« ថ្ងៃទី ២–៨ ខែ សីហា ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៥-៨៧ ៖ ‹ ចូរអ្នករាល់គ្នាឈរនៅក្នុងទីបរិសុទ្ធទាំងឡាយ ›» ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១( ឆ្នាំ ២០២០ )
« ថ្ងៃទី ២–៨ ខែ សីហា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៥-៨៧ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ថ្ងៃទី ២–៨ ខែ សីហា
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៥-៨៧
« ចូរអ្នករាល់គ្នាឈរនៅក្នុងទីបរិសុទ្ធទាំងឡាយ »
ពីព្រោះពេលវេលារបស់អ្នកនៅជាមួយកុមារមានកំណត់ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណដើម្បីដឹងពីគោលការណ៍ណាចេញពីព្រះគម្ពីរដែលអ្នកគួរលើកយកមកពិភាក្សា ។ សូមទុកចិត្តចំពោះការបំផុសគំនិតដែលអ្នកទទួល ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមបង្ហាញដល់កុមារនូវរូបភាពមួយចំនួន ឬទំព័រសកម្មភាពដែលអ្នកបានប្រើនៅក្នុងមេរៀនថ្មីៗ ហើយសូមអញ្ជើញកុមារឲ្យចែកចាយអ្វីដែលពួកគេចងចាំពីការរៀន មិនថានៅថ្នាក់រៀន ឬនៅផ្ទះនោះទេ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៥:៦
ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលជា « សំឡេងតូចរហៀង » ។
អែលឌើរ រីឆាដ ជី ស្កត បានមានប្រសាសន៍ថា « ប្រសិនបើអ្នកមិនបានសម្រេចអ្វីជាមួយសិស្សអ្នកទេ នោះសូមជួយពួកគេស្គាល់ និងធ្វើតាមការបំផុសរបស់ព្រះវិញ្ញាណ នោះអ្នកនឹងប្រទានពរដល់ជីវិតរបស់ពួកគេដ៏ច្រើនសន្ធឹក និងដ៏អស់កល្បជានិច្ច » ( «To Learn and to Teach More Effectively » [Brigham Young University Education Week devotional ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០០៧ ] ទំព័រ ៥, speeches.byu.edu) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអានទៅកាន់កុមារពីរបៀបដែលយ៉ូសែប ស្ម៉ីធបានរៀបរាប់ពីព្រះវិញ្ញាណថា « មែនហើយ សំឡេងតូចរហៀងៗ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៥:៦ ) ។ សូមឲ្យកុមារដាក់ឈ្មោះវត្ថុតូចៗមួយចំនួន ( សូមបង្ហាញរូបភាព ប្រសិនបើពួកគេត្រូវការជំនួយ ) ។ សូមអញ្ជើញពួកគេឲ្យអង្គុយចុះអង្កូញជើងឲ្យខ្លី ហើយនៅឲ្យស្ងៀមតាមដែលអាចធ្វើទៅបាន ។ សូមជួយពួកគេឲ្យគិតពីរបៀបដែលសំឡេងមួយជាសំឡេងតូច ហើយចូរឲ្យពួកគេអនុវត្តស្ដាប់ ហើយនិយាយជាសំឡេងតូចមួយ ។ សូមប្រាប់ពីគ្រាដែលព្រះវិញ្ញាណបានមានបន្ទូលមកកាន់អ្នកជាសំឡេងដ៏តូចរហៀង ។
-
សូមបង្រៀនកុមារពីចម្រៀងមួយបទអំពីព្រះវិញ្ញាណ ដូចជាបទ « ព្រះវិញ្ញាណបរិសុទ្ធសៀវភៅចម្រៀងកុមារទំព័រ ៥៦ ) ។ សូមអញ្ជើញពួកគេឲ្យច្រៀងចម្រៀងនោះជាមួយនឹងអ្នកដោយសំឡេងខ្សឹបៗ ។ តើចម្រៀងនេះបង្រៀនអ្វីខ្លះ អំពីព្រះវិញ្ញាណបរិសុទ្ធ ? សូមជួយកុមារឲ្យស្គាល់ពីពេលដែលពួកគេអាចទទួលអារម្មណ៍ពីព្រះចេស្ដារបស់ទ្រង់( ដូចជា ពេលអធិស្ឋាន ច្រៀងទំនុកតម្កើង ឬជួយមនុស្សដទៃ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៦:១១
ខ្ញុំអាចដូចជាពន្លឺមួយបំភ្លឺដល់មនុស្សដទៃ ។
កណ្ឌទី ៨៦ពិពណ៌នាអំពីកិច្ចការដ៏សំខាន់ដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យពួកអ្នកបម្រើរបស់ទ្រង់ធ្វើនៅថ្ងៃចុងក្រោយ ។ វិធីមួយដែលកុមារអាចជួយជាមួយនឹងកិច្ចការនេះគឺតាមរយៈការធ្វើជាពន្លឺបំភ្លឺដល់មនុស្សជុំវិញខ្លួនពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអានឃ្លាដូចតទៅនេះមកពីគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៦:១១ដល់កុមារ ៖ « អ្នករាល់គ្នាមានពរហើយ បើសិនជាអ្នករាល់គ្នាបន្តនៅក្នុងសេចក្ដីល្អរបស់យើង គឺជាពន្លឺដល់ពួកសាសន៍ដទៃ [ ឬមនុស្សដែលពុំមានដំណឹងល្អ ] » ។ តើពន្លឺផ្ដល់ពរដល់យើងយ៉ាងដូចម្ដេច ? តើពេលដែលគ្មានពន្លឺ វាមានសភាពបែបណា ? តើយើងអាចក្លាយជាពន្លឺបំភ្លឺដល់មនុស្សដទៃដែលពុំស្គាល់អំពីដំណឹងល្អដោយរបៀបណា ? សូមជួយកុមារគិតអំពីរបៀបដែលយើងអាចចែកចាយអំពីសេចក្ដីល្អរបស់ព្រះយេស៊ូវជាមួយនឹងអ្នកដទៃ ។
-
សូមឲ្យកុមារស្រមៃថា មិត្តភក្តិម្នាក់កំពុងព្យាយាមដើរនៅក្នុងសេចក្ដីងងឹត ( សូមបិទភ្លើង ប្រសិនបើវាអាចជួយបាន ) ។ ហេតុអ្វីការដើរនៅក្នុងសេចក្ដីងងឹតមានភាពលំបាក ? តើយើងអាចធ្វើអ្វីខ្លះដើម្បីជួយដល់មិត្តរបស់យើង ? សូមពន្យល់ថា ពេលយើងធ្វើតាមព្រះអង្គសង្គ្រោះ វាដូចជាការចែកពន្លឺមួយដើម្បីបង្ហាញផ្លូវដល់មនុស្សដទៃ ។
-
ទស្សនាវដ្ដី លីអាហូណា និង ប្រិយមិត្តជារឿយៗ មានដំណើររឿងអំពីកុមារដែលមានគំរូល្អ ។ សូមរកមើលដំណើររឿងមួយដើម្បីចែកចាយជាមួយនឹងកុមារ ដែលវាបំផុសគំនិតដល់ពួកគេឲ្យធ្វើជាគំរូល្អផងដែរ ។
គេហដ្ឋានរបស់យើងអាចជា « ទីបរិសុទ្ធទាំងឡាយ » ។
គ្មានគេហដ្ឋានណាមួយល្អឥតខ្ចោះនោះទេ ប៉ុន្តែមានរឿងជាច្រើនដែលយើងទាំងអស់គ្នាអាចធ្វើ ដើម្បីជួយគេហដ្ឋានរបស់យើងឲ្យក្លាយជាទីបរិសុទ្ធនៃសេចក្ដីសុខសាន្តបាន ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមពន្យល់ដល់កុមារថា យ៉ូសែប ស្ម៉ីធ មានការព្រួយបារម្ភអំពីរឿងដែលកំពុងកើតឡើងនៅក្នុងពិភពលោកនេះ ។ សូមសង្ខេបក្បាល កណ្ឌទី ៨៧ ឬអាន« ជំពូកទី ៣០ ៖ វិវរណៈអំពីសង្គ្រាម »( សាច់រឿងគោលលទ្ធិ និងសេចក្តីសញ្ញា ទំព័រ ១១៧-១៨ សូមមើលផងដែរ វីដេអូ នៅលើ ChurchofJesusChrist.org ) ។ ចូរសុំឲ្យកុមារស្ដាប់រករឿងដែលធ្វើឲ្យយ៉ូសែបមានការព្រួយបារម្ភ ។ ដើម្បីបង្រៀនអំពីអ្វីដែលព្រះអម្ចាស់មានបន្ទូល ថាយើងគួរធ្វើទាក់ទងនឹងបញ្ហាទាំងនោះ សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៧:៨ ។
-
សូមបង្ហាញរូបភាពព្រះវិហារបរិសុទ្ធ ហើយសូមចែកចាយពីមូលហេតុដែលព្រះវិហារបរិសុទ្ធគឺជាទីបរិសុទ្ធ ។ សូមបង្ហាញរូបភាពផ្ទះមួយ ហើយសូមជួយកុមារគិតពីវិធីទាំងឡាយដែលពួកគេអាចធ្វើឲ្យផ្ទះរបស់ពួកគេបរិសុទ្ធដូចជាព្រះវិហារបរិសុទ្ធ ( សូមមើលទំព័រសកម្មភាពសប្តាហ៍នេះ ) ។ ហេតុអ្វីយើងចង់នៅទីបរិសុទ្ធ ?
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៥:៦
ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលជា « សំឡេងតូចរហៀង » ។
ពិពភលោកនេះមានការរំខានជាច្រើនដែលអាចធ្វើឲ្យពិបាកស្តាប់ព្រះវិញ្ញាណបរិសុទ្ធ ។ តើអ្នកនឹងជួយកុមារស្តាប់សំឡេងព្រះវិញ្ញាណបរិសុទ្ធយ៉ាងដូចម្តេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមសួរកុមារពីអ្វីដែលពួកគេនឹងនិយាយ ប្រសិនបើនរណាម្នាក់សួរពួកគេពីរបៀបដែលពួកគេដឹងថាព្រះវិញ្ញាណមានបន្ទូលមកកាន់ពួកគេ ។ សូមឲ្យពួកគេអានអំពីវិធីមួយដែលយ៉ូសែប ស្ម៉ីធ បានពិពណ៌នាពីសំឡេងរបស់ព្រះវិញ្ញាណនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៥:៦ ។
-
សូមលេងទំនុកតម្កើង ឬចម្រៀងរបស់កុមារតិចៗ ហើយសុំឲ្យកុមារម្នាក់ទាយថា តើចម្រៀងនោះមានចំណងជើងអ្វី ខណៈដែលកុមារផ្សេងទៀតធ្វើជាសំឡេងរំខាន ដូចជា ការទះដៃ ឬទន្ទ្រាំជើង ។ បន្ទាប់មក សុំឲ្យកុមារផ្សេងទៀតឈប់ ហើយពិភាក្សាពីរបៀបដែលការណ៍នេះប្រៀបបាននឹងការស្ដាប់ឮព្រះវិញ្ញាណបរិសុទ្ធ ពេលយើងដកយកការរំខានចេញពីជីវិតរបស់យើង ។ សូមជួយកុមារឲ្យគិតអំពីការរំខានដែលពួកគេអាចដកចេញ ដើម្បីទទួលអារម្មណ៍ពីព្រះវិញ្ញាណជាញឹកញាប់ ។
ខ្ញុំអាចជួយប្រមូលផ្ដុំរាស្ត្ររបស់ព្រះ ។
រឿងប្រៀបប្រដូចអំពីស្រូវសាលី និងស្រងែគឺទាក់ទងនឹង« គ្រាចុងក្រោយបង្អស់ សូម្បីតែពេលនេះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៦:៤ ) ។ សូមប្រើរឿងប្រៀបប្រដូចនេះដើម្បីជួយកុមារឲ្យទទួលអារម្មណ៍ចូលរួមចំណែកនៅក្នុង« ការប្រមូលស្រូវសាលី »( ខទី ៧ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រាប់កុមារអំពីរឿងប្រៀបប្រដូចនៃរឿងស្រូវសាលី និងស្រងែ ឬអញ្ជើញកុមារម្នាក់ឲ្យដំណាលពីរឿងនោះ ( សូមមើល ម៉ាថាយ ១៣:២៤–៣០ ) ។ សូមអញ្ជើញកុមារនោះឲ្យគូររូបមួយអំពីអ្វីមួយមកពីរឿងប្រៀបប្រដូចនោះ ។ បន្ទាប់មក សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៦:១-៧ ជាមួយគ្នា ហើយអញ្ជើញកុមារឲ្យសរសេរនៅលើគំនូររបស់ពួកគេ ថាតើវាតំណាងឲ្យអ្វីទៅ ។
-
សូមរៀបចំរូបភាព ឬគំនូរតូចៗមួយចំនួនអំពីស្រូវសាលី ហើយលាក់វាក្នុងថ្នាក់ ។ សូមអញ្ជើញកុមារម្នាក់ៗឲ្យជួយប្រមូលស្រូវសាលីទាំងនោះ ហើយសរសេរឈ្មោះមនុស្សម្នាក់ដែលពួកគេអាច« ប្រមូល »មកកាន់ព្រះយេស៊ូវគ្រីស្ទនៅលើរូបភាពនោះ ។ តើការប្រមូលមនុស្សមករកព្រះយេស៊ូវគ្រីស្ទមានន័យយ៉ាងណា ? តើវិធីមួយចំនួនដែលយើងអាចធ្វើកិច្ចការនេះមានអ្វីខ្លះ ? តើការ« បន្តនៅក្នុងសេចក្ដីល្អរបស់[ ព្រះអង្គសង្គ្រោះ ] » មានន័យដូចម្ដេច ហើយតើការណ៍នោះជួយយើងឲ្យប្រមូលមនុស្សមករកទ្រង់តាមរបៀបណា ? ( គោលគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៦:១១ ) ។
ខ្ញុំអាច« ឈរនៅក្នុងទីបរិសុទ្ធ » ។
កុមារដែលអ្នកបង្រៀននឹងជួបគ្រោះថ្នាក់ខាងវិញ្ញាណ និងខាងសាច់ឈាមនៅក្នុងជីវិតរបស់ពួកគេ ។ អ្នកអាចជួយពួកគេរៀបចំខ្លួនប្រឈមនឹងគ្រោះថ្នាក់ទាំងនោះតាមរយៈការបង្រៀនពួកគេឲ្យស្វែងរក ហើយឈរនៅក្នុងទីបរិសុទ្ធ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអានគោលលទ្ធិ និង សេចក្តីសញ្ញា ៨៧:៦ ជាមួយគ្នា ដើម្បីរៀនអំពីរឿងដែលព្រះអម្ចាស់បានមានបន្ទូលថានឹងកើតឡើងនៅថ្ងៃចុងក្រោយបង្អស់ ។ សូមឲ្យកុមារនិយាយអំពីឧបសគ្គដែលនៅពេលខ្លះកុមារមានវ័យស្របាលពួកគេជួបប្រទះ ។ ចូរសុំឲ្យពួកគេស្វែងរកនៅក្នុង ខទី៨ នូវអ្វីដែលព្រះអម្ចាស់បានមានបន្ទូលថាយើងគួរធ្វើនៅអំឡុងគ្រាដ៏លំបាក ។ សូមប្រាប់កុមារអំពីទីបរិសុទ្ធនៅក្នុងជីវិតរបស់ពួកគេ ។
-
សូមជួយកុមារឲ្យធ្វើបញ្ជីមួយអំពីទីបរិសុទ្ធ គំនិតបរិសុទ្ធ និងទង្វើបរិសុទ្ធដែលអាចជួយពួកគេឲ្យប្រឈមនឹងគ្រោះថ្នាក់ខាងវិញ្ញាណ( សម្រាប់គំនិតនានា សូមមើលវីដេអូ « ឈរនៅទីបរិសុទ្ធ » និង« ចូរអ្នករាល់គ្នាឈរនៅក្នុងទីបរិសុទ្ធទាំងឡាយ—រីកស្គុះស្គាយនៅកន្លែងដែលអ្នកត្រូវបានដាំ » ChurchofJesusChrist.org ) ។ សូមអញ្ជើញពួកគេឲ្យរក្សាបញ្ជីរបស់ពួកគេជាមួយនឹងពួកគេ ដើម្បីពួកគេអាចយកវាមកមើលពេលចាំបាច់ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យរើសយកអ្វីមួយដែលពួកគេនឹងធ្វើ ដើម្បីធ្វើឲ្យផ្ទះ ឬជីវិតរបស់ពួកគេក្លាយជា« ទីបរិសុទ្ធ »មួយ ។