ព្រះគម្ពីរ
នីហ្វៃ ទី ២ 24


ជំពូក​ទី ២៤

សាសន៍​អ៊ីស្រាអែល​នឹង​បាន​ប្រមូល​មក ហើយ​នឹង​សម្រាក​ក្នុង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ — លូស៊ីហ្វើរ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ស្ថានសួគ៌​មក​ពី​ការ​បះបោរ — សាសន៍​អ៊ីស្រាអែល​នឹង​មាន​ជ័យ​ជម្នះ​លើ​ក្រុង​បា​ប៊ី​ឡូ​ន (លោកិយ) — ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​អេសាយ ១៤។ ប្រមាណ​ជា​ឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។

ពី​ព្រោះ​ព្រះ​អម្ចាស់ ទ្រង់​នឹង​អាណិតអាសូរ​ដល់​ពួក​យ៉ាកុប ហើយ​នឹង​រើស​អ៊ីស្រាអែល​ទៀត ព្រម​ទាំង​ដាក់​គេ​ឲ្យ​នៅ​ក្នុង​ស្រុក​របស់​គេ​វិញ ឯ​ពួក​អ្នក​ដែល​ស្នាក់នៅ​នោះ នឹង​ចូលរួម​ពួក​គេ ហើយ​នៅ​ជាប់​នឹង​ពួក​វង្ស​របស់​យ៉ាកុប។

ហើយ​សាសន៍​ទាំង​ប៉ុន្មាន​នឹង​នាំ​យក​គេ​ទៅ​ឯ​ទីកន្លែង​របស់​គេ​វិញ មែន​ហើយ ពី​ទី​ឆ្ងាយ​ទៅ​ដល់​ចុង​ផែនដី ហើយ​ពួក​គេ​នឹង​ត្រឡប់​ទៅ​ដែនដី​សន្យា​របស់​គេ​វិញ។ ហើយ​ពួក​វង្ស​អ៊ីស្រាអែល​នឹង​ទទួល​ពួក​សាសន៍​ទាំង​នោះ ឯ​ដែនដី​របស់​ព្រះ​ទុក​សម្រាប់​ពួក​បាវ​ប្រុស និង​បាវ​ស្រី​នៅ​ក្នុង​ស្រុក​របស់​ព្រះ​អម្ចាស់ ហើយ​គេ​នឹង​ចាប់​អ្នក​ទាំង​នោះ​ជា​ឈ្លើយ ជា​អ្នក​ដែល​ពី​ដើម​បាន​ចាប់​ខ្លួន​គេ​ជា​ឈ្លើយ​នោះ​ឯង ហើយ​គេ​នឹង​គ្រប់គ្រង​លើ​ពួក​អ្នក ដែល​បាន​សង្កត់​សង្កិន​ខ្លួន​វិញ។

ហើយ​ហេតុការណ៍​នឹង​កើតឡើង​ថា នៅ​ថ្ងៃ​ដែល​ព្រះ​អម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​បាន​សម្រាក​ពី​សេចក្ដី​ទុក្ខ​សោក ពី​សេចក្ដី​ភិតភ័យ ហើយ​ពី​ការ​បម្រើ​យ៉ាង​រឹងរូស ដែល​គេ​បាន​ចាប់​អ្នក​ប្រើ។

ហើយ​ហេតុការណ៍​នឹង​កើតឡើង​ថា នៅ​ថ្ងៃ​នោះ អ្នក​នឹង​ពោល​ពាក្យ​ចំអក​នេះ​ដាក់​ស្ដេច​ក្រុង​បា​ប៊ី​ឡូ​ន​ថា ៖ យីអើ ពួក​សង្កត់សង្កិន​បាន​ឈប់​ទ្រឹង​យ៉ាង​ណា​ហ្ន៎!។

ព្រះ​អម្ចាស់​ទ្រង់​បាន​បំបាក់​ដំបង​របស់​មនុស្ស​អាក្រក់ និង​ដំបង​ពេជ្រ​នៃ​អ្នក​គ្រប់គ្រង​ហើយ។

ជា​អ្នក​ដែល​បាន​វាយ​ជនជាតិ​ទាំង​ឡាយ​មិន​ឈប់ឈរ​ដោយ​ចិត្ត​ក្រេវក្រោធ ហើយ​បាន​គ្រប់គ្រង​លើ​អស់​ទាំង​សាសន៍ ដោយ​សេចក្ដី​កំហឹង ហើយ​ញាំញី​ដោយ​ឥត​មាន​អ្នក​ណា​ឃាត់ឃាំង​ឡើយ។

ផែនដី​ទាំង​មូល​បាន​ស្រាកស្រាន្ត​អស់​ហើយ ក៏​ស្ងៀមស្ងប់​ដែរ គេ​បន្លឺ​សំឡេង​ច្រៀង​ចេញ​មក។

មែន​ហើយ ទាំង​ដើម​កកោះ​ក៏​អរ​រីករាយ​ចំពោះ​អ្នក និង​ដើម​តាត្រៅ​នៅ​ភ្នំ​ល្បា​ណូន​ផង ដោយ​ពាក្យ​ថា ៖ តាំង​ពី​អ្នក​ត្រូវ​រលំ​ចុះ នោះ​ឥត​មាន​អ្នក​ណា​ឡើង​មក​កាប់​រំលំ​យើង​ទៀត​ទេ។

ឯ​ស្ថាន​នរក​នៅ​ខាង​ក្រោម មាន​សេចក្ដី​រំជួល​ដោយ​ព្រោះ​អ្នក ដើម្បី​នឹង​ទទួល​អ្នក​ក្នុង​កាលដែល​អ្នក​ទៅ​ដល់ ក៏​ដាស់​ពួក​មនុស្ស​ស្លាប់​ឡើង ដោយ​ព្រោះ​អ្នក គឺ​ទាំង​ពួក​អ្នក​ធំ​នៅ​ផែនដី​ផង ក៏​បាន​ឲ្យ​អស់​ទាំង​ស្ដេច​នៃ​សាសន៍​ទាំង​ប៉ុន្មាន​ក្រោក​ពី​បល្ល័ង្ក​របស់​គេ។

១០គេ​នឹង​និយាយ​មក​អ្នក​គ្រប់​គ្នា​ថា ៖ នោះ​ន៏ អ្នក​ទៅ​ជា​ខ្សោយ​ដូច​យើង​ហើយ​ឬ? បាន​ត្រឡប់​ដូច​ជា​យើង​ដែរ​ឬ?

១១ឯ​សេចក្ដី​រុងរឿង​ឧត្ដម​របស់​អ្នក​បាន​ត្រូវ​នាំ​ចុះ​មក​ក្នុង​ផ្នូរ សូរ​ដេញ​ពិណ​របស់​អ្នក​ក៏​មិន​ឮ មាន​ដង្កូវ​ក្រាល​ក្រោម​អ្នក ហើយ​មាន​ដង្កូវ​គ្រប​ដណ្ដប់​អ្នក​ដែរ។

១២ឱ​លូស៊ីហ្វើរ ជា​បុត្រា​នៃ​ពេល​ព្រឹក​អើយ អ្នក​បាន​ធ្លាក់​ចុះ​ពីលើ​មេឃ​ហើយ! អ្នក​ដែល​បាន​ផ្ដេក​សាសន៍​ទាំង​ឡាយ​ឲ្យ​រាប អ្នក​បាន​ត្រូវ​កាប់​រំលំ​ដល់​ដី​ដែរ​ហ្ន៎! ។

១៣អ្នក​បាន​គិត​ក្នុង​ចិត្ត​ថា ៖ ខ្ញុំ​នឹង​ឡើង​ទៅ​ឯ​ស្ថានសួគ៌ ខ្ញុំ​នឹង​តម្កើង​បល្ល័ង្ក​ខ្ញុំ​ឲ្យ​ខ្ពស់​ជាង អស់​ទាំង​ផ្កាយ​របស់​ព្រះ ហើយ​ខ្ញុំ​នឹង​អង្គុយ​លើ​ភ្នំ​ជាទី​ប្រជុំ​ជំនុំ​នៅ​ទីបំផុត​នៃ​ទិស​ខាង​ជើង។

១៤ខ្ញុំ​នឹង​ឡើង​ទៅ​ផុត​ទី​ខ្ពស់​នៃ​ពពក ខ្ញុំ​នឹង​លើក​ខ្លួន​ឲ្យ​បាន​ដូច​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត។

១៥តែ​អ្នក​បាន​ត្រូវ​ទម្លាក់​ចុះ​ដល់​ស្ថាន​នរក​វិញ គឺ​ដល់​ទី​ជម្រៅ​នៃ​ជង្ហុក​ធំ។

១៦ពួក​អ្នក​ដែល​ឃើញ​អ្នក គេ​នឹង​សម្លឹង​មើល​ចំ​អ្នក ហើយ​នឹង​ពិចារណា​អ្នក​ដោយ​ពាក្យ​ថា ៖ តើ​មនុស្ស​នេះ​ឬ​អី ដែល​ធ្លាប់​ធ្វើ​ឲ្យ​ផែនដី​ញាប់​ញ័រ ហើយ​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​កក្រើករំពើក​នោះ?

១៧ហើយ​តើ​ជា​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​លោកិយ​រលីង​ដូច​ជាទី​រហោស្ថាន ព្រម​ទាំង​បំផ្លាញ​ទី​ក្រុង​ទាំង​ប៉ុន្មាន​ឥត​ដែល​លែង​ពួក​ឈ្លើយ​ឬ​អី?

១៨ឯ​សព​នៃ​អស់​ទាំង​ស្ដេច​របស់​សាសន៍​ទាំង​ប៉ុន្មាន មែន​ហើយ សុទ្ធ​តែ​ដេក​នៅ​ក្នុង​ទី​រុងរឿង​នា​ម៉ុង​របស់​គេ​រៀង​ខ្លួន។

១៩តែ​អ្នក​បាន​ត្រូវ​បណ្ដេញ​ចេញ​ឆ្ងាយ​ពី​ផ្នូរ​អ្នក​ទៅ ដូច​ជា​មែក​ដ៏​គួរ​ខ្ពើម​ឆ្អើម​វិញ ហើយ​ដូច​ជា​សព​នៃ​ពួក​អ្នក​ដែល​ត្រូវ​គេ​សម្លាប់ ត្រូវ​ចាក់​ទំ​លុះ​ដោយ​ដាវ ហើយ​បោះ​ចុះ​ទៅ​លើ​ថ្ម​ក្នុង​រណ្ដៅ ដូច​ជា​សាកសព​ដែល​គេ​ជាន់​ឈ្លី​ដោយ​ជើង។

២០អ្នក​នឹង​មិន​បាន​ចូល​ទៅ​ជាមួយ​នឹង​គេ​នៅ​ក្នុង​ផ្នូរ​ទេ ពី​ព្រោះ​អ្នក​បាន​បំផ្លាញ​ស្រុក​របស់​អ្នក ហើយ​បាន​សម្លាប់​ប្រជាជន​របស់​អ្នក​ផង ឯ​ពូជ​នៃ​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់ នឹង​ឥត​មាន​អ្នក​ណា​ចេញ​ឈ្មោះ​គេ​នៅ​អស់​កល្ប​ជានិច្ច។

២១ចូរ​ចាត់ចែង​ការ​កាប់សម្លាប់​ពួក​កូន ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ទាំង​ឡាយ​របស់​ឪពុក​វា ដើម្បី​កុំ​ឲ្យ​វា​តាំង​ខ្លួន​ឡើង​ធ្វើជា​ម្ចាស់​ផែនដី​ទៀត ហើយ​សង់​ទី​ក្រុង​ឲ្យ​ពាសពេញ​ក្នុង​លោកិយ​ឡើយ។

២២ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ យើង​នឹង​ក្រោក​ឡើង​ទាស់​នឹង​គេ ហើយ​កាត់​ទាំង​ឈ្មោះ និង​សំណល់​មនុស្ស ទាំង​កូន និង​ចៅ​ចេញ​ពី​ក្រុង​បាប៊ីឡូន​ផង នេះ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់។

២៣ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ យើង​នឹង​បំផ្លាស់​ទី​នោះ​ឲ្យ​ទៅ​ជា​លំនៅ​របស់​សត្វ​ប្រមា ហើយ​ជា​ត្រពាំង​ទឹក ហើយ​យើង​ក៏​នឹង​បោស​ដោយ​អំបោស​ជា​ការ​បំផ្លាញ។

២៤ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ ទ្រង់​បាន​ស្បថ​ថា ៖ ពិតប្រាកដ​ជា​នឹង​កើត​មាន ដូច​ជា​យើង​បាន​គិត ហើយ​ក៏​នឹង​សម្រេច​ដូច​ជា​យើង​បាន​កំណត់​ទុក​ផង —

២៥គឺ​យើង​នឹង​នាំ​ពួក​អាសស៊ើរ​ចូល​មក​ក្នុង​ស្រុក​យើង ហើយ​នឹង​ជាន់​ឈ្លី​គេ​នៅ​លើ​ភ្នំរបស់​យើង ខណៈ​នោះ នឹម​របស់​គេ​នឹង​បាត់​ទៅ ហើយ​បន្ទុក​របស់​គេ​នឹង​បាត់​ពី​ស្មា​ដែរ។

២៦នោះ​ហើយ​ជា​ការ​ដែល​បាន​សម្រេច​នឹង​ធ្វើ​នៅ​លើ​ផែនដី​ទាំង​មូល ហើយ​នេះ​ជា​ព្រះ​ហស្ត ដែល​បាន​សន្ធឹង​ទៅ​លើ​សាសន៍​ទាំង​អស់។

២៧ត្បិត​ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ ទ្រង់​បាន​សម្រេច​នឹង​ធ្វើ​ហើយ តើ​អ្នក​ណា​នឹង​រំលប់​រំលាង​បាន? ហើយ​ព្រះ​ហស្ត​នៃ​ទ្រង់​បាន​លូក​ទៅ ហើយ​តើ​អ្នក​ណា​នឹង​បង្វិល​ឲ្យ​ត្រឡប់​ទៅ​វិញ​បាន?

២៨នៅ​ឆ្នាំ​ដែល​ស្ដេច​អេហាស​សុគត​ទៅ នោះ​មាន​បន្ទុក​យ៉ាង​ធ្ងន់​នេះ។

២៩គឺ​ថា នែ៎ ពួក​ភីលីស្ទីន​អើយ កុំ​ឲ្យ​អរ​រីករាយ​ពេញ​ស្លុង ដោយ​ព្រោះ​រំពាត់​ដែល​ធ្លាប់​វាយ​អ្នក​បាន​បាក់​ហើយ​នោះ​ឡើយ ត្បិត​នឹង​កើត​មាន​ពស់វែក​ចេញ​ពី​ពូជ​សត្វ​ពស់​មក ហើយ​កូន​របស់​វា​នឹង​ទៅ​ជា​ពស់ភ្លើង​ហោះ។

៣០នោះ​កូន​ច្បង​របស់​ពួក​មនុស្ស​ទាល់ក្រ នឹង​មាន​អាហារ​បរិភោគ ហើយ​មនុស្ស​កម្សត់​ទុគ៌ត​នឹង​ដេក​ទៅ​ដោយ​សុខសាន្ត តែ​យើង​នឹង​ធ្វើ​ឲ្យ​ឫស​អ្នក​ស្លាប់​ទៅ​ដោយ​អំណត់​អត់​វិញ ហើយ​សំណល់​នៃ​អ្នក​នឹង​ត្រូវ​គេ​សម្លាប់​បង់។

៣១ឱ​ទ្វារ​ក្រុង​អើយ ចូរ​ស្រែក​ទ្រហោ ឱ​ទី​ក្រុង​អើយ ចូរ​យំ​ពិលាប​ចុះ ឱ​ស្រុក​ភីលីស្ទីន​អើយ អ្នក​ត្រូវ​រលាយ​ទាំង​អស់​ហើយ ត្បិត​មាន​ផ្សែង​ចេញ​មក​ពី​ទិស​ខាង​ជើង​ឥត​មាន​អ្នក​ណាមួយ ក្នុង​កងទ័ព​របស់​គេ ដែល​តាម​គ្នា​មិនទាន់​ឡើយ។

៣២ដូច្នេះ តើ​ត្រូវ​ឆ្លើយ​ដល់​ពួក​រាជទូត​នៃ​សាសន៍​នោះ​យ៉ាង​ណា​ទៅ? គឺ​ត្រូវ​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​តាំង​ក្រុង​ស៊ីយ៉ូន​ឡើង ហើយ​ពួក​រាស្ត្រ​របស់​ទ្រង់​ដែល​ទាល់ក្រ គេ​នឹង​ពឹង​ជ្រក​ក្នុង​ក្រុង​នោះ៕