« ថ្ងៃទី ២០–២៦ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៦–១០៨ ៖ ‹ ដើម្បីឲ្យស្ថានសួគ៌បានបើកចំហ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ (ឆ្នាំ ២០២០ )
« ថ្ងៃទី ២០–២៦ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៦–១០៨ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ថ្ងៃទី ២០–២៦ ខែ កញ្ញា
គោលលទ្ធិ និង សេចក្តីសញ្ញា ១០៦–១០៨
« ដើម្បីឲ្យស្ថានសួគ៌បានបើកចំហ »
សូមពិចារណាពីអ្វីដែលអ្នកដឹងពីកុមារដែលអ្នកបង្រៀន ។ តើសម្មភាពប្រភេទណាដែលនឹងនាំឲ្យពួកគេខិតទៅជិតព្រះអង្គសង្គ្រោះ ? សូមចងចាំថា សកម្មភាពសម្រាប់កុមារតូចៗនៅក្នុងគម្រោងមេរៀននេះអាចសម្របសម្រួលសម្រាប់កុមារធំៗ និងកុមារតូចៗបាន ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមបង្ហាញរូបភាពថ្នាក់ដឹកនាំសាសនាចក្រដល់កុមារ ដូចជាព្យាការី ពួកសាវក គណៈប្រធានអង្គការបឋមសិក្សាទូទៅ និងពួកអ្នកមានសិទ្ធិអំណាច និងពួកអ្នកកាន់តំណែងទូទៅផ្សេងទៀត ។ សូមឲ្យកុមារនិយាយពីអ្វីដែលថ្នាក់ដឹកនាំទាំងនេះធ្វើ និងហេតុផលដែលពួកគេមានអំណរគុណចំពោះពួកលោក ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១៨–២០, ៤២–៥៦
ខ្ញុំមានពរដោយសារតែបព្វជិតភាព ។
បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌គ្រប់រូបអាចទទួលពរជ័យដែលកើតចេញពីបព្វជិតភាព ។ សូមពិចារណាពីវិធីដែលអ្នកអាចជួយកុមារដែលអ្នកបង្រៀនឲ្យមានអំណរគុណចំពោះពរជ័យទាំងនោះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមគូររូបមួយនៅលើក្ដារខៀនដែលវាតំណាងឲ្យ« ស្ថានសួគ៌បានបើកចំហចំពោះពួក[ យើង ] » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១៩ ) ដោយសារតែបព្វជិតភាព ( ដូចជា ពន្លឺព្រះអាទិត្យបញ្ចេញរស្មីតាមពពក ) ។ សូមឲ្យកុមារនូវរូបភាពដែលតំណាងឲ្យពរជ័យដែលកើតចេញពីបព្វជិតភាព ដូចជាពិធីបុណ្យជ្រមុជទឹក ពិធីសាក្រាម៉ង់ និងព្រះវិហារបរិសុទ្ធ ។ សូមឲ្យកុមារចែកចាយពីហេតុផលដែលពួកគេមានអំណរគុណចំពោះពរជ័យនៅក្នុងរូបភាពរបស់ពួកគេ ហើយឲ្យពួកគេដាក់រូបភាពរបស់ពួកគេក្រោមពន្លឺព្រះអាទិត្យនៅលើក្ដារខៀន ។ សូមថ្លែងទីបន្ទាល់ថា យើងអាចមានពរជ័យទាំងនេះ ដោយសារព្រះវរបិតាសួគ៌បានស្ដារបព្វជិតភាពឡើងវិញ ។
-
សូមបង្កើតផ្លូវមួយនៅលើឥដ្ឋ ហើយឲ្យរូបភាពនៃពិធីបរិសុទ្ធនៃបព្វជិតភាពដល់កុមារដែលពួកគេនឹងត្រូវការ ដើម្បីពួកគេអាចដើរតាមផ្លូវនោះត្រឡប់ទៅព្រះវរបិតាសួគ៌វិញ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ១០៣–៨, ១១៩–២០ ) ។ សូមជួយកុមារឲ្យដាក់ពិធីបរិសុទ្ធទាំងនោះតាមលំដាប់លំដោយនៅលើផ្លូវនោះ ។
-
សូមបង្ហាញរូបភាពរបស់អ័ដាម និងអេវ៉ា ព្រមទាំងក្រុមគ្រួសាររបស់ពួកលោក ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ ៥ ) ។ ពេលកុមារមើលរូបភាពនោះ សូមសួរពួកគេពីរបៀបដែលអ័ដាម និងអេវ៉ាមានអារម្មណ៍ចំពោះគ្រួសាររបស់ពួកលោក ។ សូមប្រើ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៥៣–៥៦ ដើម្បីចែកចាយជាមួយនឹងកុមារពីអ្វីដែលអ័ដាមបានធ្វើដើម្បីបង្ហាញថាលោកស្រឡាញ់គ្រួសាររបស់លោក ។ សូមថ្លែងទីបន្ទាល់របស់អ្នកអំពីរបៀបដែលបព្វជិតភាពបានក្លាយជាពរជ័យចំពោះអ្នក និងគ្រួសាររបស់អ្នក ។
-
សូមរៀបរាប់ឈ្មោះសមាជិកគ្រួសារដែលអ័ដាមបានតែងតាំងបព្វជិតភាពឲ្យ ស្របតាមគោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៤២–៥០ ហើយសុំឲ្យកុមាររាប់ថាតើមានមនុស្សប៉ុន្មាននាក់ដែលគាត់បានតែងតាំង ។ សូមជួយពួកគេឲ្យយល់ដឹងពីហេតុផលដែលអ័ដាមចង់ឲ្យសមាជិកគ្រួសាររបស់លោកគ្រប់គ្នាមានបព្វជិតភាព ។ សូមឲ្យកុមារនិយាយពីគ្រាដែលពួកគេ ឬក្រុមគ្រួសាររបស់ពួកគេបានទទួលពរជ័យតាមរយៈបព្វជិតភាព ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៨:៧
ខ្ញុំអាចពង្រឹងមនុស្សដទៃ ។
សូម្បីតែកុមារតូចៗក៏អាចធ្វើតាមការប្រឹក្សាដើម្បីពង្រឹងមនុស្សដទៃ « ដោយគ្រប់វាចារបស់អ្នក ដោយគ្រប់សេចក្ដីអធិស្ឋានរបស់អ្នក…និងដោយគ្រប់ការប្រព្រឹត្តរបស់អ្នក » បានដែរ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមគូររូបមនុស្សម្នាក់នៅលើក្ដារខៀន ហើយសូមឲ្យកុមារប្រាប់នូវរឿងមួយចំនួនដែលបុគ្គលនោះអាចធ្វើដើម្បីមានរូបកាយរឹងមាំ ។ ( អ្នកអាចគូររូបមនុស្សនោះឲ្យមានសាច់ដុំធំៗពេលកុមារប្រាប់ពីកិច្ចការទាំងនោះ ) ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៨:៧ ហើយសូមឲ្យកុមារស្តាប់រកវិធីដែលយើងអាច « ចម្រើនកម្លាំងដល់បងប្អូន [ ប្រុសស្រីរបស់យើង ] » ។ សូមពន្យល់ពាក្យនានាដែលជាពាក្យពិបាក ។
-
សូមជួយកុមារឲ្យគិតអំពីមនុស្សដែលពួកគេស្គាល់ដែលត្រូវការការចម្រើនកម្លាំង ។ តើយើងអាចនិយាយអ្វីខ្លះទៅកាន់ពួកគេ ឬធ្វើអ្វីខ្លះសម្រាប់ពួកគេ ? សូមសរសេរកាតសម្រាប់បុគ្គលទាំងនោះ ឬលើកទឹកចិត្តឲ្យកុមារចងចាំពួកគេនៅក្នុងការអធិស្ឋានផ្ទាល់ខ្លួន និងជាគ្រួសាររបស់ពួកគេ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១–៨, ១៣–១៤, ១៨–២០
បព្វជិតភាពនឹងជួយខ្ញុំឲ្យត្រឡប់ទៅរស់នៅជាមួយព្រះវរបិតាសួគ៌វិញ ។
បព្វជិតភាពមិលគីស្សាដែក និងអើរ៉ុនត្រូវបានស្ដារឡើងវិញដើម្បីជួយនាំបុត្រាបុត្រីរបស់ព្រះឲ្យត្រឡប់ទៅរកទ្រង់វិញ ។ សូមជួយកុមារដែលអ្នកបង្រៀនឲ្យយល់ដឹងពីកាតព្វកិច្ចខុសៗគ្នានៃបព្វជិតភាព និងរបៀបដែលវាជួយយើងឲ្យត្រឡប់ទៅរកព្រះវិញ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារស្រាវជ្រាវ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១–៨, ១៣–១៤, ១៨–២០រកពាក្យ និងឃ្លាសំខាន់ៗដែលបង្រៀនពួកគេអំពីបព្វជិតភាព ។ តើការទទួលខុសត្រូវអ្វីខ្លះដែលពួកអ្នកកាន់បព្វជិតភាពមាន ? តើបព្វជិតភាពជួយយើងឲ្យត្រឡប់ទៅរស់នៅជាមួយព្រះយ៉ាងដូចម្តេច ?
-
សូមសរសេរសំណួរដែលអាចរកចម្លើយបាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១–៨, ១៣–១៤, ១៨–២០ ដូចជា « តើឈ្មោះមួយទៀតសម្រាប់បព្វជិតភាពមិលគីស្សាដែកគឺជាអ្វី ? » សូមទុកពេលពីរបីនាទីឲ្យកុមារស្វែងរកចម្លើយនៅក្នុងខគម្ពីរ ចំពោះសំណួរជាច្រើនតាមដែលពួកគេអាចធ្វើទៅបាន ។ សូមចែកចាយជាមួយកុមារនូវពរជ័យដែលអ្នកបានទទួលតាមរយៈបព្វជិតភាព ។
-
សូមអានជាមួយកុមារអំពីមិលគីស្សាដែកនៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ តើយើងរៀនអ្វីខ្លះមកពីជីវិតរបស់លោកអំពីអត្ថន័យនៃការអនុវត្តសិទ្ធិអំណាចបព្វជិតភាព ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២១–២៦, ៣៣–៣៥, ៦៥–៦៦
ព្រះអម្ចាស់បានជ្រើសពួកអ្នកបម្រើឲ្យដឹកនាំសាសនាចក្ររបស់ទ្រង់ ។
តើបទពិសោធន៍អ្វីខ្លះដែលបានស្ថាបនាទីបន្ទាល់របស់អ្នកអំពីថ្នាក់ដឹកនាំនៃសាសនាចក្រ ? តើអ្នកនឹងជួយកុមារឲ្យស្ថាបនាទីបន្ទាល់របស់ពួកគេផ្ទាល់តាមរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមដាក់រូបភាពពួកអ្នកមានសិទ្ធិអំណាចទូទៅ និងអ្នកកាន់តំណែងទូទៅមកពីសន្និសីទថ្មីៗក្នុងទស្សនាវដ្ដីEnsign ឬលីអាហូណានៅលើក្ដារខៀន ។ ពេលកុមារអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២១–២៦, ៣៣–៣៥, ៦៥–៦៦ ហើយសូមឲ្យពួកគេសរសេរនៅលើក្ដារខៀនពីអ្វីដែលពួកគេបានរៀនពីការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំទាំងនេះ ។ ហេតុអ្វីយើងមានអំណរគុណចំពោះការណែនាំរបស់ពួកលោក ? សូមចែកចាយជាមួយនឹងគ្នាពីរបៀបដែលអ្នកបានទទួលទីបន្ទាល់មួយអំពីពួកព្យាការី និងពួកសាវក ។
-
សូមសរសេរពាក្យ ភាពជឿជាក់, សេចក្ដីជំនឿ និងការអធិស្ឋាននៅលើក្តារខៀន ។ សូមសួរកុមារពីរបៀបដែលយើងអាចជួយដល់គណៈប្រធានទីមួយក្នុងសាសនាចក្រជាមួយនឹងភាពជឿជាក់ សេចក្ដីជំនឿ និងការអធិស្ឋានរបស់យើង ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២២ ) ។ ហេតុអ្វីវាសំខាន់ដើម្បីគាំទ្រដល់ពួកអ្នកបម្រើដ៏ជម្រើសរបស់ព្រះអម្ចាស់ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៨:៣
ការរស់នៅតាមសេចក្ដីសញ្ញារបស់ខ្ញុំដោយប្រុងប្រយ័ត្ននាំមកនូវពរជ័យជាច្រើន ។
សូមពិចារណាពីរបៀបដែលអ្នកអាចជួយកុមារដែលអ្នកបង្រៀនឲ្យ « ប្រុងប្រយ័ត្ន…ក្នុងការគោរពតាមសម្បថ » ឬសេចក្ដីសញ្ញា [ របស់ពួកគេ ] ។ តើការធ្វើបែបនេះនឹងផ្ដល់ពរជ័យដល់ពួកគេនៅពេលនេះ និងនាពេលអនាគតតាមរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារធ្វើអ្វីមួយដែលតម្រូវឲ្យមានការប្រុងប្រយ័ត្នដើម្បីទទួលបានជោគជ័យ ដូចជាការព្យាយាមដើម្បីចាក់ទឹកបំពេញពែងមួយដោយពុំឲ្យខ្ចាយទឹក ។ តើអ្វីខ្លះកើតឡើងពេលយើងខ្វះការប្រុងប្រយ័ត្ន ? សូមឲ្យកុមារអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៨:៣ ហើយរកមើលអ្វីដែលលីម៉ាន ស៊ើម៉ាន ត្រូវបានសុំឲ្យធ្វើយ៉ាងប្រុងប្រយ័ត្ន ។ សូមសរសេរជាមួយនឹងកុមារនូវការសន្យាដែលពួកគេធ្វើជាមួយព្រះវរបិតាសួគ៌ ពេលពួកគេទទួលបុណ្យជ្រមុជទឹក និងទទួលទានសាក្រាម៉ង់ ។ សូមជួយពួកគេឲ្យគិតអំពីរបៀបនានា ដែលពួកគេត្រូវប្រុងប្រយ័ត្នចំពោះការគោរពតាមការសន្យាទាំងនេះ ។
-
សូមច្រៀងចម្រៀងមួយបទជាមួយកុមារអំពីការរក្សាសេចក្ដីសញ្ញា ដូចជាបទ « ខ្ញុំនឹងធ្វើជាអ្នកក្លាហាន » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨៥ ) ។ សូមជួយពួកគេឲ្យធ្វើសញ្ញាមួយតាមឃ្លាមកពីចម្រៀងនោះ ដែលរំឭកពួកគេឲ្យរក្សាសេចក្ដីសញ្ញារបស់ពួកគេ ហើយលើកទឹកចិត្តពួកគេឲ្យដាក់បង្ហាញសញ្ញារបស់ពួកគេនៅគេហដ្ឋាន ។
-
សូមឲ្យផ្នែកមួយនៃសុន្ទរកថារបស់ស៊ិស្ទើរ បែកឃី ក្រាវីន « ប្រុងប្រយ័ត្ន ផ្ទុយនឹងមិនយកចិត្តទុកដាក់ » ( Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៩–១១ ) ហើយសុំឲ្យពួកគេចែកចាយអ្វីមួយដែលបំផុសគំនិតពួកគេឲ្យកាន់តែមានការប្រុងប្រយ័ត្នចំពោះការរស់នៅតាមសេចក្ដីសញ្ញារបស់ពួកគេ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមទាក់ទងទៅឪពុកម្ដាយរបស់កុមារដែលអ្នកបង្រៀនម្ដងម្កាល ដើម្បីលើកទឹកចិត្តពួកគេនៅក្នុងកិច្ចខិតខំបង្រៀនដំណឹងល្អរបស់ពួកគេនៅគេហដ្ឋាន ។ អ្នកអាចប្រាប់ពួកគេពីអ្វីមួយដែលកូនៗរបស់ពួកគេបានចែកចាយនៅក្នុងថ្នាក់កុមារដែលពួកគេបានរៀននៅក្នុងគេហដ្ឋាន ។