ព្រះគម្ពីរ
នីហ្វៃ ទី ២ 8


ជំពូក​ទី ៨

នៅ​គ្រា​ក្រោយ​បង្អស់ នោះ​ព្រះ​អម្ចាស់​ទ្រង់​កម្សាន្ដ​ចិត្ត​ក្រុង​ស៊ីយ៉ូន ហើយ​ប្រមូល​សាសន៍​អ៊ីស្រាអែល — ពួក​អ្នក​ដែល​បាន​ប្រោស​លោះ​នឹង​មក​ក្រុង​ស៊ីយ៉ូន​ដោយ​សេចក្ដី​អំណរ​ដ៏​ធំ — ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​អេសាយ ៥១ និង ៥២:១–២។ ប្រមាណ​ជា​ឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។

ឱ​អ្នក​រាល់​គ្នា​ដែល​ខំ​ដេញ​តាម​សេចក្ដី​សុចរិត​អើយ ចូរ​ប្រុង​ស្ដាប់​តាម​យើង​ចុះ។ ចូរ​មើល​ចំ​ទៅ​ឯ​ថ្មដា ជាទី​ដែល​បាន​ដាប់​អ្នក​រាល់​គ្នា​ចេញ​មក ហើយ​ទៅ​ឯ​អន្លង់ គឺជា​រណ្ដៅ​ដែល​ជា​កន្លែង​បាន​ជីក​យក​អ្នក​ឡើង​មក​នោះ។

ចូរ​មើល​ទៅ​ឯ​អ័ប្រាហាំ ជា​អយ្យកោ​អ្នក ហើយ​ទៅ​ឯ​សា​រ៉ា​ដែល​បង្កើត​អ្នក​មក ត្បិត​យើង​បាន​ហៅ​លោក​មក​តែ​ម្នាក់​ឯង ហើយ​បាន​ឲ្យ​ពរ​លោក។

ព្រោះ​ព្រះ​អម្ចាស់​ទ្រង់​នឹង​កម្សាន្ដ​ចិត្ត​ក្រុង​ស៊ីយ៉ូន ទ្រង់​នឹង​ដោះ​ទុក្ខ​អស់​ទាំង​កន្លែង​ខូច​បង់​របស់​គេ ហើយ​ទ្រង់​ក៏​នឹង​ធ្វើ​ឲ្យ​ទី​ស្ងាត់​ឈឹង​បាន​ដូច​ជា​ច្បារ​អេដែន ហើយ​ឲ្យ​វាល​ខ្សាច់​នោះ ត្រឡប់​ដូច​ជា​សួន​របស់​ព្រះ​អម្ចាស់​ដែរ។ នឹង​មាន​សេចក្ដី​អំណរ និង​សេចក្ដី​រីករាយ​នៅ​ក្នុង​ទី​ក្រុង​នោះ ព្រម​ទាំង​ការ​អរ​ព្រះ​គុណ និង​សំឡេង​ពី​រំ​ពីរោះ​ផង។

ឱ​រាស្ត្រ​យើង​អើយ ចូរ​ប្រុង​ស្ដាប់​តាម​យើង ឱ​សាសន៍​របស់​យើង​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​យើង​ចុះ ត្បិត​នឹង​មាន​ច្បាប់​មួយ​ចេញ​ពី​យើង​ទៅ ហើយ​យើង​នឹង​តាំង​សេចក្ដី​យុត្តិធម៌​របស់​យើង​ទុកជា​ពន្លឺ​ដល់​អស់​ទាំង​សាសន៍។

ឯ​សេចក្ដី​សុចរិត​របស់​យើង​បាន​មក​ជិតបង្កើយ សេចក្ដី​សង្គ្រោះ​របស់​យើង បាន​ផ្សាយ​ចេញ​ទៅ ហើយ​ដើមដៃ​យើង​នឹង​ជំនុំ​ជំរះ​អស់​ទាំង​សាសន៍។ ឯ​បណ្ដា​កោះ​ទាំង​ប៉ុន្មាន គេ​នឹង​សង្ឃឹម​ដល់​យើង ហើយ​ដើមដៃ​របស់​យើង គេ​នឹង​ទុកចិត្ត​លើ។

ចូរ​ងើប​ភ្នែក​មើល​ទៅ​លើ​មេឃ ហើយ​មើល​ចុះ​មក​ផែនដី​ខាង​ក្រោម​នេះ​ទៀត ត្បិត​ផ្ទៃ​មេឃ​នឹង​សូន្យ​បាត់​ទៅ​ដូច​ជា​ផ្សែង ហើយ​ផែនដី​នឹង​ចាស់​ទៅ​ដូច​ជា​សំលៀកបំពាក់ ឯ​ពួក​អ្នក​ដែល​នៅ​ស្ថាន​នេះ​នឹង​ស្លាប់​ទៅ​បែប​ដូច្នោះ​ដែរ។ តែ​សេចក្ដី​សង្គ្រោះ​របស់​យើង​នឹង​នៅ​ជា​ដរាប ហើយ​សេចក្ដី​សុចរិត​របស់​យើង​នឹង​មិន​ត្រូវ​លើក​ចោល​ឡើយ។

អ្នក​រាល់​គ្នា​ដែល​ស្គាល់​សេចក្ដី​សុចរិត ជា​ជនជាតិ​ដែល​មាន​ច្បាប់ ដែល​យើង​បាន​សរសេរ​នៅ​ក្នុង​ចិត្ត​អើយ ចូរ​ប្រុង​ស្ដាប់​តាម​យើង​ចុះ កុំ​ឲ្យ​ខ្លាច​សេចក្ដី​ត្មះតិះដៀល​របស់​មនុស្ស​ឡើយ ក៏​កុំ​ឲ្យ​ស្រយុតចិត្ត​ដោយ​ពាក្យ​បង្កាច់​របស់​គេ​ដែរ។

ត្បិត​កន្លាត​នឹង​កាត់​ស៊ី​គេ ដូច​ជា​កាត់​សំលៀកបំពាក់ ហើយ​ដង្កូវ​នឹង​ចោះ​គេ ដូច​ជា​សំពត់​រោមចៀម។ តែ​សេចក្ដី​សុចរិត​របស់​យើង​នឹង​ស្ថិតស្ថេរ​នៅ​ជា​ដរាប ហើយ​សេចក្ដី​សង្គ្រោះ​របស់​យើង​ផង ដរាប​ដល់​អស់​ទាំង​តំណ​មនុស្ស​ត​ទៅ។

ឱ​ព្រះ​ពាហុ​នៃ​ព្រះ​អម្ចាស់​អើយ សូម​តើន​ឡើង សូម​តើន​ឡើង! ហើយ​ពាក់​ជា​ឥទ្ធិ​ឫទ្ធិ សូម​តើន​ឡើង ដូច​ជា​កាលពី​ចាស់​បុរាណ។ តើ​មិនមែន​ទ្រង់​ដែល​កាត់​រ៉ា​ហាប​ខ្ទេច​ខ្ទី ដែល​ចាក់​ទម្លុះ​នាគ​នោះ​ទេ​ឬ​អី?

១០តើ​មិនមែន​ទ្រង់​ទេ​ឬ​អី ដែល​ពង្រីង​ទឹកសមុទ្រ គឺជា​ទឹក​នៃ​ទី​ជម្រៅ​ដ៏​ធំ ហើយ​បាន​ធ្វើ​ឲ្យ​បាតសមុទ្រ​ត្រឡប់​ជា​ផ្លូវ សម្រាប់​ឲ្យ​ពួក​មនុស្ស​ដែល​ទ្រង់​ប្រោស​លោះ​បាន​ដើរ​ឆ្លង​ទៅ?

១១ដូច្នេះ​ហើយ ពួក​អ្នក​ប្រោស​លោះ​របស់​ព្រះ​អម្ចាស់ គេ​នឹង​វិល​មក​វិញ ហើយ​មក​ដល់​ក្រុង​ស៊ីយ៉ូន ដោយ​ច្រៀង​ចម្រៀង គេ​នឹង​មាន​សេចក្ដី​អំណរ​ដ៏​អស់​កល្ប​ជានិច្ច និង​បរិ​សុទ្ធ​ភាព​ពាក់​លើ​ក្បាល​របស់​គេ ហើយ​គេ​នឹង​ទទួល​សេចក្ដី​រីករាយ និង​សេចក្ដី​អំណរ ឯ​សេចក្ដី​សោកសៅ និង​សេចក្ដី​ទួញ​សោក នោះ​នឹង​ខ្ចាត់​បាត់​ទៅ។

១២យើង​ជា​អ្នក​នោះ​ហើយ មែន​ហើយ យើង​ជា​អ្នក​ដែល​កម្សាន្ដ​ចិត្ត​អ្នក​រាល់​គ្នា។ មើល​ចុះ តើ​អ្នក​ជា​អ្វី បាន​ជា​អ្នក​ខ្លាច​ចំពោះ​មនុស្ស​ដែល​ត្រូវ​តែ​ស្លាប់ ហើយ​ចំពោះ​ពួក​អ្នក​ដែល​កើត​ពី​មនុស្ស​មក​ដូច្នេះ ដែល​គេ​នឹង​ត្រូវ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ​នោះ?

១៣ហើយ​តើ​អ្នក​បាន​ទាំង​ភ្លេច​ព្រះ​អម្ចាស់ ជា​ព្រះ​ដែល​បាន​បង្កើត​អ្នក​មក ដែល​ទ្រង់​បាន​លាត​ផ្ទៃ​មេឃ ក៏​ដាក់​ឫស​ផែនដី​ផង ហើយ​រាល់​តែ​ថ្ងៃ​អ្នក​មាន​សេចក្ដី​ភ័យ​មិន​ល្ហែ ដោយ​ខ្លាច​ចំពោះ​សេចក្ដី​ក្រោធ​របស់​អ្នក​ដែល​សង្កត់សង្កិន ហាក់​ដូច​ជា​គេ​រៀប​នឹង​បំផ្លាញ​អ្នក​បង់​ឬ? តែ​សេចក្ដី​ក្រោធ​របស់​គេ​នោះ​នៅ​ឯណា?

១៤បន្តិច​ទៀត ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ នឹង​បាន​រួច​ចេញ​ពី​ចំណង​គេ​ជា​ប្រាកដ គេ​នឹង​មិន​ត្រូវ​ស្លាប់​ចុះ​ទៅ​ក្នុង​រណ្ដៅ​ឡើយ ក៏​មិន​ខ្វះ​ខាត​អាហារ​ដែរ។

១៥ត្បិត​យើង​ជា​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​អ្នក ដែល​បាន​ធ្វើ​ឲ្យ​រលក​លាន់​រំពង នាម​យើង​គឺជា​ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ។

១៦ហើយ​យើង​បាន​ដាក់​ពាក្យ​ពេចន៍​របស់​យើង​នៅ​ក្នុង​មាត់​អ្នក ហើយ​បាន​គ្រប​បាំង​អ្នក​ដោយ​ស្រមោល​នៃ​ដៃ​យើង ដើម្បី​យើង​បាន​រៀបចំ​ផ្ទៃ​មេឃ ហើយ​ដាក់​ឫស​ផែនដី រួច​និយាយ​ដល់​ពួក​ក្រុង​ស៊ីយ៉ូន​ថា ៖ មើល​ចុះ អ្នក​ជា​រាស្ត្រ​របស់​យើង។

១៧ឱ​ក្រុង​យេរូសាឡិម ដែល​បាន​ផឹក​ពី​ព្រះ​ហស្ត​នៃ​ព្រះ​អម្ចាស់ នូវ​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ចូរ​ក្រោក​ឈរ​ឡើង — អ្នក​បាន​ផឹក​ស្រូប​ទាំង​កាក​ក្នុង​ពែង​ជា​សេចក្ដី​ទ្រេតទ្រោត​អស់​រលីង​ហើយ —

១៨ក្នុង​ពួក​កូន​ប្រុសៗ ដែល​កើត​ចេញ​ពី​ទី​ក្រុង​នោះ​មក គ្មាន​ណាមួយ​សម្រាប់​ដឹក​នាំ​មុខ​គេ​ឡើយ ហើយ​ក្នុង​ពួក​កូន​ប្រុសៗ​ដែល​ទី​ក្រុង​នោះ​បាន​ចិញ្ចឹម ក៏​គ្មាន​ណាមួយ​ចាប់​ដៃ​ដឹក​ទៅ​ដែរ។

១៩កូន​ប្រុស​ទាំង​ពីរ​នេះ​បាន​ធ្លាក់​មក​លើ​អ្នក​ហើយ តើ​អ្នក​ឯណា​នឹង​សោកស្ដាយ​ដល់​អ្នក — គឺ​សេចក្ដី​រឹបជាន់ និង​សេចក្ដី​បំផ្លិច​បំផ្លាញ និង​សេចក្ដី​អំណត់ និង​ដាវ​ទាំង​ឡាយ​របស់​អ្នក — តើ​ដោយ​អ្នក​ណា​ដែល​យើង​កម្សាន្ដ​ចិត្ត​អ្នក?

២០ពួក​កូន​ប្រុស​បាន​សន្លប់​ទៅ​ហើយ លើក​លែង​តែ​ពីរ​នាក់​នេះ ពួក​គេ​ដេក​តាម​ក្បាល​ថ្នល់ ដូច​ជា​គោព្រៃ​ជាប់​ក្នុង​បង្កាត់ គេ​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ​អម្ចាស់ គឺជា​សេចក្ដី​បន្ទោស​របស់​ព្រះ​នៃ​អ្នក។

២១ដូច្នេះ​អ្នក​ដែល​ត្រូវ​រង​ទុក្ខ​វេទនា ហើយ​ក៏​ស្រវឹង តែ​មិនមែន​ដោយ​ស្រា​ទំពាំងបាយជូរ​ទេ ចូរ​ស្ដាប់​សេចក្ដី​នេះ​ឥឡូវ ៖

២២ព្រះ​អម្ចាស់ ហើយ​ជា​ព្រះ​នៃ​អ្នក ទ្រង់​កាត់​ក្ដី​ជំនួស​រាស្ត្រ​ទ្រង់ ព្រះ​អម្ចាស់​នៃ​អ្នក ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា មើល​ចុះ យើង​បាន​ដក​យក​ពែង​ដែល​នាំ​ឲ្យ​ទ្រេតទ្រោត គឺជា​កាក​នៅ​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​យើង​ចេញ​ពី​ដៃ​អ្នក​ហើយ អ្នក​នឹង​មិន​ត្រូវ​ផឹក​ទៀត​ឡើយ។

២៣តែ​យើង​នឹង​ដាក់​ពែង​នោះ​ទៅ​ក្នុង​ដៃ​របស់​ពួក​អ្នក​ដែល​ធ្វើទុក្ខ​អ្នក​វិញ ជា​ពួក​អ្នក​ដែល​បាន​និយាយ​ទៅ​ព្រលឹង​អ្នក​ថា ៖ ចូរ​ឱន​ចុះ​ដើម្បី​ឲ្យ​យើង​បាន​ដើរ​លើ — ហើយ​អ្នក​បាន​ដេក​ទៅ​ឲ្យ​ខ្នង​អ្នក​បាន​រាប​ដូច​ជា​ដី​សម្រាប់​ជា​ថ្នល់​ឲ្យ​គេ​ដើរ​លើ។

២៤ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ឱ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ពាក់​កម្លាំង​របស់​អ្នក ឱ​យេរូសាឡិម ជាទី​ក្រុង​បរិសុទ្ធ​អើយ ចូរ​ប្រដាប់​ដោយ​សំលៀកបំពាក់​ដ៏​រុងរឿង​របស់​អ្នក​ចុះ ត្បិត​ពី​នេះ​ទៅ​មុខ​នឹង​គ្មាន​ពួក​មិន​កាត់​ស្បែក ឬ​ពួក​ស្មោក​គ្រោក​ចូល​មក​ក្នុង​អ្នក​ទៀត​ឡើយ។

២៥ឱ​ក្រុង​យេរូសាឡិម​អើយ ចូរ​រលាស់​ធូលី​ដី​ពី​អ្នក​ចេញ ហើយ​ក្រោក​អង្គុយ​ឡើង ឱ​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន ដែល​ជា​ឈ្លើយ​អើយ ចូរ​ដោះ​ចំណង​ពី​ក​អ្នក​ចេញ ៕