« ថ្ងៃទី ៦–១២ ខែ មករា ។ នីហ្វៃទី ១ ១–៧ ៖ ‹ ខ្ញុំនឹងទៅ ហើយធ្វើ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ឆ្នាំ ២០២០ )
« ថ្ងៃទី ៦–១២ ខែ មករា ។ នីហ្វៃទី ១ ១–៧ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២០
ថ្ងៃទី ៦–១២ ខែ មករា
នីហ្វៃទី ១ ១–៧
« ខ្ញុំនឹងទៅ ហើយធ្វើ »
នៅពេលអ្នកអាន នីហ្វៃទី ១ ១–៧ សូមគិតអំពីខគម្ពីរ, បទពិសោធន៍, សំណួរ និងធនធាននានា ដែលអ្នកទទួលអារម្មណ៍បំផុសគំនិតឲ្យប្រើដើម្បីបង្រៀនកុមារ ។ សកម្មភាពនៅក្នុងគម្រោងមេរៀននេះអាចបត់បែនតាមកុមារធំៗ ឬតូចៗបាន ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
កុមារមួយចំនួននៅក្នុងថ្នាក់របស់អ្នកអាចធ្លាប់បានឮ ឬអានអំពីបទពិសោធន៍របស់គ្រួសារលីហៃនៅក្នុង នីហ្វៃទី ១ ១–៧ ។ សូមអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេដឹង ។ ប្រសិនបើកុមារពុំដឹងច្រើនអំពីបទពិសោធន៍របស់នីហ្វៃទេ សូមផ្តល់ឱកាសមួយឲ្យពួកគេនៅចុងមេរៀនដើម្បីចែកចាយអ្វីដែលពួកគេបានរៀន ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ខ្ញុំត្រូវការទីបន្ទាល់ផ្ទាល់ខ្លួនខ្ញុំ ។
នីហ្វៃបានជឿលើពាក្យសម្តីរបស់ឪពុកលោក ដោយសារលោកមានបំណងប្រាថ្នាចង់ដឹងដោយខ្លួនលោក ហើយលោកបានអធិស្ឋានទូលទៅព្រះអម្ចាស់ ។ សូមជួយកុមារឲ្យរៀនចេញពីបទពិសោធន៍របស់លោក ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមយកប្រអប់បិទជិតមួយដែលមានដាក់រូបព្រះអង្គសង្គ្រោះនៅក្នុងនោះ ហើយឲ្យកុមារម្នាក់ៗ រកមើលដោយខ្លួនគេផ្ទាល់នូវអ្វីដែលមាននៅក្នុងប្រអប់នោះ ។ សូមប្រាប់កុមារថា នីហ្វៃចង់មានទីបន្ទាល់ផ្ទាល់ខ្លួនលោកថា ព្រះអម្ចាស់បានត្រាស់បញ្ជាឲ្យគ្រួសាររបស់លោកចាកចេញពីទីក្រុងយេរូសាឡិម ។ សូមឲ្យកុមារស្ដាប់រកអ្វីដែលនីហ្វៃបានធ្វើដើម្បីទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនរបស់លោក នៅពេលអ្នកអាន នីហ្វៃទី ១ ២:១៦ ។ សូមថ្លែងទីបន្ទាល់ថា គឺដូចជាយើងម្នាក់ៗត្រូវតែបើកប្រអប់ដើម្បីដឹង ថាមានអ្វីនៅក្នុងនោះ នោះយើងទាំងអស់គ្នាក៏ត្រូវទូលសូមដល់ព្រះដើម្បីទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនយើងដែរ ។
-
សូមយករូបភាព ឬវត្ថុដែលតំណាងឲ្យអ្វីដែលកុមារអាចស្វែងរកទីបន្ទាល់មួយ ដូចជា រូបភាពព្រះយេស៊ូវគ្រីស្ទ ព្រះគម្ពីរមរមន ឬរូបភាពនៃព្យាការីនៅរស់ ។ សូមអញ្ជើញកុមារឲ្យជ្រើសរើសរូបភាព ឬវត្ថុមួយ ហើយចែកចាយទីបន្ទាល់របស់ពួកគេអំពីការណ៍ទាំងនោះជាមួយសិស្សក្នុងថ្នាក់ ។
ព្រះនឹងជួយខ្ញុំឲ្យគោរពបទបញ្ញត្តិរបស់ទ្រង់ ។
តើអ្នកអាចប្រើដំណើររឿងទាំងនេះ ដើម្បីជួយកុមារឲ្យយល់ថា ព្រះជួយយើងឲ្យគោរពបទបញ្ញត្តិរបស់ទ្រង់ ទោះបីនៅពេលយើងហាក់ដូចជាលំបាកនឹងគោរពតាមយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន នីហ្វៃទី ១ ២:២–៤ ឲ្យកុមារស្តាប់ ហើយសូមបង្ហាញរូបភាពពីរបីនៃវត្ថុនានា ដែលគ្រួសារលីហៃអាចយកទៅជាមួយពួកគេនៅក្នុងទីរហោស្ថានដូចជា ត្រសាល ភួយ និងធ្នូ ព្រមទាំងព្រួញ ។ សូមឲ្យពួកគេស្រមៃថា តើពួកគេនឹងមានអារម្មណ៍យ៉ាងណាទៅ ប្រសិនបើពួកគេត្រូវចាកចេញពីផ្ទះរបស់ខ្លួន ហើយទៅក្នុងទីរហោស្ថាននោះ ។ តើព្រះអម្ចាស់សុំឲ្យយើងធ្វើអ្វីខ្លះ ដើម្បីគោរពតាមទ្រង់នាបច្ចុប្បន្ននេះ ?
-
សូមជួយកុមារឲ្យផាត់ពណ៌ ហើយកាត់ក្រដាសរូបភាពចេញពីទំព័រសកម្មភាពប្រចាំសប្តាហ៍នេះ បន្ទាប់មកសូមឲ្យពួកគេប្រើរូបក្រដាសនោះ ដើម្បីសង្ខេបអំពីដំណើររឿងរបស់នីហ្វៃ និងបងៗរបស់លោកដែលបានទៅយកផ្ទាំងលង្ហិន ( សូមមើល នីហ្វៃទី ១ ៣–៤ ) ។ ចម្រៀងបទ « ភាពក្លាហានរបស់នីហ្វៃ » ( សៀវភៅចម្រៀងកុមារទំព័រ ៦៤–៦៥ ) និង « ជំពូកទី ៤ ៖ ផ្ទាំងលង្ហិន » ( ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ២០–២៧, សូមមើលផងដែរនូវវីដេអូដូចគ្នានេះនៅលើគេហទំព័រ ChurchofJesusChrist.org) អាចជួយអ្នកឲ្យប្រាប់ពីរឿងនេះ ។
-
សូមប្រើ រូបភាព ១០៣–១១៥ នៅក្នុង សៀវភៅរូបភាពដំណឹងល្អ ដើម្បីជួយកុមារឲ្យគិតអំពីអ្វីដែលព្រះអម្ចាស់បានត្រាស់បង្គាប់ឲ្យយើងធ្វើ ។ តើយើងមានពរយ៉ាងណា នៅពេលយើងគោរពទ្រង់ ? សូមជួយពួកគេឲ្យតុបតែងស្លាកឈ្មោះដើម្បីពាក់វាដែលមានឃ្លាថា ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់បានបញ្ជា ( នីហ្វៃទី ១ ៣:៧ ) ។ សូមសូត្រឃ្លានេះដដែលៗឲ្យបានបីបួនដងរួមគ្នា ។
ព្រះគម្ពីរគឺជារតនសម្បត្តិដ៏មានតម្លៃមួយ ។
តើអ្នកអាចជួយបំផុសគំនិតកុមារឲ្យផ្តល់តម្លៃលើព្រះគម្ពីរ ឬព្រះបន្ទូលរបស់ព្រះដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញកុមារនូវអ្វីមួយ ( ឬរូបភាពនៃអ្វីមួយ ) ដែលមានតម្លៃខ្លាំងចំពោះអ្នក ។ សូមនិយាយអំពីរបៀបដែលអ្នកប្រព្រឹត្តចំពោះវត្ថុនោះ និងរបៀបដែលអ្នកមើលថែវា ។ សូមពន្យល់ថា ចំពោះគ្រួសាររបស់លីហៃ ព្រះគម្ពីរមានតម្លៃខ្លាំងណាស់ គឺដូចជារតនសម្បត្តិមួយដែរ ។
-
សូមអញ្ជើញកុមារឲ្យជួយអ្នកប្រាប់ ឬសម្តែងអ្វីដែលនីហ្វៃ និងបងៗរបស់លោកបានធ្វើ ដើម្បីទទួលផ្ទាំងលង្ហិន ៖ នៅពេលពួកគេបានធ្វើដំណើរទៅឆ្ងាយ បោះបង់មាស និងប្រាក់របស់ពួកគេចោល ហើយលាក់ខ្លួននៅក្នុងរូងភ្នំដើម្បីរួចជីវិត ។ សូមអាន នីហ្វៃទី ១ ៥:២១ ។ ហេតុអ្វីព្រះគម្ពីរមានតម្លៃខ្លាំងម៉្លេះចំពោះគ្រួសាររបស់លីហៃ ? តើយើងអាចប្រព្រឹត្តចំពោះព្រះគម្ពីរដូចជារតនសម្បត្តិយ៉ាងដូចម្តេច ?
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ខ្ញុំអាចមានទីបន្ទាល់ផ្ទាល់ខ្លួន ។
តើអ្នករៀនអ្វីខ្លះមកពីគំរូរបស់នីហ្វៃអំពីការទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នក ? តើអ្នកអាចជួយកុមារឲ្យរៀនសូត្រចេញពីគំរូរបស់លោកដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារស្រាវជ្រាវ នីហ្វៃទី ១ ២:១៦, ១៩ ដើម្បីដឹងអំពីរបៀបដែលនីហ្វៃបានទទួលទីបន្ទាល់អំពីពាក្យសម្តីរបស់ឪពុកលោក ។ សូមអញ្ជើញពួកគេឲ្យសរសេរសកម្មភាពរបស់នីហ្វៃនៅលើដុំឈើ ឬវត្ថុផ្សេងទៀត បន្ទាប់មកសាងសង់អ្វីមួយជាមួយនឹងវត្ថុនោះ ដើម្បីតំណាងឲ្យរបៀបដែលវត្ថុទាំងនោះជួយយើងឲ្យស្ថាបនាទីបន្ទាល់ ។
-
សូមប្រាប់កុមារអំពីរបៀបទីបន្ទាល់របស់អ្នកអំពីដំណឹងល្អបានកើនឡើង ។ សូមអញ្ជើញពួកគេឲ្យចែកចាយបទពិសោធន៍ស្រដៀងគ្នានេះដែលពួកគេមាន ហើយសូមលើកទឹកចិត្តពួកគេឲ្យធ្វើតាមគំរូរបស់នីហ្វៃ ដើម្បីបន្តស្ថាបនាទីបន្ទាល់របស់ពួកគេ ។ តើការមានទីបន្ទាល់ផ្ទាល់ខ្លួនរបស់យើងជួយយើងដោយរបៀបណា ?
ខ្ញុំអាចឆ្លើយតបដោយសេចក្តីជំនឿចំពោះបទបញ្ញត្តិទាំងឡាយរបស់ព្រះអម្ចាស់ ។
ការអភិវឌ្ឍឥរិយាបថដូចជានីហ្វៃនឹងជួយកុមារ នៅពេលព្រះអម្ចាស់សុំឲ្យពួកគេធ្វើអ្វីមួយដែលហាក់ដូចជាលំបាក ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមចែកសិស្សជាពីរក្រុម ។ សូមអញ្ជើញឲ្យក្រុមមួយអានចម្លើយរបស់លេមិន និងលេមយួលទៅកាន់លីហៃ ( សូមមើល នីហ្វៃទី ១ ៣:២–៥ ) ហើយក្រុមផ្សេងទៀតអានចម្លើយរបស់នីហ្វៃ ( សូមមើល នីហ្វៃ ១ ៣:២–៤, ៧ ) ។ សូមអញ្ជើញកុមារឲ្យសម្តែងធ្វើជាលីហៃ ហើយសូមឲ្យកុមារផ្សេងទៀតសម្តែងធ្វើជាត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ ដើម្បីទៅយកផ្ទាំងលង្ហិន ។ សូមអញ្ជើញក្រុមនីមួយៗឲ្យឆ្លើយតបជាពាក្យសម្តីរបស់ពួកគេផ្ទាល់ ដូចជាពួកគេគឺជាមនុស្សដែលពួកគេបានអានដែរ ។ តើមានអ្វីខ្លះដែលព្រះបានត្រាស់បង្គាប់ឲ្យយើងធ្វើ ? តើយើងអាចក្លាយដូចជានីហ្វៃយ៉ាងដូចម្តេច ?
-
សូមច្រៀងចម្រៀងមួយបទជាមួយគ្នាអំពីការគោរពប្រតិបត្តិ ដូចជា « ភាពក្លាហានរបស់នីហ្វៃ » ឬ « រក្សាបទបញ្ញត្តិ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦៤–៦៥, ៦៨–៦៩ ) ហើយសូមឲ្យកុមារស្តាប់រកឃ្លាដែលបង្រៀនអំពីរបៀបដែលយើងគួរតែឆ្លើយតបទៅកាន់ព្រះអម្ចាស់ ។
ព្រះវិញ្ញាណបរិសុទ្ធនឹងដឹកនាំខ្ញុំ នៅពេលខ្ញុំព្យាយាមធ្វើតាមព្រះទ័យរបស់ព្រះអម្ចាស់ ។
នីហ្វៃបានធ្វើតាមព្រះវិញ្ញាណ « ដោយមិនដឹងជាមុនសោះឡើយថា តើ [ លោក ] នឹងត្រូវធ្វើអ្វីខ្លះ » ( នីហ្វៃទី ១ ៤:៦ ) ។ តើអ្នកអាចជួយកុមារដែលអ្នកបង្រៀនឲ្យស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យសម្តែងរឿងអំពីនីហ្វៃ និងបងៗរបស់លោក កាលព្យាយាមទៅយកផ្ទាំងលង្ហិន ( សូមមើល នីហ្វៃទី ១ ៣–៤ ) ។ សូមអញ្ជើញកុមារឲ្យអាន នីហ្វៃទី ១ ៤:៦ ហើយសូមឲ្យសិស្សក្នុងថា្នក់ស្តាប់រកអ្វីដែលនីហ្វៃបានធ្វើ ដែលធ្វើឲ្យពួកគេបានទទួលជោគជ័យ ។
-
សូមចែកចាយជាមួយកុមារនូវគំរូមួយចំនួនអំពីអ្វីដែលព្រះសព្វព្រះទ័យឲ្យពួកគេធ្វើ ដូចជាធ្វើជាមិត្តនឹងនរណាម្នាក់នៅសាលារៀនដែលហាក់ដូចជាឯកោ អភ័យទោសឲ្យបងប្អូនបង្កើត ឬប្រាប់ការពិតបន្ទាប់ពីធ្វើខុស ។ សូមឲ្យកុមារចែកចាយអំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធអាចជួយពួកគេនៅក្នុងស្ថានភាពទាំងនោះ ។ តើយើងអាចយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យជួយយើងគោរពតាមព្រះដោយរបៀបណា ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យចែកចាយជាមួយគ្រួសាររបស់ពួកគេ ពេលដែលពួកគេបានទទួលពរដោយសារការគោរពបទបញ្ញត្តិ ។ សូមលើកទឹកចិត្តពួកគេឲ្យសូមដល់សមាជិកគ្រួសារពួកគេចែកចាយបទពិសោធន៍ស្រដៀងគ្នានោះផងដែរ ។