ព្រះគម្ពីរ
នីហ្វៃ ទី ២ 22


ជំពូក​ទី ២២

នៅ​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ មនុស្ស​គ្រប់រូប​នឹង​សរសើរ​តម្កើង​ព្រះ​អម្ចាស់ — ទ្រង់​នឹង​គង់នៅ​ក្នុង​ចំណោម​ពួក​គេ — ចូរ​ប្រៀបធៀបនឹង​គម្ពីរ​អេសាយ ១២។ ប្រមាណ​ជា​ឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។

ហើយ​នៅ​ថ្ងៃ​នោះ អ្នក​នឹង​និយាយ​ថា ៖ ឱ​ព្រះ​អម្ចាស់​អើយ ទូលបង្គំ​នឹង​សរ​សើរ​តម្កើង​ដល់​ទ្រង់ ត្បិត​ទោះ​បើ​ទ្រង់​បាន​ខ្ញាល់​នឹង​ទូលបង្គំ​ក៏​ដោយ តែ​ឥឡូវ​នេះ​សេចក្ដី​ខ្ញាល់​នោះ​បាន​បែរ​ចេញ​ទៅ ហើយ​ទ្រង់​បាន​កម្សាន្ដ​ចិត្ត​ទូលបង្គំ​វិញ។

មើល​ចុះ ព្រះ​ទ្រង់​ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ ខ្ញុំ​នឹង​ទុកចិត្ត​ឥត​មាន​សេចក្ដី​ខ្លាច​ឡើយ ព្រោះ​ព្រះ​អម្ចាស់ ដែល​ជា​ព្រះ​យេហូវ៉ា ទ្រង់​ជា​កម្លាំង ហើយ​ជា​បទ​ចម្រៀង​របស់​ខ្ញុំ ហើយ​ទ្រង់​ជា​សេចក្ដី​សង្គ្រោះ​ខ្ញុំ​ដែរ។

ដោយ​ហេតុ​នោះ អ្នក​រាល់​គ្នា​នឹង​ដង​ទឹក​ពី​អណ្ដូង​នៃ​សេចក្ដី​សង្គ្រោះ​ដោយ​អំណរ។

ហើយ​នៅ​ថ្ងៃ​នោះ​អ្នក​រាល់គ្នា​នឹង​ពោល​ថា ៖ ចូរ​សរ​សើរតម្កើង​ដល់​ព្រះ​អម្ចាស់ ចូរ​អំពាវនាវ​ដល់​ព្រះ​នាម​ទ្រង់ ចូរ​សរសើរ​ពី​កិច្ចការ​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ចុះ ក្នុង​ចំណោម​ប្រជាជន​ទាំង​ឡាយ ចូរ​ប្រកាស​ប្រាប់​ថា ព្រះ​នាម​ទ្រង់​ខ្ពស់​វិសេស។

ចូរ​ច្រៀង​ថ្វាយ​ព្រះ​អម្ចាស់ ព្រោះ​ទ្រង់​បាន​ធ្វើការ​ដ៏​ប្រសើរ ត្រូវ​ឲ្យ​មនុស្ស​ដឹង​ដំណឹង​នេះ​នៅ​ពេញ​លើ​ផែនដី​ផង។

ឱ​ពួក​អ្នក​នៅ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ហើយ​ស្រែក​ហ៊ោ​ដោយ​អំណរ​ចុះ ត្បិត​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ធំ​ប្រសើរ​នៅ​កណ្ដាល​អ្នក​រាល់​គ្នា៕