូន​អាច​ស្វែងរក​គំនិត​យោបល់​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១៣:១–៦ ដែល​ព្យាការី​យ៉ូសែប ស្ម៊ីធ ឆ្លើយ​តប​សំណួរ​ខ្លះៗ​អំពី អេសាយ ១១ ។ តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ចេញ​មកពី​ខគម្ពីរ​ទាំងនេះ ?

នីហ្វៃទី ២ ២១:៩

តើ​រឿង​ជាក់លាក់​មួយចំនួន​ណា​ខ្លះ​ដែល​យើង​អាច​ធ្វើ​ដើម្បី​ជួយ​បំពេញ​ផែនដី​ដោយ « ចំណេះដឹង​អំពី​ព្រះអម្ចាស់ » ?

នីហ្វៃទី ៣ ២៥:២៣–២៦

តើ​បងប្អូន​អាច​ជួយ​សមាជិក​គ្រួសារ​បងប្អូន « អររីករាយ​ក្នុង​ព្រះគ្រីស្ទ » យ៉ាង​ដូចម្ដេច ? ប្រហែល​ជា​បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​នៅ​លើ​សន្លឹក​ក្រដាស​អំពី​រឿង​ទាំងឡាយ​អំពី​ព្រះអង្គសង្គ្រោះ​ដែល​នាំ​ឲ្យ​ពួកគេ​មាន​អំណរ ។ បន្ទាប់មក នៅ​ក្នុង​រាត្រីជួបជុំ​ក្រុមគ្រួសារ​ឬ​នៅក្នុង​ការ​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ​លើក​ក្រោយ សូម​ឲ្យ​នរណា​ម្នាក់​អាន​ក្រដាស​នោះ ។ សមាជិក​គ្រួសារ​អាច​បន្ថែម​ក្រដាស​នៅ​ពេញ​មួយ​ឆ្នាំ​បាន ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

សូម​រក​មើល​លំនាំ ។ នៅ​ក្នុង​បទគម្ពីរ យើង​អាច​ស្វែងរក​លំនាំ​ដែល​បង្ហាញ​យើង​អំពី​របៀប​ដែល​ព្រះអម្ចាស់​ធ្វើ​កិច្ចការ​ទ្រង់ ។ ឧទាហរណ៍ នៅក្នុង នីហ្វៃទី ២ ១១–២៥បងប្អូន​អាច​ស្វែងរក​លំនាំ​ដែល​បង្ហាញ​អំពី​របៀប​ដែល​ព្រះអម្ចាស់​ព្រមាន និង​អភ័យទោស ។

ព្រះវិហារបរិសុទ្ធ ប៉ាណាម៉ា​ទីក្រុង ប៉ាណាម៉ា

ព្រះវិហារបរិសុទ្ធ ផាណាម៉ា ទីក្រុងផាណាម៉ា ។ « ព្រះវិហារ​នៃ​ព្រះអម្ចាស់​នឹង​បាន​តាំង​ឡើង​ខ្ពស់​លើស​អស់​ទាំង​ភ្នំធំៗ ហើយ​អស់​ទាំង​សាសន៍​នឹង​ចូល​ហូរ​ហែ​ទៅ​ក្នុង​ទីនោះ » ( នីហ្វៃទី ២ ១២:២ ) ។