ជំពូកទី ១៥
ចម្ការទំពាំងបាយជូរ (អ៊ីស្រាអែល) របស់ព្រះអម្ចាស់ នឹងត្រូវចោលទទេ ហើយរាស្ត្រទ្រង់នឹងត្រូវបែកខ្ញែក — វេទនានឹងកើតមានដល់គេ នៅគ្រាដែលគេក្បត់សាសនា និងគ្រាដែលបែកខ្ញែក — ព្រះអម្ចាស់ទ្រង់នឹងលើកទង់ជ័យ ហើយប្រមូលសាសន៍អ៊ីស្រាអែល — ចូរប្រៀបធៀបនឹងគម្ពីរអេសាយ ៥។ ប្រមាណជាឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។
១ហើយនៅពេលនោះ ខ្ញុំសូមច្រៀងបទថ្វាយស្ងួនសម្លាញ់របស់ខ្ញុំ គឺជាបទចម្រៀងច្រៀងពីស្ងួនសម្លាញ់ខ្ញុំខាងឯចម្ការទំពាំងបាយជូររបស់ទ្រង់ថា ស្ងួនសម្លាញ់ខ្ញុំ ទ្រង់មានចម្ការទំពាំងបាយជូរនៅលើភ្នំដែលមានជីជាតិ។
២ហើយទ្រង់ក៏ធ្វើរបងហ៊ុម ហើយរើសយកដុំថ្មចេញ រួចទ្រង់ដាំទំពាំងបាយជូរយ៉ាងល្អបំផុត ហើយសង់ប៉មមួយនៅចំកណ្ដាល ហើយធ្វើធុងឃ្នាបគាបផ្លែផង ក្រោយនោះទ្រង់ប្រាថ្នាចង់ឲ្យទំពាំងបាយជូរនោះកើតផល តែបានកើតផលក្លាយជាទំពាំងបាយជូរព្រៃវិញ។
៣ហើយឥឡូវនេះ ឱពួកក្រុងយេរូសាឡិម និងជនជាតិយូដាអើយ សូមវិនិច្ឆ័យរឿងយើង ដែលកើតក្ដីនឹងចម្ការទំពាំងបាយជូររបស់យើងនេះចុះ។
៤តើគួរឲ្យយើងធ្វើអ្វីទៀតដល់ចម្ការទំពាំងបាយជូររបស់យើង ដែលយើងលះបង់មិនបានធ្វើនោះ? ហេតុដូច្នោះហើយ កាលយើងប្រាថ្នាកើតមានផលល្អ ម្ដេចក៏ក្លាយទៅជាមានផ្លែទំពាំងបាយជូរព្រៃវិញ?
៥ហើយឥឡូវនេះ ទៅចុះ យើងនឹងប្រាប់ឲ្យអ្នករាល់គ្នាដឹងថា យើងនឹងធ្វើអ្វីដល់ចម្ការទំពាំងបាយជូររបស់យើងនោះ — គឺយើងនឹងរើរបងចេញ នោះសត្វនឹងចូលស៊ីបំផ្លាញ ហើយយើងនឹងរំលំកំផែងចេញ នោះចម្ការនឹងត្រូវជាន់ឈ្លីទៅ។
៦ហើយយើងនឹងបំផ្លាញអស់រលីង ហើយគ្មានអ្នកណាកាត់លួស ឬជ្រួយដីទៀតឡើយ ប៉ុន្តែនឹងកើតមានអញ្ចាញ ហើយបន្លាដុះឡើងវិញ យើងក៏នឹងបង្គាប់ដល់ពពក ហាមមិនឲ្យធ្លាក់ភ្លៀងមកលើចម្ការនោះតទៅ។
៧ត្បិតអីចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់នៃពួកពលបរិវារ នោះគឺជាវង្សអ៊ីស្រាអែល ហើយពួកយូដាជាដំណាំដែលគាប់ដល់ព្រះនេត្រទ្រង់ ហើយទ្រង់បានទតរកការជំនុំជំរះ ហើយមើលចុះ បានការសង្កត់សង្កិនវិញ រកសេចក្ដីសុចរិត ប៉ុន្តែមើលចុះ បានសម្រែកគ្រ លួចវិញ។
៨វេទនាដល់ពួកអ្នកដែលសង់ផ្ទះភ្ជាប់គ្នាឥតមានចន្លោះណាឡើយ បណ្ដាលឲ្យអ្នករាល់គ្នានៅតែឯងតាមញកស្រុកវិញ!
៩ព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដាក់ត្រចៀកខ្ញុំថា ពិតប្រាកដជាផ្ទះជាច្រើននោះនឹងត្រូវចោលទទេ ព្រមទាំងទីក្រុងធំៗ ហើយល្អៗផង ឥតមានអ្នកណានៅឡើយ។
១០មែនហើយ ចម្ការទំហំ១០រ៉ៃ នឹងបានទឹកទំពាំងបាយជូរតែ១ប៉ោត ហើយពូជពង្រោះ១០ថាំងនឹងច្រូតបានតែ១ថាំងទេ។
១១វេទនាដល់ពួកអ្នកដែលក្រោកឡើងពីព្រលឹម ដើម្បីតែនឹងរកគ្រឿងស្រវឹង ហើយអត់ងងុយដរាបដល់យប់ជ្រៅ ទាល់តែឆេះរោលរាល ដោយសារស្រាទំពាំងបាយជូរ!
១២ជាពួកអ្នកដែលមានស៊ុង ពិណ ក្រាប់ ខ្លុយ និងស្រាទំពាំងបាយជូរក្នុងការស៊ីលៀងរបស់គេ តែគេមិនយកចិត្តទុកដាក់ ចំពោះស្នាដៃរបស់ព្រះអម្ចាស់ទេ ក៏មិនពិចារណាពីការដែលព្រះហស្តទ្រង់ធ្វើដែរ។
១៣ហេតុនោះ បានជារាស្ត្ររបស់យើងត្រូវបានចាប់យកទៅក្នុងការជាប់ឃុំឃាំង គឺដោយព្រោះគេខ្វះខាតតម្រិះ ពួកអ្នករុងរឿងត្រូវអត់ឃ្លានរហិតរហៃទៅ ហើយពួកបណ្ដាជនណែនណាន់ ក៏ខះកដោយស្រេកទឹក។
១៤ដូច្នេះ ស្ថាននរកបានរីកធំឡើង ព្រមទាំងហាមាត់ធំហួសប្រមាណ ឯពួករុងរឿងឧត្ដម ពួកណែនណាន់តាន់តាប់ ពួកអ៊ឹកធឹក និងពួកអ្នកដែលរីករាយសប្បាយក្នុងពួកគេ ក៏ចុះទៅឯស្ថាននោះ។
១៥ហើយមនុស្សជាន់ទាបត្រូវឱនចុះ ហើយមនុស្សជាន់ខ្ពស់ក៏ត្រូវបន្ទាបដែរ ឯភ្នែករបស់អ្នកមានឫកខ្ពស់នឹងត្រូវចុះសំយុងជ្រប់។
១៦តែព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់បានតម្កើងឡើងដោយសេចក្ដីយុត្តិធម៌ គឺព្រះដ៏បរិសុទ្ធ ទ្រង់បានញែកជាបរិសុទ្ធក្នុងសេចក្ដីសុចរិតវិញ។
១៧នៅពេលនោះ កូនចៀមនឹងរកស៊ីនៅគ្រប់កន្លែង ដូចជានៅវាលស្មៅរបស់វា ឯមនុស្សដទៃ គេនឹងត្របាក់លេបទ្រព្យសម្បត្តិបាក់បែករបស់ពួកអ្នកស្តុកស្ដម្ភ។
១៨វេទនាដល់ពួកអ្នកដែលអូសទាញសេចក្ដីទុច្ចរិត ដោយខ្សែជាសេចក្ដីភូតភរ ហើយអំពើបាប ដោយខ្សែលាមរទេះ។
១៩ជាពួកអ្នកដែលថា ៖ ចូរឲ្យទ្រង់ប្រញាប់ឡើង ឲ្យទ្រង់បង្ហើយការឲ្យឆាប់ចុះ ដើម្បីឲ្យយើងបានឃើញនឹងភ្នែក ហើយចូរឲ្យគំនិតរបស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលចូលមកជិត ហើយមកដល់ចុះ ដើម្បីឲ្យយើងបានស្គាល់ផង។
២០វេទនាដល់ពួកអ្នកដែលរាប់សេចក្ដីអាក្រក់ថាជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់វិញ ជាពួកអ្នកដែលយកសេចក្ដីងងឹតថាជាពន្លឺ ហើយយកពន្លឺជាងងឹត ក៏យកសេចក្ដីល្វីងជូរចត់ថាជាផ្អែម ហើយយកផ្អែមថាជាល្វីងជូរចត់វិញ!
២១វេទនាដល់ពួកអ្នកដែលរាប់ខ្លួនថា ជាអ្នកមានប្រាជ្ញា ហើយស្មានថាខ្លួនគេមានគំនិតស្រួច។
២២វេទនាដល់ពួកអ្នកដែលប៉ិនប្រសប់នឹងផឹកស្រាទំពាំងបាយជូរ និងអ្នកដែលខ្លាំងពូកែក្នុងការលាយគ្រឿងស្រវឹង
២៣ជាពួកអ្នកដែលស៊ីសំណូក ដើម្បីរាប់មនុស្សអាក្រក់ថាជាសុចរិតវិញ ហើយដកសេចក្ដីសុចរិតរបស់មនុស្សសុចរិតចេញ!
២៤ហេតុនោះ ប្រៀបដូចជាអណ្ដាតភ្លើងឆេះបន្សុសជញ្ជ្រាំង ហើយស្មៅក្រៀមស្រុតចុះក្នុងភ្លើងយ៉ាងណា នោះឫសរបស់ពួកអ្នកទាំងនោះនឹងបានដូចជាអ្វីដែលពុករលួយ ហើយផ្ការបស់គេនឹងហុយឡើងដូចជាធូលីយ៉ាងនោះដែរ ពីព្រោះគេបានលះចោលក្រឹត្យវិន័យ នៃព្រះអម្ចាស់នៃពួកពលបរិវារ ព្រមទាំងមើលងាយចំពោះព្រះបន្ទូលរបស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលផង។
២៥ហេតុនោះ សេចក្ដីខ្ញាល់នៃព្រះអម្ចាស់ បានឆួលឡើងទាស់នឹងរាស្ត្រនៃទ្រង់ ហើយទ្រង់បានលូកព្រះហស្តទាស់នឹងគេ ហើយបានវាយគេ ឯភ្នំទាំងប៉ុន្មានក៏ញ័រ ហើយខ្មោចគេបានត្រឡប់ដូចជាសំរាមនៅកណ្ដាលផ្លូវទាំងឡាយ។ ត្បិតទោះជាយ៉ាងនោះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់ មិនទាន់បែរចេញទាំងអស់ទៅដែរ គឺព្រះហស្តទ្រង់ចេះតែលូកមកទៀត។
២៦ហើយទ្រង់នឹងលើកទង់ជ័យសម្រាប់ពួកសាសន៍ដែលនៅទីឆ្ងាយ ហើយនឹងហួចហៅឲ្យមកពីចុងផែនដី ហើយមើលចុះ ពួកខ្លាំងនឹងខំសង្វាតមកដោយប្រញាប់ ឥតមានអ្នកណាមួយអស់កម្លាំង ឬជំពប់ជើងឡើយ។
២៧ឥតមានអ្នកណាមួយងុយងោក ឬដេកលក់ដែរ ក៏ឥតមានអ្នកណាមួយបន្ធូរខ្សែក្រវាត់ ឬស្រាយខ្សែស្បែកជើងដែរ
២៨ជាពួកអ្នកដែលមានព្រួញមុតណាស់ ហើយធ្នូទាំងអស់ក៏ដំឡើងជាស្រេច ឯក្រចកសេះ នោះនឹងបានរាប់ជាថ្មដែកភ្លើង ហើយកង់រទេះរបស់គេក៏ដូចជាខ្យល់កួច សូរសន្ធឹករបស់ពួកនោះនឹងបានដូចជាសូរគ្រហឹមរបស់មេសិង្ហ។
២៩គេនឹងគ្រហឹមដូចជាកូនសិង្ហ មែនហើយ គេនឹងគ្រហឹម ហើយចាប់រំពាយកទៅ ហើយឥតមានអ្នកណាជួយឲ្យរួចបានឡើយ។
៣០ហើយនៅគ្រានោះ គេនឹងគ្រហឹមដាក់ពួកអ្នកទាំងនោះឲ្យឮ ដូចជាសូរគ្រាំគ្រេងនៃសមុទ្រ ហើយបើសិនជាអ្នកណាមើលទៅក្នុងស្រុក នោះនឹងឃើញមានតែងងឹត និងសេចក្ដីសោកសៅទេ ហើយពន្លឺដែលនៅលើមេឃនឹងងងឹតសូន្យទៅដែរ៕