« ថ្ងៃទី ៦–១២ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨–១០១ ៖ ‹ ចូរបង្អង់សិន ហើយឲ្យបានដឹងថា យើងជាព្រះ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ (ឆ្នាំ ២០២០ )
« ថ្ងៃទី ៦–១២ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨–១០១ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ស៊ី ស៊ី អេ គ្រីស្ទានសិន ( ១៨៣១–១៩១២ ) ពួកបរិសុទ្ធត្រូវបានគេបណ្ដេញចេញពីស្រុកចាកសុន រដ្ឋមិសសួរី ប្រហែលឆ្នាំ ១៨៧៨ គំនូរលើក្រណាត់ ទំហំ ១៩៦x២៨៦ សង់ទីម៉ែត្រ ។ សារមន្ទីរវិចិត្រសិល្បៈនៃសាកលវិទ្យាល័យព្រិកហាំ យ៉ង់ អំណោយពីចៅៗរបស់ ស៊ី ស៊ី អេ គ្រីស្ទានសិន ឆ្នាំ ១៩៧០
ថ្ងៃទី ៦–១២ ខែ កញ្ញា
គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨–១០១
« ចូរបង្អង់សិន ហើយឲ្យបានដឹងថា យើងជាព្រះ »
តើសារលិខិតអ្វីខ្លះដែលកុមារនៅក្នុងថ្នាក់រៀនរបស់អ្នកត្រូវការស្ដាប់ឮនៅសប្ដាហ៍នេះ ? តើគោលការណ៍ទាំងឡាយនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨–១០១ ជួយពួកគេឲ្យក្លាយជាពួកសិស្សដ៏ប្រសើររបស់ព្រះយេស៊ូវគ្រីស្ទតាមរបៀបណា ?
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមលើកទឹកចិត្តកុមារឲ្យចែកចាយអ្វីមួយដែលពួកគេបានរៀនមកពីគោលលទ្ធិ និង សេចក្តីសញ្ញានៅឯគេហដ្ឋាន ឬក្នុងថ្នាក់បឋមសិក្សា ។ សូមសួរថាតើអ្វីទៅដែលពួកគេរីករាយនឹងរៀនពីក្នុងគោលលទ្ធិ និង សេចក្តីសញ្ញាបំផុត ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨:៣៩–៤០
ខ្ញុំអាចអភ័យទោសដល់មនុស្សដែលមានចិត្តអាក្រក់ចំពោះខ្ញុំ ។
ព្រះអម្ចាស់បានសុំពួកបរិសុទ្ធដែលត្រូវបានគេបៀតបៀននៅស្រុកចាកសុន រដ្ឋមិសសួរី ឲ្យអភ័យទោសដល់អ្នកដែលបានធ្វើបាបដល់ពួកគេ ។ ពេលអ្នកបង្រៀនកុមារអំពីសារៈសំខាន់នៃការអភ័យទោស សូមធ្វើឲ្យប្រាកដថា ពួកគេក៏យល់ដឹងផងដែរថា បើមនុស្សម្នាក់ធ្វើឲ្យពួកគេឈឺចាប់ នោះពួកគេគួរតែប្រាប់មនុស្សធំដែលគួរឲ្យទុកចិត្តបានម្នាក់ជានិច្ច ។
សកម្មភាពដែលអាចជ្រើសរើស
-
ដើម្បីជួយកុមារឲ្យយល់ដឹងពីឧបសគ្គដែលពួកបរិសុទ្ធនៅក្រុងស៊ីយ៉ូនបានជួបប្រទះ សូមចែកចាយនឹងពួកគេនូវ « ជំពូកទី ៣៤ ៖ ព្រះព្រមានមនុស្សនៃទីក្រុងស៊ីយ៉ូន » ( ដំណើររឿងអំពីគោលលទ្ធិ និង សេចក្តីសញ្ញា ទំព័រ ១២៨–១៣១ ឬ វីដេអូដែលមានដំណើររឿងនោះនៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:៣៩–៤០ ហើយសុំឲ្យកុមារស្ដាប់រកអ្វីដែលព្រះអម្ចាស់បានមានបន្ទូលទៅពួកបរិសុទ្ធឲ្យធ្វើ ពេលមារសត្រូវរបស់ពួកគេសុំការអភ័យទោស ។ ហេតុអ្វីព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងអភ័យទោសដល់មនុស្សទូទៅ សូម្បីតែអ្នកដែលពុំមានចិត្តល្អនឹងយើងក្ដី ?
-
សូមដាក់រូបភាពមុខញញឹមមួយនៅលើជញ្ជាំងមួយ ហើយមុខសោកសៅនៅលើជញ្ជាំងម្ខាងទៀត ។ សូមចែកចាយជាមួយនឹងកុមារនូវស្ថានភាពខុសៗគ្នាដែលមនុស្សម្នាក់មានចិត្តអាក្រក់ ( អ្នកអាចស្វែងរកដំណើររឿងមួយចំនួននៅក្នុងទស្សនាវដ្ដី Friend ឬលីអាហូណា ) ។ សូមណែនាំពីវិធីដែលយើងអាចឆ្លើយតបចំពោះទង្វើអាក្រក់ ហើយជួយកុមារឲ្យសម្រេចចិត្តថា តើការឆ្លើយតបនីមួយៗនឹងធ្វើឲ្យពួកគេរីករាយ ឬសោកសៅ ។ សូមឲ្យកុមារចង្អុលទៅទឹកមុខដែលត្រឹមត្រូវនៅលើក្ដារខៀន ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:១៦
ព្រះយេស៊ូវគ្រីស្ទអាចនាំឲ្យខ្ញុំមានសេចក្ដី សុខសាន្ត ។
នៅពេលពួកបរិសុទ្ធបានជួបប្រទះនឹងការបៀតបៀន នោះព្រះអម្ចាស់បានលួងលោមចិត្តពួកគេដោយមានបន្ទូលថា « ចូរបង្អង់សិន ហើយឲ្យបានដឹងថា យើងជាព្រះ » ។ សូមពិចារណាអំពីរបៀបដែលការប្រឹក្សានេះអាចជួយដល់កុមារដែលអ្នកបង្រៀន ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារកម្រើកកៅអីរបស់ពួកគេតិចៗ ។ បន្ទាប់មក សុំឲ្យពួកគេឈប់រំកិល ពេលអ្នកលើករូបភាពព្រះអង្គសង្គ្រោះឡើង ហើយនិយាយឃ្លាថា « ចូរបង្អង់សិន ហើយឲ្យបានដឹងថា យើងជាព្រះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:១៦ ) ។ សូមធ្វើសកម្មភាពនេះពីរបីដងរួមគ្នា ។ សូមពន្យល់ថា នៅពេលជីវិតមានការលំបាកសម្រាប់ពួកបរិសុទ្ធនៅជំនាន់របស់យ៉ូសែប ស្ម៊ីធ នោះព្រះយេស៊ូវសព្វព្រះទ័យឲ្យពួកគេបង្អង់សិន ហើយទុកចិត្តលើទ្រង់ ជំនួសឲ្យការព្រួយបារម្ភ ។ តើព្រះយេស៊ូវអាចជួយយើង កាលយើងជួបនឹងការលំបាកដោយរបៀបណា ?
-
សូមច្រៀងចម្រៀងមួយបទរួមគ្នាអំពីគារវភាព ដូចជាបទ « ដោយគោរព ដោយស្ងៀមស្ងាត់ » ឬ « ដើម្បីគិតអំពីព្រះយេស៊ូវ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១១, ១៤១ ) ។ សូមជួយកុមារឲ្យស្គាល់អារម្មណ៍សុខសាន្តដែលកើតមានពេលយើងបង្អង់ ហើយគិតពីព្រះយេស៊ូវ—ឧទាហរណ៍ ពេលយើងកំពុងអធិស្ឋាន ឬទទួលទានសាក្រាម៉ង់ ។
-
សូមជួយឲ្យកុមារបំពេញទំព័រសកម្មភាពសម្រាប់សប្ដាហ៍នេះ ។ ខណៈដែលពួកគេផាត់ពណ៌ សូមប្រាប់ពួកគេពីរបៀបដែលការគិតពីព្រះយេស៊ូវគ្រីស្ទបានជួយអ្នកឲ្យមានអារម្មណ៍សុខសាន្ត ទោះជាក្នុងគ្រាលំបាកក្ដី ។
រូបភាពចេញអំពី ព្រះគ្រីស្ទ និងកម្លោះអ្នកមាន ដោយ ហែនរិច ហូហ្វម៉ាន់
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:១–៣, ១១–១៤; ១០១:១៦
ការសាកល្បងរបស់ខ្ញុំអាចជួយខ្ញុំឲ្យប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ។
ពេលកុមារជួបនឹងឧបសគ្គនៅក្នុងជីវិតរបស់ពួកគេ ពួកគេនឹងត្រូវការសេចក្ដីជំនឿថា ព្រះអង្គសង្គ្រោះអាចជួយពួកគេអំឡុងការសាកល្បងរបស់ពួកគេបាន ហើយថាការសាកល្បងទាំងនោះអាច « ផ្សំគ្នាសម្រាប់សេចក្ដីល្អ [ របស់ពួកគេ ] » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:៣ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារជួយអ្នកធ្វើបញ្ជីមួយនៅលើក្ដារខៀនអំពីឧបសគ្គមួយចំនួនដែលកុមារម្នាក់វ័យប៉ុនពួកគេអាចជួបប្រទះ ។ សូមប្រាប់កុមារអំពីឧបសគ្គមួយចំនួនរបស់ពួកបរិសុទ្ធដែលរស់នៅស្រុកចាកសុន រដ្ឋមិសសួរី នៅឆ្នាំ ១៨៣៣ ( សូមមើល ជំពូកទី ៣៤ និង ៣៥ នៅក្នុង ដំណើររឿងអំពីគោលលទ្ធិ និង សេចក្តីសញ្ញា ទំព័រ ១២៨–១៣៤ ) ។ តើពាក្យទូន្មានអ្វីខ្លះដែលពួកគេនឹងផ្ដល់ឲ្យកុមារម្នាក់ដែលកំពុងជួបប្រទះឧបសគ្គទាំងនេះ ? សូមឲ្យកុមារអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:១–៣, ១១–១៤ ដោយស្វែងរកការដឹកនាំដែលព្រះអម្ចាស់បានប្រទានឲ្យ ។ តើពួកគេអាចធ្វើតាមការប្រឹក្សានេះ នៅពេលពួកគេជួបនឹងឧបសគ្គដូចឧបសគ្គមួយដែលបានសរសេរនៅលើក្ដារខៀនតាមរបៀបណា ?
-
សូមឲ្យកុមារបង្អង់សិន ហើយនៅស្ងៀមរយៈពេលពីរបីនាទីតាមដែលអាចធ្វើបាន ខណៈដែលកំពុងសម្លឹងមើលរូបភាពមួយរបស់ព្រះអង្គសង្គ្រោះ ឬស្ដាប់ចម្រៀងមួយបទអំពីទ្រង់ ។ បន្ទាប់មក សូមឲ្យពួកគេចែកចាយពីអារម្មណ៍របស់ពួកគេ និងអ្វីដែលពួកគេបានដកពិសោធន៍នៅអំឡុងពេលនៅស្ងៀមនោះ ។ សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:១៦ ។ តើការនៅស្ងៀម ហើយគិតពីព្រះយេស៊ូវជួយយើងយ៉ាងដូចម្ដេច ? សូមជួយកុមារឲ្យយល់ដឹងពីទំនាក់ទំនងរវាងការនៅស្ងៀមដោយគារវភាព និងលទ្ធភាពរបស់យើងដើម្បីទទួលអារម្មណ៍ពីព្រះវិញ្ញាណ ហើយគិតពីព្រះយេស៊ូវ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:២៣, ២៩–៤០
ព្រះយេស៊ូវសព្វព្រះទ័យឲ្យខ្ញុំអភ័យទោសដល់មនុស្សដែលមានចិត្តអាក្រក់ចំពោះខ្ញុំ ។
យើងត្រូវបានបង្គាប់ឲ្យចេះស្រឡាញ់គ្នា អភ័យទោសឲ្យគ្នា « ចិតសិបប្រាំពីរដង » ហើយបែរថ្ពាល់ម្ខាងទៀត ( សូមមើលម៉ាថាយ ៥:៣៩, ៤៣–៤៤; ១៨:២១–២២ ) ។ តើអ្នកអាចប្រើខគម្ពីរទាំងនេះដើម្បីបង្រៀនកុមារពីសេចក្ដីពិតទាំងនេះយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រាប់កុមារអំពីការបៀតបៀនដែលបានកើតឡើងនៅស្រុកចាកសុន រដ្ឋមិសសួរីនៅឆ្នាំ ១៨៣៣ ( សូមមើល ជំពូកទី ៣៤ និង ៣៥ នៅក្នុង ដំណើររឿងអំពីគោលលទ្ធិ និង សេចក្តីសញ្ញា ទំព័រ ១២៨–១៣៤ ) ។ សូមសួរកុមារថា តើពួកគេនឹងមានអារម្មណ៍បែបណា ប្រសិនបើពួកគេគឺជាសមាជិកម្នាក់ក្នុងសាសនាចក្រនៅក្នុងគ្រានោះ ។ សូមឲ្យពួកគេអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨:២៣, ៣៩–៤០ ដើម្បីស្វែងរកអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យពួកបរិសុទ្ធធ្វើ ។ ហេតុអ្វីវាអាចជាការពិបាកដើម្បីអភ័យទោសឲ្យមនុស្សដែលធ្វើឲ្យយើងឈឺចាប់ ? តើយើងមានពរយ៉ាងណា នៅពេលយើងធ្វើ ?
-
សូមសួរកុមារប្រសិនបើពួកគេអាចគិតពីគ្រាមួយដែលព្រះយេស៊ូវគ្រីស្ទ ឬមនុស្សម្នាក់ផ្សេងទៀតនៅក្នុងបទគម្ពីរបានធ្វើតាមអ្វីដែលគោលលទ្ធិ និងសេចក្តី សញ្ញា ៩៨:២៣បង្រៀន ។ ដើម្បីបង្ហាញគំរូមួយដល់ពួកគេ សូមបង្ហាញរូបភាពនៃការឆ្កាង ( ដូចជា សៀវភៅរូបភាពដំណឹងល្អ លេខ ៥៧ ) ។ សូមឲ្យកុមារចែកចាយនូវអ្វីដែលពួកគេដឹងអំពីការឆ្កាងរបស់ព្រះអង្គសង្គ្រោះ ( សូមមើលលូកា ២៣ ) ។ សូមឲ្យពួកគេអាន លូកា ២៣:៣៤ ។ តើយើងអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:២៣–៣២, ៣៦, ៣៨
ខ្ញុំអាចរកឃើញអំណរតាមរយៈព្រះយេស៊ូវគ្រីស្ទ ។
គោលបំណងនៃជីវិតពុំមែនដើម្បីរួចផុតពីការលំបាកនោះទេ ប៉ុន្តែអ្នកអាចជួយកុមារឲ្យរកឃើញថា ពួកគេនៅតែអាចរកឃើញអំណរដ៏ពេញលេញតាមរយៈព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមដាក់ទឹកក្នុងពែងមួយ ។ សូមឲ្យកុមារប្រាប់ពីរឿងនានាដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់យើង ដើម្បីយើងអាចមានអំណរ ហើយឲ្យពួកគេទម្លាក់ដុំគ្រួសមួយដុំចូលទៅក្នុងពែងសម្រាប់រឿងនីមួយៗដែលពួកគេបានប្រាប់រហូតដល់ពែងពេញ ។ សូមអានជាមួយកុមារក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៣៦ ហើយសូមឲ្យពួកគេរកមើលរបៀបដែលយើងអាចមានអំណរដ៏ពេញលេញ ។ តើរឿងមួយចំនួនអ្វីខ្លះដែលយើងអាចធ្វើដើម្បី« ស្វែងរក … ព្រះអម្ចាស់ » ( ខទី ៣៨ )ដើម្បីយើងអាចមានអំណរដែលទ្រង់សព្វព្រះទ័យចង់ប្រទានដល់យើង ?
-
សូមពន្យល់ថា គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:២៣–៣២ បង្រៀនអំពីអ្វីដែលនឹងកើតឡើងចំពោះជីវិតយើង ពេលព្រះយេស៊ូវគ្រីស្ទយាងមកម្ដងទៀត ។ ពេលអ្នកអានខគម្ពីរទាំងនេះរួមគ្នា សូមពិភាក្សាពីរឿងដែលកុមាររកឃើញថានឹងនាំអំណរដល់យើង ពេលទ្រង់យាងមក ។ ហេតុអ្វីវាមានប្រយោជន៍ដើម្បីដឹងអំពីរឿងទាំងនេះ ពេលយើងកំពុងមានការលំបាក ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមជួយកុមារឲ្យរើសខគម្ពីរមួយពីក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨–១០១ ដែលពួកគេចង់ចែកចាយជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ ។ សូមជួយពួកគេឲ្យដាក់ផែនការពីរបៀបដែលពួកគេនឹងចែកចាយអ្វីដែលពួកគេចូលចិត្តអំពីខគម្ពីរនោះ ។
ការកែលម្អការបង្រៀនរបស់យើង
ការកែលម្អខ្លួនក្នុងនាមជាគ្រូបង្រៀនដូចជាព្រះគ្រីស្ទ ។ សូមពិចារណាពីវិធីដែលអ្នកអាចប្រែក្លាយជាគ្រូបង្រៀនដែលមានបុគ្គលិកលក្ខណៈដូចជាព្រះគ្រីស្ទ ។ សូមពិចារណាប្រើសំណួរវាយតម្លៃផ្ទាល់ខ្លួននៅលើទំព័រ ៣៧ នៃសៀវភៅ ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ដើម្បីជួយអ្នកឲ្យកែលម្អ ។