ជំពូកទី ១៩
អេសាយនិយាយប្រៀបដូចជាព្រះមែស៊ី — ប្រជាជនដែលនៅក្នុងសេចក្ដីងងឹតនឹងឃើញពន្លឺដ៏ធំ — មានបុត្រមួយកើតដល់យើង — បុត្រនោះនឹងបានជាម្ចាស់នៃមេត្រីភាព ហើយសោយរាជ្យលើបល្ល័ង្ករបស់ដាវីឌ — ចូរប្រៀបធៀបនឹងគម្ពីរអេសាយ ៩។ ប្រមាណជាឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។
១យ៉ាងណាក៏ដោយ គង់តែសេចក្ដីឈ្លប់សូន្យសុងនឹងមិននៅលើស្រុក ដូចនៅគ្រាដែលមានសេចក្ដីវេទនាចិត្តនោះទេ កាលពីដើម ទ្រង់បានធ្វើទុក្ខបន្តិចបន្តួចដល់ស្រុកសាប់យូល៉ូន និងស្រុកណែបថាលី ហើយនៅជាន់ក្រោយ ទ្រង់បានធ្វើទុក្ខកាន់តែធ្ងន់ធ្ងរឡើង តាមផ្លូវទៅឯសមុទ្រក្រហម ត្រើយខាងនាយទន្លេយ័រដាន់ ជាដែនខេត្តកាលីឡេរបស់ពួកសាសន៍ដទៃ។
២ឯបណ្ដាជនដែលដើរក្នុងសេចក្ដីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្ដីស្លាប់ នោះមានពន្លឺភ្លឺមកលើគេ។
៣ទ្រង់បានប្រោសឲ្យសាសន៍ចម្រើនឡើង ហើយបានធ្វើឲ្យគេមានសេចក្ដីអំណរជាច្រើនឡើងដែរ — គេមានសេចក្ដីអំណរនៅចំពោះទ្រង់ ដូចជាសេចក្ដីអំណរនៅរដូវចម្រូត ហើយដូចជាសេចក្ដីអំណរអរនៃមនុស្សដែលកំពុងតែចែករបឹបគ្នា។
៤ត្បិតទ្រង់បានបំបាក់នឹមដែលសង្កត់លើគេ និងដងរែកនៅស្មាគេ ហើយដំបងរបស់ពួកអ្នកដែលសង្កត់សង្កិនគេផង។
៥ព្រោះគ្រប់ទាំងចម្បាំងរបស់ពួកទាហាន គឺក្នុងចម្បាំងយ៉ាងអ៊ឹកធឹក ហើយសំលៀកបំពាក់ប្រឡាក់ជោកដោយឈាម ប៉ុន្តែនេះនឹងបានសម្រាប់ដុត ហើយជាចំណីដល់ភ្លើង។
៦ត្បិតមានបុត្រមួយកើតដល់យើង ព្រះទ្រង់ប្រទានបុត្រាមួយមកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ប្រសើរអស្ចារ្យ ព្រះដ៏ជួយគំនិត ព្រះដ៏មានព្រះចេស្ដា ព្រះវរបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព។
៧ឯសេចក្ដីចម្រើននៃរដ្ឋាភិបាលទ្រង់ និងសេចក្ដីសុខសាន្តរបស់ទ្រង់ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ និងនគរនៃទ្រង់ឡើយ ដើម្បីនឹងតាំងឡើង ហើយទប់ទល់ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ចាប់តាំងពីឥឡូវនេះជារៀងដរាបតទៅ។ សេចក្ដីឧស្សាហ៍របស់ព្រះអម្ចាស់នៃពួកពលបរិវារនឹងសម្រេចការណ៍នេះ។
៨ព្រះអម្ចាស់ទ្រង់បានផ្ញើព្រះបន្ទូលមកក្នុងពួកយ៉ាកុប ហើយព្រះបន្ទូលនោះបានធ្លាក់មកត្រូវជនជាតិអ៊ីស្រាអែល។
៩នោះបណ្ដាជនទាំងអស់គ្នានឹងដឹងដែរ ព្រមទាំងពួកអេប្រាអិម និងពួកអ្នកនៅស្រុកសាម៉ារីផង ជាពួកអ្នកដែលនិយាយដោយសេចក្ដីឆ្មើងឆ្មៃ និងចិត្តធំរបស់គេថា ៖
១០ជញ្ជាំងឥដ្ឋបានរលំហើយ តែយើងនឹងសង់ឡើងដោយថ្មដាប់វិញ ដើមឧទុម្ពរបានត្រូវកាប់រលំអស់ទៅហើយ តែយើងនឹងយកដើមតាត្រៅមកជំនួសវិញ។
១១ដូច្នេះ ព្រះអម្ចាស់ទ្រង់នឹងតាំងពួកខ្មាំងសត្រូវរបស់រេស៊ីនឲ្យទាស់នឹងគេ ហើយនឹងញុះញង់ពួកសត្រូវរបស់គេឲ្យរួបរួមគ្នាដែរ
១២គឺពួកសាសន៍ស៊ីរីនៅខាងមុខ ហើយពួកសាសន៍ភីលីស្ទីននៅខាងក្រោយ ហើយពួកទាំងនោះនឹងហាមាត់ត្របាក់លេបសាសន៍អ៊ីស្រាអែលទៅ។ ប៉ុន្តែទោះបើធ្វើទោសជាច្រើនដល់ម្ល៉េះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តទ្រង់នៅតែលូកមកទៀត។
១៣រីឯបណ្ដាជនទាំងឡាយ គេមិនបានវិលមកឯព្រះដែលទ្រង់បានវាយផ្ចាលគេ ក៏មិនស្វែងរកព្រះអម្ចាស់ នៃពួកពលបរិវារឡើយ។
១៤ហេតុនោះ បានជាព្រះអម្ចាស់ទ្រង់នឹងកាត់ទាំងក្បាល និងកន្ទុយ ទាំងមែក ហើយនិងធាងរបស់សាសន៍អ៊ីស្រាអែលចេញក្នុងថ្ងៃតែមួយ។
១៥ឯក្បាល គឺជាពួកអ្នកចាស់ទុំ ហើយកន្ទុយ គឺជាព្យាការីដែលបង្រៀនសេចក្ដីកុហក។
១៦ត្បិតពួកអ្នកដែលដឹកនាំសាសន៍នេះ គេនាំឲ្យវង្វេងទេ ហើយពួកអ្នកដែលគេនាំមុខ នោះក៏ត្រូវបំផ្លាញដែរ។
១៧ដូច្នេះ ព្រះអម្ចាស់ទ្រង់នឹងមិនមានសេចក្ដីអំណរចំពោះពួកកំលោះគេឡើយ ក៏មិនមានសេចក្ដីមេត្តាករុណាចំពោះពួកកំព្រា និងពួកស្រីមេម៉ាយរបស់គេដែរ ព្រោះគ្រប់គ្នាជាអ្នកលាក់ពុត ហើយជាអ្នកប្រព្រឹត្តអំពើអាក្រក់ គ្រប់ទាំងមាត់ក៏បញ្ចេញសុទ្ធតែ សេចក្ដីចម្កួត។ ប៉ុន្តែទោះបើធ្វើទោសជាច្រើនដល់ម្ល៉េះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់ មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តទ្រង់នៅតែលូកមកទៀត។
១៨ត្បិតអំពើអាក្រក់ឆេះដូចជាភ្លើង ក៏ឆេះបន្សុសទាំងអញ្ចាញ និងគុម្ពបន្លាអស់រលីងទៅ ហើយភ្លើងនោះក៏កាត់ឡើងក្នុងទីស្តុកនៅព្រៃ ហើយឆេះរាលឡើងហុយផ្សែងទ្រលោម។
១៩ដោយសេចក្ដីក្រោធរបស់ព្រះអម្ចាស់នៃពួកពលបរិវារ នោះស្រុកត្រូវឆេះសូន្យទៅ ហើយបណ្ដាជនក៏ដូចជាចំណីភ្លើង គ្មានអ្នកណាប្រណីដល់បងប្អូនខ្លួនឡើយ។
២០ហើយម្នាក់នឹងកញ្ឆក់យកពីខាងស្ដាំ នឹងស៊ីនៅតែឃ្លានទៀត ហើយម្នាក់ខាងឆ្វេង នឹងស៊ីទៅឥតបានឆ្អែតឡើយ គេនឹងស៊ីសាច់ដើមដៃខ្លួនគ្រប់ៗគ្នា —
២១គឺម៉ាន៉ាសេនឹងស៊ីសាច់អេប្រាអិម ហើយអេប្រាអិមនឹងស៊ីសាច់ម៉ាន៉ាសេ ហើយទាំងពីរពួកនោះនឹងទាស់ទទឹងនឹងពួកយូដា។ ប៉ុន្តែទោះបើធ្វើទោសជាច្រើនដល់ម្ល៉េះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តទ្រង់នៅតែលូកមកទៀត៕