ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២០–២៦ ខែ មករា ។ នីហ្វៃទី ១ ១១–១៥ ៖ « ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ »


« ថ្ងៃទី ២០–២៦ ខែ មករា ។ នីហ្វៃទី ១ ១១–១៥ ៖ ‹ ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ › » ចូរ​មក​តាម​ខ្ញុំ​សម្រាប់​បុគ្គលម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២០–២៦ ខែ ខែ មករា ។ នីហ្វៃទី ១ ១១–១៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២០

មនុស្ស​កំពុង​ទទួលទាន​ផ្លែ​នៃ​ដើមជីវិត

ផ្អែម​ជាង​ភាព​ផ្អែម​ទាំងអស់ ដោយ មីហ្គែល អ៊ែនចល ហ្គុងហ្សាឡេស រ៉ូមីអូ

ថ្ងៃទី ២០–២៦ ខែ មករា

នីហ្វៃទី ១ ១១–១៥

« ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ »

តើ​បង​ប្អូន​អាច​មើល​ឃើញ​រូប​បងប្អូន​នៅ​ក្នុង នីហ្វៃទី ១ ១១–១៥ ដែរ​ឬទេ ? តើ​វគ្គ​បទគម្ពីរ​អ្វី​ខ្លះ​នឹង​មាន​តម្លៃ​បំផុត​ចំពោះ​បងប្អូន និង​គ្រួសារ ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

នៅ​ពេល​ព្រះ​មាន​កិច្ចការ​ដ៏​មហិមា​ឲ្យ​ព្យាការី​របស់​ទ្រង់​ធ្វើ ជាញឹកញាប់ ទ្រង់​ប្រទាន​ដល់​ព្យាការី​នូវ​ការ​និមិត្ត​ដ៏​ធំ​មួយ ដើម្បី​ជួយ​គាត់​យល់​អំពី​គោលបំណង​របស់​ព្រះ​សម្រាប់​បុត្រាបុត្រី​ទ្រង់ ។ ម៉ូសេ​បាន​មើល​ឃើញ​ការ​និមិត្ត​អំពី « ផែនដី​នេះ និង​អំពី​បណ្ដាជន​ដែល​អាស្រ័យ​នៅ​លើ​ទីនោះ និង​អំពី​ផ្ទៃ​មេឃ » ( ម៉ូសេ ១:៣៦ ) ។ សាវក​យ៉ូហាន​បាន​មើល​ឃើញ​ប្រវត្តិ​សាស្ត្រ​នៃ​ពិភពលោក និង​ការ​យាងមក​ជា​លើក​ទីពីរ​របស់​ព្រះអង្គសង្គ្រោះ ( សូមមើល គម្ពីរ​វិវរណៈ ) ។ យ៉ូសែប ស្ម៊ីធ បាន​មើល​ឃើញ​ព្រះវរបិតា និង​ព្រះរាជបុត្រា ( សូមមើល យ៉ូសែប ស្ម៊ីធ––ប្រវត្តិ ១:១៧–១៨ ) ។ លីហៃ​បាន​មើល​ឃើញ​ការ​និមិត្ត​មួយ​ដែល​បង្ហាញ​អំពី​ការ​ធ្វើ​ដំណើរ​ដែល​យើង​ត្រូវ​ដើរ​ឆ្ពោះ​ទៅ​កាន់​ព្រះអង្គ​សង្គ្រោះ និង​សេចក្ដី​ស្រឡាញ់​របស់ ទ្រង់ ។

ដូច​បាន​កត់ត្រា​នៅក្នុង នីហ្វៃទី ១ ១១–១៤ នីហ្វៃ​បាន​មើល​ឃើញ​ការ​បម្រើ​របស់​ព្រះអង្គ​សង្គ្រោះ អនាគត​នៃ​កូនចៅ​របស់​លីហៃ​នៅ​ក្នុង​ដែនដី​សន្យា និង​ជោគវាសនា​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ចការ​របស់​ព្រះ ។ ការ​និមិត្ត​នេះ​បាន​ជួយ​រៀបចំ​នីហ្វៃ​ឲ្យ​ទទួល​កិច្ចការ​ដែល​នៅ​ខាង​មុខ​គាត់ ហើយ​វា​ក៏​អាច​ជួយ​រៀបចំ​បងប្អូន —ដ្បិត​ព្រះ​មាន​កិច្ចការ​មួយ​ឲ្យ​បងប្អូន​ធ្វើ​នៅ​ក្នុង​នគរ​របស់​ទ្រង់ ។ បងប្អូន​ស្ថិត​នៅក្នុង​ចំណោម « ពួក​បរិសុទ្ធ​ក្នុង​សាសនាចក្រ​នៃ​កូនចៀម » ដែលនីហ្វៃ​បាន​មើល​ឃើញ « អ្នក​ដែល​បាន​ខ្ចាត់​ខ្ចាយ​ពាស​ពេញ​លើ​ផ្ទៃ​ផែនដី ហើយ​ពួកគេ​ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ដោយ​សិរីល្អ​ដ៏​អស្ចារ្យ » ( នីហ្វៃទី ១ ១៤:១៤ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

នីហ្វៃ​ទី ១ ១១

ព្រះ​បាន​បញ្ជូន​ព្រះយេស៊ូវ​គ្រីស្ទ​មក ជា​ការ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។

ដើម្បី​ជួយ​នីហ្វៃ​យល់​អំពី​អត្ថន័យ​នៃ​ដើមឈើ​ដែល​ឪពុក​គាត់​បាន​មើល​ឃើញ នោះ​ទេវតា​មួយ​អង្គ​បាន​បង្ហាញ​គាត់ « ព្រះរាជបុត្រា​នៃ​ព្រះវរបិតា » ( នីហ្វៃទី ១ ១១:២១ ) ។ រឿង​នេះ​បាន​នាំ​ឲ្យ​នីហ្វៃ​សន្និដ្ឋាន​ថា ដើមឈើ​ជា​តំណាង​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ។ ប៉ុន្ដែ ការ​និមិត្ត​ពុំ​ទាន់​ចប់​នៅ​ឡើយ​នោះទេ ។ នៅពេល​បងប្អូន​អាន ហើយ​ពិចារណា នីហ្វៃទី ១ ១១ តើ​បងប្អូន​រក​ឃើញ​ថា​មាន​អ្វីខ្លះ​ដែល​ជួយ​បងប្អូន​យល់​អំពី​មូលហេតុ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ការបង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ?

ដើម្បី​រៀន​អំពី​និមិត្តរូប​ដទៃទៀត​នៅ​ក្នុង​សុបិន​របស់​លីហៃ សូមមើល នីហ្វៃទី ១ ១១:៣៥–៣៦; ១២:១៦–១៨ និង ១៥:២១–៣០ ។

សូមមើល​ផងដែរ យ៉ូហាន ៣:១៦ ។

នីហ្វៃទី ១ ១២–១៣

ព្រះអម្ចាស់​បាន​រៀបចំ​ផ្លូវ​សម្រាប់​ការ​ស្ដារឡើងវិញ ។

នីហ្វៃ​នឹង​ពុំបាន​រស់នៅ​ដើម្បី​ធ្វើ​សាក្សី​ច្រើន​អំពី​អ្វី​ដែល​គាត់​បាន​មើល​ឃើញ​ក្នុង​ការ​និមិត្ត​របស់​គាត់ទេ ។ តើបងប្អូន​គិត​ថា ហេតុអ្វី​វា​មាន​តម្លៃ​ចំពោះ​នីហ្វៃ​ដើម្បី​ដឹង​អំពី​រឿង​ទាំង​នេះ ? ហេតុអ្វី​បាន​ជា​វា​មាន​តម្លៃ​ចំពោះ​ បងប្អូន ត្រូវ​ស្គាល់​រឿង​ទាំងអស់​នេះ ? បងប្អូន​ប្រហែល​ជា​អាច​សួរ​សំណួរ​នេះ​រាល់​ពេល​ដែល​បងប្អូន​អាន​អំពី​អ្វី​ដែល​នីហ្វៃ​បាន​មើល​ឃើញ​នៅក្នុង​ការ​និមិត្ត​របស់​គាត់ ។

ទាំង​នេះ​គឺ​ជា​ព្រឹត្តការណ៍​មួយ​ចំនួន​ដែល​នីហ្វៃ​បាន​មើលឃើញ ៖ អនាគត​នៃ​ប្រជាជន​របស់​គាត់ ( សូមមើល ជំពូកទី ១២ ) ការ​ធ្វើ​និគមកិច្ច​របស់​អាមេរិក និងបដិវត្តន៍​ជនជាតិ​អាមេរិក ( សូមមើល ជំពូកទី ១៣:១២–១៩ ), ការក្បត់សាសនា​ដ៏​ធំ ( សូមមើល ជំពូកទី ១៣:២០–២៩ ) និង​ការ​ស្ដារ​ឡើងវីញ​នៃ​ដំណឹងល្អ ( សូមមើល ជំពូកទី ១៣:៣២–៤២ ) ។

នីហ្វៃទី ១ ១៣:១–៩; ១៤:៩–១១

តើ « សាសានាចក្រ​ដ៏​ធំ ហើយ​គួរខ្ពើមឆ្អើម » ដែល​នីហ្វៃ​បាន​មើល​ឃើញ​ជា​អ្វី ?

អែលឌើរ ដាល្លិន អេក អូក បាន​ពន្យល់​ថា « សាសានាចក្រ​ដ៏​ធំ ហើយ​គួរខ្ពើមឆ្អើម » ដែល​បាន​ពិពណ៌នា​ដោយ​នីហ្វៃ​តំណាង​ឲ្យ « ទស្សនវិជ្ជា ឬ​អង្គការ​ទាំងឡាយ​ណា​ដែល​ជំទាស់​នឹង​ជំនឿ​ទៅ​លើ​ព្រះ ។ ហើយ ‹ ការ​ជាប់​ជា​ឈ្លើយ › ដែល ‹ ព្រះវិហារ › នេះ​ព្យាយាម​នាំ​ពួក​បរិសុទ្ធ​ទៅ នឹង​ពុំ​ជាប់ឃុំ​ខាង​រូបកាយ​ដូចជា​ការ​ជាប់​ជា​ឈ្លើយ​ក្នុង​គំនិត​ខុសឆ្គង​នោះទេ » ( « Stand as Witnesses of God » Ensign ខែ មីនា ឆ្នាំ. ២០១៥ ទំព័រ ៣២ ) ។

នីហ្វៃទី ១ ១៣:១២

តើ​បុរស​ដែល​នីហ្វៃ​បាន​មើលឃើញ​ជា​នរណា ដែល​ព្រះវិញ្ញាណ « យាង​ចុះ​មក​សណ្ឋិត​លើ » ហើយ​« ចេញ​ដំណើរ​ឆ្លង​កាត់ផ្ទៃ​ទឹក​ដ៏​ធំ » នោះ ?

នីហ្វៃ​បាន​មើល​ឃើញ​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​បំផុស​គំនិត​ដល់ គ្រីស្ដូហ្វើរ ខូឡុំបឹស ឲ្យ​ធ្វើ​ដំណើរ​យ៉ាង​ល្បីល្បាញ​ទៅកាន់​ទ្វីប​អាមេរិក ។ នៅ​ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ១៤៩៣ ខូឡុំបឹស បាន​សរសេរ​អំពី​ការ​ធ្វើ​ដំណើរ​នេះ​ថា « លទ្ធផល​ដ៏​មហិមា និង​អស្ចារ្យ​នេះ គឺ​ពុំ​មែន​ទទួល​បាន​ដោយ​មក​ពី​ខ្លួន​ខ្ញុំ​ឡើយ … ដ្បិត​ពុំ​មាន​បញ្ញា​មនុស្ស​ណា​អាច​យល់​ដឹង​បាន​ឡើយ តែ​ព្រះវិញ្ញាណ​នៃ​ព្រះ​បាន​ប្រទាន​ដល់​មនុស្ស ព្រោះ​ព្រះ​នឹង​លម្អៀង​ព្រះ​ស្ដាប់​ការ​អធិស្ឋាន​របស់​ពួក​អ្នក​បម្រើ​ទ្រង់ ដែល​ស្រឡាញ់​សិក្ខាបទ​ទ្រង់ ទាំង​បណ្ដាល​ឲ្យ​ពួកគេ​អាច​ធ្វើ​រឿង​ដែល​មើល​ទៅ​ពុំ​អាច​ធ្វើ​ទៅបាន​ដោយ​មនុស្ស » ( The Annals of America [ Encyclopedia Britannica, Inc., 1976 ], 1:5 ) ។

នីហ្វៃ ទី ១ ១:២០–៤២

គម្ពីរ​ពួកបរិសុទ្ធ​បាន​ស្ដារឡើងវិញ​នូវ « រឿង​ដ៏​ច្បាស់ និង​ពិសេសៗ » ។

នីហ្វៃ​បាន​មើល​ឃើញ​នៅ​ក្នុង​ការ​និមិត្ត​ថា ព្រះគម្ពីរ​បរិសុទ្ធ—​ដែល​គាត់​បាន​ពិពណ៌នា ជា « កំណត់ត្រា​នៃ​ពួក​សាសន៍​យូដា »—​ត្រូវ « ដក​ចេញ​នូវ​រឿង​ដ៏​ច្បាស់ និង​ពិសេសៗ​ចេញ​ពី [ វា ] » ( នីហ្វៃទី ១ ១៣:២៣, ២៨ ) ។ ទោះ​ជា​យ៉ាង​ណា គាត់​ក៏​បាន​មើល​ឃើញ​ផងដែរ​ថា ព្រះ​នឹង​ស្ដារ​រឿង​ទាំងឡាយ​នេះ​តាមរយៈ « គម្ពីរ​ដទៃទៀត » —គឺ ព្រះគម្ពីរ​មរមន និង​គម្ពីរ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដទៃទៀត ( សូមមើល នីហ្វៃទី ១ ១៣:៣៩–៤០ ) ។ តើ​សេចក្ដីពិត​ដ៏​មាន​តម្លៃ​មួយចំនួន​ដែល​ព្រះគម្ពីរ​មរមន​ជួយ​យើង​ឲ្យ​យល់​បាន​កាន់តែ​ច្បាស់​មាន​អ្វីខ្លះ ? តើ​ជីវិត​របស់​បងប្អូន​បាន​ផ្លាស់ប្តូរ​យ៉ាង​ដូច​ម្តេច​ខ្លះ ដោយ​សារ​តែ​សេចក្ដី​ដ៏​ច្បាស់ និង​ពិសេសៗ​ត្រូវ​បាន​ស្ដារឡើងវិញ ?

ព្រះគម្ពីរ​មរមន​ជា​ភាសា​ផ្សេងៗ ។

ព្រះ​គម្ពីរមរមន​បាន​ស្ដារឡើងវិញ​នូវ​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដែល​បាន​បាត់បង់​អំឡុង​ការ​ក្បត់​សាសនា ។

សូមមើល​ផងដែរ « Plain and Precious Truths » Ensign ខែ មីនា ឆ្នាំ ២០០៨, ទំព័រ ៦៨–៧៣; រ័សុល អិម ណិលសុន, « The Book of Mormon: What Would Your Life Be Like without It? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦០–៦៣ ។

នីហ្វៃទី ១ ១៥:១–១១

ព្រះអម្ចាស់​នឹង​ឆ្លើយ​តប​ដល់​ខ្ញុំ បើ​ខ្ញុំ​សូម​ដោយ​សេចក្ដីជំនឿ​ដោយ​ដួងចិត្ត​ទន់​ភ្លន់ ។

តើ​បងប្អូន​ធ្លាប់​មាន​អារម្មណ៍​ដូចជា​បងប្អូន​ពុំ​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន​សោះ—ថា​ព្រះ​ពុំ​បាន​មាន​បន្ទូល​មក​កាន់​បងប្អូន​ឬទេ ? តើ​នីហ្វៃ​បាន​ឲ្យ​ដំបូន្មាន​អ្វីខ្លះ​ដល់​បងប្រុស​របស់​គាត់ នៅពេល​ពួកគេ​មានអារម្មណ៍​ដូចនេះ ? តើ​បងប្អូន​អាច​អនុវត្ត​តាម​ដំបូន្មាន​របស់​នីហ្វៃ​នៅក្នុង​ជីវិត​របស់​បងប្អូន ហើយ​អាច​ប្រើ​ដំបូន្មាន​របស់​គាត់​ដើម្បី​ជួយ​អ្នកដទៃ​ដោយ​របៀប​ណា ?

សូមមើល​ផងដែរ យ៉ាកុប ៤:៨; អាលម៉ា ៥:៤៦; ២៦:២១–២២ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយបងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ ទាំងនេះ​គឺជា​គំនិតយោបល់​មួយ​ចំនួន ។

នីហ្វៃទី ១ ១១–១៤

នៅពេល​គ្រួសារ​របស់​បងប្អូន​អាន​ជំពូក​ទាំងនេះ យូរៗ​ម្ដង សូម​ឈប់ ហើយ​សួរ​សំណួរ​ទាំងនេះ ៖ តើ​នីហ្វៃ​បាន​មើល​ឃើញ​អ្វីខ្លះ​នៅ​ក្នុង​ការ​និមិត្ត​របស់​គាត់ ដែល​អាច​ធ្វើឲ្យ​គាត់​រីករាយ ? តើ​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​គាត់​សោកសៅ ? ហេតុ​អ្វី​ទៅ ?

នីហ្វៃ​ទី ១ ១:២០–៤២

ដើម្បី​ជួយ​សមាជិក​គ្រួសារ​ឲ្យ​យល់​អំពី​តម្លៃ​នៃ​សេចក្ដីពិត « ដ៏​ច្បាស់ និង​ពិសេសៗ » នៅ​ក្នុង​ព្រះគម្ពីរមរមន សូម​ប្រៀបធៀប​សារលិខិត​ដែល​បាន​កត់ត្រា​ទុក​ច្បាស់ៗ​ទៅ​នឹង​សារលិខិត​ដែល​ច្របល់​គ្នា ។ ហេតុអ្វី​ព្រះវរបិតាសួគ៌​ចង់​ឲ្យ​សេចក្ដីពិត​របស់​ទ្រង់​ត្រូវ​បាន​បង្រៀន​ដោយ​ច្បាស់លាស់​ដូច្នេះ ? សមាជិក​គ្រួសារ​អាច​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត « ដ៏​ច្បាស់ និង​ពិសេសៗ » មួយ​ចំនួន​ដែល​ពួកគេ​បាន​រៀន​មក​ពី​ព្រះគម្ពីរ​មរមន ។

នីហ្វៃ​ទី ១ ១៤:១២–១៥

ហេតុអ្វី​ក៏​យើង « ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ » នៅពេល​យើង​រស់នៅ​ស្មោះត្រង់​តាម​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ​របស់​យើង ?

នីហ្វៃ​ទី ១ ១៥:៨–១១

តើ​មាន​បទពិសោធន៍​អ្វីខ្លះ​ដែល​គ្រួសារ​របស់​បងប្អូន​អាច​ចែកចាយ នៅពេល​ពួកគាត់​បាន « សូម​ដល់​ព្រះអម្ចាស់ » ? តើ​យើង​រៀន​អ្វីខ្លះ​មក​ពី​គំរូ​របស់​នីហ្វៃ ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

សូម​ប្រើ​ជំនួយ​ការសិក្សា ។ លេខ​យោង​ទាំងឡាយ សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ និង​ជំនួយ​ការ​សិក្សា​ដទៃទៀត ផ្ដល់​ជា​គំនិត​យោបល់​អំពី​បទគម្ពីរ​ទាំងឡាយ ។ ឧទាហរណ៍ តើ​លេខ​យោង​អ្វី​ខ្លះ​ជួយ​បងប្អូន​ឲ្យ​យល់​អំពី នីហ្វៃទី ១ ១៤:២០–២១ ?

ការនិមិត្ត​របស់​នីហ្វៃ​អំពី​ម៉ារា និង​ទារក​យេស៊ូវ

ការនិមិត្ត​របស់​នីហ្វៃ​អំពី​ម៉ារា ដោយ ជេមស៍ ចនសុន