« ថ្ងៃទី ១៣–១៩ ខែ មេសា ។ ម៉ូសាយ ១–៣ ៖ ‹ បានពេញទៅដោយចិត្តស្រឡាញ់ចំពោះព្រះ និងមនុស្សគ្រប់រូប › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៣–១៩ ខែ មេសា ។ ម៉ូសាយ ១–៣ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
ថ្ងៃទី ១៣–១៩ ខែ មេសា
ម៉ូសាយ ១–៣
« បានពេញទៅដោយចិត្តស្រឡាញ់ចំពោះព្រះ និងមនុស្សគ្រប់រូប »
ស្ដេចបេនយ៉ាមីនផ្ដល់មូលហេតុមួយសម្រាប់ការកត់ត្រាចំណាប់អារម្មណ៍ខាងវិញ្ញាណ របស់យើង ៖ « ដ្បិតលីហៃជាអយ្យកោរបស់យើង ពុំអាចចាំនូវគ្រប់ការណ៍អស់ទាំងនេះ ដើម្បីយកមកបង្រៀនដល់កូនចៅរបស់លោកបានទេ លើកលែងតែដោយសារជំនួយរបស់ផ្ទាំងទាំងនេះ » ( ម៉ូសាយ ១:៤ ) ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
នៅពេលបងប្អូនស្ដាប់ឮពាក្យ ស្ដេច បងប្អូនអាចគិតអំពីមកុដ ព្រះបរមរាជវាំង អ្នកបម្រើ និងបល្ល័ង្គ ។ នៅក្នុង ម៉ូសាយ ១–៣ បងប្អូននឹងអានអំពីស្ដេចខុសប្លែកមួយអង្គ ។ ជាជាងការរស់នៅដោយសារការធ្វើការរបស់ប្រជាជន ស្ដេចបេនយ៉ាមីន « បានធ្វើការដោយដៃរបស់ [ ទ្រង់ ] » ( ម៉ូសាយ ២:១៤ ) ។ ផ្ទុយពីការឲ្យអ្នកដទៃបម្រើដល់ទ្រង់ នោះទ្រង់បានបម្រើដល់រាស្ត្ររបស់ទ្រង់ « អស់ពីសមត្ថភាព អស់ពីគំនិត និងអស់ពីកម្លាំងដែលព្រះអម្ចាស់ [ បាន ] ប្រទានមកឲ្យ [ ទ្រង់ ] » ( ម៉ូសាយ ២:១១ ) ។ ស្ដេចអង្គនេះពុំចង់ឲ្យរាស្ត្ររបស់ទ្រង់ថ្វាយបង្គំទ្រង់ទេ តែទ្រង់បានបង្រៀនដល់ពួកគេឲ្យថ្វាយបង្គំដល់ស្ដេចដែលមហិមាជាងទ្រង់ ដ្បិតទ្រង់បានយល់ដឹងថា គឺជា « ព្រះអម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា ទ្រង់សោយរាជ្យ » ( ម៉ូសាយ ៣:៥ ) ។ ក៏ដូចជាថ្នាក់ដឹកនាំដ៏មហិមាទាំងអស់នៅក្នុងនគររបស់ព្រះ ពាក្យសម្ដីរបស់ស្ដេចបេនយ៉ាមីន និងគំរូរបស់ទ្រង់ បង្ហាញយើងឲ្យទៅរកស្ដេចសួគ៌ា ដែលជាព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ។ ស្ដេចបេនយ៉ាមីនបានថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវបានយាង« ចុះមកពីស្ថានសួគ៌ » ហើយបានយាង « ទៅក្នុងចំណោមកូនចៅមនុស្សដោយសម្តែងអព្ភូតហេតុផ្សេងៗ ។… ហើយមើលន៍ ព្រះអង្គនឹងយាងចុះមកក្នុងចំណោមរាស្ត្រទ្រង់ ដើម្បីឲ្យមានសេចក្ដីសង្គ្រោះដល់កូនចៅមនុស្សស្របតាមសេចក្ដីជំនឿជឿដល់ព្រះនាមទ្រង់ » ( ម៉ូសាយ ៣:៥, ៩ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ការទទួលព្រះបន្ទូលរបស់ព្រះតម្រូវឲ្យមានការរៀបចំ ។
នៅពេលស្ដេចបេនយ៉ាមីនបញ្ជូនសារថា ទ្រង់ចង់មានបន្ទូលទៅកាន់រាស្ត្ររបស់ទ្រង់ ដូច្នេះប្រជាជនជាច្រើនបានមក« គឺមានចំនួនច្រើនរហូតដល់គេពុំអាចរាប់បានឡើយ » ( ម៉ូសាយ ២:២ ) ។ ហេតុផលមួយដែល ពួកគេបានមកគឺដោយសារការដឹងគុណ និងសេចក្ដីស្រឡាញ់ចំពោះថ្នាក់ដឹកនាំរបស់ពួកគេ ។ ប៉ុន្តែដែលកាន់តែសំខាន់ជាងនោះ ពួកគេបានមករៀនព្រះបន្ទូលរបស់ព្រះ ។
នៅពេលបងប្អូនអាន ម៉ូសាយ ២:១–៩ សូមរកមើលថាតើប្រជាជនបានធ្វើអ្វីខ្លះដើម្បីបង្ហាញថា ពួកគេឲ្យតម្លៃព្រះបន្ទូលរបស់ព្រះ ។ តើស្ដេចបេនយ៉ាមីនបានសុំឲ្យពួកគេរៀបចំខ្លួនយ៉ាងណាខ្លះ ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះ ? ( សូមមើល ខ ៩) ។ តើបងប្អូនអាចរៀបចំខ្លួនកាន់តែល្អប្រសើរយ៉ាងដូចម្ដេច ដើម្បីទទួលព្រះបន្ទូលរបស់ព្រះនៅក្នុងការសិក្សាផ្ទាល់ខ្លួន និងការសិក្សាជាគ្រួសារ និងអំឡុងការប្រជុំរបស់សាសនាចក្រ ?
សូមមើលផងដែរ ម៉ាថាយ ១៣:១៨–២៣; អាលម៉ា ១៦:១៦–១៧ ។
នៅពេលខ្ញុំបម្រើអ្នកដទៃ ខ្ញុំកំពុងបម្រើដល់ព្រះផងដែរ ។
តើបងប្អូនមានការលំបាកដើម្បីស្វែងរកពេលវេលាដើម្បីបម្រើ ឬសង្ឃឹមថាការបម្រើរបស់បងប្អូននាំមកនូវអំណរកាន់តែច្រើនឬទេ ? តើបងប្អូនគិតថាស្ដេចបេនយ៉ាមីននឹងមានបន្ទូលអ្វីខ្លះ បើបងប្អូនសួរដល់ទ្រង់ថា ហេតុអ្វីទ្រង់បម្រើ « អស់ពីសមត្ថភាព អស់ពីចិត្ត និងអស់ពីកម្លាំងរបស់ទ្រង់ »? (ម៉ូសាយ ២:១១) ។ នៅពេលបងប្អូនអាន ម៉ូសាយ ២:១០–២៦សូមរកមើលសេចក្ដីពិតដែលស្ដេចបេនយ៉ាមីន បានបង្រៀនអំពីការបម្រើ ហើយពិចារណាអំពីរបៀបដែលបងប្អូនអាចប្រើប្រាស់វានៅក្នុងជីវិតរបស់បងប្អូន ។ ឧទាហរណ៍ តើវាមានន័យយ៉ាងណាចំពោះបងប្អូនដែលត្រូវដឹងថា នៅពេលបងប្អូនបម្រើដល់អ្នកដទៃ បងប្អូនកំពុងបម្រើព្រះផងដែរ ? ( សូមមើល ម៉ូសាយ ២:១៧) ។ សូមគិតអំពីរបៀបមួយដែលបងប្អូនអាចបម្រើនរណាម្នាក់នៅសប្ដាហ៍នេះ !
សូមមើលផងដែរ ម៉ាថាយ ២៥:៤០ ។
ខ្ញុំអាចយកឈ្នះលើមនុស្សខាងសាច់ឈាម ហើយប្រែក្លាយជាពួកបរិសុទ្ធតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។
ស្ដេចបេនយ៉ាមីន ក៏ដូចជាពួកព្យាការីទាំងអស់ បានថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ដូច្នេះរាស្ត្ររបស់ទ្រង់ « នឹងបានទទួលការផ្ដាច់បាបរបស់ខ្លួន ហើយនឹងបានអររីករាយដោយអំណរដ៏អតិបរមា » ( ម៉ូសាយ ៣:១៣ ) ។ ទ្រង់ក៏បានបង្រៀនផងដែរថា ព្រះអង្គសង្គ្រោះ តាមរយៈដង្វាយធួនរបស់ទ្រង់ ពុំគ្រាន់តែធ្វើឲ្យយើងបានស្អាតស្អំប៉ុណ្ណោះទេ គឺថែមទាំងប្រទានអំណាចដល់យើងទៀតផងដើម្បីសម្រាត « មនុស្សខាងសាច់ឈាម » ហើយប្រែក្លាយជា « ពួកបរិសុទ្ធ » ( ម៉ូសាយ ៣:១៩ សូមមើលផងដែរ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « មនុស្សខាងសាច់ឈាម » scriptures.ChurchofJesusChrist.org ) ។
អែលឌើរ ដេវីឌ អេ បែដណា បានពន្យល់ថា ៖ « វាគឺជាដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទដែលធ្វើមានទាំង អំណាចសម្អាត និង សង្គ្រោះដែលជួយយើងឲ្យយកឈ្នះលើអំពើបាប និង អំណាចធ្វើឲ្យបរិសុទ្ធ និង ពង្រឹងដែលជួយយើងឲ្យប្រសើរឡើងជាងដែលយើងអាចធ្វើបានដោយការពឹងផ្អែកតែលើកម្លាំងផ្ទាល់របស់យើង ។ ដង្វាយធួនដ៏មហិមានេះគឺសម្រាប់ទាំងអ្នកមានបាប និងសម្រាប់អ្នកបរិសុទ្ធនៅក្នុងចំណោមយើងគ្រប់គ្នា » ( « ដៃស្អាត និង ចិត្តបរិសុទ្ធ » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៨២ ) ។
នៅទីនេះមានសំណួរមួយចំនួនឲ្យពិចារណា នៅពេលបងប្អូនអានទីបន្ទាល់របស់ស្ដេចបេនយ៉ាមីនអំពីព្រះអង្គសង្គ្រោះនៅក្នុង ម៉ូសាយ ៣:១–២០ ៖
-
តើខ្ញុំរៀនអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះអំពីព្រះអង្គសង្គ្រោះ និងបេសកកម្មរបស់ទ្រង់ ?
-
តើព្រះយេស៊ូវគ្រីស្ទបានជួយខ្ញុំយកឈ្នះអំពើបាបយ៉ាងដូចម្ដេច ? តើទ្រង់បានជួយខ្ញុំផ្លាស់ប្ដូរនិស្ស័យ ហើយប្រែក្លាយ ជាពួកបរិសុទ្ធយ៉ាងដូចម្ដេច ?
-
តើខ្ញុំបានរៀនអ្វីខ្លះអំពីការប្រែក្លាយជាពួកបរិសុទ្ធមកពី ម៉ូសាយ ៣:១៩ ?
ហេតុអ្វីបានជាស្ដេចបេនយ៉ាមីនសំដៅទៅលើព្រះយេស៊ូវ ថាជា « ព្រះវរបិតានៃស្ថានសួគ៌ និងផែនដី » ?
ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បានពន្យល់ ៖ « ព្រះយេស៊ូវគ្រីស្ទ ដែលយើងបានស្គាល់ថាជា ព្រះយេហូវ៉ា គឺជាអង្គប្រតិបត្តិរបស់ព្រះវរបិតា ព្រះអេឡូហិម នៅក្នុងកិច្ចការនៃការបង្កបង្កើត ។… ព្រះយេស៊ូវគ្រីស្ទជាអង្គបង្កបង្កើត ត្រូវបានហៅដោយខ្ជាប់ខ្ជួនថាជាព្រះវរបិតានៃស្ថានសួគ៌ និងផែនដី ហើយដោយសារការបង្កបង្កើតរបស់ទ្រង់ គឺជាគុណភាពដ៏អស់កល្បជានិច្ច ទ្រង់គឺត្រូវបានហៅដោយត្រឹមត្រូវបំផុតថាជា ព្រះវរបិតាដ៏អស់កល្បជានិច្ចនៃស្ថានសួគ៌ និងផែនដី » ( Teachings of Presidents of the Church: Joseph F. ស្ម៊ីធ [ ឆ្នាំ ១៩៩៨ ], ទំព័រ ៣៥៧ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
ម៉ូសាយ ១:១–៧
តើផ្ទាំងលង្ហិន និងផ្ទាំងចំណាររបស់នីហ្វៃបានប្រទានពរដល់រាស្ត្រស្ដេចបេនយ៉ាមីនយ៉ាងដូចម្ដេច ? តើបទគម្ពីរទាំងឡាយប្រទានពរដល់គ្រួសាររបស់យើងយ៉ាងដូចម្ដេច ?
ម៉ូសាយ ២–៣
វាអាចនឹងសប្បាយរីករាយសម្រាប់គ្រួសាររបស់បងប្អូនដើម្បីបង្កើតជាកន្លែងសម្រាប់ការឡើងនិយាយរបស់ស្ដេចបេនយ៉ាមីន ។ បងប្អូនអាចបង្កើតជាប៉មតូចមួយ ហើយឲ្យសមាជិកគ្រួសារផ្លាស់វេណគ្នាអានពាក្យរបស់ស្ដេចបេនយ៉ាមីន ខណៈដែលកំពុងឈរនៅលើប៉មនោះ ។ សមាជិកគ្រួសារដទៃទៀត អាចស្ដាប់មកពីខាងក្នុងត្រសាលដែលធ្វើជាបណ្ដោះអាសន្ននោះ ។
ម៉ូសាយ ២:៩–១៩
តើយើងរៀនអ្វីខ្លះអំពីការបម្រើមកពីការបង្រៀន និងគំរូរបស់ស្ដេចបេនយ៉ាមីន ? តើយើងមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ?
ម៉ូសាយ ២:១៥–២៥
តើវាមានអត្ថប្រយោជន៍ដល់គ្រួសាររបស់បងប្អូនដើម្បីមានការពិភាក្សាមួយអំពី ភាពរាបសារឬទេ ? ហេតុអ្វីស្ដេចបេនយ៉ាមីនពុំអួតអាងអំពីអ្វីៗទាំងអស់ដែលទ្រង់បានធ្វើ ? តើយើងអាចរៀនអ្វីខ្លះមកពីការបង្រៀនរបស់ទ្រង់អំពី ទំនាក់ទំនងរបស់យើងជាមួយនឹងព្រះ ?
ម៉ូសាយ ២:៣៦–៤១
តើស្ដេចបេនយ៉ាមីនបានបង្រៀនអ្វីខ្លះអំពីលទ្ធផលនៃការស្គាល់សេចក្ដីពិត ប៉ុន្តែពុំរស់នៅតាមសេចក្ដីពិតនោះ ? តើព្រះអង្គបានបង្រៀនអ្វីខ្លះអំពីរបៀបទទួលបានសុភមង្គលដ៏ពិត ?
ម៉ូសាយ ៣:១៩
តើយើងចាំបាច់ត្រូវធ្វើអ្វីខ្លះដើម្បីប្រែក្លាយ ជាពួកបរិសុទ្ធ ? តើមានចរិតលក្ខណៈអ្វីខ្លះមកពីខគម្ពីរនេះដែលយើងអាចផ្ដោតទៅលើដើម្បីបង្កើតវាឡើងជាគ្រួសារ ?
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនកុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ។