« ថ្ងៃទី ៣០ ខែ សីហា–ថ្ងៃទី ៥ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៩៤–៩៧ ៖ ‹ សម្រាប់សេចក្ដីសង្គ្រោះនៃក្រុងស៊ីយ៉ូន › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៣០ ខែ សីហា–ថ្ងៃទី ៥ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៩៤–៩៧ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ថ្ងៃទី ៣០ ខែ សីហា–ថ្ងៃទី ៥ ខែ កញ្ញា
គោលលទ្ធិ និង សេចក្តីសញ្ញា ៩៤–៩៧
« សម្រាប់សេចក្ដីសង្គ្រោះនៃក្រុងស៊ីយ៉ូន »
សូមស្វែងរកការបំផុសគំនិតដើម្បីដឹងថាតើកណ្ឌទី ៩៤–៩៧ មានគោលការណ៍អ្វីខ្លះដែលត្រូវគូសបញ្ជាក់ ពេលអ្នកបង្រៀន ។ អ្នកអាចសម្របសម្រួលនូវគំនិតសម្រាប់សកម្មភាពនានាសម្រាប់កុមារតូចៗ នៅពេលអ្នកបង្រៀនកុមារធំៗ ហើយបញ្ច្រស់ពីនោះវិញ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមបង្ហាញកុមាររូបភាពនៃព្រះវិហារបរិសុទ្ធមួយ ហើយសុំឲ្យពួកគេចែកចាយពីអ្វីដែលពួកគេដឹងអំពីព្រះវិហារបរិសុទ្ធ ។ ពួកគេក៏អាចនិយាយពីអារម្មណ៍របស់ពួកគេ នៅពេលពួកគេឃើញព្រះវិហារបរិសុទ្ធមួយផងដែរ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥:៨, ៩៧:១៥–១៦
ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ព្រះអម្ចាស់ ។
សូម្បីតែកុមារនៅក្រុងខឺតឡង់ក៏បានជួយសង់ព្រះវិហារបរិសុទ្ធខឺតឡង់ដែរ តាមរយៈវិធីតូចៗដ៏មានន័យ ។ សូមជួយកុមារដែលអ្នកបង្រៀនឲ្យពង្រឹងសេចក្ដីស្រឡាញ់របស់ពួកគេចំពោះដំណាក់ដ៏បរិសុទ្ធរបស់ព្រះអម្ចាស់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពនៃព្រះវិហារបរិសុទ្ធខឺតឡង់( សូមមើល គម្រោងមេរៀននៅសប្ដាហ៍នេះនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និង ក្រុមគ្រួសារ ) ។ សូមប្រើឃ្លានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥:៨ ដើម្បីបង្រៀនកុមារពីបទបញ្ញត្តិរបស់ព្រះដើម្បីសង់ព្រះវិហារបរិសុទ្ធនេះ ។ សូមឲ្យកុមារប្ដូរវេនគ្នាកាន់រូបភាពនោះ ហើយនិយាយថា « ព្រះវិហារបរិសុទ្ធគឺជាព្រះដំណាក់របស់ព្រះអម្ចាស់ » ។
-
សូមប្រាប់កុមារថា គ្រប់ព្រះវិហារបរិសុទ្ធមានដាក់ពាក្យថា « បរិសុទ្ធភាពថ្វាយព្រះអម្ចាស់ ។ ដំណាក់របស់ព្រះអម្ចាស់ » ។ ប្រសិនបើអាចធ្វើបាន សូមបង្ហាញរូបភាពពាក្យទាំងនោះនៅព្រះវិហារបរិសុទ្ធមួយ ។ ហេតុអ្វីព្រះវិហារបរិសុទ្ធគឺជាកន្លែងដ៏ពិសេសមួយ ? សូមអានឃ្លានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:១៥–១៦ ដែលបង្រៀនថា ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ព្រះអម្ចាស់ ហើយចែកចាយអារម្មណ៍របស់អ្នកអំពីព្រះវិហារបរិសុទ្ធ ។
-
សូមឲ្យកុមារគិតថា ពួកគេកំពុងជួយសង់ព្រះវិហារបរិសុទ្ធមួយ ( ដូចជា កាត់ឈើ វាយដែកគោល លាបថ្នាំជញ្ជាំង ជាដើម ) ។ សូមពន្យល់ថាតើព្រះវិហារបរិសុទ្ធមានសារៈសំខាន់ប៉ុនណាចំពោះព្រះអម្ចាស់ ថាពួកបរិសុទ្ធបានខិតខំធ្វើការបែបណាខ្លះដើម្បីសង់ព្រះវិហារបរិសុទ្ធខឺតឡង់ ហើយពួកគេបានលះបង់ច្រើនប៉ុនណា ( សូមមើលSaints ១:២១០ ) ។
-
សូមច្រៀងចម្រៀងមួយបទរួមគ្នាដើម្បីជួយកុមារឲ្យមានគារវភាពចំពោះដំណាក់របស់ព្រះអម្ចាស់ ដូចជាបទ « ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៩៩ ) ។ សូមឲ្យកុមារចែកចាយពីអារម្មណ៍របស់ពួកគេអំពីព្រះវិហារបរិសុទ្ធ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:៨
ខ្ញុំអាចធ្វើជាមនុស្សស្មោះត្រង់ ។
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:៨ ព្រះអម្ចាស់បានកំណត់ថា ចិត្តទៀងត្រង់គឺជាឥរិយាបថមួយនៃអ្នកដែលត្រូវ « បានទទួលដោយយើង » ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមពន្យល់កុមារថា ព្រះបានបង្រៀនថា ពេលយើងមានចិត្តទៀងត្រង់ នោះទ្រង់ទទួលយកយើង ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:៨ ) ។ សូមចែកចាយនឹងពួកគេនូវដំណើររឿងខ្លីៗមួយចំនួនដែលជួយពួកគេឲ្យយល់ពីអត្ថន័យនៃចិត្តទៀងត្រង់ ។ ដំណើររឿងទាំងនេះអាចកើតចេញពីជីវិតរបស់យើងផ្ទាល់ ចេញពីជីវិតរបស់មនុស្សម្នាក់ដែលអ្នកស្គាល់ ឬចេញពីទស្សនាវដ្ដី Friend ឬ លីអាហូណា ។ សូមជួយកុមារឲ្យប្រាប់ដំណើររឿងទាំងនោះឡើងវិញដល់អ្នក ឬចែកចាយបទពិសោធន៍អំពីចិត្តទៀងត្រង់ចេញពីជីវិតរបស់ពួកគេ ។
-
សូមជួយកុមារឲ្យរៀនអំពីឃ្លាទីមួយនៃមាត្រាទីដប់បីនៃសេចក្តីជំនឿ ៖ « យើងខ្ញុំជឿលើការប្រព្រឹត្តដោយទៀងត្រង់ » ។ សូមជួយកុមារឲ្យសម្ដែងពីឧទាហរណ៍មួយនៃការប្រព្រឹត្តដោយទៀងត្រង់ និងមិនទៀងត្រង់ ។ ឧទាហរណ៍ កុមារអាចសម្ដែងពីការយកអ្វីមួយរបស់បងប្អូនម្នាក់ ហើយប្រាប់ឪពុកម្ដាយរបស់ពួកគេថា ពួកគេពុំបានយកទេ ។ បន្ទាប់មកសូមជួយកុមារឲ្យសម្ដែងរឿងមួយដូចគ្នា ដែលពួកគេប្រាប់ពីសេចក្ដីពិតដល់ឪពុកម្ដាយរបស់ពួកគេ ។ សូមពន្យល់ថា ការណ៍នេះគឺជាការប្រព្រឹត្តទៀងត្រង់ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥:១–៣, ៨, ១១–១៧; ៩៧:១០–១៧
ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ព្រះអម្ចាស់ ។
សូមពិចារណាពីរបៀបដែលអ្នកអាចប្រើខគម្ពីរទាំងនេះដើម្បីជួយកុមារឲ្យយល់ដឹងថាតើព្រះវិហារបរិសុទ្ធមានសារៈសំខាន់ប៉ុនណាចំពោះព្រះអម្ចាស់—ហើយថាតើព្រះវិហារបរិសុទ្ធមានសារៈសំខាន់ប៉ុនណាចំពោះយើងគ្រប់គ្នា ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារនិយាយអំពីគ្រាដែលពួកគេគួរតែធ្វើអ្វីមួយ ប៉ុន្តែមិនបានធ្វើវាភ្លាមៗនោះទេ ។ សូមជួយកុមារម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥:៣, ៨ ហើយសូមសួរកុមារផ្សេងទៀតថា តើបទបញ្ញត្តិអ្វីដែលព្រះអម្ចាស់បានមានបន្ទូល ប៉ុន្តែពួកបរិសុទ្ធពុំបានគោរពតាម ។ សូមអានរួមគ្នាក្នុង ខទី ១១ ។ តើពួកបរិសុទ្ធចាំបាច់ត្រូវធ្វើអ្វីខ្លះដើម្បីពួកគេអាចសង់ព្រះវិហារបរិសុទ្ធ ? តើយើងអាចរៀនអ្វីខ្លះមកពីការសន្យារបស់ព្រះអម្ចាស់ចំពោះពួកគេ ?
-
សូមសរសេរគោលការណ៍ពីព្រះវិហារបរិសុទ្ធដែលមាននៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥ និង ៩៧ នៅលើកាតជាច្រើនដោយមានសេចក្ដីយោងបទគម្ពីរដែលទាក់ទង ហើយដាក់កាតទាំងនោះនៅក្នុងថង់មួយ ។ ឧទាហរណ៍ ៖ ការសង់ព្រះវិហារបរិសុទ្ធតម្រូវឲ្យមានការលះបង់ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:១១–១២ ) និង យើងត្រូវតែមានភាពស័ក្ដិសមដើម្បីចូលព្រះវិហារបរិសុទ្ធ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:១៥–១៧ ) ។ សូមបំបែកកុមារជាគូ ។ ចូរឲ្យគូនីមួយៗយកកាតមួយចេញពីថង់ រួចហើយធ្វើការរួមគ្នាដើម្បីអានបទគម្ពីរនៅលើកាតនោះ ហើយពិភាក្សាគ្នាពីអត្ថន័យនៃគោលការណ៍«នោះចំពោះពួកគេ ។ សូមជួយកុមារឲ្យយល់ដឹងពីអ្វីដែលពួកគេកំពុងអាន ប្រសិនបើចាំបាច់ ។
-
សូមអញ្ជើញយុវវ័យម្នាក់នៅក្នុងវួដ ឬសាខារបស់អ្នកដែលធ្លាប់ទៅព្រះវិហារបរិសុទ្ធឲ្យចែកចាយពីបទពិសោធន៍របស់គាត់ ហើយប្រាប់កុមារពីអ្វីដែលពួកគេអាចធ្វើដើម្បីរៀបចំខ្លួនសម្រាប់ព្រះវិហារបរិសុទ្ធ ។
-
សូមប្រើអត្ថបទ « Your Path to the Temple » ( នៅក្នុង Temples of The Church of Jesus Christ of Latter–day Saints [ ការចេញផ្សាយពិសេសនៃទស្សនាវដ្ដី Ensign ឬ Liahona ខែ តុលា ឆ្នាំ ២០១០ ] ទំព័រ ៧២–៧៥ ) ដើម្បីជួយកុមារឲ្យយល់ដឹងពីអ្វីដែលកើតឡើងនៅក្នុងព្រះវិហារបរិសុទ្ធ និងរបៀបដែលពួកគេអាចរៀបចំខ្លួន ។ សូមពិចារណាឲ្យផ្នែកមួយនៃអត្ថបទនេះទៅ កុមារម្នាក់ៗអាន ហើយអនុញ្ញាតឲ្យពួកគេចែកចាយអ្វីដែលពួកគេរៀន ។
-
សូមចែកចាយវីដេអូ « Two Apostles Lead a Virtual Tour of the Rome Italy Temple » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ហើយសូមឲ្យកុមារចែកចាយពីអារម្មណ៍របស់ពួកគេអំពីការទៅព្រះវិហារបរិសុទ្ធនៅថ្ងៃមួយ ។
-
សូមច្រៀងចម្រៀងមួយបទរួមគ្នាអំពីព្រះវិហារបរិសុទ្ធ ដូចជា « ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៩៩ ) ។ តើឃ្លាអ្វីខ្លះនៅក្នុងចម្រៀងនេះបង្រៀនយើងពីហេតុផលដែលព្រះវិហារបរិសុទ្ធមានភាពពិសិដ្ឋ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:១–២, ៨–៩, ២១
ក្រុងស៊ីយ៉ូនគឺ « អ្នកដែលមានចិត្តល្អសុទ្ធសាធ » ។
សូមជួយកុមារឲ្យយល់ដឹងថា ក្រុងស៊ីយ៉ូនពុំគ្រាន់តែជាទីកន្លែងមួយនោះទេ តែវាក៏ជា « អ្នកដែលមានចិត្តល្អសុទ្ធសាធ » ផងដែរ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:២១ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:២១ ហើយសួរពួកគេពីអត្ថន័យនៃពាក្យ « ចិត្តល្អសុទ្ធសាធ » ។ ដើម្បីបង្ហាញ សូមបង្ហាញពួកគេទឹកមួយកែវ ហើយពិភាក្សាពីហេតុផលដែលវាសំខាន់ដើម្បីមានទឹកស្អាត ។ សូមបន្ថែមអ្វីមួយទៅក្នុងទឹកនោះដែលធ្វើឲ្យវាមានភាពល្អក់កករ ( ដូចជា ដី ឬម្រេច ) ។ សូមឲ្យកុមារអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:២១ ម្ដងទៀត ហើយដាក់ចង្អុលដៃរបស់ពួកគេនៅលើពាក្យ « ចិត្តល្អសុទ្ធសាធ » ។ តើការធ្វើឲ្យចិត្តយើងបានល្អសុទ្ធសាធមានន័យដូចម្ដេច ? សូមជួយកុមារឲ្យយល់ថា ការមានចិត្តល្អសុទ្ធសាធពុំមែនមានន័យថា យើងគ្មានកំហុសនោះទេ ។ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីមានចិត្តល្អសុទ្ធសាធកាន់តែច្រើន ? តើព្រះអង្គសង្រ្គោះជួយយើងឲ្យធ្វើបែបនេះយ៉ាងដូចម្តេច ?
-
សូមជួយកុមារឲ្យស្រាវជ្រាវក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:១–២, ៨–៩, ២១ ហើយរកមើលពាក្យ ឬឃ្លានានាដែលពិពណ៌នាអំពីរបៀបដើម្បីមានចិត្តល្អសុទ្ធសាធ ។ សុំឲ្យពួកគេរើសយកពាក្យ ឬឃ្លាមួយ សូមសរសេរវានៅលើបំណែកក្រដាសមួយ ហើយដាក់វានៅក្នុងកំប៉ុងមួយ ។ សូមដកយកបំណែកក្រដាសម្ដងមួយៗ ហើយសុំឲ្យកុមារប្រាប់ពីរឿងដែលពួកគេអាចធ្វើបានដើម្បីប្រើគំនិតនោះនៅក្នុងជីវិតរបស់ពួកគេ ។ ឧទាហរណ៍ តើយើងអាចធ្វើអ្វីខ្លះដើម្បី « រកសេចក្ដីពិត » ( ខទី ១ ឬមាន « ចិត្តទៀងត្រង់ » កាន់តែច្រើន ( ខទី ៨ ) ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមឲ្យកុមារប្រើទំព័រសកម្មភាពសប្ដាហ៍នេះដើម្បីចែកចាយជាមួយនឹងក្រុមគ្រួសាររបស់ពួកគេពីអ្វីដែលពួកគេបានរៀនថ្ងៃនេះអំពីព្រះវិហារបរិសុទ្ធ ។