« ថ្ងៃទី ៦–១២ ខែ មករា ។ នីហ្វៃទី១ ១–៧ ៖ ‹ ខ្ញុំនឹងទៅ ហើយធ្វើ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៦–១២ ខែ មករា ។ នីហ្វៃទី ១ ១–៧ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
លីហៃកំពុងធ្វើដំណើរនៅជិតនឹងសមុទ្រក្រហម ដោយ ហ្គែរី ស្ម៊ីធ
ថ្ងៃទី ៦–១២ ខែ មករា
នីហ្វៃទី ១ ១–៧
« ខ្ញុំនឹងទៅ ហើយធ្វើ »
នីហ្វៃបានកត់ត្រា « រឿងទាំងឡាយនៃព្រះ » ( នីហ្វៃទី ១ ៦:៣ ) ។ នៅពេលបងប្អូនសិក្សាកំណត់ត្រារបស់នីហ្វៃ សូមយកចិត្តទុកដាក់ទៅលើរឿងទាំងឡាយនៃព្រះដែលបងប្អូនរកឃើញ ជាពិសេសចំណាប់អារម្មណ៍ទាំងឡាយមកពីព្រះវិញ្ញាណ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
ព្រះគម្ពីរមរមន ចាប់ផ្ដើមជាមួយនឹងដំណើររឿងមួយអំពីគ្រួសារពិតមួយដែលជួបប្រទះនឹងបញ្ហាពិតៗ ។ វាបានកើតឡើងនៅ ៦០០ ឆ្នាំ ម.គ.ស ប៉ុន្តែមានរឿងជាច្រើនអំពីដំណើររឿងនេះ ដែលអាចស្ដាប់ទៅមានភាព ស្រដៀងគ្នានឹងក្រុមគ្រួសារមួយចំនួននៅបច្ចុប្បន្នផងដែរ ។ គ្រួសារនេះកំពុងរស់នៅក្នុងពិភពលោកមួយដែលមានសេចក្ដីទុច្ចរិតកាន់តែខ្លាំង ប៉ុន្តែព្រះអម្ចាស់បានសន្យានឹងពួកគេថា បើពួកគេនឹងធ្វើតាមទ្រង់ នោះទ្រង់នឹងដឹកនាំពួកគេទៅកន្លែងសុវត្ថិភាព ។ នៅតាមផ្លូវ ពួកគេជួបទាំងគ្រាល្អ និងគ្រាអាក្រក់ ពួកគេបានទទួលបានពរជ័យ និងជួបអព្ភូតហេតុអស្ចារ្យៗជាច្រើន ប៉ុន្តែពួកគេក៏មានការជជែក និងការឈ្លោះទាស់ទែងគ្នាច្រើនសមល្មមដែរ ។ វាកម្រមាននៅក្នុងព្រះគម្ពីរដែលសរសេរអំពីដំណើររឿងដ៏វែងអន្លាយរបស់គ្រួសារមួយក្នុងការព្យាយាមរស់នៅតាមដំណឹងល្អដូចជា ៖ ឪពុកពុះពារដើម្បីបំផុសសេចក្ដីជំនឿឲ្យមាននៅក្នុងគ្រួសាររបស់គាត់ ហើយកូនប្រុសៗសម្រេចចិត្តថាពួកគេគួរជឿតាមឪពុកឬទេ ឯម្ដាយភ័យខ្លាចចំពោះសុវត្ថិភាពរបស់កូនៗ ហើយបងប្អូនប្រឈមមុខនឹងការច្រណែន និងការទាស់ទែងគ្នា ហើយពេលខ្លះអភ័យទោសគ្នាទៅវិញទៅមក ។ សរុបសេចក្ដីទៅ មានអំណាចដ៏ពិតមួយនៅក្នុងការធ្វើតាមគំរូនៃសេចក្ដីជំនឿដែលគ្រួសារនេះបានបង្ហាញ—ទោះជាពួកគេពុំល្អឥតខ្ចោះក្ដី ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
គម្ពីរទាំងឡាយមានតម្លៃមហិមា ។
នៅក្នុងប្រាំមួយជំពូកដំបូងនៃព្រះគម្ពីរមរមន មានសេចក្ដីយោងជាច្រើនទៅនឹងគម្ពីរពិសិដ្ឋ កំណត់ត្រាពិសិដ្ឋ និងព្រះបន្ទូលនៃព្រះអម្ចាស់ ។ នៅពេលបងប្អូនអាន នីហ្វៃទី ១ ១–៦តើបងប្អូនរៀនអ្វីខ្លះថា ហេតុអ្វីព្រះបន្ទូលរបស់ព្រះ « មានតម្លៃមហិមា ? » (នីហ្វៃទី ១ ៥:២១) ។ តើវគ្គគម្ពីរទាំងនេះបង្រៀនបងប្អូនអ្វីខ្លះអំពីព្រះគម្ពីរទាំងឡាយ ? តើបងប្អូនរកឃើញអ្វីខ្លះដែលបំផុសគំនិតបងប្អូនឲ្យស្រាវជ្រាវបទគម្ពីរដោយការតាំងចិត្តកាន់តែខ្លាំងនោះ ?
សូមមើលផងដែរ « Scriptures Legacy » ( វីដេអូ ChurchofJesusChrist.org ) ។
ព្រះគម្ពីរមរមនថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
ការពិតចំពោះគោលបំណងដែលបានថ្លែងនៅក្នុងទំព័រចំណងជើង—ដើម្បីបញ្ចុះបញ្ចូលមនុស្សទាំងអស់ឲ្យជឿថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ— ព្រះគម្ពីរមរមនចាប់ផ្ដើមដោយការនិមិត្តដ៏អស្ចារ្យរបស់លីហៃអំពីព្រះអង្គសង្គ្រោះ ។ តើបងប្អូនរៀនអ្វីខ្លះ អំពីព្រះយេស៊ូវគ្រីស្ទតាមរយៈអ្វីដែលលីហៃមើលឃើញ ? តើកិច្ចការ « ដ៏អស្ចារ្យ និងមហិមា » របស់ព្រះអង្គសង្គ្រោះក្នុងជីវិតរបស់អ្នកមានអ្វីខ្លះ ? (នីហ្វៃទី ១ ១:១៤) ។
នៅពេលខ្ញុំព្យាយាមស្វែងរក ហើយទុកចិត្តលើព្រះអម្ចាស់ នោះទ្រង់អាចបន្ទន់ចិត្តរបស់ខ្ញុំ ។
ទោះជាលេមិន លេមយួល និងនីហ្វៃបានធំឡើងនៅក្នុងគ្រួសារតែមួយ ហើយមានបទពិសោធន៍ស្រដៀងគ្នាក្ដី ក៏មានការផ្ទុយគ្នាមួយរវាងរបៀបដែលពួកគេឆ្លើយតបទៅនឹងការដឹកនាំដ៏ទេវភាពដែលឪពុករបស់ពួកគេបានទទួលនៅក្នុងជំពូកនេះដែរ ។ នៅពេលបងប្អូនអាន នីហ្វៃទី ១ ២ សូមមើលបើសិនជាបងប្អូនអាចប្រាប់ថា ហេតុអ្វីដួងចិត្តរបស់នីហ្វៃត្រូវបានបន្ទន់ ខណៈដែលដួងចិត្តរបស់បងប្អូនរបស់គាត់ពុំបានបន្ទន់នោះ ។ បងប្អូនក៏អាចគិតផងដែរអំពីចម្លើយផ្ទាល់ខ្លួនរបស់បងប្អូនចំពោះការដឹកនាំមកពីព្រះអម្ចាស់ ទោះជាតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ឬព្យាការីរបស់ទ្រង់ក្ដី ។ តើនៅពេលណាដែលបងប្អូនទទួលអារម្មណ៍ថាព្រះអម្ចាស់បានបន្ទន់ដួងចិត្តរបស់បងប្អូន ដើម្បីបងប្អូនអាចកាន់តែមានឆន្ទៈទទួលយកការដឹកនាំ និងការប្រឹក្សារបស់ទ្រង់ ?
ព្រះនឹងរៀបចំផ្លូវមួយសម្រាប់ខ្ញុំដើម្បីធ្វើតាមព្រះឆន្ទៈរបស់ទ្រង់ ។
នៅពេលព្រះអម្ចាស់បានត្រាស់បង្គាប់ឲ្យលីហៃ និងគ្រួសាររបស់គាត់ឲ្យទៅយកផ្ទាំងលង្ហិនពីឡាបាន់ ទ្រង់ពុំបានផ្ដល់ការណែនាំជាក់លាក់អំពីរបៀបដើម្បីសម្រេចនូវការបង្គាប់នេះទេ ។ ជាញឹកញាប់ រឿងនេះគឺជាការពិតអំពីបទបញ្ញត្តិដទៃៗទៀត ឬវិវរណៈផ្ទាល់ខ្លួន ដែលយើងទទួលបានមកពីព្រះ ហើយរឿងនេះអាចនាំឲ្យយើងមានអារម្មណ៍ដូចជាទ្រង់បានតម្រូវ « ឲ្យធ្វើការដ៏លំបាក » ( នីហ្វៃទី ១ ៣:៥ ) ។ តើមានអ្វីខ្លះដែលបានបំផុសគំនិតដល់បងប្អូនអំពីចម្លើយរបស់នីហ្វៃចំពោះព្រះបង្គាប់របស់ព្រះអម្ចាស់ ដែលមាននៅក្នុង នីហ្វៃទី ១ ៣:៧, ១៥–១៦ ? តើមានអ្វីដែលបងប្អូនមានអារម្មណ៍ថាត្រូវ « ទៅ ហើយធ្វើ » ឬទេ ?
នៅពេលបងប្អូនសិក្សា នីហ្វៃទី ១ ១–៧ សូមរកមើលរបៀបដែលព្រះបានរៀបចំផ្លូវសម្រាប់លីហៃ និងគ្រួសាររបស់គាត់ ។ តើទ្រង់បានធ្វើដូចនេះចំពោះបងប្អូនដោយរបៀបណា ?
សូមមើលផងដែរ សុភាសិត ៣:៥–៦; នីហ្វៃទី ១ ១៧:៣; « គោរពប្រតិបត្តិ » ប្រធានបទដំណឹងល្អ topics.ChurchofJesusChrist.org; បណ្ដុំវីដេអូអំពីព្រះគម្ពីរមរមននៅលើ ChurchofJesusChrist.org ឬ កម្មវិធីបណ្ណាល័យដំណឹងល្អ ។
នីហ្វៃទី ១ ៤:១–៣; ៥:១–៨, ៧:៦–២១
សូមចងចាំថា កិច្ចការទាំងឡាយរបស់ព្រះអម្ចាស់អាចផ្ដល់សេចក្ដីជំនឿដល់ខ្ញុំដើម្បីគោរពតាមបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។
នៅពេលលេមិន និងលេមយួល មានអារម្មណ៍ដូចជារអ៊ូរទាំ ជាធម្មតាពួកគេមាននីហ្វៃ និងលីហៃនៅជិតលើកទឹកចិត្ត ហើយដាស់តឿនដល់ពួកគេ ។ នៅពេលបងប្អូនមានអារម្មណ៍ដូចជារអ៊ូរទាំ ការអានពាក្យសម្ដីរបស់នីហ្វៃ និងលីហៃ អាចផ្ដល់ជាការប្រឹក្សា និងទស្សនវិស័យដ៏មានតម្លៃដល់បងប្អូន ។ តើនីហ្វៃ និងលីហៃបានព្យាយាមជួយសមាជិកគ្រួសាររបស់ពួកគេឲ្យស្ថាបនាសេចក្ដីជំនឿទៅលើព្រះដោយរបៀបណា ? ( សូមមើល នីហ្វៃទី ១ ៤:១–៣; ៥:១–៨; ៧:៦–២១) ។ តើបងប្អូនរៀនអ្វីខ្លះមកពីគំរូរបស់ពួកគាត់ ដែលអាចជួយបងប្អូននៅលើកក្រោយ នៅពេលបងប្អូនត្រូវបានល្បួងឲ្យរអ៊ូរទាំ ឬបះបោរនោះ ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
នីហ្វៃទី ១ ១–៧
នៅក្នុង នីហ្វៃទី ១ ១–៧ ទាំងមូល បងប្អូនអាចលើកទឹកចិត្តដល់សមាជិកគ្រួសារឲ្យកត់សម្គាល់អំពីការប្រាស្រ័យទាក់ទងរវាងសមាជិករបស់ក្រុមគ្រួសារលីហៃ និងសារ៉ាយ ។ តើយើង អាចរៀនអ្វីខ្លះតាមរយៈទំនាក់ទំនងទាំងនេះ ដើម្បីអាចជួយគ្រួសាររបស់យើង ?
នីហ្វៃ និងគ្រួសាររបស់គាត់ ឲ្យតម្លៃដល់ពាក្យសម្ដីរបស់ពួកព្យាការី ។
នីហ្វៃទី ១ ២:២០
គោលការណ៍នៅក្នុង នីហ្វៃទី ១ ២:២០ ត្រូវបានលើកឡើងដដែលៗជាញឹកញាប់ នៅពេញព្រះគម្ពីរមរមន ។ តើសមាជិកគ្រួសាររបស់បងប្អូនអាចអនុវត្តវានៅក្នុងជីវិតរបស់ពួកគេ នៅពេលបងប្អូនសិក្សាព្រះគម្ពីរមរមនជាមួយគ្នាក្នុងឆ្នាំនេះយ៉ាងដូចម្ដេច ? ប្រហែលជាបងប្អូនអាចធ្វើជាបដាមួយជាមួយគ្នាដែលបង្ហាញពីការសន្យារបស់ព្រះអម្ចាស់នៅក្នុងខគម្ពីរនេះ ហើយដាក់តាំងវានៅក្នុងគេហដ្ឋានរបស់បងប្អូន ។ វាអាចធ្វើជាអ្នករំឭកមួយឲ្យពិភាក្សាម្ដងម្កាលអំពីរបៀបដែលបងប្អូនបានមើលឃើញព្រះអម្ចាស់ចម្រើនដល់គ្រួសាររបស់បងប្អូន នៅពេលបងប្អូនបានរក្សាបទបញ្ញត្តិទាំងឡាយរបស់ទ្រង់នោះ ។ សូមពិចារណាអំពីការកត់ចំណាំបទពិសោធន៍ទាំងនេះនៅលើបដា ។
នីហ្វៃទី ១ ២:១១–១៣; ៣:៥–៧
ប្រហែលជាគ្រួសាររបស់បងប្អូននឹងទទួលប្រយោជន៍មកពី ការកត់ចំណាំនូវភាពខុសគ្នារវាងចម្លើយរបស់លេមិន និងលេមយួលចំពោះព្រះបង្គាប់របស់ព្រះអម្ចាស់ និងចម្លើយរបស់នីហ្វៃ ។ តើយើងអាចរៀនអ្វីខ្លះមកពី នីហ្វៃទី ១ ២:១១–១៣, ៣:៥–៧ អំពីការរអ៊ូរទាំ ? តើមានពរជ័យអ្វីខ្លះនឹងកើតមានឡើង នៅពេលយើងអនុវត្តសេចក្ដីជំនឿ ?
នីហ្វៃទី ១ ៣:១៩–២០, ៥:១០–២២, ៦
ខគម្ពីរទាំងនេះអាចបំផុសគំនិតគ្រួសាររបស់បងប្អូនឲ្យរក្សាកំណត់ត្រាអំពីព្រឹត្តការណ៍ និងបទពិសោធន៍សំខាន់ៗនានានៅក្នុងជីវិតរបស់បងប្អូន ។ ប្រហែលជាបងប្អូនអាចចាប់ផ្ដើមធ្វើសៀវភៅកំណត់ហេតុគ្រួសារ ស្រដៀងគ្នាទៅនឹងកំណត់ត្រាដែលនីហ្វៃ និងលីហៃបានរក្សាទុកអំពី បទពិសោធន៍របស់គ្រួសារពួកគាត់ ។ តើបងប្អូនអាចដាក់បញ្ចូលអ្វីខ្លះនៅក្នុងកំណត់ត្រាគ្រួសារ ?
នីហ្វៃទី ១ ៧:១៩–២១
តើយើងមានចំណាប់អារម្មណ៍អ្វីខ្លះអំពីគំរូរបស់នីហ្វៃនៅក្នុងខគម្ពីរទាំងនេះ ? តើគ្រួសាររបស់យើងត្រូវបានប្រទានពរយ៉ាងដូចម្ដេច នៅពេលយើង « អភ័យទោសដោយស្មោះអស់ពីចិត្ត » ដល់គ្នាទៅវិញទៅមក ?
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនកុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ។
ការកែលម្អការបង្រៀនរបស់យើង
សិក្សាព្រះគម្ពីរដោយខ្ជាប់ខ្ជួន ។ គន្លឹះមួយដើម្បីបង្រៀននៅក្នុងគេហដ្ឋានប្រកបដោយអត្ថន័យ គឺបង្កើតឲ្យមានឱកាសរៀនសូត្រដ៏ជាប់លាប់ក្នុងគ្រួសាររបស់បងប្អូន ។ ប្រធាន ថូម៉ាស អេស ម៉នសុន បានបង្រៀន « វគ្គសិក្សាខ្លីៗស្ទើរតែមិនទទួលបានប្រសិទ្ធភាពខ្លាំងដូចជាការអាន និងការអនុវត្តបទគម្ពីរនៅក្នុងជីវិតរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃនោះទេ » ( « Be Your Best SelfEnsignឬ Liahonaខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៦៨ ) ។
ខ្ញុំបានគោរពតាមសំឡេងរបស់ព្រះវិញ្ញាណ ដោយ វ៉លធើរ រ៉េន