« ថ្ងៃទី ១៣–១៩ ខែ កញ្ញា ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ១០២–១០៥ ៖ ‹ បន្ទាប់ពីមានការវេទនាដ៏ច្រើន នោះទើបបានព្រះពរ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៣–១៩ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១០២–១០៥ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ស៊ី ស៊ី អេ គ្រីស្ទានសិន ( ១៨៣១–១៩១២ ) ជំរុំរបស់ស៊ីយ៉ូន ប្រហែលឆ្នាំ ១៨៧៨ គំនូរនៅលើផ្ទាំងក្រណាត់ ទំហំ ៧៨ × ១១៤ អ៊ិញ ។ សារមន្ទីរវិចិត្រសិល្បៈនៃសាកលវិទ្យាល័យព្រិកហាំ យ៉ង់ អំណោយពីចៅៗរបស់ ស៊ី ស៊ី អេ គ្រីស្ទានសិន ឆ្នាំ ១៩៧០
ថ្ងៃទី ១៣–១៩ ខែ កញ្ញា
គោលលទ្ធិ និង សេចក្តីសញ្ញា ១០២–១០៥
« បន្ទាប់ពីមានការវេទនាដ៏ច្រើន នោះទើបបានព្រះពរ »
ការសិក្សារបស់អ្នកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២:–៥ គឺជាផ្នែកសំខាន់នៃការរៀបចំរបស់អ្នកដើម្បីបង្រៀន ។ សូមស្តាប់ចំណាប់អារម្មណ៍ខាងវិញ្ញាណអំពីរបៀបដើម្បីជួយកុមារឲ្យយល់ដឹងពីបទគម្ពីរកាន់តែប្រសើរឡើង ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមជួយកុមារឲ្យរើសបទចម្រៀងមួយបទមកច្រៀង ដែលរំឭកដល់ពួកគេអំពីអ្វីមួយដែលពួកគេបានរៀននៅផ្ទះ ឬនៅព្រះវិហារ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៣:៩
ខ្ញុំអាចធ្វើជា « ពន្លឺដល់លោកិយ » ។
តើអ្នកអាចជួយលើកទឹកចិត្តកុមារដែលអ្នកបង្រៀនឲ្យចែកចាយពន្លឺនៃដំណឹងល្អជាមួយមនុស្សនៅជុំវិញខ្លួនពួកគេយ៉ាងដូចម្តេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៣:៩ ទៅកាន់កុមារ ហើយអញ្ជើញពួកគេឲ្យកាន់រូបភាពនៃអំពូលភ្លើង ទៀន ឬ ប្រភពពន្លឺផ្សេងៗទៀត ។ សូមឲ្យពួកគេបង្ហាញរូបភាពរបស់ពួកគេទៅនរណាម្នាក់ទៀតនៅក្នុងថ្នាក់ ។ សូមប្រាប់កុមារពីរបៀបដែលពួកគេដូចជាពន្លឺដល់អ្នកដទៃ នៅពេលពួកគេធ្វើតាមព្រះយេស៊ូវ គ្រីស្ទ ។
-
សូមច្រៀងចម្រៀងជាមួយនឹងកុមារមួយបទអំពីការធ្វើជាគំរូ ដូចជាបទ « ព្រះយេស៊ូវចង់ឲ្យខ្ញុំធ្វើជាពន្លឺ » « ខ្ញុំជាដួងតារា ( សៀវភៅចម្រៀងកុមារ ទំព័រ ៣៨, ៨៤ ) ។ សូមជួយកុមារឲ្យបង្កើតសកម្មភាពតាមពាក្យពេចន៍នេះ ។ តើយើងអាចធ្វើជាពន្លឺ ឬធ្វើជាគំរូល្អដល់មនុស្សនៅជុំវិញខ្លួនយើងយ៉ាងដូចម្តេច ?
ខ្ញុំអាចជាពន្លឺបំភ្លឺលោកិយ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:៤២
ព្រះអម្ចាស់នឹងប្រទានពរដល់ខ្ញុំ ប្រសិនបើខ្ញុំគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ ។
ជាច្រើនដងនៅក្នុងកណ្ឌទី ១០៤ ព្រះអម្ចាស់បានសន្យាថានឹង « ចម្រើនពរដ៏ច្រើនអនេក » ដល់អស់អ្នកដែលគោរពព្រះបញ្ញត្តិរបស់ទ្រង់ដោយស្មោះត្រង់ ។ តើអ្នកនឹងជួយកុមារឲ្យមានអារម្មណ៍ថា ទ្រង់មានព្រះទ័យចង់ប្រទានពរជ័យដល់យើងដ៏សន្ធឹកយ៉ាងដូចម្តេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យធ្វើសកម្មភាពមួយ ដូចជា កម្រើកម្រាមដៃរបស់ពួកគេ រាល់ពេលពួកគេបានឮពាក្យ « ពរជ័យ » នៅពេលអ្នកអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:៤២ ។ សូមប្រាប់កុមារអំពីរបៀបដែលព្រះវរបិតាសួគ៌បានប្រទានពរជ័យដល់អ្នក ពេលអ្នកគោរពតាមបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។ សូមឲ្យកុមារចែកចាយពីរបៀបដែលទ្រង់បានប្រទានពរជ័យដល់ពួកគេ ។ សូមអញ្ជើញកុមារម្នាក់ឲ្យចែកចាយបទបញ្ញត្តិមួយដែលពួកគេអាចគោរពតាម ។
-
ដើម្បីជួយកុមារឲ្យយល់ថាតើពាក្យថា « ចម្រើន » មានន័យយ៉ាងណា សូមគូររូបរង្វង់មូលមួយនៅលើក្តារខៀន ឬនៅលើក្រដាសមួយសន្លឹក ។ សូមឲ្យកុមារជួយអ្នកគុណចំនួនរង្វង់មូល—ដោយគូររូបរង្វង់មូលចំនួនពីរ បន្ទាប់មកចំនួនបួន បន្ទាប់មកចំនួនប្រាំបី បន្ទាប់មកចំនួនដប់ប្រាំមួយ ។ល។—រហូតដល់នៅលើក្តារខៀន ឬក្រដាសនោះពេញទៅដោយរូបរង្វង់មូល ។ រាល់ពេលអ្នកបន្ថែមរូបរង្វង់មូល សូមជួយកុមារឲ្យគិតពីពរជ័យទាំងឡាយដែលព្រះវរបិតាសួគ៌បានប្រទានដល់ពួកគេ ។ សូមពន្យល់ថា « ចម្រើនពរដ៏ច្រើនអនេក » មានន័យថា ព្រះអម្ចាស់នឹងបំពេញជីវិតរបស់យើងជាមួយពរជ័យទាំងឡាយ ប្រសិនបើយើងគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥:៣៨–៤០
ខ្ញុំអាចក្លាយជាអ្នកផ្សះផ្សា ។
មានមេរៀនជាច្រើនដែលយើងអាចរៀនចេញពីបទពិសោធន៍ជំរំស៊ីយ៉ូន ។ ចំណុចមួយដែលអាចសំខាន់ចំពោះកុមារគឺថា ការឈ្លោះប្រកែក និងការភ័យខ្លាចនាំមកនូវទុក្ខលំបាក ផ្ទុយទៅវិញការមានសាមគ្គីភាព និងសេចក្តីសុខសាន្តនាំមកនូវពរជ័យជាច្រើន ។
សកម្មភាពដែលអាចជ្រើសរើស
-
តាមពាក្យសំដីរបស់អ្នកផ្ទាល់ សូមប្រាប់កុមារនូវដំណើររឿងរបស់ជំរំស៊ីយ៉ូន ( សូមមើលសេចក្តីផ្តើម គម្រោងមេរៀនប្រចាំ សប្តាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ; ពួកបរិសុទ្ធ ១:១៩៤–២០៦; ឬ « The Acceptable Offering of Zion’s Camp » [ Revelations in Context ទំព័រ ២១៣–២១៨ ] ) ។ ពេលខ្លះសូមឈប់បន្តិចដើម្បីចង្អុលបង្ហាញនូវមេរៀនដែលយើងអាចរៀនចេញពីជំរំស៊ីយ៉ូន—ឧទាហរណ៍ ថាព្រះអម្ចាស់ចង់ឲ្យយើងមានសេចក្តីសុខសាន្ត ហើយធ្វើការជាមួយគ្នា ជំនួសឲ្យការឈ្លោះប្រកែក និងវៃគ្នា ។
-
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥:៣៨–៤០ ហើយសូមឲ្យកុមារក្រោកឈរ នៅពេលពួកគេឮពាក្យ « សេចក្តីសុខសាន្ត » ។ សូមពន្យល់ថា ព្រះអម្ចាស់មានព្រះទ័យចង់ឲ្យពួកបរិសុទ្ធមានសេចក្តីសុខសាន្តជាមួយមនុស្សដែលមិនមានចិត្តល្អ ។ សូមជួយកុមារឲ្យគិតអំពីអ្វីដែលពួកគេអាចធ្វើដើម្បីធ្វើជាអ្នកផ្សះផ្សា ហើយអញ្ជើញពួកគេឲ្យសម្តែងពីស្ថានភាពមួយចំនួន ។
-
សូមចែកចាយអំពីដំណើររឿងដែលកុមារម្នាក់ធ្វើជាអ្នកផ្សះផ្សាចេញពីជីវិតរបស់អ្នកផ្ទាល់ ឬចេញពីទស្សនាវដ្តី Friend ឬលីអាហូណា ។ សូមច្រៀងចម្រៀងអំពីការស្រឡាញ់អ្នកដទៃ ដូចជា បទ « ព្រះយេស៊ូវមានបន្ទូលស្រឡាញ់មនុស្សគ្រប់រូប » ( សៀវភៅចម្រៀងកុមារ ទំព័រ ៣៨ ) ឬបំពេញតាមទំព័រធ្វើសកម្មភាពប្រចាំសប្តាហ៍នេះ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:១៣–១៨
ព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំចែកចាយអ្វីដែលខ្ញុំមានជាមួយជនទ័លក្រ ។
សូមពិចារណាអំពីរបៀបដែលអ្នកនឹងជួយកុមារឲ្យយល់ពីរបៀបរបស់ព្រះអម្ចាស់ ក្នុងការផ្តល់ឲ្យដល់ប្រជារាស្រ្តរបស់ទ្រង់ នៅពេលពួកគេទ័លក្រ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមផ្តល់ពេលឲ្យកុមារពីរបីនាទីដើម្បីធ្វើបញ្ជីនៃពរជ័យដែលព្រះបានប្រទានដល់ពួកគេ ។ សូមលើកទឹកចិត្តពួកគេឲ្យសរសេរឲ្យបានច្រើនតាមដែលពួកគេអាចធ្វើបាន ។ បន្ទាប់មក សូមអានជាមួយគ្នា គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:១៣–១៨ ដោយរកមើលចម្លើយចំពោះសំណួរទាំងនេះ ៖ តើនរណាជាម្ចាស់ពិតប្រាកដលើគ្រប់ទាំងអស់ ? ហេតុអ្វីទ្រង់ប្រទានវាដល់យើង ? តើទ្រង់ចង់ឲ្យយើងធ្វើអ្វីជាមួយគ្រប់ទាំងអស់នេះ ? សូមជួយកុមារឲ្យគិតអំពីរបៀបដែលពួកគេអាចចែកចាយពរជ័យរបស់ពួកគេជាមួយអ្នកដទៃ ។
-
សូមចែកចាយបទពិសោធន៍ ដែលមាននរណាម្នាក់ឲ្យអ្នកនូវរបស់អ្វីមួយដែលអ្នកត្រូវការ ហើយសូមឲ្យកុមារចែកចាយបទពិសោធន៍ស្រដៀងគ្នានេះ ។ ឬបង្ហាញវីដេអូអំពីការបម្រើនរណាម្នាក់ ដូចជា « The Coat » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ តើយើងរៀនអ្វីខ្លះចេញពីបទពិសោធន៍ទាំងនេះអំពីការបម្រើអ្នកដទៃ ? សូមអញ្ជើញកុមារឲ្យដឹងពីអ្នកទ័លក្រ និងស្វែងរកនរណាម្នាក់ដើម្បីបម្រើនៅសប្តាហ៍នេះ ដូចជា នរណាម្នាក់នៅសាលា ឬជាពិសេសនរណាម្នាក់នៅក្នុងគ្រួសាររបស់ពួកគេ ។
-
សូមអញ្ជើញកុមារឲ្យស្វែងរកក្នុងសៀវភៅចម្រៀងកុមារ ឬ ទំនុកតម្កើង សម្រាប់បទចម្រៀងដែលទាក់ទងនឹងការបម្រើ ឬការជួយដល់អ្នកដទៃ ( សូមមើលលិបិក្រមប្រធានបទ ) ។ សូមច្រៀងមួយបទ ឬពីរបទជាមួយគ្នា ហើយនិយាយអំពីអ្វីដែលបទចម្រៀងនេះបង្រៀនយើង ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥:៩–១៩
ខ្ញុំអាចគោរពបទបញ្ញត្តិរបស់ព្រះអម្ចាស់ ទោះបីជានៅពេលខ្ញុំមិនយល់ពីមូលហេតុដែលត្រូវគោរពតាមក្តី ។
បទពិសោធន៍ជំរំស៊ីយ៉ូនអាចជាវិធីដ៏មានឥទ្ធិពលដើម្បីបង្ហាញនូវពរជ័យដែលបានទទួល ដែលកើតមានតាមរយៈការខិតខំគោរពតាមព្រះទ័យរបស់ព្រះអម្ចាស់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ហើយសូមអញ្ជើញកុមារឲ្យចែកចាយអ្វីដែលពួកគេដឹងអំពីជំរំស៊ីយ៉ូន ។ ប្រសិនបើពួកគេត្រូវការជំនួយ សូមប្រើប្រាស់ សេចក្តីផ្តើមអំពីគម្រោងប្រចាំសប្តាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ; ពួកបរិសុទ្ធ ១:១៩៤–២០៦; ឬ « The Acceptable Offering of Zion’s Camp » ( Revelations in Context ទំព័រ ២១៣–២១៨ ) ។ សូមអញ្ជើញកុមារឲ្យសម្តែងថាពួកគេគឺជាសមាជិកជំរំស៊ីយ៉ូន ដែលកំពុងប្រាប់កូនៗរបស់ពួកគេអំពីបទពិសោធន៍របស់ពួកគេ ។ តើពួកគេចង់ឲ្យកូនៗរបស់ពួកគេរៀនអ្វីខ្លះចេញពីបទពិសោធន៍ទាំងនេះ ?
-
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥:១៣–១៤ ជាមួយគ្នា ហើយសូមពន្យល់ថា នៅពេលពួកជំរំស៊ីយ៉ូនទៅដល់មិសសួរី នោះព្រះអម្ចាស់បានប្រាប់ពួកគេកុំឲ្យព្យាយាមយកដីរបស់ពួកបរិសុទ្ធឡើយ ។ សមាជិកមួយចំនួននៃជំរំបានមានការមិនសប្បាយចិត្ត ហើយបានឆ្ងល់ពីមូលហេតុដែលពួកគេបានដាក់បញ្ញត្តិឲ្យទៅទីនោះ ។ តើយើងគួរធ្វើអ្វី នៅពេលយើងមិនយល់ពីមូលហេតុក្នុងការធ្វើតាមព្រះបញ្ញត្តិមួយ ? សូមចែកចាយដំណើររឿងចេញពី « សំឡេងនៃការស្តារឡើងវិញ ៖ ជំរំស៊ីយ៉ូន » ( នៅក្នុងចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ដើម្បីជួយកុមារឲ្យមើលឃើញពរជ័យដែលទទួលបាន នៅពេលយើងគោរពតាមបទបញ្ញត្តិដែលព្រះប្រទានដល់យើង តាមរយៈពួកព្យាការីរបស់ទ្រង់ សូម្បីតែពេលយើងមិនយល់ពីមូលហេតុទាំងស្រុងក្តី ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមលើកទឹកចិត្តឲ្យកុមារចែកចាយពីបទពិសោធន៍ជំរំស៊ីយ៉ូនជាមួយនរណាម្នាក់នៅផ្ទះ ព្រមជាមួយមេរៀនមួយដែលពួកគេបានរៀនចេញពីបទពិសោធន៍ទាំងនោះ ។ ឬសូមអញ្ជើញពួកគេឲ្យគិតពីអ្វីមួយដែលព្រះបានប្រទានពរជ័យដល់ពួកគេ ដែលពួកគេអាចចែកចាយជាមួយនរណាម្នាក់ដែលទ័លក្រ ។
ការកែលម្អការបង្រៀនរបស់យើង
ប្រឈមមុខនឹងការរំខានដោយសេចក្ដីស្រឡាញ់ ។ « ពេលខ្លះ កុមារម្នាក់ធ្វើទង្វើដែលរំខានដល់ការរៀនរបស់កុមារផ្សេងទៀតនៅក្នុងថ្នាក់ ។ នៅពេលរឿងនេះកើតឡើង ចូរអត់ធ្មត់ ស្រឡាញ់ ហើយយល់អំពីឧបសគ្គនានាដែលកុមារនោះកំពុងប្រឈមមុខ ។… ប្រសិនបើកុមារដែលធ្វើការរំខាននោះមានតម្រូវការពិសេស ចូរនិយាយនឹងអ្នកជំនាញពិការភាពរបស់វួដ ឬស្ដេក ឬចូលទៅគេហទំព័រ [disabilities.ChurchofJesusChrist.org]ដើម្បីស្វែងរករបៀបដែលអ្នកអាចបំពេញតម្រូវការទាំងនោះបានកាន់តែល្អប្រសើរ » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ២៦ ) ។