« ថ្ងៃទី ១២–១៨ ខែ តុលា នីហ្វៃទី៣ ២០–២៦ ៖ ‹ អ្នករាល់គ្នាគឺជាកូនចៅនៃសេចក្តីសញ្ញា › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១២–១៨ ខែ តុលា នីហ្វៃទី៣ ២០–២៦ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២០
ថ្ងៃទី ១២–១៨ ខែ តុលា
នីហ្វៃទី៣ ២០–២៦
« អ្នករាល់គ្នាគឺជាកូនចៅនៃសេចក្តីសញ្ញា »
នៅពេលអ្នកអាន នីហ្វៃទី៣ ២០–២៦ « ពិចារណាមើលការណ៍ទាំងនេះដោយព្យាយាម » ( នីហ្វៃទី៣ ២៣:១ ) ដើម្បីស្វែងរកសេចក្តីពិតដែលអ្នកទទួលអារម្មណ៍បំផុសគំនិត ដើម្បីចែកចាយជាមួយកុមារនៅក្នុងថ្នាក់របស់អ្នក ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមហុចរូបភាពព្រះអង្គសង្គ្រោះមួយតៗគ្នាជុំវិញថ្នាក់ ។ ពេលកុមារម្នាក់ៗកាន់រូបភាពនោះ សូមឲ្យគាត់ចែកចាយអ្វីដែលព្រះយេស៊ូវបានបង្រៀន ឬបានធ្វើ កាលទ្រង់បានយាងទៅជួបប្រជាជននៅក្នុងព្រះគម្ពីរមរមន ។ ពួកគេអាចចែកចាយអ្វីដែលពួកគេបានរៀននៅផ្ទះ ឬនៅក្នុងថ្នាក់បឋមសិក្សា ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ខ្ញុំអាចអធិស្ឋានក្នុងចិត្តខ្ញុំ ។
ប្រសិនបើថ្នាក់របស់អ្នកបានរៀនអំពីការអធិស្ឋានកាលពីសប្តាហ៍មុន អ្នកអាចបន្ថែមលើមេរៀននោះជាមួយនឹងសកម្មភាពមួយនៃសកម្មភាពទាំងនេះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារបង្ហាញអ្វីដែលពួកគេធ្វើ នៅពេលពួកគេអធិស្ឋាន ។ តើពួកគេធ្វើដៃ ធ្វើក្បាល និងភ្នែករបស់ពួកគេដូចម្តេច ? សូមពន្យល់ថា ជួនកាល យើងចង់ទូលទៅកាន់ព្រះវរបិតាសួគ៌ ប៉ុន្តែយើងពុំអាចលុតជង្គង់ ឬបិទភ្នែកយើងបានទេ ។ តើយើងអាចធ្វើអ្វីខ្លះ ? សូមអាន នីហ្វៃទី៣ ២០:១ ឲ្យកុមារស្តាប់ ៖ « [ ព្រះយេស៊ូវ ] បានបញ្ជាដល់ពួកគេថា ពួកគេមិនត្រូវឈប់អធិស្ឋាននៅក្នុងចិត្តរបស់គេឡើយ » ។ សូមប្រាប់កុមារអំពីរបៀបដែលអ្នកអធិស្ឋាននៅក្នុងចិត្តរបស់អ្នក ។
-
សូមគូររូបមាត់ និងបេះដូងមួយនៅលើក្ដារខៀន ។ សូមឲ្យកុមារចង្អុលទៅមាត់ ហើយប្រាប់អ្នកនូវអ្វីមួយចំនួនដែលពួកគេនិយាយ នៅពេលពួកគេអធិស្ឋាន ។ បន្ទាប់មក សូមពួកគេឲ្យចង្អុលទៅរូបបេះដូង ហើយពន្យល់ថា យើងអាចនិយាយពាក្យដូចគ្នាទាំងនោះនៅក្នុងចិត្តរបស់យើងបាន ។ សូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌ជ្រាបដឹងពីអារម្មណ៍ និងគំនិតរបស់យើង ។
ការថ្វាយដង្វាយមួយភាគក្នុងដប់នាំមកនូវពរជ័យ ។
កុមារដែលពុំទាន់ជ្រមុជទឹកពុំត្រូវបានរំពឹងឲ្យថ្វាយដង្វាយមួយភាគក្នុងដប់ឡើយ ។ ទោះជាយ៉ាងណាក្តី វាមិនរហ័សពេកដើម្បីបង្រៀនពួកគេអំពីគោលការណ៍ និងពរជ័យដែលទាក់ទងនឹងច្បាប់នេះឡើយ ។
សកម្មភាពដែលអាចជ្រើសរើស
-
ប្រសិនបើថ្នាក់រៀនរបស់អ្នកមានបង្អួច សូមអញ្ជើញកុមារឲ្យមើលទៅបង្អួចនោះ ។ តើមានអ្វីអាចចូលមកក្នុងបន្ទប់ ប្រសិនបើបង្អួចនោះបើក ? សូមអាន នីហ្វៃទី៣ ២៤:១០ ហើយសូមពន្យល់ថា ពេលយើងថ្វាយដង្វាយមួយភាគក្នុងដប់ « បង្អួចនៃស្ថានសួគ៌ » បើក ហើយពរជ័យអាចកើតមានក្នុងជីវិតរបស់យើង ។
-
សូមបង្ហាញកុមារនូវ ១០ កាក់ប្រាក់ ( ឬវត្ថុតូចៗផ្សេងទៀត ) ។ សូមអញ្ជើញពួកគេឲ្យរាប់កាក់ប្រាក់នោះជាមួយអ្នក ។ សូមថ្លែងទីបន្ទាល់ថា អ្វីគ្រប់យ៉ាងដែលយើងមានគឺជាពរជ័យមកពីព្រះវរបិតាសួគ៌ ។ សូមដកកាក់ប្រាក់មួយចេញ ហើយពន្យល់ថា ពេលយើងថ្វាយដង្វាយមួយភាគក្នុងដប់ យើងថ្វាយត្រឡប់ទៅព្រះវរបិតាសួគ៌វិញមួយភាគក្នុងដប់នៃអ្វីដែលយើងរកបាន ។ សូមបង្ហាញរូបភាពដែលបង្ហាញពីរបៀបដែលដង្វាយមួយភាគក្នុងដប់ត្រូវបានប្រើប្រាស់ ដើម្បីផ្តល់ពរដល់សាសនាចក្ររបស់ទ្រង់ ( ដូចជាការសាងសង់ព្រះវិហារបរិសុទ្ធ ការចែកចាយដំណឹងល្អ ជាដើម សូមមើល សៀវភៅរូបភាពដំណឹងល្អ លេខ ១០៩–១១០, ១១៨–១១៩ ) ។
-
សូមច្រៀងចម្រៀងមួយបទជាមួយគ្នាអំពីដង្វាយមួយភាគក្នុងដប់ ដូចជាបទ « I Want to Give the Lord My Tenth » ( Children’s Songbook ទំព័រ ១៥០ ) ។ សូមចង្អុលបង្ហាញពីឃ្លាដែលបង្រៀនពីមូលហេតុដែលយើងថ្វាយដង្វាយមួយភាគក្នុងដប់ ។
ព្រះវរបិតាសព្វព្រះទ័យឲ្យខ្ញុំរៀនពីជីដូនជីតារបស់ខ្ញុំ ។
ដូចបានព្យាករនៅក្នុងខគម្ពីរទាំងនេះ អេលីយ៉ាបានស្តារកូនសោផ្សារភ្ជាប់ឡើងវិញ ដែលអនុញ្ញាតឲ្យយើងនៅជាមួយគ្រួសារយើងអស់កល្បជានិច្ច ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន នីហ្វៃទី៣ ២៥:៦ ហើយអញ្ជើញកុមារឲ្យដាក់ដៃរបស់ពួកគេលើបេះដូងរបស់ពួកគេ គ្រប់ពេលដែលពួកគេអានពាក្យ « ចិត្ត » ។ សូមពន្យល់ថា ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យ « កូន »—ពួកយើងទាំងអស់គ្នា—ដើម្បីរៀន និងស្រឡាញ់ « ពួកឪពុក »—គឺឪពុកម្តាយ, យាយតា និងយាយតាទួតរបស់យើង ។
-
សូមអញ្ជើញឪពុក ឬម្តាយរបស់កុមារម្នាក់ឲ្យប្រាប់អំពីជីដូនជីតារបស់ពួកគាត់ ។ ឬប្រាប់កុមារអំពីរឿងមួយស្តីពីជីដូនជីតាម្នាក់របស់អ្នក សូមបង្ហាញរូបថត ប្រសិនបើអាច ។ សូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងនៅជាមួយក្រុមគ្រួសាររបស់យើងជារៀងរហូត ហើយនោះជាមូលហេតុដែលទ្រង់បានប្រទានព្រះវិហារបរិសុទ្ធដល់យើង ។ សូមច្រៀងបទ « ក្រុមគ្រួសារអាចនៅជាមួយគ្នាជានិរន្តរ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៩៨ ) ជាមួយគ្នា ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ខ្ញុំអាចពិចារណាមើលបទគម្ពីរដោយព្យាយាម ។
ព្រះអង្គសង្គ្រោះបានមានបន្ទូលប្រាប់ហ្វូងមនុស្សឲ្យពិចារណាមើលបទគម្ពីរដោយព្យាយាម ហើយទ្រង់សព្វព្រះទ័យឲ្យពួកគេប្រាកដថា ពួកគេបានកត់ត្រាពាក្យសម្តីរបស់ពួកព្យាការី ( សូមមើល នីហ្វៃទី៣ ២៣:១, ៥–១៣; ២៦:២ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យអាន នីហ្វៃទី៣ ២៣:១, ៥ ហើយរកមើលពាក្យមួយដែលមានដដែលបីដង ។ តើពិចារណាមើលពាក្យសម្តីរបស់ពួកព្យាការី មានន័យដូចម្ដេច ? តើការពិចារណាខុសពីការគ្រាន់តែអានយ៉ាងដូចម្ដេច? សូមប្រាប់កុមារអំពីរបៀបដែលអ្នកពិចារណាបទគម្ពីរ និងអ្វីដែលអ្នកបានរកឃើញនៅក្នុងនោះ ។
-
សូមឲ្យប័ណ្ណ ឬក្រដាសតូចមួយសន្លឹកឲ្យកុមារ ហើយអញ្ជើញពួកគេឲ្យសរសេរសេចក្តីយោងនូវខគម្ពីរដែលចូលចិត្ត ។ ( ប្រសិនបើចាំបាច់ សូមផ្តល់យោបល់ដល់ពួកគេ ) ។ សូមឲ្យពួកគេឆ្លាស់វេនគ្នាលាក់ប័ណ្ណរបស់ពួកគេនៅក្នុងបន្ទប់ អំឡុងពេលកុមារផ្សេងទៀតខ្ទប់បាំងភ្នែករបស់ពួកគេ ។ សូមឲ្យកុមារស្រាវជ្រាវរកខគម្ពីរ ហើយពេលពួកគេរកវាឃើញ សូមអានវាជាមួយគ្នា ។ តើយើងរកឃើញអ្វីខ្លះនៅក្នុងខគម្ពីរនេះដែលសំខាន់ចំពោះយើង ?
ការថ្វាយដង្វាយមួយភាគក្នុងដប់បើកទ្វារស្ថានសួគ៌ ។
ពេលអ្នកបង្រៀនកុមារអំពីដង្វាយមួយភាគក្នុងដប់ អ្នករៀបចំពួកគេដើម្បីទទួល « ពរជ័យដែលនឹងគ្មានកន្លែងល្មមទុកបានទេ » ( នីហ្វៃទី ៣ ២៤:១០ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមសរសេរនៅលើក្ដារខៀន ប្រសិនបើខ្ញុំថ្វាយដង្វាយមួយភាគក្នុងដប់ នោះព្រះអម្ចាស់នឹង ។ សូមអញ្ជើញកុមារឲ្យអាន នីហ្វៃទី៣ ២៤:៨–១២ ហើយជួយពួកគេស្វែងរកឃ្លានានាដើម្បីបំពេញប្រយោគនេះ ។ សូមចែកចាយបទពិសោធន៍មួយ ដែលអ្នកបានពរ ដោយសារអ្នកបានថ្វាយដង្វាយមួយភាគក្នុងដប់ ។
-
សូមសរសេរទឹកប្រាក់មួយចំនួននៅលើក្តារខៀន ហើយជួយកុមារឲ្យគិតចំនួនមួយភាគក្នុងដប់ប៉ុន្មាន ( ១០ ភាគរយ ) ដែលយើងគួរតែដកយកពីចំនួននីមួយៗ ។ សូមបង្ហាញពួកគេអំពីរបៀបបំពេញក្រដាសថ្វាយដង្វាយមួយភាគក្នុងដប់ ។
-
សូមជួយកុមារឲ្យសរសេរនៅលើក្ដារខៀន នូវរបៀបមួយចំនួនដែលដង្វាយមួយភាគក្នុងដប់ត្រូវបានប្រើប្រាស់ ដើម្បីផ្តល់ពរដល់សាសនាចក្ររបស់ព្រះអម្ចាស់ ( ដើម្បីសាងសង់ព្រះវិហារបរិសុទ្ធ ចែកចាយដំណឹងល្អ បោះពុម្ពព្រះគម្ពីរ ជាដើម ) ។ សូមឲ្យកុមារគូររូបភាព ( ឬស្វែងរករូបភាពនៅក្នុងទស្សនាវដ្តីសាសនាចក្រ ) អំពីរបៀបដែលដង្វាយមួយភាគក្នុងដប់ផ្តល់ពរដល់សាសនាចក្រ ។
ព្រះវរបិតាសព្វព្រះទ័យឲ្យខ្ញុំរៀនពីជីដូនជីតារបស់ខ្ញុំ ។
សូមពិចារណាពីរបៀបដែលអ្នកនឹងបំផុសគំនិតកុមារ ឲ្យស្វែងរកជីដូនជីតារបស់ពួកគេ ដើម្បីដល់ពេលពួកគេធំល្មមដើម្បីទៅព្រះវិហារបរិសុទ្ធ នោះពួកគេអាចធ្វើពិធីបរិសុទ្ធនានាជំនួសឲ្យជីដូនជីតារបស់ពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រាប់កុមារថា នីហ្វៃទី៣ ២៥:៥–៦ មានការព្យាករអំពីព្រឹត្តិការណ៍មួយដែលនឹងកើតឡើងនៅថ្ងៃចុងក្រោយ ។ បន្ទាប់មក សូមឲ្យពួកគេអានខគម្ពីរទាំងនេះ ដើម្បីរកមើលថាអ្វីនឹងកើតឡើង ។ សូមថ្លែងទីបន្ទាល់ថា ការព្យាករនេះត្រូវបានបំពេញ ហើយសូមអញ្ជើញកុមារឲ្យអានអំពីវានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១១០:១៣–១៦ ( សូមមើលផងដែរ សៀវភៅរូបភាពដំណឹងល្អ លេខ ៩៥ ) ។ សូមពន្យល់ថា ពេលយើងរៀនអំពីជីដូនជីតារបស់យើង ហើយធ្វើកិច្ចការព្រះវិហារបរិសុទ្ធសម្រាប់ពួកគាត់ នោះចិត្តយើងងាកបែរទៅរកពួកឪពុករបស់យើង ។
-
សូមប្រាប់កុមារអំពីជីដូនជីតាម្នាក់របស់អ្នក ដែលបានទទួលមរណភាពទៅដោយគ្មានឱកាសទទួលពិធីបុណ្យជ្រមុជទឹក ។ ប្រសិនបើអាច សូមបង្ហាញរូបភាព ។ សូមថ្លែងទីបន្ទាល់របស់អ្នកថា ព្រះវរបិតាសួគ៌ស្រឡាញ់បុគ្គលនេះ ដូច្នេះទ្រង់បានរៀបចំផ្លូវមួយឲ្យគាត់ទទួលបុណ្យជ្រមុជទឹក តាមរយៈកិច្ចការដែលត្រូវធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ ។ សូមឲ្យកុមាររកឃ្លាមួយនៅក្នុង នីហ្វៃទី៣ ២៥:៦ ដែលអាចពិពណ៌នាអំពីអារម្មណ៍អ្នកអំពីជីដូនជីតារបស់អ្នក ។
-
សូមជួយកុមារឲ្យបំពេញមែកធាងគ្រួសារជាមួយឈ្មោះឪពុកម្តាយ និងយាយតារបស់ពួកគេ ។ សូមលើកទឹកចិត្តពួកគេឲ្យសូមឪពុកម្តាយរបស់ពួកគេជួយបន្ថែមឈ្មោះទៀត ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យសូមឪពុកម្ដាយ ឬយាយតារបស់ពួកគេប្រាប់ពួកគេអំពីរឿងនានារបស់ជីដូនជីតារបស់ពួកគាត់ ។