« ថ្ងៃទី ២៣–២៩ ខែ សីហា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣ ៖ ‹ ទទួលភាពពេញលេញរបស់ទ្រង់ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៣–២៩ ខែ សីហា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា
ថ្ងៃទី ២៣–២៩ ខែ សីហា
គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣
« ទទួលភាពពេញលេញរបស់ទ្រង់ »
កុមារដែលអ្នកបង្រៀនគឺជាបុត្រាបុត្រីខាងវិញ្ញាណដ៏មានតម្លៃរបស់មាតាបិតាសួគ៌ ហើយពួកគេធ្លាប់រស់នៅជាមួយនឹងពួកទ្រង់ពីមុនចាប់កំណើតមកលើផែនដីនេះ ។ បន្ទាប់ពីសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣ ហើយ តើអ្នកមានការបំផុសគំនិតឲ្យធ្វើអ្វីខ្លះ ដើម្បីជួយកុមារទាំងនេះឲ្យរីកចម្រើន« ក្នុងពន្លឺ និងសេចក្ដីពិត » ? ( ខទី ៤០ ) ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមបង្ហាញរូបភាពរបស់ព្រះអង្គសង្រ្គោះ ( ដូចជារូបភាពនៅក្នុង សៀវភៅរូបភាពដំណឹងល្អ ឬទស្សនាវដ្ដីរបស់សាសនាចក្រ ) ហើយសុំឲ្យកុមារចែកចាយពីអ្វីដែលពួកគេដឹងអំពីទ្រង់ ។ កុមារដែលមានអាយុច្រើនប្រហែលជាអ្នកចែកចាយបទគម្ពីរមួយមកពី គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣ដែលបានជួយពួកគេឲ្យរៀនអំពីព្រះយេស៊ូវគ្រីស្ទ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:២–២១
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ ។
វាគឺជារឿងដ៏សំខាន់ចំពោះកុមារដែលអ្នកបង្រៀន ដើម្បីរៀនថា តើព្រះយេស៊ូវគ្រីស្ទគឺជានរណា និងពីហេតុផលដែលពួកគេគួរធ្វើតាមទ្រង់ ។ សេចក្ដីពិតអំពីព្រះយេស៊ូវគ្រីស្ទដែលមាននៅក្នុងកណ្ឌ ៩៣ អាចជួយបាន ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជ្រើសយកសេចក្ដីពិតមួយចំនួនដែលអ្នកបានរៀនពីព្រះអង្គសង្គ្រោះនៅក្នុងកណ្ឌទី ៩៣ដែលកំពុងបំផុសគំនិតដល់អ្នក ។ ចំពោះសេចក្ដីពិតនីមួយៗដែលអ្នកជ្រើសរើស សូមអានទៅកាន់កុមារនូវខគម្ពីរដែលមានសេចក្ដីពិតនោះ ហើយប្រាប់ពួកគេឲ្យស្ដាប់រកពាក្យគន្លឹះ ពេលអ្នកអាន ។ សូមចែកចាយទីបន្ទាល់ខ្លីមួយពីព្រះអង្គសង្គ្រោះ ហើយសុំឲ្យកុមារចែកចាយទីបន្ទាល់របស់ពួកគេផ្ទាល់ ។ បញ្ជីនៃសេចក្ដីពិតដូចតទៅនេះអាចផ្ដល់គំនិតដល់អ្នក ៖
ព្រះយេស៊ូវគ្រីស្ទបានធ្វើកិច្ចការរបស់ព្រះវរបិតា ( ខទី ៥ ) ។
ព្រះយេស៊ូវគ្រីស្ទគឺជាពន្លឺនៃលោកិយ ( ខទី ៩ ) ។
ព្រះយេស៊ូវគ្រីស្ទគឺជាអង្គបង្កបង្កើតពិភពលោក ( ខទី ១០ ) ។
ព្រះយេស៊ូវគ្រីស្ទបានទទួលរាល់ព្រះចេស្ដានៅលើស្ថានសួគ៌ និងលើផែនដី ( ខទី ១៧ ) ។
ព្រះយេស៊ូវគ្រីស្ទគង់នៅជាមួយនឹងព្រះតាំងពីដើមមក ( ខទី ២១ ) ។
-
សុំឲ្យកុមារស្ដាប់រកអ្វីមួយដែលពួកគេរៀនពីព្រះអង្គសង្គ្រោះ ពេលអ្នកសង្ខេបពីសេចក្ដីពិតមួយចំនួនដែលបានបង្រៀននៅក្នុងកណ្ឌទី ៩៣ ដោយពាក្យសម្ដីរបស់អ្នកផ្ទាល់ ។ ( អ្នកក៏អាចប្រើ « ជំពូកទី ៣៣ ៖ វិវរណៈអំពីព្រះយេស៊ូវគ្រីស្ទ » [ ដំណើររឿងគោលលទ្ធិ និងសេចក្ដីសញ្ញា ទំព័រ ១២៦–១២៧ ] ផងដែរ ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:២៣, ២៩
ខ្ញុំបានរស់នៅជាមួយនឹងព្រះវរបិតាសួគ៌ពីមុនខ្ញុំបានមកចាប់កំណើតលើផែនដី ។
ហេតុអ្វីវាអាចជារឿងសំខាន់ដើម្បីជួយកុមារដែលអ្នកបង្រៀនឲ្យយល់ដឹងថា ពួកគេបានរស់នៅជាមួយនឹងព្រះវរបិតាសួគ៌ ពីមុនពួកគេបានចាប់កំណើត ? តើចំណេះដឹងនៃសេចក្ដីពិតនេះបានផ្ដល់ពរជ័យដល់អ្នកយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអានឡើងវិញជាមួយនឹងកុមារនូវឃ្លាថា « កាលដើមដំបូង អ្នករាល់គ្នាក៏បាននៅជាមួយព្រះវរបិតាដែរ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២៣ ) ។ សូមពន្យល់ថា ពីមុនយើងបានចាប់កំណើតមកលើផែនដី យើងបានរស់នៅជាមួយនឹងព្រះវរបិតាសួគ៌នៅលើស្ថានសួគ៌ ។ សូមច្រៀងរួមគ្នានូវបទ « ខ្ញុំជាកូនរបស់ព្រះ » ឬ« ខ្ញុំរស់នៅស្ថានសួគ៌ »( សៀវភៅចម្រៀងកុមារ ល.រ ២, ១២០ ) ។
-
សុំឲ្យកុមារផាត់ពណ៌លើទំព័រសកម្មភាព ហើយគូររូបខ្លួនឯងជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតមុនឆាកជីវិតនេះ ។ សូមថ្លែងទីបន្ទាល់របស់អ្នកថា ព្រះស្រឡាញ់យើងគ្រប់គ្នា ហើយថាយើងគ្រប់គ្នាគឺជាបុត្រាបុត្រីរបស់ទ្រង់ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:២–២១
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ ។
ពេលយើងយល់ដឹងកាន់តែច្រើនអំពីព្រះយេស៊ូវគ្រីស្ទ នោះយើងចង់ថ្វាយបង្គំទ្រង់ ហើយមករកព្រះវរបិតាតាមរយៈទ្រង់កាន់តែជ្រាលជ្រៅ និងកាន់តែស្មោះត្រង់ដែរ ( សូមមើលគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១៩) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពមួយរបស់ព្រះអង្គសង្គ្រោះ ហើយសួរកុមារថា ហេតុអ្វីវាសំខាន់ដែលយើងត្រូវដឹងអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យពួកគេរកមើលចម្លើយបន្ថែមទៀតនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១៩ ។ សូមឲ្យពួកគេគិតពីវិធីមួយដែលពួកគេអាចរៀនបន្ថែមទៀតពីព្រះយេស៊ូវ នៅសប្ដាហ៍ក្រោយ ហើយផ្ដល់ឱកាសឲ្យពួកគេចែកចាយគំនិតរបស់ពួកគេ ។
-
សូមគិតពីវិធីដ៏ច្នៃប្រឌិតមួយដើម្បីលើកទឹកចិត្តកុមារឲ្យអានពីព្រះអង្គសង្គ្រោះនៅក្នុងកណ្ឌទី ៩៣ ។ អ្នកអាចសរសេរនៅលើបំណែកក្រដាសនូវសេចក្ដីយោងមួយចំនួនទៅនឹងខគម្ពីរនៅក្នុងកណ្ឌទី ៩៣ ដែលបង្រៀនសេចក្ដីពិតអំពីព្រះយេស៊ូវគ្រីស្ទ ( ឧទាហរណ៍ សូមមើល ខទី ៥, ៩–១០, ១៧, ២១ ) ។ សូមដាក់បំណែកក្រដាសទាំងនោះនៅក្នុងកំប៉ុងមួយ ហើយសុំឲ្យកុមារប្ដូរវេនគ្នាចាប់យកបំណែកក្រដាសមួយ ហើយអានបទគម្ពីរដល់កុមារផ្សេងទៀត ។ តើយើងរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទចេញមកពីបទគម្ពីរទាំងនេះ ?
គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣:២៣, ២៩, ៣៨
ខ្ញុំបានរស់នៅជាមួយនឹងព្រះវរបិតាសួគ៌ពីមុនខ្ញុំបានមកចាប់កំណើតលើផែនដី ។
ព្រះអង្គសង្គ្រោះបានគូសបញ្ជាក់បីដងនៅក្នុងកណ្ឌទី ៩៣ថា យើងបានរស់នៅជាមួយនឹងព្រះ« កាលដើមដំបូង »( ខទី ២៣, ២៩, ៣៨ ) ។ ហេតុអ្វីទ្រង់មានព្រះទ័យចង់ឲ្យយើងដឹងពីរឿងនេះ ? តើការដឹងពីសេចក្ដីពិតនេះអាចផ្ដល់ពរជ័យដល់កុមារដែលអ្នកបង្រៀនយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២៣, ២៩, ៣៨ រួមគ្នា ហើយសុំឲ្យកុមាររកមើលសេចក្ដីពិតមួយពីខ្លួនឯងដែលបានលើកឡើងដដែលៗនៅក្នុងខគម្ពីរទាំងនេះ ។ សូមឲ្យកុមារចែកចាយអ្វីមួយដែលពួកគេដឹងអំពីជីវិតរបស់យើងជាមួយនឹងព្រះវរបិតាសួគ៌ ពីមុនយើងបានចាប់កំណើតមក ។ សូមឲ្យសេចក្ដីយោងបទគម្ពីរដូចតទៅនេះដល់កុមារម្នាក់ៗ ហើយជួយពួកគេឲ្យស្វែងរកអ្វីមួយដែលបទគម្ពីរទាំងនេះបង្រៀនពីជីវិតមុនយើងបានចាប់កំណើតមកលើផែនដីនេះ ៖ យេរេមា ១:៥, គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:៥៣–៥៦, ម៉ូសេ ៣:៥, អ័ប្រាហាំ ៣:២២–២៦ ។
-
សូមច្រៀងរួមគ្នានូវបទ « ខ្ញុំជាកូនរបស់ព្រះ » ឬ« ខ្ញុំរស់នៅស្ថានសួគ៌ »( សៀវភៅចម្រៀងកុមារ ល.រ ២, ១២០ ) ។ តើយើងរៀនសេចក្ដីពិតអ្វីខ្លះ ចេញពីចម្រៀងនេះអំពីគោលបំណងរបស់យើងសម្រាប់ការមកកាន់ផែនដី ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២៤
សេចក្ដីពិតគឺជាចំណេះដឹងនៃរឿងកាលពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ។
ពិពភលោកនេះមានទស្សនៈខុសៗគ្នាច្រើនពីអត្ថន័យនៃសេចក្ដីពិត និងរបៀបស្វែងរកវា ។ តើអ្នកអាចជួយកុមារដែលអ្នកបង្រៀនឲ្យយល់ដឹងថា សេចក្ដីពិតគឺជាការពិត មិនថាអ្នកដទៃនិយាយយ៉ាងណានោះទេ ហើយថាព្រះវរបិតាសួគ៌ជ្រាបដឹងពីសេចក្ដីពិតគ្រប់យ៉ាងតាមរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមសរសេរពាក្យសេចក្ដីពិតនៅលើក្ដារខៀន ហើយសុំឲ្យកុមារសរសេរនិយមន័យមួយនៅក្បែរនោះ ។ សូមអានរួមគ្នាពីរបៀបដែលព្រះអម្ចាស់បានឲ្យនិយមន័យនៃសេចក្ដីពិតនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២៤ ។ សូមច្រៀងទំនុកតម្កើងមួយពីសេចក្ដីពិត ដូចជា « ការពិតនោះជាអ្វី ? »( ទំនុកតម្កើងល.រ ១៧០ ) ហើយសុំឲ្យកុមារស្វែងរកនៅក្នុងទំនុកតម្កើងនោះនូវវិធីផ្សេងទៀតដើម្បីរៀបរាប់ពីសេចក្ដីពិត ។
-
ដើម្បីជួយកុមារអនុវត្តសេចក្ដីពិតនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣ សូមសរសេរសេចក្ដីយោងបទគម្ពីរពីរបីមកពីកណ្ឌនេះនៅលើក្រដាសមួយសន្លឹក ។ នៅលើក្រដាសមួយសន្លឹកទៀត សូមសរសេរសេចក្ដីពិតដែលខគម្ពីរទាំងនេះបង្រៀន ។ សូមឲ្យកុមារអានខគម្ពីរនេះរួមគ្នា ហើយផ្គូផ្គងសេចក្ដីពិតទៅនឹងខគម្ពីរដែលពួកគេបានអាន ។ ហេតុអ្វីយើងមានអំណរគុណក្នុងការមានចំណេះដឹងមួយអំពីសេចក្ដីពិត ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមឲ្យកុមារកត់ត្រា ឬគូរអ្វីមួយដែលពួកគេបានរៀននៅក្នុងថ្នាក់ ហើយចែកចាយវាជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ ពេលពួកគេត្រឡប់ទៅផ្ទះវិញ ។