« ថ្ងៃទី ២៧ ខែ មករា–ថ្ងៃទី ២ ខែ កុម្ភៈ ។ នីហ្វៃទី ១ ១៦–២២ ៖ ‹ យើងនឹងរៀបចំផ្លូវសម្រាប់អ្នករាល់គ្នា › » ចូរមកតាមខ្ញុំសម្រាប់បុគ្គល និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៧ ខែ មករា–ថ្ងៃទី ២ ខែ កុម្ភៈ ។ នីហ្វៃទី ១ ១៦–២២ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
ថ្ងៃទី ២៧ ខែ មករា –ថ្ងៃទី ២ ខែ កុម្ភៈ
នីហ្វៃទី ១ ១៦–២២
« យើងនឹងរៀបចំផ្លូវសម្រាប់អ្នករាល់គ្នា »
នៅពេលបងប្អូនសិក្សា នីហ្វៃទី ១ ១៦–២២ ស្វែងរកវគ្គបទគម្ពីរដែលបងប្អូនចាប់អារម្មណ៍ ។ មនុស្សមួយចំនួនចូលចិត្តគូសចំណាំខគម្ពីរដូច្នេះនៅក្នុងគម្ពីររបស់ពួកគេ ឯអ្នកដទៃទៀតសរសេរកំណត់ចំណាំនៅលើរឹមទំព័រ ។ សូមពិចារណាអំពីរបៀបដែលបងប្អូននឹងកត់ត្រាចំណាប់អារម្មណ៍ដែលបងប្អូនទទួលបាន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
នៅពេលគ្រួសារលីហៃបានធ្វើដំណើរទៅកាន់ដែនដីសន្យា ព្រះអម្ចាស់បានធ្វើការសន្យានេះជាមួយនឹងពួកគេថា ៖ « យើងនឹងរៀបចំផ្លូវសម្រាប់អ្នករាល់គ្នា បើសិនជាអ្នករាល់គ្នាកាន់តាមបញ្ញត្តិទាំងឡាយរបស់យើង » ( នីហ្វៃទី ១ ១៧:១៣ ) ។ ច្បាស់ណាស់ ការសន្យានោះពុំមានន័យថា ការធ្វើដំណើរនឹងងាយស្រួលនោះទេ—សមាជិកគ្រួសារនៅតែមានការមិនចុះសម្រុងគ្នា បាក់ធ្នូ ហើយមនុស្សមានការលំបាក និងបានស្លាប់ ហើយពួកគេនៅតែត្រូវសាងសង់សំពៅពីវត្ថុធាតុដើមទៀត ។ ទោះជាយ៉ាងណាក៏ដោយ គ្រួសារប្រឈមមុខនឹងសោកនាដកម្ម ឬហាក់ដូចជាវាជាការងារដែលពុំអាចធ្វើទៅបាន នីហ្វៃបានទទួលស្គាល់ថា ព្រះអម្ចាស់ពុំដែលចេញឆ្ងាយនោះទេ ។ គាត់បានដឹងថា ព្រះ « នឹងចិញ្ចឹម [ ពួកស្មោះត្រង់ ] ហើយផ្ដល់កម្លាំងដល់គេ ព្រមទាំងផ្ដល់ផ្លូវឲ្យ ដើម្បីគេអាចសម្រេចនូវអ្វីៗដែលទ្រង់បានបញ្ជាពួកគេ » ( នីហ្វៃទី ១ ៧:៣ ) ។ បើបងប្អូនមានការងឿងឆ្ងល់ថា ហេតុអ្វីរឿងអាក្រក់ៗកើតឡើងចំពោះមនុស្សល្អដូចជានីហ្វៃ និងគ្រួសាររបស់គាត់ នោះបងប្អូនអាចរកឃើញប្រាជ្ញាវាងវៃនៅក្នុងជំពូកទាំងនេះ ។ ប៉ុន្តែប្រហែលជាកាន់តែសំខាន់នោះ បងប្អូននឹងមើលឃើញនូវអ្វីដែលមនុស្សល្អ ធ្វើ នៅពេលមានរឿងអាក្រក់កើតឡើង ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
នៅពេលខ្ញុំរក្សាបទបញ្ញត្តិ ព្រះនឹងជួយខ្ញុំប្រឈមមុខនឹងការលំបាកទាំងឡាយ ។
ជំពូកទី ១៦–១៨ នៃនីហ្វៃទី ១ ពិពណ៌នាអំពីឧបសគ្គមួយចំនួនដែលគ្រួសារនីហ្វៃបានជួប រួមទាំងការបាក់ធ្នូ ( សូមមើល នីហ្វៃទី ១ ១៦:១៧–៣២ ), ការស្លាប់របស់អ៊ីសម៉ាអែល ( សូមមើល នីហ្វៃទី ១ ១៦:៣៤–៣៩ ), ការសង់សំពៅ ( សូមមើល នីហ្វៃទី ១ ១៧:៧–១៦; ១៨:១–៤ ), និងការមិនចុះសម្រុងក្នុងគ្រួសារ ( សូមមើល នីហ្វៃទី ១ ១៨:៩–២២ ) ។ តើទង្វើឆ្លើយតបរបស់នីហ្វៃចំពោះឧបសគ្គទាំងនេះខុសពីទង្វើឆ្លើយតបរបស់សមាជិកគ្រួសារមួយចំនួនរបស់គាត់យ៉ាងដូចម្ដេច ? តើអ្វីខ្លះជាលទ្ធផលនៃទង្វើឆ្លើយតបទាំងនេះ ?
វាអាចនឹងជាជំនួយដើម្បីកត់ត្រានូវអ្វីដែលបងប្អូនរកឃើញ ដាក់នៅក្នុងតារាងមួយដែលមានដើមរឿងដូចនេះថា ៖ « ឧបសគ្គ » « ការឆ្លើយតបរបស់នីហ្វៃ » « ការឆ្លើយតបរបស់អ្នកដទៃទៀត » និង « លទ្ធផល » ។ តើបងប្អូនគិតថា ហេតុអ្វីនីហ្វៃអាចបន្ដនៅស្មោះត្រង់យ៉ាងខ្លាំង ខណៈដែលអ្នកដទៃពុំនៅស្មោះត្រង់បានដូច្នេះ ? សូមនឹកគិតថាតើគំរូរបស់នីហ្វៃ និងគ្រួសាររបស់គាត់ អាចជួយដល់បងប្អូននៅក្នុងឧបសគ្គរបស់បងប្អូនដោយរបៀបណា ។
សូមមើលផងដែរនូវវីដេអូដែលជាប់ទាក់ទងនៅក្នុងបណ្ដុំវីដេអូអំពីព្រះគម្ពីរមរមននៅលើ ChurchofJesusChrist.org ឬ កម្មវិធីបណ្ណាល័យដំណឹងល្អ ។
នីហ្វៃទី ១ ១៦:១០–១៦, ២៣–៣១; ១៨:១១–២២
ព្រះអម្ចាស់ដឹកនាំខ្ញុំតាមរយៈមធ្យោបាយតូចៗ និងសាមញ្ញៗ ។
នៅពេលព្រះដឹកនាំគ្រួសាររបស់លីហៃនៅក្នុងទីរហោស្ថាន នោះទ្រង់ពុំបានប្រទានដល់ពួកគេនូវផែនការធ្វើដំណើរជាលម្អិតដើម្បីទៅកាន់ដែនដីសន្យានោះទេ ។ ប៉ុន្តែទ្រង់បានប្រទានលីអាហូណាដល់លីហៃដើម្បីដឹកនាំគ្រួសារគាត់ជាប្រចាំថ្ងៃឆ្ពោះទៅកាន់ទិសដៅរបស់ពួកគេ ។ តើព្រះវរបិតាសួគ៌បានប្រទានពរដល់បងប្អូនអ្វីខ្លះដើម្បីផ្ដល់ការដឹកនាំ និងការណែនាំ ? តើបងប្អូនគិតថាឃ្លា « ដោយសារមធ្យោបាយដ៏តូចតាច នោះព្រះអម្ចាស់ទ្រង់អាចសម្រេចការណ៍យ៉ាងធំបាន » វាមានន័យយ៉ាងណា ? ( នីហ្វៃទី ១ ១៦:២៩) ។
នៅពេលបងប្អូនអាន នីហ្វៃទី ១ ១៦:១០–១៦, ២៣–៣១ និង ១៨:១១–២២ សូមពិចារណាធ្វើជាបញ្ជីគោលការណ៍ដែលបង្ហាញអំពីរបៀបដែលព្រះដឹកនាំបុត្រាបុត្រីរបស់ទ្រង់ ( ឧទាហរណ៍ នីហ្វៃទី ១ ១៦:១០ អាចបង្រៀនថា ពេលខ្លះ ព្រះដឹកនាំយើងតាមរបៀបដែលពុំបានរំពឹងទុក ) ។ តើបងប្អូនមានបទពិសោធន៍អ្វីខ្លះជាមួយគោលការណ៍ទាំងនេះ ?
សូមមើលផងដែរ អាលម៉ា ៣៧:៧, ៣៨–៤៧, គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៣៣–៣៤ ។
ខ្ញុំអាច « ប្រៀបធៀបបទគម្ពីរទាំងអស់ » ទៅនឹងខ្លួនខ្ញុំ ។
អេសាយបានសរសេរទៅកាន់កូនចៅអ៊ីស្រាអែលទាំងអស់ ហើយនីហ្វៃបានមើលឃើញថា រឿងនេះ រួមមានទាំងគ្រួសាររបស់គាត់ផ្ទាល់ជាពិសេសផងដែរ—និងរួមទាំងបងប្អូនផងដែរ ( សូមមើល នីហ្វៃទី១ ១៩:២៣–២៤ ) ។ ស្ដីអំពីពាក្យដកស្រង់របស់នីហ្វៃអំពីលោកអេសាយ ប្រធាន ហិនរី ប៊ី អាវរិង បានមានប្រសាសន៍ថា « ខ្ញុំបានអានពាក្យរបស់លោកអេសាយ…សន្មត់ដូចជានីហ្វៃបានលើកយកពាក្យរបស់លោកអេសាយនោះមក ចំដួងចិត្តខ្ញុំដោយផ្ទាល់ ដូចជាព្រះអម្ចាស់កំពុងមានបន្ទូលមកកាន់ខ្ញុំ ដោយពុំចាំបាច់នឹកស្រមៃនោះឡើយ » ( « The Book of Mormon Will Change Your Life » Ensign ខែ កុម្ភៈ ឆ្នាំ ២០០៤ ទំព័រ ១០ ) ។
ដោយនឹកចាំអំពីពាក្យសម្ដីរបស់ប្រធាន អាវរិង សូមពិចារណាអំពីសំណួរដូចខាងក្រោមនេះ នៅពេលបងប្អូនអាន ជំពូកទី ២០–២២ ៖
-
នីហ្វៃទី ១ ២០:១–៩ ។តើមានឃ្លាអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដែលពិពណ៌នាអំពីកូនចៅអ៊ីស្រាអែល ? តើវាពិពណ៌នាអំពីលេមិន និងលេមយួលយ៉ាងដូចម្ដេច ? តើមានការព្រមាន និងការអនុវត្តអ្វីខ្លះ ដែលបងប្អូនឃើញមានសម្រាប់បងប្អូនផ្ទាល់ ?
-
នីហ្វៃទី ១ ២០:១៧–២២ ។តើព្រះអម្ចាស់បានដឹកនាំកូនចៅអ៊ីស្រាអែលយ៉ាងដូចម្ដេច ? តើទ្រង់បានដឹកនាំគ្រួសារលីហៃយ៉ាងដូចម្ដេច ? តើទ្រង់ដឹកនាំបងប្អូនយ៉ាងដូចម្ដេច ?
តើមានអ្វីខ្លះទៀតដែលបងប្អូនរកឃើញ នៅក្នុង នីហ្វៃទី ១ ២០–២២ ដែលធ្វើឲ្យបងប្អូនមានអារម្មណ៍ថា ដូចជាព្រះអម្ចាស់កំពុងមានបន្ទូលមកកាន់បងប្អូននោះ ? តើការអធិប្បាយរបស់នីហ្វៃនៅក្នុង ជំពូកទី ២២ ជួយបងប្អូនយល់អំពីការព្យាកររបស់លោកអេសាយយ៉ាងដូចម្ដេចខ្លះ ?
តើនរណាជាវង្សអ៊ីស្រាអែល និងជាសាសន៍ដទៃ ?
វង្សអ៊ីស្រាអែលគឺជាកូនចៅរបស់ព្យាការីយ៉ាកុប ក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលត្រូវបានព្រះអម្ចាស់ដាក់ឈ្មោះថា អ៊ីស្រាអែល ( សូមមើល លោកុប្បត្តិ ៣២:២៨; ៣៥:១០ សូមមើលផងដែរ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « អ៊ីស្រាអែល » ) ។ ព្រះអម្ចាស់បានធ្វើសេចក្ដីសញ្ញាជាក់លាក់ជាមួយនឹងអ៊ីស្រាអែល ហើយកូនចៅរបស់គាត់ត្រូវបានរាប់ថាជារាស្ត្រនៃសេចក្ដីសញ្ញារបស់ព្រះ ។ ទោះជាយ៉ាងណាក៏ដោយ ជាច្រើនជំនាន់ក្រោយមក មានមនុស្សជាច្រើនបានងាកចេញពីព្រះអម្ចាស់ ហើយនៅទីបំផុតបានខ្ចាត់ខ្ចាយទៅពេញផែនដី ។
វាក្សសព្ទ សាសន៍ដទៃ នៅក្នុងវគ្គបទគម្ពីរទាំងនេះ សំដៅទៅលើមនុស្សដែលពុំទាន់ទទួលបានដំណឹងល្អ ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរ « សាសន៍ដទៃ » ) ។ អេសាយបានបង្រៀនថា នៅក្នុងថ្ងៃចុងក្រោយ ពួកសាសន៍ដទៃនឹងទទួលបានដំណឹងល្អ ហើយនឹងជាឧបករណ៍នៅក្នុងការបង្រៀន និងការប្រមូលផ្ដុំវង្សអ៊ីស្រាអែល ( សូមមើល នីហ្វៃទី ១ ២១:២២; ២២:៨–១២ សូមមើលផងដែរ អេសាយ ៦០; ៦៦:១៨–២០ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
នីហ្វៃទី ១ ១៧:១–៦, ១៧–២២
ប្រហែលជាគ្រួសាររបស់បងប្អូនអាចនឹងធ្វើខុសគ្នានឹងដំណើររឿងនៃការធ្វើដំណើរនៅក្នុងទីរហោស្ថានរបស់នីហ្វៃ ( សូមមើល នីហ្វៃទី ១ ១៧:១–៦ ) ជាមួយនឹងដំណើររឿងរបស់បងប្រុសរបស់គាត់ ( សូមមើល នីហ្វៃទី ១ ១៧:១៧–២២ ) ។ តើបងប្អូនគិតថា ហេតុអ្វីពួកគេមើលទៅព្រឹត្តការណ៍តែមួយខុសពីគ្នាយ៉ាងខ្លាំងដូច្នេះ ? តើយើងអាចរៀនអ្វីខ្លះមកពីនីហ្វៃអំពីការមានទស្សនវិស័យស្មោះត្រង់ ?
នីហ្វៃទី ១ ១៧:១៧–២២; ១៨:៩–១៦
តើលទ្ធផលនៃការច្រណែន ការឈ្លោះទាស់ទែង និងការរអ៊ូរទាំនៅក្នុងគ្រួសារមានអ្វីខ្លះ ? តើយើងអាចយកឈ្នះបញ្ហាទាំងនេះតាមរបៀបណា ?
នីហ្វៃទី ១ ១៩:២២–២៤
នីហ្វៃប្រៀបប្រដូចបទគម្ពីរទាំងឡាយទៅនឹងគ្រួសារគាត់ « ដើម្បីទុកជាប្រយោជន៍ និងការចេះដឹងដល់ [ ពួកគេ ] » ( នីហ្វៃទី ១ ១៩:២៣ ) ។ មានរឿងជាច្រើននៅក្នុង នីហ្វៃទី ១ ១៦–១៨ ដែលគ្រួសាររបស់បងប្អូនអាចប្រៀបប្រដូចទៅនឹងខ្លួនបងប្អូន ។ ប្រហែលជាបងប្អូនអាចសម្ដែងរឿងមួយក្នុងចំណោមរឿងទាំងនេះ ហើយពិភាក្សាអំពីរបៀបអនុវត្តវានៅក្នុងគ្រួសារបងប្អូន ។
នីហ្វៃទី ១ ២១:១៤–១៦
តើសារលិខិតនៅក្នុងខគម្ពីរទាំងនេះ អាចជួយនរណាម្នាក់ដែលមានអារម្មណ៍ថា ត្រូវគេបំភ្លេចចោលយ៉ាងដូចម្ដេច ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។