ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ១៣–១៩ ខែ មករា នីហ្វៃ​ទី ១ ៨–១០ ៖ « មក​ទទួល​ទាន​ផ្លែឈើ​នោះ »


« ថ្ងៃ​ទី ១៣–១៩ ខែ មករា នីហ្វៃ​ទី ១ ៨–១០ ៖ ‹ មក​ទទួល​ទាន​ផ្លែឈើ​នោះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ១៣–១៩ ខែ មករា នីហ្វៃ​ទី ១ ៨–១០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២០

ការនិមិត្ត​របស់​លីហៃ​អំពី​ដើម​ជីវិត

សុបិន​របស់​លីហៃ ដោយ ស្ទីវិន អែលឡយ ណែល

ថ្ងៃ​ទី ១៣–១៩ ខែ មករា

នីហ្វៃ​ទី ១ ៨–១០

« មក​ទទួល​ទាន​ផ្លែឈើ​នោះ »

ក្រៅពី​ការមើល​ឃើញ​ខ្លួន​របស់​អ្នក​នៅក្នុង​ការនិមិត្ត​របស់លីហៃ សូម​ព្យាយាម​មើល​ឃើញ​កុមារ​ដែល​អ្នក​បង្រៀន​នៅក្នុង​នោះ​ផងដែរ ។ តើ​ការនិមិត្ត​នេះ​អនុវត្ត​ចំពោះពួកគេ​យ៉ាង​ដូចម្ដេច ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ទាក់ទង​កុមារ​ពីរ​បី​នាក់​ជា​មុន ហើយ​សូមឲ្យ​ពួកគេ​គិតអំពី​បទពិសោធន៍ ឬ​ខគម្ពីរ​នានា ដែល​ពួកគេ​អាច​ចែកចាយ​ ដែល​បាន​ជួយ​ពួកគេ​ឲ្យ​ទទួល​សេចក្តីស្រឡាញ់​នៃ​ព្រះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

នីហ្វៃទី ១ ៨:២, ៥–៣៤

ព្រះបន្ទូល​នៃ​ព្រះ​ដឹកនាំ​ខ្ញុំ​ទៅរក​ព្រះ ហើយ​ជួយ​ខ្ញុំ​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ទ្រង់ ។

នៅក្នុង​ការនិមិត្ត​របស់​លីហៃ យើង​ត្រូវបាន​អញ្ជើញ​ឲ្យ​ទទួលទាន​នូវ​សេចក្តីស្រឡាញ់​របស់​ព្រះ ដែល​មាន​ដើម​ឈើ និង​ផ្លែ​របស់​វា​ជានិមិត្តរូប ។ តើ​អ្នក​អាច​ជួយ​កុមារ​ឲ្យ​ទទួល​យក​ការអញ្ជើញ​នេះ​ដោយ​របៀបណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ជួយ​អ្នក​ប្រាប់​រឿង​អំពី​ការនិមិត្ត​របស់​លីហៃ​មក​ពី នីហ្វៃ​ទី ១ ៨:១០–៣៤ ។ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ស្រមៃ​ឃើញអំពី​រឿងនេះ អ្នក​អាច​បង្ហាញ​រូបភាព​ការនិមិត្ត​របស់​លីហៃ ( សូមមើល គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ) ឬ​រូបភាព​នៅក្នុង « ជំពូកទី ៦ ៖ សុបិនរបស់លីហៃ » ( ដំណើរ​រឿង​ព្រះគម្ពីរ​មរមន ៣៤–៣៦ ឬវីដេអូ​ដែល​ដូចគ្នា​នេះ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​ប្រាកដ​ថា កុមារ​ដឹង​ថា ដំបង​ដែក​តំណាង​ឲ្យ​បន្ទូល​របស់​ព្រះ ដែល​យើង​អាន​នៅ​ក្នុង​ព្រះគម្ពីរ និង​ស្ដាប់​ឮ​ពី​ពួកព្យាការី​ដែល​នៅរស់ ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា ដើម​ឈើ​តំណាង​ឲ្យ​សេចក្តីស្រឡាញ់​របស់​ព្រះ​សម្រាប់​ពួកយើង ។

  • សូម​យក​ខ្សែ​មួយ​ដែល​តំណាង​ឲ្យ​ដំបង​ដែក​នៅក្នុងការនិមិត្ត​របស់​លីហៃ ។ សូម​ឲ្យ​កុមារ​កាន់​វា នៅពេល​អ្នក​ដឹកពួកគេ​ជុំវិញបន្ទប់ ទៅកាន់​រូបភាព​នៃដើម​ឈើ ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា បន្ទូល​របស់​ព្រះ​នាំ​ឲ្យ​យើង​ខិត​ជិត​ទៅ​ទ្រង់ គឺ​ដូចជា​ខ្សែ​ដែល​តំណាង​ឲ្យ​ដំបងដែក​ដែល​បាន​នាំ​យើង​ទៅ​ដើមនោះ​ដែរ ។ ដើម្បី​បង្ហាញ​ថា ដើម​ឈើ​តំណាង​ឲ្យ​សេចក្តីស្រឡាញ់​នៃ​ព្រះ អ្នក​អាច​បង្ហាញ​រូបភាព​នៃ​អ្វីៗ​ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង ដែល​បង្ហាញ​អំពី​សេចក្តីស្រឡាញ់​របស់​ទ្រង់​សម្រាប់​យើង ដូចជា ព្រះអង្គសង្គ្រោះ ក្រុមគ្រួសារ​របស់យើង និង​ពិភពលោក​ដ៏ស្រស់ស្អាត​នេះ ។

  • សូមយក​ផ្លែ​ឈើ​មួយ​ចំនួន​ដែល​មាន​រូប​បេះដូង​បិទ​ភ្ជាប់​ជាមួយ​វា ។ សូម​ឲ្យ​ផ្លែឈើ​មួយ​ចំណិត​ទៅ​កុមារ​ភ្លក់ ហើយ​សួរ​ពួកគេ​អំពី​ផ្លែឈើ​ដែល​ពួកគេ​ចូលចិត្ត ។ សូម​ពន្យល់​ថា ដើម​ឈើ​នៅក្នុង​ការនិមិត្ត​របស់​លីហៃ​មាន​ផ្លែ​ដែល​មាន​រសជាតិ​ផ្អែម​បំផុត ដែល​លោក​ធ្លាប់​បាន​ភ្លក់ ហើយ​វាបានបំពេញ​ព្រលឹង​របស់​លោក​ដោយ​អំណរ ។ គឺ​ដូចជា​ផ្លែឈើ​ដ៏​មាន​រសជាតិ​ផ្អែម​ដែល​ធ្វើ​ឲ្យ​យើង​រីករាយ​ដែរ នោះ​យើង​នឹង​ទទួល​អារម្មណ៍​រីករាយ នៅពេលយើង​ធ្វើ​តាម​ព្រះយេស៊ូវ ហើយ​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌​ម្តង​ទៀត ។

  • សូម​អាន នីហ្វៃទី ១ ៨:១២ ហើយ​អញ្ជើញ​កុមារ​ឲ្យ​ស្តាប់​ដោយ​យកចិត្ត​ទុកដាក់​រកមើល​នូវ​អ្វី​ដែល​លីហៃ​ចង់​ធ្វើ បន្ទាប់​ពី​លោក​បាន​ភ្លក់​ផ្លែឈើ​នោះ ។ សូម​ឲ្យ​កុមារ​ឆ្លាស់​វេន​គ្នា​សម្តែង​ធ្វើ​ជា​លីហៃ ដោយ​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យមក​ទទួល​ទាន​ផ្លែឈើ​នោះ ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​មក ហើយ​រីករាយ​នឹង​ពរជ័យ​នៃ​ដំណឹងល្អ​ជាមួយ​យើង ?

នីហ្វៃ​ទី ១ ១០:១៧, ១៩

ព្រះ​នឹងបើក​សម្ដែង​សេចក្ដី​ពិត​ដល់​ខ្ញុំ ដោយ​ព្រះចេស្ដា​នៃ​ព្រះ​វិញ្ញាណបរិសុទ្ធ ។

បន្ទាប់​ពី​ស្តាប់​ឮ​ការនិមិត្ត​របស់​ឪពុក​លោក​រួច នីហ្វៃ​មាន​បំណង​ប្រាថ្នា​មួយ​ដែលយើង​ទាំងអស់គ្នា​គួរតែមាន—គឺ​បំណង​ប្រាថ្នា​ដើម្បី​ដឹង​នូវ​សេចក្តីពិត​ដោយ​ខ្លួន​លោក​ផ្ទាល់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូមអាន នីហ្វៃ​ទី ១ ១០:១៩ ហើយ​អញ្ជើញ​កុមារ​ឲ្យ​លើកដៃ​របស់​ពួកគេ នៅពេល​ពួកគេ​ឮ​ពាក្យ « បើក​បង្ហាញ » និង « ព្រះ​វិញ្ញាណ​បរិសុទ្ធ » ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ពីខគម្ពីរ​នេះ ដែល​បង្រៀន​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​យើង​ឲ្យ​ដឹង​ចម្លើយ​ចំពោះ​សំណួរ​របស់​យើង ។ ដើម្បី​ជួយ​កុមារ​ឲ្យ​ស្រមៃ​ឃើញ​អំពី​អត្ថន័យ​ដែល​ថា សេចក្តីពិត​ត្រូវបាន « បើក​បង្ហាញ » សូម​យក​ភួយ​ដែល​បត់​មួយ​មក ហើយ​ដាក់​រូបភាព​មួយ​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ភួយ​នោះ ហើយ​សូម​ឲ្យ​កុមារ​លា​ភួយ​នោះ ។

  • សូម​ច្រៀង​ចម្រៀង​ជាមួយ​កុមារ​អំពី​ការស្វែងរក​សេចក្តីពិត ដូចជា​បទ « ​ស្វែងរក គិត អធិស្ឋាន » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦៦ ) ។ សូម​បង្ហាញ​រូបភាព​នានា​ដែល​បង្ហាញ​អំពីពាក្យ​នៅក្នុង​ចម្រៀង​នោះ ដើម្បី​ជួយ​កុមារ​ឲ្យ​ចាំ​អំពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​យើង ។

  • សូម​គិត​ពី​ការ​ចែកចាយ​បទពិសោធន៍​មួយ នៅពេល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​អ្នក​ឲ្យ​ដឹង​អំពី​អ្វី​មួយ​ដែល​ពិត ។ សូម​ប្រាប់​កុមារ​ពី​មូលហេតុ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​មក​កាន់​អ្នក ។

រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

នីហ្វៃទី ១ ៨:២, ៥–៣៤

ព្រះបន្ទូល​នៃ​ព្រះ​ដឹកនាំ​ខ្ញុំ​ទៅរក​ព្រះ ហើយ​ជួយ​ខ្ញុំ​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ទ្រង់ ។

នៅពេល​កុមារ​នៅក្នុង​ថ្នាក់​របស់​អ្នក​រៀន​អំពី​ការនិមិត្ត​របស់​លីហៃ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សិក្សា​បន្ទូល​នៃ​ព្រះ ហើយ​ចែកចាយ​សេចក្តីស្រឡាញ់​នៃ​ព្រះជាមួយ​មនុស្ស​ដទៃ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • នៅពេល​កុមារ​អាន​ខគម្ពីរ​ដែល​បាន​ជ្រើសរើស​មក​ពី នីហ្វៃ​ទី ១ ៨ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ព័ត៌មាន​លម្អិត​មក​ពី​ខគម្ពីរ​ទាំង​នោះ​នៅក្នុង​រូបភាព​នៃ​ការនិមិត្ត​របស់​លីហៃ ( ដូចជា​រូបភាព​មួយ​នៅក្នុង គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ) ។ ឬ​សូម​ឲ្យ​ពួកគេ​គូរ​រូបភាព​នៅ​លើ​ក្ដារខៀន​អំពី​ព័ត៌មាន​លម្អិត​ដែល​ពួកគេ​បាន​អាន ។ បន្ទាប់​មក សូម​ជួយ​កុមារឲ្យ​រកមើល​អ្វី​ដែល​តំណាង​ឲ្យ​និមិត្តរូប​នៅក្នុង​សុបិន​នោះ ( សូមមើល នីហ្វៃ​ទី ១ ១១:២១–២២; ១២:១៦–១៨; ១៥:២៣–៣៣, ៣៦ ) ។

  • ប្រសិនបើ​អាច សូម​យក​បំណែក​ដែក​មួយ ឬ​លោហធាតុ​ផ្សេង​ទៀត​មក​ថ្នាក់​រៀន ហើយ​អញ្ជើញ​កុមារ​ឲ្យ​ពិពណ៌នា​អំពី​វត្ថុធាតុ​មួយ​ចំនួន​របស់​វា និង​អ្វីៗ​ដែល​វា​អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ធ្វើ​វត្ថុ​នានា ។ តើ​ព្រះបន្ទូល​នៃ​ព្រះ​ដូច​ជា​ដំបង​ដែក​យ៉ាង​ដូចម្តេច ? តើ​យើង​រកឃើញបន្ទូល​របស់​ព្រះ​នៅ​ឯ​ណា ? ហេតុអ្វី​ដំបង​ដែក​មាន​សារៈសំខាន់​នៅក្នុង​ការនិមិត្ត​របស់​លីហៃ ?

    លីហៃ​បរិភោគ​ផ្លែ​នៃ​ដើម​ជីវិត

    លីហៃ​បរិភោគ​ផ្លែ​នៃ​ដើម​ជីវិត ។ ដើម​ជីវិត ដោយ ម៉ាគឺស អាឡែន វីនសែន

  • សូម​អញ្ជើញ​កុមារ​ឲ្យ​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​នូវ​បទពិសោធន៍ នៅ​គ្រា​ដែល​ព្រះបន្ទូល​របស់​ព្រះ​បាន​ជួយ​ពួកគេឲ្យ​ដឹង​អ្វី​ដែល​ពួកគេ​គួរតែ​ធ្វើ ឬ​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ ។ នៅពេល​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ សូម​អញ្ជើញ​ពួកគេ​ឲ្យ​មូរ​ក្រដាស​របស់​ពួកគេ​ទៅ​ជា​រាង​ដូច​ដំបង ។ អ្នក​អាច​ថែមទាំង​បិទ​បង់​ស្អិត​លើ « ដំបង » របស់​កុមារ​ឲ្យ​ជាប់​ជាមួយ​គ្នា ដើម្បី​ធ្វើ​ជា​តំណាង​នៃ​ដំបង​ដែក​នៅក្នុង​សុបិន​របស់​លីហៃ ។

  • សូម​អញ្ជើញ​កុមារ​មួយ​ចំនួន​ឲ្យ​អាន នីហ្វៃ​ទី ១ ៨:១០–១២ ហើយ​ពិពណ៌នា​អំពី​អ្វី​ដែល​លីហៃ​បាន​ឃើញ ។ សូម​ឲ្យ​កុមារ​ដទៃ​ទៀត​អាន នីហ្វៃ​ទី ១ ១១:២០–២៣ ហើយ​ពិពណ៌នា​អំពី​អ្វី​ដែល​នីហ្វៃ​បាន​ឃើញ ។ ហេតុអ្វី​ទេវតា​បាន​បង្ហាញ​នីហ្វៃ​នូវ​ព្រះឱរស​យេស៊ូវ ដើម្បី​បង្រៀន​លោក​អំពី​សេចក្តីស្រឡាញ់​នៃ​ព្រះ ? ដើម្បី​ជួយ​ឆ្លើយ​សំណួរ​នេះ សូម​អាន​ជាមួយ​គ្នា​នូវ យ៉ូហាន ៣:១៦ ឬ​ច្រៀង​ជាមួយ​គ្នា​នូវ​ចម្រៀង​មួយ​បទ​អំពី​ព្រះអង្គសង្គ្រោះ ដូចជា​បទ « ទ្រង់​បញ្ជូន​បុត្រា​ទ្រង់​មក » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២០–២១ ) ។ សូម​ប្រាប់​កុមារ​អំពី​របៀប​ដែល​អ្នក​បាន​ទទួល​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ ដែល​ជា​ព្រះរាជបុត្រា​ទ្រង់​នៅក្នុង​ជីវិត​របស់​អ្នក ។

  • សូម​សរសេរ​នៅលើ​ក្ដារខៀន ៖ តើ​យើង​រៀន​អ្វី​ខ្លះ​ពី​គំរូ​របស់​លីហៃ ? សូម​អញ្ជើញ​កុមារ​ឲ្យ​គិត​អំពី​ការនិមិត្ត​របស់​លីហៃ និង​សរសេរ​ចម្លើយ​ឲ្យ​បាន​ច្រើន​តាម​ដែល​ពួកគេ​អាច​ឆ្លើយ​បាន ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​ចម្លើយ​របស់​ពួកគេ ជាមួយ​មិត្ត​ក្នុង​ថ្នាក់ ។ បន្ទាប់​មក សូម​ឲ្យ​កុមារ​គិត​អំពី​នរណា​ម្នាក់ ដែល​ពួកគេ​អាច​ចែកចាយ​អំណរ​នៃ​ដំណឹងល្អ​នេះ​ជាមួយ​បាន ។

នីហ្វៃ​ទី ១ ១០:១៧–១៩; ១១:១

ព្រះ​នឹងបើក​សម្ដែង​សេចក្ដី​ពិត​ដល់​ខ្ញុំ ដោយ​ព្រះចេស្ដា​នៃ​ព្រះ​វិញ្ញាណបរិសុទ្ធ ។

ប្រសិនបើ​យើង​ទូល​សូម​ព្រះវរបិតាសួគ៌​ដោយ​សេចក្តីជំនឿ នោះ​សេចក្តីពិត​នឹង « បាន​បើក​បង្ហាញ​ដល់ [ យើង ] ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ( នីហ្វៃ​ទី ១ ១០:១៩ ) ។ តើ​អ្នក​អាច​ជួយ​កុមារ​ដែល​អ្នក​បង្រៀន​ឲ្យយល់​ពី​សេចក្ដីពិត​នេះ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​និយាយ​អំពី​របៀប​ដែល​ពួកគេ​អាច​រកឃើញ​ចម្លើយ​ចំពោះ​សំណួរ​មួយ ។ សូម​លើក​ទឹកចិត្ត​កុមារ​ឲ្យ​អាន នីហ្វៃ​ទី ១ ១០:១៧–១៩ និង ១១:១ ។ តើ​នីហ្វៃ​នឹង​និយាយ​ដូចម្តេច ប្រសិនបើ​នរណា​ម្នាក់​សួរ​លោក​អំពី​របៀប​ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​អំពី​ដំណឹងល្អ ? តើ​ព្រះ​បង្រៀន​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​យ៉ាង​ដូចម្តេច ? ( សូមមើល គ. និង ស. ៨:២ ) ។

  • សូម​ឲ្យ​កុមារ​និយាយ​អំពី​គ្រា​មួយ នៅពេល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ពួកគេ​ឲ្យ​ដឹង​អំពី​អ្វី​មួយ​ដែល​ពិត ។ សូម​ឲ្យ​ពួកគេ​នឹក​ស្រមៃ​ថា ពួកគេ​មាន​មិត្ត​ម្នាក់​ដែល​គិត​ថា គាត់​ពុំ​អាច​ទទួល​ចម្លើយ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ឡើយ ។ តើ​ពួកគេ​អាច​ចែកចាយ​អ្វី​ខ្លះ​មក​ពី នីហ្វៃ​ទី ១ ១០:១៧–១៩ និង ១១:១ ដើម្បី​ជួយ​មិត្ត​ម្នាក់​នោះ ?

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​លើក​ទឹកចិត្ត​ឲ្យ​កុមារ​ប្រើ​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ​ដើម្បី​ចែកចាយ​ជាមួយ​គ្រួសារ​របស់​ពួកគេ នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ការនិមិត្ត​របស់​លីហៃ​អំពី​ដើម​ជីវិត ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

កុមារ​រៀន​តាម​វិធី​ជាច្រើន ។ កុមារ​ចូលចិត្ត​ការរៀនសូត្រ​តាម​រយៈ​បទពិសោធន៍​ជា​ច្រើន ។ សូម​ប្រើ​សកម្មភាព​នានា​ដែល​ជួយ​ពួកគេ​ឲ្យ​ធ្វើ​ចលនា​បាន ប្រើ​អស់​ទាំង​ញាណ​របស់​ពួកគេ ហើយ​សាកល្បង​រឿង​ថ្មីៗ ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ ២៥–២៦ ) ។